VOA News: ព័ត៌មាន: “គណៈកម្មការទន្លេមេគង្គប្តេជ្ញាអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព” plus 6 more |
- គណៈកម្មការទន្លេមេគង្គប្តេជ្ញាអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព
- ព័ត៌មានអន្តរជាតិវីអូអេ ០៩ ធ្នូ យប់
- តុលាការខ្មែរក្រហមផ្អាកការកាត់ទោសមេខ្មែរក្រហម
- អ្នកតំណាងអ.ស.ប.ផ្នែកសិទ្ធិមនុស្សអំពាវនាវឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសម្របសម្រួលគ្នា
- ពលរដ្ឋខ្មែររស់នៅស.រ.អា.ចង់បានការពិតនិងយុត្តិធម៌
- សេចក្តីព្រាងច្បាប់អង្គការនឹងត្រូវយកមកពិភាក្សាម្តងទៀតនៅថ្ងៃទី១៩ធ្នូ
- ព័ត៌មានអន្តរជាតិវីអូអេ ០៩ ធ្នូ ព្រឹក
គណៈកម្មការទន្លេមេគង្គប្តេជ្ញាអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព Posted: 09 Dec 2011 09:47 AM PST កិច្ចប្រជុំលើកទី១៨នៃក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលបាន រៀបចំធ្វើឡើងរយៈពេលពីរថ្ងៃនៅក្នុងខេត្តសៀមរាបបានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ជាមួយនឹងការតាំងចិត្តរបស់ប្រទេសជា សមាជិកទន្លេមេគង្គទាំងអស់ក្នុងការការពារ និងអភិវឌ្ឍន៍អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព។ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើដល់សហគមន៍ផ្តល់ជំនួយទាំងអស់ឲ្យបន្តជួយផ្តល់ថវិកាសម្រាប់ទិសដៅការងារគ្រប់គ្រងនិងអភិវឌ្ឍអាងទន្លេមេគង្គ។ លោកតែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងក្រោយពីការបញ្ចប់ការប្រជុំរវាងក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងសហគមន៍ផ្តល់ជំនួយរបស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃសុក្រនេះថា ថ្វីត្បិតតែស្ថានភាពទន្លេមេគង្គក្នុងពេលនេះស្ថិតនៅក្នុងកម្រិតល្អយ៉ាងណាក៏ដោយ ក៏ត្រូវទាមទារឲ្យមានការការពារថែមទៀតដែរពិសេសលើផ្នែកបរិដ្ឋាន។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សានៃគណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីប្រទេស ជាសមាជិកទន្លេមេគង្គចំនួន៤ ដែលមានកម្ពុជា វៀតណាម ឡាវ ថៃ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ ការប្រជុំប្រចាំឆ្នាំនេះតាមការឲ្យដឹង គឺដើម្បីពិនិត្យមើលលើការអនុវត្តការងារការពារអាងទន្លេមេគង្គកាលពីឆ្នាំកន្លងទៅ ប៉ុន្តែពិសេសសម្រាប់ឆ្នាំនេះគឺការ ពិភាក្សាទៅលើគម្រោងសំណង់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវ ដែលមានកង្វល់ថា វានឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិដ្ឋានទន្លេមេគង្គ។ លោកតែ ណាវុធបានឲ្យដឹងថា មានការងារច្រើនណាស់ ដែលត្រូវធ្វើដើម្បីគ្រប់គ្រងនិងអភិវឌ្ឍអាងទន្លេមេគង្គ ហើយដែលយ៉ាងហោចណាស់ក្នុងមួយឆ្នាំៗ គឺមានតម្រូវការថវិកាពី១២លានទៅ១៥លានដុល្លារឯណោះ។ លោកតែ ណាវុធបានថ្លែងយ៉ាងដូច្នេះថា៖ «យើងមានកម្មវិធី ដូចជាកម្មវិធីជលផល កម្មវិធីនាវាចរណ៍ កម្មវិធីទឹកជំនន់ គ្រោះរាំងស្ងួត កម្មវិធីបរិស្ថាន កម្មវិធីនិរន្តរភាពនៃវារីអគ្គិសនី ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញ ធារាសាស្ត្រនិងកសិកម្ម។ល។»។ លោកតែ ណាវុធបានមានប្រសាសន៍ឲ្យដឹងដែរថា ជា ធម្មតាគណៈកម្មការទន្លេមេគង្គមានកម្មវិធីប្រមាណជា១៣ដែលត្រូវអនវត្ត ហើយក្នុងផែនការ៥ឆ្នាំ២០១១-២០១៥របស់ខ្លួននៅពេលនេះ គឺនឹងត្រូវការទឹកប្រាក់ប្រមាណពី៦០លានទៅ៦៥លានដុល្លារ។ តាមការឲ្យដឹងជំនួយសម្រាប់ការងារគ្រប់គ្រងអាងទន្លេមេគង្គភាគច្រើនគឺបានមកពីសហគមន៍អឺរ៉ុប ដែលមានដូចជាប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត អូស្ត្រាលី ហូឡង់ ដានណឺម៉ាក ស្វីស ហ្វាំងឡង់និងបណ្តាធនាគារមួយចំនួន ដូចជាធនាគារពិភពលោកជាដើម៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ០៩ ធ្នូ យប់ Posted: 09 Dec 2011 07:48 AM PST សហភាពអ៊ឺរ៉ុប៖ សមាជិកទាំង២៧ប្រទេសនៃសហភាពអឺរ៉ុប (EU) បានបរាជ័យក្នុងការព្រមព្រៀងគ្នាទៅលើការផ្លាស់ប្តូរមួយក្នុងសន្ធិសញ្ញាសហភាពអឺរ៉ុប ដែលការណ៍នេះនឹងតម្រូវឱ្យមានការដាក់វិធានការតឹងរឹងជាងមុនលើគោលនយោបាយសារពើពន្ធជាតិក្នុងប្រទេសជាសមាជិកខ្លួន។ ហ្វីលីពីន៖ លោកស្រីគ្លូរៀ អារ៉ូយ៉ូ (Gloria Arroyo) អតីតប្រធានាធិបតីប្រទេសហ្វីលីពីនត្រូវបានគេផ្ទេរចេញពីមន្ទីរពេទ្យឯកជនមួយនៅថ្ងៃសុក្រនេះទៅកាន់មន្ទីរព្យាបាលយោធាមួយវិញក្នុងរយៈពេលរង់ចាំសវនាការពីបទបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតព្រឹទ្ធសភាក្នុងឆ្នាំ២០០៧។ ហូឡង់៖ រដ្ឋាភិបាលប្រទេសហូឡង់បានសុំទោសជាផ្លូវការលើការសម្លាប់មនុស្សដ៏រង្គាលក្នុងឆ្នាំ១៩៤៧ដែលបានសម្លាប់ក្រុមយុវជនក្មេងៗនិងកុមារាអស់ប្រមាណរហូតដល់៤៣០នាក់ក្នុងអំឡុងពេលសង្គ្រាមដើម្បីទាមទារឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី។ កុងហ្គោ៖ មន្ត្រីរៀបចំការបោះឆ្នោតក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោរំពឹងថានឹងចេញផ្សាយលទ្ធផលឆ្នោតបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសុក្រនេះ គឺយឺតជាងពេលវេលាដែលបានកំណត់ចំនួនបីថ្ងៃ។ អូស្រ្តាលី៖ តុលាការមួយក្នុងប្រទេសអូស្រ្តាលីបានលើកលែងបម្រាមលើការលក់ដូរកុំព្យូទ័របន្ទះចុងក្រោយបង្អស់របស់ក្រុមហ៊ុនសាំសុង (Samsung) ដោយបានច្រានចោលពាក្យបណ្តឹងមួយរបស់ក្រុមហ៊ុនអេផល (Apple) ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន ក្នុងការសុំឱ្យមានការហាមឃាត់បន្តទៀត ដោយសារតែមានការចោទប្រកាន់ពីបទរំលោភលើប្រកាសនីយប័ត្រកម្ម។ ឥណ្ឌា៖ អគ្គីភ័យមួយបានសម្លាប់មនុស្សអស់ជាង៧០នាក់នៅឯមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងកុលកាតា នាភាគខាងកើតប្រទេសឥណ្ឌា (India)។ ចិន៖ ប្រទេសចិនកំពុងទាត់ចោលការទាមទារជាអន្តរជាតិមួយ ដើម្បីឱ្យដោះលែងម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព គឺលោក លុយ សៀបាវ(Liu Xiabao)។ លោក ហុង ឡី (Hong Lei) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកនិពន្ធមាននិន្នាការប្រឆាំងរូបនេះ«បានល្មើសច្បាប់ប្រទេសចិននិងគួរតែទទួលទោសទៅតាមផ្លូវច្បាប់។» អ៊ីរ៉ង់៖ ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលកិច្ចប្រជុំថ្នាក់ដឹកនាំសហភាពអឺរ៉ុបក្នុងទីក្រុងព្រុចសែល (Brussels) បានពិចារណាផែនការរបស់ខ្លួនក្នុងការបន្ថែមសម្ពាធទៅលើរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ (Tehran) ជុំវិញកម្មវិធីបរិមាណូដ៏ចម្រូងចម្រាសរបស់ខ្លួន។ បាគីស្ថាន៖ ប៉ូលីសបាគីស្ថាននិយាយថា គ្រាប់បែកដែលបានផ្ទុះឡើងនៅតាមដងផ្លូវមួយ បានសម្លាប់ទាហានចំនួនបីនាក់ក្នុងទីក្រុងកំពង់ផែ ការ៉ាជី (Karachi) នាភាគខាងជើងប្រទេស។ ជប៉ុន៖ អាជ្ញាធរត្រីបាឡែនរបស់ប្រទេសជប៉ុននិយាយថា ពួកគេកំពុងតែប្តឹងសកម្មជនផ្នែកបរិស្ថានមួយក្រុមក្នុងសហរដ្ឋអាមេរិក ដែលបានព្យាយាមរំខានដល់ការប្រម៉ាញ់ត្រីបាឡែនដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងមហាសមុទ្រអង់តាក់ទិក (Antarctic)។ ចិន៖ តុលាការចិនមួយបានកាត់ទោសប្រហារជីវិតកសិករផលិតទឹកដោះគោម្នាក់ដោយសារបានបំពុលទឹកដោះគោរបស់ដៃគូប្រកួតប្រជែងខ្លួន ជាមួយនឹងសារជាតិគីមីឧស្សាហកម្មមួយប្រភេទដែលបានបណ្តាលឱ្យកុមារបីនាក់បានស្លាប់និង៣៦នាក់ទៀតធ្លាក់ខ្លួនឈឺ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
តុលាការខ្មែរក្រហមផ្អាកការកាត់ទោសមេខ្មែរក្រហម Posted: 09 Dec 2011 06:30 AM PST អង្គជំនុំជម្រះសាលាដំបូងបានផ្អាកដំណើរការកាត់ទោសអតីតមេដឹកនាំខ្ពស់បំផុតខ្មែរក្រហមដែលនៅមានជីវិតចំនួនបីនាក់នៅថ្ងៃសុក្រនេះ ដោយសារតែបញ្ហាសុខភាពរបស់សាក្សីសំខាន់មួយរូប។ បន្ទាប់ការចាប់ផ្ដើមសវនាការយឺតជាងពេលគ្រោងទុកបន្ដិចមកនោះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានប្រកាសថា លោក ឡុង នរិន្ទ ដែលជាសាក្សីមួយរូបស្នើដោយជនជាប់ចោទអៀង សារី មានជំងឺ «ធ្ងន់ធ្ងរ» មិនអាចផ្ដល់សក្ខីកម្មបាន។ លោកចៅក្រមនិល ណុនបញ្ជាក់ថា ប្រសិនបើស្ថានភាពសុខភាពសាក្សីនៅតែអាក្រក់ នោះសវនាការនៅសប្ដាហ៍ក្រោយនឹងផ្អាកធ្វើការចោទសួរលើសាក្សីរូបនេះ។ «សវនាការស្ដាប់សក្ខីកម្មលោកឡុង នរិន្ទនឹងបន្ដធ្វើនៅថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០១១។ ប្រសិនបើសុខភាពរបស់គាត់មិនអំណោយផលដូចថ្ងៃនេះបន្ដទៀតនោះអង្គជំនុំជម្រះនឹងបន្ដការសួរដេញដោលជនជាប់ចោទ»។ ក៏ប៉ុន្ដែលោកចៅក្រមនិល ណុនមិនបានបង្ហាញថា សាក្សីគឺលោកឡុង នរិន្ទមានជំងឺអ្វីនោះទេ។ មន្ដ្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា និងលោក ឡាស អលសិន មិនអាចបញ្ជាក់ពត៌មានស្ដីពីជំងឺរបស់សាក្សីរូបនោះបានទេ។ ទោះជាយ៉ាងណា ផ្អែកតាមប្រភពផ្សេងទៀត ដែលបានស្រង់សំដីពីភរិយារបស់សាក្សី បានឲ្យដឹងថា លោកឡុង នរិន្ទមានជំងឺរលាកសួត មានការវះកាត់ចោលនូវផ្នែកនៃសរីរាង្គបន្ដពូជ និងមានជំងឺទឹកនោមផ្អែម។ ហើយគាត់បានធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃជាច្រើនលើក។ សាក្សីអាយុ៧៣ឆ្នាំរូបនេះធ្លាប់បានបម្រើការក្នុងក្រសួងការបរទេសខ្មែរក្រហមពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ កាលនោះអៀង សារីបានធ្វើជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស។ ដោយសារបញ្ហាសុខភាព លោកឡុង នរិន្ទត្រូវបានអង្គជំនុំជម្រះសាលាដំបូងយល់ព្រមឲ្យគាត់ផ្ដល់សក្ខីកម្មពីផ្ទះរបស់គាត់ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ តាមរយៈការតភ្ជាប់វីដេអូ។ ក្នុងអំឡុងពេលនៃការផ្ដល់សក្ខីកម្មរយៈពេលពីរថ្ងៃជាប់គ្នាគឺនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ លោកឡុង នរិន្ទបានស្នើសុំទៅកាន់បន្ទប់ទឹកជាញឹកញាប់ដោយមានមន្ដ្រីតុលាការជួយគ្រាផងដែរ។ លោកអាង ឧត្តម សហមេធាវីកម្ពុជារបស់អៀង សារី មានប្រសាសន៍ថា អវត្តមានរបស់សាក្សីអាចនឹងបង្កឲ្យមានចំណោទបញ្ហា។ «តើចម្លើយដែលគាត់បានធ្វើកន្លងមកហើយត្រូវយកជាការបាន ឬយ៉ាងម៉េច? ហើយក្នុងករណីដែលសាក្សី ដើមបណ្ដឹងរដ្ឋប្បវេណីឆ្លើយមួយចំនួននៅតុលាការហើយស្រាប់តែអាក់ខានទៅវិញដោយឧបទ្ទវហេតុណាមួយ តើចម្លើយដែលគាត់បានធ្វើកន្លងមកជាមួយភាគី ដែលបានសួរគាត់គិតយ៉ាងណា? ពីព្រោះអ្នកផ្សេងមិនបានសួរ?» ថ្វីបើលោកឡុង នរិន្ទ អតីតនិស្សិតខ្មែរនៅប្រទេសឆេកូ បានស្ដាប់មិនឮ និងមិនយល់នូវសំណួរមួយចំនួន ប៉ុន្ដែគាត់បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អៀងសារី អតីតចៅហ្វាយនាយរបស់គាត់មានអំណាចក្នុងការបញ្ជាការចាប់ខ្លួន និងរារាំងការចាប់ខ្លួនបុគ្គលិកក្នុងក្រសួងការបរទេស។ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបាននាំជនជាប់ចោទអៀង សារី ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងនួន ជា អតីតប្រធានសភា យកមកកាត់ទោសចំពោះការចោទប្រកាន់ពួកគេពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ បទចោទទាំងនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងតិចចំនួន១,៧លាននាក់។ មានសាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនបីនាក់ត្រូវបានកោះហៅឲ្យចូលរួមក្នុងដំណើរការកាត់ទោសក្នុងសប្ដាហ៍នេះ ហើយបុគ្គលទាំងបីសុទ្ធតែត្រូវបានរំខានដោយសារបញ្ហាសុខភាព អមជាមួយនឹងវ័យចំណាស់របស់ពួកគេ ហើយតុលាការលើកពេលការសាកសួរដេញដោលទៅថ្ងៃក្រោយ៕ This posting includes an audio/video/photo media file: Download Now |
អ្នកតំណាងអ.ស.ប.ផ្នែកសិទ្ធិមនុស្សអំពាវនាវឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសម្របសម្រួលគ្នា Posted: 09 Dec 2011 07:05 AM PST នៅថ្ងៃសុក្រនេះ លោកសូរិយា ប្រាសាតស៊ូបេឌី តំណាងពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអំពាវនាវគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងធ្វើឲ្យការរួមគ្នាឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។ លោកសូរិយា ប្រាសាតស៊ូបេឌីបានថ្លែងបែបនេះក្នុងសន្និសីទកាសែត នៅចុងបញ្ចប់បេសកកម្មរបស់លោកមកកាន់ប្រទេសកម្ពុជា ខណៈដែលលោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងកំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីកុំឲ្យជាប់ពន្ធនាគារ ហើយតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានធ្វើពហិការប្រជុំសភា។ លោកសូរិយា ប្រាសាតស៊ូបេឌីបានបញ្ជាក់ថា លោកមានការខ្វល់ខ្វាយក្នុងការធ្វើឲ្យប្រសើរឡើងដល់ការផ្សះផ្សាគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី។ «កិច្ចខំប្រឹងប្រែងរួមគ្នានេះគឺជាផលប្រយោជន៍របស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងសម្រាប់ការផ្សះផ្សា និងលទ្ធិប្រជាធិបតេយ្យ។ខ្ញុំដឹងអំពីស្ថានភាពរបស់លោកប្រធានគណបក្សនយោបាយសម រង្ស៊ី។ ខ្ញុំយល់ឃើញថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឈានទៅកាន់ការផ្សះផ្សាគ្នាមួយគឺជាអត្ថប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យនីយកម្មមួយដែលកាន់តែខ្លាំង និងស៊ីជម្រៅជាងនេះថែមទៀតនៅក្នុងប្រទេស»។ លោកសូរិយា ប្រាសាតស៊ូបេឌីបានលើកឡើងថា បើគណបក្សទាំងពីរមានការផ្សះផ្សាគ្នា លទ្ធិប្រជាធិបតេយ្យនឹងមានភាពរឹងមាំ ហើយបើគណបក្សទាំងពីរធ្វើរួមគ្នា វានឹងផ្តល់ផលប្រយោជន៍យ៉ាងសម្បើមដល់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងឆ្នាំ២០១២ ហើយនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានហៅការកត់សម្គាល់របស់លោកសូរិយា ប្រាសាតស៊ូបេឌីអំពីការផ្សះផ្សាគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សកាន់អំណាចនេះថា ជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិអំពីករណីលោកសម រង្ស៊ី៕ «បើសិនជាការបោះឆ្នោតនេះមិនមានវត្តមានរបស់លោកសម រង្ស៊ីទេ យើងនឹងមិនចាត់ទុកថា ការបោះឆ្នោតនេះមានភាពសេរី និងយុត្តិធម៌ទេ។ យើងនឹងធ្វើការពិចារណាដើម្បីរកដំណោះស្រាយសមស្របមួយ ធានាឲ្យលោកប្រធានសម រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រទេសវិញដោយសុវត្ថិភាព»។ លោកឯក ថា អ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងប្រកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលលោកសូរិយា ប្រាសាតស៊ូបេឌី តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមកកាន់ប្រទេសកម្ពុជានិយាយនោះ គឺជាយោបល់របស់គាត់ ហើយខ្ញុំគ្មានយោបល់តបទៅនឹងគាត់ទេ»។ ក្រោយពីបានជួបជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងបេសកកម្មនេះ លោកសូរិយា ប្រាសាតស៊ូបេឌីបានលើកឡើងអំពីការព្រួយបារម្ភអំពីបញ្ហាជម្លោះដីធ្លី សេរីភាពនៃការបញ្ចេញមតិ សេចក្តីព្រាងច្បាប់សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ភាពមិនស្មើគ្នានៃការផ្សព្វផ្សាយព័ត៌មានរបស់គណបក្សនយោបាយ ការប្រើប្រាស់ធនធានរដ្ឋសម្រាប់បម្រើការឃោសនាបោះឆ្នោត ភាពមិនប្រក្រតីនៃការចុះឈ្មោះអ្នកបោះឆ្នោត ការគំរាមកំហែង ការបំភិតបំភ័យ និងការយារយីប្រឆាំងសមាជិក និងបេក្ខជនរបស់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋខ្មែររស់នៅស.រ.អា.ចង់បានការពិតនិងយុត្តិធម៌ Posted: 09 Dec 2011 08:54 AM PST បងប្អូនខ្មែរនៅស.រ.អា. មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់៣នាក់ នៅក្នុងប្រទេសកម្ពុជា ដែលទើបចាប់ផ្តើមនៅពេលថ្មីៗនេះ។ ជាក់ស្តែងបងប្អូនខ្មែរ ដែលនាំគ្នាមកវត្តខ្មែរក្នុងថ្ងៃសីលមួយនៅពេលថ្មីៗនេះ នៅទីក្រុង Oakland រដ្ឋ California ភាគខាងលិចស.រ.អា. ថ្លែងថា ពួកគាត់ទន្ទឹងរង់ចាំថ្ងៃនេះអស់ពេលជាង៣០ឆ្នាំមកហើយ។ លោកអ៊ិន សួន ជាប្រធានគណៈកម្មការក្រុមអភិបាលនៃសមាគមវត្តខ្មែរ នៅក្រុង Oakland។ លោកថ្លែងថា លោកចង់ឃើញតុលាការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមឲ្យបានឆាប់ៗ។ <!--AV--> «ពីព្រោះថា គាត់ចាស់ជរាណាស់ទៅហើយ ដល់អញ្ចឹងទៅភស្តុតាងដែលពួកចៅក្រមយកមកស៊ើបអង្កេតហ្នឹង គាត់មិនអាចឆ្លើយបានក៏មិនដឹង ហើយប្រជារាស្ត្រខ្មែរអ្នករងគ្រោះរាប់លាននាក់នៅក្រៅប្រទេសផង នៅក្នុងប្រទេសផង ចាំទន្ទឹងមើលឲ្យឃើញថា គាត់ធ្វើបាបគេហើយត្រូវតែផន្ទាទោស កុំឲ្យរួចខ្លួនបាន»។ មេដឹកនាំទាំង៣នាក់នោះគឺនួន ជា អាយុ ៨៥ឆ្នាំអតីតប្រធានមនោគមន៍វិជ្ជានយោបាយ ខៀវ សំផន អាយុ៨០ឆ្នាំ អតីតប្រមុខរដ្ឋ និងអៀង សារី អាយុ៨៦ឆ្នាំ អតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានចោទប្រកាន់អំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ចំណែកអៀង ធីរិទ្ធ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានរកឃើញថា ពុំមានកាយសម្បទាល្អដើម្បីឲ្យតុលាការកាត់ទោសទេ។ លោកតា កើត គឹមឡេង សព្វថ្ងៃរស់នៅក្នុងទីក្រុង Oakland រដ្ឋ California យល់ថា អៀង ធីរិទ្ធមិនគួរត្រូវអនុញ្ញាត្តឲ្យរួចខ្លួនទេ។ «មិនគួររួចខ្លួនថា មិនឲ្យកាត់ទោសទេ។ កាត់ទោសកំបាំងមុខទៅចុះ។ ត្រូវតែមានទោសដែរ ពីព្រោះសម័យអាពតហ្នឹង នរណាឆ្កួតក៏វាយកទៅសម្លាប់ដែរ។ វាថា ដកចេញមិនខាត។ ទុកជាឆ្កួតក៏វាសម្លាប់ដែរ»។ លោកយង់ កឹម ជាអាចារ្យនៅវត្តខ្មែរក្នុងទីក្រុង Oakland។ លោកអាចារ្យអំពាវនាវឲ្យសាលាក្តីខ្មែរក្រហមរកយុត្តិធ៌មជូនជនរងគ្រោះទាំងឡាយ។ «ខ្ញុំមិនជឿថា ខ្មែរប្រល័យពូជសាសន៍ខ្មែរទេ។ ខ្ញុំមិនជឿជាដាច់ខាត។ មិនដែលខ្មែរណាទៅបំបាត់ពូជសាសន៍ឯងទេ។ ដូច្នេះសូមមេត្តាអង្គការសហប្រជាជាតិមេត្តាជួយរកឲ្យឃើញអ្នកសម្លាប់ខ្មែរហ្នឹង»។ អ្នកស្រីសៀន ហ៊ុយ ជាហេរញ្ញិកនៃវត្តខ្មែរ Oakland។ អ្នកស្រីបាត់បង់សមាជិកក្រុមគ្រួសារយ៉ាងច្រើនក្នុងសម័យខ្មែរក្រហម។ អ្នកស្រីថ្លែងថា បើសិនជាថ្ងៃមុខទៅ តុលាការកាត់ទោសឲ្យមេដឹកនាំខ្មែរក្រហមទាំង៣ជាប់គុកអស់មួយជីវិត ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ បើប្រៀបធៀបជាមួយនឹងចំនួនជនរងគ្រោះ។ «ក្នុងជំនឿជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំជឿថា គាត់នឹងទទួលមិនដឹងជាប៉ុន្មានពាន់ ប៉ុន្មានសែនជាតិទៀតទេ ព្រោះថា ខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំមានជំនឿអំពីរឿងកម្មផល។ ខ្ញុំមានជំនឿខ្លាំងចា៎»។ ឧបាសិកាគង់ ម៉េងបាត់បង់កូនម្នាក់នៅសម័យខ្មែរក្រហម។ អ៊ំស្រីមានប្រសាសន៍ថា ការឈឺចាប់របស់អ៊ំនៅជំនាន់នោះគឺឈឺចាប់រកអ្វីប្រៀបមិនបានទេ។ «ចង់បានយុត្តិធម៌ ចង់ឲ្យមេខ្មែរក្រហមហ្នឹងប្រាប់ថា ហេតុអ្វីបានជាសម្លាប់ខ្មែរគ្នាឯង ពូជសាសន៍ឯង។ ចង់ឲ្យមេខ្មែរក្រហមឆ្លើយថា អ្នកណាជាអ្នកបញ្ជាពីលើទៀត»។ ពលរដ្ឋកម្ពុជាប្រមាណ១លាន៧សែននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយការប្រហារជីវិត ការអត់អាហារ ការធ្វើការហួសកម្លាំង និងជម្ងឺផ្សេងៗ៕ This posting includes an audio/video/photo media file: Download Now |
សេចក្តីព្រាងច្បាប់អង្គការនឹងត្រូវយកមកពិភាក្សាម្តងទៀតនៅថ្ងៃទី១៩ធ្នូ Posted: 08 Dec 2011 09:39 PM PST ក្រសួងមហាផ្ទៃកម្ពុជាគ្រោងនឹងរៀបចំសិក្ខាសាលាមួយក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់គ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល បើទោះបីជាមានការព្រួយបារម្ភពីអង្គការសង្គមស៊ីវិលថា ពួកគេមិនមានពេលគ្រប់គ្រាន់នឹងពិនិត្យមើលដើម្បីផ្តល់អនុសាសន៍លើច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ អង្គសិក្ខាសាលានេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ខែធ្នូខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។ ការដាក់ពេលរៀបចំការពិភាក្សានេះកើតឡើងចំពេលដែលក្រុមអង្គការសង្គមស៊ីវិលកំពុងជាប់រវល់នឹងសកម្មភាពផ្សេងៗ ដូចជាការរៀបចំទិវាសិទ្ធិមនុស្ស និងការធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ហើយក៏ស្របពេលដែលតំណាងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួនមិននៅក្នុងប្រទេសកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលធ្លាប់សម្តែងការព្រួយបារម្ភថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យច្បាប់នោះឱ្យបានស៊ីជម្រៅទេ ហើយចង់ពន្យាររហូតដល់ខែមករានិងសុំពេលមួយខែ។ ប៉ុន្តែលោកនុត សាអានបានបញ្ជាក់ថា ពួកគេគួរតែមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យច្បាប់នេះនៅ សប្តាហ៍ក្រោយ។ «ព្រួយបារម្ភរឿងអ្វី? ឥឡូវតែដល់ពេលនោះ គេចែកហើយ ទំរាំដល់ថ្ងៃ១៩នោះ គឺមានពេលវេលានឹងពិនិត្យមើលហើយ»។ លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអង្គការសង្គមស៊ីវិល ដែលលោកធ្វើការជាមួយ នៅមិនទាន់បានទទួលសេចក្តី ព្រាងច្បាប់នោះ និងការប្រាប់ឱ្យដឹងពីសិក្ខាសាលានោះឡើយ។ «មិនដឹងថា តើការប្រជុំនោះយ៉ាងម៉េចទេ ព្រោះកន្លងមកគេឱ្យដំណឹងមុន ជួនកាលគេឱ្យដំណឹងដើម្បីប្រាប់ព័ត៌មាន ឬក៏សង្ខេបចំណុចសំខាន់ៗឱ្យយើង ហើយបានគេទុកពេលឱ្យយើងវិភាគ។ ដូច្នេះមិនដឹងថា ជាគេហៅនោះក្នុងគោលបំណងអ្វី។ យើងអត់ដឹង»។ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះធ្លាប់ត្រូវបានរដ្ឋាភិបាលដាក់ចេញជាលើកដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ហើយបានធ្វើការកែសម្រួលជាច្រើនលើក បន្ទាប់ពីមានការរិះគន់ថា មានបញ្ហាមិនច្បាស់លាស់លើចំណុចជាច្រើន ដូចជាលើការចុះបញ្ជីអង្គការ និងសិទ្ធិរបស់រដ្ឋាភិបាលក្នុងការបិទអង្គការជាដើម។ ក៏មានការរិះគន់ថា ច្បាប់នេះអាចនឹងបិទសិទ្ធិអង្គការសង្គមស៊ីវិលនិងត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីទៅរារាំងប្រតិបត្តិការអង្គការដែលធ្វើការងារដែលរដ្ឋាភិបាលមិនពេញចិត្ត។ សេចក្តីព្រាងច្បាប់នេះធ្លាប់បានបញ្ជូនទៅដល់គណៈរដ្ឋមន្រ្តីដើម្បីពិនិត្យសម្រេច ប៉ុន្តែត្រូវបញ្ជូនត្រឡប់មកវិញឱ្យធ្វើការកែសម្រួលបន្ថែម។ លោកនុត សាអានបញ្ជាក់ថា សេចក្តីព្រាងច្បាប់លើកទីបួននេះមានការកែប្រែច្រើនណាស់ ហើយនៅសប្តាហ៍ក្រោយ ក្រសួងនឹងបញ្ជូនលិខិតអញ្ជើញតំណាងអង្គការនានាឱ្យចូលរួមផ្តល់មតិក្នុងសិក្ខាសាលា។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបញ្ជាក់ថា អាមេរិកលើកទឹកចិត្តឱ្យមានការពិភាក្សាណាដែលមានមតិចូលរួមពីអង្គការសង្គមស៊ីវិល។ លោកសន ម៉ាក់គីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «យើងលើកទឹកចិត្តឱ្យមានដំណើរការពិភាក្សាមួយដែលមានពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលគឺជាដំណើរការមួយដែលនឹងបញ្ចូលមតិពីអង្គការសង្គមស៊ីវិល»។ លោកក៏បានបញ្ជាក់ដែរថា ការណ៍មានសង្គមស៊ីវិលមួយដែលមានសេរីភាពក្នុងការបំពេញការងារជាការណ៍ប្រសើរមួយ។ «ស្ថានទូតមានទស្សនៈជឿជាក់លើច្បាប់អង្គការមួយដែលអាចជួយសម្របសម្រួលឱ្យមានសង្គមស៊ីវិលមួយដែលសកម្មនិងមានលក្ខណៈចម្រុះដែលអនុញ្ញាតឱ្យពួកគេធ្វើការដោយសេរីជាជាងការរឹតត្បិតមួយ»។ ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ពួកគេប្រហែលជានឹងមានពេលតែបីឬបួនថ្ងៃប៉ុណ្ណោះដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ បើសិនជារដ្ឋាភិបាលបញ្ជូនចេញនៅសប្តាហ៍ក្រោយមែន ព្រោះនៅថ្ងៃច័ន្ទខាងមុខនេះគឺជាថ្ងៃសម្រាកមួយក្នុងប្រទេសកម្ពុជា។ ប្រភពមិនផ្លូវការបានប្រាប់វីអូអេឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះមានការបន្ធូរបន្ថយខ្លះទាក់ទងនឹងការចុះបញ្ជីអង្គការនិងរបាយការហិរញ្ញវត្ថុជាដើម ដូចជាសម្រាប់អង្គការក្នុងស្រុកគឺគ្រាន់តែជូនដំណឹងទៅក្រសួងមហាផ្ទៃ និងសម្រាប់អង្គការអន្តរជាតិគឺគ្រាន់តែជូនដំណឹងទៅក្រសួងការបរទេសពីការបន្តសកម្មភាពរបស់ខ្លួនជាដើមគឺមិនបាច់សុំច្បាប់ជាថ្មីឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ០៩ ធ្នូ ព្រឹក Posted: 08 Dec 2011 07:57 PM PST ស៊ីរី៖ មានការផ្ទុះដ៏ធំមួយនៅលើបំពង់នាំប្រេងរបស់ស៊ីរី ដែលដឹកប្រេងទៅកាន់រោងចក្រមួយនៅជិតទីក្រុងហោមស៍ ដែលកំពុងតែមានភាពវឹកវរ នៅពេលដែលអំពើហិង្សាពីការបះបោរក្នុងពេល៩ខែនៅក្នុងប្រទេសនេះកំពុងកើនឡើង។ អ៊ឺរ៉ុប៖ មេដឹកនាំអឺរ៉ុបកំពុងជួបប្រជុំនៅក្រុងព្រុចសែលដើម្បីចួលរួមសន្និសីទចំនួនពីរថ្ងៃ ក្នុង បំនងធ្វើការវាយតំលៃប្រាក់យូរ៉ួ ដែលជារូបិយបណ្ណ័រួម និងដែលកំពុងជាប់ជំពាក់ក្នុងវិបត្តិ ប្រាក់បំណុលដ៏មហិមារបស់ទ្វីបអឺរ៉ុប។ រុស្សី៖ ប្រធានាធិបតីរុស្ស៊ី ដឺមីទ្រី មេតវីដេវបានសុំឲ្យមានការស៊ើបអង្កេតលើការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត នៅក្រោយការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាកាលពីថ្ងៃអាទិត្យនេះ ដែលបានបណ្តាលឲ្យមានបាតុកម្មធំៗមួយចំនួនបានកើតឡើង។ អូតង់៖ ការស្នើដាក់តាំងប្រព័ន្ធការពារកាំជ្រួចផ្លោងមួយនៅក្នុងទ្វីបអឺរ៉ុបត្រូវបរាជ័យ។ បើយោងតាមសំដីរបស់អគ្គលេខាធិការអង្គការអូតង់ អានដឺ ហ្វក រ៉ាសមូសិនបានថ្លែងកាលពីថ្ងៃព្រហស្បត៍ថា ភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នាអំពីសេចក្តីស្នើនេះ ដោយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី សឺជី ឡាវរ៉ូវ អះអាងថាប្រព័ន្ធការពារនេះអាចយកទៅប្រើប្រឆាំងរុស្ស៊ី។ ប៉ាគីស្ថាន៖ និយាយថា នេះជាពេលដែលខ្លួនត្រូវបញ្ចប់ការចោទប្រកាន់ ហើយឈានទៅរកការសហប្រតិបត្តិការមួយជាមួយប្រទេសជិតខាង អាហ្វហ្គានីស្ថាន បន្ទាប់ពីអាជ្ញាធរអាហ្វហ្គានីស្ថានបានដាក់ទោសជនសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ចំពោះការវាយប្រហារអត្តឃាតដ៏សាហាវមួយ។ អ្នកនាំពាក្យការិយាល័យក្រសួងការបរទេស អាបដូល ប៉ាស៊ីត បានប្រាប់ក្រុមអ្នកយកព័ត៌មាន ថ្ងៃព្រហស្បត៍ថា ក្រុងអ៊ីស្លាមម៉ាបាដ ចង់បានទំនាក់ទំនងមួយដែលគ្មានការចោទប្រកាន់គ្នាទៅវិញទៅមកទេ។ កុងហ្គោ៖ មន្រ្តីរៀបចំការបោះឆ្នោតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំណត់ថានឹងប្រកាសលទ្ធផលទាំងស្រុងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្រោយម៉ោង ៦ ល្ងាច ថ្ងៃព្រហស្បត៍តាមម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោង ៥ ល្ងាចតាមម៉ោងសកល នៅពេលដែលប្រទេសនេះកំពុងបង្ហាញសញ្ញាថាអាចមានការបះបោរពីសំណាក់ប្រជាពលរដ្ឋ បើយោងតាម អ្នកនាំពាក្យរបស់គណកម្មការរៀបចំការបោះឆ្នោត ម៉ាធើ ម្ពីតា។ សហរដ្ឋអាមេរិក៖ តាមការស្ទង់មតិថ្មីមួយបានបង្ហាញថា លោក ជីង រីក បាននាំមុខដោយលេខពីរខ្ទង់លើបេក្ខជនគណបក្សសាធារណរដ្ឋដទៃទៀត នៅក្នុងការប្រកួតដើម្បីឲ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |