VOA News: ព័ត៌មាន: “អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​ធ្វើ​ទស្សនកិច្ច​អំពី​ការ​បោះឆ្នោត” plus 4 more

VOA News: ព័ត៌មាន: “អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​ធ្វើ​ទស្សនកិច្ច​អំពី​ការ​បោះឆ្នោត” plus 4 more


អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​ធ្វើ​ទស្សនកិច្ច​អំពី​ការ​បោះឆ្នោត

Posted: 05 Dec 2011 04:05 PM PST

លោក​ សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី (Surya Subedi) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​នេះ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦​របស់​លោក​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ​ Zeo Latumbo ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​ និង​ព័ត៌មាន​នៃ​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នឹង​​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ប្រាំពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥​រហូត​ដល់​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​សុរិយា ​ប្រាសាទស៊ូប៊ែឌី​នឹង​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​បោះឆ្នោត។​

លោក​សុរិយា​គ្រោង​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​សំខាន់ៗ​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ មន្ត្រី​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ​គណបក្ស​ប្រឆាំង ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​តាម​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​លោក​សុរិយា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​លើក​នេះ ​លោក​នឹង​ធ្វើ​ការ​វិភាគ​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត ​ហើយ​នឹង​បញ្ហា​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។​ លោក​បាន​ប្រសាសន៍​ថា ​លោក​នឹង​បន្ត​តាមដាន​ករណី​នេះ​ត​ទៅ​ទៀត​ជាពិសេស​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

លោក​យឹម​ សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ​បាន​មាន​ប្រសាសន៍​ថា​ សមាជិក​គណបក្ស​ប្រឆាំង​ប្រមាណ​ពី​បី​ទៅ​បួន​នាក់​នឹង​ជួប​លោក​សុរិយា​ ប្រាសាទ​ស៊ូប៊ែឌី ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។​ លោក​បាន​អះអាង​ថា ​លោក​នឹង​លើក​យក​បញ្ហា​វិវាទ​ដី​ធ្លី​និង​ជំរុញ​ឲ្យ​លោក​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី​ជួយ​ប្រាប់​គ.ជ.ប. ​ឲ្យ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​របស់​គ.ជ.ប.។​

«ឲ្យ​គ.ជ.ប​ឯករាជ្យ ​អព្យាក្រឹត្យ​មិន​លម្អៀង​ទៅ​គណបក្ស​ណា។ ​ប្រធាន​គណៈ​កម្មាធិការ​គ.ជ.ប​នេះ​ វា​ត្រូវតែ​មាន​ការ​ជ្រើស​តាំង​សារ​ជា​ថ្មី​ ដោយ​មាន​ការ​ឯកភាព​ពី​គ្រប់​គណបក្ស​នយោបាយ​ ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា»។​

លោក​ធន ​សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​មាន​ប្រសាសន៍​ថា​ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នឹង​ជួប​ជាមួយ​​លោ​សុរិយា ​ប្រាសាទ​ស៊ូប៊ែឌី ​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​មួយ​នៅ​ថ្ងៃ​ពុធ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​គួរ​តែ​មាន​សមាសភាព​ចម្រុះ​ដល់​ថ្នាក់​មូលដ្ឋាន​ដើម្បី​ជៀសវាង​ការ​រិះគន់​ថា ​គ.ជ.ប.​ ធ្វើ​ការ​មិន​ឯករាជ្យ ​និង​មិន​ត្រឹមត្រូវ។​

«យើង​ចង់​បាន​គណៈ​កម្មាធិការ​មួយ​ឯករាជ្យ​​គឺមិន​មាន​តំណាង​គណបក្ស​នៅ​ក្នុង​ហ្នឹង​ទេ​ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ។​ ក៏​ប៉ុន្តែ​រឿង​នេះ​យើង​ស្នើ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ​​តែមិន​មាន​ការ​គាំទ្រ​ទាំង​ពី​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​មិន​កាន់​អំណាច​ផង​ដែរ​ ព្រោះ​​មិន​ទុក​ចិត្ត​ឯករាជ្យ​នេះ»។​

លោក​ទេព​ នីថា ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​បើក​ចំហ​ឲ្យ​លោក​សុរិយា ​សួរ​សំណួរ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ នៅ​ពេល​ដែល​មាន​ជំនួប​មួយ​ជាមួយ​នឹង​គ.ជ.ប.​ នៅ​ថ្ងៃ​ពុធ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​ធ្វើ​ការ​ទៅ​តាម​ច្បាប់។ ​អ្វី​ដែល​ជា​ការ​វាយ​តម្លៃ​ឯករាជ្យ​ ឬ​មិន​ឯករាជ្យ ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​វាយ​តម្លៃ​តែ​ប៉ុណ្ណោះ។​

«តាម​ពិត​ទៅ​ គ.ជ.ប.​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​តាម​ច្បាប់ ​ដោយ​ហេតុ​ថា​ គ.ជ.ប.​ត្រូវ​បាន​បង្កើត​ដោយ​ច្បាប់​បោះឆ្នោត ​ហើយ​ភារកិច្ច​ហ្នឹង​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​បោះឆ្នោត។​ អញ្ចឹង​ការ​ចង់​បាន​ណាមួយ​នោះ​មិន​មែន​ជា​បំណង ​ឬ​ឆន្ទៈ​របស់​ គ.ជ.ប.​ទេ»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ នៅ​អំឡុង​ខែ​មករា​នេះ​ និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គ្រោង​នឹង​ធ្វើ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​ផងដែរ៕

This posting includes an audio/video/photo media file: Download Now

លោកស្រី ​មួរ ​សុខហួរ​ បញ្ជូន​ពាក្យ​បណ្តឹង​ឲ្យ​​ម៉ាឡេស៊ី​ស៊ើបអង្កេត​ករណី​ពលការិនី​ខ្មែរ​ស្លាប់

Posted: 05 Dec 2011 03:45 PM PST

លោកស្រី ​មួរ ​សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​​ បាន​បញ្ជូន​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ជា​លើក​ដំបូង​ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​​ពលការិនី​ខ្មែរ​ស្លាប់។​

ពៅ ​និច​ អាយុ​១៨​ឆ្នាំ​ ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ខែ​សីហា ​ឆ្នាំ​២០១១​ បាន​ស្លាប់​ដោយ​គេ​​អះអាង​ថា​ បាន​លេប​ថ្នាំ​ខុស។ ​ពៅ ​និច​ ដែល​ជា​ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​ម្នាក់​ក្នុង​ចំណោម​១១​នាក់ ​បាន​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ឆ្នាំ​២០១១​នេះ។​

លោកស្រីមួរ ​សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​វិមាន​រដ្ឋសភា​ថា​ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដ៏​ធំធេង​ជុំវិញ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ស្លាប់​នេះ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​តាម​ពាក្យ​បណ្តឹង​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នេះ។​

<!--IMAGE-RIGHT-->

«ខ្ញុំ​សូម​ឱ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ស៊ើបអង្កេត ​(ករណី​ស្លាប់​នេះ)​ ទៅ​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ និង​សូម​ផ្តល់​នូវ​របាយការណ៍​ឱ្យ​ច្បាស់លាស់​ពី​ការ​ស្លាប់​នៃ​ករណី​នេះ។​ ខ្ញុំ ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ បាន​ជួប​ឪពុក​ម្តាយ​សព ​ហើយ​ឪពុក​ម្តាយ​សព​ដាក់​ពាក្យ​បណ្តឹង។ ​ខ្ញុំ​ត្រូវ​តែ​បន្ត​ពាក្យ​បណ្តឹង​នេះ​ទៅ​គណៈកម្មាធិការ​នេះ»។​

ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ ការ​បរិភោគ​មិន​គ្រប់គ្រាន់​ ការ​រំលោភ​ផ្លូវភេទ​ ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ​និង​ការ​បើក​ប្រាក់​ខែ​មិន​បាន​ពេញលេញ។​

លោកស្រី​មួរ​ សុខហួរ​បាន​បញ្ជាក់​ថា​ លោកស្រី​បាន​ផ្ញើរ​ពាក្យ​បណ្តឹង​ដំបូង ​ជូន​ទៅ​លោក​ Muhammad Sha' ani Bin Abdullah​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​សភា​ម៉ាឡេស៊ី​តាម​អ៊ីម៉ែល ​និង​តាម​ប្រៃសណីយ៍​នៅ​ថ្ងៃ​នេះ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​ Muhammad ​តែមិន​អាច​ទាក់ទង​បាន​ទេ។​ មន្ត្រី​ព័ត៌មាន​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បាន​បដិសេធ​មិនព្រម​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ។​

លោក​ជីវ​ ផល្លី ​អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​ថា​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​គ្រួសារ​សព ​នាយកដ្ឋាន​របស់​លោក​បាន​ស្នើសុំ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ ដើម្បី​បញ្ជាក់​ឡើងវិញ​អំពី​មូលហេតុ​នៃ​ការ​លេបថ្នាំ​ស្លាប់​នេះ​បណ្តាល​មក​ពី​កត្តា​អ្វី​ ហើយ​ថ្នាំ​អ្វី​ដែល​សព​បាន​លេប។​

«យើង​ជួយ​គាត់​ដើម្បី​រក​ការណ៍​ពិត ​ប៉ុន្តែ​ការណ៍​​ដែល​ជួយ​ហ្នឹង​ យើង​អត់​មាន​វិសាលភាព​ពង្រីក​អំណាច​យើង​ទៅ​ស៊ើប​អង្កេត​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ទេ។ ​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​យើង​ស្នើ​សុំ​ទៅ​ស្ថានទូត​ (កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី) ​ហើយ​សុំ​ឱ្យ​ស្ថានទូត​ជួយ​ទំនាក់​ទំនង​ជាមួយ​ខាង​អាជ្ញាធរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ទីតាំង​ដែល​គាត់​បាន​ស្លាប់​ ដើម្បី​រក​ ថា​តើ​ការ​ស្លាប់​របស់​គាត់​ពិតជា​ស្លាប់​ដោយ​លេបថ្នាំ ​រឿងរ៉ាវ​មុន​លេប​ថ្នាំ​ កត្តា​អ្វីខ្លះ​ ដែល​នាំ​ឱ្យ​គាត់​លេប​ថ្នាំ​ស្លាប់»។​

លោក​អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​បាន​សាទរ​ដល់​សកម្មភាព​របស់​រដ្ឋាភិបាល ​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ សំដៅ​ជំរុញ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​ពលការិនី​ខ្មែរ​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ដែល​ជា​សញ្ញា​វិជ្ជមាន​ឆ្ពោះ​ទៅ​ការពារ​សិទ្ធិ​របស់​ពលការិនី​ខ្មែរ។

«យើង​ស្វាគមន៍​ចំពោះ​អ្វី​ ដែល​ជា​ការ​ចង់ដឹង​ ចង់​ឮ​របស់​លោក​ជំទាវ​មួរ ​សុខហួរ​ ប៉ុន្តែ​ករណី​នេះ​ ខ្ញុំ​គិត​ថា​ មិនមែន​មាន​តែ​លោក​ជំទាវ​ម្នាក់​ឯង​នោះ​ទេ​ ដែល​យក​ចិត្ត​ទុក​ដាក់។​ យើង​ក៏​បាន​ទាមទារ​ឱ្យ​គេ​ជួយ​ផ្តល់​ជូន​ឯកសារ​មួយ​ចំនួន​ទៀត​ដើម្បី​បំពេញ​បន្ថែម​ទៅ​លើ​អ្វី​ដែល​​ជា​ចម្ងល់​ដែរ»។​

ពលការិនី​ខ្មែរ​បម្រើការ​តាមផ្ទះ​ចំនួន​១១​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​ ដោយ​មាន​ការ​អះអាង​ថា​ ការ​ស្លាប់​នេះ​បាន​បណ្តាល​មក​ពី​ជំងឺ ​និង​ការ​សម្លាប់​ខ្លួន។ ​ប៉ុន្តែ​អង្គការ​សង្គមស៊ីវិល​ និង​គណបក្ស​ប្រឆាំង​សង្ស័យ​ថា​ ការ​សម្លាប់​នេះ​អាច​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង។​

លោកស្រី ​មួរ​ សុខហួរ​បាន​បញ្ជាក់​ថា​ លោកស្រី​នឹង​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ករណី​ម្តង​មួយ​ករណី​ម្តង​អំពី​ការ​ស្លាប់​នេះ៕

This posting includes an audio/video/photo media file: Download Now

ការកាត់ទោសនួន​ ជា ​បង​ធំទី២​របស់​ខ្មែរក្រហម​ចាប់ផ្តើម

Posted: 05 Dec 2011 01:48 PM PST

កាលពី​ថ្ងៃច័ន្ទ ​តុលាការ​គាំទ្រ​ដោយ​អ.ស.ប.​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​​ ដែល​កំពុង​ស៊ើប​អង្កេត​ចលនា​ដ៏ប្រល័យ​របស់​របប​គ្រប់គ្រង​ខ្មែរក្រហម​ បាន​ចាប់ផ្ដើម​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ភ័ស្ដុតាង​ប្រឆំា​ងអតីត​មេ​ដឹកនាំ​ខ្មែរក្រហម​បី​នាក់។​ ជន​ជាប់​ចោទ​បី​នាក់ក្នុង​ការកាត់ក្ដី​តុលាការ​ដែល​គេ​រង់ចាំ​យូរ​នេះ​ ​​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍  ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។

សវនាការ​នៅ​តុលាការ​កាលពី​ថ្ងៃច័ន្ទ​ គឺ​ផ្តោត​លើ​នួន ជា ​មេដឹកនាំ​មនោគមវិជ្ជា​របស់​របប​គ្រប់គ្រង​ខ្មែរក្រហម ​ហើយដែល​គេ​ស្គាល់​ថា ​ជាបងធំ​ទីពីរ។

ក្នុង​សវនាការ​​ទាំង​ពេលព្រឹក​ និង​ពេល​ល្ងាច​ នួន ជា​ ដែល​ជា​មេដឹកនាំ​ធំទី​២​បន្ទាប់ពី​ខ្មោច​ប៉ុល ពត​​​នោះ​ បាន​ទិតៀនខ្លាំងក្លា​ប្រឆាំង​ប្រទេស​វៀតណាម​ ដូច​គាត់ធ្លាប់​ធ្វើ​ជា ទៀងទាត់ ​ជាច្រើន​ឆ្នាំ​មក​ហើយ។

គាត់​បាន​ស្ដី​បន្ទោស​ប្រទេស​ជិត​ខាង​ទិសខាង​កើត​គឺវៀតណាម​ពី​បទ​ឧក្រិដ្ឋកម្ម​ ដែល​ខ្លួន​គាត់​ និង​ចុងចោទ​ជាច្រើននាក់​ទៀត​ត្រូវ​ចោទ​ប្រកាន់​នោះ។​ គាត់ថ្លែង​ថា​ មនុស្ស​ទូទៅ​យល់​ខុស​ ដោយ​ចោទ​ថា​​ ខ្មែរក្រហម​​អាក្រក់។

«អ្វីៗ​ទាំងអស់​នៅក្រោម​ការត្រួតត្រា​របស់​វៀតណាម​ ចេញពី​ទីចាត់ការនៃ​ទីក្រុង​ហាណូយ  ពី​ទីក្រុង​ហូជីមិញ។ ​ហេតុដូច្នេះ​ ​ឧក្រិដ្ឋកម្ម​ទាំងនោះ​ មាន​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ គឺ​មិន​មែន​ខ្មែរ​ជា​អ្នកប្រព្រឹត្តទេ​ គឺ​វៀតណាម​ទេ​ ដែល​ជា​អ្នក​សម្លាប់​​ខ្មែរ»។

នេះ​ជា​វោហាសាសន៍​ដែល​គេ​ធ្លាប់​ឮ​ចេញ​ពី​មាត់ជន​ម្នាក់​នេះ​ដែល​នៅ​តែ​បន្ដ​បដិសេធ​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​ក្នុង​នយោបាយ​ដែល​បាន​ប្រល័យ​ជីវិត​មនុស្ស​ប្រមាណ១,​៧​លាន​នាក់​ ឬ​ប្រមាណម្នាក់​ក្នុងចំណោម​៤​នាក់​នៃ​ពលរដ្ឋ​កម្ពុជា​ ទាំងអស់។

ក្រៅពី​ដាក់​កំហុស​ទៅ​លើ​វៀតណាម​ និង​អ្វី​ដែល​គេហៅ​ថា ​"ខ្មាំង"​ របស់​បដិវត្ដន៍​ពី​ទស​វត្សរ៍​១៩៦០​ដល់​ទស​វត្ស​១៩៧០នោះ​​ នួន ជា​បាន​ថ្លែង​ប្រាប់​តុលាការ​អំពី​ការ​រំឭក​របស់​គាត់​ពេល​ជាយុវវ័យ​ នៅក្រោម​របបគ្រប់គ្រង​អនានិគម​និយម​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍។

«កាលពី​ខ្ញុំនៅតូច​ រស់នៅ​ក្រោម​អនានិគម​បារាំង​ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​បំពាន​មក​លើ​ពលរដ្ឋខ្មែរ​ប្រព្រឹត្ដ​ដោយ​បារាំង។​ ជនជាតិ​ខ្មែរ​បាន​ត្រូវ​គេ​វាយដំ ​ហើយ​ចាប់​ដាក់​គុក។​ ខ្ញុំ​ក៏​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ធ្វើបាប​មក​លើ​ពលរដ្ឋ​ខ្មែរ​ដទៃ​ដែរ​ ​ដោយ​ចាត់​ទុក​ ដូច​ជា​ទាសករ»។

គាត់​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​គាត់​គឺ​បណ្តាល​មកពី​អំពើ​អយុត្តិធម៌​ទាំងនោះ។

នួន​​ ជា​និយាយ​ថា​ គាត់​យល់​ពី​គម្រោង​ការ​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា ​ពេល​គាត់​ទៅ​រៀន​នៅ​ហាណូយ​ក្នុង​ដើម​ទសវត្ស​១៩៥០។ ​គាត់​និយាយ​ថា​ ពេលនោះ​គាត់​ដឹង​ថា​ វៀតណាម​ចង់​ត្រួតត្រា​កម្ពុជា។

«ខ្ញុំ​សោក​សា្តយ​ដោយ​ឮ​ដូច្នោះ​ ពីព្រោះ​ខ្ញុំ​ប្រយុទ្ធ​យ៉ាង​លំបាក​ប្រឆាំង​នឹង​បារាំង​ដើម្បី​បាន​ឯករាជ្យ​ ប៉ុន្តែ​តើ​ជា​ឯករាជ្យ​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​មួយ​ទៀត​ឬ?»

នួន​ ជា​គឺ​ជា​ចុងចោទ​ម្នាក់​គត់​ថ្លែង​នៅ​តុលាការ​នៅ​ថ្ងៃច័ន្ទ​នេះ។​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​​នឹង​និយាយ​លើក​ក្រោម​ ក្រោយពី​សវនាការ​កាត់ទោស​នួន ជា​បាន​បញ្ចប់។

ចុងចោទ​ទីបី​ គឺ​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ និយាយ​ថា​ គាត់​នឹង​មិន​ផ្តល់​ចម្លើយ​ទេ។

ដោយសារ​តែ​សំណុំរឿង​នេះ​ស្មុគស្មាញ​ ដូចជា​ចុងចោទ​ចាស់​ជរា​ អាយុ​ជាង​៨០​ឆ្នាំ​ និង​មាន​​បញ្ហា​សុខភាព ​ដូច្នេះ​ការ​កាត់ទោស​នោះ​ត្រូវ​បែងចែក​ជា​ការ​កាត់ទោស​ដោយ​ឡែក​​បន្ត​បន្ទាប់​គ្នា។

មានន័យ​ថា ​តុលាការ​អាច​សម្រេច​ទោស ​ពេល​ដំណើរ​ការ​នេះ​កំពុង​បន្ត​ ហើយ​ធ្វើ​ដូច្នេះ​គេ​អាច​កាត់​បន្ថយ​កង្វល់​ដែល​ខ្លាច​ចុង​ចោទ​ស្លាប់​ មុន​តុលាការ​ចេញ​សាលក្រម​កាត់ទោស​ ដូច​ការ​កាត់ទោស​ Slobodan Milosevic​ អតីត​ប្រធានាធិបតី​របស់​ស៊ែប។

ការ​កាត់ទោស​មួយ​វគ្គ​ដំបូង​នេះ​នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ដូច​ការ​បណ្តេញ​ប្រជាជន​ដោយ​បង្ខំ ​គឺ​ព្រឹត្តិការណ៍​ចំនួន​២​ក្នុង​ឆ្នាំ​១៩៧៥​ ពេល​ខ្មែរក្រហម​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ​ដេញ​ប្រជាជន​ចេញ​ពី​ទីក្រុង។​ ហើយ​ក្រោម​មក ​ក្នុង​ឆ្នាំ​នោះ​ដែរ​  គេ​បាន​បង្ខំ​មនុស្ស​ច្រើន​លាន​នាក់​ទូទាំង​ប្រទេស​ឲ្យ​​ធ្វើការ​ដោយ​បង្ខំ​ក្នុង​ជំរំ​ពលកម្ម។

ប៉ុន្តែ​នួន ជា​ទំនង​ជា​បន្ត​បន្ទោស​អ្នក​ផ្សេង​ចំពោះ​ការ​ស្លាប់​ទាំង​នោះ។

«ខ្ញុំ​មិន​ចង់​ឲ្យ​ជំនាន់​ក្រោយ​យល់​ខុស​អំពី​ប្រវត្តិ​សាស្ត្រ​ទេ។ ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​គិត​ថា​ ខ្មែរក្រហម​អាក្រក់ ​ខ្មែរក្រហម​ជា​ឧក្រិដ្ឋ​ជន ទេ។ ​វា​មិន​ពិត​ទេ»។

ការ​កាត់ទោស​មួយ​វគ្គ​ដំបូង​នេះ​ទំនង​ជា​ស៊ីពេល​២​ឆ្នាំ។​ បើ​មាន​ការ​កាត់ទោស​វគ្គ​ផ្សេង​ទៀត​គឺ​ទាក់ទង​នឹង​បទចោទ​ប្រកាន់​អំពី​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

ប្រែសម្រួល​ដោយ អូ ធួក

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៥ ធ្នូ

Posted: 04 Dec 2011 08:15 PM PST

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​​លេខ​ពីរ​​​ដ៏​ឃោរឃៅ​នៃ​ប្រទេស​កម្ពុជា​និយាយ​ថា ​គាត់​និង​ពួក​សមមិត្ត​របស់​គាត់​មិន​មែន​ជា​«មនុស្ស​អាក្រក់»​ទេ។​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​នួន​ជា​ បាន​និយាយ​ប្រាប់​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គាំទ្រ​ដោយ​អ.ស.ប.​ថា ​គាត់​មិន​ចង់​ឱ្យ​«មនុស្ស​ជំនាន់​ក្រោយ» ​«យល់​ច្រទ្បំ​អំពី​ប្រវត្តិសាស្ត្រ» ​ហើយ​មាន​ជំនឿ​ថា​ពួក​ខ្មែរ​ក្រហម​ជា​«ឧក្រិដ្ឋជន»។

រុស្ស៊ី៖ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី Vladimir Putin បាន​ខាត​បង់​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា ​ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​បុរស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​នយោបាយ​ប្រទេស​រុស្ស៊ី​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​ទទួល​បាន​ការ​ថយ​ចុះ​នៃ​សំឡេង​ភាគ​ច្រើន។

អាហ្វហ្គានីស្ថាន៖ ​សន្និសីទ​សាកល​មួយ​ស្តី​ពី​អនាគត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចាប់​បើក​ការ​ប្រជុំ​នៅ​ក្នុង​ក្រុង Bonn នៃ​ប្រទេស​អាល្លឺម៉ង់​ហើយ។​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពួក​ប្រតិភូ​មក​ពី​ប្រទេស​ជាង​៨០ ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀបចំ​មាគ៌ា​មួយ​សម្រាប់​ប្រទេស​ដែល​ខ្ទិច​ខ្ទាំ​ដោយសារ​សង្គ្រាម​នេះ​ ​នៅ​ក្រោយ​ពេល​ដែល​ក្រុម​ទាហាន​ប្រយុទ្ធ​អន្តរជាតិ​ចាក​ចេញ​ពី​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៤។​ ក៏​ប៉ុន្តែ​ប្រទេស​ប៉ាគីស្ថាន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ដល់​ស្ថិរភាព​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បែរ​ជា​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​ទេ​ ​ហើយ​ទង្វើ​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​របស់​អង្គការ​អូតង់​កាល​ពី​ចុង​ខែ​មុន​ដែល​បាន​បណ្តាល​ឱ្យ​ទាហាន​ប៉ាគីស្ថាន​២៤​នាក់​ស្លាប់។

កូតឌីវ័រ៖ អតីត​ប្រធានាធិបតី​ កូតឌីវ័រLaurent​ Gbagbo នឹង​ចេញ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​៤​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កើត​ចេញ​ពី​មុខ​នាទី​របស់​លោក​នៅ​ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ទៅ​មិញ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-RIGHT-->

បង់ក្លាដែស​៖ ​ប៉ូលីស​បង់ក្លាដែស​បាន​ប្រើដំបង​និង​គ្រាប់បែក​ផ្សែង​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​បាន​ចូល​រួម​ក្នុង​កូដកម្ម​មួយ​​ថ្ងៃ​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​រដ្ឋធានី​​ដាក្កា។

មន្ត្រី​សន្តិសុខ​រាប់​ពាន់​នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​នេះ ​នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ថែរក្សា​របៀប​រៀប​រយ ​នៅ​ពេល​ដែល​សាលារៀន​និង​ហាង​លក់​ទំនិញ​បាន​បិទ​ទ្វារ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​នេះ។ ​របាយការណ៍​ពី​រដ្ឋធានី​និយាយ​ថា​ពួក​អ្នក​គាំទ្រ​ក្រុម​ប្រឆាំងនិង​ពួក​អ្នក​ទ្រទ្រង់​រដ្ឋាភិបាល​មាន​របួស​នៅ​ក្នុង​ការ​រុញ​ច្រាន​ជាមួយ​ក្រុម​ប៉ូលីស។​

គណបក្ស​ជាតិ​និយមបង់ក្លេដេស ​ជា​គណបក្ស​ប្រឆាំង​បាន​ចាត់ចែង​ឱ្យ​មាន​កូដកម្ម​នេះ ​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បែង​ចែក​រដ្ឋធានី​ដាក្កា​ជា​តំបន់រដ្ឋបាល​ពីរ។

អ៊ីរ៉ង់៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​កង​ទ័ព​អ៊ីរ៉ង់​បាន​បាញ់ទម្លាក់​យន្តហោះ​ចារកម្ម​សហរដ្ឋអាមេរិក​គ្មាន​មនុស្ស​បើកបរ​មួយ​គ្រឿង​ក្រោយ​ពី​វាត្រូវ​គេចោទថា​បាន​រំលោភ​ចូល​ដែន​អាកាស​នៃ​ប្រទេស​អ៊ីរ៉ង់។

រុស្ស៊ី៖ ពលរដ្ឋ​រុស្ស៊ី​បាន​ចូលរួម​បោះឆ្នោតនៅ​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​តំបន់​នៅ​ម៉ោង​៩​ ក្នុង​ការ​បោះឆ្នោត​សភា ​ដែល​គេ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ខ្សោយ​ដល់​ការ​ក្តាប់​អំណាច​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ពូទីន ក្នុង​រដ្ឋ​ឌុយម៉ា ​ដែល​ជាសភា​ជាន់​ទាប។

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​បាន​ទុក​ពេល​វេលា​ឱ្យ​ស៊ីរី​ត្រឹម​ថ្ងៃ​អាទិត្យ​ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ហិង្សា​មួយនេះ​និងវាជា​ផ្នែក​មួយនៃ​ផែនការ​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​ក្រុម​បាតុករ​របស់​យោធា​នៅ​ទី​នោះ។​

តួកគី​៖ នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា​មាន​ពួក​ប៉ូលីស​សម្ងាត់​យ៉ាង​តិច​ណាស់​១២​នាក់​បាន​រត់​ចោល​ជួរ​ចេញ​ពី​សំណង់​អាគារ​សំរាប់​ក្រុម​ស៊ើបការ​​សម្ងាត់​នៅ​ក្នុង​ក្រុង Idlib នៅ​ជិត​ព្រំដែន​តួកគី។

This posting includes an audio/video/photo media file: Download Now

កម្ពុជា​ងាក​ទៅ​ស្និទ្ធ​នឹង​ចិន​ខណៈ​ពេល​មិត្តភក្តិ​ចិន​ងាក​មក​សិ្នទ្ធ​នឹង​អាមេរិក

Posted: 04 Dec 2011 08:35 PM PST

ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ថ្មីៗ​នេះ​បាន​ងាកបែរ​ពី​ការ​ធ្វើ​ទំនាក់​ទំនង​ជិតដិត​ ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​ទៅ​រក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​ដូចជា​សហរដ្ឋ​អាមេរិក។​ តែ​កម្ពុជា​បច្ចុប្បន្ន​នេះ​រិតតែ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេសចិន​ទៅវិញ។​ ក្រុមអ្នកវិភាគ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ កម្ពុជា​ត្រូវការ​ពឹងអាង​ធនធាន​សេដ្ឋកិច្ច​ចិន​និង​នយោបាយ​មហាអំណាច​ចិន​ដើម្បី​រស់រាន​ហើយ​នឹង​ទប់ទល់​ឥទ្ធិពល​ប្រទេស​វៀតណាម។

លោក​ រីឆាដ សូឡូម៉ុង (Richard Solomon)​ អតីត​អនុរដ្ឋមន្ត្រី​ការបរទេស​ សហរដ្ឋ​អាមេរិក​ បាន​លើក​យក​ប្រទេស​ភូមា​ដែលធ្លាប់​ជិតដិត​ជាមួយ​ចិន​តែ​បាន​ងាកបែរ​ទៅ​រក​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ ហើយ​កូរ៉េ​ខាងជើង​បាន​បើក​ចំហរ​ខ្លាំង​ជាងមុន​ក្នុង​ទំនាក់ទំនង​ជា​អន្តរជាតិ។​ លោក​បាន​ដាក់សំណួរ​ពីការ​សម្រេចចិត្ត​នៃ​ប្រទេស​កម្ពុជា។

«ដូច្នេះ​តើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នឹង​ធ្វើអ្វី? កម្ពុជា​ពឹងផ្អែក​ជាសំខាន់​លើទំនាក់ទំនង​ជាមួយ​ចិន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ហើយនឹង​ការ​ការពារ​ប្រឆាំង នឹង​សម្ពាធ​របស់​វៀតណាម​ផង​ដែរ​បើ​តាម​ខ្ញុំ​សន្និដ្ឋាន»។

ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ពិភាក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ ប៊ឺកលី​ រដ្ឋ​កាលីហ្វ័រញ៉ា ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​អំពី​បញ្ហា​២០ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ លោក​ Solomon បានបន្ថែម​ថា៖

«ប្រទេស​កម្ពុជា​ជា​ច្រើន​សតវត្សរ៍​ហើយ​បាន​ព្យាយាម​រក្សា​ឯករាជ្យភាព​និង​ភាព​រស់រាន​ដោយ​ការព្យាយាម​តស៊ូ​ក្នុង​បរិយាកាស​អន្តរជាតិ​ដ៏​មហា​ស្មុគស្មាញ​នេះ»។

ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​វៀតណាម​និង​ចិន​យ៉ាងខ្លាំង​ចុងក្រោយ​ក្នុង ពេល​ដែល​ប្រទេស​ទាំងពីរ​ចិន​ និង​វៀតណាម​កំពុង​មាន​វិវាទ​រវាងគ្នា​រឿង​ព្រំដែន​ទឹក។​ វៀតណាម​ធ្លាប់​ឈ្លានពាន​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម​ក្នុង​ថ្ងៃទី​៧​ ខែមករា ​ឆ្នាំ​១៩៧៩។​ ក៏ប៉ុន្តែ​វៀតណាម​ទទួល​រង​ការ​រិះគន់​ពី​ការ​រំលោភ​យក​ទឹកដី​កម្ពុជា​ហើយ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បង្ហាញ​ការ​មិនពេញចិត្ត​និង​ភ្លេច​ពី​ការ​ជួយ​របស់​វៀតណាម​ ទោះបី​ជា​វៀតណាម​បាន​បដិសេធ​ពី​ការ​មិនបាន​ប៉ះពាល់​ទឹកដី​កម្ពុជា​យ៉ាងណា​ក្តី។​ វៀតណាម​រង​ការ​ចោទ​ប្រកាន់​ផងដែរ​អំពី​ឥទ្ធិពល​របស់​ខ្លួន​លើក្រុម​មន្ត្រី​កម្ពុជា​បច្ចុប្បន្ន​ដែល​អ្នកវិភាគ​ចាត់ទុក​ថា​នោះ​ក៏ជា​បញ្ហា​ដែរ។​ ចំណែកឯ​ប្រទេស​ចិន​ដែលធ្លាប់​គាំទ្រ​របប​ខ្មែរក្រហម​ ដែលជា​របប​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​២លាន​នាក់​នោះ​ បានក្លាយជា​ប្រទេស​ផ្តល់ ជំនួយ​ធំ​ជាងគេ​នៅឆ្នាំ​ចុងក្រោយ​នេះ​ដោយបាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ជាង ១,០០០​ លាន​ដុល្លារ​គឺស្មើ​ឬ​ច្រើន​ជាង​ជំនួយ​ប្រទេស​ផ្តល់​ជំនួយ​ផ្សេងៗ​សម្រាប់​ កម្ពុជា។

លោក​សាស្ត្រាចារ្យ​ ចូអែល ប្រីងលី (Joel Brinkley) ​នៃ​សាកល​វិទ្យាល័យ ​Stanford ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ថ្លែង​ថា​ពលរដ្ឋ​កម្ពុជា​ពិតជា​មាន​ការ​រីករាយ​នឹង​ការ​ផ្តល់​ជំនួយ​ចិន​រាប់ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​ប្រទេស​ដូចជា​ការកសាង​ផ្លូវ​ ស្ពាន​តែ​លោក​ប្រមើល​មើល​ឃើញ​ថា​កម្ពុជា​នឹង​ត្រូវ​សង​ចិន​វិញ។

«ប៉ុន្តែ​ប្រទេស​ចិន​មិនមែន​ផ្តល់ជំនួយ​ទៅកម្ពុជា​ក្នុង​នាម​ជា​អង្គការ​សប្បុរសធម៌​ដ៏ធំ​នោះ​ទេ។​ ចិន​ចង់បាន​អ្វី​ត្រឡប់​មកវិញ​ដែរ»។

លោក​សាស្ត្រាចារ្យ​ Joel Brinkley​ បាន​អះអាង​ថា​អ្វី​ដែល​ចិន​ចង់បាន​នោះ​គឺ​ទំនង​ជា​ធនធាន​ធម្មជាតិ​កម្ពុជា​ជា​ច្រើន​ដូចជា​ប្រេង​ក្នុង​ឈូងសមុទ្រ​ រ៉ែ​ជាច្រើន​ប្រភេទ ដែល​ចិន​នឹង​ប្រាប់​កម្ពុជា។

លោក​ ប្រែដ អាដាម (Brad Adams)​ នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​និយាយ​ថា​កំណើន​ឥទ្ធិពល​ចិន​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​មកលើ​កម្ពុជា​ជា​បញ្ហា​ដោយសារ​ការ​ផ្តល់​ជំនួយចិន​មិនគិត​ពី​លក្ខខណ្ឌ​នៃ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​ការ​អនុវត្ត​ច្បាប់​នានា។​ លោក Brad Adams​បានអះអាង​ថា​នេះ​ហើយ​ជា​ការលំបាក​សម្រាប់​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ដទៃទៀត​ក្នុង​ការ​មាន​ឥទ្ធិពល​ហើយ​នឹង​ចង់​កែទម្រង់​លើ​វិស័យ​នានា​ជាវិជ្ជមាន​សម្រាប់​កម្ពុជា។

«ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនចង់​ពឹងពាក់​លើ​ប្រទេស​ចិន​តែមួយ។​ ប្រជា ពលរដ្ឋ​កម្ពុជា​មិនចង់​បានរឿង​ដូច្នោះ។​ ប្រជាពលរដ្ឋ​មិនចង់បាន​ ប្រទេស​តែមួយ ដែលគេ​ត្រូវ​ពឹងពាក់​នោះទេ»។

ថ្លែង​មកកាន់​វីអូអេ​ផ្នែក​ខេមរភាសា​ក្នុងកិច្ច​សម្ភាស​មួយ​តាមរយៈ​ទូរស័ព្ទ​ លោក ងួន ញ៉ិល​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា​ពុំបាន​ឆ្លើយ​បដិសេធ​ ឬ​ទទួលយក​ពីការ​ដែល​កម្ពុជា​ជា​ប្រទេស​ពឹងពាក់​ឬជិតដិត​នឹង​ចិន​តែ​មួយ នោះ​ទេ។​ តែ​លោក​បានចោទ​ជា​សំណួរតប​វិញថា​ប្រទេស​ជាច្រើន​ដែល​ជួយ​ កម្ពុជា​នោះ​មិនមែន​បង្ហាញ​ពី​ការជិតដិត​នឹង​ប្រទេស​ទាំងនោះ​ដែរឬ?

«ប៉ុន្តែ​យើង​សួរថា​ ចុះចិន​ឲ្យ​​សហគមន៍​អឺរ៉ុប​ឬ​មួយ​ក៏​សហរដ្ឋ​អាមេរិក​ខ្ចីលុយ​ជាច្រើន​នោះ តើ​ចិន​ជិតស្និទ្ធ​នឹង​អាមេរិក​ដែរឬ​អត់? ទាល់តែ​ឆ្លើយ​ នឹង​សំណួរ​ខ្ញុំ​អាហ្នឹង​បានខ្ញុំ​និយាយ​ទៅ​រួច»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ ងួន ញ៉ិល​បានអះអាង​ថា​កម្ពុជា​ធ្វើ​សមាហរណកម្ម​សាកល​និង​ក្នុង​តំបន់​ហើយ​កម្ពុជា​ជា​សមាជិក​មួយ​នៃ​អ.ស.ប។

លោក​ Solomon ​បច្ចុប្បន្ន​ជា​នាយកវិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ (USIP)​បាន​ទទួល​ស្គាល់​ថា​ចិន​មាន​ទំនាក់​ទំនង​កាន់តែ​ជិតដិត​ជាងគេ​ ជាពិសេស​ជាង​វៀតណាម​ ជាប្រទេស​ជិតខាង​កម្ពុជា​ដែល​មានទំនាក់​ទំនង​អាក្រក់​ជាយូរ​ហើយ​នោះ។ លោក​ថ្លែង​ថា​ ចិន​ក្លាយជា​ប្រទេស​មាន​ឥទ្ធិពល​និង​កម្លាំង​ខ្លាំង​អាច​គាបសង្កត់​លើ​ប្រទេស​វៀតណាម​បើ​ពលរដ្ឋ​កម្ពុជា​មិន​ពេញចិត្ត​ពី​ទង្វើ​អ្វី​មួយ របស់​វៀតណាម​បច្ចុប្បន្ន​នេះ។

«ប្រទេស​ទាំងឡាយ​ដែលអាច​ដាក់​សម្ពាធ​លើ​វៀតណាម​សព្វ​ថ្ងៃនេះ​ ហើយ គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ គឺ​ប្រទេស​ចិន»។

នៅពេល​គេ​សួរថា​តើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​គ្រប់គ្រង​ដោយ​វៀតណាម លោក ​Solomon​ បានថ្លែង​ដោយ​ពាក្យកំប្លែង​ថា​លោក​ ហ៊ុន សែន​គ្រប់គ្រង លោក​ហ៊ុន សែន​ខ្លួន​គាត់។

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថា​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភពលោក​ហើយ​ មាន​ពលរដ្ឋ​ប្រមាណជិត​៣០​ភាគរយ​រស់នៅ​ក្រោមបន្ទាត់​នៃភាព​ក្រីក្រ។ កម្ពុជា​ពឹង​ផ្នែក​ជំនួយ​បរទេស​ច្រើនជាង​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ក្រុម​អ្នកវិភាគ​ខ្លះ​ទៀត​បាន​និយាយ​ដែរ​ថា​ការងាក​បែរ​ចេញ​ពី​ចិន​នៃ​បណ្តា​ ប្រទេស​អន់ថយ​ទាំង​សេដ្ឋកិច្ច​ ទាំង​នយោបាយ​មួយ​ចំនួន​គឺ​ដើម្បី​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។​ ប្រទេស​ភូមា​និង​កូរ៉េ​ខាងជើង​ដែលល្បី​ឈ្មោះ​អាក្រក់​លើ ពិភពលោក​ ផ្នែក​រំលោភ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​និង​ការ​បិទ​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​គ្រប់​បែបយ៉ាង​ចង់បាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ឡើង​វិញ​ពី​ប្រទេស​ លោក​ខាងលិច​ជាពិសេស​សហរដ្ឋ​អាមេរិក​ក្រៅពី​ប្រាថ្នា​ចង់​រួចផុត​ពី​ទណ្ឌកម្ម​នានា​ពី​សហគមន៍​អន្តរជាតិ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!