VOA News: ព័ត៌មាន: “អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣” plus 2 more

VOA News: ព័ត៌មាន: “អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣” plus 2 more


អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣

Posted: 10 Dec 2011 07:40 AM PST

នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ភូមិ​បឹងកក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រមទាំង​លោក​សូរិយា ប្រាសាត​ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​កម្ពុជា​បាន​ចូល​រួម​ដើរ​ក្បួន​ដោយ​សន្តិ​វិធី​ចេញ​ពី​អាគារ​រដ្ឋសភា​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​រៀបចំ​ទិវា​សទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៣។

ពិធី​​នេះ ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ​តំណាង​ស្ថានទូត​ តំណាង​ព្រះមហាក្សត្រ ​រដ្ឋាភិបាល​ និង​មន្ត្រី​គណបក្ស​នយោបាយ​រាប់ពាន់​នាក់។ ក្រុម​អ្នក​ចូលរួម​បាន​ស្លៀកពាក់​ពណ៌​ខ្មៅ ​នឹង​មាន​ផ្កា​ពណ៌​ក្រហម​ចង​នៅ​លើ​សក់​ដើម្បី​កាន់​ទុក្ខ​អ្នកស្រី​ជា ​តារា ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​លោត​ពី​លើ​ស្ពាន​ជ្រោយចង្វា ​កាល​ពី​ចុង​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកភូមិ​បឹងកក់។

អ្នកស្រី ​ណុន ​សុខេង​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​បឹងកក់​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ចេញ​ដោយ​បង្ខំ​ និង​ប្រគល់​ប្លង់​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ធ្វើ​ប្រទានកម្ម​ដី​ទំហំ​ជាង​១២​ហិកតា​ដល់​ប្រជាពលរដ្ឋ។

«ប្រជាពលរដ្ឋ​បឹងកក់ គាត់​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៣​ហ្នឹង​ ព្រោះ​អី​គាត់​ចង់​រំលឹក​ការ​រំលោភ​សិទ្ធិ​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ហ្នឹង។ មាន​ជា​សិទ្ធិ​លំនៅស្ថាន​ សិទ្ធិ​អី​ហ្នឹង។ ការ​វាយ​ទៅ​លើ​ស្ត្រី ​ទៅ​លើ​កុមារ​អី។ ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ»។

អ្នកស្រី ​គង់​ ចាន់ថា ​រស់​នៅ​ភូមិ​២៤​ ដែល​បាន​ជាប់​ចោទ​ក្នុង​បណ្តឹង​របស់​តុលាការ​បាន​ទទួច​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់។

«មាន​តែ​តុលាការ​ទេ​ដែល​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ គាត់​មុន​ឃាត់​ខ្លួន​ពួក​ខ្ញុំ ​គាត់​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​មើល​ តើ​នឹង​ត្រូវ​ចូល​នៅ​ក្នុង​ពន្ធនាគារ​ដែរ​ ឬ​អត់។ ខ្ញុំ​មាន​តែ​តុលាការ​ទេ ​ដែល​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។​ ខ្ញុំ​នឹង​ជឿ​ចិត្ត ​ហើយ​នឹង​ពួក​ខ្ញុំ​លឺ​សូរ​គេ​និយាយ​ប្រព័ន្ធ​តុលាការ​នេះ ​នៅ​ស្រុក​ខ្មែរ​នេះ​ គ្មាន​យុត្តធម៌​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​អំណាច ​ហើយ​គ្មាន​ទឹក​លុយ​នោះ»។

ក្នុង​ខណៈពេល​ដែល​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ កំពុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សាលាក្រុង​ភ្នំពេញ​បាន​យក​ពេលវេលា​នេះ​ទៅ​ធ្វើ​ពិធី​ប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​អចលនវត្ថុ ​ដល់​ប្រជាពលរដ្ឋ​ជំហាន​ទី​១ ចំនួន​ជាង​២០០​គ្រួសារ​ទៅ​វិញ។ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វិញ្ញាបនបត្រ​នេះ ​មាន​ចំនួន​បី​ភូមិ​គឺ​ភូមិ​២៣ ​២៤ ​និង​ភូមិ​ទី​៦។ ​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា ​ការ​រៀបចំ​ពិធី​ប្រគល់​អចលនវត្ថុ​នេះ ​ដើម្បី​បំបែក​កម្លាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួប​ប្រជុំ​ធ្វើ​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក ​កែប​ ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​បាន​និយាយ​យ៉ាង​ខ្លី​ថា​មូលហេតុ​ដែល​សាលាក្រុង​ភ្នំពេញ​ធ្វើ​ពិធី​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដោយសារ​តែ​ថ្ងៃ​នេះ ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ។ លោក​បាន​មាន​ប្រសាសន៍​ថា​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​បឹង​នឹង​មិន​មាន​ចំណែក​ដី​នៅ​ក្នុង​ដី​ទំហំ​ជាង​១២​ហិកតា​នោះ​ទេ។ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ប្រមាណ​បួន​នាក់​ កំពុង​ជាប់​បណ្តឹង​ក្តីក្តាំង​នៅ​ក្នុង​ផ្លូវ​តុលាការ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​រស់​នៅ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ។

លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ក៏ប៉ុន្តែ​ការអភិវឌ្ឍ​នេះ​ត្រូវ​តែ​មាន​ការគោរព​សិទ្ធិ​មនុស្ស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​ មាន​ចំណុច​ព្រួយបារម្ភ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​រួមមាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ ​មាន​ការ​កើន​ឡើង​នៅ​ការ​រំលោភ​ដី​ធ្លី​ និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅស្ថាន ​ការ​គំរាមគំហែង​ និង​ការរើសអើង​ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​សម្តែង​មតិ​ខុស​គ្នាៗ​ចំពោះ​រដ្ឋាភិបាល​តាមរយៈ​ការប្រើប្រាស់​យន្តការ​តុលាការ ​និង​ការ​ពង្រួញ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ហើយ​នឹង​ការ​បញ្ចេញ​មតិ​សាធរណៈ​ជា​ដើម៕

This posting includes an audio/video/photo media file: Download Now

ស្ថាដៃ​គំនូរ​ទំនើប​របស់​ខ្មែរ​​ត្រូវ​បាន​ដាក់​តាំង​នៅ​ភ្នំពេញ

Posted: 10 Dec 2011 08:53 AM PST

ការអភិវឌ្ឍ​សង្គម និង​ភាព​ជូរចត់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជួបប្រទះ បាន​ក្លាយ​ជា​ប្រធាន​បទ​របស់​វិចិត្រករ​ទំនើប​មួយ​រូប ​ដែល​លោក​បាន​បង្ហាញ​តាម​រយៈ​ផ្ទាំង​គំនូរ​ដ៏​ស្មុគ្រស្មាញ​របស់​ខ្លួន ប៉ុន្ដែ​គំនូរ​ទាំង​នេះ​ពេញ​ដោយ​អត្ថន័យ​បង្កប់​យ៉ាងជ្រៅ បែប​រិះគន់ ​និង​បែប​តថនិយម។

ផ្ទាំង​គំនូរ​ដែល​មាន​ទិដ្ឋភាព​ចម្រុះ​ចំនួន​១៨​ផ្ទាំង​ត្រូវ​បាន​ដាក់តាំង​ក្នុង​ពិព័រណ៍​មួយ​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ព្រះបរមរាជវាំង​ក្នុង​ក្រុងភ្នំពេញ​រយៈពេល​ពេញ​មួយ​ខែ​ដោយ​គិត​ថ្លៃ​​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ​ខែ​ធ្នូ​នេះ​ត​ទៅ។

លោក ឈឹម សុធី ​ដែល​ជា​ម្ចាស់​ស្នាដៃ​នេះ​មាន​ប្រសាសន៍​ថា ការ​ដាក់តាំង​គំនូរ​ទាំង​នេះ​ក្នុង​គោល​បំណង​បង្ហាញ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ សម្រាប់​ស្ដែងចេញ​ពី​របប​ខ្មែរក្រហម ​ការទិទៀន ផលប៉ះពាល់​នៃ​ការអភិវឌ្ឍន៍ ​និង​ការ​អភិរក្ស​សត្វ​ព្រៃ​ និង​បរិស្ថាន​ជា​ដើម។

គំនូរ​ទាំង​នេះ​ក្រវ៉េម​ក្រវ៉ាម ​ក៏ប៉ុន្ដែលោក ​ឈឹម ​សុធី ​ដែល​ជា​វិចិត្រករ បញ្ជាក់​ថា ​គំនូរ​ទាំងនេះ​បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ។

«ផ្ទាំង​ស្នាដៃ​គំនូរ​របស់​ខ្ញុំ​ គឺ​ខ្ញុំ​អត់​បង្ហាញ​ជា​រូបភាព​ភ្លាម​ទេ​ គឺ​ខ្ញុំ​បង្ហាញ​ជា​គំនិត​ទៅ​វិញ​ដូច​ថា​ ខ្ញុំ​បង្កប់​អត្ថន័យ​ច្រើន​នៅ​ក្នុង​នោះ។ ខ្ញុំ​ប្រមើល​មើល​ទៅ​ក្នុង​សង្គមជាតិ​ទៅនឹង​សង្គម​ ដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​ក្តី​គឺ​យើង​យក​មក​បញ្ចូល​ក្នុង​ផ្ទាំង​គំនូរ​នេះ​ ដើម្បី​ជា​អនុស្សាវរីយ​នៃ​ការ​ចងចាំ​ ទិទៀន​ដើម្បី​ស្ថាបនា​ចំពោះ​ស្នាដៃ​សិល្បៈ​ទៅ​លើ​សង្គមជាតិ​ ជា​សារ​មួយ​ដើម្បី​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​មនុស្ស​ទូទៅ​មាន​ការអភិវឌ្ឍ​មាន​ការ​ប្រែប្រួល​គំនិត ​អារម្មណ៍»។

គំនូរ​នីមួយៗ​មាន​ទំហំ​ចាប់​ពី​៦​តឹក​បួន​ជ្រុង​ រហូត​ដល់​១,៥​ម៉ែត្រ​គុណ​២​ម៉ែត្រ។ គំនូរ​មួយ​ក្នុង​ចំណោម​នោះ​ បាន​បង្ហាញ​ស្ដ្រី​មួយ​កំណាត់​ខ្លួន ​និង​ព័ទ្ធ​ជុំវិញ​ដោយ​ហ្វូង​មច្ឆា​ និង​ធម្មជាតិ​ដទៃ​ទៀត។ មើល​ទៅ​ហាក់​ដូច​ជា ​មាន​ភ្នែក​នៅ​កន្លែង​ខ្លះ​ក្នុង​គំនូរ​ដដែល​នេះ។ ​គំនូរ​ផ្សេង​មួយ​ទៀត​ហាក់​ដូច​ជា​ មាន​ស្ដ្រី​ម្នាក់​កំពុង​ហោះ​ក្នុង​លំហ​ ដែល​មាន​ពណ៌ខៀវ​ ក្រហម ​បៃតង​ ពណ៌​ក្រម៉ៅ ​តាម​ជំនោរ​ខ្យល់​កួច​យ៉ាង​ខ្លាំង។ គំនូរ​មួយទៀត​បង្ហាញ​ពី​ពិភព​មនុស្ស​ពីរ​ផ្សេង​គ្នា​ និង​កំណើត​មនុស្ស​ក្នុង​ភព​របស់​មនុស្ស។ គំនូរ​ទាំង​អស់​បាន​បង្កប់​អត្ថន័យ​អរូបិយ ដែល​រំលេច​ទៅ​ដោយ​ភាព​ទំនើបនិយមនៃ​ការច្នៃប្រឌិត​របស់​វិចិត្រករ។

លោក ​ឈឹម​ សុធី ​ក្នុង​វ័យ​៤១​ឆ្នាំ​បាន​ស្រូប​យក​ការ​ប្រឌិត​ស្នាដៃ​នេះ​បែប​បស្ចឹម​លោក។ ​លោក ​មាន​ប្រសាសន៍​ថា ​បើ​សិន​ជា​គេ​មើល​មួយ​ភ្លែត ​គេ​មិន​អាច​យល់​គំនូរ​ទាំង​នេះ​ ភ្លាមៗ​ទេ។ លោក ​សុធី​ តែងតែ​ធ្វើ​ការ​ពន្យល់​បន្ថែម​ដល់​ភ្ញៀវ​ ដែល​ចូល​ទស្សនា​ផ្ទាំង​គំនូរ​របស់​គាត់។ លោក​បាន​យក​គំនូរ​ចំនួន​ពីរ​ផ្ទាំង​មក​រៀបរាប់។

«នេះ​គឺ​ជា​រូប​របាំ​ដែល​រាំ​ជា​ក្រុម។ ​អញ្ចឹង​ចង់​បង្ហាញ​អំពី​កា​រស់​ឡើងវិញ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ បន្ទាប់​ពី​បាន​បាត់បង់​អស់​រយៈពេល​ច្រើន​ឆ្នាំ ​ជាពិសេស​នៅ​ក្នុង​របប​ខ្មែរក្រហម​ ដែល​យើង​ឥត​បាន​ឃើញ​របាំ​ខ្មែរ។ ​សិល្បៈករ​ខ្មែរ​យើង​គឺ​មាន​ទេព្យកោសល្យ​នៅ​ក្នុង​ការ​សម្តែង​ ការ​បញ្ចេញ​អញ្ចឹង។ ហើយ​វា​មាន​ការ​រស់​ឡើងវិញ ​ធ្វើ​ឲ្យ​គេ​ស្គាល់​ទូទាំង​ពិភពលោក​ អំពី​ស្នាដៃ​របស់​ខ្មែរ​យើង​អំពី​សិល្បៈ​ហ្នឹង»។

កញ្ញា ​ឃីម​ និមិល​ ដែល​បាន​ចូលរួម​ទស្សនា​ការ​ដាក់​បង្ហាញ​ផ្ទាំង​គំនូរ​នេះ​ បាន​ឲ្យដឹងថា ​ផ្ទាំង​គំនូរ​ទាំង​នេះ​ពិត​ជា​ប្លែក​ពី​ផ្ទាំង​គំនូរ​ផ្សេងៗ​ ដែល​នាង​ធ្លាប់​បាន​ឃើញ​ហើយ​មើល​ទៅហាក់​ដូច​ជា​មាន​ភាព​រស់​រវើក​ និង​ទាក់ទាញ។

«ស្នាដៃ​ខ្មែរ​យើង​លើក​ទី​១​ ដែល​ខ្ញុំ​បាន​ឃើញ​សម្រាប់​ខ្ញុំ​ទេ​ គឺ​ល្អ​បំផុត​ហើយ​គួរឲ្យ​ចាប់​អារម្មណ៍​លើ​ផ្ទាំងគំនូរ​មាន​រូបភាព​បង្កប់​នូវ​អត្ថន័យ​មួយ​យ៉ាង​ជ្រៅ​ហើយ​លើក​ទី​១ ដែល​ខ្ញុំ​បាន​មក​ឃើញ​នូវ​ស្នាដៃ​ខ្មែរ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ និង​មាន​មទនោភាព​មែនទែន»។

លោក ​ឈឹម ​សុធី​ ទទួល​បាន​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គំនូរ​រួម​មាន​រង្វាន់សិល្បៈ​អាស៊ាន​ឆ្នាំ​២០០០​ នៅ​សិង្ហបុរី​ និង​រង្វាន់​លេខ​១​ចំនួន​ពីរ​ដង​ជាប់ៗ​គ្នា​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា​ ក្នុង​ឆ្នាំ​២០០៣​ និង​២០០៤​ជា​ដើម។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ សម្រាប់​ការ​ដាក់​តាំង​បង្ហាញ​ពី​ផ្ទាំង​គំនូរ​របស់​គាត់។​ស្នាដៃ​ជា​ច្រើន​របស់​គាត់​បាន​ដាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​តាម​បណ្តាល​ខេត្ត​ខ្លះៗ​ ហើយ​ព្រមទាំង

ដាក់​បង្ហាញ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ ​ដូច​ជា​ហ្វីលីពីន​ សិង្ហបុរី  ថៃ ​បារាំង​ និង​សហរដ្ឋ​អាមេរិក​ជាដើម។

អ្នកស្រី ​វ៉ាន់​ អេនេត (Annetle Van) ជា​ម្ចាស់​ភោជនីយដ្ឋាន​តាម៉ារីន​ ដែល​ចូលរួម​សហការ​ក្នុង​ការ​ផ្តល់​ទី​កន្លែង​សម្រាប់​ពិព័រណ៍​គំនូរ​នេះ ​បាន​បញ្ជាក់​ថា​ អ្នកស្រី​ចង់​ជួយ​លើក​តម្កើង​គំនិត​ច្នៃប្រឌិត​របស់​វិចិត្រករ​ខ្មែរ។

លោក ​ឈឹម ​សុធី ​ដែល​មាន​ស្រុក​កំណើត​ក្នុង​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល​បាន​សិក្សាផ្នែក​គំនូរ​អស់​រយៈពេល​១០​ឆ្នាំ​ ហើយ​លោក​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែក​គំនូរ​ពី​​លាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩៥។

ក្រោយ​ពី​បញ្ចប់​ការសិក្សា ​លោក​ ឈឹម​ សុធី​ បាន​ចូល​បម្រើ​ការងារ​ជា​គ្រូ​បង្ហាត់​ផ្នែកគំនូរ​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​រហូត​ដល់​ឆ្នាំ​១៩៩៨ ​ជា​ពេល​ដែល​លោក​បាន​ចូល​បម្រើការងារ​ក្នុង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១០ ធ្នូ

Posted: 10 Dec 2011 03:08 AM PST

ឥណ្ឌា៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​អគ្គីភ័យ​មួយ​​ដែល​បាន​ឆេះ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​ កូលកាត់តា នៅ​ភាគខាង​កើតឥណ្ឌា​បាន​កើន​ទ្បើង​ដល់​៨៩​នាក់​ហើយ។ ​អាជ្ញាធរ​បាន​និយាយ​ថា​អគ្គិភ័យ​នេះ​បាន​ឆាប​ឆេះ​មន្ទីរ​ពេទ្យ​ AMRI កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ក្នុង​ធានី​នៃ​រដ្ឋ ប៊េនកាល់  ខាង​លិច​។

កុងហ្គោ៖ ប្រធានាធិបតី​កុងហ្គោល ជូសកាប៊ីឡា (Joseph Kabila) បាន​ត្រូវ​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​សប្តាហ៍​មុន​ តែ​គូ​ប្រជែង​សំខាន់​បំផុត​របស់​លោក​ប្រធានាធិបតី​ អ៊ីធីនណី ថស៊ីសិខេឌី (Etienne Tshisekedi) ​បាន​ច្រាន​ចោល​លទ្ធផល​នេះ​ហើយ​បាន​ប្រកាស​ខ្លួន​លោក​ថា​ជា​មេដឹកនាំ​ប្រទេស។ ប្រធានាធិបតី​ ជូសកាប៊ីឡា បាន​ទ្បើង​មក​កាន់​អំណាច​តាំងពី​ឆ្នាំ​២០០៦ ​ក្នុង​អាយុ​២៩​ឆ្នាំ ​នៅ​ក្រោយ​ការ​ធ្វើ​ឃាត​លោក​ ឡារ៉េន កាប៊ីឡា (Laurent Kabila) ជា​ឪពុក​លោក។

អ៊ឺរ៉ុប៖ សមាជិក​ភាគ​ច្រើន​នៃ​សហភាព​អឺរ៉ុប​ចំនួន​១៦​ប្រទេស​យល់​ព្រម​ឲ្យ​បង្កើន​ការ​ត្រួតត្រា​កណ្តាល​លើ​ថវិកា​របស់​រដ្ឋាភិបាល​នីមួយៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​និងវិបតិ្តសេដ្ឋកិច្ច​នៅទ្វីបអ៊ឹរ៉ុប។

សូម៉ាលី៖ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​ កាន់​រដ្ឋធានី ម៉ូហ្គាលឌីស្យូ កាល​ពី​ថ្ងៃ​សុក្រ​ លោក​បាន ​គីមូន ​បាន​ព្រមាន​ថា​ប្រទេស​សូម៉ាលី​មាន «ឱកាស​មាន​កម្រិត​ខ្លាំង​ណាស់» ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!