VOA News: ព័ត៌មាន: “មន្ត្រី​វៀតណាម​ និង​ចិន​មក​ទស្សនកិច្ច​កម្ពុជា​បន្តគ្នា ​ពេល​មាន​ការ​កាត់ទោស​នួន ជា” plus 7 more

VOA News: ព័ត៌មាន: “មន្ត្រី​វៀតណាម​ និង​ចិន​មក​ទស្សនកិច្ច​កម្ពុជា​បន្តគ្នា ​ពេល​មាន​ការ​កាត់ទោស​នួន ជា” plus 7 more


មន្ត្រី​វៀតណាម​ និង​ចិន​មក​ទស្សនកិច្ច​កម្ពុជា​បន្តគ្នា ​ពេល​មាន​ការ​កាត់ទោស​នួន ជា

Posted: 07 Dec 2011 02:59 PM PST

កាលពី​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ហៅ​ថា​ ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​​ខ្មែរក្រហម​ថា​ជា​ផ្នែក​ មួយ​នៃ​ការ​ផ្តល់​សច្ចធម៌​ដល់​ប្រទេសវៀត​ណាម។

លោក​អ៊ាង ​សុផល្លែត ​អ្នក​នាំពាក្យ​របស់​លោក​នាកយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​ជំនួប​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា៖

«ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ ​រួម​មាន​ លោក​ខៀវ ​សំផន​ លោក​ នួន​ ជា ​និង​លោក​អ៊ៀង ​សារី ​គឺ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​សម្រាប់​វៀតណាម។ ការ​កាត់ទោស​​របប​ប៉ុល ​ពត​ គឺ​បញ្ជាក់​ដល់​ការ​ជួយ​របស់​វៀតណាម​មក​ដល់​កម្ពុជា​គឺ​មាន​ភាពត្រឹមត្រូវ»។

<!--AV-->

អ្នក​នាំពាក្យនេះឲ្យដឹងថា លោកហ៊ុន សែនថ្លែងបែប​នេះ​ប្រាប់​លោក ​ង្វៀន​ ផូត្រុង​ (Nguyen Phu Trong) ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​វៀតណាម​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ។

ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​វៀតណាម​នេះ​បាន​កើត​មាន​ឡើង​ខណៈ​ដែល​លោក​​នួន​ ជា ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​បន្ទាប់​ពី​ប៉ុល​ ពត ​បាន​ចោទ​ថា​ ប្រទេស​វៀតណាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

«ដូច្នេះនែ​ ទម្លាក់​ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ អីៗ​អស់​នេះ។ វាមិនមែនខ្មែរនឹងខ្មែរទេ។ យួននឹងខ្មែរ។ យួនអ្នកសម្លាប់ខ្មែរ។​កុំ​យល់​ថា ​ខ្មែរក្រហម​វា​អាក្រក់ ​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍​​ ​ខ្មែរក្រហម​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ ខ្មែរក្រហមអីៗ​ទាំងអស់។​ វាអត់សោះ»។

ប៉ុន្តែ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ បាន​បដិសេធ​ចោទ​ប្រកាន់​នេះ។

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ង្វៀន​ ផូត្រុង​នេះ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នានា​ស្តីពី​កិច្ច​សហប្រតិបត្តិការ ​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព។

ទស្សនកិច្ច​មន្ត្រីវៀតណាម​នេះ​ធ្វើឡើង​បន្ទាប់ពី​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ចិន​ដែល​​​​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ខ្មែរក្រហម។ ​ប្រទេស​វៀតណាម​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​ដ៏ជិត​ស្និទ្ធ​របស់​ខ្មែរក្រហម​ ហើយ​បាន​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ ពេល​មាន​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​ជិត​២លាន​នាក់​ក្នុង​របប​ខ្មែរក្រហម៕

This posting includes an audio/video/photo media file: Download Now

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម៖ ចលនា​ខ្មែរ​ក្រហម​រីក​ដោយ​សារ​ការ​ឈ្លាន​ពាន

Posted: 07 Dec 2011 10:50 AM PST

នៅ​ថ្ងៃ​ពុធ​នេះ សាក្សី​សក្ដានុពល​ម្នាក់​ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហមថ្លែង​ថា កម្ពុជា​បាន​ស្ថិត​​នៅ​ក្នុង​ការ​ឈ្លានពាន​ដែល​ជំរុញ​ឲ្យ​មាន​ក្រុម​បញ្ញាជន​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​បែប​ម៉ៅ​និយម។

លោក ​ឡុង​ នរិន្ទ ​អាយុ​៧៣ ​ឆ្នាំ​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ដែល​បាន​បម្រើការ​ក្នុង​ក្រសួង​ការបរទេស​ជាមួយ​ អៀង​ សារី​ ចន្លោះ​ពី​ខែ​មេសា ​ឆ្នាំ​១៩៧៥ ​ដល់​ខែ​មករា ​ឆ្នាំ​១៩៧៩។ គាត់​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​ដែល​អង្គជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​តែ​កាត់ទោស​នួន ​ជា ​ខៀវ ​សំផន​ និង​អៀង​ សារី​ ក្នុង​សំណុំរឿង​០០២​នៅ​ថ្ងៃ​នេះ។ លោក ​ឡុង ​នរិន្ទ​ បាន​និយាយ​តាម​ការ​ភ្ជាប់​វីដេអូ​ពី​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ ​ជា​ទី​ដែល​គាត់​កំពុង​រស់​នៅថា​ ការ​ចូល​រួម​របស់​គាត់​ក្នុង​បក្ស​កុម្មុយនីស្ដ​គឺ​ដើម្បី​ផ្ដួល​រំលំ​ការ​ឈ្លានពាន​ពី​បរទេស។

«ចូល​ក្នុង​បក្ស​ហ្នឹង​ ដោយ​មិន​ដឹង​ខ្លួន​ទេ​ មែនទែន​ទៅ។ វា​ទាំង​អស់​គ្នា​មែនទែន​ពីព្រោះ​ប្រទេស​យើង​ត្រូវ​គេ​ឈ្លានពាន។ ត្រូវ​តែ​គេ​ចូលរួម​ប្រយុទ្ធ​ហើយ»។

លោក ​ឡុង ​នរិន្ទ​ បាន​ទៅ​រៀន​ផ្នែក​អប់រំ​ និង​កីឡា​នៅ​ប្រទេស​ឆេកូ ​ពី​ឆ្នាំ​១៩៦០ ​ដល់​ឆ្នាំ​១៩៧០​ គឺ​រយៈពេល​ដប់​ឆ្នាំ។ គាត់​បាន​អះអាង​ថា​ អតីត​ព្រះមហាក្សត្រ​សម្ដេចឪ នរោត្តម ​សីហនុ ​បាន​ហៅ​រូប​គាត់​ឲ្យ​ចូលរួម​ក្នុង​ចលនា​តស៊ូ​នៅ​ទីក្រុង​ប៉េកាំង ​ដែល​មាន​អៀង ​សារី​ នៅ​ទីនោះ​ដែរ។

ទោះ​ជា​យ៉ាង​ណា ​ឡុង ​នរិន្ទ ​មិន​បាន​បង្ហាញ​ចំៗ​ពី​ការ​ឈ្លានពាន​របស់​បរទេស​បែប​ណា​នោះ​ទេ។

ក្រុម​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​ចង្អុល​ដៃ​ទៅ​រក​វៀតណាម​ចំពោះ​ការ​ស្លាប់​​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។ នៅ​ក្នុង​ការ​ឆ្លើយ​ក្នុង​សវនាការ ​នួន ​ជា ​អតីត​បង​ធំ​ទី​២​ នៃ​របប​ខ្មែរក្រហម​បាន​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​វៀតណាម​អំពី​បញ្ហា​នេះ។

លោក ​ឡុង ​នរិន្ទ ​បាន​រៀបរាប់​ថា ​ពួក​កុម្មុយនីស្ដ​ទ័ព​ព្រៃ​ខ្មែរក្រហម​ បាន​បង្កើត​ស្ថានីយ៍​វិទ្យុ​មួយ​ ដែល​មាន​ឈ្មោះ​ថា ​វិទ្យុ​រណសិរ្ស​រួបរួម​ជាតិ​ប្រជាធិបតេយ្យ​ ដែល​វៀតណាម​បាន​ផ្ដល់​ទីកន្លែង​ឲ្យ​ធ្វើ​ការ​ផ្សាយ​ចេញ​ពី​ទីក្រុង​ហាណូយ​សម្រាប់​បម្រើ​ដល់​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​កម្ពុជា។

ថ្វី​បើ​ដូច្នេះ​មន្ដ្រី​ផ្លូវការ​ស្ថានទូត​វៀតណាម ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ទីក្រុង​ហាណូយ។

ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វៀតណាម​ និង​ពួក​ខ្មែរក្រហម​ធ្លាប់​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ការ​តស៊ូ​រៀងៗ​ខ្លួន ​ប៉ុន្ដែ​បាន​ចាប់​ផ្ដើម​បែក​បាក់​គ្នា​មុន​នឹង​ពួក​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច។

លោក សុខ សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​បរទេស​នៃ​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​អាច​ជា​វិធីសាស្ដ្រ​ស្វែងរក​ការ​សម្រាល​ទោស​ និង​ជា​ការ​ព្យាយាម​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ទ្រឹស្ដី​កុម្មុយនីស្ដ​ បែប​ម៉ៅនិយម។

សូម​បញ្ជាក់​ថា ​អង្គជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​នេះ​ បាន​បន្ដ​បើក​សវនាការ​ដេញដោល​វែកញែក​លើ​ឬស​គល់​នៃ​ការ​កកើត​ នៃ​បក្សកុម្មុយនីស្ដ​ពួក​ខ្មែរក្រហម។ ​ជន​ជាតិ​ដើម​ភាគតិច​ លោក ​រ៉ូម៉ាម​ យន់ ​អតីត​គណៈស្រុក​អណ្ដូងមាស ​ខេត្ត​រតនគិរី​ នៅ​ក្នុង​របប​ខ្មែរក្រហម​ក៏​បាន​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​ដែរ។ ​លោក ​រ៉ូម៉ាម ​យន់ ​បាន​ឆ្លើយ​ហាក់​ដូច​ជា​មាន​ការ​ស្ដាយ​ក្រោយ​ថា គាត់​បាន​ «ជ្រុល​ខ្លួន» នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ជាមួយ​ពួក​ខ្មែរក្រហម​ ហើយ​ការ​ធ្វើ​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម​បាន​បង្ហាញ​ភាព​ស្អាតស្អំ​តែ​ពី​ដំបូង​មុន​ការ​ឡើង​កាន់​អំណាច​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន លួង​ចិត្ត​វៀតណាម​រឿង​កាត់​មេដឹកនាំ​ខ្មែរក្រហម

Posted: 07 Dec 2011 09:21 AM PST

ក្រុម​អ្នក​វិភាគ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ថា ការ​កាត់ទោស​អតីត​មេដឹកនាំ​​ជាន់​ខ្ពស់​ខ្មែរក្រហម គឺ​ជា​​ការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម​នោះគឺ​ជា​ការ​លួងលោម​វៀតណាម។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ថ្លែង​ប្រាប់​លោក​ ង្វៀន ​ភូត្រុង​ (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស​វៀតណាម​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​បី​នាក់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម ​ខណៈ​ដែល​លោក​ នួន​ ជា​ បាន​ធ្វើ​ការ​វាយប្រហារ​ផ្ទួនៗ​ទៅ​លើ​វៀតណាម​ថា​បានប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ។

<!--AV-->

លោក ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា​ការ​លើកឡើង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​នេះ​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​វៀតណាម​ធូរ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​វៀតណាម​ពី​ការ​ស្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ លោក ​ឡាវ ​ម៉ុងហៃ បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចោញ​ជំហរ​ការពារ​វៀតណាម​ពី​ការ​ចោទប្រកាន់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​នៅ​ពេល​មេដឹកនាំ​ជាន់​ខ្ពស់​វៀតណាម​មក​ទស្សនកិច្ច​នៅ​កម្ពុជា។

«ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នេះ​ចង់​ការពារ​ប្រទេស​វៀតណាម​ថា​អត់​មាន​ការ​ពាក់ព័ន្ធ​នឹង(ការ​ចោទប្រកាន់​នេះ​) ទេ ​ដើម្បី​ជា​ភ្ញៀវ​កិត្តិយស​ធ្វើ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បញ្ជាក់​ប្រាប់​មេដឹកនាំ​វៀតណាម​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ ​ក្នុង​កាលៈទេសៈ​មួយ​ ដែល​មាន​ការ​លើក​ឡើង​នូវ​ការ​ចោទ​ប្រកាន់​វៀតណាម»

លោក​ សុន​ ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​វៀតណាម​ ដោយ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ជា​ផ្លូវការ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នេះ​មិន​ត្រឹម​តែ​បាក់​មុខ​មាត់​វៀតណាម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជួយ​ជំរុញ​ឱ្យ​វៀតណាម​បង្ហាញ​ការពិត​នៃ​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

«ប្រវត្តិសាស្ត្រ​មិន​អាច​បំភាន់​ការ​ពិត​បាន​ទេ។ ការ​សម្តែង​មតិ​យោបល់​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​គ្រាន់តែ​ជា​យោបល់​បុគ្គល​ម្នាក់​ដែល​ការ​កាត់​សេចក្តី ​និង​ការ​ស្រាវជ្រាវ​នា​នា​នឹង​បង្ហាញ​ការពិត​នៅ​ទី​បញ្ចប់។ ការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម ​ខ្ញុំ​និយាយ​ថា​វា​គ្រាន់​តែ​ជា​យោបល់​ផ្ទាល់​របស់​គាត់។ អ្វី​ដែល​ជា​សច្ចធម៌​នោះ​មិនមែន​ជា​ការ​អះអាង​របស់​បុគ្គល​ណា​ទេ។ វា​ស្ថិត​នៅ​លើ​ប្រវត្តិ​សាស្ត្រ​នៃ​សកម្មភាព​ជាក់​ស្តែង»

ពួក​ខ្មែរក្រហម​ និង​បក្សកុម្មុយនីស្ត​វៀតណាម​មាន​ទំនាក់​ទំនង​ល្អ​ ប៉ុន្តែ​ទំនាក់​ទំនង​ក្រោយ​ឆ្នាំ​១៩៧៣​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ការ​ចាប់​ផ្តើម​ធ្វើ​សង្គ្រាម​តាម​ព្រំដែន​ក្នុង​ខែ​មេសា ​ឆ្នាំ​១៩៧៧។ នេះ​បើ​យោង​តាម​ឯកសារ។

លោក​ នួន​ ជា​ ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ទី​២​នៃ​របប​ខ្មែរក្រហម​បន្ទាប់​ពី​ប៉ុល ​ពត​ បាន​ស្តី​បន្ទោស​វៀតណាម​ចំពោះ​អំពើ​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​លោក​បាន​បញ្ជាក់​ថា​ កងទ័ព​វៀតណាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ជាមួយ​លោក ផាម ប៊ីញ មីញ (Pham Binh Minh) ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​យ៉ាង​ដូច្នេះ​ថា៖

«នេះ​ជា​ការ​បកស្រាយ​របស់​គាត់។ ការពិត​ ជា​ការ​ផ្សេង។ នេះ​ជា​ការ​បក​ស្រាយ​របស់​ជន​ ដែល​ជាប់​ចោទ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»

មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដែរ៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវភេទ​ក្នុង​របប​ខ្មែរ​ក្រហម​ចង់​មាន​សំឡេង​នៅ​តុលាការ

Posted: 07 Dec 2011 09:34 AM PST

ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិកម្ពុជា​ បាន​រៀបចំ​កម្មវិធី​មួយ​ស្តីពី​ការ​ស្តាប់​សំឡេង​ការ​ពិត​របស់​ស្រ្តី​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ផ្លូវ​ភេទ ​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​សម្តែង​ការ​ឈឺចាប់​របស់​ខ្លួន​ ជា​សាធារណៈ។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​នឹង​សាលាក្តី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់​ទោស​ពេញ​អង្គសេចក្តី​លើ​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំនួន​បួន​រូប ​ចំពោះ​សំណុំរឿង​០០២ ​ដែល​រួម​មាន​មេ​មនោគម​វិជ្ជា ​និង​ជា​អតីត​ប្រធាន​រដ្ឋសភា​គឺ​នួន ​ជា អតីត​ប្រមុខរដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ ​សំផន​ អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​អៀង ​សារី ចំណែក​ឯក​អៀង ​ធីរិទ្ធិ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ត្រូវ​បាន​សាលាក្តី​សម្រេច​ថា​មិន​មាន​កាយសម្បទា​​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សាកសួរ​ទេ។

មេដឹកនាំ​ខ្មែរក្រហម​កំពូល​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

សាលាក្តី​ប្រល័យ​ពូជសាសន៍​សម្រាប់​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​មិន​បាន​ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​ជនរងគ្រោះ​ដោយសារ​ការ​រំលោភ​ផ្លូវភេទ​ក្នុង​របប​ខ្មែរក្រហម​ក្នុង​សវនាការ​សំណុំរឿង​០០២​ទេ។

លោក ដួង សាវន​ អ្នក​សម្រប​សម្រួល​កម្មវិធី​គម្រោង​ហិង្សា​ផ្លូវភេទ​ក្រោម​របប​ខ្មែរក្រហម​ របស់​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ការ​រំលោភ​សេពសន្ថវៈ​ក្រៅ​អាពាហ៍​ពិពាហ៍ ​តុលាការ​មិន​បាន​យក​មក​ដេញ​ដោល​ទេ ​គឺ​មាន​តែ​ករណី​មួយ​ប៉ុណ្ណោះ​គឺ​របស់​កាំង ​ហ្គេចអ៊ាវ​ ហៅ​ឌុច។ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​រៀបចំ​វេទិកា​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​ជន​រងគ្រោះ​ ដែល​ត្រូវ​បាន​គេ​រំលោភ​ផ្លូវភេទ​ ឬ​ក៏​ជួប​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​រឿងរ៉ាវ​របស់​ខ្លួន​ចេញ​មក​ក្រៅ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ដល់​សាធរណៈ​ជន។

«សូម​អំពាវនាវ​ដល់​ជន​រងគ្រោះ​ដ៏ទៃ​ទៀត ​មាន​សេចក្តី​ក្លាយហាន​ ហើយ​ចែក​រំលែក​នូវ​ព័ត៌មាន​នេះ​ឡើង។ បើ​តាម​បទពិសោធន៍​ដែល​គាត់​និយាយ​ចេញ​មក​នេះ ហើយ​ការ​និយាយ​ចេញ​មក​នេះ​គឺ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​ធូរស្រាល ធូរស្បើយ​ជាង​ការ​លាក់បាំង​អាថកំបាំង​នេះ​នៅ​ជាមួយ»។

លោក ​អ៊ឹម ​សុភា ​ប្រធាន​កម្មវិធី​ផ្សព្វផ្សាយ​នៃ​អង្គភាព​ការពារ​ជន​រងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​និយាយ​ថា រាល់​ការ​ផ្តល់​សក្ខីកម្ម​ទាំងឡាយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​តែ​ប៉ុណ្ណោះ​នៅ​ការ​កំណត់​ថា​តើ​សាក្សី​រូប​ណា​នឹង​ត្រូវ​យក​ទៅ​បំភ្លឺ​ចំពោះ​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ។

«ការ​បង្ខំ​ឲ្យ​រៀបការ​គឺ​ជា​បទ​ល្មើស​មួយ​នៅ​ក្នុង​បទ​ល្មើស​ផ្សេងៗ ដែល​ត្រូវ​បាន​ចោទ​នៅ​ក្នុង​ហ្នឹង។ អញ្ចឹង​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ ថា​តើ​តុលាការ​ហ្នឹង​តម្រូវ​ឲ្យ​ជន​រងគ្រោះ​ហ្នឹង ​រូប​ណា​ខ្លះ​ដែល​ត្រូវ​ទៅ​បំភ្លឺ​នៅ​ក្នុង​នីតិ​វិធី​តុលាការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នោះ»។

មាន​ជនរងគ្រោះ​អំពើ​ហិង្សា​ផ្លូវភេទ​ប្រមាណ​ជាង​៦០០​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​ខ្មែរក្រហម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ឹម​ សុភា។

អ្នកស្រី ​ព្រាប​ ភីន​ អាយុ​៤៥ ​មក​ពី​ខេត្ត​ព្រៃវែង ​បាន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​មាន​បងស្រី​បង្កើត​ឈ្មោះ​សាដេត​ ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចាប់​រំលោភ​ រួច​ហើយ​បង្ខំ​ឲ្យ​អ្នកស្រី​ឈរ​មើល​ព្រឹត្តិការណ៍​ទាំង​នោះ។ អ្នកស្រី​បាន​បញ្ជាក់​ថា ​អ្នកស្រី​មិន​អាច​បំភ្លេច​រឿងរ៉ាវ​ដ៏​ជូរចត់​ ក្នុង​របប​ខ្មែរក្រហម​បាន​ទេ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

«ខ្ញុំ​មាន​តែ​រូប​រាងកាយ ​តែ​ចិត្ត​ខ្ញុំ​ឥត​មាន​នៅ​នឹង​ខ្លួន​ទេ។ ខ្ញុំ​តក់​ស្លុត​ទាំង​អស់។ បើ​សិន​នឹង​នឹក​ឃើញ​រឿង​ហ្នឹង​ ខ្ញុំ​ខឹង​ណាស់។ បើ​សិន​ជា​អាច​ថា ​យើង​សងសឹក​ផ្ទាល់​ដៃ​បាន​ វា​មិន​ងាយ​ចប់​ទេ​ សាច់​រឿង​យើង​ហ្នឹង»។

លោក ​គង់​ វណ្ណ ​ហៅ​ចៅគិត​ អាយុ​៥៤​ឆ្នាំ ​មក​ពី​ស្រុក​ស៊ីធរកណ្តាល ​ខេត្ត​ព្រៃវែង​ បាន​និយាយ​ថា​ បងស្រី​របស់​លោក​ឈ្មោះ​គង់ ​សំអន ​អាយុ​២៤​ឆ្នាំ ​ត្រូវ​បាន​ពួក​ខ្មែរក្រហម​បួន​នាក់​ចាប់​រំលោភ​ រួច​ហើយ​សម្លាប់​ចោល។ ​លោក​បាន​បញ្ជាក់​ថា ​ពួក​មេដឹកនាំ​ខ្មែរក្រហម​សម​នឹង​ទទួលទោស​អស់​មួយ​ជីវិត។

«ខ្ញុំ​ចង់​ឲ្យ​ទទួល​ខុស​ត្រូវ​ ថា​ខ្លួន​បាន​ធ្វើ​ហើយ។ តើ​ហេតុ​អី​បាន​ជា​មិន​ទទួល​ខុស​ត្រូ? បាទ! ខ្ញុំ​ចង់​ដាក់​ទោស​ទណ្ឌ​ហ្នឹង ​មិន​ធម្មតា។ ខ្ញុំ​ថា​ឥឡូវ​ទោសទណ្ឌ​នៅ​ក្នុង​ច្បាប់​យើង​មិន​ដល់​ប្រហារ​ជីវិត​ ក៏​ដាក់​ទោស​អស់​មួយ​ជីវិត​ដែរ! បាទ! ព្រោះ​ជីវិត​ជនរងគ្រោះ​ច្រើន​ណាស់​មិនមែន​តែ​ក្រុម​គ្រួសារ​ខ្ញុំ ​ម្នាក់។ ខ្ញុំ​ ក្រុម​គ្រួសារខ្ញុំ​ មាន​គ្នា​រហូត​ដល់​១១​នាក់​ អស់​រលីង​នៅ​សល់​តែ​បួន​នាក់​ទេ»។

យោង​តាម​សៀវភៅ «អំពើ​ហិង្សា​ខាង​ផ្លូវ​ភេទ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ» បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​ផ្លូវភេទ​របស់​ពួក​ខ្មែរក្រហម​រួមមាន​ពេស្យាកម្ម​ដោយ​បង្ខំ ​ការ​បង្ខំ​អាក្រាត​កាយ​ ការ​ចាប់រំលោភ​ ការ​មាន​ផ្ទៃពោះ​ដោយ​បង្ខំ ​ការ​កាត់​អវយវៈ​ផ្លូវភេទ​ និង​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​ដើម៕

This posting includes an audio/video/photo media file: Download Now

ក្រុម​អ្នក​ជំនាញ​ថា​កម្ពុជា​នៅ​មាន​សង្ឃឹម​ទាមទារ​ឱ្យ​មាន​ការផ្លាស់​ប្តូរ

Posted: 07 Dec 2011 01:46 AM PST

វាគ្មិន​មួយក្រុម​បាននិយាយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ដោយ​ស្នើថា​អនាគត​កម្ពុជា​នៅ​មាន​សង្ឃឹម​នៅ​ឡើយ​ក៏​ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​នានា នឹងត្រូវ​កើត​ឡើង​តាម​រយៈ​មធ្យោបាយ​អហិង្សា​ផ្សេងៗ​គ្នា។

ថ្លែង​ទៅ​កាន់​ក្រុម​មួយ​ក្នុង​កិច្ចពិភាក្សា​ក្នុង​សាកលវិទ្យាល័យ​ ប៊ឺកលី​ រដ្ឋកាលីហ្វ័រញ៉ា​ លោក​ រីឆាដ សូឡូម៉ុង (Richard Solomon) ​អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ នេះ​ជា​យុគ​«សម័យថ្មី»​នៃ​កិច្ចការ​អន្តរជាតិ​ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​អ៊ិនធឺណិត​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិក​ត្រូនិក​ផ្សេងៗ​ទៀត​ដែលធ្វើ​ឲ្យ​ក្លាយ​ជា​មធ្យោបាយ​ថ្មី​នៃ​ការ​ផ្លាស់ប្តូរ​នៅ​កន្លែង​នានា​ដូចជា​ប្រទេស​កម្ពុជា​ជា​ដើម។

លោក​ Solomon ​ដែលជា​នាយក​វិទ្យាស្ថាន​សន្តិភាព​សរអា​ (United States Institute of Peace) ជា​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​ស្តីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​និង​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។​ លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុមអ្នក​ចូលរួម​ដែល​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​ស្រងាកចិត្ត​នឹង​ការ​រីកចម្រើន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​កាល​ពីថ្ងៃទី​២៣​ ខែតុលា​ឆ្នាំ១៩៩១។

«ក្តីសង្ឃឹម​ពិតប្រាកដ​ដែល​ខ្ញុំ​ឃើញ​គឺ​ទាក់ទង​ខ្លាំង​ទៅ​លើ​ឧទាហរណ៍​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​ ដូចជា​ចលនា​បដិវត្តន៍​ក្នុង​ពិភព​អារ៉ាប់។ មួយ​ផ្នែក​អាច​ដូច​ជា​បដិវត្តន៍​នៅ​ប្រទេស​ភូមា​ដែល​ការផ្លាស់ប្តូរ​នោះ​ កើតឡើង​ដោយសារ​តែ​សម្ពាធ​ពី​មហាជន។​ ប្រសិនបើ​មាន​ការរៀបចំ​ល្អ​នឹង​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​ក្នុង​រដ្ឋាភិបាល»

លោក​បានផ្តល់​តម្លៃ​នៃ​បណ្តាញ​ព័ត៌មាន​អេឡិកត្រូនិក​ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«វា​ផ្តល់​ឲ្យមាន​សំឡេង​ឮ​យ៉ាងខ្លាំង​ទៅកាន់​មហាជន​និង​បណ្តា​ប្រទេស​ជាច្រើន។ ប្រព័ន្ធ​នេះ​អាចផ្តួល​រំលំ​រដ្ឋាភិបាល​អាក្រក់​ដូច​យើង​ដឹង​ហើយ​នៅ​ក្នុងប្រទេស​ អេហ្ស៊ីប​ ក្នុង​ប្រទេស​លីប៊ី​ ក្នុង​ប្រទេស​ទុយនេស៊ី​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​មាន​អ្នកដឹកនាំ​មហា​ពុករលួយ»

បទ​សម្ភាស៍​​និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ទាក់​ទង​នឹង​ខួប​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស៖

<!--AV-->

<!--AV-->

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​មួយ​រូប​នៃ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​អារ៉ាប់​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កំពុង​មាន​បញ្ហា​ខុសគ្នា​ដូច​មេឃ​និង​ដី​ ទាំង​ប្រព័ន្ធ​នយោបាយ​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

«អាហ្នឹង​ យើង​មិនអាច​ ប្រដូច​ជាមួយគេ​បានទេ។​ យើង​ដឹង​ហើយ​នូវ​ស្ថានភាព​នេះ ​ទាំង​ទិសដៅ​បង្ក​ឲ្យមាន​សេរីភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​សេរី​មួយ​ សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​អំណាច​ធំ​លើ​អំណាច​របស់​ប្រជា​ពលរដ្ឋ​ដែល​លោក​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​គណបក្ស​ ដែល​លោក​ទុកចិត្ត​ហ្នឹង​គឺ​យើង​បាន​ធ្វើជា​បណ្តើរៗ»

លោក​បាន​ទាញ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ពី​ប្រវត្តិ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ តាមរយៈ​បរទេស​ និង​ចលនា​តស៊ូ​ដោយ​ក្រុម​ខ្មែរ​ក្រហម​ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​រងគ្រោះ​ដល់​បច្ចុប្បន្ន។

«បទពិសោធន៍​កន្លង​មក​ពី​ការ​បះបោរ​ អំពី​ឆ្លងកាត់​អំពី​ការ​ផ្លាស់ប្តូរ​អំណាច​តាម​រយៈ​ហិង្សា​ មាន​ការ​ពិសោធន៍​អំពី​ការ​បាត់បង់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ គឺ​នៅ​របប​ប្រល័យ​ពូជសាសន៍។​ អាហ្នឹង​ជា​ការ​ពិសោធន៍​ដើម​របស់​យើង។ ហើយ​ការ​ពិសោធន៍​នៃ​សង្គ្រាម​ស៊ីវិល​ដែល​ធ្វើឲ្យ​យើងដើរ​ថយក្រោយ​ប្រៀបធៀប​ជាមួយ​ អ្នក​ជិតខាង​ជា​បទពិសោធន៍​មួយ​ដ៏​ត្រឹមត្រូវ​ហើយ​ជា​ការ​ចារ​ទុក​នៅ​ក្នុង​ចិត្ត​យើង​ ហើយ​យើង​ធ្វើ​ដូចម្តេច​ឲ្យ​គេចផុត​ពីហ្នឹង។​ នេះ​ជា​ការ​ពិសោធន៍​គ្រឹះ​របស់​យើង»

លោក​បាន​បន្ថែម​ថា​ បញ្ហា​ដែល​កើត​ឡើង​នៅ​ពិភព​អារ៉ាប់​និង​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ជា​មេរៀន​សម្រាប់​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត។

ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់​ ឬ​ហៅថា​ អារ៉ាប់ស្រ្ពីង​ (Arab Spring) ឃើញ​ថា​មាន​ការ​ដួល​រលំ​ជន​ផ្តាច់ការ​ជាច្រើន​ដែល​បាន​កាន់អំណាច​ជាច្រើន​ទសវត្សរ៍​ហើយ​បាន​គាបសង្កត់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី ​ថ្លែង​ថា​ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ដឹកនាំ​រដ្ឋ​ដោយ​បក្ស​តែ​មួយ ​ដោយ​ចាកចេញ​ពី​ប្រជាធិបតេយ្យ​សេរី។​ អំពើ​ពុករលួយ​ដ៏​មហិមា​នៅតែ​ជា​ក្តីបារម្ភ​ ដូចជា​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​យុត្តិធម៌​និង​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត​ដែរ។

«បញ្ហា​ទាំងនេះ​ហើយ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ គឺថា​ត្រូវ​ឲ្យ​ស្ថាប័ន​ អស់​នេះ​ដំណើរការ​ ដោយ​ឯករាជ្យ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ»

លោក​ Brad Adams ​បានបញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​ត្រូវកំណត់​ជាមុន​ពេល​មេដឹកនាំ​ខ្លួន​ស្ថិត​ក្នុង​អំណាច​កំពុង​កាន់​អំណាច​ថា​ជា​មេដឹកនាំ​ប្រភេទ​ណា?

«តើ​លោក​ ហ៊ុន សែន​ជា​ជនផ្តាច់ការ​ឬ? តើ​គាត់​ជា​អ្នកដឹកនាំ​ប្រើ​អំណាច​គាប​សង្កត់​ឬ?​ តើ​គាត់​ជា​មេដឹកនាំ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជឿនលឿន?​ តើ​គាត់​ជា​មេដឹកនាំ​រដ្ឋ​ពុក​រលួយ? ​យើង​ត្រូវតែ​កំណត់​ឲ្យ​បាន​ច្បាស់​លើ​បញ្ហា​ទាំងនេះ ​ខណៈពេល​ដែល​គាត់​កំពុង​កាន់​អំណាច​ មិនមែន​បន្ទាប់​ពី​គាត់​ចាកចេញ​ពី​អំណាច​ទេ»

នៅក្នុង​ប្រទេស​អេហ្ស៊ីប​ ពលរដ្ឋ​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ប្រធានាធិបតី​ដែល​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ។ ​លោក​បាន​បន្ត​ថា៖

«ហើយ​ជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​គឺ​មុន​ពេល​កើត​បដិវត្តន៍​ Arab Spring​ ក្រុម​មេដឹកនាំ​ទាំងនេះ​ត្រូវគេ​គិត​ថា​ជា​កម្លាំង​នៃ​ស្ថិរភាព​ហើយ​ត្រូវគេ​ផ្តល់​កេរ្តិ៍ឈ្មោះ​ខាង​ការ​ធ្វើឲ្យ​មាន​សេដ្ឋកិច្ច​រុងរឿង​ហើយ​ជា​សម្ព័ន្ធ​មិត្ត​ល្អ។​ តែ​ក្រោយពី​មេដឹកនាំ​ទាំងនោះ​ត្រូវគេ​បណ្តេញចេញ​ពី​អំណាច​ ថ្ងៃ​បន្ទាប់​មក​ មេដឹកនាំ​ទាំង​នោះ​ត្រូវគេ​ឲ្យ​ឈ្មោះ​ថា​ជា​ជន​ផ្តាច់ការ»

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិនទទួល​យក​ការ​ប្រៀបធៀប​លោក​ទៅនឹង​មេដឹកនាំ​ផ្តាច់ការ​នោះ​ទេ។​ នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​លោក​គំរាម​ចាត់វិធានការ​ប្រឆាំង​អ្នកណា​ដែល​ប្រៀប​ធៀប​លោក​ទៅ​នឹង​អតីត​មេដឹកនាំ​លីប៊ី​ ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Gaddafi) ​ដែល​ត្រូវ​សម្លាប់​កាលពី​ខែមុន​បន្ទាប់ពី​មាន​ការ​បះបោរ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ Adams ​បានថ្លែង​ថា​ ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​កើត​ឡើង​ដោយ​មធ្យោបាយ​អហិង្សា។

«ដូច្នេះ​អំណាច​អាច​ផ្លាស់ប្តូរ​តាម​មធ្យោបាយ​ជាច្រើន។​ អាច​ផ្លាស់ប្តូរ​ដោយសារ​មេដឹកនាំ​ចាកចេញ​ពីអំណាច។​ លោក​ហ៊ុន សែន​ ហាក់​ដូច​ជា​មិនធ្វើ​ដូច្នោះ​ទេ។ ការ​ផ្លាស់ប្តូរ​អាច​កើត​ឡើង​តាម​រយៈ​ការបោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌។ អាច​ផ្លាស់ប្តូរ​តាម​រយៈ​បាតុកម្ម​តវ៉ា​ដោយ​មហាជន។​ រឿង​នេះ​យើង​ឃើញ​ថា​កើត​មាន​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក។​ ដូច​លោក​ដឹង​ហើយ​គំនិត​ទាំងអស់​នេះ​គឺ​ហៅ​ថា​អំណាច​ប្រជា​ពលរដ្ឋ»

លោក ​Adams ​បាន​លើក​យក​បញ្ហា​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ហ្វីលីពីន ​កាលពី​ឆ្នាំ​១៩៨៦​មក​ធ្វើ​ជា​អំណះ​អំណាង​ដែរ។

«ដូច្នេះ​ លោក​ដឹង​ហើយ​គឺបញ្ហា​ស្រេចលើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ តើ​ត្រូវចាត់​វិធានការ​ដូចម្តេច។​ អ្វី​ដែល​ខ្ញុំ​ណែនាំ​ឲ្យ​ធ្វើ​គឺ​ធ្វើ​តាម​រយៈ​អហិង្សា។ អំពើ​ហិង្សា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ​ តែ​វា​នឹង​អាច​គ្រាន់តែ​ជា​ការ​សម្លាប់​ឬ​ធ្វើឲ្យ​របួស​ជន​ស្លូតត្រង់​ ហើយនឹង​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​កម្ពុជា»

បាតុកម្ម​ដ៏​ធំ​មួយ​ចុងក្រោយ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​២៦​ឆ្នាំ​ ហើយ​មាន​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​គឺ​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ ​ដែល​មាន​អ្នកគាំទ្រ​ក្រុម​ប្រឆាំង​ត្រូវ​បាត់ខ្លួន​និង​ត្រូវ​សម្លាប់។

លោក ​ចូអែល ប៊្រីងលី (Joel Brinkley) ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ​Stanford ​រដ្ឋ​កាលីហ្វ័រញ៉ា​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​កម្ពុជា​ក្នុង​សម័យ​បច្ចុប្បន្ន​ និយាយ​ថា ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​អំណាច​ជា​ជាង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​អ្នក​នយោបាយ​គណបក្ស​ជំទាស់។

«ខ្ញុំ​គិតថា​ជា​រឿង​ឥត​តម្លៃ​ក្នុង​ការ​ធ្វើ​របៀប​ដូច្នោះ​ព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ។​ ហើយ​បេក្ខជន​គណបក្ស​ជំទាស់​នឹង​មិន​ឈ្នះ​ឆ្នោត​ទេ។ ដូច្នេះ​តើ​មាន​តម្លៃ​អ្វី​ទៅ

តែ​ជំនួស​ទៅវិញ ​លោក ​Brinkley ​បាន​អះអាង​ថា​សហគមន៍​អន្តរជាតិ​គួរ​ចំណាយ​លុយ​របស់​ខ្លួន​ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​វិធី​ងើបឈរ​ឡើង​តទល់​ជាមួយ​នឹង​រដ្ឋាភិបាល​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ពួកគេ។

លោកបាន​អះអាង​បន្ត​ថា ​ពលរដ្ឋ​កម្ពុជា​នៅ​ឯ​ជនបទ​មាន​ក្តី​សង្ឃឹម​តិចតួច​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ពួកគេ​លើ​បន្ថែម​នឹងអ្វី​ដែល​ពួកគេ​មាន​រួចទៅ​ហើយ​នោះ។​ លោក​ សាស្ត្រាចារ្យ​ Brinkley ​សង្កត់​ធ្ងន់​ថា ​រឿង​នេះ​ហើយ​ជា​បញ្ហា។

លោក​ ងួន ញ៉ិល​ អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​នឹង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​បានថ្លែង​ថា​ ការ​ដឹកនាំ​ប្រទេស​ស្ថិតស្ថេរ​ទៅបាន​ដោយសារ​ការ​សម្រេច​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

«ឥឡូវ​យើង​យកទៅ​ប្រៀបធៀប​ជាមួយ​អារ៉ាប់​ គេ​និយាយ​ពីរឿង​ផ្តាច់ការ​ រឿង​កាន់​អំណាច​យូរ​ អី​អញ្ចេះ​អញ្ចុះ។​ ប៉ុន្តែ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មិនមែន​គឺថា​អាស្រ័យ​នឹង​លទ្ធិ​បុគ្គល​ទេ​គឺ​អាស្រ័យ​នឹង​ប្រជាពលរដ្ឋ​ដែល​ប្រគល់​អំណាច​ក្នុងការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​ បើ​ប្រជាជន​ប្រគល់​អំណាច​ច្បាស់លាស់​ហើយតើ​មាន​ប្រជាជន​ឯណា​នឹង​ធ្វើ​បាតុកម្ម​ទម្លាក់​អំណាច​ដែល​ខ្លួន​ប្រគល់​ឲ្យ​គេ។​ នេះ​ជា​តថភាព​និង​ឡូស៊ិក​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»

លោក​ងួន ញ៉ិល​បន្ថែម​ថា ​ការ​កាន់​អំណាច​នៅ​ប្រទេស​លីប៊ី​ជារឿង​ផ្ទុយពី​ប្រទេស​កម្ពុជា។ លោក​បាន​ពន្យល់​ថា៖

«ដូច​នៅ​លីប៊ី ​វាខុសគ្នា​។ ហ្កាដាហ្វី​ហ្នឹង​គឺ​ថា​គាត់ឡើង​កាន់អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ ហើយ​អត់មាន​បោះឆ្នោត​ទេ​ក្នុង​រយៈពេល​ ៤២ឆ្នាំ​ របស់​ហ្កាដាហ្វី។ ដូច្នេះ​គឺថា​គាត់​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​ ហើយ​ពេល​ហ្នឹង​គឺ​រហូត​ដល់​រំលំ​របប​រាជា​និយម។ រីឯ​របប​កម្ពុជា​សព្វថ្ងៃ​នេះ​គឺថា​ជា​របប​ផ្តល់​នូវ​រាជា​និយម​ទី​ពីរ​ តាម​អ្វី​ដែល​យើង​ ហៅថា​ហត្ថលេខី​១៩​ប្រទេស​គិត​ទាំង​មហា​ប្រទេស​ធំៗ ​នៅ​ប៉ារីស​ដែល​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ឯកភាព​ជាតិ​នឹង​ផ្សះផ្សារ​ជាតិ​ជា​រឿង​ធំ ​នោះ​យើង​អនុវត្ត​ទៅ​តាម​ហ្នឹង​អត់មាន​ខុសឆ្គង​អ្វីទេ​បាទ»

លោក​ វ៉ាន់ ស​ សមាជិក​ស្ថានិក​ម្នាក់​នៃ​គ្រឹះសម្ព័ន្ធ​ខ្មែរ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ជា​វាគ្មិន​មួយ​រូប​ទៀត​បាន​សម្តែង​ក្តី​កង្វល់​របស់​លោក​ពី​ការណ៍​ដែល​ពលរដ្ឋ​កម្ពុជា​នឹង​បាត់បង់​ក្តីសង្ឃឹម។

«ប្រទេស​កម្ពុជា​នៅ​ពេល​មាន​សង្រ្គាម​ ពលរដ្ឋ​ចង់បាន​សន្តិភាព។​ ប៉ុន្តែ​សន្តិភាព​ ក្នុងឆ្នាំ​១៩៩១​ ដែល​សហគមន៍​អន្តរជាតិ​ផ្តល់ឲ្យ​កម្ពុជា​ ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់»

ឆ្លើយតប​នឹង​សំណូមពរ​ត្រួសៗ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ជំរុញ ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​កិច្ចការ​រួមគ្នា​បន្ត​បញ្ជូនសារ​នៃ​ក្តីសង្ឃឹម​ទៅកាន់​ពលរដ្ឋ​នៅក្នុង​ប្រទេស៖ «ប្រទេស​របស់​លោកអ្នក​ មាន​អនាគត​ល្អ។​ លោកអ្នក​ត្រូវធ្វើ​ការ​រួមគ្នា។​ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​រួមគ្នា។​ អ..ប​និង​អង្គការ​អន្តរជាតិ​នឹង​ជួយ​លោកអ្នក។ ស្ថានភាព​មិនល្អ​ដូច​ជា​រឿង​ដែល​គួរ​កើត​មាន​ទេ។​ តែ​ជាថ្មី​ម្តងទៀត​ទស្សនៈ​ក្នុង​ជីវិត​របស់ខ្ញុំ​បង្ហាញ​ថា​ការ​បង្កើត​ឲ្យមាន​ការ​ប្រែប្រួល​តិចតួច​ វា​ប្រសើរ​ជាង​គ្មាន​ការប្រែប្រួល​ព្រោះបើ​លោកអ្នក​មិនធ្វើ​ឲ្យ​ប្រែប្រួល​ដ៏ធំទេ ​លោកអ្នក​មិនអាច​បោះបង់​ចោល​ទេ។​ ធ្វើឲ្យមាន​ការប្រែប្រួល​តិចតួច​គឺធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ដល់​ជីវិត​មនុស្ស​មួយ​ចំនួន»

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជា​សាកល​នៅឆ្នាំ​២០១៣​ខាងមុខ។​ ប៉ុន្តែ មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ធំជាង​គេគឺ​លោក​សម រង្ស៊ី​ ហើយជា​ដៃគូ​មានកម្លាំង​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​កំពុង​និរទេសខ្លួន​នៅក្រៅ​ប្រទេស​ ក្រោយពី​មាន​ការចោទ​ប្រកាន់​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​កាលពីចុង​ឆ្នាំ២០០៩។​ លោក​ សម រង្ស៉ី​កំពុង​ស្វះស្វែងរក​ការគាំទ្រ​ជា​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​កិច្ចប្រជុំ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​តែ​ពុំទាន់​មាន​ការ​បញ្ជាក់​ទេ។​ សហគមន៍​អន្តរជាតិ​ចង់​ឃើញ​លោក​សម រង្ស៊ី​ត្រូវគេ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​ហើយ​ធ្លាប់​ទទូច​ចង់​ឃើញ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​មួយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៧ ធ្នូ យប់

Posted: 07 Dec 2011 08:56 AM PST

អាហ្វហ្គានិស្ថាន៖ ប្រធានាធិបតី​​ហាមិឌ ​កាសៃ​​បាន​វិលត្រឡប់​មក​ប្រទេស​​អាហ្វហ្គានិស្ថាន​វិញ​ក្រោយ​ពី​បាន​ទម្លាក់​ចោល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ អង់គ្លេស​ ព្រោះ​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់ផ្ទុះ​ពីរ​គ្រាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានិស្ថាន​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ៥៩​ នាក់​ស្លាប់។

ស៊ីរី៖ ប្រធានាធិបតី​នៃ​ប្រទេស ​ស៊ីរី​ លោក ​Bashar Al Ashad ​បាន​បដិសេធ​មិន​ព្រម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​ពាន់​នាក់។​ លោក​បាន​និយាយ​ប្រាប់​ក្រុម​នាក់កាសែត​ថា​ លោក​មិនមែន​ជា​អ្នក​ត្រួតត្រា​កងកម្លាំង​ ដែល​អនុវត្ដ​បទបញ្ជា​ ដ៏ឃោរឃៅ​ដែល​វាយ​បង្រ្កាប​មក​លើ​ក្រុម​បាតុករ​ទេ។

អឺរ៉ុប៖ រដ្ឋមន្ដ្រី​ក្រសួង​រតនាគារ​ សរអ ​លោក​ Timothy Geithner ​ថ្លែង​ថា​ លោក​មាន​ការ​ជឿជាក់​ថា​ សហភាព​អឺរ៉ុប ​នឹង​អាច​រក​មធ្យោបាយ​ឃើញ​ ដើម្បី​ដោះស្រាយ​វិបត្ដិ​បំណុល ​ដែល​ជំរុញ​ឲ្យ​មាន​ភាព​វិកវរ​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ជុំវិញ​ពិភពលោក។

អេហ៊្សីប៖ គណបក្ស ​Muslim Brotherhood ​នៃ​ប្រទេស ​អេហ៊្សីប ​និយាយ​ថា​គណបក្ស​របស់​ខ្លួន​បាន​ទទួល​សម្លេង ​ពីរ​ភាគ​បី ​នៃ​កៅអី​ក្នុង​រដ្ឋសភា​ ដែល​ទុក​បម្រុង​សម្រាប់​បេក្ខជន​​​នៅ​ក្នុង​ការបោះឆ្នោត​ វគ្គ​ទី​មូយ​​របស់​សភា​ថ្នាក់ទាប។

ឥណ្ឌា៖ រដ្ឋាភិបាល​ ប្រទេសឥណ្ឌា​ បាន​ផ្អាក​ផែនការ​មួយ​ដែល​គ្រោង​បើកទ្វារ​ ផ្នែក​​ពាណិជ្ជកម្ម​លក់វត្ថុរាយ​ ដល់​ក្រុមហ៊ុន​បរទេស​ ក្រោយ​ពី​មាន​ការតវ៉ា​ជា​ច្រើន​សប្ដាហ៍​ហើយ​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ជាប់គាំង។

ថៃ៖ មេដឹកនាំ​របស់​ចលនា​អាវ​ក្រហម​ប្រទេសថៃ​ដែល​បាន​រត់​គេច​ បានចូលខ្លួន​មក​ឲ្យ​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​បាងកក ដើម្បី​តទល់​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ភេរវកម្ម ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាល​ពី​ឆ្នាំ​មុន។

ហ្វីលីពីន៖ រដ្ឋាភិបាល ហ្វីលីពីន នឹង​ក្រុម​បះបោរ ម៊ូស្លិម ធំ​សំខាន់​មួយ បាន​ព្រមព្រាង​គ្នា​បន្ដ​អាណត្ដិ​​បេសកម្ម​សន្ដិភាព​អន្ដរជាតិ ខណៈ​ដែល​ការ​ចរចារ​បន្ដ ក្នុង​គោលដៅ​បញ្ចប់​ការបះបោរ​ច្រើន​ទសវត្សរ៍​កន្លង​មក។

ចិន៖ សរអ និង ចិន បាន​លាត​ត្រដាង​បង្ហាញ​ប្រព័ន្ធ​រុករក​វិទ្យុសកម្មនៅឯផែសមុទ្រ​​ទីក្រុង​សៀងហៃ ដែល​ជា​ផ្នែក​មូយ​នៃ​កិច្ច​ប្រឹងប្រែង​ចៀសវាង​មិន​ឲ្យ​មាន​ការ​ដឹកជញ្ជូន​សម្ភារៈ​អាវុធ​នុយក្លេអ៊ែរ ខុស​ច្បាប់។

ជប៉ុន៖ នៅ​ថ្ងៃ​ពុធ​នេះ សរអ កត់​សំគាល់​ទិវាទុយ៌ស​ជា​ខួប​ឆ្នាំ ទី៧០ នៃ​ការ​វាយ​ប្រហារ​របស់​ជប៉ុន​មក​លើ​ផែ​សមុទ្រ Pearl Harbor ដែល​ជំរុញ​ឲ្យ​សរអ​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​លោក​លើក​ទី​ពីរ។

ប៉ាគិស្ថាន​៖ ប្រធានាធិបតី​នៃ​ប្រទេស​ប៉ាគិស្ថាន លោក Asif Ali Zardani បាន​ធ្វើ​ដំណើរ​មក​កាន់​ក្រុង ឌូបៃ ដើម្បី​ព្យាបាល​ជម្ងឺបេះដូង​ហើយ​ការ​ធ្វើ​ដំណើរ​នេះ​ជំរុញ​ឲ្យ​មាន​ពាក្យ​ចចាមអារាម​ថា​លោក​លាលែង​ពី​តំណែង។

សហរដ្ឋ​អាមេរិក៖ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន ការ​តវ៉ា​រយៈពេល​មូយ​សប្ដាហ៍​ និងការប្រម៉ូលផ្ដុំ រាលី ហៅ​ថា Take Back the Capital បាន​បន្ដ​រហូត​ដល់​ថ្ងៃ​ពុធ ដោយ​ក្រុម​បាតុករ​ផ្ដោត​ទៅ​លើ ក្រុម​ឡប៊ី អ្នក​តំណាង​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​ខ្លាំង របស់​សហគ្រាស​អាមេរិកាំង។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៧ ធ្នូ ព្រឹក

Posted: 07 Dec 2011 12:49 AM PST

ជប៉ុន៖ ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ជប៉ុន​នាំ​មុខ​មួយ​ប្រាប់​ឲ្យ​ដឹង​ថា​វិទ្យុសកម្ម​ សេស្យ៉ូម​ត្រូវ​បាន​​គេ​រក​ឃើញ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទារក​។ នេះ​ជា​​ជា​ការ​ភ័យ​ខ្លាច​​លើ​ម្ហូប​អាហារ​នាពេល​ថ្មី​ៗ​ជាង​គេ​នៅ​ក្នុង​ប្រទេស ​ចាប់​តាំង​ពី​ការ​កើត​ឡើង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​រោង​ចក្រ​​ថាមពល​​ភាគ​ឦសាន ក្នុង​ក្រុង​តូក្យូ​កាល​ពី​៩​ខែ​មុន។

រុស្ស៊ី​៖ កងទ័ព​រុស្ស៊ី​បាន​យាម​ល្បាត​​កណ្តាល​ទីក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បីគំរាម​មិន​អោយ​​មាន​ការ​ប្រឆាំង​តវ៉ា​កើន​ឡើង​ថែម​ទៀត​ មួយ​ថ្ងៃ​​បន្ទាប់​ពី​​បាតុករ​រាប់​ពាន់​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​ប្រកាសឲ្យ​រំសាយ​លទ្ធផល​ការ​បោះឆ្នោត​ដែល​ពួកគេ​អះអាង​ថា​មាន​ការ​កេង​បន្លំ។

សហរដ្ឋអាមេរិក៖ ​អ្នក​ប្រឆាំងនិង​សកម្ម​ជន​មកពី​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​បន្ត​ជួប​គ្នា​​នៅ​ទីលាន​ National Mall ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា ​ដោយ​មាន​ផែនការ​ធ្វើ​​​រយៈពេល​​​ច្រើន​ថ្ងៃទៅ​កាន់​សភា​និង​មេដឹកនាំ​របស់​ខ្លួន។

សកលលោក៖ អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន ​កំពុង​អំពាវនាវ​​ឲ្យ​មាន​ចំណាត់​ការ​ពិត​ប្រាកដ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​​ដែល​កំពុង​មានផល​ប៉ះពាល់​សកល​លោក​កាន់​តែ​ខ្លាំង​ឡើង។

ស៊ីរី​៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ហ៊ីឡារី ​គ្លីនតុន​ ​បាន​ជួប​ជាមួយ​ពួក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ស៊ីរី​​កាល​ពី​ថ្ងៃ​អង្គារ ពេល​ដែល​​សហរដ្ឋ​អាមេរិក​បាន​​ប្រកាស​ថា​​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​​ប្រចាំ​ប្រទេស​​ស៊ីរី​​នឹង​វិល​ត្រឡប់​​ទៅ​កាន់​ប្រទេស​នោះ​ ​បន្ទាប់​ពី​ការ​​លា​ចេញ​ពី​តំណែង​​ជាង​មួយ​ខែ​មុនដោយសារ​ព្រួយ​បារម្ភ​ខាង​សន្តិសុខ។

អាហ្វហ្គានីស្ថាន៖ ​ការ​ផ្ទុះ​គ្រាប់​បែក​ភ្លោះ​បាន​​ធ្វើ​ឲ្យ​សៅហ្មង​​ថ្ងៃ​បុណ្យអាស្ស៊ុរ៉ារបស់​ពួក​និកាយ​ស្ហ៊ីអ៊ីត ​កាល​ពី​ថ្ងៃ​អង្គារ​ និង​សម្លាប់​មនុស្ស​​ជិត​៦០​នាក់​ភាគ​ច្រើន​ជា​និកាយ​អ៊ីស្លាមស្ហ៊ីអ៊ីត​​​ក្នុង​តំបន់​កណ្តាល​និង​ខាង​ជើង​ប្រទេស។

អឺរ៉ុប​៖ ទី​ភ្នាក់ងារ​ឥណទាន​ស្តង់ដា អេន ភួរ ​បច្ចុប្បន្ន​កំពុង​គំរាម​បញ្ចុះ​អត្រា​វាយតម្លៃ​ឥណទាន​ទៅ​កាន់​ប្រទេស​ដែល​ផ្តល់​ប្រាក់​ជួយ​សង្គ្រោះ​​ប្រទេស​ញាំ​ញី​ដោយសារ​បំណុល​នៅ​អឺរ៉ុប។

បែលហ្ស៊ិក​៖ លោក​ អេលីយ៉ូ ឌី រុយប៉ូ​ មក​ពី​គណបក្ស​សង្គម​និយម​​បាន​ស្បថ​ចូល​កាន់​តំណែង​​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​បែលហ្សិក​បន្ទាប់​ពី​បញ្ចប់​អវត្តមាន​រដ្ឋាភិបាល​អចិន្រ្តៃយ៍​​​រយៈពេល​១​ឆ្នាំ​កន្លះ​​​​។

អេហ្ស៊ីប៖​ កំពុង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​សភា​​​ជាតិ​ជុំ​ទី​២​​នៅ​ថ្ងៃ​ទី​២ ​​​ដោយ​គណបក្ស​អ៊ីស្លាម​ជា​គូ​ប្រកួត​ប្រជែង​​ដែល​ចូល​រួម​ប្រកួត​ដ៏​ក្តៅ​គគុក​បាន​ទទួល​សន្លឹក​ឆ្នោត​កើនឡើង​​ក្នុងក្រុង​ធំ​បំផុត​ពីរ​និង​ខេត្ត​ចំនួន​៧​ផ្សេង​ទៀត។
<!--AV-->

This posting includes an audio/video/photo media file: Download Now

ឡាវ​អាច​ប្រឈម​នឹង​ការ​ជំទាស់​ដ៏​ខ្លាំង​ពី​រឿង​សង់​ទំនប់​សាយ៉ាបូរី

Posted: 06 Dec 2011 07:32 PM PST

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ព្រមាន​ថា ប្រទេស​ជា​សមាជិក​នៃ​គណៈ​កម្មាការ​ទន្លេ​មេគង្គ​អាច​នឹង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ ប្រសិន​បើ​ប្រទេស​ឡាវ​​នៅ​តែ​ចចេស​បន្ត​គម្រោង​សាង់​សង់​ទំនប់​វារី​អគ្គីសនី​សាយ៉ាបូរី​ទៀត​នោះ។ ការ​ព្រមាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ ត្រៀម​សម្រេច​ចុង​ក្រោយ​​លើ​គម្រោង​សាងសង់​ទំនប់​ដ៏​ចម្រូង​ចម្រាស់​នោះ​នៅ​ក្នុង​សប្តាហ៍​នេះ។

លោក វ៉ាត់ បុត្ត​កុសល​ អគ្គលេខាធិការ​រង​ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ខ្មែរ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​ឡាវ​ អាច​នឹង​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ទៅ​តុលាការ​អន្តរជាតិ​លើ​បញ្ហា​សង់​ទំនប់។

«ប្តឹង​ផ្តល់​ទី​១​គឺ​ប្រទេស​ឡាវ​មិន​អនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង។ ទី​២​មិន​អើ​ពើ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជា​សមាជិក​ហើយ​យើង​មាន​អង្គការ​អន្តរជាតិ​ច្រើន​ណាស់​ដែល​មិន​គាំទ្រ​បូក​ទាំង​សហរដ្ឋ​អាមេរិក​ក៏​មិន​បាន​គាំ​ទ្រ​ដែរ។»

<!--AV-->

ការ​ព្រមាន​នេះ ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ធនធាន​ទឹក​និង​ធនធាន​ធម្មជាតិ​នៃ​បណ្តារ​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ទាំង​បួន​គឺ​កម្ពុជា វៀតណាម ថៃ និង​ឡាវ​ ត្រៀម​ជួប​ប្រជុំ​គ្នា​នៅក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី៨​និង​៩ ក្នុង​សប្តាហ៍​នេះ ដើម្បី​សម្រេច​ចុង​ក្រោយ​ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាង់​សង់​ទំនប់​វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស់​នោះ​ឬ​អត់។

កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ កំណត់​ឲ្យ​បណ្តា​ប្រទេស​ទាំង​បួន​ ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ពិគ្រោះ​យោបល់​គ្នា​មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ណា​មួយ​នៅលើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម។

ទំនប់​សាយ៉ាបូរី​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​គឺ​ជា​ទំនប់​ដំបូង​គេ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​ធំៗ​យ៉ាង​តិច​ចំនួន​១១​ដែល​គេ​គ្រោង​នឹង​សាងសង់​កាត់​ដង​ទន្លេ​មេគង្គ​ក្រោម។

ទំនប់​សាយ៉ាបូរី​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ Ch Karnchang ​ដោយ​គ្រោង​ផលិត​ថាមពល​អគ្គិសនី​​​​កម្រិត​១.២៦០​មេហ្គាវ៉ាត់។ ៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំនប់​នេះ​ផលិត​បាន​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

ប៉ុន្តែ​ របាយការណ៍​ក៏​បង្ហាញ​ផង​ដែរ​​ថា​ ទំនប់​សាយ៉ា​បូរី​នេះ​ ប្រសិន​បើ​ត្រូវ​បាន​សាង​សង់​មែន​នោះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​​និង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​​ជា​រៀង​រហូត។ ទំនប់​នោះ​ ក៏​​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ដោយ​រួម​ទាំង​ពូជ​ត្រីរាជ​ដែល​កំពុង​រង​ការ​វិនាស​ផុត​ពូជ​ផងដែរ។

ការ​បាត់​បង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ របស់​ប្រជាជន​រាប់​លាន​នាក់​ ជា​ពិសេស​ប្រជាជន​កម្ពុជា​​​ដែល​​រស់​នៅ​ពឹង​អាស្រ័យ​​ទៅ​លើ​ទន្លេ​មេគង្គ​និង​ទន្លេសាប ដែល​ទទួល​លំហូរ​ទឹក​ពី​ទន្លេ​មេគង្គ​នេះ។

សហគមន៍​​ អង្គការ​និង​សកម្មជន​​ការពារ​បរិស្ថាន​ទាំង​ថ្នាក់​ជាតិ​ តំបន់​និង​អន្តរ​ជាតិ​បាន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​នេះ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​ឬ​ការ​លុប​ចោល​គម្រោង​សាង់​សង់​ទំនប់​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។

គណៈ​កម្មា​ធិការ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ កាល​ពី​សប្តាហ៍​មុន​ បាន​អនុម័ត​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ព្រឹទ្ធ​សមាជិក​លោក Jim Webb ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ការពារ​អាង​ទន្លេ​មេគង្គ​និង​ឲ្យ​ពន្យារ​ពេល​ការ​សាងសង់​ទំនប់​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​នេះ។

កម្ពុជា វៀតណាម និង​ថៃ​បាន​លើក​ឡើង​នូវ​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ការ​សាងសង់​ទំនប់​នោះ និង​ស្នើ​ឲ្យ​ប្រទេស​ឡាវ​ពន្យាពេល​សាងសង់​ទំនប់​នោះ ១០​ឆ្នាំ​ទៀត។

កញ្ញា អាម ត្រានដឹម (Ame Trandem) នាយក​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ថា ប្រទេស​ឡាវ​គួរ​តែ​ផ្អាក​គម្រោង​ទំនប់​នោះ ហើយ​ធ្វើ​ការ​សិក្សា​និង​ពិគ្រោះ​យល់​បល់​បន្ថែម​ទៀត​ទៅ​តាម​ការ​ស្នើ​សុំ​របស់​បណ្តា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ដើម្បី​បញ្ចៀស​ភាព​តាន​តឹង​នៅក្នុង​តំបន់​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​គ្នា​ដល់​តុលាការ​អន្តរជាតិ​នោះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!