VOA News: ព័ត៌មាន: “អន្តរជាតិ​អំពាវនាវ​ឲ្យ​ថៃ​និង​ឡាវ​លុប​​ចោល​ផែនការ​សង់​ទំនប់​វារីអគ្គីសនី” plus 9 more

VOA News: ព័ត៌មាន: “អន្តរជាតិ​អំពាវនាវ​ឲ្យ​ថៃ​និង​ឡាវ​លុប​​ចោល​ផែនការ​សង់​ទំនប់​វារីអគ្គីសនី” plus 9 more


អន្តរជាតិ​អំពាវនាវ​ឲ្យ​ថៃ​និង​ឡាវ​លុប​​ចោល​ផែនការ​សង់​ទំនប់​វារីអគ្គីសនី

Posted: 06 Dec 2011 12:29 PM PST

ការ​ដាក់ពាក្យ​តវ៉ា​អន្ដរជាតិ​មក​ពី​ប្រទេស​ ជាង​ ១០០​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ និង​ ប្រទេស​ថៃ​ ទម្លាក់​ចោល​ផែនការ​ធំធេង​នៃ​ការ​ស្ថាបនា​ទំនប់​វារីអគ្គីសនី​ យ៉ាង​ធំ​មួយ​នៅ​តំបន់​ភាគ​ខាង​ក្រោម​​ទន្លេ​មេគង្គ។​​ ​ក្រុម​​អ្នកតាក់តែងច្បាប់​​​នៅ​សហរដ្ឋ​អាមេរិក​ កំពុង​អំពាវនាវ​ឲ្យ​គោរព យ៉ាង​ជាក់​​លាក់​នូវ​​បទដ្ឋាន​ការពារ​បរិស្ថាន​នៃ​គម្រោងការ​ ដោយ​គេ​មាន​ការ​ភ័យខ្លាច​​ថា​​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យូរ​អង្វែង​ដល់​ប្រព័ន្ធ​បរិស្ថាន​របស់​ទន្លេ​សម្រាប់​រយៈ​ពេល​យូរ។​

ទំនប់​វារីអគ្គីសនី​ សាយ៉ាប៊ូរី ​ដែល​មាន​តម្លៃ​ ៣.៥០០ ​លាន​ដុល្លារ​ ជា​ គម្រោងការ​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​ ១១​ នៃ​តំបន់​ភាគ​ខាងក្រោម​ទន្លេ​មេគង្គ​ ដែល​ ហូរ​កាត់​ប្រទេស​ថៃ​ កម្ពុជា​​និង​ វៀតណាម។

តែ​ក្រុម​ជំនាញ​បរិស្ថាន​ និយាយ​ថា​ ទំនប់​កម្លាំង​ ១.២៨០​ មេហ្គាវ៉ាត់​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​យូរ​អង្វែង​ដល់​បរិស្ថាន​ ជា​ពិសេស​ នៅ​កន្លែង​ខ្លះ​ ដូច​ជា​នៅ​តំបន់​ដី​សន្ដរ​នៃ​ទន្លេ​មេគង្គ​របស់​ប្រទេស​វៀតណាម​ដែល​ជា​ជង្រុក​ស្រូវ​របស់​ប្រទេស​នោះ។​

ក្រុម​បរិស្ថាន​មួយ​ នៅ​ សរអ​ ហៅ ​International Rivers ​ថ្លែង​ថា​មនុស្ស​២២.៥៨០​ នាក់​ ពី​ប្រទេស​ជាង​ ១០០​ បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​តវ៉ា  ដែល​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​គម្រោងការ​ ដោយ​សារ​តែ​គេ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អនាគត​ នៃ​តំបន់​ភាគ​ខាង​ក្រោម​ទន្លេ​មេគង្គ។​ញត្ដិ ​តវ៉ា​ ធ្វើ​ឡើង ​មួយ​សប្ដាហ៍​បុណ្ណោះ​ មុន​ពេល​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​មាន​សមាជិក​ប្រទេស​ កម្ពុជា ​ឡាវ​ ថៃ​ និង​ វៀតណាម​ នឹង​ជួប​ប្រជុំគ្នា​ ដើម្បី​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​បង្អស់​មក​លើ​គម្រោងការ​នោះ។

អ្នក​សម្របសសម្រួល​យុទ្ធនាការ​ សម្រាប់​អង្គការ​ International Rivers ​ប្រចាំ​ប្រទេស​ថៃ​ អ្នកស្រី ​ Pianporn Deetes ​ថ្លែង​ថា​ ញត្ដិ​តវ៉ា​នោះ​គូស​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​ មក​លើ​ការ​ប៉ះពាល់​ពី​សំណង់​ទំនប់។

«ខ្ញុំ​ចង់​ឃើញ​អ្នក​ទទួល​ខុសត្រូវ​សំខាន់ៗ​នៃ​រដ្ឋាភិបាល​ថៃ​​និង​​ឡាវ យល់​ដឹង​ថា​ ពិភពលោក​កំពុង​តាម​មើល​យ៉ាង​ដិតដល់​ ដោយ​គេ​ឃើញ​មាន​មនុស្ស​ដ៏​ច្រើន​សន្ធឹក​ មាន​ចិត្ដ​ចង់​ការពារ​ទន្លេ​មេគង្គ​ ហើយ​ ជីវិត​មនុស្ស​​រាប់​លាន​នាក់​ ពឹងផ្អែក​មក​លើ​ទន្លេ​មេគង្គ ហើយ​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ធ្វើ​សេចក្ដី​សម្រេច​ត្រឹមត្រូវ ​ដោយ​មិន​យោង​ទៅ​តាម​មូលហេតុ​នយោបាយ។»

គម្រោងការ​សម្រាប់​ ទំនប់​វារីអគ្គិសនី​ចំនួន​ ១១​ ធំៗ ​នៅ​លើ​ទន្លេ​មេគង្គ​ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ​ ២០០៦។ នៅ​ក្រោម​កិច្ចសន្យា​ថា​ ប្រទេស​ថៃ​ នឹង​ទិញ ​៩៥​ភាគរយ​នៃ​ភ្លើង​អគ្គិសនី​ ចេញ​ពី​ទំនប់​សាយ៉ាបុរី។

ក្រសួង​ថាមពល​របស់​ប្រទេស​ថៃ​ ថ្លែង​ថា​ គ្មាន​ឃើញ​ភ័ស្ដុតាង​ណា​មួយ​ដែល​គាំទ្រ​ការ​ទាមទារ​ ថា​មាន​ការ​ខូចខាត​រយៈ​ពេលយូរ​ មក​លើ​ទន្លេ​ទេ។ ​តែ​ក្រុម​មន្ដ្រី​នៃ​ ប្រទេស​វៀតណាម​ និង​ កម្ពុជា​ គាំ​ទ្រ​គំនិត​របស់​ក្រុម​ជំនាញ​បរិស្ថាន​ ដោយ​សំអាង​ថា​វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទី​ជម្រក​របស់​ត្រី។

ក្នុង​ខែ​មេសា​ ប្រទេស​ទាំងឡាយ ​ដែល​ស្ថិត​នៅ​ក្រោម​ទន្លេ​មេគង្គ​ បាន​យល់​ព្រម​គ្នា​ សុំ​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ទំនប់  រង់ចាំ​ការ​សិក្សា​ជ្រៅជ្រះ។​

តែ​សេចក្ដី​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចង្អុល​ឲ្យ​ឃើញ​សំណង់​កំពុង​ដំណើរការ​នៅ​ទី​កន្លែង​ទំនប់ ​ធ្វើ​ឡើង​ដោយ ​ក្រុម​សំណង់​ថៃ។

លោក​ Carl Thayer ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ ​New South Wales ​ក្នុង​ប្រទេស​អូស្រា្តលី ​ថ្លែង​ថា​សេចក្ដីសម្រេច​របស់ ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ថាបនា​ទំនប់​ នឹង​ បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​​ការទូត។

«ទាំង​កម្ពុជា ​ទាំង​វៀតណាម ពេល​សួរយោបល់​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បង្ហាញ​ការ​ព្រួយបាម្ភ​ ហើយ​ប្រទេស​ទាំង​ពីរ​ ពេញ​ចិត្ដ​ខ្លាំង​ចំពោះ​ការ​ពន្យារ​ពេល​សំណង់​ទំនប់។ រឿង​សំខាន់​មួយ ​ដែល​យើង​មិន​ទាន់​និយាយ​ គឺ​ នឹង​មាន​កំណត់​ការទូត​ដ៏​ហ្មត់ចត់​ចំពោះ​ ប្រទេស​ ឡាវ​ ហើយ​ខ្ញុំ​យល់​ថា​លោក​អ្នក​នឹង​ឃើញ​មាន​ទស្សនកិច្ច​ថ្នាក់​ខ្ពស់​ពី​ទី​ក្រុងហាណូយ​​ទៅ​កាន់​រដ្ឋធានី​​វៀងច័ន្ទ ​ដើម្បី​សុំ​ឲ្យ​មាន​ការ​ពន្យល់​​ដោយសារ​តែ​គេ​មាន​ការ​ព្រួយបារម្ភ​ធំធេង។»

លោក​ Thayer​ ថ្លែង​ថា  ប្រទេសវៀតណា​ម​នឹង​ពិនិត្យ​មើល​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ថវិកា​ផ្ដល់​ ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​ មាន​រាប់​បញ្ចូល​សហរដ្ឋ​អាមេរិក ​អូស្រ្ដាលី​ និង​ ជប៉ុន ​ដើម្បី​ដាក់​សម្ពាធ​ការទូត​ មក​លើ​ប្រទេស​ ឡាវ​ និង​ ថៃ​ ឲ្យ​ពន្យារ​ពេល​សំណង់​ទំនប់។

ក្រុម​អ្នកវិភាគ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​គម្រោងការ​នោះ​រយៈ​ពេល​១០​ឆ្នាំ  ដើម្បី​ធ្វើ​ការ​វាស់វែង​ជ្រាលជ្រៅ​មក​លើ​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បរិស្ថាន​នៅ​លើ​ទំនប់​ សាយ៉ាប៊ូរី​ ផង​ និង​ សំណង់​ទំនប់​ដទៃ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេមេគង្គ។

គណៈកម្មការ​ទន្លេ​មេគង្គ​ថ្នាក់​រដ្ឋមន្រ្ដី​ត្រូវ​កំណត់ ​ជួប​ប្រជុំ​នៅ​ក្នុង​ថ្ងៃ​ទី​ ៧ ​ខែ​ធ្នូ ​ក្នុង​ទី​ក្រុង​ សៀមរាប​ ប្រទេស​កម្ពុជា៕

ប្រែសម្រួល​ដោយ​ អ៊ូ ធួក

This posting includes an audio/video/photo media file: Download Now

សង្គម​ស៊ីវិល​សុំ​ឱ្យ​រដ្ឋាភិបាល​ទុក​ពេល​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​លើក​ទី​៤

Posted: 06 Dec 2011 10:43 AM PST

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ចង់​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​​​ស្តីពី​ការគ្រប់​គ្រង​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ហើយ​ត្រូវ​ទុក​ពេល​វេលា​ឱ្យ​បាន​សមស្រប​ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​សិក្សា​និង​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល។​

ការទាមទារ​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​លើក​ទី​បួន​នៃ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។​​

លោកស្រី​ពុង ឈីវកេក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា៖​

«អង្គការ​មិនមែន​រដ្ឋាភិបាល​មិនទាន់​បាន​ទទួល​(សេចក្តី​ព្រាង​ច្បាប់​នេះ)​ទេ។ ខ្ញុំ​មិនដឹង​ថា​ មាន​អង្គការ​ណាផ្សឹង​​ទៀត​បាន​ទទួល​ហើយ​ឬនៅ​ទេ។ ​ប៉ុន្តែ​ក្រុម​ ដែល​ពួកខ្ញុំ​ធ្វើការ​ជាមួយ​ហ្នឹង​ មិនទាន់​បាន​ទទួល​​(បាន​សេចក្តី​ព្រាង​ច្បាប់​នេះ)​ទេ។​ ដូច្នេះ​យើង​សូម​សំណូម​ពរ​ទៅ​រដ្ឋាភិបាល​ជា​ទទូច​ព្រោះ​ថា​ សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ជាច្បាប់​សម្រាប់​សមាគម​និង​រដ្ឋាភិបាល ​ដូច្នេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់​បាន​សេចក្តី​ព្រាង​ច្បាប់​ទីបួន​ហ្នឹង​ ហើយ​សូម​ឱ្យ​រដ្ឋាភិបាល​ លោក​មេត្តា​ទុកពេល​ឱ្យ​បាន​យូរ​បន្តិច​ដើម្បី​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នាំ​គ្នា​ ជួបជុំ​គ្នា​ឱ្យ​បាន​ច្រើន​ដង​ ហើយ​ពិគ្រោះ​យោបល់​ជាមួយ​គ្នា​សិន​ មុន​នឹង​យក​សំណូមពរ​ យក​អនុសាសន៍​ទៅ​​ជួបជុំ​ជាមួយ​រដ្ឋាភិបាល។​ សូម​មេត្តា​កុំ​ទុក​ពេល​ឱ្យ​ពួក​ខ្ញុំ​តិចពេក»។ ​

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា​​ ពួកគេ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ​ដើម្បី​ធ្វើការ​សិក្សា​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​អាច​ឱ្យ​ច្បាប់​នេះ​បម្រើ​បាន​ដល់​ផល​ប្រយោជន៍​ទូទៅ។​

«ពេល​ដែល​ក្រសួង​មហាផ្ទៃ​បញ្ចប់​ បិទ​សេចក្តី​ព្រាងច្បាប់​របស់​ខ្លួន​ ខ្ញុំ​គិត​ថា​ យ៉ាង​ហោច​ណាស់​ក៏​​ទុក​ពេល​ឱ្យ​ NGO​ ហ្នឹង​មួយ​ខែ​ដែរ​ ទើប​អាច​មាន​ឱកាស​ជជែក​គ្នា​បាន»។ ​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់​គ្រង​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ទទួល​រង​ការ​រិះគន់​ជាច្រើន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ព្រម​ទាំង​ប្រទេស​ម្ចាស់​ជំនួយ​ថា ​ច្បាប់​នេះ​អាច​ជា​ការរឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​​វា​អាច​ធ្វើ​ឱ្យ​សហគមន៍​ផ្តល់​ជំនួយ​ធុញ​ទ្រាន់​​​​​ដែល​ជា​ការខូចខាត​​ដល់​កិច្ច​អភិវឌ្ឍន៍​នា​ពេល​កន្លង​មក​ដែល​កម្ពុជា​ទទួល​បាន។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្លាប់​ត្រូវ​បញ្ជូន​ទៅ​ដល់​គណៈ​រដ្ឋមន្រ្តី​ក្នុង​ពេល​កន្លង​មក​ ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ដើម្បី​ធ្វើការ​សិក្សា​កែប្រែ​បន្ថែម​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​រង​ការជំទាស់​ខ្លាំងៗ​ពី​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​ប្រទេស​ម្ចាស់​ជំនួយ​ផង​ដែរ។ ​​

​លោក​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ថា​ ឥឡូវ​នេះ​ក្រុម​ការងារ​របស់​ក្រសួង​បាន​ធ្វើការ​កែប្រែ​ចប់​សព្វ​គ្រប់​អស់​ហើយ។​

«យើង​ធ្វើ​ចប់​ហើយ​ ប៉ុន្តែ​យើង​នឹង​ដាក់​ឲ្យ​ចូលរួម​ដើម្បី​ពិភាក្សា​សិក្ខាសាលា​មួយ​ពេល​ទៀត​មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្តី»។

ប៉ុន្តែ​លោក​ខៀវ សុភ័គ​បាន​បន្ថែម​ថា​ នៅ​មិន​ទាន់​កំណត់​ពេល​រៀបចំ​សិក្ខាសាលា​នេះ​នៅ​ឡើយ​​ទេ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ​ពេល​វេលា​សម​ស្រប​ដែល​អាច​នឹង​ពិភាក្សា​បាន​ស៊ីជម្រៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​យ៉ាង​ហោច​ណាស់​នៅ​ខែ​មករា​ឆ្នាំ​២០១២​ ព្រោះ​នៅ​ខែ​ធ្នូ​នេះ​​មាន​កម្មវិធី​ជា​​ច្រើន​ធំៗ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ជា​ពិសេស​ក្រុម​ដែល​ធ្វើការងារ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ កំពុង​រៀបចំ​ធ្វើ​គឺ​ទិវា​សិទ្ធិ​មនុស្ស​នៅថ្ងៃ​ទី​១០​ខែ​ធ្នូ​ និង​អវត្តមាន​របស់​តំណាង​សំខាន់ៗ​នៃ​អង្គការ​អន្តរជាតិ​ដែល​ត្រូវ​សម្រាក​ចុងឆ្នាំ​សម្រាប់​ពេល​បុណ្យ​របស់​ពួកគេ។​

នៅ​ក្នុង​កំណត់​សម្គាល់​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជូន​ទៅ​ដល់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ​​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល​ បាន​បញ្ជាក់​ពី​ជំហរ​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំ​ច្បាប់​មួយ​ដែល​បម្រើ​ផល​ប្រយោជន៍​ទូទៅ​ ជាពិសេ​ស​ក្នុង​សេចក្តី​ព្រាង​លើក​ទីបួន​នេះ។ ​ប៉ុន្តែ​ពួកគេ​នៅបន្ត​តាម​ដាន​លើ​បញ្ហា​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ព្រួយ​បារម្ភ​ ក្នុង​នោះ​មាន​កង្វះ​នីតិវិធី​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​បដិសេធ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​ តម្រូវការ​ក្នុង​ការ​ឱ្យ​មាន​តំណាក់​កាល​ប្តឹង​ជំទាស់​នឹង​ការ​បដិសេធ​ការចុះ​បញ្ជី​ និង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​មិន​ច្បាស់​លាស់​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បកស្រាយ​តាម​ការ​យល់​ឃើញ​ផ្សេងៗ​ដោយ​គ្មាន​​មូលដ្ឋាន​ត្រឹមត្រូវ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោកខៀវ សុភ័គ​បាន​បញ្ជាក់​ថា ​អ្វី​ដែល​ជា​​សំណូម​ពរ​និង​អនុសាសន៍​កន្លង​មក​របស់​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​អស់​ហើយ។ ​

«និយាយ​រួម​ មតិ​ដែល​គេ​បាន​លើក​ឡើង​ទាំង​ប៉ុន្មាន​ យើង​ក៏​បាន​ប្រមូល​ផ្តុំ​មតិ​ហ្នឹង​យក​មក​កែ​សម្រួល​ឡើង​វិញ​រួច​ហើយ»។ ​

ប៉ុន្តែ​ការ​អះអាង​នេះ​នៅ​មិន​ទាន់​ធ្វើ​ឱ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មាន​ទំនុក​ចិត្ត​ទេ។​ ពួកគេ​អះអាង​ថា​ កាលពី​ពេល​រៀបចំ​​សេចក្តី​ព្រាង​ច្បាប់​នេះ​លើក​ទីបី​ក៏​មាន​ការ​លើក​ឡើង​ដូច្នេះ​ដែរ​ ប៉ុន្តែ​ចំណុច​ដែល​ដាក់​បញ្ចូល​បាន​ខុស​ពីអ្វី​ដែល​ពួកគេ​រំពឹង​ទុក។ ​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា៖ ​

«បើសិន​ជាអញ្ចឹង​មែន ​ពួកខ្ញុំ​ស្វាគមន៍។ ប៉ុន្តែ​បើតាម​ប្រសាសន៍​កាលពី​ពួកខ្ញុំ​ធ្វើ​សេចក្តី​ព្រាង​ទីពីរ ​​គាត់​ថា​ សេចក្តី​ព្រាង​ទីបី​នឹង​មាន​អ្វី​ដែល​យើង​ខ្ញុំ​ស្នើ។ ប៉ុន្តែ​ពេល​យើង​ឃើញ​សេចក្តី​ព្រាង​ពិត​ប្រាកដ​ជាក់​ស្តែង​គឺ​យើង​ឃើញ​ថា​ នៅ​មាន​ការខ្វះខាត​ច្រើន។ ​អញ្ចឹង​ខ្ញុំ​ថា ​រង់​ចាំ​មើល​សេចក្តី​ព្រាង​ទីបួន​សិន​មុននឹង​ខ្ញុំ​ធ្វើ​ការ​វិនិច្ឆ័យ​ ថា​តើ​ច្បាប់​ហ្នឹង​មាន​បញ្ចូល​នូវ​ការ​ព្រួយ​បារម្ភ​ឬ​ក៏​អនុសាសន៍​របស់​យើង​ឬ​ក៏​អត់»។ ​

លោក​អ៊ូ វីរៈ​ក៏​បាន​បន្ថែម​ទៀត​ថា​​ ចំណុច​ទាក់​ទង​នឹង​ការចុះ​ឈ្មោះ​អង្គការ​និង​សិទ្ធិ​របស់​រដ្ឋាភិបាល​ក្នុង​ការបិទ​អង្គការ​ទាំង​នោះ​ជា​ចំណុច​ដ៏​ធំ​ដែល​ពួកគេ​នឹង​តាម​ដាន​ជាប់​ជានិច្ច៖​

«ជាទូទៅ ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ គេ​ចេញ​ច្បាប់​មួយ​ថា​ អង្គការ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​តែ​ម្តង​ហើយ​ក្រសួង​អត់​មាន​សិទ្ធិ​បដិសេធ​ទេ។​ ហើយ​បើ​ក្នុង​ករណី​ដែល​គេ​បំពេញ​ទម្រង់​ទ្រង់ទ្រាយ​បាន​ហើយ​គឺ​ត្រូវ​តែ​ចុះ​ឈ្មោះ​ឱ្យ​គេ។ ​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួង​មាន​អំណាច​ខ្លាំង​ពេក​ក្នុង​ការបដិសេធ​ហើយ​ការ​ដែល​បដិសេធ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អង្គការ​ ដែល​មិនស្រប​ទៅ​ហ្នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល ​អាច​រងគ្រោះ​ដោយ​ការ​រឹតត្បិត​នានា ​រួម​ទាំង​ការ​មិន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ផង។ ​បើសិន​ជា​ក្នុង​កាលៈ​ទេសៈ​ដែល​យើង​មិន​អាច​ត្រូវ​បាន​ចុះ​ឈ្មោះ​គឺ​យើង​ពិបាក​ក្នុង​ការដើរ​ជា​តួ​អង្គ​​ច្បាប់​មួយ​ហើយ។ ​បើ​សិន​ជា​យើង​អត់​ក្លាយ​ជា​តួអង្គ​ច្បាប់​មួយ​ទេ​គឺ​បាន​ន័យ​ថា​ យើង​មាន​ការ​លំបាក​នៅ​ក្នុង​ការងារ​ ក្នុង​ការ​តំណាង​ស្ថាប័ន​​ ក្នុង​ការ​ចរចា​ជាមួយ​ម្ចាស់​ជំនួយ ​និង​ក្នុង​ការ​ជជែក​ជាមួយ​រដ្ឋាភិបាល​ជាដើម»។

អ្នក​សង្កេត​ការណ៍​ខ្លះ​យល់​ថា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​ប្រាំ​មួយ​ទៅ​ប្រាំពីរ​ខែ​ទៀត​ដែរ​ មុន​នឹង​ច្បាប់​នេះ​អាច​នឹង​ត្រូវ​ចេញ​បាន​ ព្រោះត្រូវ​ឆ្លង​កាត់​ការពិនិត្យ​នៅ​គណៈ​រដ្ឋ​មន្រ្តី​សភា​ជាតិ​​និង​​ព្រឹទ្ធសភា។ ​ប៉ុន្តែ​ពួកគេ​ព្រួយ​បារម្ភ​ថា ​វា​អាស្រ័យ​លើ​ចេតនា​របស់​រដ្ឋាភិបាល​ ព្រោះ​កន្លង​មក​មាន​ច្បាប់​ខ្លះ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ ​ហើយ​ចំណាយ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ដោយ​មិន​មាន​ការ​ពិភាក្សា​ដេញដោល​ច្រើន៕

This posting includes an audio/video/photo media file: Download Now

ទិន្នផល​ស្រូវ​កើន​​ទោះបី​មាន​ទឹក​ជំនន់

Posted: 06 Dec 2011 09:47 AM PST

បើ​ទោះ​បី​ជា​កម្ពុជា​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ទឹក​ជំនន់​ កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតា​ក៏​ដោយ ​ក៏​ក្រុម​អ្នក​ជំនាញ ​និង​ក្រុម​អ្នក​ប្រកប​របរ​ស្រូវ​បាន​និយាយ​ថា​ស្រូវ​ឆ្នាំ​នេះ​ល្អ​ប្រសើរ ​សម្រាប់​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ។

លោក​ ភូ​ ភួយ ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា ​បាន​និយាយ​ថា​ ថ្វើ​បើ​ខេត្ត​មួយ​ចំនួន​ទទួល​រង​នូវ​ផលប៉ះពាល់​ទឹក​ជំនន់​ ក៏​ប៉ុន្តែ​ខេត្ត​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ ផល​ស្រូវ​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ច្រើន។

លោក​បាន​បញ្ជាក់​ថា ការ​នាំ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ល្អ​ជាង​មុន​បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១០ ​និង​ឆ្នាំ​២០១១។

«យើង​ឧទាហរណ៍ ​ដូច​ជា​ការ​សល់​ស្រូវ​របស់​ប្រទេស​កម្ពុជា ​ដែល​យើង​ក្រោយ​ពី​ហូប​ចុក ​សល់​បួន​លាន​ នៅ​ឆ្នាំ​២០១១។ ហើយ​បើ​ទោះ​បី​ជា​ឆ្នាំ​២០១២​នេះ ​វា​ខូចខាត​មួយ​ចំនួន​ អស់​ឧទាហរណ៍​ថា​៥០​ម៉ឺន​ ទៅ​៧០​ម៉ឺន​ ឬ​វា​លើស​ទៅ​តិចតួច​ទៀត​នោះ​ វា​ក៏​នៅ​សល់​បី​លាន​តោន​ទៀត​ដែរ»។

ទិន្ន័យ​របស់​ក្រសួង​កសិកម្ម​ ដែល​បាន​ចេញផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ផ្ទៃដី​ប្រមាណ​៣៦​ម៉ឺន​ហិកតា ​ត្រូវ​បាន​ប្រមូលផល​គឺ​ស្មើ​នឹង​១៦​ភាគរយ​ នៃ​ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប។

លោក ​ភូ ​ភួយ ​បាន​មាន​ប្រសាសន៍​ថា ​សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រមូលផល​នៅ​តំបន់​ដែល​មិន​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់។ ចំណែក​ឯ​តំបន់​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ មាន​ការ​ខូចខាត​យ៉ាង​ច្រើន។ លោក​បាន​បញ្ជាក់​ថា ​ស្រូវ​ឆ្នាំ​នេះ ​សម្បូរ​ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ ខ្លាចក្រែង​គ្មាន​ប្រាក់​ទិញ​ស្រូវ​ពី​កសិករ។ លោក​បាន​មាន​ប្រសាសន៍​ថា ​ស្រូវ​ដែល​មាន​គុណភាព​ខ្ពស់ ​បាន​កើន​ឡើង​ថ្លៃ​ពី​១​តោន​តម្លៃ​៣៤៧​ដុល្លារ​ ដល់​៣៩៧​ដុល្លារ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​ នឹង​បង្កើត​ការិយាល័យ​ផ្តល់​សេវាកម្ម​មួយ ​ដល់​រោងម៉ាស៊ីន​កិន​ស្រូវ​ និង​អ្នក​ជំនួញ​នាំ​ស្រូវ​ចេញ​ទាំង​អស់​ដើម្បី​កាត់​បន្ថយ​ការិយាធិបតេយ្យ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ឲ្យ​ឈាន​ទៅ​រក​ការ​នាំចេញ​ស្រូវ​ឲ្យ​បាន​រាប់​លាន​តោន​ នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក ​សេង ​ប៊ុនសួរ ​ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ខេត្ត​បាត់ដំបង ​បាន​និយាយ​ថា​ លោក​បាន​ទិញ​ស្រូវ​ប្រមាណ​២៤​ពាន់​តោន​ពី​កសិករ ​ហើយ​លោក​រំពឹង​ថា ​ការ​នាំចេញ​ស្រូវ​ឆ្នាំ​នេះ​ នឹង​មាន​ការ​កើន​ឡើង​ប្រមាណ​២០​ភាគរយ។

«ខ្ញុំ​នៅ​តំបន់​ភ្នំ​សំពៅ​នេះ។ មើល​ទៅ​ដូចជា​ឥត​ខ្វះ​ទេ​ស្រូវ។ ស្រូវ​ច្រើន។ ស្រូវ​ខ្ញុំ​ឃើញ​ល្អ​ច្រើន​ណាស់​ជាង​ឆ្នាំ​ទៅ​មិញ​ទៀត»។

លោក ​អ៊ួន​ សុផល ​ប្រធាន​បណ្តាញ​កសិករ​ខេត្ត​តាកែវ ​បាន​និយាយ​ថា​ ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ​បាន​ល្អ​ប្រសើរ​ដោយសារ​តែ​ទឹកជំនន់​បាន​បំផ្លាញ​ផល​ស្រូវ​ប្រមាណ​តែ​២០​ភាគរយ​តែ​ប៉ុណ្ណោះ។ លោក​បាន​និយាយ​ថា​ របាយ​ទឹក​ភ្លៀង​ឆ្នាំ​នេះ​បាន​ល្អ​ប្រសើរ​ចាប់​ពី​ដើម​ឆ្នាំ​ រហូត​ដល់​ចុង​ឆ្នាំ ​ហើយ​បច្ចុប្បន្ន​នេះ ​នៅ​ក្នុង​ស្រែ​មួយ​ចំនួន​ដែល​កសិករ​កំពុង​តែ​ច្រូត​កាត់​នោះ​ នៅ​មាន​ទឹក​នៅ​ក្នុង​ស្រែ​នៅ​ឡើយ។

«ខ្ញុំ​គិត​ថា ​បើទោះ​បី​ជា​បញ្ហា​ទឹក​ជំនន់​ប៉ុណ្ណឹង ​ក៏​មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ប៉ុន្មាន​ដែរ។ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​តូច​សម្រាប់​កម្ពុជា។ បាទ! អីញ្ចឹង​ យើង​នៅ​មាន​ឱកាស​ច្រើន​ទៀត​ ហើយ​ការ​នាំ​ស្រូវ​ចេញ ​ខ្ញុំ​គិត​ថា​មិន​ខកខាន​ដែរ ​ប៉ុន្តែ​គ្រាន់​ថា​បាន​ប៉ុន្មាន ​ឥត​ទាន់​វាយ​តម្លៃ​ច្បាស់»។

លោក ​យ៉ង ​សាំងកុមា​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍន៍​កម្ពុជា ​ដែល​ហៅ​កាត់​ថា ​CEDAC ​បាន​និយាយ​ថា ​នៅ​ខេត្ត​កំពង់ធំ ព្រៃវែង ​និង​សៀមរាប​ ដែល​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ជាង​គេ ​ការ​ប្រមូល​ផល​ស្រូវ​មិន​បាន​ល្អ​ទេ ​ក៏ប៉ុន្តែ​សម្រាប់​ទិន្ន័យ​នៅ​ទូទាំង​ប្រទេស​ ស្រូវ​ឆ្នាំ​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន។

«យ៉ាង​ក្នុង​រយៈពេល​ចុង​រដូវ​ក្រោយ​វិញ ​ជំហាន​ទិញ​ស្រូវ​នៅ​ស្រុក​ខ្មែរ​ ឥត​ច្រើន​ទេ​ ហើយ​ណា​មួយ​ទៀត​ធ្វើ​ម៉េច ​ឲ្យ​យើង​មាន​ស្រូវ​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន​ ដើម្បី​ទុក​នាំ​អង្ករ​ចេញ ​វា​ចំណេញ​ជាង។ អាហ្នឹង​ជា​បញ្ហា​ដែរ​យើង​ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្រើន»។

លោក ​គង់ ​ពុទ្ធារ៉ា ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ ​និង​ព័ត៌មាន ​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា ​រហូត​មក​ដល់​ពេល​នេះ ​លោក​មិន​ទាន់​បាន​ទិន្ន័យ​នៃ​ការ​នាំ​ស្រូវ​ទៅ​ក្រៅ​ប្រទេស​ នៅ​ឡើយ​ទេ ​ក៏​ប៉ុន្តែ​លោក​រំពឹង​ថា ​ការ​នាំចេញ​ស្រូវ​ឆ្នាំ​នេះ ​នឹង​មាន​ការ​កើន​ឡើង។

«កំណើន​ដូច​យឺត​បន្តិច ​ប្រៀប​ដូច​ជា​ទំនិញ​មួយ​ដែល​រដ្ឋាភិបាល​ជំរុញអី​ទេ​ព្រោះ​អី​អា​នេះ​ស្រូវ។​ គាត់​លក់​ជាមួយ​ឈ្មួញ​វៀតណាម។ ​គាត់​ទិញ​យក ​ទិញ​យក​តែ​ម្តង​ទៅ​ប្រុយ»។

លោក​បាន​មាន​ប្រសាសន៍​ថា ​មាន​តែ​វៀតណាម ​និង​ថៃ​0តែ​ប៉ុណ្ណោះ​ដែល​ជា​ទីផ្សារ​ធំ​បំផុត ​សម្រាប់​ការ​នាំចេញ​ស្រូវ​ពី​ប្រទេស​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

សាក្សី​បំភ្លឺ​ពី​ការ​ប្រមូល​កម្លាំង​របស់​ខ្មែរ​ក្រហម​នៅ​តំបន់​ជនជាតិ​ភាគតិច

Posted: 06 Dec 2011 08:02 AM PST

អតីត​អនុគណៈ​ស្រុក​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​បាន​យក​តំបន់​ជនជាតិ​ភាគតិច​ធ្វើ​ជា​ទីតាំង​តស៊ូ​ប្រដាប់​អាវុធ​ដោយសារ​តែ​ជន​ជាតិ​ភាគតិច​មាន​ការ​យល់ដឹង​តិចតួច។

លោក ​ក្លាន ហ៊្វីត ជា​អតីត​អនុគណៈស្រុក​នៃ​ស្រុក​អណ្ដូងមាស ​ខេត្ត​រនគីរី​ និង​ជា​ជនជាតិ​ដើម​ក្រចក់។ គាត់​គឺ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​នៅ​ក្នុង​សំណុំរឿង​ ០០២។ លោក ​ក្លាន​ ហ៊្វីត​ បាន​និយាយ​នៅ​ក្នុង​ការ​កាត់ទោស​ នួន ជា ខៀវ សំផន និង អៀង សារី ​នៅ​រសៀល​នេះ​ថា ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​បាន​ដឹង​ពី​ភាព​ល្ងង់ខ្លៅ​របស់​ជនជាតិ​ភាគតិច​ដែល​ជា​អំណោយផល​សម្រាប់​ការបង្កើត​មូលដ្ឋាន​តស៊ូ​នៅ​ទីនោះ។

«ដោយសារ​គេ​ក្ដាប់ (ដឹង) ខាង​នោះ វា​ល្ងង់ល្ងិត ​អត់ដឹង​ថា ​ខ្មាំង​អត់ដឹង​ថា ​បដិវត្តន៍»។

លោក ​ក្លាន ​ហ្វ៊ីត ​បាន​សារភាព​ថា ​គាត់​ខ្លួន​ឯង​មិន​ចេះ​អក្សរ​ខ្មែរ​ទេ ​ភាសា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​គាត់​គឺ​ជា​ភាសា​ជនជាតិ​ក្រចក់។ លោក​បញ្ជាក់​ថា​ ពួក​ខ្មែរក្រហម​បាន​មក​អូស​ទាញ​រូប​គាត់​ឲ្យ​ចូល​ក្នុង​ចលនាបដិវត្តន៍​កុម្មុយនីស្ដ​ដោយ​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចូល​តស៊ូ​ប្ដូរ​របប​មួយ​ វាយ​រំលំ​ការ​ជិះជាន់ ​និង​ការ​កេងប្រវ័ញ្ច។ ក៏​ប៉ុន្ដែ​គាត់​មិន​បាន​យល់​ថា​ អ្វី​ទៅ​ជា​បដិវត្តន៍​នោះ​ទេ។

«គេថា បើ​យើង​ធ្វើ​បដិវត្តន៍។ យើង​ឥត​មាន​ជីវិត​រស់​ទេ។ យើង​ធ្វើ​បដិវត្តន៍​ហ្នឹង​គឺ​ដើម្បី​រំដោះ​ជាតិ​ខ្លួន​ឯង។ មិន​ឲ្យ​ខ្មាំង​ជិះជាន់។ ពួក​សក្ដិភូមិ​កាន់កាប់​រដ្ឋអំណាច​ សង្កត់សង្កិន។ ខ្ញុំ​មិន​ដឹង​ថា​បក្ស​ហ្នឹង​វា​យ៉ាងម៉េច​ មិន​ដឹង​ថ្ម ​មិន​ដឹង​ទឹក មិន​ដឹង​ឈើ។ ធ្វើ​បដិវត្តន៍​កុម្មុយនីស្ដ​ដោយសារ​នោះ​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ងាប់​ច្រើន។ សុទ្ធ​តែ​គណៈភូមិភាគ​ គេ​វាយ​ចោល​ដែរ​ មិន​ដឹង​រឿង​អី»។

លោក ​ក្លាន​ ហ៊្វីត ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​ភូមិ​ខ្មែរក្រហម​ នៅ​ក្នុង​សម័យ​តស៊ូ ​និង​ទៅ​ជា​អនុគណៈ​ស្រុក​នៅ​ឆ្នាំ​១៩៧៦​ គឺ​ក្រោយពេល​ដែល​ពួកខ្មែរក្រហម​ឡើង​កាន់​អំណាច។ គាត់​បាន​រៀបរាប់​ថា​ អៀង ​សារី ​បាន​ណែនាំ​រូប​គាត់​កុំ​ឲ្យ​ប្រើ​ពាក្យ​យួន ​នៅ​ក្នុង​ការ​ហៅ​ប្រទេស​វៀតណាម​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មិត្តភាព ​ហើយ​ត្រូវ​ចាត់ទុក​ថា វៀតណាម​ និង​ឡាវ​ គឺ​ជា​ប្រទេស​បង​ប្អូន។

ក៏ប៉ុន្ដែ​ក្រោយ​មក ​នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច ​រូប​គាត់​ត្រូវ​ខ្មែរក្រហម​ចាប់​ខ្លួន​ដាក់​គុក ​នៅ​ឆ្នាំ​១៩៧៨ ​ដោយ​ចោទ​ប្រកាន់​ថា ​គឺ​ជា​អ្នក​គាំទ្រ​វៀតណាម។ ជាមួយ​គ្នា​នោះ ​លោក​បាន​ទទួល​វគ្គបណ្ដុះ​បណ្ដាល​ ផ្នែក​ទ្រឹស្តី​នយោបាយ​ពី​ នួន ​ជា ​ចំនួន​ពីរ​ដង។ លោក ​ក្លាន ​ហ្វ៊ីត ​បន្ថែម​ថា​ តាម​ពិត​ពួក​ខ្មែរក្រហម​ បាន​ចាប់​ផ្ដើម​បំបិត​សេរីភាព​ជំនឿ​របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគតិច​ នៅ​មុន​ពេល​ពួក​គេ​ឡើង​កាន់​អំណាច ​ហើយ​បាន​បង្កើត​ឲ្យ​មាន​សហករណ៍​នៅ​ឆ្នាំ​១៩៧៦​ និង​បន្ទាប់​មក​ជម្លៀស​ជន​ជាតិ​ភាគតិច​ចេញ​ ពី​​ភូមិ​កំណើត​របស់​គេ។

លោក​ ក្លាន​ ហ៊្វីត ​បាន​បញ្ជាក់​ថា ​នួន ​ជា ​អៀង ​សារី​ ប៉ុល ​ពត ​គឺ​ជា​មេដឹកនាំ​ដំបូង​ក្នុង​តំបន់​១០១​នៅ​ក្នុង​ខេត្ត​រតនគិរី។

សូម​បញ្ជាក់​ថា ​ការ​កាត់ក្ដី​ក្នុង​សំណុំរឿង ​០០២​ នៅ​ថ្ងៃ​នេះ​ នួន​ ជា ​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ដក​ខ្លួន ​ពី​​បន្ទប់​សវនាការ​ នៅ​ពេល​រសៀល​ បន្ទាប់​ពី​គាត់​បាន​ត្អូញត្អែរ​ពី​សម្ពាធឈាម ​និង​បញ្ហា​បេះដូង។ មុន​នឹង​ការ​ចាកចេញ​ពី​បន្ទាប់​សវនាការ ​នួន​ ជា ​បាន​អះអាង​ឡើង​វិញ​ថា ​ការ​ធ្វើ​បដិវត្ត​របស់​ក្រុម​ខ្មែរក្រហម​គឺ​ដើម្បី​បោសសម្អាត​ «កម្អែល អាណានិគម​បារាំង​ និង​កម្ចាត់​ឈ្មួញ​នាយទុន​សក្ដិភូមិ»។

នួន ​ជា ​បញ្ជាក់​ពី​នយោបាយ​ស្អាតស្អំ​ថា ​គោលការណ៍​របស់​ខ្មែរក្រហម​គឺ «មិនមែន​យក​មនុស្ស​ជា​សត្រូវ​នោះ​ទេ​គឺ​ការ​ប្រព្រឹត្តិ​របស់​គេ​ត្រូវ​ចាត់​ទុក​ជា​សត្រូវ»៕

This posting includes an audio/video/photo media file: Download Now

ហ៊ុន សែន៖ ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្តល់​សច្ចធម៌​ដល់​វៀតណាម

Posted: 06 Dec 2011 07:35 AM PST

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ហៅ​ថា​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​​ខ្មែរក្រហម​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​សច្ចធម៌​ដល់​ប្រទេសវៀត​ណាម។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ​ង្វៀន​ ផូត្រុង​ (Nguyen Phu Trong) ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​វៀតណាម​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​នេះ។

លោក​ អ៊ាង ​សុផល្លែត ​អ្នក​នាំពាក្យ​របស់​លោក​នាកយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ក្រោយ​ពី​ជំនួប​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា ៖

«ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ​រួម​មាន​លោក​ខៀវ ​សំផន​ លោក​ នួន​ ជា ​និង​លោក​ អ៊ៀង ​សារី ​គឺ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​សម្រាប់​វៀតណាម។ ការ​កាត់ទោស​នេះ​របស់​ប៉ុល ​ពត​ គឺ​បញ្ជាក់​ដល់​ការ​ជួយ​របស់​វៀតណាម​មក​ដល់​កម្ពុជា​គឺ​មាន​ភាពត្រឹមត្រូវ»

ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ជាន់​ខ្ពស់​វៀតណាម​នេះ​ បាន​កើត​មាន​ឡើង​ខណៈ​ដែល​លោក​នួន​ ជា ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ទី​ពីរ​ នៃ​របប​ខ្មែរក្រហម ​បន្ទាប់​ពី​ប៉ុល​ ពត ​បាន​ស្តី​បន្ទោស​ប្រទេស​វៀតណាម​ចំពោះ​អំពើ​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយ​លោក​នួន​ ជា​ បាន​អះអាង​ថា​កងទ័ព​វៀតណាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ បាន​បដិសេធ​ចោទ​ប្រកាន់​នេះ។ មេដឹកនាំ​ជាន់​ខ្ពស់​បក្សកុម្មុយនីស្ត​វៀតណាម​ រូប​នេះ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ព្រះមហាក្សត្រ​ នរោត្តម ​សីហមុនី ​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ លោក ​ងួន​ ញិល ​អនុប្រធាន​រដ្ឋសភា ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​សំដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​និង​ស្ថេរភាព​រវាង​ប្រទេស​ទាំង​ពីរ។

ដំណើរទស្សនកិច្ច​របស់​លោក ​ង្វៀន​ ផូត្រុង​ នេះ​ ផ្តោត​លើ​ការ​លើក​កម្ពស់​ការអនុវត្ត​កិច្ចព្រមព្រៀង​នានា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ និង​ថែរក្សា​បរិយាកាស​សន្តិភាព​ និង​ ស្ថិរភាព​យូរអង្វែង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ​ព្រមទាំង​ធានា​ឯករាជ្យភាព ​និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ។

លោក​ អ៊ាង ​សុផល្លែត ​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​និង​លោក​ ផូត្រុង​ បាន​ព្រមព្រៀង​គ្នា​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

«(លោក​ផូត្រុង​)​ បាន​ស្នើសុំ​ដល់​រដ្ឋាភិបាល​ទាំងពីរ​ពិនិត្យ​ និង​ជំរុញ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​ ៥.០០០​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​២០១៥»

លោក ​អ៊ាង​ សុផល្លែត ​បាន​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ឯកភាព​តាម​ការ​លើក​ឡើង​របស់​លោក​ផូត្រុង។

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដល់​១.៩០០​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ​២០១០​ ដែល​ត្រូវ​បាន​គ្រោង​ឡើង​ដល់​២.៤០០​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ។

រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​វៀតណាម​មាន​គម្រោង​ចំនួន​៩៨​ នៅ​កម្ពុជា​ដោយ​មាន​ទឹកប្រាក់​២.២០០​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​វិស័យ​ផ្សេងៗ​ជា​ច្រើន ​រួមមាន​អាកាសចរណ៍ ​ដំណាំ​កៅស៊ូ ​និង​ធនាគារ៕

This posting includes an audio/video/photo media file: Download Now

សៀវភៅ​បង្ហាញ​ការ​បំពាន​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរក្រហម​

Posted: 06 Dec 2011 12:44 AM PST

នៅ​ពេល​ដែល​ព័ត៌​មាន​នា​នា​ បាន​ផ្សាយ​អំពី​ការ​ចាប់រំលោភ​ផ្លូវ​ភេទ​ក្នុង​សម័យ​បច្ចុប្បន្ន ការ​រំលោភ​ទាំងនេះ​មិន​ត្រូវ​បាន​ឮ​ទេ​នៅ​ក្នុង​របប​កុម្មុយនីស្ដ​បែប​ម៉ៅ​និយម​របស់​ពួក​ខ្មែរ​ក្រហម​នោះ។ វា​ជា​របប​មួយ​ដែល​ត្រូវ​បាន​អះអាង​ថា ​អំពើ​អសីលធម៌​ផ្លូវភេទ​នឹង​ត្រូវ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​បំផុត​រហូត​ដល់​សម្លាប់​ចោល។

ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរក្រហម​បាន​កប់ជ្រៅ​ក្នុង​ភាព​សម្ងាត់​អស់​រយៈពេល​បី​ទសវត្សរ៍​មក​ហើយ។ ប៉ុន្ដែ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «អាថ៌កំបាំង​នៃ​ហិង្សា​ផ្លូវភេទ​ក្រោម​របប​ខ្មែរ​ក្រហម» អាច​ក្លាយ​ជា​ភ័ស្ដុតាង​មួយ​ដែល​បំបែក​អតីតកាល​នោះ។

សៀវភៅ​នេះ​ទើប​នឹង​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១១ ​ដោយ​អង្គការ​ក្រុម​អ្នក​ច្បាប់​​ការពារសិទ្ធិ​កម្ពុជា​បន្ទាប់​ពី​ស្រាវជ្រាវ​អស់រយៈ​ពេល​ពីឆ្នាំ។ សៀវភៅ​កម្រាស់​៦២​ទំព័រ​បាន​ស្រង់​សម្តី​សាក្សី​ចំនួន​១៨​នាក់​ដែល​បាន​ឃើញ​សាច់​ញាតិ​របស់​ខ្លួន​ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​រំលោភ ​ឬ​ឃើញ​ស្ដ្រី​ដទៃ​ត្រូវ​ពួក​នោះ​ចាប់​រំលោភ​ និងអ្នក​​ដែល​បានរង​ការ​រំលោភ​ផ្លូវភេទ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ជនរងគ្រោះ​ទាំង​នោះ​កំពុង​រស់​នៅ​ក្នុង​រាជធានី និង​ខេត្ត​ចំនួន​១១​គឺ​ក្រុងភ្នំពេញ ​ពោធិ៍សាត់​ បាត់ដំបង ​កោះកុង ​កំពង់ស្ពឺ ​តាកែវ ​កំពត ​កណ្ដាល ព្រៃវែង​ ស្វាយរៀង ​និង​ខេត្ត​កំពង់ចាម។

នេត ​សាវឿន ​ជា​ស្ដ្រី​អភ័ព្ទ​ម្នាក់​ ដែល​ត្រូវ​ស្រង់​សម្តី​ក្នុង​សៀវភៅ​នោះ។ អ្នក​ស្រុក​ស្វាយទៀប ​ខេត្ត​ស្វាយរៀង​រូប​នេះ​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់។ នៅ​ចុង​ឆ្នាំ​១៩៧៨ ​គាត់​មាន​​អាយុ ​ប្រហែល​២២​ឆ្នាំ​ ហើយ​ត្រូវ​ពួក​ខ្មែរក្រហម​នាំខ្លួន​ជា​មួយ​ស្ដ្រី​២៩​នាក់​ផ្សេង​ទៀត​ យក​ទៅ

​សម្លាប់​ចោល។ អ្នកស្រី​នេត ​សាវឿន ​រៀបរាប់​ថា ​ស្រ្ដី​ដែល​មាន​រូបរាង​ស្អាត​ ក្នុង​ចំណោម​នោះ​សុទ្ធ​តែ​ត្រូវ​បាន​រំលោភ ​រួច​ទើប​វាយ​សម្លាប់ចោល​នឹង​ផ្លែ​ពូថៅ​។ ​លុះ​ដល់​ពាក់​កណ្ដាល​អាធ្រាត​ទើប​ដល់​វេន​រូប​គាត់​ត្រូវ​យក​ទៅ​សម្លាប់។ ​អ្នកស្រី​ សាវឿន ​បញ្ជាក់​ថា ​ឃាតករ​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​ បាន​ចាប់​រំលោភ​គាត់​ទាំង​ដៃ​របស់​គាត់​ជាប់​ចំណង។ បន្ទាប់​មក​រូប​គាត់​ត្រូវ​ពួក​ខ្មែរក្រហម​កាប់​ក្បាល​ចំនួន​បី​ពូថៅ​ដើម្បី​សម្លាប់​ចោល​ ហើយ​ពួក​គេ​ក៏​បាន​ចាកចេញ​ទៅ។ លុះ​ជិត​ភ្លឺ​គាត់​បាន​ដឹង​ខ្លួន​ឡើងវិញ។ ខ្លួន​របស់​គាត់​អាក្រាត ​គ្មាន​សម្លៀក​បំពាក់ ​និង​ប្រឡាក់​ដោយ​ឈាម​ពាសពេញ។ នៅ​ជុំវិញ​ខ្លួន​គាត់​គឺ​សុទ្ធ​សឹង​ជា​សាកសព​ស្ដ្រី​ ដែល​នាំ​យក​ទៅ​សម្លាប់​ជាមួយ​គាត់។

លោក​ ដូង ​សាវ៉ន ​មេធាវី​មួយ​រូប​របស់​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​និង​អ្នក​និពន្ធ​សៀវភៅ​ "​អាថ៌កំបាំង​នៃ​ហិង្សា​ផ្លូវ​ភេទ​ក្រោម​របប​ខ្មែរក្រហម​" ​បាន​រៀបរាប់​ថា ​ការ​រៀបរៀង​សៀវភៅ​នេះ​ឡើង​គឺ​ដើម្បី​លាតត្រដាង​ការ​ខ្វះ​ចន្លោះ​មួយ​ ដែល​គេ​មិន​បាន​រំលឹក​ដល់។

«នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ហ្នឹង​មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​និយាយ ឬ​ក៏​ដឹង​រឿង​ហ្នឹង។ ជនរងគ្រោះ​ខ្លួន​ឯង​ក៏​មិនមាន​ឱកាស​និយាយ​ចេញ​មក​សម្រាប់​សាធារណជន​បាន​ដឹង​ដែរ។ ​ដូច្នេះ​យើង​ចងក្រង​សៀវភៅ​នេះ​ឡើង​សម្រាប់​ប្រយោជន៍​មនុស្ស​ទូទៅ​ និង​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ពី​រឿង​ហិង្សា​ផ្លូវ​ភេទ​នេះ»។

សៀវភៅ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ក្រោយ​ពី​​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​០០២​ ដ៏​មាន​សារៈសំខាន់​ ហើយ​មាន​ជន​ជាប់​ចោទ​ជា​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ ដែល​ក្នុង​នោះ​រួមមាន​ នួន​ ជា ខៀង សំផន អៀង ​សារី​ និងអៀង ធីរិទ្ធ។

យោង​តាម​សៀវភៅ​ដដែល​នេះ ​ការ​រំលោភ​ផ្លូវភេទ​បាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​ ហើយ​វា​បន្ដ​រហូត​ដល់​ខែ​មករា​ ឆ្នាំ​១៩៧៩។ ស្រ្ដី​ខ្លះ​ត្រូវ​គេ​ប៉ុនប៉ង​ចាប់​រំលោភ​សេពសន្ធវៈ ​រួច​ទើប​សម្លាប់​ចោល ខ្លះទៀត​ត្រូវ​រំលោភ​ក្នុង​ពេល​យក​ទៅ​សម្លាប់ និង​មួយ​ចំនួន​ទៀត​ទទួល​រង​ការរំលោភ​ផ្លូវភេទ​ម្ដង​ហើយ​ម្ដងទៀត​ ក្នុង​អំឡុង​ដែល​គាត់​រស់នៅ​ក្នុង​សម័យ​ខ្មែរក្រហម។

អ្នកស្រី​ លាង ​កន អាយុ​៥៩​ឆ្នាំ​ដែល​ពេល​នោះ​រស់​នៅ​ស្រុក​ដំណាក់ចង្អើរ ​ខេត្ត​កំពត បាន​ទទួល​រង​អំពើ​ហិង្សា​បែប​នេះ​នៅ​ខែ​មករា ​ឆ្នាំ​១៩៧៩។ ពេល​ព្រលប់​មួយ​មាន​កង​ឈ្លប​ម្នាក់​អាយុ​ប្រហែល​ជា​១៥​ឆ្នាំ​ បាន​មក​ហៅ​គាត់​ឲ្យ​ទៅ​ជួប​មេ​របស់​គេ ​ហើយ​ក្រោយ​មក​គាត់​ត្រូវ​ពួក​ឈ្លប​ខ្មែរក្រហម​ចាប់​សម្រាត​ខោ​អាវ​ និង​រំលោភ​នៅ​ក្នុង​ព្រៃ​ ដោយ​ពួក​ឈ្លប​ក្មេងៗ​ជា​អ្នក​ចាប់​ដៃ​ និង​ជើង​របស់​គាត់។ ​នៅ​ពេល​នោះ​គាត់​អាយុ​២៦​ឆ្នាំ ​ហើយ​គាត់​បាន​ទទួលរង​ការវាយដំ​យ៉ាងខ្លាំង​នៅ​ពេល​ដែល​រូប​គាត់​បាន​ព្យាយាម​រើបម្រះ។ ពួក​ឈ្លប​ចំនួន​បី​នាក់ ​ដែល​មាន​មាឌ​ធំៗ​ អាយុ​ប្រហែល​៣០​ឆ្នាំ ​បាន​ចាប់​រំលោភ​ គាត់​រហូត​ដល់​គាត់​សន្លប់។ ជា​អកុសល​មួយ​ថ្ងៃ​មុន​ថ្ងៃ​រំដោះ​គឺ​នៅ​ថ្ងៃ​ទី​៦ ​ខែ​មករា​ អ្នកស្រី​ លាង​ កន​ ទទួលរង​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ​ ដោយ​​កង​ឈ្លប​ពួក​ខ្មែរក្រហម​ចំនួន​បី​នាក់​រហូត​ដល់​សន្លប់​ម្ដង​ទៀត។ របៀប​រំលោភ​ប្រព្រឹត្តិ​ទៅ​ដូច​មុន​ដែរ។ ពួក​កង​ឈ្លប​ចាប់​ហែក​អាវ​របស់​គាត់ ​និង​សម្រាត​ខោ ​និង​មួយ​ចំនួន​ចាប់​ដៃ​គាត់ និង​សង្កត់​ជើង​របស់​គាត់។ ពេលនោះ​ពួក​ខ្មែរក្រហម​ក៏​បាន​នាំ​ស្ដ្រី​ចំនួន​បី​នាក់​ទៀត​ទៅ​ជាមួយ​គាត់​ដែរ​ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ ស្ដ្រី​បី​នាក់​ទៀត​នឹង​ជួប​ប្រទះ​រឿង​អ្វី​នោះ​ទេ។ ​អ្នកស្រី​ លាង​ កន ​បច្ចុប្បន្ន​រស់​នៅ​ខេត្ត​កោះកុង។

ប៉ុន្ដែ​រឿង​អាស្រូវ​នេះ ​ក្រៅពី​រូប​ជន​ល្មើស​ និង​ជន​រងគ្រោះ​ផ្ទាល់ ​គ្មាន​អ្នក​ណា​បាន​ដឹង​ទេ​ពី​មុន​មក។ ការ​លាក់រឿង​នេះ​ទុក​ហាក់​ដូចជា​ធ្វើ​ឲ្យ​គេ​មើល​មិន​ឃើញ​ថា ​ពួក​កម្មាភិបាល​ខ្មែរក្រហម​បាន​រំលោភ​លើ​គោលការណ៍​ដ៏​ផ្ដាច់ការ​របស់​ពួក​គេ។

អ្នក​និពន្ធ​សៀវភៅ «អាថ៌កំបាំង​នៃ​ហិង្សា​ផ្លូវភេទ​ក្រោម​របប​ខ្មែរក្រហម» លោក​ ដួង ​សាវន​ លើក​ឡើង​ថា ​ការ​រំលោភ​សេពសន្ធវៈ​គឺ​ជា​រឿង​ដែល​ពិបាក​ហ្នឹង​និយាយ​ចេញ​មក​សម្រាប់​ជន​រងគ្រោះ​ក្នុង​សង្គម​ខ្មែរ។

«រឿង​ហិង្សា​ផ្លូវ​ភេទ​មិន​សូវ​មាន​អ្នកណា​និយាយ ​ហើយ​ជន​រងគ្រោះ​ខ្លួន​ឯង​ ពិបាក​ហ្នឹង​និយាយ​ចេញ​​ការ​ខ្មាសអៀន​ជា​រឿង​មួយ ​ហើយ​ការ​ឈឺ​ចាប់​ក៏​ជា​រឿង​មួយ​ដែរ។ ហើយ​គាត់​ឈឺ​ចាប់​ផ្លូវកាយ ​ផ្លូវ​ចិត្ត​ដែល​នៅ​ជាមួយ​ពួក​គាត់​ជានិច្ច។ តាម​ការស្រាវជ្រាវ​អំពើ​ហិង្សា​នេះ​មាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់»។

អំពើ​ហិង្សា​ផ្លូវភេទ​បែប​នេះ​មិន​ស្ថិត​ក្នុង​ចំណាត់ការ​របស់​សាលាក្ដី​ខ្មែរក្រហម​ទេ។ ក្រុម​ចៅក្រម​ស៊ើបអង្កេត​ធ្លាប់​បាន​បង្ហាញ​ថា ​ការ​រំលោភ​ផ្លូវភេទ​មិនមែន​ជា​គោលនយោបាយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ធ្លាប់​បាន​ជំរុញ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ចាត់​ទុក​ថា​ ការ​រំលោភ​ផ្លូវភេទ​គឺ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ ដែល​ប្រព្រឹត្តិឡើង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម។ ក្រុម​អង្គការ​បាន​បន្ទោស​ថា សាលាក្ដី​ខ្មែរក្រហម​បាន​ខកខាន​ក្នុង​ការស៊ើបអង្កេត​ករណី​នេះ​ ក្នុង​សំណុំរឿង​០០១ ករណី​ឌុច។ ផ្ទុយ​ទៅវិញ​ការរំលោភ​ផ្លូវភេទ​បាន​កើត​មាន​ឡើង​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ ដែល​មាន​អ្នកទោស​យ៉ាង​តិច​១២.៣៨០ ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​ចោល។

អ្នកស្រី ​ណាំ ​ម៉ុន ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាមគឺ​ជា​បុគ្គលិក​ចែក​ថ្នាំពេទ្យ​នៅ​មន្ទីរស​២១ ​ហើយ​ក្រោយ​មក​គាត់​បាន​ក្លាយ​ជា​អ្នក​ទោស​នៅ​ទីនោះ​ដែរ។ ម្ដាយ​ឪពុក ​និង​បង​ប្រុស​របស់​គាត់​ពីរ​នាក់​ត្រូវ​សម្លាប់​ក្នុង​គុក​ទួលស្លែង​នេះ។ គាត់​ត្រូវ​សន្ដិសុខ​ម្នាក់​ដែល​ជា​មនុស្ស​ជំនិត​របស់​ឌុច​ ប្រធាន​គុក​ទួលស្លែង​ចាប់​រំលោភ​ក្នុង​បន្ទប់​ឃុំឃាំង​ទាំង​ជើង​ម្ខាង​របស់​គាត់​ជាប់​ខ្នោះ។ នៅ​ពេល​នោះ​គាត់​អាយុ​១៧​ឆ្នាំ។ ជន​ប្រព្រឹត្តិ​បទល្មើស​បាន​ចូល​ក្នុង​បន្ទប់​ឃុំឃាំង​នៅ​ពេល​យប់​មួយ​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ​ហើយ​បាន​បញ្ជា​ឲ្យ​គាត់​ដេក​ផ្ងា​ និង​បន្ទាប់​មក​ជន​នោះ​ ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​រូប​គាត់​ដែរ​បាន​ដោះ​ខោអាវ​របស់​គាត់​រួច​ក៏​ចាប់​ផ្ដើម​រំលោភ។ អ្នកស្រី ​ណាំ ​ម៉ុន ​គឺ​ជា​សាក្សី​ម្នាក់​ក្នុង​សំណុំរឿង​០០១ ​ករណី ​ឌុច។ គាត់​បាន​ជួប​ជាមួយ​អ្នក​រំលោភ​គាត់​ម្ដងទៀត​នៅ​ពេល​គាត់​ផ្ដល់​សក្ខី​កម្ម​ដល់​សាលាក្ដី​ខ្មែរក្រហម​នៅ​ឆ្នាំ​២០០៨។ ប៉ុន្ដែ​ជន​រូប​នោះ​អះអាង​ថា ​មិន​ចំណាំ​រូប​គាត់​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ជន​ជាតិ​ជប៉ុន ​លោកស្រី ​ណាកាវ៉ា ​កាស៊ូមិ ​( Nakawa Kasumi) ​បាន​បង្ហាញ​ក្នុង​របាយការណ៍​នៅ​ឆ្នាំ​២០០៩​ ថា​ យ៉ាង​ហោច​ណាស់​មាន​ស្ដ្រី​កម្ពុជា​ចំនួន​២សែន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។ ​ហើយ​មាន​ការ​រំលោភ​ផ្លូវភេទ​ជា​ក្រុម ​និង​ការ​បង្ខំ​ឲ្យ​រួមភេទ​ក្រោយ​ពី​ការរៀបការ​ដោយ​បង្ខំ។

សៀវភៅ «អាថ៌កំបាំង​នៃ​ហិង្សា​ផ្លូវភេទ​ក្រោម​របប​ខ្មែរក្រហម» ក៏​បាន​បង្ហាញ​ការ​បង្ខំ​ឲ្យ​រៀបការ​នៅ​មន្ទីរ​ឃុំឃាំង​ចំនួន​ពីរ​គូ​ដែរ។ គូ​ស្វាមី​ភរិយា​ទាំង​នោះ​ត្រូវ​បង្ខំ​ឲ្យ​រួម​ភេទ។ សៀវភៅ​ក៏​បាន​បង្ហាញ​ពី​ការ​ប៉ុនប៉ង​រំលោភ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ផង​ដែរ។ ជន​រងគ្រោះ​ម្នាក់ៗ​ក្នុង​សៀវភៅ​បាន​រំលឹក​ការ​ឈឺចាប់​ និង​ភាព​ធូរស្បើយ​ក្នុង​អារម្មណ៍​នៅ​ពេល​ដែល​ពួក​គាត់​បាន​រំលឹក​អនុស្សាវរីយ៍​ នៃ​សុបិន្ដ​អាក្រក់​ទាំង​នោះ។

ប៉ុន្ដែ​លោក ​ដួង​ សាវន ​ហាក់​ដូចជា​ខកចិត្ត​នៅ​ពេល​ដែល​តុលាការ​មិន​ទទួល​យក​បណ្ដឹង​របស់​ជន​រងគ្រោះ​ក្នុង​បទរំលោភ​នេះ។

«យើង​មាន​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​រំលោភ​នេះ​ ចូល​ក្នុង​សាលាក្ដី​ (​ខ្មែរក្រហម​) ​ដែរ​ ក៏​ប៉ុន្ដែ​សាលាក្ដី​មិន​បាន​ចោទ​ប្រកាន់​លើ​មេដឹកនាំ​ជាន់​ខ្ពស់​ទាក់ទង​ នឹង​ការ​រំលោភ​នោះ​ទេ។ ​មាន​តែ​ការ​បង្ខំ​ឲ្យរៀបការ​ប៉ុណ្ណោះ​ទេ ​ដែល​សាលាក្ដី​នេះ​យក​មក​ពិចារណា។​ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ជន​រងគ្រោះ​ដែរ»។

ទោះ​ជា​យ៉ាងណា​លោក​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​អះអាង ​ការ​រំលោភ​សេពសន្ធវៈ ​ស្ថិត​ក្នុង​ចង្កោម​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែរ ​ហើយ​តុលាការ​ទំនង​ជា​អាច​ពិចារណា​ជាមួយ​នឹង​បទ​ចោទ​ ដែល​ទាក់ទង​នឹង​ការ​បង្ខំ​ឲ្យ​រៀបការ។

ក្រុម​ស្ដ្រី​រងគ្រោះ​ពី​ការ​រំលោភ​បែប​នេះ​ចំនួន​បី​នាក់ ​និង​បុរស​ម្នាក់ ​ដែល​បាន​ឃើញ​ពួក​ខ្មែរក្រហម​ចាប់​បងស្រី​របស់​គាត់​រំលោភ​ និង​ធ្វើ​ទារុណកម្ម​ផ្ទាល់​នឹង​ភ្នែក ​ជនរងគ្រោះ​ទាំង​នេះ​នឹង​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ​និង​ទី​៨​ ខែ​ធ្នូ​នេះ ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្ហាញ​ពី​បទពិសោធន៍​ជូរ​ចត់​ដែល​ពួក​គេ​បាន​ជួប​ប្រទះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៦ ធ្នូ យប់

Posted: 06 Dec 2011 07:47 AM PST

អាហ្វហ្គានិស្ថាន​៖ ពួក​មន្ត្រី​អាហ្វហ្គានិស្ថាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ ៤៨​នាក់​ រួម​បញ្ចូល​ទាំង​ស្ត្រី​និង​កុមារ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​ទៅ​លើ​ទី​សក្ការបូជា ​Shi'ite​ នៅ​កណ្តាល​ក្រុង​ Kabul។ ​មាន​មនុស្ស​ជាង​១០០​នាក់​ក៏​បាន​ត្រូវ​របួស​ផង​ដែរ​ក្នុង​ហេតុការណ៍​ផ្ទុះ​នេះ។

អឺរ៉ុប​៖ លោក​ស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel និង​លោក​ប្រធានាធិបតី​បារាំង​​Nicolas Sarkozy បាន​ជំរុញ​ជា​ថ្មី​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ ក្រោយ​ពី​ទី​ភ្នាក់ងារ​ឥណទាន​ Standard and Poor's បាន​និយាយ​ថា​ ពួក​គេ​ប្រហែល​បន្ថយ​អត្រា​រូបិយវត្ថុ​នៅ​ទូទាំង​តំបន់​នោះ។​

ទ្វីបអាស៊ី​៖ ភាគ​ហ៊ុន​ក្នុង​ទ្វីប​អាស៊ី​បាន​ចុះ​ថ្លៃ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្រោយ​ពី​ទី​ភ្នាក់ងារ​ផ្តល់​អត្រា​រូបិយវត្ថុ​ Standard and Poor's បាន​និយាយ​ថា​ពួក​គេ​ប្រហែល​បន្ទាប​អត្រា​ក្នុង​ប្រទេស​១៥​នៃ​តំបន់​អឺរ៉ុប​ប្រសិន​បើ​ពួក​មេដឹកនាំ​អឺរ៉ុប​មិន​អាច​មាន​ផែនការ​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​ក្នុង​តំបន់​ទេ​នោះ។

ស៊ីរី​៖ សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ ពួក​គេ​កំពុង​ពិចារណា​លើ​សំណើ​មួយ​របស់​ប្រទេស​ស៊ីរី​ដែល​ផ្តល់​ការ​អនុញ្ញាត​មាន​ល័ក្ខខ័ណ្ឌ​ ឱ្យ​ពួក​អ្នក​សង្កេត​ការណ៍​ចួល​ទៅ​ក្នុង​ប្រទេស​ដើម្បី​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​តាម​កិច្ច​សន្យា​របស់​ខ្លួន​មួយ​លើ​ប្រធានបទ​បញ្ឈប់​ការ​បង្ក្រាប​ចលនា​បះបោរ​លម្អៀង​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កើត​ឡើង​អស់​រយៈពេល​៩​ខែ​មក​ហើយ។

អេហ្ស៊ីប​៖ ប្រទេស​អេហ្ស៊ីប Egypt កំពុង​ស្ថិត​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ការ​បោះឆ្នោត​ជា​ថ្មី​របស់​ខ្លួន​ ដើម្បី​ជ្រើស​រើស​សាមាជិក​សភា​ខណៈ​ដែល​គូ​ប្រជែង​គណបក្ស​អ៊ីស្លាម​និយម​បាន​ចូល​រួម​ប្រកួត​ខ្លាំង​ទ្បើងៗ​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​គាំទ្រ​នៅ​ក្នុង​ក្រុង​ធំ​បំផុត​ពីរ​របស់​ប្រទេស​និង​ខេត្ត​៧​ផ្សេង​ទៀត។

<!--AV-->

This posting includes an audio/video/photo media file: Download Now

នួន ជា​ ចោទ​វៀតណាម​សម្លាប់​ខ្មែរ ​ហើយ​អះអាង​ថា​ខ្មែរ​ក្រហម​គ្មាន​កំហុស​ទេ

Posted: 05 Dec 2011 05:07 PM PST

អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​ គឺ​នួន​ ជា ​បាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ក្លាយ​ខ្លួន​ជា​ជន​កុម្មុយនីស្ដ​​របស់​គាត់​គឺ​ដោយសារ​ការ​ឈឺ​ចាប់​និង​ការ​ជិះជាន់​ក្នុង​សង្គម ​ ហើយ​លោក​បន្ដ​បកស្រាយ​ថា​ ខ្មែរក្រហម​គ្មាន​កំហុស​នោះ​ទេ។

នៅ​ក្នុង​ការ​កាត់ក្ដី​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ដោយ​ផ្ដោត​លើ​ប្រវត្តិ​សាវតារ​នៃ​កំណើត​បក្ស​កុម្មុយនីស្ដ​កម្ពុជា ​អតី​ប្រធាន​សភា​ខ្មែរក្រហម​នេះ​បាន​រៀបរាប់​ថា ​ខ្លួន​បាន​បណ្ដុះ​គំនិត​តស៊ូ​ក្រោម​ការ​ជិះជាន់​ពី​បារាំង​ និង​ពី​ខ្មែរ​ដូច​គ្នា​ក្រោម​របប​អាណានិគម​និយម​បារាំង។

«ដូច្នោះ​ហើយ​បាន​ជា​ខ្ញុំ​ស្អប់​ខ្ពើម​នូវ​ការ​ជិះជាន់ ​សង្កត់សង្កិន​របស់​អាណានិគម​និយម​បារាំង ​និង​របស់​ពួក​ម្ចាស់​ដី ​អ្នក​មាន​អំណាច ​ជា​ខ្មែរ​ដូច​គ្នា»។

<!--AV-->

នៅ​ក្នុង​សវនាការ​ នួន ​ជា​បាន​រៀបរាប់​ពី​ការ​យល់​ឃើញ​របស់​គាត់​ក្នុង​ការ​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​ដែល​ថា ​ចលនា​នេះ​នឹង​ជួយ​ប្រឆាំង​ និង​ផ្ដួល​រំលំ​នូវ​របប​ដែល​គាត់​ស្អប់​ខ្ពើម​នោះ។

ទោះ​ជា​យ៉ាង​ណា ​នួន​ ជា​បន្ដ​ការ​រិះគន់​លើ​ប្រទេស​វៀតណាម​ថា ​ប្រទេស​វៀតណាម​បាន​គ្រប់គ្រង​ចលនា​បក្ស​កុម្មុយនីស្ដ​កម្ពុជា ​ហើយ​នួន​ ជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នានា​មក​លើ​មេដឹកនាំ​ខ្មែរក្រហម ​និង​ទាមទារ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

«ដូច្នេះ​ទម្លាក់​ឧក្រិដ្ឋកម្ម​សង្រ្គាម​ សង្រ្គាម​ប្រល័យ​ពូជសាសន៍​ទាំង​អស់​នេះ​(ពីព្រោះ) ​វា​មិនមែន​ខ្មែរ​និង​ខ្មែរ​ទេ។ ​យួន​អ្នក​សម្លាប់​ខ្មែរ។ ​កុំ​ច្រឡំ។ ​កុំ​យល់​ថា ​ខ្មែរ​ក្រហម​អាក្រក់ ​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​ ខ្មែរ​ក្រហម​ជា​ឧក្រិដ្ឋ​កម្ម​សង្រ្គាម។ ​វា​អត់​សោះ»។

នួន​ ជា ​និង​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ផ្សេង​ទៀត​ គឺ​ អៀង ​សារី ​អតីត​ឧប​នាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ​និង​អៀង​ ធីរិទ្ធ ​ប្រពន្ធ​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​ សម្រាប់​សំណុំរឿង​០០២។ ​ប៉ុន្ដែ​អៀង ​ធីរិទ្ធ​ មិន​ត្រូវ​តុលាការ​សម្រេច​ថា ​ពុំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស​នោះ​ទេ។

អតីត​ជន​កុម្មុយនីស្ដ​ម៉ៅនិយម​ទាំង​នេះ​បាន​កាន់​​អំណាច​ពី​ខែ​មេសា ​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយ​ការ​សម្លាប់ ​ដោយ​ការ​បង្អត់​អាហារ ​និង​ដោយ​ពលកម្ម​ធ្ងន់ធ្ងរ​ អស់​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​ ក្នុង​អំឡុង​ពេល​ពួក​គេ​កាន់​អំណាច​ជិត​បួន​ឆ្នាំ​នេះ។

នួន ​ជា ​ដែល​មាន​អាយុ​៨៥​ឆ្នាំ​ទៅ​ហើយ​នៅ​ឆ្នាំ​នេះ ​ធ្លាប់​ចូលរួម​ក្នុង​ចលនា​បក្ស​កុម្មុយនីស្ដ​នៅ​ប្រទេស​ថៃ​ មុន​​​មក​ចូលរួម​ដឹក​នាំ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​នៅ​ស្រុក​ខ្មែរ។

នៅ​ក្នុង​ចម្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​របស់​លោកស្រី​ចៅក្រម ​Sylvia Cartwright ​នួន ​ជា​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ទៅ​រៀន​នយោបាយ​នៅ​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្នុង​សម័យ​តស៊ូ​ មុន​ពេល​ក្រុម​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ ​ប៉ុន្ដែ​បាន​បដិសេធ​ថា​ មិន​បាន​​រៀន​ក្បួន​សឹក​ពី​ប្រទេស​វៀតណាម​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ធ្លាប់​បាន​ហៅ​សេចក្ដី​អះអាង​របស់​នួន​ ជា​ដែល​ថា​វៀតណាម​ជាប់​ពាក់ពន្ធ័​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ថា​ គឺ​ជា​ភូតកុហក។

ជន​រងគ្រោះ​មួយ​ចំនួន​ ដែល​បាន​ចូលរួម​សវនាការ​នៅ​ថ្ងៃនេះ​បាន​ប្រតិកម្ម​ដោយ​កំហឹង​ទៅ​នឹងការ​លើក​ឡើង​របស់​នួន ​ជា ​ដោយ​សំអាង​ថា ​គាត់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ ដែល​បាន​កើត​ឡើង។ ​ដោយឡែក ​លោក​ហុង ​គឹមសួន ​មេធាវី​មួយ​រូប​ តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ មាន​ប្រសាសន៍​ថា ​នួន​ ជា​មិនទាន់​និយាយ​ការណ៍​ពិត​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ៖ ជីវិត​ និង​វិជ្ជាជីវៈ​នៃ​គ្រូ​ឧត្តមសិក្សា​នៅ​កម្ពុជា

Posted: 05 Dec 2011 05:27 PM PST

ធនធាន​មនុស្ស​គឺ​ជា​ទ្រព្យ​សម្បត្តិ​មហាសាល​របស់​ប្រទេស។ និន្នាការ​នៃ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ជឿន​លឿន​នៅ​ក្នុង​សាកលលោក​ចាប់​ផ្តើម​ពី​ការ​កសាង​ធនធាន​មនុស្ស។ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ជា​ឧទាហរណ៍​ ដែល​ក្រោយ​សង្គា្រម​លោក​លើក​ទីពីរ​ គេ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ។ ដោយឡែក​​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ នៅ​មិនទាន់​ឈាន​ដល់​បទដ្ឋាន​មួយ​​ដែល​​អាច​ទទួល​យក​បាន​ទេ​ ដោយ​ហេតុ​ថា​ សិស្សានុសិស្ស​​ចាប់​ផ្តើម​​ការ​អប់រំរបស់​គេ​ពី​បឋម​សិក្សា​​ ដោយ​ឃើញ​អំពើ​ពុករលួយ​​រាល់ថ្ងៃ​តាមរយៈ​ការ​បង្ខំ​ឲ្យ​បង់​ប្រាក់​ប្រចាំ​ថ្ងៃ​ ទិញ​របស់របរ​នៅ​ក្នុង​ថ្នាក់​ដែល​មិន​គួរ​ត្រូវ​ទិញ ជួន​កាល​​និស្សិត​អាច​ទទួល​​បាន​សញ្ញាប័ត្រ​ដោយ​មិន​ចាំបាច់​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​​​នៅ​​តាម​​វិទ្យាស្ថាន​ឧត្តមសិក្សា​​មួយ​​ចំនួន។ បញ្ហា​ទាំង​នេះ​ ​មួយ​ផ្នែក​គឺ​កើត​ចេញ​ពី​​ជីវភាព​ និង​វិជ្ជាជីវៈ​របស់​គ្រូ​និង​សាស្ត្រាចារ្យ។ កម្មវិធី​សំឡេង​ជំនាន់​ថ្មី (New Voices) ទី៣​នេះ​ បាន​អញ្ជើញ​លោក​ តេង សុមង្គល ​បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​មីណ្ណេសូតា​ សហរដ្ឋ​អាមេរិក​ មក​​ចែក​រំលែក​បទពិសោធន៍​ការ​សិក្សា​របស់​លោក​ និង​និយាយ​អំពី​ប្រធាន​បទ​និក្ខេបទ​បណ្ឌិត​របស់​លោក​ដែល​ផ្តោត​លើ​ជីវិត​ និង​វិជ្ជាជីវៈ​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ​ និង​​ឯកជន​​នៅ​​ប្រទេស​កម្ពុជា។

ប្រធានបទ៖ ជីវិត​ និង​វិជ្ជាជីវៈ​នៃ​គ្រូ​ឧត្តមសិក្សា​នៅ​កម្ពុជា

វាគ្មិន៖ តេង សុមង្គល បេក្ខជន​បណ្ឌិត​ សាកលវិទ្យាល័យ​មីណេ្ណសូតា (University of Minnesota, U.S.A.)

អ្នកសម្រប​សម្រួល៖ អ៊ឹម សុធារិទ្ធ វ៉ាស៊ីនតោន

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៥ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៦ ធ្នូ

Posted: 06 Dec 2011 12:26 AM PST

អង់គ្លេស៖ មន្រ្តី​កីឡា​អូឡាំពិក​អង់គ្លេស​​បាន​​បង្កើន​ថវិកា​ជិត​ពីរ​ដង​លើ​ការងារ​សន្តិសុខ​ក្នុង​ការ​ប្រកួត​កីឡា​រដូវ​ក្តៅ​ឆ្នាំ​២០១២​ក្នុង​ទីក្រុង​ឡុងដ៍។ ​ពួក​មន្រ្តី​និយាយ​ថា ​ពួកគេ​នឹង​ចំណាយ​ប្រាក់​បន្ថែម​៤២៤​លាន​ដុល្លារ​​ដើម្បី​បង្កើន​​បុគ្គលិក​សន្តិសុខ​​ពី​១ម៉ឺន​នាក់​ទៅ​ដល់​២​ម៉ឺន​៣​ពាន់​៧​រយ​នាក់​​។ ​បុគ្គលិក​សន្តិសុខ​​មាន​ភារៈកិច្ច​ការពារ​ទីកន្លែង​កីឡា​ចំនួន​មួយ​រយ​នៅ​ពាសពេញ​ប្រទេស​។

ជប៉ុន៖ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ប្រគល់​ឯកសារ​ប្រវត្តិសាស្រ្ត​រាជវាំង​ដែល​នៅ​សល់​ចំនួន​​រាប់​វូលីម​ដែល​បាន​គេ​លួច​យក​​​ក្នុង​​​ដើម​​សតវត្សរ៍​ទី​២០​នៅ​ពេល​ដាក់​បញ្ចូល​ឧបទ្វីប​នោះជាប្រទេស​ឧបសម្ព័ន្ធទៅ​កូរ៉េខាង​ត្បូង​​វិញ​។

អឺរ៉ុប៖ ​ប្រធានាធិបតីប្រទេស​បារាំង នីកូឡា​ សាកូហ្ស៊ី​និង​​អធិការបរតី​អាល្លឺម៉ង់​អេនជេឡា ម៉ាកែល ​កំពុង​អំពាវនាវ​ឲ្យ​មាន​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ថ្មី​មួយ​​ដើម្បី​ត្រួតត្រា​ការ​ចំណាយ​ ​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​​​ដើម្បី​បញ្ចប់​​វិបត្តិ​បំណុល​​អឺរ៉ុប​និង​ជួយ​សង្គ្រោះ​​រូបីយប័ណ្ណ​អឺរ៉ូ​​។

អាហ្វហ្គានីស្ថា៖​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ ហ៊ីឡារី គ្លីន​តុន ​បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​​​ដើម្បី​គាំទ្រ​អាហ្វហ្គានីស្ថាន​ ​តែប្រជាជាតិ​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ ត្រូវ​ធ្វើ​កំណែ​ទម្រង់​​ទទួល​ខុស​ត្រូវ​សន្តិសុខ​ផ្ទាល់​ខ្លួន​ ហើយ​និង​ស្ថាបនា​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្អែក​លើ​នីតិ​រដ្ឋ។

រុស្ស៊ី៖ គណបក្ស​គ្រប់​គ្រង​អំណាច​​របស់​នាយក​មន្រ្តី​រុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន ​​បាន​ចាញ់​​យ៉ាង​ខ្លាំង​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​​ ដែល​កាត់​បន្ថយ​នូវសម្លេង​ភាគ​ច្រើន​ដល់​អ្នក​នយោបាយ​រូប​នេះ​​ដែល​បាន​គ្រប់​គ្រង​នយោបាយ​ក្នុង​ប្រទេស​នោះ​អស់​រយៈពេល​ជាង​ទសវត្សរ៍​​​ ។

កូតឌីវ័រ៖ អតីត​ប្រធានាធិបតី​កូដឺវ័រ ឡូរេន បាកបូ ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​នៅ​មុខ​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ហើយ​លោក​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​កើត​ពី​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ក្រោយ​ការ​បោះឆ្នោត។

ស៊ីរី៖ ​សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​ និយាយ​ថា​មាន​មនុស្ស​យ៉ាង​ហោចណាស់​ក៏​​១១​នាក់​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សា​​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​ដែល​ស៊ីរី​បានប្រាប់​ឲ្យ​ដឹង​ថា​​ខ្លួន​បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​​ដល់​សម្ព័ន្ធ​អារ៉ាប់​ដែល​ទាមទារ​ឲ្យ​អនុ​ញ្ញាតិ​ឲ្យ​អ្នក​សង្កេត​ការ​ចូល​ក្នុង​ប្រទេស​នោះ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!