VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ១០ មករា យប់” plus 6 more |
- ព័ត៌មានអន្តរជាតិវីអូអេ ១០ មករា យប់
- បងធំទី២របស់ខ្មែរក្រហម នួន ជាទាមទារឲ្យប្រើឯកសារច្បាប់ដើមក្នុងការកាត់ទោស
- អាស៊ានចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅក្នុងខេត្តសៀមរាប
- មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកជួបមន្រី្តគណបក្សប្រឆាំង
- អ្នកភូមិបុរីកីឡាដើរហែក្បួនតវ៉ាកណ្តាលក្រុងភ្នំពេញ
- ព័ត៌មានអន្តរជាតិវីអូអេ ១០ មករា ព្រឹក
- គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងចោទប្រកាន់គ្នាពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា
ព័ត៌មានអន្តរជាតិវីអូអេ ១០ មករា យប់ Posted: 10 Jan 2012 07:44 AM PST ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ (Bashar al-Assad) និយាយថាគ្មានការបញ្ជាណាមួយឱ្យកងកម្លាំងសន្តិសុខរដ្ឋាភិបាលបាញ់ទៅលើពួកជនស៊ីវិលទេហើយលោកបានបន្ទោសលើ"អំពើឃុបឃិតក្បត់ជាមួយបរទេស"មួយសម្រាប់ការបះបោរប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសលោកអស់រយៈពេល១០ខែកន្លងមកនេះ។ ចិន៖ អ្នកការទូតចិនជាន់ខ្ពស់ម្នាក់បាននិយាយថាប្រទេសលោកនឹងមិនភ្ជាប់កម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់ជាមួយពាណិជ្ជកម្មទេ។ អត្ថាធិប្បាយដោយលោក ឃុយ តៀនកៃ (Cui Tiankai) អនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានធ្វើទ្បើងមុនមួយថ្ងៃនៃការធ្វើដំណើរទស្សនកិច្ចមួយទៅរដ្ឋធានីប៉េកាំងដោយលោក ទីមូធី ហ្គេតនឺ (Timothy Geithner) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អា. ដែលការណ៏នេះគេរំពឹងថាលោកនឹងស្វះស្វែងរកការគាំទ្រដល់ការដាក់ទ័ណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran)។ អ៊ីរ៉ង់៖ កាលពីថ្ងៃចន្ទនេះ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថាខ្លួនបានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រទីពីររបស់ខ្លួនជាកណ្លែងដែលរូបធាតុនេះអាចត្រូវបានបង្កើនគុណភាពយ៉ាងឆាប់រហ័សសម្រាប់សក្តានុពលប្រើប្រាស់នៅក្នុងគ្រាប់បែកបរមាណូមួយ។ ស.រ.អា៖ ពួកអ្នកបោះឆ្នោតក្នុងរដ្ឋ ញូវ ហេមស្សៀរ (New Hampshire) នាប៉ែកឦសានស.រ.អា.បានបោះឆ្នោតនៅថ្ងៃអង្គារនេះនៅក្នុងការបោះឆ្នោតបឋមនៃការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១២នេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
បងធំទី២របស់ខ្មែរក្រហម នួន ជាទាមទារឲ្យប្រើឯកសារច្បាប់ដើមក្នុងការកាត់ទោស Posted: 10 Jan 2012 07:38 AM PST អតីតបងធំទី២នៃរបបខ្មែរក្រហម នួន ជា បានបដិសេធនៅថ្ងៃអង្គារនេះនូវភស្តុតាងដែលបង្ហាញដោយសហព្រះរាជអាជ្ញារងអន្តរជាតិ ដោយហៅឯកសារទាំងនោះថា ជាឯកសារចម្លងដែលមិនអាចទុកចិត្តបាន។ សហព្រះរាជអាជ្ញារងអាមេរិកាំងនៅក្នុងការកាត់ក្តីសំណុំរឿង០០២ នៅថ្ងៃនេះបានចាប់ផ្តើមចោទសួរសារជាថ្មីម្តងទៀតអំពីទស្សនាវដ្តីទង់បដិវត្តន៍របស់ពួកខ្មែរក្រហម ដែលអតីតប្រធានសភាខ្មែរក្រហមរូបនេះបានចូលរួមបង្កើតសម្រាប់ជាជន្ទល់ទៅដល់ការបំផុសចលនាទ័ពព្រៃរបស់ខ្លួន ដើម្បីផ្តួលរំលំរបបលោកសេនាប្រមុខលន់ នល់។ សំណួរនេះគឺសហព្រះរាជអាជ្ញារងចង់ឲ្យជនជាប់ចោទទទួលស្គាល់អំពីការចុះផ្សាយនៅក្នុងនោះ។ នួន ជា ដែលមានអាយុ៨៥នៅឆ្នាំនេះ បានច្រានចោលជាច្រើនលើកច្រើនសារនូវការបង្ហាញភស្តុតាងនោះ ដោយយកដៃគោះតុនៅក្នុងបន្ទប់កាត់ក្តីទៀតផង។ «ឲ្យខ្ញុំថា ត្រឹមត្រូវ ក៏ខ្ញុំមិនថា ត្រឹមត្រូវ។ ថា ត្រឹមត្រូវ ក៏ខ្ញុំមិនថា ត្រឹមត្រូវព្រោះលោកអត្ថាធិប្បាយមិនលម្អិត។ ហើយលោកនៅតែអត្ថាធិប្បាយតាមទស្សនៈរបស់លោក។ ដូច្នោះទាល់តែមានឯកសារយោង មកបញ្ជាក់ឲ្យច្បាស់ ដើម្បីខ្ញុំអត្ថាធិប្បាយជូន។ បញ្ជាក់ឲ្យច្បាស់ ដើម្បីឲ្យខ្ញុំអត្ថាធិប្បាយជូន។ ខ្ញុំទទួលឯកសារចម្លងនេះមិនបានទេ ទាល់តែយកឯកសារដើមមកបានខ្ញុំទទួលមើលឲ្យច្បាស់។ ខ្ញុំទទូចហើយទទូចទៀតថា សុំយកឯកសារដើម មិនយកឯកសារចម្លងទេ។ មិនដឹងថា ជាឯកសារចម្លងខុស ឬយ៉ាងណា យ៉ាងម៉េចខ្ញុំមិនដឹងទេ។ យកឯកសារដើមមកឲ្យខ្ញុំមើល មើល»។ លោកបណ្ឌិតឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលបានតាមដានការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយផ្ទាល់ នៅថ្ងៃនេះ បានអត្ថាធិប្បាយថា លោកនួន ជាបដិសេធសំណួររបស់សហព្រះរាជអាជ្ញារងនោះគឺគ្រាន់តែជាយុទ្ធសាស្រ្តរបស់ជនជាប់ចោទ ដើម្បីពន្យារពេល និងដើម្បីបន្លប់ការចោទសួររបស់សហព្រះរាជអាជ្ញា។ លោកអធិប្បាយថា ជនជាប់ចោទអាចបដិសេធយ៉ាងដូច្នេះ ប្រសិនបើឯកសារបង្ហាញនោះមានការកោសលុបមិនប្រក្រតី។ នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស ជាប់ចោទនៅក្នុងសំណុំរឿង០០២ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍ ទាក់ទងនៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ជនជាប់ចោទទាំងបីនាក់ត្រូវនាំខ្លួនចូលបន្ទប់សវនាការនៅថ្ងៃនេះ ក៏ប៉ុន្តែអៀង សារីបានស្នើសុំលះបង់សិទ្ធិចូលរួមការកាត់ទោសនៅក្នុងបន្ទប់សវនាការដោយផ្ទាល់ រីឯនួន ជាចូលរួមការកាត់ទោសតែមួយកំណាត់ថ្ងៃតែប៉ុណ្ណោះ។ នួន ជា គឺជាជនជាប់សង្ស័យតែម្នាក់គត់ដែលត្រូវបានសួរដេញដួលនៅថ្ងៃនេះ។ គាត់បាននិយាយឡើងវិញពីមូលហេតុនៃការងើបឡើងតស៊ូរបស់ពួកកុម្មុយនិស្តអាវខ្មៅខ្មែរក្រហមដើម្បីលុបបំបាត់ការជិះជាន់ និងការកេងប្រវ័ញ្ចជាដើម។ ដើមបណ្តឹងរដ្ឋប្បវេណីចំនួនពីររូបត្រូវបានកោះហៅឲ្យចូលបំភ្លឺគឺរូបលោក រ៉ូម៉ាំ យ៉ុន និងលោកក្លាន ហ្វីត។ បុរសទាំងពីរនេះគឺជាជនជាតិដើមភាគតិចមកពីខេត្តរតនគីរី ហើយធ្លាប់ធ្វើជាអ្នកតស៊ូជាមួយពួកខ្មែរក្រហម និងបន្ទាប់មកបានឡើងធ្វើជាកម្មាភិបាលខ្មែរក្រហម។ រ៉ូម៉ាំ យ៉ុន និងក្លាន ហ្វីតធ្លាប់បានឡើងផ្តល់សក្ខីកម្មម្តងហើយកាលពីខែមុន។ នៅក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃនេះ ពួកគាត់បានបង្ហាញពីតួនាទីរបស់អៀង សារី នួន ជា ក៏ប៉ុន្តែបានបង្ហាញអំពីការដឹងឮតិចតួចទាក់ទងទៅនឹងខៀវ សំផន៕ This posting includes an audio/video/photo media file: Download Now |
អាស៊ានចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅក្នុងខេត្តសៀមរាប Posted: 10 Jan 2012 07:55 AM PST ប្រទេសចំនួន១០នៅក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន(ASEAN)នៅថ្ងៃអង្គារនេះបានចាប់ផ្តើមបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។ កិច្ចប្រជុំដែលគេឲ្យឈ្មោះថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតនេះនឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមករានេះដោយប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១២ផងដែរ។ហើយសម្រាប់ថ្ងៃទីមួយនេះគឺជាការប្រជុំរបស់មន្ត្រីជាន់ខ្ពស់អាស៊ានដែលតាមឲ្យដឹងគឺនឹងត្រូវពិភាក្សាលើរបៀបវារៈជាច្រើនពាក់ព័ន្ធការងារសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌអាស៊ាននិងជាមួយដៃគូសន្ទនាសម្រាប់វឌ្ឍនភាពនៃតំបន់នេះពិសេសលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅនៃការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ លោកស្រីសឿងរដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុកកិច្ចការអាស៊ាននិងជាប្រធាននៃកិច្ចប្រជុំនោះបានថ្លែងថា ការប្រជុំនេះគឺដើម្បីជជែកអំពីការត្រៀមរៀបចំកម្មវិធីនិងចំណុចពិភាក្សាសម្រាប់ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត។ លោកស្រីបានថ្លែងទៀតថា ទន្ទឹមនេះកិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាសំខាន់ជាច្រើនទៀតដែលជាប្រយោជន៍សម្រាប់តំបន់នេះ «ជជែកអំពីការកសាងសហគមន៍អាស៊ាន ការអនុវត្តធម្មនុញ្ញអាស៊ាន ក៏ដូចជារៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស ពីបញ្ហាច្រើនទៀតដូចជាកិច្ចសហប្រតិបត្តិការវិស័យលំហសមុទ្រការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្រុមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូងផងដែរ»។ លោកស្រីបានឲ្យដឹងទៀតថា លើសពីនេះក៏មានកិច្ចប្រជុំគណៈកម្មការរបស់គណៈកម្មការស្តីពីសិទ្ធិសញ្ញាអាស៊ានគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕ This posting includes an audio/video/photo media file: Download Now |
មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកជួបមន្រី្តគណបក្សប្រឆាំង Posted: 10 Jan 2012 08:16 AM PST មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបជាមួយមន្ត្រីគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជានៅថៃ្ងអង្គារនេះ ដើម្បីរិះរកមធ្បោបាយដ៏ប្រសើរមួយឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។ ជំនួបរវាងលោក Daniel B. Baer ឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងការងារ និងក្រុមមន្រ្តីគណបក្សប្រឆាំងនេះ បានធើ្វឡើង បន្ទាប់ពីការឃោសនាបោះឆ្នោតព្រឹទ្ធសភាបានឈានចូលដល់ថ្ងៃទី៤ ដែលគណបក្សប្រឆាំងសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការទិញសន្លឹកឆ្នោត និងការបង្ខិតបង្ខំ។ ក្រោយពីជំនួប លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័តមាននៅស្ថានទូតអាមេរិកថា លោកបានលើកឡើងអំពីបញ្ហាបោះឆ្នោត អំពើពុករលួយ វិបត្តិដីធ្លី និងកំណែទម្រង់តុលាការ ជូនលោក Baer។ «អ្វីដែលយើងបានស្នើទៅសហរដ្ឋអាមេរិកគឺថា សុំឲ្យសហរដ្ឋអាមេរិកជួយធ្វើយ៉ាងម៉េចបញេ្ចញសំឡេងតែមួយ សំឡេងពិត សំឡេងយុតិ្តធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋខែ្មរ និងប្រទេសកម្ពុជាយើងឲ្យទទួលបាននូវលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សឲ្យបានត្រឹមត្រូវពិតប្រាកដ»។ ប្រទេសកម្ពុជាគ្រោងនឹងធើ្វការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ២០១៣។ ក្រោយពីជំនួបជាមួយលោក Baer លោកកឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស បានថ្លែងថា លោក Baer ចង់ដឹងអំពីផែនការយុទ្ធសាស្រ្ត និងឧបសគ្គរបស់គណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិខាងមុខនេះ។ លោកកឹម សុខា បានលើកឡើងថា លោកបានសំណូមពរឲ្យសហរដ្ឋអាមេរិកផ្តល់ថវិកាដល់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ដូចជាអង្គការ IRI និង NDI ដើម្បីឲ្យគេអាចធើ្វការជួយដល់គណបក្សប្រឆាំងដំណើរការទៅបាន។ «យើងលើកឡើងទីមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥតឯករាជ្យ ឥតយុតិ្តធម៌។ទីពីរ ព័ន្ធផ្សព្វផ្សាយឥតស្មើភាពដែលត្រួតត្រាដោយគណបក្សកាន់អំណាច ដូច្នេះវាអត់អាចបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។ ទីបី បញ្ហាអាជ្ញាធរមូលដ្ឋានរើសអើងលម្អៀងទៅរកគណបក្សកាន់អំណាច ដែលយើងពិបាកធើ្វសកម្មភាព និងទីបួន បញ្ហាអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋទៅបោះឆ្នោត»។ លោកកឹម សុខាបានថ្លែងថា លោក Baer បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបោះបង់ចោលគណបក្សប្រឆាំង និងលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាទេ ហើយលោកនឹងលើកយកអី្វដែលជាកង្វល់របស់គណបក្សប្រឆាំងទៅពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាល និងដាក់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោក Sean McIntiosh អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបញ្ជាក់ថា លោក Daniel Baer ពិតជាបានជួបសន្ទនាជាមួយក្រុមមន្រ្តីរដ្ឋាភិបាល និងគណបក្សប្រឆាំងនៃប្រទេសកម្ពុជាមែន ប៉ុន្តែលោកមិនបានផ្តល់សេចក្តីលម្អិតនៃកិច្ចសន្ទនា និងរយៈពេលទស្សនកិច្ចរបស់លោក Baer នៅកម្ពុជាទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិបុរីកីឡាដើរហែក្បួនតវ៉ាកណ្តាលក្រុងភ្នំពេញ Posted: 10 Jan 2012 08:54 AM PST នៅពីមុខស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះក្រុមប្រជាពលរដ្ឋអតីតតំបន់បុរីកីឡា បានធ្វើបាតុកម្មដោយសន្តវិធីដ៏កម្រមួយ នៅតាមមហាវិថីសំខាន់ៗកណ្តាលទីក្រុងភ្នំពេញ ទាមទារឲ្យតុលាការដោះលែងអ្នកភូមិ៨នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនផានអ៊ីម៉ិច និងទាមទារឲ្យក្រុមហ៊ុនផ្តល់ទីជម្រកសមរម្យដល់ពួកគេ។ កាលពីសប្តាហ៍មុន អាជ្ញាធរខ្មែរបានចាប់ខ្លួនប្រជាពលរដ្ឋតំបន់បុរីកីឡាចំនួន៨នាក់ យកទៅដាក់ឃុំឃាំងពន្ធនាគារព្រៃស និងពន្ធនាគារប៉េស្ស៊ី (ពន្ធនាគារប៉ូលិស)ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់អំពើហិង្សាដោយចេតនា និងប្រឆាំងមន្ត្រីរាជការសាធារណៈ បន្ទាប់ពីការបង្ហូរឈាមដាក់គ្នាមួយរវាងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច។ ក្រុមអ្នកតវ៉ា ដោយមានការចូលរួមពីជនពិការ និងកុមារតូចៗ បានកាន់បដា ស្រែកឧគ្ឃោសនស័ព្ទ ទាមទារឲ្យតុលាការដោះលែងប្រជាពលរដ្ឋដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ព្រមទាំងផ្តល់ជម្រកដល់ពួកគេ បន្ទាប់ពីការបណ្តេញចេញដោយបង្ខំកាលពីសប្តាហ៍មុន។ កុមារតូចៗ ដែលបាននាំមុខក្បួនបាតុកម្មនេះ បានស្រែកតវ៉ាថា អយុត្តិធម៌ពុករលួយ និងអ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចពុករលួយ។ «ក្រុមហ៊ុនពុករលួយ ធ្វើបាបប្រជារាស្ត្រឲ្យពួកក្មេងៗឈឺចាប់។ ពួកអាឯងរុះផ្ទះអញ ពួកអាឯង អាក្រុមហ៊ុនពុករលួយ»។ ក្រុមបាតុកម្មប្រមាណជិត១០០នាក់បានប៉ុនប៉ងដើរសំដៅទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាវិមានឯករាជ្យ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង ដោយតម្រូវឲ្យពួកគេទៅតវ៉ានៅមុខរដ្ឋសភាវិញ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពុំមានអំពើហិង្សាណាមួយកើតឡើងរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចទេ។ លោកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅតំបន់ភ្នំបាតថា ក្រុមហ៊ុនមិនបានប្តឹងចោទប្រកាន់ប្រជាពលរដ្ឋទេ។ លោកស្រីបានមានប្រសាសន៍ថា ការចាប់ខ្លួននេះគឺជារឿងរបស់សមត្ថកិច្ច។ «បញ្ហាហ្នឹងខ្ញុំឥតដឹងទេ ព្រោះអីនេះជារឿងសមត្ថកិច្ច។ ឲ្យសមត្ថកិច្ចដោះស្រាយទៅចំពោះរឿងបញ្ហាហ្នឹង តែចំពោះខ្លួនខ្ញុំ ខ្ញុំជួយដោះស្រាយប្រជាជន វាអស់លទ្ធភាពប៉ុណ្ណឹងហើយ»។ ក្រុមប្រជាពលរដ្ឋនៅតំបន់បុរីកីឡាប្រមាណ៣៨៤គ្រួសារ បន្ទាប់ពីការបណ្តេញចេញដោយបង្ខំ បានទៅរស់នៅកន្លែងផ្សេងៗពីគ្នា គឺនៅតំបន់ទួលសំបូរ ដែលមានទីតាំងឋិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ និងនៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងមួយក្រុមទៀត បានអះអាងថា ពុំមានកន្លែងស្នាក់នៅពិតប្រាកដទេ។ «ខ្ញុំឥតមានកន្លែងនៅ កន្លែងដេកទេ ខ្ញុំដើរដេកតាមតូប។ យប់នេះដេកតូបនេះ យប់នេះដេកតូបនោះទៅ។ ខ្ញុំឥតមានដីពិតប្រាកដទេ វាគ្មានកន្លែងដេក។ គេដេញរហូតហ្នឹង គេមិនឲ្យយើងដេក។ រាប់រយគ្រួសារនោះ ដែលដើរដេកតាមតូបអញ្ចឹង»។ អ្នកស្រីសាក់ មុន្នី អតីតប្រជាពលរដ្ឋនៅតំបន់បុរីកីឡា បានមានប្រសាសន៍ថា សាលាក្រុងភ្នំពេញមិនបានទទួលស្គាល់ពួកគេឲ្យរស់នៅតំបន់បុរីកីឡាទេ។ «ឥតព្រមទទួលស្គាល់ពួកខ្ញុំទេ។ ពួកខ្ញុំឥតសុំអីទេ។ សុំឲ្យតែសម្តេចប្រទានឲ្យពួកខ្ញុំ ដោយថា ធ្វើ១០អគារ ហើយនៅពីរអគារដែលគាត់(អ្នកស្រីស៊ុយ សាផាន)មិនព្រមធ្វើ។ ពួកខ្ញុំគ្មានសមត្ថភាពមែនហើយ។ ពួកខ្ញុំឥតមានលុយឲ្យពួកសហគមន៍ មិនមានដូចពួកយាយផានទេ បានជាពួកខ្ញុំប៉ុន្មានហ្នឹងវាឥតមានផ្ទះ។ គេទារសុទ្ធតែពីរពាន់។ ទៅរកឯណាបាន?» ក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ ស៊ីផានត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា មិនបានសាងសង់ឲ្យបាន១០អគារ គឺបានសាងសង់តែប្រាំបីអគារតែប៉ុណ្ណោះ ទើបបណ្តាលឲ្យប្រជាពលដ្ឋជាច្រើនខ្វះទីជម្រក។ លោកស្រីស៊ុយ ស៊ីផានបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅសេសសល់ជាង៣០០គ្រួសារនោះ ពុំមានឯកសារស្នាក់នៅពិតប្រាកដទេ។ ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋបាននិយាយថា ដោយសារតែពួកគេមិនមានប្រាក់២០០០ដុល្លារសហរដ្ឋអាមេរិកឲ្យទៅក្រុមហ៊ុន និងសហគមន៍ ទើបពួកគេគ្មានទីជម្រករហូតមកដល់សព្វថ្ងៃនេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១០ មករា ព្រឹក Posted: 09 Jan 2012 09:10 PM PST អង់គ្លេស៖ នាយករដ្ឋមន្ដ្រីអង់គ្លេស លោកដេវីឌ កាមេរ៉ូន បាននិយាយថាកីឡាអូឡាំពិកឆ្នាំ២០១២ក្នុងទីក្រុងឡុងដ៍នឹងនាំឲ្យមានកេរ្ដិ៍ដំណែលដ៏យូរអង្វែងដល់ប្រទេសអង់គ្លេស ខណៈដែលលោករាប់ថ្ងៃថយក្រោយ នៅសល់ពីររយថ្ងៃរហូតដល់ពេលកីឡាចាប់ផ្ដើមការប្រកួត។ ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ថ្លែងថាតុលាការដែលលើកលែងទោសអតីតមេដឹកនាំគណបក្សប្រឆាំង អានវ៉ា អ៊ីប្រាហ៊ិម ពីបទសេពកាមមិនប្រក្រតីបានលាងសំអាតការចោទប្រកាន់យូរអង្វែងដែលថារដ្ឋាភិបាលប្រើប្រាស់ឥទ្ធិពលនយោបាយដើម្បីបង្វែរមតិរបស់តុលាការ ក្នុងការដាក់ទោសលោក អាន់វ៉ា ហើយដកលោកចេញពីឆាកជីវិតនយោបាយ។ អឺរ៉ុប៖ អធិការបតីអាល្លឺម៉ង់ លោកស្រីអេនជែឡាមើកែល និងប្រធានាធិបតីបារំាង លោកនីកូឡាស សាកូហ្ស៊ី បានជួយរុញច្រានពន្លឿនកិច្ចប្រឹងប្រែងរបស់អឺរុប ដើម្បីត្រួតត្រាវិបត្ដិបំណុលរដ្ឋាភិបាលដែលអូសបន្លាយជាងពីរឆ្នាំមកហើយ។ អាមេរិក៖ បេក្ខជនដែលគេរំពឹងថានឹងឡើងធ្វើប្រធានាធិបតីអាមេរិក ពីគណបក្សសាធារណរដ្ឋ បានបង្កើនការវាយប្រហារ មកលើបេក្ខជនដឹកមុខគឺ លោកមីត្ត រ៉ូមនី ដោយសង្ឃឹមថានឹងពន្យឺតល្បឿននៃការតែងតាំងជាបេក្ខជនរបស់គណបក្សនៅពេលមុនការបោះឆ្នោតបឋម ជាលើកទីមូយ។ អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលនិយាយនៅថ្ងៃច័ន្ទនេះថាមុននឹងមានការចរចាគ្នាជាផ្លូវការជាមួយក្រុមតាលីបាន ក្រុមនោះត្រូវយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមុនសិន។ ស្វ៊ីស៖ ប្រធានធនាគារជាតិស្វីសបានលាលែងចេញពីតំណែង ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ទនឹងការជួញដូររូបិយវត្ថុដ៏ចម្រូងចម្រាស់ ប្រព្រឹត្ដិធ្វើដោយភរិយារបស់លោក។ នីហ្សេរីយ៉ា៖ ជនជាតិនីហ្សេរីយ៉ាជាច្រើនពាន់នាក់បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹង តម្លៃសាំងឡើងខ្ពស់ ដែលបញ្ឆេះឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលីសដែលបាញ់សម្លាប់មនុស្សយ៉ាងតិច៣នាក់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងចោទប្រកាន់គ្នាពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា Posted: 10 Jan 2012 07:43 AM PST គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងកំពុងខំប្រឹងប្រែងធើ្វយុទ្ធនាការឃោសនាទាក់ទាញអ្នកបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្ត រណឫទិ្ធ ដែលមិនបានចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ។ នៅក្នុងអាណតិ្តទី២ គណបក្សហ៊្វុនស៊ិនប៉ិចមានសមាជិកព្រឹទ្ធសភាចំនួន១០រូប (មុនការបែកបាក់គ្នា) គណបក្សសម រង្ស៊ី ចំនួន២រូប និងគណបក្សប្រជាជនកម្ពុជាចំនួន៤៥រូប។ អ្នកមានសិទិ្ធបោះឆ្នោតព្រឹទ្ធសភាគឺសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១០០០០នាក់ ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៦១ រួមមានពីររូបតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតតែងតាំងដោយរដ្ឋសភា។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី ដែលបានចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា មានពេលឃោសនាចំនួន២១ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែមករា។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថែ្លងថា គណបក្សសម រង្ស៊ីបានប្រើយុទ្ធសាស្រ្តប្រមូលផ្តុំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅតាមការិយាល័យគណបក្សរៀងៗខ្លួន ដើម្បីសម្តែងភាពស្មោះត្រង់ចំពោះគណបក្ស និងម្ចាស់ឆ្នោត ដោយគ្មានការដង្ហែរក្បួនឃោសនាជាទ្រង់ទ្រាយធំនោះទេ។ «ការចំណាយលើការឃោសនាទ្រង់ទ្រាយធំគឺជាការចំណាយ ដ៏គ្មានប្រយោជន៍។ គណបក្ស សម រង្ស៊ី សន្សំសំចៃធនធានថវិកាសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ហើយយើងចាប់ដំណើរការឃោសនាក្នុងទ្រង់ទ្រាយថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់ឃុំ។ យើងជួបតែអង្គបោះឆ្នោតរបស់គណបក្ស ដើម្បីពង្រឹង ហើយរួមគ្នាសម្តែងឆន្ទៈស្មោះត្រង់ជាមួយម្ចាស់ឆ្នោតដែលបានបោះឆ្នោតឲ្យគាត់ធើ្វជាក្រុមប្រឹក្សាឃុំ សង្កាត់ ក្លាយទៅជាអង្គបោះឆ្នោត ដើម្បីបោះឆ្នោតព្រឹទ្ធសភា។ «យើងមិនធើ្វការឃោសនាហែក្បួនទ្រង់ទ្រាយធំតាមខេត្ត តាមស្រុក និងតាមក្រុងនោះទេ»។ លោកអ៊ក គឹមហ៊ាន ប្រធាននាយកដ្ឋានបូកសរុបប្រចាំទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានដង្ហែក្បួនឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅថៃ្ងដំបូង ចំថៃ្ង៧ មករា ហើយថ្ងៃបន្ទាប់មក ធើ្វការឃោសនាតាមមូលដ្ឋានរៀងៗខ្លួន។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានធើ្វសកម្មភាពដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំៗ ច្រើនជាងគណបក្សសម រង្ស៊ី។ លោកយឹម សុវណ្ណបានត្អូញត្អែរថា គណបក្សសម រង្ស៊ីបានប្រឈមនឹងភាពយឺតយ៉ាវនៃការចុះឈ្មោះអ្នកបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី១០ទៅ២០នាក់នាក់ ហើយមានការផ្លាស់ប្តូរ និងការទិញទឹកចិត្តកើតមានស្ទើរគ្រប់ខេត្ត ក្រុង។ លោកយឹម សុវណ្ណបានលើកឡើងថា មនុស្សរបស់គណបក្សប្រជាជនកម្ពុជាព្យាយាមទិញទឹកចិត្តអ្នកបោះឆ្នោតរបស់គណបក្សសម រង្ស៊ី ដើម្បីបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ «ពេលវេលានេះគឺជាពេលវេលានៃការតស៊ូរវាងអ្នកដែលព្យាយាមទិញសន្លឹកឆ្នោតគឺគណបក្សកាន់អំណាចជាមួយនឹងអង្គបោះឆ្នោតនៃគណបក្សសម រង្ស៊ី។ គណបក្សសម រង្ស៊ីគ្មានជំនឿលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូល កាត់សេចក្តីអំពីជម្លោះបោះឆ្នោតទេ។ យើងរិះរកមធ្យោបាយដោយខ្លួនឯង ដើម្បីការពារសន្លឹកឆ្នោត និងឆន្ទៈប្រជាពលរដ្ឋដោយខ្លួនឯង»។ លោកអ៊ក គឹមហ៊ាន ប្រធាននាយកដ្ឋានបូកសរុបប្រចាំទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបដិសេធការចោទប្រកាន់នេះ។ «វាមិនមែនជាការទិញទឹកចិត្តទេ។ អាហ្នឹងជាការឃោសនាកម្មវិធីនយោបាយរបស់គេ។ ជួនកាល សមាជិកគណបក្សសម រង្ស៊ី ឃើញកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាល្អ គេអាចបោះឆ្នោតឲ្យដែរ។ បើថា ទិញទឹកចិត្ត គ្មានទេ។ ខាងខ្ញុំគ្មានប្រាក់ទិញទេ។ បើសិនជាបង្កើតការទិញទឹកចិត្តនោះ គណបក្សប្រជាជនកម្ពុជាប្រហែលទិញទឹកចិត្តមិនឈ្នះខាងគណបក្សសម រង្ស៊ីទេ»។ ទោះបីជាយ៉ាងនេះក្តី លោកទេព នីថាបានថ្លែងថា លោកមិនទាន់បានទទួលពាក្សបណ្តឹងអំពីការទិញទឹកចិត្តពីគណបក្សនយោបាយណាមួយនៅឡើយទេ។ «ជាទូទៅ ពុំទាន់មានភស្តុតាងអំពីបញ្ហានេះទេ។ ហើយករណីមានបណ្តឹង គ.ជ.ប.នឹងស្រាវជ្រាវ ដើម្បីដោះស្រាយទៅតាមច្បាប់ និងនីតិវិធី»។ ការបោះឆ្នោតព្រឹទ្ធសភានឹងធើ្វឡើងនៅថ្ងៃទី២៩ ខែមករាខាងមុននេះ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |