VOA News: ព័ត៌មាន: “មេដឹកនាំ​ខ្មែរក្រហម​មិនផ្តល់​ចម្លើយ​ ធ្វើឲ្យ​សវនាការ​ចប់​ទាំង​តក់ក្រហល់” plus 4 more

VOA News: ព័ត៌មាន: “មេដឹកនាំ​ខ្មែរក្រហម​មិនផ្តល់​ចម្លើយ​ ធ្វើឲ្យ​សវនាការ​ចប់​ទាំង​តក់ក្រហល់” plus 4 more


មេដឹកនាំ​ខ្មែរក្រហម​មិនផ្តល់​ចម្លើយ​ ធ្វើឲ្យ​សវនាការ​ចប់​ទាំង​តក់ក្រហល់

Posted: 12 Jan 2012 01:13 PM PST

ការ​បដិសេធ​មិន​ផ្ដល់​ចម្លើយ​ក្នុងសវនាការ​ពី​សំណាក់ ​ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ បាន​ធ្វើ​ឲ្យ​ដំណើរការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២ ​ត្រូវ​ផ្អាក​នៅ​មុន​ពេល​កំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​ក៏ប៉ុន្ដែ​អ្នក​ឃ្លាំមើល​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​យល់​ថា ​ការណ៍​នេះ​មិនមែន​ជា​មូលហេតុ​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ។

លោក​ចៅក្រម​និល​ ណុន ​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង ​បាន​ប្រកាស​ភ្លាមៗ​នៅ​រសៀល​នេះ​ ដោយ​លើក​ពេល​ការ​កាត់ទោស​ទៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ ដោយសារ​តែ​ខៀវ​ សំផន​មិន​ព្រម​ឆ្លើយ​ចំពោះ​សំណួរនានា​ និង​ពិសេស​សំណួរ​របស់​ចៅក្រម​សញ្ជាតិ​បារាំង​ លោក​Jean-Marc Lavergue។

«ដោយ​ហេតុ​លោក​ខៀវ​ សំផន​បាន​រក្សាសិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ​តប​ ដូច្នេះ​កិច្ច​ដំណើរការ​ពិភាក្សា​ដេញដោល​នៅ​ថ្ងៃ​នេះ​ លឿន​លើស​ពី​ផែនការ​ ពេល​វេលា​ដែល​បាន​គ្រោង​ទុក។ ​ដូច្នេះ​អង្គសវនាការ​គឺ​ត្រូវ​ចប់​ត្រឹម​ប៉ុណ្ណេះ»។

អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​លើក​ឡើង​ថា​ អ្វី​ៗ​ដែល​ទាក់ទង​នឹង​កាល​ប្រវត្តិ​ជាទូទៅ​នៃ​របប​ដែល​ខ្លួន​ធ្លាប់​កាន់​អំណាច​នោះ​ ខ្លួន​បាន​បកស្រាយ​កាល​ពី​ខែ​ធ្នូ​រួច​ទៅ​ហើយ។

«ខ្ញុំ​អត់​មាន​អី​នឹង​ឆ្លើយ​ទេ​ ពីព្រោះ​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា​ ខ្ញុំ​មិនទាន់​ឆ្លើយ​សំណួរ​ទេ»។

ខៀវ ​សំផន​គឺ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទី​ពីរ​ ដែល​បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​ដេញដោល​ក្នុង​អំឡុង​ពេល​កាត់ទោស​ក្នុង​សប្ដាហ៍​នេះ។ ​នួន ​ជា ​អតីត​ប្រធាន​សភាខ្មែរ​ក្រហម​ មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​នានា​របស់​សហ​ព្រះរាជ​អាជ្ញារង​អន្តរជាតិ​រហូត​មក​ទល់​ថ្ងៃ​នេះ​ ដោយសារ​តែ​សហ​ព្រះរាជអាជ្ញា​បរទេស​បាន​យក​ឯកសារ​ចម្លង​ធ្វើ​ជា​គោល។ ​ប៉ុន្ដែ​លោក​ចៅក្រម​និល ​ណុន​បាន​បង្គាប់​ឲ្យ​មាន​ការ​ចោទ​សួរ​បន្ដ​ បើ​ទោះ​បី​ជា​នួន​ ជា ​បាន​បដិសេធ​មិន​ឆ្លើយតប​សំណួរ​មួយ​ចំនួន​ក៏​ដោយ។

ដោយ​ឡែក​ អៀង​ សារី​ អតីត​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម​ បាន​ប្រកាស​តាំងតែ​ពី​ដំបូង​ទី​ម៉្លេះ​ថា ​ខ្លួន​នឹង​មិន​ឆ្លើយ​សំណួរ​ណាមួយ​ក្នុង​ការ​កាត់ទោស​នេះ​ទេ។ ​ដោយឡែក​អៀង ​ធីរិទ្ធ​ ដែល​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០២​ នេះ​ដែរ​ ត្រូវ​តុលាការ​រក​ឃើញ​ថា ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បន្ដ​ធ្វើ​ការ​ព្យាបាល​មួយ​រយៈ​ថែម​ទៀត។

អតីត​មេដឹកនាំ​កំពូល​ខ្មែក្រហម​ទាំង​បីនាក់​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​ទាក់ទង​នឹង​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​និង​ឆ្នាំ​១៩៧៩។

លោក​បណ្ឌិត ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ ដែល​បាន​តាមដាន​ការ​កាត់ទោស​ដោយ​ផ្ទាល់​មាន​ប្រសាសន៍​ថា ​ការណ៍​ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​មិន​ឆ្លើយ​នឹង​សំណួរ​ផ្សេងៗ​ក្នុង​ការ​កាត់ទោស​នោះ​គឺ​ជា​ការ​បង្ហាញ​ការ​លាក់លៀម​មួយ​ផ្នែក​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។

«កាល​ណា​មិន​សហការ​មាន​ន័យ​ថា​ មាន​អ្វី​លាក់លៀម​ខ្លះ ​ឬ​ក៏​ចង់​ឲ្យ​មាន​ការ​លំបាក​ដល់​ដំណើរ​ការ​តុលាការ។ ​ក៏ប៉ុន្ដែ​មិនមែន​ជា​ឧបសគ្គ​ឲ្យ​រាំងស្ទះ​ទេ»។

នៅ​ក្នុង​ការ​កាត់ទោស​បី​ថ្ងៃ​មក​នេះ​ សហ​ព្រះរាជអាជ្ញា​បរទេស​ចោទសួរ​ច្រើន​លើ​នួន​ ជា​ទាក់ទង​នឹង​កំណើត​នៃ​ការ​ងើបឡើង​បះបោរ​របស់​ពួក​ខ្មែរក្រហម ​ការ​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​ ការ​បែងចែក​ការ​ទទួល​ខុស​ត្រូវ ​ការ​បែងចែក​តំបន់​គ្រប់គ្រង​ កិច្ច​ប្រជុំ​របស់​បក្ស​កុម្មុយនិស្ដ​កម្ពុជា​របស់​ពួក​ខ្មែរក្រហម​ ការ​បង្កើត​កង​សន្ដិសុខ​ពិសេស ​និង​ការ​បង្កើត​មន្ទីរ​ឃុំឃាំង​ជា​ដើម។

ភាគ​ច្រើន​នៃ​ចម្លើយ​របស់ ​នួន ​ជា ​គឺ​គាត់​មិន​ដឹង​ ឬ​គាត់​មិន​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​ គាត់​មិន​ស្គាល់​កន្លែង​ជា​ដើម។ ​នួន ​ជា​ក៏​បាន​អះអាង​ថា ​គាត់​មិន​ដឹង​ពី​ការ​សម្រេច​បង្កើត​មន្ទីរ​ឃុំឃាំង​នៅមុន​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ទេ​ ប៉ុន្ដែ​បាន​ទទួល​ស្គាល់​ថា ​មាន​ការ​តាម​ស៊ើប​អង្កេត​ និង​បោស​សម្អាត​ខ្មាំង​ផ្ទៃក្នុង​ចាប់តាំង​ពី​ក្នុង​ចលនា​តស៊ូ​ក្នុង​ព្រៃ​ម្ល៉េះ៕

This posting includes an audio/video/photo media file: Download Now

អង្គការ​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការ​ចាប់​អ្នកភូមិ​បុរីកីឡា​៣៨​នាក់​ឃុំឃាំង

Posted: 12 Jan 2012 05:28 AM PST

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​សិទិ្ធមនុស្ស​អន្តរជាតិ​ AMNESTY INTERNATIONAL ​និង​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​ចំនួន​៣៨​នាក់​ជា​បន្ទាន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំពី​រឿង​ជម្លោះ​ដីធ្លី។

ការ​អំពាវនាវ​នេះ​បាន​ធើ្វឡើង ​បន្ទាប់​ពី​អ្នក​ភូមិ​បុរីកីឡា​៣០​នាក់​ ដែល​រួម​មាន​ស្រ្តី​២៤​នាក់​ និង​កុមារ​៦​រូប​ ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​៨​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ និង​នៅ​ពន្ធនាគារ​ PJ​ (ប៉ូលិសព្រហ្មទណ្ឌ)​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សបា្តហ៍​មុន។

អង្គការ​ AMNESTY INTERNATIONAL​​ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិភាព​ចំនួន​៣០​នាក់​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ។

ក្នុង​សេចក្តីថ្លែងការណ៍​រួម​ សម្ព័ន្ធអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​បុរីកីឡា​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​នេះ​ ជា​ការ​ខុស​ច្បាប់។

អង្គការ​ AMNESTY INTERNATIONAL​​​ ក៏​បាន​អំពាវនាវឲ្យ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​៨​នាក់​សម្រាប់​ធើ្វ​ការ​ស៊ើបអងេ្កត​បន្ថែម​ទៀត​ ហើយ​កង​សន្តិសុខ​ដែល​គេ​រក​ឃើញ​ថា ​ទទួលខុស​ត្រូវ​ចំពោះ​ការ​ប្រើ​កម្លាំង​ជ្រុលហួស​ហេតុ​ គួរ​ត្រូវ​ព្យួរ​ការងារ​ និង​ផ្តន្ទាទោស។

អង្គការ​ AMNESTY INTERNATIONAL ​បាន​ទទូច​ឲ្យ​ក្រុម​អាជ្ញាធរ​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ​ និង​ឯករាជ្យ​នៅ​ក្នុង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​រស់នៅ​សហគមន៍​បុរីកីឡា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា ​រួមទាំង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បណ្តេញ​កើត​ឡើង​ និង​ការ​ប្រើ​កម្លាំង​ជ្រុលហួស​ហេតុ​យ៉ាង​ជាក់ស្តែង​របស់​កង​សន្តិសុខ។

អង្គការ​ AMNESTY INTERNATIONAL ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ គ្មាន​អ្នក​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ណា​ម្នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​ស្រី្ត​ និង​កុមារ​៣០​នាក់​ នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ​ ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ឃុំ​អ្នក​គ្មាន​ផ្ទះសម្បែង ​អ្នក​ប្រើ​គ្រឿងញៀន ​និង​ស្រ្តី​រក​ស៊ី​ផ្លូវភេទ​ និង​ជា​កន្លែង​ដែល​គេ​បាន​រាយការណ៍​ថា​ អ្នក​ជាប់ឃុំ​ត្រូវ​បាន​រំលោភ​ផ្លូវភេទ ​សម្លាប់​ និង​គំរាមកំហែង​ដោយ​អំពើ​ហិង្សា។

កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា​ ផ្ទះ​របស់​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​៣០០​គ្រួសារ​ត្រូវ​បាន​បំផ្លាញ​ដោយ​កម្មករ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​នៅ​ក្នុង​ឆ្នាំ​២០០៣។ ​កង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​គ្រាប់​ជ័រ​ប្រឆាំង​នឹង​អ្នក​ភូមិ​ ហើយ​អ្នក​ភូមិ​បាន​គប់​ដុំ​ថ្ម​ ដំបង ​និង​ដប​ទឹក​ដាក់​កង​សន្តិសុខ។​ ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ មនុស្ស​ជាង​៦០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស។

អ្នកស្រី​សន​ ទូច ​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​១២​ ក្នុង​សហគមន៍​បុរីកីឡា ​បាន​ថ្លែង​ថា៖

«ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច​ហ៊ុន ​សែន ​សូម​ឲ្យ​ជួយ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​៣៨​នាក់​ ដែល​ត្រូ​វបាន​ចាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​ទោស​កំហុស​អី្វ​ទេ​ ហើយ​ជួយ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ឲ្យ​បាន​ទីជម្រក​នៅ​កន្លែង​ក្នុង​បុរីកីឡា​នេះ»។

លោក​កើត ​ឆែ ​នាយករង​រដ្ឋបាល​នៃ​សាលា​រាជធានីភ្នំពេញ​ មិន​បាន​ធើ្វ​សេចក្តី​អត្ថាធិប្បាយ​ទេ​ ដោយ​បញ្ជាក់​ថា​ លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ AMNESTY INTERNATIONAL​ នេះ​នៅ​ឡើយ​ទេ។

លោក​ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ពិចារណា​លើ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ AMNESTY INTERNATIONAL​ឲ្យ​បាន​ដិតដល់​ ហើយ​អាជ្ញាធរ​មិន​គួរ​ចាប់​ឃុំឃាំង​អ្នក​ភូមិ​បុរីកីឡា​ទាំង​នេះ​ទេ។

«ភារកិច្ច​របស់​រដ្ឋ​ត្រូវ​ដោះស្រាយ​រឿង​ហ្នឹង។​ ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ទិដ្ឋភាព​ហ្នឹង​មិន​ខុស​ឆ្ងាយ​ពី​ការ​ជន្លៀស​ឆ្នាំ​១៩៧៥។​ វា​គ្រាន់តែ​ការ​ជន្លៀស​នេះ​ខ្នាត​តូច​ប៉ុណ្ណោះ​ ហើយ​ជន្លៀស​គ្នា​យក​ទៅ​ចាក់ចោល​អញ្ចឹង​ ដូច​នៅ​ភ្នំបាត។ ​ការ​បណ្តេញ​ចេញ​នេះ​ដូច​ជា​មាន​ភាព​ឃោរឃៅ​ខ្លាំង»។

លោក ​ឡាវ​ ម៉ុងហៃ ​បាន​លើក​ឡើង​ថា​ បញ្ហា​ជម្លោះ​ដីធ្លី ​និង​ការ​បណ្តេញ​ចេញ​នៅ​កម្ពុជា​បាន​ធើ្វ​ឲ្យ​ជន​រងគ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់​កាន់​តែ​ក្រីក្រ​ថែមទៀត៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ៖ ការ​បណ្តេញ​ពលរដ្ឋ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ក្នុង​ប្រទេស​កម្ពុជា

Posted: 12 Jan 2012 02:18 PM PST

អ្នក​ភូមិ​បូរីកីឡា​យ៉ាង​តិច​៣៨​នាក់​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ពេល​តវ៉ា​និង​មិន​ព្រម​រើ​ចេញ​ពី​លំនៅដ្ឋាន។​ ហើយ​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​ផ្សេង​ទៀត​ត្រូវ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​ពុំ​ផ្តល់​សំណង​ ទោះបី​ជា​ពួកគេ​មាន​ឯកសារ​បញ្ជាក់​លំនៅដ្ឋាន​ពី​អាជ្ញាធរ​ក៏​ដោយ។​ អ្នកស្រី​ សន ទូច ​តំណាង​ពលរដ្ឋ​ក្នុង​ភូមិ​ បូរីកីឡា​និង​អ្នកស្រី​ មូរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៉ី​ បាន​ចូល​រួម​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មករា ឆ្នាំ​២០១២។​ វាគ្មិន​ទាំង​ពីរ​បាន​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ហើយ​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពលរដ្ឋ​រងគ្រោះ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១២ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១២ មករា ព្រឹក

Posted: 11 Jan 2012 10:57 PM PST

ស៊ីរី​ លោក​ប្រធានាធិបតី​ស៊ីរី ​បាសា អាល់ អាសាដ បាន​ចេញ​បង្ហាញ​ខ្លួន​ដោយ​កម្រ​មួយ​ ហើយ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​នៅ​ទី​ក្រុង​ ដាម៉ាស​ ថា​រដ្ឋាភិបាល​លោក​ នឹង​មាន​ជ័យ​ជំនះ​លើ​អ្វី​ដែល​លោក​ហៅ​ថា​ «ការ​រួម​គំនិត​ធ្វើ​អំពើ​អាក្រក់» ​មួយ​នៅ​ពី​ក្រោយ​ការ​បះបោរ​១០​ខែ​របស់​ក្រុម​ប្រឆាំង​។​

អ៊ីរ៉ង់៖ បណ្តាញ​ព័ត៌មាន​អ៊ីរ៉ង់​និយាយ​ថា​ កា​រផ្ទុះ​គ្រាប់​បែក​មួយនៅក្រុង​ តេហេរ៉ង់​បាន​សម្លាប់​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ម្នាក់​ ដែល​បាន​ធ្វើ​ការ​ជា​អ្នក​វិទ្យាសាស្រ្ត​ម្នាក់​លើ​កម្មវិធី​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង។​

នីហ្សេរីយ៉ា៖ ជន​ជាតិ​នីហ្សេរីយ៉ា​ជា​ច្រើន​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ខ្ពស់​នៃ​ប្រេង​ឥន្ទនៈ​​ ក្នុង​ថ្ងៃ​ទី​បី​ជាប់​គ្នា​​នៅ​ពេល​ដែល​ សហជីព​កម្មករ​ប្រេង​ធំ​ៗ​ ក្នុង​ប្រទេស​នេះ​កំពុង​ពិចារណា​អំពី​ចូល​រួម​ក្នុង​បាតុកម្ម​។​

នីហ្សេរីយ៉ា៖ មេ​ដឹក​នាំ​ម្នាក់​នៃ​ក្រុម​សកម្មប្រយុទ្ធ​ នីហ្សេរីយ៉ា​​ ឈ្មោះ​ បូកូ ហារ៉ាម បាន​សន្យា​នៅ​ក្នុង​ខ្សែ​វីដេអូ​ថ្មី​មួយ​តាម​អ៊ីនធឺណេត​ថា​នឹង​មាន​ការ​វាយ​ប្រហារ​ច្រើន​ទៀត​។​

សហរដ្ឋអាមេរិក អតីត​អភិបាល​រដ្ឋ​ម៉ាសាឈូសេត​ លោក​មីត រមនី បាន​លើក​យុទ្ធនាការ​ឃោសនា​លោក​ទៅ​កាន់​រដ្ឋ​ការ៉ូលីណាខាងត្បូង ដើម្បី​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​ធានា​ឲ្យ​បាន​ទទួល​ការ​តែង​តាំង​របស់​គណបក្ស​សាធារណរដ្ឋ​។​

ប៉ាគីស្ថាន៖ មន្រ្តី​ ប៉ាគីស្ថាន​និយាយ​ថា​ ការ​វាយ​ប្រហារ​មួយ​ដោយ​យន្តហោះ​ឥត​អ្នក​បើក​របស់​អាមេរិក​បាន​សម្លាប់​ មនុស្ស​បួន​នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ នៅ​ជិត​ព្រំដែន​ជា​មួយ​អាហ្វហ្គានីស្ថាន​ ដែល​​ការ​វាយ​ប្រហារ​បែប​នេះ​កើត​ឡើង​ជា​លើក​ទី​មួយ​ក្នុង​ពេល​ពីរ​ខែ​កន្លង​ទៅ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ភរិយា​សព​លោក​ជា វិជ្ជា​អបអរ​សាទរ​ការ​ធ្វើ​រូប​សំណាក​ប្តី​របស់​អ្នកស្រី

Posted: 12 Jan 2012 07:19 AM PST

ភរិយា​សព​លោក​ជា វិជ្ជា​ មេដឹកនាំ​សហជីព​​កម្មករ​ដ៏ល្បីល្បាញ​ គឺអ្នកស្រី​ជា គឹមនី ​អបអរ​សាទរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​រូបសំណាក​ «វីរបុរស» ​ជូនស្វាមី​របស់​អ្នកស្រី​ ដោយ​បាន​ទទូច​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ចាប់​ខ្លួន​ឃាតករ​ ដែល​បាញ់​សម្លាប់ប្តី​អ្នកស្រី​មក​ផ្តន្ទាទោស​តាម​ច្បាប់។

«ប្រពន្ធ​កូន​សព្វថ្ងៃនេះ​រង់ចាំ​ទាមទារ​យុត្តិធម៌​ ព្រោះអី​រឿងរ៉ាវ​ទាំងអស់​ហ្នឹង​ដែល​ស្លាប់បាត់បង់​ទៅហ្នឹង​វាយូរ​ហើយ​ ហើយ​គ្មានទាន់​រកឃាតករ​អី​ឃើញទេ»។

នេះជា​ការ​ អះអាង​របស់អ្នកស្រី​ជា គឹមនី​ តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំងឡង់​ជា​កន្លែង​ដែល​អ្នកស្រី​និង​កូន២​នាក់​កំពុង​ជ្រកកោន​ផ្នែក​នយោបាយ​បន្ទាប់​ពី​គេ​បាញ់​ស្លាប់​លោក​ជា វិជ្ជា។

អ្នកស្រី​បាន​អះអាង​ថា​ ទុក្ខសោក​ ការស្តាយ​ចំពោះ​ការ​បាត់បង់​ស្វាមី​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច​ដែល​មិនអាច​រសាយ​ចិត្ត​បាន។

«អ្វីដែលខ្ញុំ​ជួបប្រទះ​ អ្វីដែលខ្ញុំ​ឃើញ​គឺវា​សាហាវបំផុត​សម្រាប់​រូបនាងខ្ញុំ​ សម្រាប់​ប្តី​ខ្ញុំ​និង​កូន​ខ្ញុំ។​ ខ្ញុំមិនអាច​បំភ្លេច​បាន​ទេ។​ សព្វថ្ងៃខ្ញុំ​នៅ​ចងចាំ។​ ខ្ញុំ​នៅ​មាន​ជីវិត​ ខ្ញុំនឹង​ទាមទារ ​រក​យុត្តិធម៌​ឲ្យ​ឃើញ»។

លោក​ជា វិជ្ជា​ មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ជា​ជើងឯក​ខាងការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូនកម្មករ​ ដោះស្រាយ​វិវាទ​រវាង​កម្មករ ​និង​ថៅកែ​រោងចក្រ​ ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ប្រាក់ខែ​កម្មករ និង​សុខទុក្ខ​ជូន​កម្មករ​នោះ​ ត្រូវបាន​ឃាតករ​មិនស្គាល់មុខ​បាញ់សម្លាប់​កាលពី​ថ្ងៃ​២២​ មករា​ឆ្នាំ២០០៤​ នៅ​ជិត​វត្ត​លង្កា​ ក្នុងរាជ​ធានីភ្នំពេញ។​ តែឃាតករ​មិនត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ​ក្នុង​រយៈ​ពេល​៨ឆ្នាំ​នេះ។

លោក​ឧត្តមសេនីយ៍ឯក​គាត ចាន់ថារិទ្ធ​ ប្រធាន​សេនាធិការ ​និងជា​អ្នក​នាំពាក្យ​នគរបាល​ជាតិ ​បាន​អះអាង​ថា​ សំណុំរឿង​លោក​ជា វិជ្ជា​ លោក​មិនមាន​ព័ត៌មានអ្វី​ថ្មី​ទេ​ តែលោក​ថ្លែង​ថា ​ជា​ទូទៅ ​អាជ្ញា​ធរ​ប៉ូលិស​នៅ​តែ​បន្ត​រក​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ពេល​មាន​ឃាតកម្ម​ ហើយ​ក៏​មិន​ដែល​បិទ​សំណុំ​រឿង​ឡើយ។

«យើងអត់​ដែល​ចោល​ទេ។​ មិនដែលថា​ មនុស្សស្លាប់​មួយ​ទាំងមូល ​ឧទាហរណ៍​សូម្បីតែ​លោក​ជា វិជ្ជា​ ឬក៏​អ្នកណាមួយ​ផ្សេងទៀត​ក៏ដោយ។ ​មនុស្ស​ស្លាប់​ យើងរក​ឃាតករ​មិនឃើញ​ យើងអត់មាន​សិទ្ធិអី​ទៅ​បិទ​សំណុំ​រឿង​ទេ ​មានតែ​ជំរុញ​ការ​រក​បន្ថែម។​ គ្រាន់តែ​លទ្ធផល​រក​មិនទាន់​ឃើញ។ ​យើង​នៅតែ​បន្ត​ខិតខំ​រក​ឲ្យ​ឃើញ»។

អាជ្ញាធរ​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ពីរនាក់គឺ​ប៊ន ​សំណាង​ និង​សុខ សំអឿន​ហើយ​ឃុំខ្លួន​ពួកគេ​ក្នុង​គុក​អស់​រយៈ​ពេល​៥​ឆ្នាំ។​ តែ​តុលាការ​កំពូល​ កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០០៨​ បាន​សម្រេច​ដោះលែង​ពួក​គេ​ទាំង​ពីរ​បណ្តោះ​អាសន្ន​ក្រោយ​ពី​រក​ឃើញ​ថា​ ជន​ទាំងពីរ​មិនមែន​ជាឃាតករ​សម្លាប់​លោក​ជា វិជ្ជា​ពិត​ប្រាកដ។

ទន្ទឹមគ្នា​នឹង​ពេល​ដែល​ក្រុម​គ្រួសារ​រង់ចាំ​អាជ្ញាធរ​ស្វះស្វែង​រក​ឃាតករ​ពិត​ដែល​បាន​សម្លាប់​លោក​ជា វិជ្ជា​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី​៣១​ធ្នូ​ ឆ្នាំ​២០១១​ បាន​ផ្តល់​ការ​យល់ព្រម​ចំពោះ​សំណើ​ស្នើសុំ​របស់​កម្មករ​ និង​សហជីព​សេរីកម្មករ​ផង​ ដែល​សុំ​ឲ្យ​មាន​ការ​ផ្តល់​ទីតាំង ​និងរូប​សំណាក​សព​លោក​ជា វិជ្ជា។​ លោក​ហ៊ុន សែន​​បាន​ធ្វើ​ចំណារ​ផ្ទាល់ដៃ​របស់​លោក​ថា​ «យល់ព្រម»​លើលិខិត​របស់លោក​ជា មុន្នី​ ប្អូន​ប្រុស​របស់លោក​ ជា វិជ្ជា​ ដែល​បន្ត​វេន​ជា​ប្រធាន​សហជីព​សេរីកម្មករ​បច្ចុប្បន្ន។​ នៅក្នុង​លិខិត​របស់​លោក​ជា​ មុន្នីនោះ​ លោក​បាន​ស្នើ​ជា​ថ្មី​បន្ថែម​លើ​ការ​ស្នើ​សុំ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ​ជូន​ទៅលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា​​នៅ​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​រំឭក​វិញ្ញាណ​ក្ខន្ធ ​​សម្រាប់​រំឭក​គុណ ​ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប​តាម​ប្រពៃណី។

លោក​ជា មុន្នី​ដែលនៅតែ​ទទូច​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ​មក​ផ្តន្ទាទោស​នោះ​ អះអាង​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជារឿង​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករ​ កម្មការិនី​ និង​ជា​ការ​ទទួល​ស្គាល់​ដល់ការ​ទាមទារ​របស់​កម្មករ​ និង​កម្មការិនី។

«ការដែល​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​នេះ​ សម្រាប់ខ្ញុំ​មានន័យ​ថា ​គឺជាការ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​ចង់​បាន​នូវ​សន្តិភាព​ ចង់​បាន​នូវ​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល។​ នោះ​គឺ​ថា ​ជជែក​គ្នា​ ខុស​និង​ត្រូវ​គឺ​ដាក់​លើ​តុ​ជជែក​គ្នា»។

ការ​ជជែក​គ្នា​រឿង​ការ​សាងសង់​នេះ​នឹង​ធ្វើបន្ត​ ក្រោយពី​មាន​សេចក្តី​សម្រេច​ របស់​រដ្ឋាភិបាល​ គឺ​ស.ជ.ណ​ ដែល​ណែនាំ​ឲ្យ​សាល​ក្រុងភ្នំពេញ​ពិភាក្សា​រឿង​សាងសង់​ទីតាំង ​រូបសំណាកលោកជា វិជ្ជា​​ជិត​វត្តលង្កា ​រាជធានី​ភ្នំពេញ​នោះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!