VOA News: ព័ត៌មាន: “អង្គការសង្គមស៊ីវិលស្វាគមន៍ដំណើរឆ្ពោះទៅរកការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ” plus 3 more |
- អង្គការសង្គមស៊ីវិលស្វាគមន៍ដំណើរឆ្ពោះទៅរកការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ
- អ្នកតំណាងប្រទេសអនុតំបន់ទន្លេមេគង្គឲ្យពង្រឹងការផ្តន្ទាទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស
- ព័ត៌មានអន្តរជាតិវីអូអេ ១៣ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១៣ មករា ព្រឹក
អង្គការសង្គមស៊ីវិលស្វាគមន៍ដំណើរឆ្ពោះទៅរកការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ Posted: 13 Jan 2012 11:51 AM PST ក្រុមអង្គការសង្គមស៊ីវិល ដែលបានតាមដានដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម នៅថ្ងៃសុក្រនេះ បានស្វាគមន៍ចំពោះការបង្ហាញបច្ចុប្បន្នភាពដ៏តិចតួចរបស់រដ្ឋាភិបាលទាក់ទងទៅនឹងដំណើរឆ្ពោះទៅរកការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិលោក Laurant Kasper-Ansermet។ សេចក្តីថ្លែងស្វាគមន៍ ដែលធ្វើឡើងដំណាលគ្នានឹងប្រភពជាច្រើន បានអះអាងថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបានបើកកិច្ចប្រជុំមួយនៅថ្ងៃល្ងាចថ្ងៃសុក្រទាក់ទងទៅនឹងការតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស្វ៊ីសនេះ។ ក៏ប៉ុន្តែពុំមានប្រភពផ្លូវការណាមួយផ្តល់ព័ត៌មានលម្អិតអំពីរឿងនេះឡើយ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការតែងតាំងលោក Laurant Kasper-Ansermet កំពុងតែឋិតនៅក្នុងសមត្ថកិច្ចនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ហើយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនឹងពិចារណាទៅតាមផ្លូវច្បាប់មុននឹងធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការទាក់ទងគ្នាដោយផ្ទាល់មាត់ និងដោយលាយលក្ខណ៍អក្សរអំពីសំណុំរឿងនេះនៅក្នុងចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១១។ លោកឡុង បញ្ញាវុធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជាដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក បានថ្លែងអបអរសាទរការបង្ហាញព័ត៌មានបែបនេះ។ ក៏ប៉ុន្តែលោកបានព្រលយទុកជាមុនថា ការទាត់ចោលមិនតែងតាំងសហចៅក្រមរូបនេះនឹងបង្ហាញកាន់តែច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលចំពោះសំណុំរឿង០០៣ និងសំណុំរឿង០០៤។ «អរគុណដែលរដ្ឋាភិបាល ជាពិសេសខាងអង្គភាពប្រតិកម្មរហ័ស បានបង្ហាញនូវភាពទំនាក់ទំនងគ្នា ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះមានភាពយឺតយ៉ាវមែនទែនក្នុងការតែងតាំង ហើយការយឺតយ៉ាវនៅក្នុងការតែងតាំង ឬមួយក៏ការជំទាស់ក្នុងការតែងតាំងនេះ កាន់តែបង្ហាញឲ្យឃើញច្បាស់ទៀតអំពីជំហរនៅក្នុងការកិច្ចសហការ»។ លោក Laurant Kasper-Ansermet ត្រូវបញ្ជូនឈ្មោះដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន់ គីមូន (Ban Ki-moon) ដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតអន្តរជាតិសញ្ជាតិអាល្លឺម៉ង់លោក ស៊ីកហ្វ្រ៊ីដ ប៊្លុង្គ (Siegfried Blunk) ដែលបានលាឈប់ពីការងារបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយភាគីកម្ពុជានៅក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤។ សំណុំរឿងទាំងពីរនេះត្រូវរដ្ឋាភិបាលប្រទេសកម្ពុជាជំទាស់។ នៅក្នុងសប្តាហ៍នេះ អ្នកនាំពាក្យអគ្គលេខាអង្គការសហប្រជាជាតិបានសម្តែងកង្វល់ចំពោះការយឺតយ៉ាវនៅក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មី។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឲ្យមានការតែងតាំងលោក Laurant Kasper-Ansermet ជាបន្ទាន់។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលនេះ បាននិយាយនៅថ្ងៃសុក្រនេះថា ការអូសបន្លាយពេលវេលាណាមួយនៅក្នុងការតែងតាំងអាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ «លោក Blunk គាត់បានលាលែងពីតំណែង ហើយក្នុងការលាលែងហ្នឹងក៏បានចោទប្រកាន់ថា មានការរារាំងមិនឲ្យលោកបំពេញតួនាទីរបស់លោកក្នុងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ ហើយអញ្ចឹងការបន្តការយឺតយ៉ាវនេះបង្ហាញថា ករណី០០៣ និង០០៤ហ្នឹង ប្រហែលជាយុទ្ធសាស្ត្របញ្ចប់ករណីហ្នឹងតែម្តង»។ ទោះជាយ៉ាងណា ទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ បានទាត់ចោលនូវការវាយតម្លៃស្តីពីចេតនារបស់រដ្ឋាភិបាលនៅក្នុងការអូសបន្លាយការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីនេះ។ លោកឯក ថា អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីជំហររបស់រាជដ្ឋាភិបាល។ «រាជរដ្ឋាភិបាលគ្មានបំណងណាមួយក្នុងការរាំងខ្ទប់ ឬពន្យារពេលដំណើរការនេះទេ»។ សំណុំរឿង០០៣ និងសំណុំរឿង០០៤ ដែលឋិតនៅក្នុងស្នូលបញ្ហានៃការលាលែង និងការជំនួសសហចៅក្រមស៊ើបអង្កេតមានជនជាប់សង្ស័យចំនួនប្រាំនាក់៕ This posting includes an audio/video/photo media file: Download Now |
អ្នកតំណាងប្រទេសអនុតំបន់ទន្លេមេគង្គឲ្យពង្រឹងការផ្តន្ទាទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស Posted: 13 Jan 2012 09:37 AM PST នៅថ្ងៃសុក្រនេះ អ្នកតំណាងប្រមាណ៥០នាក់មកពីបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលជំរុញការប្រើជំនួយផ្នែកច្បាប់ជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងការផ្តន្ទាទោសឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងកាត់ព្រំដែន។ អនុសាសន៍នេះបានធើ្វឡើងស្របពេលដែលបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គគឺមានប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម កំពុងតែប្រឈមនឹងការជួញដូរស្រ្តី និងកុមារច្រើនរាប់រយពាន់នាក់ក្នុងមួយឆ្នាំៗ ដែលត្រូវគេជួញដូរសម្រាប់គោលដៅបម្រើផ្លូវភេទ និងពលកម្ម។ អនុសាសន៍ទាំងនេះរួមមាននីតិវិធីពង្រឹងការអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការក្រៅផ្លូវការរវាងនគរបាលក្នុងតំបន់ ចៅក្រម និងព្រះរាជអាជ្ញា ដែលត្រូវយល់ដឹងពីការវិវត្តក្នុងការប្រើជំនួយផ្នែកច្បាប់សម្រាប់ជួយគ្នាទៅវិញទៅមក ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជនជួញដូរមនុស្ស ហើយភ្នាក់ងារអនុវត្តន៍ច្បាប់ និងភ្នាក់ងារជួយជនរងគ្រោះត្រូវការពារផលប្រយោជន៍របស់ជនរងគ្រោះ។ លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អនុសាសន៍នេះគឺជាប្រភពដ៏សំខាន់មួយនៃការណែនាំ និងអំណាចសម្រាប់ធើ្វការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ «យើងទាំងអស់គ្នាបានចូលរួមនៅក្នុងការបង្កើតឲ្យមានអនុសាសន៍សំខាន់ៗដែលត្រូវបានយល់ព្រមដោយគណៈប្រតិភូទាំងអស់គ្នានៅថ្ងៃរសៀលនេះ។ អនុសាសន៍សំខាន់ៗទាំងនេះគ្របដណ្តប់ផ្នែកសំខាន់បី៖ ទី១ កិច្ចសហប្រតិបតិ្តការក្រៅផ្លូវការរវាងនគរបាល និងនគរបាលនៃបណ្តាប្រទេសទាំងប្រាំមួយនៅក្នុងមហាអនុតំបន់មេគង្គ។ ទី២ កិច្ចសហប្រតិបតិ្តការផ្លូវការផ្នែកច្បាប់ ជាពិសេសស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមក រួមទាំងការធើ្វបត្យាប័នផងដែរ។ ទី៣ កិច្ចសហប្រតិបត្តិការទាក់ទងនឹងទីភ្នាក់ងារយុត្តិធម៌ព្រហ្មទណ្ឌ និងទីភ្នាក់ងារជួយជនរងគ្រោះក្នុងករណីជួញដូរមនុស្ស»។ លោក Douglas Broderick អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងនៅក្នុងការបិទសិក្ខាសាលាថា អនុសាសន៍ទាំងនេះគឺជាកម្លាំងដ៏ខ្លាំងប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដែលតម្រូវឲ្យមានការឆ្លើយតបដោយការផ្តន្ទាទោសជាទម្ងន់។ «ការវិវត្តនៅក្នុងការឆ្លើយតបនឹងយុត្តិធម៌ព្រហ្មទណ្ឌចំពោះការជួញដូរមនុស្សគឺពិតជាមានសារៈសំខាន់។ អស់លោកកំពុងធ្វើការរួមគ្នាដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែប្រសើរ ដែលជាការចាំបាច់លុបបំបាត់ឧក្រិដ្ឋកម្មដ៏រន្ធត់នេះ»។ លោកស្រី សាន អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងបិទសិក្ខាសាលានេះថា អស់លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងប្រទេសរបស់អស់លោក និងក្នុងតំបន់។ លោកស្រីបានលើកឡើងថា បើអនុសាសន៍ទាំងនេះត្រូវបានគាំទ្រ អស់លោកនឹងមានតួនាទីដ៏ធំមួយក្នុងការអនុវត្តអនុសាសន៍ទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្តែង។ ខ្លឹមសារនៃអនុសាសន៍ទាំងនេះនឹងត្រូវដាក់ជូនក្រុមមេដឹកនាំនៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គដើម្បីសុំការយល់ព្រម៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៣ មករា យប់ Posted: 13 Jan 2012 07:18 AM PST ភូមា៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរនៃប្រទេសភូមាបានដោះលែងពួកអ្នកទោសនយោ បាយសំខាន់ៗមួយចំនួន ដែលជាអ្វីដែលមនុស្សជាច្រើននិយាយថាអាចជាការដោះលែងអ្នកទោសដ៏សំខាន់បំផុតរបស់ប្រទេសនេះ ក្នុងកំឡុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ពួកអ្នកកាសែត ពួកមេដឹកនាំសាសនា និងអតីតនាយករដ្ឋមន្ត្រីម្នាក់គឺឋិតនៅក្នុងចំណោមពួកអ្នកទោសចំនួន៦៥១នាក់ដែលបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារជាបណ្តើរៗហើយនៅទូទាំងប្រទេសភូមានៅថ្ងៃសុក្រនេះ។ ស.រ.អា៖ ស.រ.អា.បានថ្កោលទោសវីដេអូមួយដែលហាក់ដូចជាបង្ហាញពីពួកទាហានជើងទឹកស.រ.អា.បាននោមទៅលើសាកសពនៃពួកយុទ្ធជនតាលីបង់ជាច្រើននាក់។ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក លេអុន ផានេត្តា(Leon Panetta)រដ្ឋមន្ត្រីការពារប្រ ទេសស.រ.អា.បានមានប្រសាសន៍ថាវីដេអូនេះជា"ការគួរឱ្យសោកស្តាយមែនទែន"។ លោកបានសន្យាថាពួកជនដែលបានប្រព្រឹត្តអំពើនេះនឹងត្រូវបានឱ្យទទួលខុសត្រូវយ៉ាងពេញលេញ។ ជប៉ុន៖ នៅថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថារដ្ឋាភិបាលក្រុងតូក្យូមិនទាន់បានសម្រេចចិត្តនៅទ្បើយទេ ថាតើនឹងកាត់បន្ថយការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ដើម្បីគាំទ្រដល់ការដាក់ទណ្ឌកម្មរបស់ស.រ.អា.ប្រឆាំងនឹងកម្មវិធីអាវុធបរមាណូរបស់ប្រទេសអ៊ីរ៉ង់ឬយ៉ាងណានោះទេ។ ស.រ.អា៖ កាសែត ឌឹ នូវយក ថាម (The New York Times) បានដកស្រង់ពាក្យសំដីពួកមន្ត្រីស.រ.អា.ដែលមិនត្រូវបានបញ្ចេញឈ្មោះ ដែលបាននិយាយថារដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន (Washington) បានបញ្ជូនសារមួយទៅឱ្យលោក អាយ៉ាតូឡា ខាមេណី (Ayatollah Khamenei) មេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ ថាការបិទច្រកសមុទ្រ ហូមុស្ស (Hormuz) ជាការបង្ករឿងដែលនាំឱ្យមានការតបតមួយពីស.រ.អា.។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៣ មករា ព្រឹក Posted: 12 Jan 2012 08:04 PM PST សហរដ្ឋអាមេរិក៖ លោករដ្ឋមន្រ្តីមការពារប្រទេសសហរដ្ឋអាមេរិក លីអន ផានីតា បានផ្តន្ទាទោសខ្សែវីដេអូដែលហាក់ដូចជាបង្ហាញថាទាហានម៉ារ៉ីនអាមេរិកាំងមានឯកសណ្ឋានបាននោមដាក់សពពួកយុទ្ធជនតាលីបាន។ លោកផានីតាបានបញ្ជាឲ្យកងម៉ារ៉ីនអាមេរិក និងមេបញ្ជាការកងកម្លាំងសន្តិសុខ អូតង់ នៅអាហ្វហ្គានីស្ថានធ្វើការស៊ើបអង្កេតខ្សែវីដេអូនេះ។ ភូមា៖ កាលពីថ្ងៃព្រហស្បតិរដ្ឋាភិបាល ភូមា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមឧទ្ទាម ជាតិពន្ធុភាគតិចការិន នៅក្រុងផាអាន ដែលជាចំណាត់ការមួយឆ្ពោះទៅរកការបញ្ចប់ការបះបោរដ៏យូរបំផុតមួយក្នុងពិភពលោក ហើយធ្វើឲ្យស្របតាមលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់ធ្វើឲ្យទំនាក់ទំនងជាមួយបស្ចឹមប្រទេសបានប្រសើរឡើង។ អាហ្វហ្គានីស្ថាន៖ ពួកតាលីបាននិយាយថា សាខានយោបាយរបស់ខ្លួនបានត្រៀមខ្លួនជាស្រេចហើយដើម្បីចូលចរចាអំពីសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន តែមិនព្រមលះបង់ការតស៊ូរបស់ខ្លួនដោយគ្រឿងអាវុធប្រឆាំងនឹងកងកម្លាំងអន្តរជាតិទេ។ ស៊ីរី៖ លោក មូសេប អាហ្សាវី នៃអង្គការអង្កេតសិទ្ធមនុស្សស៊ីរីនៅអង់គ្លេស បានប្រាប់ វីអូអេថា អ្នកសង្កេតការណ៍ ១១ នាក់ រំពឹងថានឹងចេញពីប្រទេស ស៊ីរី នៅពេលឆាប់ៗនេះដើម្បីតវ៉ាប្រឆាំងនឹងការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលទៅលើការបះបោរ ១០ ខែ របស់ក្រុមប្រឆាំង។ ប៉ាគីស្ថាន៖ មន្រ្តីប៉ាគិស្ថាននិយាយថា ការវាយប្រហារមួយដោយយន្តហោះឥតអ្នកបើកបានសម្លាប់មនុស្ស៤នាក់ដែលគេសង្ស័យថាជាជនសកម្មប្រយុទ្ធ នៅភាគពាយ័ព្យនៃប្រទេសនៅជិតព្រំដែនអាហ្វហ្គានីស្ថាន។ សូម៉ាលី៖ គណកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)បានបញ្ឈប់ជំនួយទៅឲ្យជនជាតិ សូម៉ាលី (Somali) ចំនួន ១ លាន ១ សែន នាក់ ពីព្រោះតែអាជ្ញាធរក្នុងតំបន់ ដែលមានទំនាក់ទំនងជាមួយពួក អាល សាបាប (al-Shabab) បានរារាំងជំនួយទៅឲ្យតំបន់ ភាគកណ្តាលនិងខាងត្បូងនៃប្រទេស។ នីហ្សីរីយ៉ា៖ សហជីពកម្មករប្រេងដ៏ធំមួយក្នុងប្រទេសនីហ្សីរីយ៉ា និយាយថា ខ្លួននឹងធ្វើកូដកម្មចាប់ពីថ្ងៃអាទិត្យនេះទៅ បើសិនជាប្រទេសផលិតប្រេងដ៏ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រីកមួយនេះ មិនចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់ជំនួយដល់អតិថិជនប្រេងជាថ្មីឡើងវិញទេ។ កែនយ៉ា៖ ប៉ូលីសនៅកែនយ៉ាភាគឦសាននិយាយថា ការវាយប្រហារមួយនៅក្បែរព្រំដែនជាមួយសូម៉ាលីបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ រួមមានភ្នាក់ងារប៉ូលិស៤ នាក់ក្នុងនោះ ហើយមានមនុស្សយ៉ាងតិច១៣នាក់បាត់ខ្លួននៅក្រោយការវាយប្រហារនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |