VOA News: ព័ត៌មាន: “អាស៊ាន​គ្រោង​នឹង​ប្រកាស​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំនេះ” plus 10 more

VOA News: ព័ត៌មាន: “អាស៊ាន​គ្រោង​នឹង​ប្រកាស​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំនេះ” plus 10 more


អាស៊ាន​គ្រោង​នឹង​ប្រកាស​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំនេះ

Posted: 09 Jan 2012 02:21 PM PST

រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ប្តេជ្ញា​ថា ​នឹង​សម្រេច​ឲ្យ​បាន​នូវ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ​ប្រយោជន៍​ដើម្បី​​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ ពិសេស​គឺ​ចង់​ឲ្យ​ពលរដ្ឋ​អាស៊ាន​ទាំងអស់​មាន​សិទ្ធិ​ដូចៗ​គ្នា​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ទេស​រដ្ឋមន្ត្រី ​ឱម យិនទៀង​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ជា​ប្រធាន​របស់​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​​សិទ្ធិ​មនុស្ស​អាស៊ាន​បាន​ឲ្យ​ដឹង​ថា ​សេចក្តី​ព្រាង​​សេចក្តី​ថ្លែង​ការណ៍​នោះ​ត្រូវ​បាន​អនុម័ត​រួច​ហើយ​នឹង​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ឲ្យ​ចេញ​ជា​រូបរាង​មួយ​វគ្គម្តងៗ​នៅ​​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​ នៅ​ខែ​ក្រោយ​នៅ​លេខា​ធិការដ្ឋាន​អាស៊ាន​ នា​ក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី ​បន្ទាប់​មក​ក៏​នឹង​មាន​ការ​ប្រជុំ​៧ដង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​គោល​បំណង​នេះ។

គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​ កាលពី​ថ្ងៃទី០៨ ​និង​ទី​០៩​ ខែ​មករា​នេះ​ បាន​បើក​កិច្ច​ប្រជុំ​លើកទី​១១​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​​ការរីក​ចម្រើន​នានា​ចំពោះ​ការ​អនុវត្ត​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​នេះ​ ហើយ​វា​ក៏​ជា​កិច្ច​ប្រជុំ​លើក​ទីមួយ​ផង​ដែរ​របស់​ គណៈ​កម្មការ​នេះ​ស្តីអំពី​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន។

លោក​ទេស​រដ្ឋមន្ត្រី​ឱម យិនទៀង ​ប្រធាន​​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ប្រកាស​សេចក្តី​ ថ្លែង​ការណ៍​នោះទេ​ដោយ​លោក​បាន​ថ្លែងថា​៖

«សេចក្តី​ថ្លែងការណ៍​នោះ​វា​ជា​បញ្ហា​មួយ​សំខាន់​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​មួយៗ​ទទួល​ស្គាល់ ​ហើយ​ប្រតិបត្តិតាម។​ អាស៊ាន​ប្រកាន់​យក​គោលការណ៍​consensus (ការមូលមតិគ្នា)​ ការ​យល់ស្រប​ជាទូទៅ​ មួយ​ជំទាស់​ក៏​មិន​បាន​ដូច្នេះ​គោល​ការណ៍​នេះ​វា​លំបាក»។

កាលពី​ចុងសប្តាហ៍មុន​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ​បាន​សម្តែង​នូវ​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​ សេចក្តី​ថ្លែង​ការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ ក្រែង​ថា​ មិនមាន​ខ្លឹមសារ​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​មិន​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​ជាសកល​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​ទេសរដ្ឋមន្ត្រី​ឱម យិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ កម្ពុជា​បាន​ហៅ​កង្វល់​យ៉ាង​ដូច្នោះ​ថា ​ជា​រឿង​មិន​សមរម្យ​ និង​ខុស​ឆ្គង។

«រដ្ឋជា​សមាជិកអាស៊ាន​បាន​អនុម័ត​ បាន​ចុះ​ហត្ថលេខា​ជារដ្ឋ​ហត្ថលេខី​នៃ​សេចក្តី​ ថ្លែង​ការណ៍​សកល​ ដូច្នេះ​ហើយ​ការ​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​របស់​យើង​ គឺ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ ​និង​ការ​អនុវត្ត​នូវ​មាគ៌ា​សិទ្ធិ​មនុស្ស​ជាសកល​ យ៉ាង​ជាក់ស្តែង។​ ដូចនេះ​យើង​អត់​មាន​តិចជាង​មុន​ឬលើស​មុន​ទេ​គឺយើង​ ធ្វើឲ្យ​ជាក់ស្តែង​ជាងមុន​ ប្រាកដ​និយម​ជាងមុន។ ​វាមិនមែន​ជា​ការយក​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​ ទៅ​ប្រៀបធៀប​ជាមួយ​ថ្លែង​ការណ៍​របស់​អឺរ៉ុប អាហ្រ្វិក​ ឬ​អង្គការ​សហ​ប្រជាជាតិ​ឯណា​គឺ​ជា​ការ​ធ្វើឲ្យ​ជាក់ស្តែង​ ដូច្នេះ​ពាក្យ​ថា​ស្តង់ដារវា​អត់មាន​កន្លែង​យក​មក​និយាយ​ក្នុង​ចំណុច​ហ្នឹង​ទេ»។

លោក​បានថ្លែង​ថា ​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​សកល​របស់​អង្គការ​ សហ​ប្រជាជាតិ​មាន​តម្លៃ​សម្រាប់​ពិភពលោក​ទាំងមូល​ ដូច្នេះ​សេចក្តីថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​មាន​តម្លៃ​ជាក់ស្តែង​សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន។

លោក​ឱម យិនទៀង​បាន​ឲ្យ​ដឹង​ដែរ​ថា​ សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​ មុន​នឹង​ប្រកាស​ក៏​នឹង​មាន​ការ​ធ្វើ​សិក្ខាសាលា​ពីរដង​ផងដែរ​ ដើម្បី​ពិគ្រោះ​និង​ទទួល​យកនូវ​មតិ​នានា​ពី​សង្គម​ស៊ីវិល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា៕

This posting includes an audio/video/photo media file: Download Now

ចៅក្រម​តុលាការ​ខ្មែរក្រហម​ប៉ះទង្គិច​គ្នា​ធ្ងន់ៗ ​ម្តង​ទៀត

Posted: 09 Jan 2012 02:02 PM PST

សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​លោក ​Laurant Kasper-Ansermet ​ដែល​កំពុង​រង់ចាំ​ការ​តែងតាំង​ជា​ផ្លូវការ ​និង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ ​លោក​យូ ​ប៊ុនឡេង ​បាន​ប៉ះទង្គិច​គ្នា​ធ្ងន់ៗ​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ជុំវិញ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​ លោក​Laurant Kasper-Ansermet ​បាន​បង្ហាញ​ថា ​លោក​មាន​ការ​សោកស្តាយ ​ដែល​លោក​យូ ​ប៊ុនឡេង​មិន​យល់​ព្រម​ជាមួយ​រូប​លោក​នៅ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ចំពោះ​សាធរណជន ​ទាក់ទង​ទៅ​នឹង​ការ​រីកចម្រើន ​នៅ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤។

ការ​ប៉ះទង្គិច​នៅ​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​បាន​កើត​ឡើង​ម្តង​ហើយ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។​ ប្រភព​នា​នា​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ថា​ សហ​ចៅក្រម​បម្រុង​អន្តរជាតិ​ចង់​បង្ហាញ​ពី​ការ​ស៊ើប​អង្កេត​បន្ត​នៅ​ក្នុង​សំណើ​រឿង​ទាំង​ពីរ​នេះ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​ក៏ប៉ុន្តែ​សហចៅក្រហម​ស៊ើប​អង្កេតជាតិ​បាន​ជំទាស់​នៅ​ក្នុង​រឿង​នេះ។

លោក​ឡាស់អលសិន ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ ​ទទួល​ស្គាល់​ថា ​មាន​ការ​ខ្វែង​គ្នា​ដូច្នេះ​មែន។​ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​នាម​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ​ថា ​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​បាន​ចម្លង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចំនួន​ស្នើ​ដល់​លោក​យូ ​ប៊ុនឡេង ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​០០៣ ​និង​០០៤។​ ក៏ប៉ុន្តែ​លោក​យូ ​ប៊ុនឡេង​មិន​យល់ស្រប​នោះ​ទេ។

ភ្លាមៗ ​នៅ​ថ្ងៃ​នេះ ​លោក​យូ ​ប៊ុនឡេង ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​តប​ ដោយ​លោក​ហៅ​លោក​Laurant Kasper-Ansermet​ ថា​ បាន​វាយ​សំពង​រូប​លោក​ពី​ក្រោយ​ខ្នង​ ហើយ​លោក​Laurant Kasper-Ansermet ​មិន​ទាន់​មាន​នីតិ​សម្បទា​ផ្លូវ​ច្បាប់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​ជាមួយ​រូប​លោក​នោះ​ទេ។

កង្វះ​នីតិ​សម្បទា​ផ្លូវ​ច្បាប់ ​ដែល​គេ​មើល​ឃើញ​ថា ​ដោយសារ​តែ​លោក​ Laurant Kasper-Ansermet​ មិន​ទាន់​ត្រូវ​បាន​តែងតាំង​ជា​សហចៅក្រម​អន្តរជាតិ​ជា​ផ្លូវការ​ដោយ​ព្រះមហាក្សត្រ​នោះ​ទេ។ ​លោក​យូ ​ប៊ុនឡេង​បន្ថែម​ថា​ ដៃគូ​ ដែល​មិន​ទាន់​មាន​ភាព​ស្មើគ្នា​របស់​លោក ​ខ្វះ​ការ​យោគយល់​ ហើយ​បាន​ដើរ​តួ​ជា​អ្នក​កាសែត ​ជាជាង​បម្រើ​តួនាទី​ជា​មន្ត្រី​តុលាការ។

វា​ទំនង​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើង​វិញ​ នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ចាប់​ផ្តើម​ជជែក​គ្នា​ទៅ​ដល់​សំណុំ​រឿង​០០៣​ និង​សំណុំ​រឿង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ប្រឆាំង​ជំទាស់​ជា​ញឹកញាប់។ ​ក៏ប៉ុន្តែ​លោក​ឡាស់អលសិន​បាន​ពោល​ថា​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ណា​នោះ​ត្រូវ​សេចក្តីប្រកាសព័ត៌មាន​នៃ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​រួច​ជា​ស្រេច​ទៅ​ហើយ។

ដោយឡែក​លោក​នេត្រ ​ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នោះ​គឺ​ជា​ការ​ប្រត្តិបត្តិ​ទៅ​តាម​កន្លង​ច្បាប់​តែ​ប៉ុណ្ណោះ។

«មិនមែន​មាន​ន័យ​ថា ​គឺ​ជា​ការ​ខ្វែង​គំនិត​គ្នា​ ឬ​មួយ​គឺ​ជា​ការ​ឈ្លោះ​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​នោះ​ទេ។ ​ជា​ការ​បកស្រាយ​ច្បាប់ ​ហើយ​ជា​ការ​អនុវត្ត​ទៅ​តាម​វិធាន​ផ្ទៃក្នុង​ ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ឆ្លើយ​តប»។

កាល​ពីប៉ុន្មាន​ខែ​មុន​ សហចៅក្រម​ស៊ើប​អង្កេត​សញ្ជាតិ​អាល្លឺម៉ង់ ​លោក​ Siegfried Blunk​បាន​លាលែង​ពី​ការងារ​ បន្ទាប់​ពី​ផ្ទុះ​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​ទាំង​ពីរ​គឺ​០០៣ ​និង​០០៤។

លោក​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យល់​ថា​ បញ្ហា​ចុងក្រោយ​បង្ហាញ​ថា​សហចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​មិន​មាន​ការ​សហការ​គ្នា​នោះ​ទេ។ ​លោក​ឆាំង ​យុ​មាន​ប្រសាសន៍​ថា​ គួរតែ​មាន​ការ​ស៊ើបអង្កេត​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​ពី​សាលាក្តី​ទាំង​មូល​ទៅ​លើ​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត។

«ចាំបាច់​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ការិយាល័យ​ចៅក្រម​ស៊ើបអង្កេត​នេះ​ទាំង​មូល​តែ​ម្តង​ ព្រោះ​រឿង​នេះ​ជា​រឿង​ដែល​កើត​ឡើង​ត​ភ្ជាប់​ពី​រឿង​មុន ​ដែល​ចៅក្រម​លោក​បាន​លាលែង។​ អញ្ចឹង​បើ​សិន​ជា​យើង​មិន​ដោះស្រាយ​ទេ ​វា​នៅ​តែ​បន្ត​រហូត ​ហើយ​វា​បង្ក​ឲ្យ​រាំងស្ទះ​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​នានា ​នៅ​ក្នុង​អង្គតុលាការ​ទាំង​មូល»។

លោក​អង្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ប៉ានគីមូន​បាន​ស្នើ​ឈ្មោះ ​លោក​Laurant Kasper-Ansermet ​ទៅ​ដល់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ដើម្បី​តែងតាំង​រូប​លោក​ជំនួស​លោកSiegfried Blunk។ ​ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ការ​តែងតាំង​ជា​ផ្លូវការ​ណាមួយ​ទេ ​រហូត​មក​ទល់​ពេល​នេះ។

ភាគ​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​នេះ​កើត​ឡើង​ស្របពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បង្គាប់​ឲ្យ​ក្រុម​គ្រូពេទ្យ ​និង​អ្នក​ជំនាញ​ការ​ពិនិត្យ​ទៅ​លើ​សុខភាព​របស់​ជន​ជាប់​ចោទ​អៀង ​ធីរិទ្ធ​ឡើងវិញ​ដើម្បី​រក្សា​ទុក​រូប​គាត់​នៅ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២។

សាលាដំបូង​ធ្លាប់​បាន​សម្រេច​ដោះលែង​អៀង​ ធីរិទ្ធ​ ដោយសារ​តែ​បញ្ហា​សុភាព​ធ្ងន់ធ្ងរ។​ ក៏ប៉ុន្តែ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ផ្ទុយ​ពី​នេះ៕

 

This posting includes an audio/video/photo media file: Download Now

អ្នក​ភូមិបុរី​កីឡា​ប្រឈម​នឹង​ការ​លំបាក​នៅ​ទីតាំង​ថ្មី

Posted: 09 Jan 2012 10:14 AM PST

កាល​ពី​សប្តាហ៍​មុន​ អាជ្ញាធរ​ខ្មែរ​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដោយ​បង្ខំ​ ចេញ​ពី​តំបន់​បុរី​កីឡា ​ដើម្បី​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច។

ប្រជាពលរដ្ឋ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំបាត ​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍​ ឃុំផ្សារ​ដែក ​ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​ជិត​៥០​គីឡូ​ម៉ែត​ពី​ទីក្រុង​ភ្នំពេញ។

ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​បាន​តាំង​ទីលំនៅ​ថ្មី ​នៅ​លើ​ទឹកដី ​ដែល​គ្មាន​ដើមឈើ ​ប្រព័ន្ធ​ទឹក ​ភ្លើង ​សេវា​សុខភាព ​និង​សាលារៀន​គ្រប់គ្រាន់ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ជា​លើក​ទី​២ ​ដោយសារ​តែ​ចំនួន​ប្រជា​ពលរដ្ឋ​លើស​តាម​ការ​កំណត់។

យោង​តាម​​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​ឲ្យ​ដឹង​ថា ​មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​១៩៦​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ​ហើយ​បាន​មក​រស់​នៅ​តំបន់​ភ្នំបាត។

លោកស្រី ​ស៊ុយ ​ស៊ីផាន ​ជា​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​​ និង​ជា​ដើម​ចម​នៃ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​បុរី​កីឡា​សម្រាប់​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ។ ​លោកស្រី​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោកស្រី​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ ដែល​មក​តាំង​ទី​លំនៅ​ទី​នេះ​តែ​៧៨​គ្រួសារ​តែ​ប៉ុណ្ណោះ ​ហើយ​សម្រាប់​អ្នក​ដែល​នៅ​សេស​សល់​ លោកស្រី​មិន​ទទួល​ស្គាល់​ទេ។ ​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​បាន​ផ្តល់​ថវិកា​ចំនួន​២០០០០​រៀល ​គឺ​ស្មើ​នឹង​៥​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​សោហ៊ុយ​ចាកចេញ​ពី​កន្លែង​ភ្នំបាត។

«មាន​ឯកសារ​គ្រប់គ្រាន់​ គឺ​មាន​តែ​៧៨​គ្រួសារ​ទេ។ ​អញ្ចឹង​មួយរយ​ជាង​ហ្នឹង​ សុទ្ធ​តែ​កូន​ចៅ​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្ទះ​ថ្មី​នៅ​បុរី​កីឡា​ហ្នឹង ​លោភលន់​ចង់​បាន​ដី​មួយ​កន្លែង​ទៀត។ ​បាន​ផ្ទះ​ហើយ​ ចង់​បាន​ដី​មួយ​ទៀត។ ​អញ្ចឹង​ហើយ​មក​បន្លំ​នៅ​ទីហ្នឹង»។

បើ​តាម​គោល​ការណ៍​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ក្រុមហ៊ុន​គ្រោង​នឹង​ផ្តល់​ថវិកា​ចំនួន​៥០​ម៉ឺនរៀល​ គឺ​ស្មើនឹង​ជាង​១០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​និង​ផ្តល់​ដី​មួយ​ឡូត៍​ ​ទំហំ​បួន​ម៉ែត​គុណ​នឹង​ដប់ពីរ​ម៉ែត​ (៤x១២ម)​ នៅ​លើ​ផ្ទៃដី​សរុប​ ដែល​មាន​ទំហំ​១៨៣០០​ម៉ែត​ការ៉េ ​នៅ​តំបន់​ភ្នំបាត។

ប្រជាពលរដ្ឋ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​សប្តាហ៍​មុន​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ថា ​ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​កាត់​ដី​បន្ថែម​ទៀត​ ដោយ​ផ្តល់​ដោយ​ពួក​គេ​តែ​បួន​ម៉ែត​គុណ​នឹង​ប្រាំបី​ម៉ែត​ (៤x៨ម)​ តែ​ប៉ុណ្ណោះ ​នៅ​ក្នុង​មួយ​គ្រួសារ។ ​ចំណែក​ឯថវិកា​៥០​ម៉ឺនរៀល ​ពួក​គេ​ពុំ​ទទួល​បាន​ទេ។

កំពុង​តែ​អង្គុយ​ដុស​កំសៀវ​ដាំទឹក ​នៅ​ក្បែរ​តង់​ធ្វើ​ពី​ក្រណាត់​ចាស់ៗ ​ លោក​ពុធ ​ស៊ីណាត ​អាយុ​៤៧​ឆ្នាំ​ អតីត​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា ​បាន​និយាយ​ថា ​លោក​ពុំទាន់​បាន​ដី​ពិតប្រាកដ​សម្រាប់​ស្នាក់នៅ​​នៅ​ឡើយ​ទេ។

«ខ្ញុំ​ឥត​ទាន់​ដឹង​ច្បាស់​ផង។​ ថា​មក​នេះ ​គេ​ឲ្យ​មក​សិន​ទៅ។​ ចាំ​ក្រុមហ៊ុន​គេ​ដោះស្រាយ​ឲ្យ ​ក្រោយ​ពេល​ដែល​គេ​ឈូសឆាយ​រួច​ហើយ។ ​គេ​បង្ខំ​ឲ្យ​យើង​ចេញ​មក ​អ្នក​ខ្លះ​ឥត​បាន​ដឹង​ស្អី​បន្តិច​ផង»។

នៅ​លើ​ដី​ទំហំ​ជាង​មួយ​ហិចតា ​នៅ​តំបន់​ភ្នំបាត ​ប្រជាពលរដ្ឋ​បាន​ចង​តង់កៅស៊ូ ​និង​កន្ទេល​ដើម្បី​ស្នាក់នៅ។ ​ពួក​គេ​ភាគច្រើន​ទទួល​ទាន​ដំណេក ​ផ្ទាល់ដី ​ដោយ​ក្រាលកៅស៊ូ​ក្រណាត់​ចាស់ៗ ​និង​ក្រាល​បន្ទះ​ក្តារ​ជា​ដើម​ ដោយ​ពុំមាន​គ្រែ​សម្រាប់​ស្នាក់នៅ​គ្រប់គ្រាន់​ទេ។

ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នកស្រី​ស៊ុយ ​ស៊ីផាន​បាន​បុក​អណ្តូង​តែ​ពីរ​ប៉ុណ្ណោះ ​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ស្នាក់​នៅ​ទីនោះ។ ​ក្រុម​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ និង​ជម្ងឺ​ឆ្លង។​ កុមារ​ភាគ​ច្រើន​ មាន​ជម្ងឺ​ផ្តាសាយ ​ដោយសារ​តែ​អាកាសធាតុ​ក្តៅ​នៅ​ពេល​ថ្ងៃ​និង​ត្រជាក់​នៅ​ពេល​យប់។

អ្នកស្រី​ឌិន ​ស៊ីដេត ​អាយុ​២៥​ឆ្នាំ​កំពុង​បី​កូន​អាយុ​៨​ខែ​នៅ​នឹង​ដៃ ​ក្រោម​សំពត់​តង់កៅស៊ូ​ចាស់ៗ​ នៅ​តំបន់​ភ្នំបាត។ អ្នកស្រី​បាន​និយាយ​ថា ​កូន​របស់​អ្នកស្រី​ ក៏​ដូច​ជា​អ្នក​ភូមិ​ដទៃ​ផ្សេង​ទៀត ​កំពុង​តែ​ឆ្លង​ជម្ងឺ​គ្រប់ៗ​គ្នា។ ​អ្នកស្រី​បាន​និយាយ​ថា ​អាជ្ញាធរ​មិន​បាន​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​ពួក​គេ​ទេ​ មាន​តែ​អង្គការ​លីកាដូ​តែ​ប៉ុណ្ណោះ ​ដែល​បាន​ផ្តល់​ថ្នាំពេទ្យ​ដល់​ពួក​គេ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ។

«វា​ពិបាក​ដែរ​ហ្នឹង។ ​ខ្ញុំ​មាន​កូន​តូច ​ពូ! ​ឥឡូវ​កូន​យំ​ធ្វើ​ទុក្ខ ​ហើយ​ដី​ហុយ ​ដី​អី​អញ្ចឹង​ពូ! ​ហើយ​ណាមួយ​បន្ទប់​ទឹក​ឥតមាន ​ហើយ​ទឹក​អី ​ប្រើ​ទឹក​អណ្តូង។ ​ប្រើ​ទឹក​អណ្តូង។ ​កូន​តាំង​ពី​មក​ទី​នេះគឺ​ឈឺ​ភ្នែក​ទៀត»។

លោក​ញឹប ​ចាន់ ​ប្រធាន​ឃុំ​ផ្សារ​ដែក​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ផានអ៊ីម៉ិច​ទើបតែ​មក​ទិញ​ដី​នៅ​តំបន់​ភ្នំបាត​នេះ ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១១។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​​មាន​មណ្ឌល​សុខភាព​នៅ​ក្បែរ​នោះ ​ហើយ​ប្រជា​ពលរដ្ឋ​អាច​ទទួល​សេវា​ព្យាបាល​ជម្ងឺ​បាន​ នៅ​ពេល​ណា​ដែល​ពួក​គេ​ឈឺ។

«កន្លង​ទៅ​ហ្នឹង​ ខ្ញុំ​បាន​ប្រាប់​ជម្រាប​ជូន​គាត់​ដែរ។ ​ពាក់ព័ន្ធ​នឹង​សុខភាព​អី​ហ្នឹង ​យើង​មាន​មណ្ឌល​សុខភាព​អី​ដែរ។ ​បាទ! ​វា​គ្រាន់​តែ​គាត់​ទៅ​មក​ប៉ុន្មាន​ថ្ងៃ​អញ្ចឹង​ យើងមិនទាន់ចាត់ចែង​ ថា​ម៉េចៗ​ទេ»។

លោក​អំ ​សំអាត ​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរី​កីឡា ​ប្រជា​ពលរដ្ឋ​បាន​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀងអាហារ​ កង្វះ​ទឹក​សម្រាប់​បរិភោគ ​ជម្រក​ ហើយ​កុមារ​ភាគ​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ជម្ងឺ​ផ្សេងៗ។

«ការ​បណ្តេញ​ចេញ​មក​ ហើយ​នៅ​នេះ​គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​អស់ ​​ហើយ​ពេល​ដែរ​មក​នៅ​ គឺ​មិន​ទាន់​បាន​បែងចែក​ដីធ្លី​សម្រាប់​ពួក​គាត់​សម្រាប់​ការ​រស់នៅ​នោះ​ទេ។ ​អញ្ចឹង​យើង​ឃើញ​ថា​ ការ​ដែល​អភិវឌ្ឍ​របៀប​នេះ​គឺ​វា​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ»។

ក្រុមហ៊ុន​ផានអ៊ីម៉ិច ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ស៊ុយ ​ស៊ីផាន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចុះ​ចែក​អង្គរ​ នឹង​ចែក​តង់កៅស៊ូ​ដល់​ប្រជាពលរដ្ឋ ​ក៏ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​​ ពួក​គេ​ត្រូវ​ការ​ជម្រក​ស្នាក់នៅ​សមរម្យ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ពី​ទីតាំង​ចាស់៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៩ មករា យប់

Posted: 09 Jan 2012 09:40 AM PST

ស.រ.អា៖ លោកស្រី ហ្គាប្រីអេល ហ្គីហ្វហ្វដ (Gabrielle Giffords) សមាជិកា​សភា​ស.រ.អា បាន​ដឹកនាំ​ពិធី​ដុត​ទៀន​មួយ​នៅ​ក្នុង​ក្រុង ធូសុន (Tucson) នៃ​រដ្ឋ​អារីហ្សូណា (Arizona) នា​ប៉ែក​និរតី​នៃ​ស.រ.អ​.ដើម្បី​កំណត់​ខួប​មួយ​ឆ្នាំនៃ​ការ​បាញ់​កាំ​ភ្លើង​ដ៏​ខ្លាំងក្លា​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​ ហើយ​បណ្តាល​ឱ្យ​លោកស្រី​មាន​របួស​ធ្ងន់ធ្ងរ។

ភូមា៖ ប្រេសិត​ជាន់​ខ្ពស់​ស.រ.អា​ពីរ​នាក់​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ភូមា​ហើយ​ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ពួក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​អំពី​កម្មវិធី​ហិរញ្ញវត្ថុ​ខ្នាត​តូច ​និង​បញ្ហា​ជួញ​ដូរ​មនុស្ស។ លោក​ ដេរិក មិចឆែល (Derek Mitchell) ប្រេសិត​ពិសេស​ស​.រ.អា ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ភូមា​ និង​លោក​ លូអីស ដឹ បាកា (Luis Cde Baca) ប្រេសិត​ស.រ.អា​ទទួល​បន្ទុក​បញ្ហា​ជួញ​ដូរ​មនុស្ស​នឹង​ជួប​ជាមួយ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​របស់​ភូមា។

ម៉ាឡេស៊ី៖ តុលាការ​ជាន់​ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី (Malaysia) បាន​កាត់​ក្តី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) រួច​ខ្លួន​ពី​បទ​រំលោភ​សេព​សន្ធវៈ។ ចៅក្រម​បាន​សម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ DNA ដែល​បាន​ត្រូវ​ប្រើ​ដោយ​ពួក​ព្រះរាជអាជ្ញា​ជា​ភ័ស្តុតាង​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ។ ចៅក្រម​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា​គ្មាន​ភ័ស្តុតាង​ដែល​គួរ​ឱ្យ​ជឿ​គ្រប់​គ្រាន់​ដែល​បញ្ជាក់​ថា​លោក អានវ៉ា បាន​ប្រព្រឹត្ត​សេព​សន្ធវៈ​ជាមួយ​អតីត​សហការី​ប្រុស​ម្នាក់​របស់​លោក​នោះ​ទេ។

ស៊ិរី៖ ពួក​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សម្ព័ន្ធ​អារ៉ាប់​បាន​អំពាវនាវ​ដល់​ប្រទេស​ស៊ិរី​ឲ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ ហើយ​ពួកគេ​បាន​យល់ព្រម​បង្កើន​ចំនួន​ពួក​អ្នក​សង្កេតការ​ដែល​អនុលោម​ទៅ​តាម​ផែនការ​នេះ។

អ៊ីរ៉ង់៖ តុលាការ​អ៊ីរ៉ង់​មួយ​បាន​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ពី​បទ​ចារកម្ម​ឲ្យ​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​ស.រ.អ. ហៅ​កាត់​ថា ស៊ីអាយអេ (CIA)។ទីភ្នាក់ងារ​ព័ត៌មាន ហ្វាស (Fars) ពាក់​កណ្តាល​ផ្លូវការ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​កាត់​ទោស​ប្រឆាំង​នឹង លោក អាមៀរ ម៉ាហ្សេអ៊ី ហេកម៉ាទី (Amir Mirzaei Hekmati) គឺ​ទាក់ទិន​នឹង​ការ​ពាក់ព័ន្ធ​របស់​គាត់​ជាមួយ​ទី​ភ្នាក់ងារ​សម្ងាត់​ ស៊ីអាយអេ និង​កិច្ច​សហប្រតិបត្តិការ​របស់​គាត់​ជាមួយ​«ប្រទេស​ជា​សត្រូវ»មួយ​នេះ៕

This posting includes an audio/video/photo media file: Download Now

ហេឡូវីអូអេ៖ ការត្រៀម​ខ្លួន​របស់​យុវជន​ខ្មែរ​សម្រាប់​ទីផ្សារ​ការងារ​ក្នុង​សហគមន៍​អាស៊ាន

Posted: 09 Jan 2012 09:19 AM PST

នៅ​សល់​តែ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ សហគមន៍​អាស៊ាន​នឹង​លេច​រូបរាង​ឡើង។ តើ​យុវជន​ខ្មែរ​អាច​ទាញ​យក​ផល​ប្រយោជន៍​ពីភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ​ និង​រៀបចំ​ខ្លួន​យ៉ាង​ដូចម្តេច​ ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ទី​ផ្សារ​ការងារ​ក្នុង​សហគមន៍​ដែល​មាន​ប្រទេស​១០​ចូលរួម​គ្នា​នៅ​ឆ្នាំ​២០១៥?

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៩ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ក្បួន​ដង្ហែរ​​នៃ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ជា​ វិជ្ជា​ខួប​លើក​ទី៧

Posted: 09 Jan 2012 08:44 AM PST

អស់​រយៈពេល​៦​ឆ្នាំ​កន្លង​ផុត​មក​ហើយ​ដែល​សហជីព​សេរីកម្មករ​របស់​លោក​ជា​ មុន្នី​តែង​តែ​ដើរ​ដង្ហែរ​ក្បួន​ដោយ​សន្តិ​វិធី​ចេញ​ពី​ទី​ស្នាក់​ការ​របស់​ខ្លួន​ដើម្បី​យក​កម្រង​ផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​សព​លោកជា​ វិជ្ជា​បង​ប្រុស​របស់​លោក​ដែល​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៤​ នៅ​ក្បែរ​តូប​លក់​កាសែត​មួយ​ជិត​វត្ត​ល័ង្កា។

ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៧​នៃ​ការ​ស្លាប់​បាត់​បង់​ជី​វិត​របស់​លោក​ជា វិជ្ជា។ ​សម្រាប់​លោក​ជា​ មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​ដែល​បាន​ឡើង​កាន់​កាប់​មុខ​តំណែង​បន្ទាប់​ពី​បង​ប្រុស​របស់​លោក​ បាន​និយាយ​ថា ​ឆ្នាំ​នេះ​លោក​បាន​ប្តូរ​ពី​ការ​ដើរ​ក្បួន​ដង្ហែរ​មក​ធ្វើ​ដំណើរ​តាម​រថយន្ត​និង​ម៉ូតូ​វិញ​ដើម្បី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​បង​ប្រុស​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ផ្តូរ​ជំហរ​នេះ​ដោយ​សារ​តែ​អំឡុង​ពេល​នេះ​គណបក្ស​នយោបាយ​កំពុង​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា។

«បាទ​ ជា​ការណ៍​ពិត​ហើយ ​នៅ​ជិត​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​គេ​ហាម​ការ​ដើរ​ហែក្បួន។ ​យើង ​ជា​ទូទៅ​ ខ្ញុំឲ្យ​ថា ​មាន​ការ​អនុវត្ត​ច្បាប់។ ​យើង​ស្វាគមន៍​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា​ មិន​ប្រកាន់​ថា ​សហជីព​ ឬ​ក៏​សង្គម​ស៊ីវិល​ ឬ​ក៏​គណបក្ស​នយោបាយ​ទេ​ ឲ្យ​តែ​គោរព​ទាំង​អស់​គ្នា​យើង​ខ្ញុំ​គោរព​តាម»។

មន្ត្រី​តំណាង​សហជីព​សេរី​កម្មករ​ និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​ កាល​ពី​ដើម​សប្តាហ៍​នេះ​ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​​ស្តីពីការ​ដើរ​ក្បួន​ដង្ហែរ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ជា ​វិជ្ជា។

លោក​កើត ឆែ​ នាយក​រង​រដ្ឋ​បាល​នៃ​​សាលា​ក្រុង​ភ្នំពេញ ​បាន​មាន​ប្រសាសន៍​ថា ​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា ​នឹង​មិន​ដើរ​ក្បួន​ដង្ហែរ​ដូច​សព្វ​មួយ​ដង​ទេ។

«បាទ​ មាន​ក្នុង​កំណត់​ហេតុ​ហើយ។ ​យើង​និយាយ​គ្នា​ក្នុង​កំណត់​ហេតុ​ថា​​នេះ​ជា​ការ​ព្រម​ព្រៀង»។

បើទោះបី​ជា​មិន​ដើរ​ក្បួន​ដង្ហែរ​ដូច​សព្វ​មួយ​ដង​ក៏​លោក​ជា​ មុន្នី​បាន​បញ្ជាក់​ថា​ លោក​គ្រោង​នឹង​ដឹក​នាំ​ក្រុម​សហជីព​ប្រមាណ​១០០​នាក់​ដើម្បី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញណ​ក្ខន្ធ​ដល់​សព​លោក ​ជា​ វិជ្ជា។

លោក​ជា មុន្នី​នៅ​តែ​ទទូច​ដល់​រដ្ឋា​ភិបាល​ឲ្យ​ស្វែង​រក​ឃាដករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស​តាម​ច្បាប់។

លោក​ឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​នៅ​មិន​ទាន់​បាន​បិទ​សំណុំ​រឿង​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៣១​ខែធ្នូ​កន្លង​ទៅ​នេះ ​បាន​យល់​ព្រម​លើ​ចំណារ​លិខិត​មួយ​របស់​លោក​ជា​ មុន្នី​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ឲ្យ​សាងសង់​រូប​សំណាក​លោក​ជា​ វិជ្ជា​ អតិត​ប្រធាន​សហជីព​សេរី​កម្មករ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​និង​ការ​ចង​ចាំ​គុណូបការៈ​របស់​លោក​ជា ​​វិជ្ជា។

ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ កាល​ពី​ថ្ងៃ​ទី​៣​ខែមករា​នេះ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ឬ​សជណ​លេខ​០៣ ​ដោយ​បាន​បញ្ជាក់​ពី​ការ​​យល់​ព្រម​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ តាម​សំណើ​របស់​លោក​ជា មុន្នី។

គណៈរដ្ឋ​មន្ត្រី​ក៏​បាន​តម្រូវ​ឲ្យ​លោក​កែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​រៀប​ចំ​កសាង​រូប​សំណាក​ដោយ​ពិភាក្សា​ជាមួយ​លោក​ជា​ មុន្នី។

លោក​ជា​ វិជ្ជា ​អតិត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ត្រូវ​បាន​ឃាដករ​ចូលបាញ់​សម្លាប់​យ៉ាង​ជិត​បំផុត ​កាល​ពី​ថ្ងៃ​ទី​២២​ខែមករា​ឆ្នាំ២០០៤​នៅ​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​តែ​អង្គុយ​​អាន​កាសែត​នៅ​ក្បែរ​វត្ត​ល័ង្កា​កណ្តាល​ទី​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់លោក​ជា​ វិជ្ជា​ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​រូប​គឺ​លោក​​ប៊ន សំណាង​ និង​លោក​សុខ​ សំអឿន​យក​មក​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​​២០​ឆ្នាំ។

លោក​ប៊ន សំណាង​និង​លោក​សុខ​ សំអឿន​ត្រូវ​បាន​តុលាការ​កំពូល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ឆ្នាំ​២០០៩​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ថា ​ជន​ជាប់​ចោទ​ទាំង​ពីរ​ជា​ឃាដករ​សិប្បនិម្មិត៕

This posting includes an audio/video/photo media file: Download Now

អាជ្ញាធរ​ខ្មែរ​ប្រមូល​ខិត​ប័ណ្ណ​រិះគន់​ថា ថ្ងៃ​៧​ខែមករា​ជា​ថ្ងៃ​ឃាតករ​យួន​បន្ត​សម្លាប់​ខ្មែរ

Posted: 09 Jan 2012 09:07 AM PST

អាជ្ញាធរ​ខ្មែរ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​រឹប​អូស​ខិត​ប័ណ្ណ​ជា​ច្រើន ​រាប់​រយ​សន្លឹក​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​បាច​កណ្តាល​ទី​ក្រុង​ភ្នំពេញ។ ​ស្រប​ពេល​និង​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៣៣​នៃ​ថ្ងៃ​ជ័យ​ជំនះ​៧​មករា។

ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ទាំង​ស្រុង​ចេញ​ពី​របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរក្រហម​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ហើយ​ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ដែល​បាន​រស់​រាន​មាន​ជី​វិត​ឡើង​វិញ។

ក៏ប៉ុន្តែ​នៅ​ក្នុង​ខិត​ប័ណ្ណ​ដែល​VOA ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល​ដែល​មាន​រូប​សញ្ញា​អង្គរវត្ត​កំពូល​បី​និង​មាន​ផ្កាយ​បី​ជា​សម្គាល់​ ព្រម​ទាំង​បាន​សរសេរ​អក្សរ​ថា​ «សំឡេង​ខ្មែរ​ជាតិ​និយម»​បាន​ដាក់​ចំណង​ជើង​ថា«ថ្ងៃ​៧​ខែមករា​ជា​ថ្ងៃ​ឃាដករ​យួន​បន្ត​សម្លាប់​ខ្មែរ​ជាលើក​ទី​ពីរ»។

ខិត​ប័ណ្ណ​នេះ​បាន​រៀប​រាប់​និង​វាយ​ប្រហារ​យ៉ាង​ខ្លាំងៗ​ទៅ​លើ​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​ទាមទារ​ឲ្យ​ឈប់​គាំទ្រ​របប​ថ្ងៃ​៧​ខែ​មករា​ ដោយ​សារតែ​ថ្ងៃ​៧​ខែមករា​បាន​ធ្វើ​ឲ្យ​ខ្មែរ​ស្លាប់​ជា​បន្តបន្ទាប់​ ដូច​ជា​លោក​ជា​ វិជ្ជា​ សម ប៊ុនធឿន​ និង​សកម្ម​ជន​គណបក្ស​សម រង្ស៊ី​ជា​ដើម។

ខិត​ប័ណ្ណ​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​​ប្រទះ​ឃើញ​នៅ​វេលា​ទៀប​ភ្លឺ​ឈាន​ដល់​ថ្ងៃ​សៅរ៍​នេះ​នៅ​មុខ​វត្ត​បុទម​ ផ្សារ​អូរឫស្សី​ និង​ទល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នាវិមាន​ឯករាជ្យ។

គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រារព្ធ​ខួប​៧​ខែ​មករា​យ៉ាង​អធឹកអធម​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​របស់​ខ្លួន​កណ្តាល​ទី​ក្រុង​ភ្នំ​ពេញ។

លោក​ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដែល​បាន​ផ្ដួល​រំលំ​របប​ប៉ុល​ ពត​ ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​រស់​រាន​មាន​ជី​វិត​ទាន់​ពេល​វេលា​និង​អនាគត​ប្រកប​ទៅ​ដោយ​ក្តី​សង្ឃឹម។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រួម​មាន​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ ដោយ​បាន​ប្រឆាំង​ជំទាស់​ថ្ងៃ​៧​ខែមករា។

ពី​ប្រទេស​បារាំង​ លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង ​បាន​សរសេរ​តាម​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីមែល​មក​ថា ​មាន​តែ​ជន​ក្បត់​ជាតិ​ ឬ​ក៏ពួក​លក់​ខ្លួន​ឲ្យ​ជន​ក្បត់​ជាតិ​ ឬក៏​ការ​ចាញ់​ឃោសនា​ពួក​ជន​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ​ដែល​អបអរសាទរ​ថ្ងៃ​៧​មករា។

លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​សុទ្ធតែ​ជាឆាកល្ខោន​ដែល​យួន​បាន​រៀប​ចំ​ដើម្បី​បន្ត​យោ​បាយ​វាតទី​របស់​គេ។

គណបក្ស​សិទ្ធិមនុស្ស​វិញ​បាន​និយាថា​ថ្ងៃ​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​និង​ថ្ងៃជ័យ​ជំនះ​​៧​ខែកមរា​ឆ្នាំ​១៩៧៩​សុទ្ធ​តែ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ដោយ​គណបក្ស​កុម្មុយ​នីស្ត​វៀត​ណាម ​មក​លើ​គណបក្ស​កុម្មុយនីស្ត​ខ្មែរ​ទាំង​ពីរ​ក្រុម​ដែល​កើត​ចេញ​ពី​កុម្មុយនីស្ត​ ហូជីមីញ​តែ​មួយ។

លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ បច្ចុប្បន្ន​លោក​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​ដោយ​សារ​តែ​ថ្ងៃ​៧​ខែមករា​បាន​ធ្វើ​ឲ្យ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​​បាត់​បង់​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ផែន​ការ​ក៥។

«បាទ ​ខ្ញុំ​ឃើញ​ថា​ ៧​មករា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ បើ​និយាយ​ពី​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មាន​អញ្ចឹង។ ​ទី​១​គឺ​បាត់​បូរណ​ភាព​ទឹក​ដី​ បាត់​អធិបតេយ្យ​ភាព ​ប្រជាពលរដ្ឋ​បាត់​សិទ្ធិ​អំណាច​ ហើយ​ដី​ធ្លី​ ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​យួន​នោះ​គឺ​មាន​​រាប់​សែន​ហិកតា​ទៅ​ហើយ»។

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋា​ភិបាល​ជុំវិញ​ថ្ងៃ៧​ខែមករា។

«និយាយ​បំភ្លៃ​ប្រវត្តិសាស្រ្ត។ ​បើ​គេ​និយាយ​ថ្ងៃ​៧​ខែមករា​ជាថ្ងៃ​របស់​កងទ័ព​វៀតណាម​មក​ឈ្លាន​ពាន​យើង​អាច​និយាយ​បាន​ថា​ នៅ​ពេល​ដែល​កងទ័ព​របស់​សហរដ្ឋ​អាមេរិក​ចូល​ទៅ​ឈ្លាន​ពាន​នៅ​ប្រទេស​អ៊ីរ៉ាក់​ប្រជាជាតិ​អ៊ីរ៉ាក់​ម៉េច​មិននាំ​គ្នា​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិក​ថា​ ជា​អ្នក​ឈ្លាន​ពាន​ដែរ​ទៅ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​សុំ​ការ​ឆ្លើយតប​ តែ​មិន​អាច​សុំ​ទំនាក់​ទំនង​បាន​ទេ​ នៅ​ថ្ងៃ​សៅរ៍​នេះ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ៖ ផលប្រយោជន៍​នៃការ​ជ្រើសរើស​មេដឹកនាំ​ល្អ​ចេញ​ពី​ការបោះឆ្នោត

Posted: 09 Jan 2012 07:53 AM PST

ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​ នៅ​ពេល​ខាង​មុខ​ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជ្រើសរើស​មេដឹកនាំ​ល្អៗ។ បច្ចុប្បន្ន​នេះ​មិន​ដូចជា​ពេល​កន្លង​មក​ ដែល​មេដឹកនាំ​ត្រូវ​គេ​ចាប់ដាក់​ឲ្យ​កាន់​អំណាច​នោះ​ទេ។ នេះ​ជា​ អត្ថាធិប្បាយ​របស់​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ពេល​លោក​ធ្វើ​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍​ទី៥​ខែមករា​ឆ្នាំ២០១២​ ដែល​ពិភាក្សា​អំពី​ប្រធានបទ​ស្តីពី​ផលប្រយោជន៍​នៃ​ការ ជ្រើសរើស​មេដឹកនាំ​ល្អ​ចេញ​ពី​ការបោះឆ្នោត។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៥ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

រថយន្ដ​ម៉ាក​អង្គរ​របស់​កម្ពុជា​​ប្រើ​អាគុយ​នឹង​ឈាន​ចូល​ក្នុង​ទី​ផ្សារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០១២

Posted: 09 Jan 2012 09:49 AM PST

រថយន្ដ​ម៉ាក​អង្គរ​ ដែល​ជា​ប្រភេទ​រថយន្ដ​ប្រើ​អាគុយ​របស់​កម្ពុជា​ជា​លើក​ដំបូង​គ្រោង​នឹង​ឈាន​ចូល​ក្នុង​ទី​ផ្សារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០១២ ​នេះ។ ហើយ​ក្នុង​ពេលនេះ​មាន​ក្រុមហ៊ុន​បស្ចឹម​ប្រទេស​ចំនួន​បួន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​រថយន្ដ​របស់​កម្ពុជា​នេះ។

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា ​ហេង​អភិវឌ្ឍន៍​​ ដែល​ចាប់​ដៃ​គូ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជូលាងអ៊ីន​ធើប្រាយ​ចំកាត់​ (Chau Leong​ Enterprise (group) Co,Ltd)​មក​ពី​ហុងកុង​សម្រាប់​ផលិត​​រថយន្ដ​ម៉ាក​អង្គរ​នេះ​ បាន​អះអាង​ថា ​ខ្លួន​កំពុង​សាង​សង់​រោងចក្រ​ផលិត ​​និង​​ដំឡើង​រថយន្ត​នៅ​ក្នុង​​ខេត្ត​កណ្ដាល។ ​ហើយ​ការ​សាងសង់​រោងចក្រ​នឹង​ត្រូវ​ចប់​សព្វ​គ្រប់​នៅ​ក្នុង​អំឡុង​ខែ​មិនា​ ឬ​ខែ​មេសា។

លោក​ស្រី​ សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​មាន​ប្រសាសន៍​ថា​ រថយន្ដ​ម៉ាក​​អង្គរ​ចំនួន​បួន​ប្រភេទ​នឹង​ចេញ​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

«និយាយ​រួម​រោងចក្រ​ធ្វើ​អស់​ហើយ​ គ្រាន់​តែ​នៅ​ចាប់​ដំឡើង​មក​ផ្សារ​ដំឡើង​ប្រក់​តែ​ប៉ុណ្ណោះ​ទេ។​ ឡាន​គឺ​ថា​ ក្នុង​ខែ​ទី​៦​នៃ​ឆ្នាំ​២០១២​ យើង​ចេញ​៤​ម៉ូ​ឌែល។ ​និយាយ​រួម​ឧបករណ៍​យើង​មាន​ទាំង​អស់។ យើង​មាន​ចាប់​ផ្គុំ​បញ្ចូល។ ​យើង​សព្វ​ថ្ងៃ​កំពុង​តែ​សារ៉េ​គ្រឿង​អាគុយ​និង​កែ​សម្រួល​សំបក​វា​ខាង​ក្រៅ​បន្តិច»។

ថ្វី​បើ​អ្វីៗ​ភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​គម្រោង​ លោកស្រី​សៀង ​ចាន់​ហេង​បាន​ឲ្យ​ដឹង​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​ចំនួន​៤​មក​ពី​​សហ​រដ្ឋ​អាមេរិក ​កាណាដា ​អូស្រ្តាលី​ និង​នូវែសឺឡង់​ បាន​មក​ទាក់​ទង​សម្រាប់​នាំ​ចូល​ផ្តាច់​មុខ​ទៅ​ប្រទេស​ទាំង​នោះ។

ក្រុម​ហ៊ុន​ហេង ​អភិវឌ្ឍន៍​ និង​ក្រុមហ៊ុន​​ជូលាង​អ៊ីនធើ​ប្រាយ​ចំកាត់​ (Chau Leong​ Enterprise (group) Co,Ltd)​ បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ខែ​មិនា​ឆ្នាំ​២០១១​កន្លង​ទៅ​សម្រាប់​ធ្វើ​ការ​វិនិយោគ​រួម​គ្នា ​​ដើម្បី​បង្កើត​​រថយន្ដ​អង្គរ​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ ឬ​ជា​រថយន្ដ​ប្រើ​អាគុយ។​ ហើយ​ការ​វិនិយោគ​នេះ​គ្រោង​នឹង​បង្កើន​ដើម​ទុន​ពី​ចំនួន​២០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដល់​ចំនួន​២០០​លាន​ដុល្លារ​ នៅ​ពេល​ដែល​ការ​ផលិត​មាន​ការ​រីក​ចម្រើន។

រថយន្ដ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ញាន ផល្លឹក​ ដែល​ជា​ពលរដ្ឋ​ខ្មែ​រម្នាក់​បាន​ប្រឹងប្រែង​តស៊ូ​ស្រាវ​ជ្រាវដោយ​ខ្លួន​ឯង​ដើម្បី​ផលិត​រថយន្ត​តាម​ការ​ស្រមៃ​របស់​ខ្លួន។

លោក​ញាន ផល្លឹក​បញ្ជាក់​ថា​ រថយន្ត​ដែល​គ្រោង​នឹង​ផលិត​ចេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែទៀត​នេះ​មាន​ប្រភេទ​រថយន្ត​២​កៅអី​ មាន​ទំហំ​បណ្តោយ​ចាប់​ពី៣,៣​ម៉ែត្រ​ទៅ​៣,៥ម៉ែត្រ​ ទទឹង​ប្រហែល​ជា​១,៦​ម៉ែត្រ​និង​កម្ពស់​ប្រមាណ​ជា​១,៤​ ម៉ែត្រ។

«ខ្ញុំធ្វើ​ទ្វារ​គឺ​បើក​ខាង​លើ​ត្រង់​ ហើយ​យើង​ធ្វើ​ឡាន​៤​ម៉ូឌែល​និង​ធ្វើ​ខុស​គ្នា​ទាំងអស់​ អត់​ដូច​គ្នា​ទេ។ ​ហើយ​ទ្វារ​យើង​ប្រើ​ស្គេន​ក្រយៅ​ដៃ​ បញ្ជេះ​កុងតាក់​ ក៏​យើង​ប្រើ​ក្រយៅ​ដៃ​ដែរ»។

លោក​ញាន ​ផល្លឹក​បាន​សារភាព​ថា​ រោងចក្រ​ដំឡើង​រថយន្ដ​ក្នុង​ស្រុក​មួយ​នេះ​មិន​ទាន់​មានការ​បំពាក់​​ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ ​ដូច្នេះ​ក្រុមហ៊ុន​នឹង​ត្រូវការ​ចាំ​បាច់​ជួល​វិស្វករ​បរទេស។

តាម​គម្រោង​ រោងចក្រ​ផលិត​និង​ដំឡើង​រថយន្ដ​អង្គរ​នេះ​អាច​ស្រូប​យក​កម្លាំង​កម្មករ​ជំហាន​ដំបូង​ប្រមាណ​ជា​៣០០​នាក់​ និង​អាច​ផលិត​រថយន្ដ​ធុន​ ២​កៅ​អី ​៤​កៅអី​បាន​ចំនួន​ពី​៥០០​ទៅ​១០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ​ដោយ​មាន​តម្លៃ​ទាប​បំផុត​ ចន្លោះ​ពី​៥០០០​ដុល្លារ​ទៅ​១០០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។​ ជំហាន​ដំបូង​ក្រុមហ៊ុន​ចម្រុះ​នេះ​នឹង​ផលិត​ត្រឹម​តែ​ប្រភេទ​រថយន្ត​ធុន​​ពីរ​កៅអី​ ដែល​អាច​បើក​បរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី​ ដែល​អាច​បើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថយន្ដ​នេះ​អាច​បើក​បរ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ ​ហើយ​ក្នុង​ករណី​ដែល​រថយន្ដ​ចុះ​ខ្សោយ​ថាមពល​ ឬ​អស់​ថាម​ពល​អាគុយ​ គេ​អាច​​បញ្ចូល​ភ្លើង​អាគុយឡើង​វិញ​ដែល​នឹង​ត្រូវ​ប្រើ​រយ:ពេល​ពី​៣ ​ទៅ​៦​ម៉ោង។

ក៏​ប៉ុន្ដែ​លោក​ញាន​ផល្លឹក​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រើ​ប្រាស់​ដោយថាមពល​អាគុយ​នេះនឹង​ផ្ដល់​ផល​ចំណេញ​ផ្នែក​ថវិកា​ប្រមាណ​ជា​៨០​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​រថយន្ត​ប្រើ​ដោយ​ប្រេង​ឥន្ធនៈ​ ក្នុង​ការ​បើកបរ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ដូច​គ្នា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បញ្ហា​ប្រឈម​មួយ​សម្រាប់​រថយន្ដ​នេះ​គឺ​​ប្រទេស​កម្ពុជា​មាន​បណ្ដាញ​អគ្គិសនី​គ្រប​ដណ្ដប់​នៅ​ទូទាំង​ប្រទេស​ ទើប​តែ​បាន​ប្រមាណ​ជាង​២០​ភាគរយ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​ស្វែង​រក​ការ​បញ្ចូល​ភ្លើង​នៅ​ពេល​ដែល​ថាមពល​អាគុយ​រថយន្ដ​ចុះ​ខ្សោយ​នឹង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​អ្នក​ប្រើប្រាស់។

ក៏​ប៉ុន្តែ​លោក​ញាន ​ផល្លឹក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​បង្កើត​ស្ថានីយ៍​បញ្ចូលភ្លើង​អាគុយ​នៅ​គ្រប់​ទី​កន្លែង​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សាក​បញ្ចូល​ភ្លើង។

ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ត្រូវ​គេ​មើល​ឃើញ​ថា​ តម្លៃ​ប្រេង​ឥន្ធន:​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ និង​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។

នៅ​ប្រទេស​កម្ពុជា​មាន​រថយន្ដ​ចុះ​បញ្ជី​ផ្លូវ​ការ​សរុប​ចំនួន​ជាង​៤០​០០០០ ​គ្រឿង។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ព្រាប ​ច័ន្ទ​វិបុល ​ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន។

លោក​ព្រាប ​ច័ន្ទ​វិបុល​បន្ថែម​ថា​ ក្នុង​ចំណោម​រថយន្ដ​ទាំង​នោះ ​រថយន្ដ​មួយ​ចំនួន​ប្រើ​ថាមពល​​ប្រេង​សាំង​ និង​ថាម​ពល​អាគុយ​ ទើប​នឹង​ចាប់​ផ្ដើម​មាន​ការ​និ​យម ​ក៏ប៉ុន្ដែ​នៅ​មិន​ទាន់​មាន​ប្រភេទ​រថយន្ត​ប្រើប្រាស់​អាគុយ​សុទ្ធ​នៅ​ឡើយ​ទេ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ៖ ការ​អនុវត្ត​នីតិវិធី​ច្បាប់​ចាប់​ឃុំ​ខ្លួន​មនុស្ស​និង​តួនាទី​មេធាវី​នៅ​កម្ពុជា

Posted: 09 Jan 2012 06:49 AM PST

មេធាវី​និង​មន្ត្រីអង្គការ​សិទ្ធិមនុស្ស​បកស្រាយ​អំពី​នីតិវិធី​ចាប់ខ្លួន​ ឃុំខ្លួន​មនុស្ស​និង​តួនាទី​របស់​មេធាវី​ នៅក្នុង​ប្រទេស​កម្ពុជា។ ការបកស្រាយ​នេះ​ធ្វើ​ឡើង​នៅ​ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​មេធាវី​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​មាន​ការចាប់ខ្លួន​ពី​អាជ្ញាធរ​ដោយ​ខុស​ច្បាប់​មួយ​រយៈពេល​ខ្លី​ ព្រោះ​តែ​ភារកិច្ច​ផង ហើយ​និងការ​អះអាង​ពីការ​មាន​កម្រិត​រឿង​និយាយ​ស្តី​ផង។​ លោក ​សុខ សំអឿន នាយក​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ និង​លោក​ចាន់ សាវ៉េត​ជាមន្ត្រី​ស៊ើប អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ជា​វាគ្មិន។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០២ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ៩ មករា ព្រឹក

Posted: 08 Jan 2012 09:28 PM PST

ទីបេត៍៖ សេចក្តី​រាយការណ៍​មក​ពី​ដែនដី​ទីបេត៍​និយាយ​ថា​ព្រះ​សង្ឃ​ទីបេត៍​មួយ​អង្គ​ទៀត​បាន​សុគត​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​ពី​បាន​ដុត​ខ្លួន​ឯង​នៅ​ក្នុង​ស្រុកដារីនៃ​តំបន់​​អាំដូ។ របាយការណ៍​ទាំង​នេះ​ឲ្យដឹង​ថា​នៅ​មុន​ពេលឡាម៉ា សូប៉ាទុលគុដុត​ខ្លួន​ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា​ព្រះ​អង្គ​ធ្វើ​ដូច្នេះ​ដើម្បី​រំឮក​ដល់​ជនជាតិ​ទីបេត៍​ទាំង​អស់​ដែល​បាន​ស្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មកដើម្បី​សេរីភាព​នៃ​ដែនដី​ទីបេត៍​និង​ការ​វិល​ត្រទ្បប់​មក​វិញ​នៃ​សម្តេចដាឡៃ ឡាម៉ា​ មេដឹកនាំ​សាសនា​ទី​បេត៍​ដែល​បាន​រត់​ភៀស​ព្រះ​អង្គ​ទៅ​​ឥណ្ឌា ​នៅ​ពេល​មាន​ការ​បះបោរបរាជ័យ​កាល​ពី​ឆ្នាំ​១៩៥៩​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន។

អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ម៉ាមូដ អាម៉ាឌីននេចាដ បាន​ចេញ​ដំណើរ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំពេញ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​ក្នុង​ទ្វីប​អាមេរិក​ទ្បាទីន​ ដែល​ពួក​មន្ត្រី​​អាមេរិក​បាន​ហៅ​ថា​ជា​សញ្ញា​មួយ​នៃ​ការ​អស់​សង្ឃឹម​សម្រាប់​ប្រទេស​នេះ​ដែល​បាន​ទទួល​ការដាក់​ទ័ណ្ឌកម្ម​ធ្ងន់ធ្ងរ​ដោយសារ​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស់​របស់​ផង​ខ្លួន។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!