VOA News: ព័ត៌មាន: “ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដោយសារ​ការ​ប្រម៉ាញ់​ និង​អស់​ជម្រក​” plus 3 more

VOA News: ព័ត៌មាន: “ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដោយសារ​ការ​ប្រម៉ាញ់​ និង​អស់​ជម្រក​” plus 3 more


ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដោយសារ​ការ​ប្រម៉ាញ់​ និង​អស់​ជម្រក​

Posted: 07 Jun 2012 09:08 PM PDT

ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ប្រទេស​អាស៊ីអគ្នេយ៍ផ្សេង​ទៀត​បានធ្លាក់​ចុះខ្លាំង​ច្រើន​ទសវត្សរ៍​ថ្មីៗ​នេះ។ ​ពីមុន​ ការ​ប្រមាញ់​ជា​សត្រូវ​របស់​ដំរី​ ហើយ​ឥឡូវ​នេះ​ការ​បំផ្លាញ​ជម្រក​ដំរី​គឺ​ជា​សត្រូវ​ទី២។​​

ចំនួន​ដំរីរស់​នៅក្នុង​ព្រៃ​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ប្រហែល​២ពាន់​ក្បាល​ក្នុង​ឆ្នាំ​១៩៩៥​ មក​សល់មិន​ដល់​៤០០​ក្បាល​ទេ​បច្ចុប្បន្ន​នេះ។ ​បញ្ហា​នេះ​មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ​គឺមាន​នៅ​មាន​ទូទាំង​អាស៊ី ​ដែល​សល់ដំរី​តែ​៤ម៉ឺន​ក្បាល​ប៉ុណ្ណោះ។​

អង្គការ​អភិរក្ស​ធម្មជាតិ ​International Union for Conversation of Nature​ចាត់​ទុកថា​ ដំរី​អាស៊ី​រងគ្រោះ​ជិតដាច់​ពូជ​ ហើយ​ចំនួន​ដំរីធ្លាក់​ចុះជាង​៥០%​បី​ជំនាន់​កន្លង​មក​នេះ។​ ពីមុន​ការប្រមាញ់​បាន​សម្លាប់​ដំរីច្រើន​បំផុត ​តែ​ឥឡូវ​ការ​បំផ្លាញ​ជំម្រក​ដំរី​និង​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​បាន​គម្រាម​ផ្តាច់​ពូជដំរី។​

<!--AV-->

លោក​ Nick Marx ​ប្រធាន​កម្ម​វិធី​អភិរក្ស​ដំរី​នៅសួន​សត្វ​ភ្នំ​តាម៉ៅ។ ​គាត់ជា​អ្នក​អភិរក្ស​សត្វ។​

គាត់និយាយថា៖

«ដំរី​ជាសត្វ​អស្ចារ្យ​  ឆ្លាត។ វា​រស់​នៅ​ជា​សហគមន៍​ ជា​គ្រួសារ។ ដីរី​ចេះ​យំ​ ចេះ​កើត​ទុក្ខ ពេល​បាត់បង់​គ្នីគ្នា​ ជាទី​ស្រឡាញ់​របស់​វា។ ​យើង​មិនត្រូវ​គិត​ថា​ មនុស្ស​ជាសត្វ​លោក​តែ​មួយ​គត់ត្រូវ​រស់នៅ​ក្នុង​ពិភព​លោក​នេះ​ទេ។ បើ​គ្មាន​ដំរី ខ្លា ​និង​សត្វ​ផ្សេង​ទេ ​នោះ​ពិភព​លោក​នេះ​ជាកន្លែង​មិនល្អ។​ ខ្ញុំគិតថា​ គ្រប់ៗ​គ្នា​គិត​ដូច្នេះ»។​

ដោយសារ​អស់​ជម្រក​ ដំរីត្រូវ​មកស៊ី​ដំណាំ។​ ដូច្នេះ​ជម្លោះ​មនុស្ស​នឹង​ដំរី​កើតមាន​ឡើង ​ដែលនាំ​ឲ្យមាន​ការ​សម្លាប់​ដំរី។​

លោក​នៀង ធី​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​អភិរក្ស​ដំរីនៃ​អង្គការ​Fauna & Flora ​អន្តរ​ជាតិ​នៅ​ភ្នំពេញ។​

គាត់និយាយថា៖​

«ជម្លោះ​មនុស្ស​និង​ដំរី​កើត​មាន​ច្រើន​ ដោយសារ​មនុស្ស​ច្រើន​ទៅរស់​នៅ​ជិត​ព្រៃ។​ គេដាំ​ដំណាំ ​ធ្វើ​កសិកម្ម​នៅ​ជិត​ជាយ​ព្រៃ​ តំបន់​ដំរី​រស់​នៅ។​ ដូច្នេះ​ ដំរី​មក​ស៊ី​ដំណាំ​ ហើយ​ទំនាស់​មនុស្ស ​និង​ដំរី​កើត​ឡើង។​ បើមិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​ នោះ​អ្នកភូមិ​នឹង​សម្លាប់​ដំរី»។​

ជម្រក​ដំរី​ជាច្រើន​ត្រូវ​បាត់​បង់​ដោយសារ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​និង​ការ​កាប់ឈើ​ខុស​ច្បាប់​ នាពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ហើយ​បញ្ហានេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។​ ដូច្នេះ​ទំនាស់​មនុស្ស​និង​ដំរី​មិនអាច​ចៀសរួច​ទេ។​

ដំរី​បំផ្លាញ​ដំណាំ ​ផ្ទះ​សម្បែង​ និង​សម្លាប់​មនុស្ស​ ពេលវា​ត្រូវ​គំរាម​កំហែង។ ​ដូច្នេះ​ មនុស្ស​យើង​សម្លាប់​ដំរី ​ដែល​បំផ្លាញ​ដំណាំ។​

Nick Marx ​និយាយ​ថា៖

«តាម​ពិត ​មនុស្ស​បង្ក​ជម្លោះ​ ដោយ​ចូល​ក្នុង​ព្រៃ​បំផ្លាញ​ជម្រក​ដំរី ​ធ្វើឲ្យ​ដំរី​គ្មាន​កន្លែង​រស់ ​ហើយ​ទំនាស់​ក៏​កើន​ឡើង។ ​បើមិន​រក​ដំណោះ​ស្រាយ​ទេ ​ជា​លទ្ធផល​គឺដំរី​នឹង​ត្រូវ​មនុស្ស​ចាប់​ឬ​សម្លាប់។ ​យើង​ត្រូវ​ចាប់​សង្គ្រោះ​ដំរី​ ដែល​អាច​រងគ្រោះ​ដោយសារ​ស្ថាន​ការណ៍​នេះ។ ​នេះជា​វិធានការ​អវិជ្ជមាន​ តែជា​ការ​ចំបាច់​ដើម្បីកុំ​ឲ្យ​គេ​សម្លាប់​វា»។​

សួនសត្វ​ភ្នំតាម៉ៅ​សង្គ្រោះ​ដំរី​៥ក្បាល​ពីជម្លោះ​រវាង​មនុស្ស​នឹង​ដំរី។​

ដំរីនេះ​ឈ្មោះ​ឈូក។​វាអាយុ៦ឆ្នាំ។​ គេចាប់​វា ព្រោះ​វាអាច​មាន​ប្រទុសរាយ​ជា​មួយ​មនុស្ស។​ ដូច្នេះ​មន្ត្រី​ត្រូវ​ចាប់វា​ទុក​ដើម្បី​សង្គ្រោះ។ ​ឈូក​ពិការ​ជើង ​ដោយ​សារ​ជាប់​អន្ទាក់។ ឥឡូវ​វា​អាចដើរ​បាន​ដោយសារ​ជើង​សិប្បនិមិត្ត។​

Marx ​និយាយថា​ ដំរីនៅ​កម្ពុជា ​និង​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​អាច​គង់វង្ស​បាន​អាស្រ័យ​លើ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ការពារ​ជម្រក​វា។​

«អនាគត​របស់​ដំរី​នៅ​កម្ពុជា ​និង​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​នៅ​ក្នុង​ដំណាក់​កាល​ចាំបាច់។​ ខ្ញុំមើល​ឃើញ​ថា ​បើ​មនុស្ស​មាន​ឆន្ទៈ​អភិរក្ស​ព្រៃ​ និងដំរី ​ នោះដំរី​អាច​រស់​បាន។ ​បើរដ្ឋាភិបាល​មិនមាន​ឆន្ទៈ​នេះ​ទេ ​ដំរីមិន​អាច​រស់បាន​ទេ»។​

ដោយសារ​ចំនួន​មនុស្ស​កើនឡើង​ ​ហើយ​ព្រៃ​ហិនហោច​ទៅៗ​ ដូច្នេះ​ចំនួន​ដំរីព្រៃ​នឹង​បន្តធ្លាក់​ចុះ ​មិន​អាច​ទប់ស្កាត់​បាន៕​

ដោយសារ​ចំនួន​មនុស្ស​ច្រើន​ឡើងៗ​ ហើយ​ព្រៃ​ហិនហោច​ទៅៗ ​​ហេតុនេះ​ចំនួន​ដំរីព្រៃ​នឹង​បន្ត​ធ្លាក់ចុះ​ បើមិន​មានការ​ទប់ស្កាត់។​

This posting includes an audio/video/photo media file: Download Now

រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​នឹង​ចូលរួម​ការពិភាក្សា​ក្នុង​តំបន់​នៅ​ខែ​កក្កដា

Posted: 08 Jun 2012 03:41 AM PDT

លោក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងជើង​គ្រោងនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​សេដ្ឋកិច្ច​អាស៊ាន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ​ណាំហុង ​បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃ​ទី​៣ ​រហូត​ដល់​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​កន្លង​ទៅ​នេះ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ហោ ​ណាំហុង ​បាន​ជួប​ជាមួយ​នឹង​លោក​ ប៉ាកលី ជុន (Pak Ui-chun) រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កូរ៉េ​ខាងជើង ​និង​លោក​គីម យុង ណាម ​(Kim Yong-nam) ​ប្រធាន​រដ្ឋសភា​នៃ​ប្រជាជន​កូរ៉េ​ខាងជើង។

លោក​ហោ ​ណាំហុង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាងជើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ការបង្កើត​ទំនាក់​ទំនង​ទ្វេឡើង​ថែមទៀត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដែល​កាន់​របប​កុម្មុយនីស្ត​កូរ៉េខាងជើង។

លោក​ហោ ​ណាំហុង ​បាន​មាន​ប្រសាសន៍​ថា​លោក​ ប៉ាកលី ជុន ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កូរ៉េ​ខាងជើង ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​វេទិកា​តំបន់​អាស៊ាន​នៅ​ក្នុង​ខែ​កក្កដា។

ប្រទេស​ក​ម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ​នឹង​មាន​រៀបចំ​វេទិកា​តំបន់​អាស៊ាន​ដែល​រួមមាន​បណ្តា​ប្រទេស​ចំនួន​ ២៧​បាន​ចូលរួម​។ ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ នឹង​មាន​កិច្ចប្រជុំ​ធំ​ៗ​ ចំនួន​បួន​ គឺ​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤២ ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៩​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​លើក​ទី​២ ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូព៌ា ​ព្រមទាំង​កិច្ចប្រជុំ​មេគង្គ​ជប៉ុន ​កូរ៉េ ​និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត។

លោក ​កុយ ​គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិន​បាន​ដឹងថា​កិច្ចប្រជុំ​វេទិការ​តំបន់​អាស៊ាន​នឹង​លើក​យក​បញ្ហា​វិបត្តិ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េខាងជើង​យក​មក​ពិភាក្សា​ទេ។

«ខ្ញុំ​មិនទាន់​បាន​ជ្រាប​ទេ។ ​ចាំមើល​សេចក្តី​ជូន​ព័ត៌មាន​បន្ត​បន្ទាប់​ទៀត​ពី​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ហ្នឹង​ និង​ដឹង​ច្បាស់​ថា​នឹង​អាច​មាន​អ្វីខ្លះ»។

វិបត្តិ​នុយក្លេអ៊ែ​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងជើង ​បានបង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​សន្តិសុខ​ជា​សាកល ​និង​តំបន់​ផងដែរ​ដែល​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ជា​សាកល​ដើម្បី​ជៀងវាង​សង្គ្រាម​នុយក្លេអ៊ែ។

ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បានច្រានចោល​ការចរចា​៦​ភាគី ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បារាំង​ ចិន ​អង្គការ​សហ​ប្រជាជាតិ ​កូរ៉េ​ខាងត្បូង ​និង​កូរ៉េ​ខាងជើង​។ ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ ​បាន​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ឡើងវិញ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន៕

This posting includes an audio/video/photo media file: Download Now

សម​រង្ស៊ី៖ គន្លឹះ​ចូលស្រុក​គឺ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ​លោក​ហ៊ុន សែន

Posted: 07 Jun 2012 06:53 PM PDT

មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ​ជាប់​ពិរុទ្ធ​រឿង​ ព្រំដែន​បាន​អះអាង​ថា​លោក​នឹង​អាច​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​ខាងមុខ​តាម​រយៈ​ការ​និយាយ​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​សម រង្ស៉ី​អះអាង​ថា​មាន​ឥទ្ធិពល​លើ ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

ក្រុម​អ្នក​សង្កេត​ការណ៍​និង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​គឺ​ត្រូវការ​សម្រប​សម្រួល​នយោបាយ​មួយ​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឬ​ទទួលទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១០​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា ​វៀតណាម ​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ដើម្បី​ជួយ​ពលរដ្ឋ​ទាមទារ​ដីធ្លី។​ តែ​លោក​ សម រង្ស៉ី​ច្រាន​ចោល​ទាំង​ការ​ទទួល​យក​ទោសទណ្ឌ​និង​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន។

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។ ​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ធ្វើ​តាម​បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស ​វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យគេ​ទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំ​ឲ្យ​រក​រឿង​គណបក្ស​សម រង្ស៉ី​ជា​ពិសេស​កុំ​ឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

ក៏​ប៉ុន្តែ​លោក ​ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ បាន ​អះអាង​ថា​ការចូល​ឬ​មិនចូល​ ហើយ​ការ​ជួប​ឬ​មិន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​សិទ្ធិ​របស់​លោក សម រង្សី​ តែ​ការពឹងពាក់​អន្តរាគមន៍​ឬ​គំនាប​ពី​ប្រទេស​ប្រទេស​ក្រៅ ​ប្រទេស​ វៀតណាម​នោះ​មិន​អាច​រួចទោស​កំហុស​ដែល​ច្បាប់​បាន​កំណត់​ដែរ។

«អាហ្នឹង ​សូម​អញ្ជើញ​ទៅ! ​ព្រោះ​វៀតណាម​គ្មាន​សម្ភាធ​អី​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អី​ទេ​តាំង​ពី​កងទ័ព​វៀតណាម​ចេញ​ទៅក្នុង​ឆ្នាំ​១៩៨៩​មក​នោះ»។

លោក សម​រង្ស៉ី​បាន​ព្រមាន​ថា​ប្រសិន​បើ​មាន​ការរារាំង​រូបលោក​ដោយសារ​ការ​ប្រើប្រាស់​តុលាការ ​ហើយ​បន្លំ​យក​ឈ្នះឆ្នោត​ មិនមាន​គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ពេលនោះ​ រដ្ឋាភិបាល​ក្រោយ​ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត ​២០១៣​ក៏​មិនត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ តែ​ក្លាយ​ជា​រដ្ឋាភិបាល​បាត់ភាព​ស្របច្បាប់។​ លោក សម រង្សី​អះអាង​ថា ​ប្រជា​ពលរដ្ឋ​នឹង​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​ភាព​ស្រប​ច្បាប់​ពេល​នោះ។ ​លោក អះអាង​ថា​នោះ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​និង​អ្នក​កាន់​អំណាច​ត្រូវ​គិត​ឡើង​វិញ។

លោក សម រង្សី​ពុំបាន​បញ្ជាក់​ថា​ប្រទេស​ណា​ដែល​លោក​ត្រូវ​ពឹងពាក់​ដើម្បី​និយាយ​ ជាមួយ​ប្រទេស​ វៀតណាម​ទេ​តែ​លោក​ សម រង្ស៉ី​ថ្មីៗ​បាន​ធ្វើដំណើរ​មក​​ប្រទេស​អាមេរិក​ដើម្បី​ជួប​ជាមួយ ​ក្រុមមន្ត្រី ​មួយ​ចំនួន​ផង​ហើយ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​មើល​ឃើញ​ពី​ការគាំទ្រ​ចិន​រឿង​ជម្លោះ​សមុទ្រ​ចិន ​ខាងត្បូង​ផង​ និង​លិខិត​ជូនពរ​ពលរដ្ឋ​កម្ពុជា​ចិន​ពេលចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ផង​ដែរ។​ លោក​សម រង្ស៉ី ​អះអាង​ដែរ​ថា ​លោក​គ្រោង​នឹង​វិល​ទៅ​កាន់​កម្ពុជា​កន្លះ​ឆ្នាំ​មុន​ការបោះឆ្នោត​ជា​សាកល។

លោក ​Sean McIntosh​ អ្នកនាំពាក្យ​ស្ថានទូត​សរអា​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​លោក​ពុំទាន់​មាន​ព័ត៌មាន​អ្វី​ពី​ស្ថានការណ៍​វិលត្រឡប់​របស់​លោកសម រង្ស៉ី​ទេ។

«ប៉ុន្តែ​តាម​ការ​យល់​ដឹង​ជា​ទូទៅ​គឺថា ​រដ្ឋាភិបាល​សរអា​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ ចូលរួម​ដោយ បើក​ទូលាយ​  និង​មាន​ដំណើការ​នយោបាយ​ក្នុង​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក ​គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​វត្តមាន​គណបក្ស​ ជំទាស់​លោក សម រង្សី​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ​ស្មើភាព​គ្នា។

«ប្រជាជន​យើង​បោះឆ្នោតៗ​ដោយ​បក្ស។​ អញ្ចឹង​គណបក្ស​ភាគច្រើន​ពឹង​លើ​ថ្នាក់ដឹកនាំ​គណបក្ស ​កម្មវិធី​នយោបាយ​គណបក្ស ​ហើយ​ហ្នឹង​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ហ្នឹង។ ​ហើយ​បើ​គណបក្ស​ ហ្នឹង​ខ្វះ​អ្នកដឹកនាំ​អញ្ចឹង​ទៅ​វា​ដូច​ជា​ខ្វះ​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការគាំទ្រ​គណបក្ស​ និង ​អាច​មាន​លទ្ធភាព​និង​សមត្ថភាព​ពេញលេញ​ទៅប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច»។

លោក​ថ្លែង​ថា​ករណី​លោក​សម​រង្សី​ជា​ករណី​​នយោបាយ​ មិនមែន​ជា​បទឧក្រិដ្ឋ​ត្រូវ​ជាប់គុក​ច្រវ៉ាក់​ទេ​ដែល​លោក​ថា​គួតែ​មាន​ការ​អត់ឱន​ក្នុង​ចំណោម​អ្នក​នយោបាយ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​គេ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ អ្នកបោះឆ្នោត​ ជា​អ្នក​សម្រេច​ពេល​បោះឆ្នោត។​ ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​ជួប​ប្រទះ​រឿងរ៉ាវ​យ៉ាង​ដូច្នេះ​ជាច្រើន​លើក​ហើយ​តែក្រោយ​មក​អាច​សម្រប​សម្រួលគ្នា​បាន​រវាង​អ្នកនយោបាយ​ខ្មែរ។

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​បឹង​កក់​ងាក​មក​រក​ជំនឿ​អរូបិយ៍​ដើម្បី​ជួយ​អន្តរាគមន៍

Posted: 07 Jun 2012 06:46 PM PDT

នៅពេល​ដែល​ការតវ៉ា​របស់​ពួក​គេ​ហាក់បីដូចជា​មិន​ត្រូវ​បានយក​ចិត្ត​ទុកដាក់​ពី​ស្ថាប័ន​រដ្ឋ​មាន​សមត្ថកិច្ច​ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​បាន​ងាក​មក​រក​ជំនួយ​ពី​ជំនឿ​អរូបិយ៍​ដើម្បី​ជួយ​ដល់​ពួក​គេ ​គឺ​ជួយ​ឲ្យ​មាន​ការដោះលែង​សមាជិក​សហគមន៍​របស់​ពួក​គេ​ចំនួន​ ១៥​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន ​និង​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ​រួមទាំង​ជួយ​ឲ្យ​ទំនាស់​ដីធ្លី​របស់​ពួកគេ​នឹង​ត្រូវដោះស្រាយ​ក្នុង​ពេល​ខាង​មុខ។

កាល​ពី​ថ្ងៃ​ពុធ​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រ​មួយ​នេះ​ ដោយ​មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ផង​សរុប​ប្រមាណ​ជា ៥០​នាក់ ​បាន​ទៅ​បន់ស្រន់​នៅ​តូប​អ្នកតា​មួយ​ក្នុង​សហគមន៍​របស់​ពួក​គេ។ ​ក្នុង​តូប​អ្នកតា​ដែល​ធ្វើ​អំពី​ស៊ីម៉ង់ត៍​ខ្ពស់​ផុត​ពី​ដី​នៅ​ជាប់​នឹង​ផ្លូវ​ដែល​មានក្រាល​កម្ចេច​ថ្ម​តូច​ល្អិត ​មាន​រូប​សំណាក​អំពី​ស៊ីម៉ង់ត៍​ជា​ច្រើន​តម្រៀប​ជាជួរ ​និង​មាន​រូប​សំណាក​ធំៗ​​ចំនួន​ពីរ​ដែល​ក្រុម​អ្នកភូមិ​បាន​ហៅ​ថា ​គឺ​ជា​តំណាង​បារមី​យាយម៉ៅ​ និង​លោក​តាប្រាក់។

អ្នកស្រី​យ៉ោម ​បុប្ផា ​គឺ​ជា​តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ម្នាក់​ដែល​តែងតែ​ចូលរួម​ក្នុង​ការ​តវ៉ា​យ៉ាង​សកម្ម។

«ដោយសារ​យើង​ដាក់​លិខិត​គ្រប់កន្លែង​ហើយ​មិនមាន​ការ​ឆ្លើយតប​មក​វិញ ​ហើយ​ម្សិលម៉ិញ​យើង​បាន​ព្យាយាម​ដាក់​លិខិត​នៅ​ព្រះបរម​រាជវាំង​ទៀត​អត់​ឃើញ​មាន​ខាង​ព្រះបរម​រាជវាំង​ចេញ​មក​ទទួល​យើង​ទេ។ ​អញ្ចឹង​យើង​ងាក​មក​វិញ ​មក​ជឿ​លើ​អបិយ៍​ជំនឿ»។

<!--AV-->

សហគមន៍​បឹងកក់​គឺ​ជា​សហគមន៍​ធំ​ចុងក្រោយ​គេ​ត្រូវ​បណ្ដេញ។ ​ប្រជា​ពលរដ្ឋ​ជាង​ ៤.០០០​គ្រួសារ​ ភាគ​ច្រើន​គឺ​ជា​អ្នក​ក្រីក្រ​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ដែល​ពួកគេ​ថា​ទទួល​បាន​សំណង​មិន​សមរម្យ។

បន្ទាប់​ពី​មាន​សម្ពាធ​ពី​ធនាគារ​ពិភពលោក​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០១១ ​បាន​សម្រេច​កាត់ដី​ពី​ក្រុមហ៊ុន​ចំនួន​ ១២,៤៤​ហិកតា​ដើម្បី​បែងចែក​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​ ៧០០​គ្រួសារ​ ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​សម្រាប់​ពួក​គេ។ ​ក៏ប៉ុន្ដែ​រហូត​មក​ទល់ពេល​នេះ​ ការបែងចែក​ដីធ្លី​ទៅ​តាម​ការ​សម្រេច​នោះ​បាន​នាំឲ្យ​មាន​ភាព​ស្មុគ្រស្មាញ​និង​កើត​អំពើ​ហិង្សា​ជា​បន្ដបន្ទាប់។ ​ហើយ​ការបែងចែក​ដី​នេះ ​បាន​អូស​បន្លាយ​យ៉ាង​រ៉ាំរ៉ៃ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បណ្ដេញ​ចេញ​បាន​រួបរួម​គ្នា​ និង​បាន​នាំគ្នា​តវ៉ា​និង​ដាក់​សំណើ​សុំ​អន្ដរាគមន៍​ដល់​រដ្ឋសភា ​ក្រសួង​យុត្តិធម៌​ និង​តំណាង​រដ្ឋាភិបាល ​រួមទាំង​ទាមទារ​ដោយ​ផ្ទាល់​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ ​ប៉ុន្ដែ​នៅ​តែ​មិន​បាន​លទ្ធផល។

នៅ​ក្នុង​ពិធី​បន់ស្រន់​កាល​ពី​ថ្ងៃ​ពុធ​ ក្រុម​ប្រជាពលរដ្ឋ​បាន​បួង​ឲ្យ​បារមី​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​នោះ​ផ្តន្ទាទោស​ដល់​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ទុកបុកម្នេញ​លើ​ពួកគេ។ ​ពួកគេ​បាន​ព្រលែង​សត្វចាប​ចំនួន​ ១៥​ក្បាល​តំណាង​ឲ្យ​អ្នក​ភូមិបឹងកក់​ ១៥​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ផ្តន្ទាទោស​។ បន្ទាប់​មក​ក្រុម​អ្នក​ភូមិ​បឹងកក់​ក៏​បាន​យក​អំបិល​លាយ​ម្ទេស​បាច​តាម​ផ្លូវ ​និង​ដុត​ជា​ការឧបកិច្ច​ជាមួយ​នឹង​ការបួងសួង​របស់​គេ។

លោក ​ដួង​ គា ​សកម្មជន​តវ៉ា​ម្នាក់ទៀត​ក្នុង​សហគមន៍​នេះ។

«យើង​ដើរតាម​ផ្លូវ​ភ្លឺ ​គេ​មិនដែល​ជួយ​យើង​ទេ។ ​យើង​មាន​តែ​ដើរ​តាម​ផ្លូវ​ងងឹត​ដើម្បី​ឲ្យ​គេ​ជួយ​យើង។​ ផ្លូវភ្លឺ​គេ​យក​ក្រដាស​ស្នាម​របស់​យើង​ទៅ​ គេ​កិន​កម្ចេច​ចោល​ គេដុត​ចោល​ហើយ​គេ​ចាប់ចង​ពួក​បង​ប្អូន​ខ្ញុំ​ទៀត»។

ប្រជា​ពលរដ្ឋ​កម្ពុជា​បានរស់នៅ​ជាមួយ​នឹង​ជំនឿ​អរូបិយ៍​ជា​ច្រើន​តំណ​មក​ហើយ។ ​ការបន់ស្រន់ ​ការ​បួងសួង ​ជំនឿ​ទៅ​លើ​វត្ថុ​សក្ដិសិទ្ធ​គឺ​ជា​មធ្យោបាយ​សំខាន់​ទី​ពីរ​ ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ​បន្ទាប់​ពី​មធ្យោបាយ​ដោះស្រាយ​ចំពោះ​មុខ។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រុម​អ្នក​ភូមិ​បឹងកក់​ក៏​បាន​បន់ស្រន់​ដល់​ព្រះ​អង្គដង្កា​ដែល​គេ​ជឿថា ​ជា​បារមី​សក្ដិសិទ្ធ​មួយ​នៅ​មុខ​ព្រះបរម​រាជវាំង​ក្រុង​ភ្នំពេញ។

លោក ​មឿន ​តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​មាន​ប្រសាសន៍​ថា ​ការប្រើប្រាស់​ជំនឿ​របស់​ក្រុម​ប្រជាពលរដ្ឋ​គឺ​ជា​សញ្ញា​បាត់បង់​ការទុកចិត្ត​របស់​ពួក​គេ​ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល។

«កាលណា​បើ​ប្រជា​ពលរដ្ឋ​ងាក​មក​ប្រើ​ជំនឿ​ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​គាត់​នេះ​ មាន​ន័យ​ថា​ ប្រព័ន្ធ​តុលាការ ​ប្រព័ន្ធ​យុត្តិធម៌​មាន​បញ្ហា។ ​ប្រហែល​ជា​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ។ ​ប្រហែល​ជា​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​លើ​ការដោះស្រាយ​របស់​អាជ្ញាធរ»។

នៅ​មិនទាន់​មាន​សញ្ញា​ណា​មួយ​ថា ​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ទាំង​១៥ ​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​មកវិញ​នៅ​ពេល​ណា​នៅ​ឡើយ។ ​ក៏​ប៉ុន្ដែ​ក្រុម​អ្នកភូមិ​នៅ​តែ​ជឿ​ថា ​ការ​បន់ស្រន់​របស់​ពួក​គេ​អាច​នឹង​មាន​ប្រសិទ្ធភាព៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!