VOA News: ព័ត៌មាន: “ហេឡូវីអូអេពិសេស ០៥ មិថុនា ២០១២៖ ភាពមិនប្រក្រតីនិងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់បណ្តោះអាសន្ន” plus 4 more |
- ហេឡូវីអូអេពិសេស ០៥ មិថុនា ២០១២៖ ភាពមិនប្រក្រតីនិងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់បណ្តោះអាសន្ន
- គណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងលើសលុប
- គណបក្សប្រឆាំងពីរពិចារណាចងសម្ព័ន្ធភាព
- សាកលវិទ្យាល័យ Harvard លើកស្ទួយសេរីភាពនៃការសរសេររបស់អ្នកនិពន្ធខ្មែរ
- អ្នកស្រុកចង់បានតម្លាភាពនៅក្នុងការផ្តល់សេវាសាធារណៈមូលដ្ឋាន
ហេឡូវីអូអេពិសេស ០៥ មិថុនា ២០១២៖ ភាពមិនប្រក្រតីនិងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់បណ្តោះអាសន្ន Posted: 05 Jun 2012 12:27 PM PDT ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបាននិយាយថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ បានបញ្ចប់ទៅដោយភាពមិនប្រក្រតីយ៉ាងច្រើន។ តែពួកគេទទួលស្គាល់ថា ការបោះឆ្នោតលើកនេះមានភាពរលូន និងគ្មានអំពើហិង្សាធំដុំ។ នេះជាការអះអាងរបស់កញ្ញា គង់ រ៉ាវីន ប្រធានក្រុមអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងលោក សំ គន្ធាមី មន្ត្រីសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិកដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេពិសេស កាលពីយប់ថ្ងៃអង្គារ ទី៥ខែមិថុនា ឆ្នាំ២០១២។ ប្រធានបទនៃកិច្ចពិភាក្សាគឺស្តីពី «ភាពមិនប្រក្រតីនិងលទ្ធផលបោះឆ្នោតឃុំសង្កាត់បណ្តោះអាសន្ន»។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេពិសេស ថ្ងៃទី ០៥ មិថុនា ២០១២៖ <!--AV--> មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
គណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងលើសលុប Posted: 04 Jun 2012 06:18 PM PDT គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះឃុំសង្កាត់សរុបចំនួន១,៥៩២ លើ១,៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា។ រីឯគណបក្សសម រង្ស៊ី ឈ្នះបានជាង២០ឃុំសង្កាត់ និងតាមពីក្រោយដោយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ដែលទទួលបានឃុំសង្កាត់ចំនួន១៨។ នេះបើយោងទៅតាមមន្ត្រីនៃគណបក្សទាំងបីដែលបានឲ្យដឹងនៅថ្ងៃចន្ទនេះ។ កម្ពុជាបានធ្វើការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលមានគណបក្សសរុបចំនួន១០ បានចូលរួមប្រកួតប្រជែងដណ្តើមយកអសនៈចំនួន ១១,៤៥៩អសនៈ នៅក្នុងសង្កាត់ចំនួន១,៦៣៣។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប បានចេញលទ្ធផលការបោះឆ្នោតបណ្តោះអាសន្ននៅថ្ងៃនេះ ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងលើសលប់ ហើយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានចែកលំដាប់រៀងគ្នា លេខ២ និងលេខ៣។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តមណឫរទ្ធិ ទំនងជាមិនបានជ័យជំនះទៅលើឃុំណាមួយទេ។ ក៏ប៉ុន្តែមានអសនៈនៅក្នុងឃុំសង្កាត់មួយចំនួនដែរ។ លោក ជាម យៀប តំណាងរាស្ត្រ និងសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា នេះគឺជាជោគជ័យរបស់គណបក្សលោក។ លទ្ធផលបណ្តោះអាសន្នផ្លូវការទំនងជាមិនប្រែប្រួលឡើយ បើធៀបទៅនឹងលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការ ដែលស្រង់ចេញពីគជប។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានសម្តែងភាពរីករាយចំពោះលទ្ធផលដែលទទួលបានពីការបោះឆ្នោត ថ្វីត្បិតដែលគាត់បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួន។ «យ៉ាងតិច១៨ឃុំហើយ លទ្ធផលបណ្តោះអាសន្នមកដល់ថ្ងៃនេះ។ មិនមែនដណ្តើមពីគណបក្សសម រង្ស៊ី ទេគឺដណ្តើមពីគណបក្ស [កាន់អំណាច] បច្ចុប្បន្ន។ ហ្នឹងហើយជាជោគជ័យរបស់គណបក្សសិទ្ធិមនុស្សយើង»។ ដោយឡែកលោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី មិនសប្បាយចិត្តនឹងលទ្ធផលនៃការបោះឆ្នោតនេះទេ ដោយចោទប្រកាន់ថាគណបក្សកាន់កាប់អំណាចថាបានប្រើប្រាស់កលល្បិចដើម្បីឈ្នះ។ «សំឡេងសម រង្ស៊ី ដែលទទួលបានពេលនេះគឺជាសំឡេងពិត ជាសំឡេងដែលគេចផុតពីការលួចបន្លំ ពីសំឡេងដែលមិនភ័យខ្លាច មិនចាញ់សំឡុត។ ក៏ប៉ុន្តែគណបក្សប្រជាជនជាសំឡេងសំឡុត សំឡេងលួច សំឡេងទិញ សំឡេងបន្លំ សំឡេងខ្មោច សំឡេងបរទេស ហើយនឹងសំឡេងខ្យល់»។ ទោះជាយ៉ាងណាលោកជាម យៀប មកពីគណបក្សប្រជាជនកម្ពុជា បាននិយាយចំអកបញ្ឆិត បញ្ឆៀងថា មេដឹកនាំគណបក្សលោកមិនបានឋិតនៅក្រៅប្រទេស ក៏ប៉ុន្តែគឺជាអ្នកចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ។ មេដឹកនាំសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សសម រង្ស៊ី សុទ្ធតែបានលើកភាពមិនប្រក្រតីដូចៗគ្នា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសបញ្ហាបញ្ជីឈ្មោះបោះឆ្នោត ការបោះឆ្នោតពីរដង ការប្រើប្រាស់ឥទ្ធិពលនៃគណបក្សកាន់អំណាចជាដើម។ ហើយគណបក្សទាំងពីរទាមទារឲ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៃគជប ដោយចោទប្រកាន់ស្ថាប័ននេះ បានលម្អៀងទៅរកគណបក្សកាន់អំណាច។ របាយការណ៍ពីអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបង្ហាញថា បរិយកាសនៃការបោះឆ្នោតជាទូទៅមានភាពល្អប្រសើរ៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងពីរពិចារណាចងសម្ព័ន្ធភាព Posted: 04 Jun 2012 05:10 PM PDT លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការចរចាគ្នាឡើងវិញរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដើម្បីចងសម្ព័ន្ធភាព និងផ្តួលរំលំគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីគណបក្សនេះបានឈ្មះសំឡេងដ៏ច្រើនលើសលប់។ ការអំពាវនាវរបស់លោកកឹម សុខា បានធ្វើឡើងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបតែបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លទ្ធផលក្រៅផ្លូវការបានបង្ហាញថាគណបក្សសិទ្ធិមនុស្សទទួលបានជ័យជម្នះ១៨ឃុំសង្កាត់ ចំណែកឯគណបក្សសម រង្ស៊ីរំពឹងថានឹងទទួលបាន ២២ឃុំសង្កាត់នៅទូទាំងប្រទេស។ បើទោះបីជាលទ្ធផលនៃគណបក្សទាំងពីរប្រហាក់ប្រហែលគ្នាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបផ្ទឹមជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានឈ្នះរហូតដល់ជាង១,០០០ឃុំសង្កាត់។ លោកកឹម សុខា បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃចន្ទនេះថា បើគណបក្សសម រង្ស៊ី មានសុឆន្ទៈពិតប្រាកដដើម្បីយកឈ្នះគណបក្សគ្រប់គ្រងអំណាចមែន និងដើម្បីជាជោគជ័យសម្រាប់ប្រជាពលរដ្ឋមែន សូមបើកទ្វារចរចាជជែកគ្នាបង្រួបបង្រួមគ្នាឡើងវិញ។ «ជំហររបស់គណបក្សសិទ្ធិមនុស្ស សុំអំពាវនាវដល់គណបក្សសម រង្ស៊ី ដើម្បីបើកការចរចាគ្នា ដើម្បីធ្វើការបង្រួបបង្រួមគ្នាឡើងវិញ។ ខ្ញុំនឹងទាក់ទងទៅឯកឧត្តមសម រង្ស៊ី ផ្ទាល់តែម្តង ដើម្បីសុំជជែគ្នា ពីព្រោះអីយើងឃើញលទ្ធផលទាំងអស់គ្នាហើយ។ លទ្ធផលនេះបានបង្ហាញថាយើងរួបរួមគ្នា យើងបានផលច្រើនជាងហ្នឹងទៅទៀត ទាំងអស់គ្នា»។ លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានស្វាគមន៍ការលើកឡើងនេះ។ លោកបានបញ្ជាក់ថាគណបក្សរបស់លោកស្វាគមន៍អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ទៀតថាឥឡូវនេះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ីនឹងរួមគ្នានៅថ្នាក់មូលដ្ឋានជាមុនសិន។ «តាំងពីដើមមក យើងចង់តែឲ្យមានការបង្រួបបង្រួម ឲ្យមានការផ្តាច់ជ្ញាចិត្ត ឲ្យមានភាពស្មោះត្រង់នឹងគ្នា។ ពេលនេះ យើងបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់រួបរួមគ្នា សេចក្តីសម្រេចនៅថ្នាក់មូលដ្ឋាន»។ គណបក្សសម រង្ស៊ី បានចេញសេចក្តីប្រកាសភ្លាមៗ ក្រោយពីការបោះឆ្នោតដោយបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាគណបក្សសិទ្ធមនុស្សរួមគ្នាជាមួយនឹងគណបក្សសម រង្ស៊ី ដើម្បីទប់ស្កាត់ការរឹបអូសយកដីធ្លីប្រជាពលរដ្ឋដោយខុសច្បាប់ លុបបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាន ការពារទ្រព្យសម្បត្តិសាធារណៈ និងទប់ស្កាត់អំពើអយុត្តិធម៌។ គណបក្សសិទ្ធមនុស្ស និងគណបក្សសម រង្ស៊ី ធ្លាប់បានចរចាគ្នាជាច្រើនលើក ដើម្បីរួបរួមគ្នាបញ្ជូលទៅជាគណបក្សតែមួយ។ ក៏ប៉ុន្តែគណបក្សទាំងពីរនៅតែឋិតក្នុងជម្រើសឃ្លាតឆ្ងាយគ្នានៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
សាកលវិទ្យាល័យ Harvard លើកស្ទួយសេរីភាពនៃការសរសេររបស់អ្នកនិពន្ធខ្មែរ Posted: 04 Jun 2012 02:54 PM PDT ថ្វីបើអំពើហិង្សាចំពោះអ្នកនិពន្ធនិងអ្នកស្រាវជ្រាវកម្ពុជា បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី អ្នកនិពន្ធជាច្រើននិយាយថា ពួកគាត់នៅតែទទួលរងការរឹតត្បិតជាខ្លាំង។ កម្មវិធីអក្សរសិល្បមួយនៅសាកលវិទ្យាល័យហារវើដ (Harvard University) ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ផ្តល់កន្លែងដល់អ្នកនិពន្ធដែលមកពីប្រទេសនានាដូចជាកម្ពុជា ដើម្បីអាចឲ្យពួកគាត់ធ្វើការសរសេរនិពន្ធដោយសេរីនិងមិនមានការរឹតត្បិត។ កម្មវិធី Harvard Scholars at Risk (អ្នកនិពន្ធរងការគំរាម) នៅសាកលវិទ្យាល័យនេះបានរៀបចំពិធីបង្ហាញ «Living Magazine» ឬ «សិទ្ធិសេរីភាពក្នុងការតែងនិពន្ធ» កាលពីខែមេសា ដែលនៅក្នុងកម្មវិធីនេះ អ្នកនិពន្ធដូចជាអ្នកស្រី កែវ ច័ន្ទបូរណ៍ ជាដើម ធ្វើការសូត្រនិងបង្ហាញស្នាដៃនិពន្ធរបស់ពួកគាត់។ អ្នកស្រី កែវ ច័ន្ទបូរណ៍ មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានថ្លែងទាំងយំខ្សឹកខ្សួល ទៅកាន់អ្នកចូលរួមថា៖ «ខ្ញុំត្រូវរត់ចោលប្រទេសដើម្បីអាយុជីវិត តែខ្ញុំមិនអាចឈប់សរសេរបានទេ។ ការសរសេរជាជីវិតរបស់ខ្ញុំ»។
លោក ខូ តារាឫទ្ធិ ជាអ្នកស្រាវជ្រាវខ្មែរដំបូងក្នុងកម្មវិធី Harvard Scholars at Risk នេះ បានសូត្រកំណាព្យមួយដែលមានចំណងជើងថា«បុប្ផា»។ កំណាព្យនេះរៀបរាប់អំពីបញ្ហានឹកស្រណោះស្រុកទេស ហើយដូចកំណាព្យផ្សេងទៀតរបស់លោកដែរ មានបង្កប់នូវអត្ថន័យនយោបាយ។ លោក តារាឫទ្ធិ ពន្យល់អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាថា៖ «នៅប្រទេសកម្ពុជាកុំថាឡើយត្រឹមតែសរសេរ សូម្បីតែយើងនិយាយគ្នាធម្មតា សូម្បីតែយើងអានអត្ថបទដែលមានការរិះគន់ទៅដល់អ្នកមានអំណាចខ្លះ ក៏ប្រជាជនខ្មែរយើងអត់ហ៊ានដែរ។ ការណ៍ដែលគេមិនហ៊ាននេះ ប្រហែលជាមកពីទីមួយគឺគេខ្លាច ហើយបើសិនជាសួរថាខ្លាចអី គឺគេខ្លាចជាប់គុក គេខ្លាចអ្វីដែលគេនិយាយហ្នឹង ប៉ះពាល់ទៅដល់អ្នកនយោបាយ អ្នកមានអំណាចបច្ចុប្បន្ន ដែលធ្វើឲ្យគេមានបញ្ហាទៅបានជាមនុស្សម្នាក់ៗស្ងៀមស្ថាត់ទៅ។» បរិយាកាសនៃការចែកចាយព័ត៌មាននៅប្រទេសកម្ពុជានៅមានការរឹតត្បិតជាខ្លាំងនៅឡើយ។ អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលប្រៀបធៀបកម្រិតសេរីភាពរបស់ប្រទេសនានាក្នុងពិភពលោក បានចាត់ទុកប្រទេសកម្ពុជានៅឆ្នាំ២០១១ថា «មិនមានសេរីភាព» ចំពោះសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋ ដែលក្នុងនោះរួមមានសិទ្ធិសេរីភាពក្នុងការសរសេរនិពន្ធផងដែរ។ អ្នករិះគន់ខ្លះនិយាយថា ការរឹតត្បិតនេះក៏កើតមានចំពោះការសិក្សាស្រាវជ្រាវនៅតាមសាកលវិទ្យាល័យផងដែរ ដោយពេលពេលកន្លងមកនេះ មានការហាមឃាត់និស្សិតមិនឲ្យសរសេរប្រធានបទសារណាមួយចំនួននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មន្ត្រីសាកលវិទ្យាល័យបានការពារការសម្រេចនេះដោយសំអាងថា ការហាមឃាត់នេះមានបំណងប្រឆាំងនឹងការលួចចម្លងគ្នារបស់និស្សិត។ លោក ខូ តារាឫទ្ធិ យល់ថាស្ថានភាពនៃការរឹតត្បិតការសរសេរនៅក្នុងប្រទេសកម្ពុជានេះ គឺផ្ទុយស្រឡះអំពីបរិយាកាសនៃការសិក្សាស្រាវជ្រាវនៅតាមសាកលវិទ្យាល័យបស្ចឹមប្រទេស ដូចជាសាកលវិទ្យាល័យ Harvard ដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះជាដើម។ លោកថា បរិយាកាសនៃការស្រាវជ្រាវនៅទីនេះពោរពេញដោយសេរីភាព។ «យើងចង់សរសេរអីក៏ដោយ គេឲ្យយើងសរសេរ គេឲ្យលុយយើងសរសេរទៀត។ គេថាអ្នកឯងចង់ធ្វើនេះសរសេរ proposal (សំណើ) មក ហើយគេមិនដែលនិយាយថា អ្នកឯងកុំធ្វើនេះ កុំធ្វើនោះ វាខុស វាទាក់ទងនឹងរឿងនយោបាយ ឬវាទាក់ទងនឹងរឿងនេះរឿងនោះ គេអត់និយាយទេ គេថាធ្វើចុះ។ ហើយគេមានតែលើកទឹកចិត្តឲ្យយើងធ្វើថែមទៀត។» អ្នកនាង Aisha Down និស្សិតអក្សរសាស្ត្រម្នាក់នៅសាកលវិទ្យាល័យ Harvard ដែលធ្លាប់បានរស់នៅប្រទេសកម្ពុជារយៈពេល៩ខែនិយាយថា ដំបូងនាងមិននឹងស្មានថាសង្គមខ្មែរមានការរឹតត្បិតសេរីភាពទេ ព្រោះមិនមានស្ថាប័នឬប្រព័ន្ធរឹតត្បិតដែលគេមើលឃើញជាក់ស្តែងដូចនៅប្រទេសផ្សេងទៀត។ ប៉ុន្តែនាងថា តាមពិតប្រព័ន្ធរឹតត្បិតនេះចេញពីវប្បធម៌នៃការបំភិតបំភ័យនិងអំពើហិង្សា ហើយនាំឲ្យមានប្រយ័ត្នប្រយែងខ្លួនឯង (self-censorship)។ នាង Aisha និយាយថា៖ «នៅពេលដែលមានអំពើហិង្សានោះកើតឡើងហើយ ពាក្យចចាមរ៉ាមចាប់ផ្តើមរីកសាយ ហើយអ្នកដែលធ្លាប់ហ៊ាននិយាយរិះគន់ដែរដឹងខ្លួនថា គ្រួសាររបស់គាត់ និងរូបគាត់ផ្ទាល់កំពុងរងគ្រោះថ្នាក់ ហើយដឹងថាបើគាត់ហ៊ាននិយាយបែបនេះទៀត រឿងរ៉ាវដូចគ្នានេះនឹងកើតចំពោះគាត់ដែរ។ ដូច្នេះដោយសារគេមិនដឹងថាគ្រោះថ្នាក់នោះចេញមកពីទីណា គេមិនមានវិធីអាចប្រឆាំងនឹងការបំបិទមាត់បែបនេះបានទេ។» ប៉ុន្តែការខ្វះខាតសេរីភាពបញ្ចេញមតិអាចមានផលប៉ះពាល់ហួសពីសន្តិសុខបុគ្គលទៅទៀត គឺអាចប៉ះពាល់ដល់ស្ថេរភាពយូរអង្វែងរបស់សង្គមទៀតផង។ លោក Steven Pinker សាស្ត្រាចារ្យសាកលវិទ្យាល័យ Havard ផ្នែកចិត្តសាស្ត្រ និងជាអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រដ៏ល្បីបំផុតម្នាក់ក្នុងពិភពលោកបានពន្យល់ប្រាប់វីអូអេ អំពីឫសគល់នៃអំពើឃោរឃៅនានា ថា៖ «ដូច្នេះហេតុអ្វីបានជាកើតមានវាលពិឃាតនៅកម្ពុជា ឬ ការសម្លាប់ Holocaust នៅអាល្លឺម៉ង់? តាមការសង្កេត គឺមនុស្សទាំងអស់ត្រូវបង្ខំឲ្យជឿនៅគ្រប់ពេលទាំងអស់។ ហើយមូលហេតុមួយគឺថា ពលរដ្ឋត្រូវគេបំភិតបំភ័យមិនឲ្យនិយាយពីអ្វីដែលពួកគេចង់និយាយ។ តាមពិតទៅមានមនុស្សតិចណាស់ដែលជឿលើមនោគមន៍វិជ្ជាអាក្រក់ទាំងនោះ ប៉ុន្តែម្នាក់ៗគិតថាអ្នកដទៃគ្រប់គ្នាសុទ្ធតែជឿ ព្រោះមិនមាននរណាម្នាក់ហ៊ាននិយាយការណ៍ពិតទេ ដោយសារបើនិយាយគេនឹងត្រូវសម្លាប់ចោលភ្លាម។» កម្មវិធីនានាដូចជា Scholars at Risk នេះជាដើម អាចជួយអ្នកនិពន្ធមកពីប្រទេសនានា មានឱកាសនិពន្ធក្នុងបរិយាកាសមិនមានការរឹតត្បិតសេរីភាព។ អ្នកស្រី Jane Unrue ដែលនៅក្នុងគណៈកម្មាធិការកម្មវិធី Scholars at Risk ហើយជាអ្នករៀបចំកម្មវិធី Living Magazine សង្ឈឹមថា កម្មវិធីនៅសាកលវិទ្យាល័យ Harvard នេះ នឹងជួយដល់លោក តារាឫទ្ធិ ក៏ដូចជាអ្នកនិពន្ធដទៃទៀតនៅប្រទេសកម្ពុជា។ អ្នកស្រីថ្លែងថា៖ «ខ្ញុំគិតថាមានឥទ្ធិពលនៅពីរថ្នាក់។ ទី១ ស្នាដៃសិល្បៈផ្ទាល់ខ្លួនរបស់លោកកាន់តែបានប្រសើរ។ ខ្ញុំគិតថានៅទីនេះ លោករឹតតែស្រឡាញ់ភាសាកំណើតរបស់លោកថែមទៀត។ ហើយទី២ ខ្ញុំយល់ថា លោកប្រាកដជាកាន់តែមានលទ្ធភាពអាចផ្សាយស្នាដៃរបស់លោកចំពោះអ្នកដែលមិនចេះភាសាខ្មែរទៀតផង។ ហើយខ្ញុំគិតថា ការណ៍នេះនឹងមានសារៈសំខាន់ណាស់ចំពោះប្រទេសកម្ពុជា និងអ្នកនិពន្ធផ្សេងទៀតនៅកម្ពុជា។» This posting includes an audio/video/photo media file: Download Now |
អ្នកស្រុកចង់បានតម្លាភាពនៅក្នុងការផ្តល់សេវាសាធារណៈមូលដ្ឋាន Posted: 04 Jun 2012 04:49 PM PDT ខណៈដែលគណបក្សនយោបាយកំពុងឃោសនារកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៣ ខែមិថុនា ក្រុមអ្នកស្រុកបានអះអាងថា ពួកគេចង់បានការផ្តល់សេវាសាធារណៈមូលដ្ឋានមួយដែលមានតម្លាភាពនិងគ្មានអំពើពុករលួយ។ លោក មាស សុខគីមតែងគិតថា ការធ្វើលិខិតបញ្ជាក់កំណើតនិងឯកសារផ្សេងៗនៅក្នុងភូមិ សង្កាត់របស់លោក គឺគ្មានការតម្រូវឲ្យបង់ប្រាក់ ឬបង់តែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែលោកអះអាងថា លោកត្រូវបង់ប្រាក់ដល់ទៅ៤ម៉ឺនរៀល ឬស្មើនឹងចំណូលដែលលោកអាចរកបានក្នុងរយៈពេល២ឬ៣ថ្ងៃពីរបររត់ម៉ូតូឌុបរបស់លោកដើម្បីទទួលបានសៀវភៅគ្រួសារមួយក្បាល។ «ធ្វើអញ្ចឹងអត់សមរម្យទេ ព្រោះរាជរដ្ឋាភិបាលគាត់ដាក់មកថា របស់អស់ហ្នឹងមិនយកលុយទេ តែដល់ពេលខ្ញុំទៅធ្វើគេយកលុយ»។ ដូចអ្នកស្រុកជាច្រើនទៀតដែរនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនេះ លោកសុខគីមនិយាយថា ដើម្បីទទួលបានឯកសារទាំងនេះ លោកត្រូវបង្ខំចិត្តបង់ប្រាក់ទៅឲ្យមន្ត្រីពាក់ព័ន្ធដោយលោកមិនដែលទទួលបានវិក័្កយប័ត្រដើម្បីបញ្ជាក់ពីការបង់ប្រាក់ទាំងនោះឡើយ។ «បើនិយាយការណ៍ពិតទៅ បើខ្ញុំមិនឲ្យលុយ គឺសំខាន់ខ្ញុំត្រូវការធ្វើសៀវភៅហ្នឹង។ អញ្ចឹងខ្ញុំត្រូវតែឲ្យគេទៅ។ គេថា គេសុំប៉ុណ្ណេះៗ ខ្ញុំជូនគេទៅតាមហ្នឹងទៅ ព្រោះខ្ញុំត្រូវការដើម្បីឲ្យកូនទៅធ្វើការ ឬក៏អី្វផ្សេងៗ»។ ក្រុមអ្នកភូមិនៅទីនេះនិយាយថា ការបង់ប្រាក់ក្រៅផ្លូវការទៅឲ្យអាជ្ញាធរពាក់ព័ន្ធបានក្លាយទៅជាទម្លាប់ដែលគេត្រូវតែធ្វើនៅស្ទើរគ្រប់ទីកន្លែងទៅហើយក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានលិខិត ឬសំណុំឯកសារផ្លូវការនានា ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬអត្តសញ្ញាណប័ណ្ណជាដើម។ អ្នកស្រុកនិយាយថា ប្រសិនបើពួកគេមិនព្រមបង់ប្រាក់ទៅតាមការទាមទារទេ នោះមន្ត្រីដែលទទួលបន្ទុកធ្វើឯកសារ ជាទូទៅតែងតែរកលេស ដើម្បីបដិសេធមិនផ្តល់ឯកសារដល់ពួកគេ ដោយមន្ត្រីទាំងនោះអះអាងថា ពួកគេកំពុងជាប់រវល់ ឬខ្វះឯកសារលិខិតស្នាមផ្សេងៗជាដើម។ មន្ត្រីភូមិបឹងសាឡាងនៃគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយឲ្យសួរសំណួរទៅមន្ត្រីថ្នាក់លើរបស់ពួកគេវិញ។ អាជ្ញាធរសង្កាត់ឫស្សីកែវអះអាងថា រហូតមកដល់ពេលនេះ ខ្លួនមិនទាន់ឃើញមានគោលការណ៍ជាក់លាក់ពីថ្នាក់ជាតិដែលកំណត់អំពីតម្លៃនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋាននៅឡើយទេ។ លោកស្រីច័ន្ទ សំណាងគឺជាចៅសង្កាត់ឫស្សីកែវខាងគណបក្សសម រង្ស៊ី។ «អញ្ចឹងយើងអត់មានអីច្បាស់លាស់ដែលថា យើងហ្នឹងពិតជាត្រូវបានថ្នាក់លើប្រគល់មកថា ឧទាហរណ៍ សៀវភៅគ្រួសារមួយក្បាលត្រូវបង់២០០០រៀល ឬសៀវភៅស្នាក់នៅត្រូវបង់១៥០០រៀល ឬអត្តសញ្ញាណប័ណ្ណត្រូវបង់ប៉ុន្មាន គឺយើងអត់មានអ្វីទាំងអស់។ អញ្ចឹងពេលគេទម្លាក់ការងារមក យើងចេះតែធ្វើការងារទៅ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា រាល់ឯកសារពាក់ព័ន្ធទាំងអស់ហ្នឹងដែលប៉ូលិសបញ្ជូនមកឲ្យខាងខ្ញុំ គឺខ្ញុំចុះហត្ថលេខាដោយគ្មានបង់ប្រាក់អីមួយរៀលទេ»។ គណបក្សនយោបាយទាំងពីរកំពុងប្រកួតប្រជែងគ្នាជាមួយគណបក្សនយោបាយចំនួន៨ផ្សេងទៀត ដើម្បីដណ្តើមតំណែងថ្នាក់មូលដ្ឋាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា។ គណបក្សនីមួយៗ សុទ្ធតែសន្យាថា នឹងមិនជម្រិតទារប្រាក់ ឬថា នឹងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយតម្លាភាព។ ប៉ុន្តែអ្នកស្រុកក្នុងសង្កាត់ឫស្សីកែវ ដូចជាលោកមាស សុខគីមជាដើម បានដាក់មន្ទិលចំពោះការសន្យាទាំងនេះ ដោយលើកហេតុផលថា កន្លងមក អ្នកនយោបាយថ្នាក់លើបានត្រឹមតែសន្យាប៉ុណ្ណោះ រីឯអ្នកដែលសម្រេចធ្វើតាម ឬមិនធ្វើនោះ គឺជាមន្ត្រីថ្នាក់ក្រោមទៅវិញទេ។ ដូច្នេះពួកគេអះអាងថា ពួកគេហាក់ដូចជាអស់ជំនឿថា ការបោះឆ្នោតនឹងអាចនាំមកនូវការផ្លាស់ប្តូរចំពោះបញ្ហានេះបាន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |