VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៧ មិថុនា ២០១២៖ ជម្លោះ​ដីធ្លី​និង​វិធានការ​ប្រឆាំង​នឹង​ការ​តវ៉ា” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០៧ មិថុនា ២០១២៖ ជម្លោះ​ដីធ្លី​និង​វិធានការ​ប្រឆាំង​នឹង​ការ​តវ៉ា” plus 2 more


ហេឡូ​វីអូអេ ០៧ មិថុនា ២០១២៖ ជម្លោះ​ដីធ្លី​និង​វិធានការ​ប្រឆាំង​នឹង​ការ​តវ៉ា

Posted: 07 Jun 2012 01:16 PM PDT

អ្នក​វិភាគ​ឯករាជ្យ​នៅ​កម្ពុជា​និយាយ​ថា ​រដ្ឋាភិបាល​មិន​គួរ​ដោះស្រាយ​បញ្ហា​ ជម្លោះ​ដីធ្លី​ដោយ​អំពើ​ហិង្សា​ទេ​ ជា​ពិសេស​ដីធ្លី​នៅ​បឹងកក់​និង​បូរី​កីឡា​រាជធានី​ ភ្នំពេញ​ និង​តំបន់​ដទៃ​ទៀត។​ គេ​គួរ​ពិចារណា​ពី​ប្រវត្តិសាស្ត្រ​ដែល​កើត​បដិវត្តន៍​ ដីធ្លី។​ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​ដែល​បាន​ចូលរួម​ជា​ វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ ខែមិថុនា ​ឆ្នាំ​២០១២​ ស្តី​ពី​ប្រធានបទ​ «ជម្លោះ​ដីធ្លី​និង​វិធានការ​ប្រឆាំង​នឹង​ការ​តវ៉ា»។

លោក​ ឡៅ ម៉ុងហៃ​ បាន​កត់​សម្គាល់​ឃើញ​មាន​ការ​ប្រើប្រាស់​អាវុធ​ កម្លាំង​បង្រ្កាប​យ៉ាង​ហិង្សា​ច្រើន​ជាង​ពេល​មុន​នៅ​ឆ្នាំ​នេះ​ ដែល​លោក​ថា​អំពើ​ហិង្សា​មិន​មែន​ជា​ដំណោះស្រាយ​បញ្ហា​ទេ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ០៧ មិថុនា ២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ចៅក្រម​អាមេរិក​ថា​តុលាការ​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ

Posted: 06 Jun 2012 10:17 PM PDT

ចៅក្រម​សហព័ព័ន្ធ​អាមេរិក​មួយរូប​បាន​គូស​បញ្ជាក់​ថា «ប្រព័ន្ធ​តុលាការ​រឹងមាំ» គឺជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ ​ហើយ​បាន​ហៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ គឺជា​ប្រព័ន្ធ​យុត្តិធម៌​ដែល​ក្មេងខ្ចី​ខ្លាំង។

លោក ជែមស៍ វីន (James A.Wynn) ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ក្រុងភ្នំពេញ​កាល​ពីរសៀល​ថ្ងៃ​អង្គារ​ថា ​ប្រជាធិបតេយ្យ​ពឹងផ្អែក​ខ្លាំងណាស់​លើ​ប្រព័ន្ធ​តុលាការ​រឹងមាំ។ ​ប៉ុន្ដែ​លោក​មានប្រសាសន៍​ថា ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​ភាព​ក្មេងខ្ចី។

«នេះ​គឺ​ជា​ប្រព័ន្ធ​តុលាការ​មួយ​មាន​វ័យក្មេង​មែនទែន។ ​មាន​ការប្រឈម​ច្រើន​ណាស់»។

ការប្រឈម​ដែល​លោក​ចៅក្រម ជែមស៍ វីន លើកឡើង​រួមមាន​ចំនួន​មេធាវី​ដែល​គណមេធាវី​កម្ពុជា​មាន​សមាជិក​ជា​មេធាវី​ប្រមាណ​ជាង ​១០០​នាក់ ​ការប្រឈម​ក្នុង​ការ​មាន​មេធាវី​សមស្រប​សម្រាប់​ជនក្រីក្រ​មក​ពី​តំបន់​ជនបទ​ដែល​អាច​តតាំង​ក្នុង​តុលាការ។

«ប៉ុន្ដែអ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការប្រឈម​ដែល​ថា​តើ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ និង​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ ឬ​យ៉ាង​ណា។ ការប្រឈម​នេះ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់»។

លោក ជែមស វីន ​អាយុ ​៥៤​ ឆ្នាំ​ត្រូវ​អញ្ជើញ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ឲ្យ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៤ ​ដល់​ថ្ងៃ​ទី​៨ ​ខែ​មិថុនា។ ​ក្នុង​ដំណើរទស្សនកិច្ច​នេះ​លោក​នឹងត្រូវ​ថ្លែង​បាឋកថា​ដល់​មន្ដ្រី​ច្បាប់​កម្ពុជា ​ដូច​ជា​ចៅក្រម​ និង​មេធាវី​កំពុង​បំពេញ​វិជ្ជាជីវៈ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដល់​ក្រុម​និស្សិត​ច្បាប់ ​និង​អ្នក​យក​ព័ត៌មាន​ផងដែរ។

លោក​នឹង​លើកឡើង​ពី​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​ជាពិសេស​ប្រព័ន្ធ​តុលាការ​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ពិចារណា​លើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ផងដែរ។

លោកចៅក្រម ជែមស៍ វីន មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​តុលាការ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​ទាំង​បី​នៅ​ក្នុង​ប្រទេស​នីមួយៗ​គឺ​អំណាច​នីតិបញ្ញត្តិ ​អំណាច​នីតិប្រតិបត្តិ ​និង​​អំណាច​តុលាការ។

ប៉ុន្ដែ​លោក​វីន ​បាន​អធិប្បាយ​ដោយ​ប្រយោល​នៅ​ពេល​ដែល​មាន​សំណួរ​ទាក់ទង​និង​ការបណ្ដេចេញ​ដោយ​បង្ខំ​ដោយសារ​ជម្លោះ​ដីធ្លី ​និង​ការចាប់ខ្លួន​រួម​នឹង​ផ្តន្ទាទោស​អ្នក​ភូមិបឹងកក់​ចំនួន​ ១៥នាក់​ដោយ​តុលាការ​កម្ពុជា។

លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា ​សូម្បី​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ការចោទ​ប្រកាន់​និង​ផ្តន្ទាទោស​លើ​ជន​សង្ស័យ​ខុស​ដែរ​។ ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​បុគ្គល​ចំនួន​២០០​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សហ​រដ្ឋអាមេរិក​ជាង​ ២០០​លាន​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ខុស ​ហើយ​ក្រោយ​មក​ទើប​រក​ឃើញ​ថា​ ជន​ទាំង​នោះ​គ្មាន​កំហុស​។​ ក៏ប៉ុន្ដែ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការដោះស្រាយ​បាន​សមរម្យ​សម្រាប់​បញ្ហា​នេះ ​ហើយ​ធានា​ច្បាស់លាស់​ថា ​ការ​រំលោភ​ដូច្នេះ​មិន​ត្រូវ​កើត​មាន។

លោក​ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ដ្រី​បាន​បកស្រាយ​លើ​ទស្សនៈ​របស់​លោក​ចៅក្រម​អាមេរិកដោយ​សំអាង​ថា ​សន្តិភាព​និង​ស្ថិរភាព​គឺ​ជា​មូលដ្ឋាន​នៃ​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌។

«បើ​គ្មាន​សន្ដិភាព ​គ្មាន​ស្ថិរភាព​ទេ​ យើង​ពិបាក​នឹង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ណាស់​។ ​បន្ទាប់​ពី​សន្ដិភាព​ ស្ថិរភាព​បាន​យើង​អាច​ពង្រឹង​បាន​ប្រព័ន្ធ​យុត្តិធម៌​។ ​អ្វី​ដែល​គាត់​ថា​ប្រព័ន្ធ​យុត្តិធម៌​ក្មេង​ខ្ចី​មិន​ខុស​ទេ​។​ ដោយសារ​ដូច្នេះ​ហើយ​បាន​ប្រព័ន្ធ​យុត្តិធម៌​ យើង​ត្រូវ​បាន​កែទម្រង់​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សព្វ​ថ្ងៃ»។

ប្រព័ន្ធ​តុលាការ​កម្ពុជា​បាន​ទទួលរង​ការ​វាយប្រហារ​រិះគន់​ជា​ច្រើន​ទសវត្ស​មក​ហើយ​អំពី​អំពើ​ពុក​រលួយ​ និង​ការ​លម្អៀង​ផ្នែក​នយោបាយ​ទៅ​រក​គណបក្ស​កាន់​អំណាច៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​ពីរ​រៀបចំ​ចងសម្ព័ន្ធភាព

Posted: 06 Jun 2012 08:13 PM PDT

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​របស់​លោក​នៅ​សប្តាហ៍ក្រោយ​នេះ​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ចរចា​ជាមួយ​នឹង​គណក្ស​សម រង្ស៊ី ​​ក្នុង​ការរិះរក​វិធីសាស្ត្រ​រួបរួម​ទៅ​ជា​គណបក្ស​តែ​មួយ។

ក្រោយ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣ ​ដែល​ទើបតែ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​សំឡឹង​ទៅ​រក​ការ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​ បន្ទាប់​ពី​គណបក្ស​ទាំងពីរ​ទទួល​បាន​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប្រហាក់​ប្រហែល​គ្នា។

លោក​កឹម ​សុខា ​បាន​បញ្ជាក់​ថា​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​បាន​បើកកិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​គណៈកម្មាធិការ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នេះ ​នឹង​មាន​សមាជិក​ចំនួន​បី​ទៅ​ប្រាំនាក់​តែ​ប៉ុណ្ណោះ ​ដើម្បី​ទៅ​ចរចា​ជាមួយ​នឹង​គណបក្ស​សម​ រង្ស៊ី។

«យើង​ត្រៀម​គោលការណ៍​ដើម្បី​ចែក​គ្នា​ខ្លះ​ៗ​ហើយ​។ ​ក្រោយ​ពី​ប្រកាស​លទ្ធផល​ហើយ​ យើង​នឹង​ជជែក​គ្នា​ឲ្យ​គណៈកម្មាធិការ​ជជែក​គ្នា​។ ​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មាន​ជួប​ជាមួយ​លោក​សម ​រង្ស៊ី ​ផ្ទាល់​ដើម្បី​ឲ្យ​ដឹង​ពី​ទស្សនៈ​ពិតប្រាកដ​របស់​គាត់​ ចង់បាន​យ៉ាងម៉េច»។

គណបក្ស​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​អង្គារ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​គណបក្ស​សម រង្ស៊ី ​ដើម្បី​កំណត់​ពេលវេលា​សមស្រប​ណាមួយ​អាច​ជួបពិភាក្សា​គ្នា​ដើម្បី​ឆ្ពោះ​ទៅរក​ការរួបរួម​រវាង​គណបក្ស​ទាំង​ពីរ។

លោក​គង់ ​គាំ ​ប្រធានស្តីទី​គណបក្ស​សម រង្ស៊ី ​បាន​សរសេរ​លិខិត​ឆ្លើយតប​មក​លោក​កឹម​ សុខា ​ថា ​គណបក្ស​របស់​លោក​បាន​ទទួល​លិខិត​នេះ​រួច​ហើយ​។ ​ហើយ​គណបក្ស​សម រង្ស៊ី ​នឹង​បង្កើត​គណៈកម្មាធិការ​ចរចា​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក​សម រង្ស៊ី ​ដែល​កំពុងតែ​និរទេស​ខ្លួន​នៅ​ឯបរទេស​បាន​សរសរ​លិខិត​អំពាវនាវ​មួយ​ឲ្យ​មាន​ការរួបរួម​គ្នា​រវាង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ ដើម្បី​អ្វីមួយ​ដែល​លោក​សម​ រង្ស៊ី ចាត់ទុកថា​ក្នុង​គោលបំណង​ដើម្បី​ផ្តួលរំលំ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់រយៈពេល​ជិត​ ៣០​ឆ្នាំ។ លោក​សម រង្ស៊ី ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា​គោលបំណង​នៃ​ការរួបរួម​គ្នា​ គឺ​ដើម្បី​ការពារ​បូរណភាពទឹកដី​ឲ្យ​បាន​គង់វង្ស​ និង​ផ្តើម​ការពារ​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ពិតប្រាកដ។

លោក​ជាម ​យៀប ​អ្នក​តំណាងរាស្ត្រ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជនកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​លោក​មិនមាន​ជំនឿ​ថា​គណបក្ស​ទាំង​ពីរ​អាច​រួបរួម​គ្នា​បាន​ទេ​ ដោយសារ​តែ​គណបក្ស​ទាំងពីរ​ត្រូវគ្នា​តែ​ថ្នាក់​ដឹកនាំ​ខាង​លើ​តែ​ប៉ុណ្ណោះ​។ ​ចំណែកឯ​នៅ​ថ្នាក់​ដឹកនាំ​ខាង​ក្រោម​ នៅ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​។ ​លោក​ជាម ​យៀប​ បានបញ្ជាក់​ទៀតថា​បើ​ទោះបី​ជា​គណបក្ស​ទាំងពីរ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​ក៏​មិនអាច​ផ្តួល​រំលំ​គណបក្ស​ប្រជាជនកម្ពុជា​បាន​ដែរ។

«គណបក្ស​ប្រជាជនកម្ពុជា ​មិនមាន​ការខ្លាចរអែង​ចំពោះ​ការ​បញ្ជូលគ្នា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ​ ដោយសារ​តែ​គណបក្ស​នេះ​ យើង​បាន​រៀបចំ​រឹងមាំ​នូវ​ការងារ​តាំង​ពី​ថ្នាក់​កណ្តាល​ រហូត​ទៅ​ដល់​ខេត្ត​ក្រុង ​រាជធានី ​ស្រុកខណ្ឌ ​ឬក៏​ឃុំសង្កាត់ ​ឬក៏​ភូមិ​ទូទាំង​ប្រទេស»។

បន្ទាប់ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ លទ្ធផល​ក្រៅផ្លូវការ​ បាន​បង្ហាញ​ថា​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនូន​១៨ ​គណបក្ស​សម ​រង្ស៊ី ​ទទួល​បាន​ ២២។ ចំណែកឯ​គណបក្ស​ប្រជាជនកម្ពុជា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​បាន​កាន់កាប់​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជា​ច្រើន​លើសលប់​ប្រមាណ​១៥៩២៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!