VOA News: ព័ត៌មាន: “មន្ត្រី​ចារកិច្ច​កំពូល​ម្នាក់​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​មរណភាព” plus 5 more

VOA News: ព័ត៌មាន: “មន្ត្រី​ចារកិច្ច​កំពូល​ម្នាក់​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​មរណភាព” plus 5 more


មន្ត្រី​ចារកិច្ច​កំពូល​ម្នាក់​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​មរណភាព

Posted: 11 Jan 2012 12:57 PM PST

នាយក​កិច្ចការ​ចារកិច្ច​គឺ​ឧត្តមសេនីយ៍​ឯក​ ម៉ុល រឿប ​បាន​ទទួល​មរណភាព​នៅថ្ងៃ​ពុធ​នេះដោយ​សារ​ជំងឺ។

លោក​ម៉ុល រឿប​ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ បាន​ទទួល​ ភារកិច្ច​ជា​នាយក​ទីចាត់ការ​ចារកិច្ច​យោធា​តាំងពី​ឆ្នាំ​១៩៩៧​ បន្ថែម​ពី​លើ​មុខ​នាទី ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។​ លោក​មុល រឿប​ត្រូវគេ ​អះអាង​ឲ្យដឹង​ថា​ មាន​ជំងឺ​ថ្លើម​ ទឹកនោមផ្អែម​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

លោក​​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន ថ្លែង​ថា​ លោក​ឧត្តមសេនីយ៍​ម៉ុល រឿប​ អាយុ៦០​ឆ្នាំ​ បានស្លាប់​ដោយ​សារ​ជំងឺរ៉ាំរ៉ៃ​របស់​លោក។​ លោក​បាន​អះអាង​ថា​ មរណភាព​របស់​លោក​ម៉ុល រឿប​ជាការ បាត់បង់​អ្នក​តស៊ូ​ម្នាក់​ដែល​អង់អាច​ និង​ធ្លាប់​តស៊ូ​ដើម្បី​ប្រទេស​ជាតិ។

«នេះជា​ការ​បាត់បង់មួយ​ដ៏ធំធេង​ ដែល​កង​យោធពល​ខេមរភូមិន្ទ​យើង​មាន​ការ​សោកស្តាយ​ជា​ពន់ពេក»។

ក្រុមមន្ត្រី​យោធា​កំពូលៗ​នឹងធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃស្អែក​នៅ​កន្លែង​​តម្កល់​សព​ក្នុង​នាយកដ្ឋាន​ចារកិច្ច​ ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​ប្រទេស​អនុតំបន់​ទន្លេ​មេគង្គ​រក​មធ្យោបាយ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស

Posted: 11 Jan 2012 08:28 AM PST

បណ្តា​ប្រទេស​នៅ​ក្នុង​អនុតំបន់​ទន្លេមេគង្គ​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ពុធ​នេះ​ដើម្បី​រិះរក​មធ្យោបាយ​ឲ្យកាន់​តែ​មាន​ប្រសិទិ្ធ​ភាព ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរជាតិ​លើ​ការ​ស៊ើប​អង្កេត ​និង​ការ​ផ្តន្ទាទោស​ពួក​ជួញដូរ​មនុស្ស។

អ្នក​ចូលរួម​ចំនួន​៤៥​នាក់​មក​ពី​ប្រទេស​ចំនួន​ប្រាំមួយ​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ​ រួមមាន​ប្រទេស​កម្ពុជា ​ប្រទេស​ចិន​ ប្រទេស​ឡាវ​ ប្រទេស​ភូមា​ ប្រទេស​ថៃ​​ និង​ប្រទេស​វៀតណាម​ បាន​ចាប់​ផ្តើម​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​បី​ នៅ​ក្នុង​សិក្ខា​សាលា​រយៈពេល​បី​ថ្ងៃ ​គឺ​កិច្ច​សហ​ប្រតិបតិ្តការ​ក្រៅ​ផ្លូវការ​រវាង​នគរបាល​នៃ​ប្រទេស​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ​ កិច្ច​​សហ​ប្រតិបតិ្តការ​ផ្លូវការ​លើ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​ និង​តួនាទី​របស់​ទីភ្នាក់ងារ​ជួយ​គាំពារ​ជន​រងគ្រោះ។

លោកស្រី​ Lisa Rende Taylor ​ប្រធាន​ទីប្រឹក្សា​បចេ្ចកទេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ UNIAP ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ នៅ​ក្នុង​ពេល​សម្រាក​ពិសា​កាហ្វេ​ថា​ តាម​ការ​ប៉ាន់ស្មាន​ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​២០០០០​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​តួលេខ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់។

លោកស្រី​ Lisa Rende Taylor​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ទម្រង់​ច្រើន​យ៉ាង​ណាស់។​ ដូច្នេះ​ វា​ពិបាក​ មិនអាច​គូរ​ទម្រង់​តាម​តែ​វិធី​មួយ​ប៉ុណ្ណោះ​ទេ។​ មាន​ករណី​ជួញដូរ​ផ្លូវភេទ​ជា​ច្រើន​ ព្រមទាំង​មាន​ករណី​ជួញដូរ​ពលកម្ម​ជា​ច្រើន»។

ការ​សិក្សា​របស់​អង្គការ​សហ​ប្រជាជាតិ​ UNIAP​ ក្នុង​ឆ្នាំ​២០០៨​ ឆ្នាំ​២០០៩​ និង​២០១០​បាន​រក​ឃើញ​ថា​ មាន​ការ​ជួញដូរ​មនុស្ស​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​ច្រើន​រាប់រយ​ពាន់​នាក់​ ដើម្បី​ស្វែង​រក​ការងារ​ធើ្វ។

លោកស្រី​ Lisa Rende Taylor​ បាន​លើកឡើង​ថា​ ប្រជាពលរដ្ឋ​ខែ្មរ​ទាំង​នេះ​អាច​នឹង​ត្រូវ​គេ​ជួញ​ដូរ​ និង​ធើ្វ​អាជីវកម្ម​ដោយ​ងាយ​ស្រួល។

លោក​អង្គ ​វង្សវឌ្ឍានា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ បាន​ថែ្លង​បើក​សិក្ខា​សាលា​នេះ​ថា ​ការ​ឆ្លើយ​តប​ថ្នាក់​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​គឺ​ជា​ជម្រើស​ដ៏​មាន​ប្រសិទិ្ធភាព​យ៉ាង​ពិត​ប្រាកដ។

«ផែនការ​សកម្មភាព​អនុតំបន់​ទី​៣ ​ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១១​ រហូត​ដល់​ឆ្នាំ​២០១៣​ ទាមទារ​ឲ្យ​រដ្ឋ​ជា​សមាជិក​កំណត់​អំពី​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ឆ្លើយតប​ នា​ពេល​បច្ចុប្បន្ន​ ចំពោះ​ការ​ជួញដូរ​មនុស្ស​ក្នុង​មហា​អនុតំបន់​ និង​ចាត់​វិធានការ​ដោះស្រាយ​ភាព​ខ្វះ​ចន្លោះ​ទាំង​នោះ​ឲ្យ​បាន​ប្រសិទិ្ធភាព។​ សិក្ខា​សាលា​នា​ពេល​នេះ​គឺ​ជា​ឧបករណ៍​មួយ​ក្នុង​ជំហាន ​ដែល​កំពុង​អនុវត្ត​ដើម្បី​​កំណត់​ការវិវត្ត​ ដែល​បាន​ធ្វើ​កន្លង​មក​ក្នុង​កិច្ច​សហ​ប្រតិបតិ្តការ​ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​កំណត់​វិស័យ​ដែល​គួរ​ពង្រឹង​បន្ថែម»។

លោក​ឧត្តមសេនីយ៍​ទោ ​ជីវ​ ផល្លី​​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ​បាន​ថែ្លង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រៅ​កិច្ចប្រជុំ​ថា​ ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ធើ្វ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​មាន​សភាព​ស្ងាត់​ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​នៅ​តែ​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ករណី​ជួញដូរ​មនុស្ស​នេះ។

«សិក្ខា​សាលា​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​កិច្ច​សហ​ប្រតិបតិ្តការ​អន្តរ​ជាតិ​ទាក់ទិន​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ ​ហើយ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទង​ទៅ​នឹង​ការ​ជួយ​ជន​រងគ្រោះ​ និង​ការ​ផ្តន្ទាទោស​ជន​ល្មើស។​ យើង​មិន​ចង់​ឲ្យ​មាន​និទណ្ឌភាព​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ​ទេ»។

ពលករ​ខ្មែរ​ជាង​៦០​នាក់​ ដែល​ត្រូវ​បាន​ជួញ​ដូរ​ឲ្យ​ទៅ​ធើ្វ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១១ ​បន្ទាប់​ពី​បាន​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី៕

This posting includes an audio/video/photo media file: Download Now

នួន​ ជាទទួល​ស្គាល់​គោល​នយោបាយ​ខ្លះ​ តែ​នៅ​តែ​ទាមទារ​ឯកសារ​ដើម

Posted: 11 Jan 2012 07:40 AM PST

នួន ​ជា​ អតីត​បង​ធំ​ទី​ពីរ​​នៃ​របប​ខ្មែរក្រហម​បាន​សារភាព​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ខ្មែរក្រហម​បាន​បង្កើត​កង​សន្ដិសុខ​ពិសេស​ដែល​សុទ្ធសឹង​តែ​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ​សម្រាប់​ការពារ​ពួក​កម្មាភិបាល​នៅ​ក្នុង​ពេល​កំពុង​តស៊ូ​ប្រដាប់​អាវុធ​នៅ​ក្នុង​ព្រៃ។

នួន ​ជា​បាន​លើកឡើង​យ៉ាង​ដូច្នេះ ​នៅ​ពេល​ដែល​សហ​ព្រះរាជ​អាជ្ញារង​អាមេរិក​កាំង ​លោក​ដែល ​លីហ្ស៊ាក់ ​(Dale Lysak) ​បាន​ចោទ​សួរ​ដេញ​ដោល​ពី​មូលហេតុ​នៃ​ការ​ជ្រើសរើស​កុមារ​ឲ្យ​ធ្វើ​ជា​អ្នក​ការពារ​ផ្នែក​សន្ដិសុខ​ និង​ការ​កកើត​នៃ​ចលនា​ប្រដាប់​អាវុធ។ ​ក៏ប៉ុន្ដែ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​អាយុ​៨៥​ឆ្នាំ ​រូប​នេះ​ បាន​បដិសេធ​ថា​ ពួក​កុមារ​ទាំង​នេះ​មិនមែន​ជា​ក្រប​ខ័ណ្ឌ​យោធា​នោះ​ទេ។

«ជា​កង​ការពារ​កម្មាភិបាល​ពី​ដើម​ ជា​កង​សម្រាប់​ជូន​កម្មាភិបាល​ដើរ​ធ្វើ​ការងារ​ គ្មាន​អាវុធ​អីៗ​ទេ។​ ដូច្នោះ​មិនមែន​កង​យោធា​នោះ​ទេ។ ​កុមារ​ក្មេង​អស់​នេះ ​វា​ឃ្វាល​គោ​ផង​ ហើយ​វា​ជួយ​មើល​កម្មាភិបាល​ផង។ ​ជា​កូនចៅ​របស់​គេ ​បង​ប្អូន​របស់​គេ។ ​គេ​ការពារ​បង​ប្អូន​គេ។​ បើ​តាម​ខ្ញុំ​ចាំ ​អាយុ​ពី​១៤ ​១៥​ឆ្នាំ»។

អង្គុយ​នៅ​លើ​រទេះ​រុញ​ នួន​ ជា​ ដែល​បាក់​ធ្មេញ​ស្ទើរ​តែ​គ្មាន​សល់​មួយ​គ្រាប់​បាន​បង្ហាញ​ការ​ខឹង​ច្រឡោត​ចំពោះ​ការ​ចោទ​សួរ​របស់​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំង​ម្ដងៗ ​រួមទាំង​ធ្វើ​ការ​វាយ​បក​ទៅ​លើ​សហ​ព្រះរាជ​អាជ្ញា​ដដែល​នេះ​ថា ​សហ​ព្រះរាជ​អាជ្ញារង​មិន​ដែល​ស្គាល់​អ្នក​ក្រ។

នួន ​ជា​បាន​បដិសេធ​មិន​ផ្ដល់​ចម្លើយ​ទៅ​លើ​ឯកសារ​ជា​ច្រើន​ ហើយ​បាន​ធ្វើ​ការ​ទាមទារ​សារ​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​សហព្រះរាជ​អាជ្ញា​ផ្ដល់​នូវ​ឯកសារ​ដើម​ជូន​គាត់។

យោង​តាម​លោក​ Dale Lysak​ នៅ​ឆ្នាំ​១៩៦៦​ ពួក​ខ្មែរក្រហម​បាន​លើក​ទិស​ដៅ​មួយ​ថា ​ត្រូវ​តែ​កម្ទេច​ និង​ផ្ដួល​រំលំ​«ពួក​ចក្រព័ត្តិ​អាមេរិក» ​និង​វណ្ណៈ​ជិះជាន់​ទាំង​អស់ ​ហើយ​មាន​តែ​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ ​និង​គោល​ការណ៍​នយោបាយ​ទេ ​ទើប​សម្រេច​គោល​ការណ៍​នេះ​បាន។

ក៏ប៉ុន្ដែ​នួន ​ជា​បាន​បដិសេធ​ដោយ​និយាយ​ថា​ ពួក​ខ្មែរក្រហម​មាន​គោល​ការណ៍​តស៊ូ​ធ្វើ​នយោបាយ​ច្រើន​ជាង​ការ​តស៊ូ​តាម​ប្រដាប់​អាវុធ។ ​នួន ​ជា​ក៏​បាន​បដិសេធ​ផងដែរ​គឺមិនព្រម​ផ្ដល់​ចម្លើយ​ថា ​តើ​អ្នកណា​ជា​អ្នក​សម្រេច​ជ្រើសរើស​កង​សន្ដិសុខ​កុមារ​ទេ​ ហើយ​បាន​បដិសេធ​មិន​ព្រម​បង្ហាញ​គោល​នយោបាយ​ខ្មែរក្រហម​នៅ​ក្នុង​ការ​កំណត់​គោលដៅ​សត្រូវ​របស់​បក្ស​កុម្មុយនិស្ដ​របស់​ពួក​ខ្មែរក្រហម​ទេ។ ​ក៏ប៉ុន្ដែ​នួន ​ជា​បាន​បង្ហើប​ថា​ អ្នក​ដែល​រំខាន​កិច្ចការ​ផ្ទៃក្នុង​នៃ​ចលនា​តស៊ូ ​និង​អ្នក​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​បាន​ផ្ដល់​ដំណឹង​ដល់​ការ​ទម្លាក់​គ្រាប់បែក​បេ​៥២ [B-52]​​គឺ​ជា​សត្រូវ​របស់​ខ្មែរក្រហម។

សូម​បញ្ជាក់​ថា ​នួន ​ជា​គឺ​ជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់​នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​បី​នាក់​​នៅ​ក្នុង​សំណុំរឿង​០០២​ ដែល​ត្រូវ​បាន​នាំយក​មក​កាត់​ទោស​ ហើយ​ត្រូវ​សួរ​ដេញដោល​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ។ ​ដោយ​ឡែក ​លោកក្លាន ​ហ្វ៊ីត ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មក​ពី​ខេត្ត​រតនគីរី ​បាន​បញ្ចប់​ការ​ផ្ដល់​សក្ខីកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ៕

This posting includes an audio/video/photo media file: Download Now

អតីត​អ្នក​រស់នៅ​បុរីកីឡា​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ

Posted: 11 Jan 2012 09:01 AM PST

ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​នាក់ ​អតីត​អ្នក​រស់នៅ​តំបន់​បុរីកីឡា ​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ឈាន​ដល់​ថ្ងៃ​ទី​២​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន​ផ្តល់​ទីជម្រក​ដល់​ពួក​គេ​ឡើងវិញ ​និង​ដោះលែង​អ្នក​ភូមិ​ចំនួន​ប្រាំបី​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង ​ឲ្យ​មាន​សេរីភាព។

ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​អគារ​សាលាក្រុង​ភ្នំពេញ ​ដោយ​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង ​និង​កាន់​បដា​ជា​ច្រើន​ផ្ទាំង។ ​ក្រុម​អ្នក​តវ៉ា​ និង​អាជ្ញាធរ​ប៉ូលិស​បាន​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​សារ​ជា​ថ្មី​ម្តង​ទៀត ​ដោយសារ​តែ​អាជ្ញាធរ​ប៉ូលិស​បាន​ព្យាយាម​រុញ​ច្រាន​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា។ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រុក​បាន​ប្រឆាំង​ជំទាស់។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​​យ៉ាង​តិច​មាន​ក្រុមបាតុករ​ម្នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​ ក៏ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​រង​របួស​ទេ។

អ្នកស្រី​ខៀវ​ ឡៃ ​អាយុ​៤៨​ឆ្នាំ​ ដែល​បាន​ដឹង​ខ្លួន​ឡើង​វិញ​ក្រោយ​ពី​បាន​ដួល​សន្លប់​នោះ​ បាន​និយាយ​ថា​ អ្នកស្រី​ត្រូវ​បាន​កម្លាំង​ប៉ូលិស​រុញច្រាន​ពេញ​ទំហឹង​ រហូត​ដល់​អ្នកស្រី​បាន​ដួល​លើ​ថ្នល់​កៅស៊ូ​ជាមួយ​និង​អ្នក​ភូមិ​ផ្សេង​ទៀត។ ​អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​ត្រូវ​បាន​ក្រុម​បាតុករ​ជួយ​ធ្វើ​ចលនា​ដង្ហើម​ និង​កោស​ខ្យល់ ​រហូត​ដល់​អ្នកស្រី​បាន​ដឹង​ខ្លួន​ឡើង​វិញ។

«ដំបូង​បង្អស់​ ខ្ញុំ​ឃើញ​គេ​ច្រាន​កូន​ក្មេង ​ខ្ញុំ​ក៏​កន្រ្តាក់​កូន​ក្មេង​មក។ ​ខ្ញុំ​ចូល​ទៅ​កន្ត្រាក់​ហ្នឹង ​គេ​រុញ​ខ្ញុំ​ថែមទៀត ​ហើយ​ខ្ញុំ​រើស​ស្បែក​ជើង​ខ្ញុំ។ ​គេ​ឥត​ឲ្យ​ខ្ញុំ​ចូល។ ​គេ​រុញ​ខ្ញុំ​ច្រាន​ដួល​ ​ប្រទាញ​ប្រទង់​លើ​គ្នា​ហ្នឹង​ រួច​ខ្ញុំ​វា​ខ្សោយ​បេះដូង​ផង​ ខ្ញុំ​គាំង​ទៅ»។

ក្រុម​អាជ្ញាធរ​បាន​ហៅ​រថយន្ត​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​រថយន្ត​មក​ដល់​ប្រជា​ពលរដ្ឋ​បាន​បដិសេធ​មិន​ឲ្យ​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទេ។

ក្នុង​ការ​តវ៉ា​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រុម​បាតុករ​មិន​ដើរ​ក្បួន​ដូច​ថ្ងៃ​អង្គារ​​ទេ​ ដោយ​ឈរ​ស្រែក​នៅ​នឹង​កន្លែង​តែ​ប៉ុណ្ណោះ។

«ពួក​យើង​ទាំង​អស់​គ្នា​មក​ទាមទារ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ឲ្យ​យើង»។

កុមារី​ហេង​ យូ ​អាយុ​១០​ឆ្នាំ ​រៀន​នៅ​សាលា​បឋម​សិក្សា​បាក់ទូក​ ដែល​កំពុង​ឈរ​កាន់​បដា​ជាមួយ​និង​បាតុករ​ផ្សេង​ទៀត​ បាន​និយាយ​ថា ​ប្អូនស្រី​លែង​មាន​អារម្មណ៍​នៅ​ក្នុង​ការសិក្សា​ហើយ​ ក្រោយ​ពី​ផ្ទះ​សម្បែង​បាន​បាត់បង់។

«ព្រោះ​អី​ខ្ញុំ​បាន​បាត់ប​ង់ផ្ទះ ​កាល​ពី​ថ្ងៃ​ទី​២៣ ​គេ​រុះចោល។ ​ខ្ញុំ​ឥត​បាន​រៀន​សូត្រ​ទេ​ ហើយ​ខ្ញុំ​ខាន​ទៅ​រៀន​ច្រើន​ថ្ងៃ​ដែរ​ហើយ»។

លោក​អំ ​សំអាត ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា ​សាលាក្រុង​ភ្នំពេញ​ និង​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ទីជម្រក​ដល់​ពួកគេ​ឡើងវិញ​ក្រោយ​ពី​បាន​បាត់បង់​កាល​ពី​សប្តាហ៍​មុន។

«សាលាក្រុង​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​ជាពិសេស​គឺ​ទាក់ទង​ទៅ​នឹង​អគារ​ទាំង​១០។​ ប៉ុន្តែ​សង់តែ​៨​អញ្ចឹង​ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​មិន​មាន​ផ្ទះ​សម្បែង​ក្នុង​ការ​ស្នាក់នៅ ​ដោយសារ​តែ​ការ​សង់​អគារ​មិន​គ្រប់​នេះ»។

លោកស្រី​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​មិនមាន​ឯកសារ​រស់នៅ​ពិតប្រាកដ​ទេ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ការ​សាងសង់​ប្រាំបី​អគារ​ គឺ​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​រស់នៅ​ហើយ៕

This posting includes an audio/video/photo media file: Download Now

អ.ស.ប.​និង​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា​រាំងស្ទះ​ដល់​ដំណើរការ​រក​យុត្តិធម៌

Posted: 10 Jan 2012 04:44 PM PST

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ស្តី​បន្ទោស​ដល់​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ និង​រដ្ឋាភិបាល​កម្ពុជា​ ថា​បាន​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ ដល់​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ជាពិសេស​សំណុំរឿង​បន្ថែម។

សំណុំរឿង​០០៣​និង​០០៤​ ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​កើត​មាន​នោះ​បាន​​ក្លាយ​ជា​រឿង​ប្រទាញប្រទង់​គ្នា​ជា​ថ្មី​ទៀត​រវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​​អន្តរជាតិ។​ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent ​Kasper ​Ansermet) ដែល​លោក​អគ្គ​លេខាធិការ​អ.ស.ប.​ បាន គីមូន (Ban Ki-Moon) ​បាន​តែងតាំង​ជំនួស​លោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ​ដែល​បាន​លាលែង​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​នោះ​ មិន​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​តែងតាំង​តាម​ច្បាប់​ភ្លាមៗ​ដូច​ពេល​មុន​ទេ។​ លោក​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​រូប​នេះ​ត្រូវ​សហភាគី​របស់​លោក​គឺ​ លោក​យូ ប៊ុនឡេង​ នៃ​ភាគី​កម្ពុជា​ស្តី​បន្ទោស​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គ្មាន​និតីសម្បទា​គ្រប់គ្រាន់​ឬ​មិនទាន់​មាន​លក្ខណៈ​ជា​ចៅក្រម​ពេញលេញ​នៅ​ពេល​លោក​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សុំ​ឲ្យ​សហចៅក្រម​ជាតិ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ដំណើរការ​វិវត្តន៍​នៃ​សំណុំរឿង​០០៣​និង​០០៤។

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាត់ទុក​ថា ​ភាព​អសកម្ម​របស់​អ.ស.ប.​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ហើយ​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​មិន​បាន​ស្នើ​ តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​ថ្មី​ ជា​ការ​អាក់ខាន​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ ជូន​ជន​រងគ្រោះ​ ជាពិសេស​ធ្វើ​ឲ្យ​សំណុំរឿង​០០៣​ និង​០០៤​ត្រូវ​ជាប់គាំង។

លោកស្រី​ ឃ្លែរ ដាហ្វ៊ី (Clair Duffy) ​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ហៅ​កាត់​ថា​ OSJI បាន​អះអាង​ថា​ អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​តែ​ជំរុញ​ឲ្យ​ភាគី​កម្ពុជា​តែងតាំង​លោក​សហ​ចៅក្រម​ Laurent ​Kasper ​Ansermet ​ជា​ប្រញាប់​ដើម្បី​ធ្វើ​ការ​ចំពោះ​សំណុំរឿង​បន្ថែម​ដែល​គេ​ដឹង​ថា​សំណុំរឿង​០០៣​និង​០០៤​ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​៥​នាក់ទៀត។

«បញ្ហា​ពិត​ជាក់ស្តែង​ក្នុង​រឿង​នេះ​គឺ​ថា ​អ.ស.ប.​​និង​ប្រទេស​អ្នក​ផ្តល់ជំនួយ​បន្ត​រក្សា​ជំហរ​ស្ងប់ស្ងៀម​ជា​សារធារណៈ​របស់​ខ្លួន​​ចំពោះ​រឿងរ៉ាវ​ទាំង​នេះ​ដែល​កំពុង​​កើត​ឡើង»។

លោក​ Martin Nesirky​ អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. ​មិន​ធ្វើ​ អត្ថាធិប្បាយ​អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​សាលាក្តី​ កាត់ទោស​ខ្មែរក្រហម​តែ​បាន​អះអាង​យ៉ាង​ខ្លី​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​បាន​ដឹង​ពី​​រឿងរ៉ាវ​វិវត្តន៍​នោះ​ហើយ។

លោក​ស្រី ​Clair Duffy ​នៃ​អង្គការ ​OSJI ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​បង្អាក់​ការ​តែងតាំង​លោក​សហចៅក្រម​អ.ស.ប.​ Laurent ​Kasper​ Ansermet ជា​ផ្លូវការ​ ដែល​ធ្វើ​ឲ្យ​លោក​ចៅក្រម​រូប​នេះ​គ្មាន​តួនាទី​ច្បាស់លាស់​ មិន​ដឹង​ថា​ត្រូវ​ ធ្វើ​អ្វី​និង​មិន​ធ្វើ​អ្វី​នោះ​ទេ។

«ពីព្រោះ​ពេល​នេះ​ អ្វី​ដែល​កំពុង​កើត​ឡើង​គឺ​សំណុំរឿង​០០៣​និង​០០៤​មិន​អាច​ ដំណើរការ​ទៅ​មុខ​បាន»។

លោកស្រី ​Andrea Evans ជា​នាយិកា​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ សហរដ្ឋ​អាមេរិក​ហៅ​ថា​ The Center​ for Justice ​and Accountability ​(CJA)។​ អង្គការ​អ្នកស្រី​បាន​ជួយ​ដល់​ជន​រងគ្រោះ​ជា​ច្រើននាក់​ពី​ស.រ.អ.​ដើម្បី​ប្តឹង​ជនជាប់​ចោទ​ក្នុង​សំណុំរឿង​០០២​ដែល​កំពុង​បន្ត​ត្រូវ​កាត់​ទោស។​ លោកស្រី​ Evans ​បាន​អះអាង​ថា ​ជា​រឿង​សំខាន់​ណាស់​ដែល​សហចៅក្រម​ស៊ើបអង្កេត​បញ្ចប់​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ និង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​សំណុំរឿង​០០៣​និង​០០៤។

«ប្រសិន​បើ​ការ​ស៊ើបអង្កេត​មិន​ដំណើរការ​ វា​នឹង​ផ្តល់​សញ្ញា​ដល់​ជនរងគ្រោះ​និង​ អ្នក​រួច​ជីវិត​ថា​ នយោបាយ​និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​អាច​បំបាត់​យុត្តិធម៌។​ រឿង​នោះ​អាច​នឹង​ជា​ការ​ប្រមាថ​ដល់​អ្នក​រួច​ជីវិត​ដែល​រង់ចាំ​ជាង​៣០ឆ្នាំ​ ដើម្បី​ទទួល​យុត្តិធម៌​កម្រិត​ណា​មួយ​នោះ។​ វា​ក៏​ជា​រឿង​អាច​ធ្វើ​ឲ្យ​ខូចខាត​ ដល់​កេរ្តិ៍​តំណែល​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ​និង​ខូចខាត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការ​នាំខ្លួន​ជនល្មើស​នៃ​បទឧក្រិដ្ឋ​ឃោរឃៅ​ នៃ​របប​ខ្មែរក្រហម​មក​កាត់ទោស​ពី​បទ​ដែល​គេ​បាន​ប្រព្រឹត្ត»។

សំណុំរឿង​០០៣​និង​០០៤​មាន​ជន​សង្ស័យ​៥នាក់​ជា​កម្មាភិបាល​ខ្មែរក្រហម​ ថ្នាក់​កណ្តាល​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ជា​បឋម​ថា​មាន​ ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នានា​នៅ​សម័យ​ខ្មែរក្រហម​ហើយ​គួរ​ត្រូវ​នាំខ្លួន​មក​ឃុំឃាំង​និង​ចោទប្រកាន់​ហើយ​ស៊ើបអង្កេត។ ជនសង្ស័យ​ទាំង​៥នាក់​នោះ​ មាន​លោក​ ស៊ូ ម៉េត ​យឹម ទិត ​មាស មុត​ អោម អាន ​និង អ្នកស្រី​អ៊ឹម ចែម។ នេះ​បើ​តាម​ឯកសារ​សម្ងាត់​ដែល​វីអូអេ​ទទួល​បាន​បន្ទាប់​ពី​ត្រូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេស​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​៥នាក់​ដែល​វីអូអេ​បាន​ជួប​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​គឺ​លោក​ មាស មុត ​តាអាន ​និង​អ្នកស្រី​អ៊ឹម ចែម​បាន​ចេញ​មុខ​បកស្រាយ​ហើយ​បដិសេធ​ការ​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​បរទេស។

សំណុំរឿង​ទាំង​នេះ​បាន​ដាក់ដល់​សហចៅក្រម​ស៊ើបអង្កេត​តាំង​ពី​ឆ្នាំ​២០០៨​ម្ល៉េះ​ដើម្បី​បន្ត​នីតិវិធី​ដូច​ជា​នាំខ្លួន​មក​ឃុំ​ចោទប្រកាន់​តែ​មិន​ឃើញ​មាន​នីតិវិធី​ដូច្នោះ​កើត​ឡើង​ទេ។ ​សហចៅក្រម​ស៊ើបអង្កេត​បរទេស​លោក​ Siegfried Blunk បាន​ដាក់​ពាក្យ​លាឈប់​ដោយ​ចោទ​ប្រកាន់​ថា ​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ ពី​រដ្ឋាភិបាល​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ដោយ​ចាត់​ទុក​ថា​ជា​រឿង​មិន​ចុះ​សម្រុង​ផ្ទៃ​ក្នុង​របស់​សហចៅក្រម។

លោក​ Peter Maguire ​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អាមេរិក​ ហើយ​ជា​អ្នក​សរសេរ​សៀវភៅ​អំពី​ខ្មែរក្រហម ​Facing Death ​in Cambodia បាន​ទទួល​ស្គាល់​ថា​ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ជា​ធម្មតា​រក្សា​ជំហរ​ស្ងប់ស្ងៀម។ ប្រទេស​អ្នក​ផ្តល់ជំនួយ​ទទួល​យក​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ ក៏​ដូចជា​អ.ស.ប.ដែរ។​ លោក​បាន​បញ្ជាក់​ថា​ សំណុំរឿង​០០៣​និង​០០៤ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចចិត្ត​ខាង​នយោបាយ​ច្បាស់​ហើយ​ថា​ មិន​បន្ត​ដំណើរការ​ជំនុំជម្រះ។

«ហើយ​អ.ស.ប.​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ទទួល​យក​រឿង​នោះ។​ ដូច្នេះ​គំនិត​នេះ​ ទាំង​អស់គ្នា​នឹង​ចាត់ទុក​ថា​ជា​ការ​សម្រេច​ចិត្ត​ផ្លូវច្បាប់​ដែល​មិន​ទាក់ទង​នឹង​រឿង​នយោបាយ។​ ហើយ​នោះ​ជា​រឿងអស់​សំណើច​ដែល​ខ្ញុំ​មិនអាច​ទទួល​យក​បាន​ទេ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​លោក​ Marguire ​អះអាង​ថា​ ជា​រឿង​ដ៏​សំខាន់​ពេល​ នេះ​គឺ​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បញ្ចប់​សំណុំរឿង​០០២​ដែល​មាន​អតីត​មេដឹកនាំ​ធំៗ​ មាន​ នួន ជា​ ខៀវ សំផន​ អៀង សារី​ ជាដើម​នោះ។​ លោក Marguire បាន​លើក​យក​ពាក្យ​ប្រៀប​ធៀប​របស់​លោក​មក​បញ្ជាក់​តាម​សម្តី​ដើម​របស់​លោក​ថា ​«ដូច​ខ្ញុំ​ប្រាប់​កូន​របស់​ខ្ញុំ​ថា ​ញ៉ាំ​បាយ​ឲ្យ​អស់​ពី​ចាន​សិន ​មុន​ទៅ​រកបង្អែម»​ ដែល​ពាក្យ​នេះ​មាន​ន័យ​ថា ​ត្រូវ​កាត់ទោស​សំណុំរឿង​០០២​ឲ្យ​ចប់សិន​ មុន​ចាប់ផ្តើម​សំណុំរឿង​បន្ទាប់​ទៀត៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១១ មករា ព្រឹក

Posted: 10 Jan 2012 10:31 PM PST

ចិន៖ តួ​លេខ​ពាណិជ្ជកម្ម​​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​​ដោយ​រដ្ឋាភិបាល​ចិន​បង្ហាញ​​ថា​ការ​រីក​លូតលាស់​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​២​របស់​ពិភព​លោក​នេះ​ ​កំពុង​បង្អន់​ល្បឿន​។

ឥណ្ឌូណេស៊ី៖ ការ​រំជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​បាន​កើត​មាន​ឡើង​នៅ​ផ្ទៃ​ទឹក​​នៃ​​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​លិច​​កោះ​ស៊ូ​ម៉ាត្រារបស់​​ឥណ្ឌូណេស៊ី​។ ​ការ​សិក្សា​ភូគព្ភ​សាស្រ្ត​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ការ​រញ្ជួយ​ផែន​ដី​ដែល​មាន​កម្លាំង​​7,3 ​បាន​វាយ​ប្រ​ហារ​កាល​នៅ​ថ្ងៃ​អង្គារ​​នៅ​ជម្រៅ​ដី​២៩​គីឡូម៉ែត្រ​ ដែល​នៅ​ចម្ងាយ​៤២៣គីឡូម៉ែត្រ ​នៅ​ខេត្ត​បានដា អាឆេ​នៃ​កោះ​ស៊ូ​ម៉ាត្រា​។

ភូមា៖ លោក​ស្រី​អោង សាន​ស៊ូ​ជី​ មេដឹកនាំ​​​ប្រឆាំង​ប្រទេស​ភូមា​ បាន​បញ្ជាក់​ថា​​លោក​ស្រី​ នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​ពិសេស​​នៅ​ក្នុង​ការ​បោះឆ្នោត​​មួយ​ដែល​គេ​រំពឹង​​នឹង​ធ្វើ​នៅ​ខែ​មេសា​ខាង​មុខ​។

ឥណ្ឌា ​ ឥណ្ឌា​និង​អ៊ីស្រាអែលបាន​សន្យា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ធំឡើង​​នៅ​ក្នុង​ពាណិជ្ជកម្ម​​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។

សហរដ្ឋអាមេរិក ពួក​បេក្ខជន​​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​​កំពុង​បង្កើន​​ការ​ដាក់​សម្ពាធ​​លើអតីត​​​អភិបាល​រដ្ឋ​ម៉ាសាឈូសេត គឺ​លោក​មិត រមនី ដែល​ជា​បេក្ខជននាំ​មុខ​គេ​​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​ញូវហាំស្ហៀរ។

អ៊ីរ៉ង់៖ រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​​សហរដ្ឋ​អាមេរិក លោក​ធីម៉ូធី ហ្កាយធ័រ​​បាន​អញ្ជើញ​ទៅ​ដល់​ទី​ក្រុង​ហើយ​​ដើម្បី​ពិភាក្សា​ដែល​មាន​គោល​បំណង​​ជំរុញ​ឲ្យ​ពួក​មន្រ្តី​ចិន​គាំទ្រ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​​ឧស្សាហកម្ម​ប្រេង​របស់​អ៊ីរ៉ង់​។

អ៊ីតាលី​ ៖ ក្រុមហ៊ុន​សេវាកម្ម​​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ប្រាប់​ឲ្យ​ដឹង​ថា​អ៊ីតាលី​ ប្រឈមមុខនឹង​ការ​កាត់​ពិន្ទុ​ឥណទាន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ តែក្រុមហ៊ុន​នោះ​ មិន​មាន​ផែនការ​​បញ្ចុះ​ពិន្ទុ​ឥណទាន​​កំពូល​របស់​បារាំង​ទេ។

ស៊ីរី៖ ប្រធានាធិបតី​​ស៊ីរី​​ បាសា អាល់អាសាដ បាន​សន្យា​បង្ក្រាប​លើ​ពួក​ភេរវជន​​ដោយ​ប្រើ​កណ្តាប់​ដៃ ​​ហើយ​កំពុង​ស្តី​បន្ទោស​​ការ​ឃុប​ឃិត​របស់​បរទេស​ចំពោះ​ការ​ងើប​បះ​បោរ​ប្រឆាំង​រដ្ឋាភិបាល​​រយៈពេល​១០​ខែ​​នៅ​ក្នុង​ប្រទេស​របស់​លោក​។

ប៉ាគីស្ថាន៖​​ ពួក​មន្រ្តី​ប៉ាគីស្ថាន​ និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​មួយ​គ្រាប់​នៅ​ជិត​​ព្រំ​ដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣៥​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៦០​នាក់​ទៀត​បាន​រង​របួស​​នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដ៏​ប្រល័យ​បំផុត​មួយ​នៅ​ក្នុង​តំបន់​ពាយ័ព្យ​​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!