- ក្រុមប្រឹក្សាភិបាលនៃការផ្សាយសម្តែងការមិនពេញចិត្តរដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការផ្សាយកម្មវិធីរបស់វីអូអេនិងអាស៊ីសេរី ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
- អ្នកបោះឆ្នោតសង្ឃឹមថាក្រុមប្រឹក្សាឃុំសង្កាត់នឹងជួយអភិវឌ្ឍសហគមន៍
- ជនរងគ្រោះជម្លោះដីធ្លីនៅបឹងកក់សុំព្រះមហាក្សត្រ
- ពិព័រណ៍គំនូរបង្ហាញពីគ្រោះថ្នាក់នៃឱសថក្លែងក្លាយ
Posted: 06 Jun 2012 01:44 AM PDT រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាភិបាលនៃការផ្សាយនៅ ថ្ងៃនេះបានថ្កោលទោសការសម្រេចរបស់ក្រសួងព័ត៌មានកម្ពុជាក្នុងការបង្ខំស្ថានីយ៍វិទ្យុ FM ឱ្យផ្អាកការផ្សាយកម្មវិធីក្នុងពេលបោះឆ្នោតពី វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក (វីអូអេ)។ ក្រសួងព័ត៌មានបានហាមឃាត់ស្ថានីយ៍វិទ្យុជាដៃគូចំនួនប្រាំក្នុងប្រទេសកម្ពុជាមិនឱ្យផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរីនិងវីអូអេនៅ ថ្ងៃសៅរ៍ ទី២ ខែមិថុនា និងថ្ងៃអាទិត្យទី៣ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្សាយនោះត្រូវបានដកចេញពីម៉ោងផ្សាយនៅស្ថានីយ៍វិទ្យុទាំងនោះដោយមិនមានការជូនដំណឹងជាមុន។ លោក Michael Lynton ប្រធានក្រុមប្រឹក្សាភិបាលនៃការផ្សាយបានបញ្ជាក់ថា៖ «សកម្មភាពនេះផ្ទុយគ្នាទៅ នឹងគោលការណ៍នៃការបោះ ឆ្នោតដោយសេរីនិងត្រឹមត្រូវ។ កម្មវិធីព័ត៌មានជួយអប់រំពលរដ្ឋឱ្យទទួលបានព័ត៌មានគ្រប់គ្រាន់ហើយគួរតែទទួលបានការលើកទឹកចិត្ត គឺមិនមែនហាមឃាត់ដូច្នេះទេ។ ការព្យាយាមក្នុងការបំបិទសំឡេងអាស៊ីសេរីនិងវីអូអេ គឺផ្ទុយគ្នាទៅ នឹងគោលបំណងនៃការកសាងសង្គមប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។ វិទ្យុអាស៊ីសេរី និងវីអូអេដើរតួរនាទី សំខាន់ក្នុងការជូនដំណឹងដល់អ្នកបោះ ឆ្នោតកម្ពុជាអំពីបញ្ហាគោលការណ៍នៃការបោះឆ្នោត ហើយផ្តល់នូវវេទិការឱ្យមានគំនិតនយោបាយគ្រប់និន្នាការនៅ ក្នុងប្រទេស។ ដោយសារតែមានការហាមឃាត់របស់រដ្ឋាភិបាលលើការផ្សព្វផ្សាយរបស់បណ្តាញ ព័ត៌មានពីបញ្ហានយោបាយព្រោះខ្លាចមានឥទ្ធិពលលើលទ្ធផលឆ្នោត បណ្តាញព័ត៌មានទាំងនោះផ្តោតកម្មវិធីផ្សាយនៅថ្ងៃអាទិត្យតែលើព័ត៌មានដែលចាំបាច់ដល់ការបោះ ឆ្នោតដូចជានៅពេលណាដែលស្ថានីយ៍បោះឆ្នោតបើកនិងបិទប៉ុណ្ណោះ។ កម្មវិធីចំនួនពីររបស់វីអូអេផ្នែកខេមរភាសានៅថ្ងៃទី៣ ខែមិថុនា បានផ្សាយជាធម្មតាតាមរលកធាតុអាកាស AM រលកធាតុអាកាសខ្លីនិងតាមប្រព័ន្ធអ៊ីនធឺណិត។ This posting includes an audio/video/photo media file: Download Now |
អ្នកបោះឆ្នោតសង្ឃឹមថាក្រុមប្រឹក្សាឃុំសង្កាត់នឹងជួយអភិវឌ្ឍសហគមន៍ Posted: 05 Jun 2012 07:08 PM PDT ចង្អុលដៃស្តាំប្រឡាក់ដោយទឹកថ្នាំពណ៌ខ្មៅអ្នកស្រី សុខ វង់ បានដើរចេញពីបន្ទប់បោះឆ្នោតជាមួយនឹងក្ដីរំពឹងមួយ។ នោះគឺជាអ្វីដែលគាត់ចង់ឲ្យក្រុមប្រឹក្សាឃុំដែលនឹងជាប់ឆ្នោតក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៣ ខែមិថុនាជួយជំរុញយ៉ាងណាឲ្យប្រជាកសិករក្នុងឃុំរបស់គាត់ទទួលផលកសិកម្មបានល្អប្រសើរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីគ្រប់គ្រាន់ផងដែរ។ «ចង់បានសេចក្ដីសុខសាន្ដក្នុងគ្រួសារ។ សង្គមក៏សុខសាន្ត។ ចង់បានភ្លើងអគ្គិសនីគ្រប់ឃុំ គ្រប់ខេត្ត»។ <!--AV--> អ្នកស្រី សុខ វង់ អាយុ៤៩ ឆ្នាំគឺជាកសិករម្នាក់នៅក្នុងឃុំ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឃុំនេះស្ថិតនៅចំងាយប្រមាណជា ៤០ គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ។ ក្រៅពីការធ្វើស្រែអ្នកស្រីចិញ្ចឹមមាន់បន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារដែលមានសមាជិកចំនួនប្រាំមួយនាក់។ រដូវធ្វើស្រែបានចាប់ផ្តើមចាប់តាំងពីខែមុនមកម្លេះ ក៏ប៉ុន្ដែក្នុងដីស្រែនៅអមសងខាងផ្លូវចូលទៅកាន់ភូមិរបស់អ្នកស្រីមិនទាន់មានទឹកនៅឡើយ។ មានដីស្រែតិចតួចប៉ុណ្ណោះត្រូវបានភ្ជួរដាស់ដី។ លោក ហាស់ តាក់ អាយុ២២ឆ្នាំ គឺជាយុវជនជំនាន់ក្រោយមួយរូប។ ប៉ុន្ដែបានរៀបការរួចហើយ។ ប្រពន្ធ និងម្តាយរបស់គាត់បានជូនគាត់មកបោះឆ្នោត។ «ចង់បានក្រុមប្រឹក្សាឃុំដឹកនាំល្អ។ ដូចជាផ្លូវ ខូចអស់ហើយ រលាក់ជិះម៉ូតូស្ទើរមិនកើត។ ក្រុមប្រឹក្សាឃុំត្រូវជួយមើល។ ចង់ឲ្យជួយមើលអ្នកក្រខ្សត់ក្នុងភូមិ»។ ពិតមែនហើយនៅក្នុងឃុំសំបូរ មិនមានអាងស្តុកទឹក ឬប្រពន្ធ័ប្រឡាយសម្រាប់ធ្វើកសិកម្មនោះទេ។ ក្រៅពីផ្លូវជាតិលេខ ៥១ មានក្រាលកៅស៊ូ និងខូចដោយអន្លើដែលឆ្លងកាត់ឃុំនេះ ប្រព័ន្ធផ្លូវនៅក្នុងភូមិទាំងអស់ក្រាលដោយដីក្រហម ឬដោយមិនមានក្រាលដីក្រហម។ កាលពីថ្ងៃអាទិត្យទី ៣ មិថុនា ប្រជាពលរដ្ឋចំនួន៤៣៨២នាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតសរុប៥.៧៨០ នាក់ក្នុងឃុំ។ ផ្អែកតាមលោក សោម ស៊ីថា អនុប្រធានគណៈកម្មការបោះឆ្នោតឃុំសំបូរបានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចំនួនប្រាំដែលបានចូលប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជាបានឈ្នះក្នុងការបោះឆ្នោតនេះដោយទទួលបាន២.០៦៣ សំឡេង គណបក្សសិទ្ធិមនុស្សឈរនៅលំដាប់ទី២ដោយទទួលបានសំឡេង៩៦១ ហើយគណបក្សសម រង្ស៊ី ទទួលបាន៩១០សំឡេង ។ រីឯគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ ឈរនៅលេខរៀងក្រោយគេ។ ក្រុមប្រឹក្សាឃុំសំបូរនេះមានប្រាំពីរអសនៈ។ លោក ឌី សោភ័ណ្ឌ គឺជាអ្នកគ្រប់គ្រងការិយាល័យម្នាក់នៅក្នុងអនុវិទ្យាល័យ អីជីយិគី អង្គតាខ្មៅ ជាប់នឹងវត្តអង្គតាខ្មៅ នៃឃុំសំបូរ។ នៅទីនេះប្រជាពលរដ្ឋបានសម្រុកបោះឆ្នោតតែពេលព្រឹកព្រលឹមតែប៉ុណ្ណោះ រីឯពេលរសៀលបន្តិចអ្នកបោះឆ្នោតមកស្ទើរតែគ្រប់គ្នាទៅហើយ។ «គ្មានអ្វីជាកត់សំគាល់សំខាន់នោះទេ។ ការងាររបស់ពួកយើងប្រព្រឹត្តិទៅដោយរលូន។ ប្រជាពលរដ្ឋសប្បាយរីករាយដោយបានជ្រលក់មេដៃបោះឆ្នោត»។ ទាំងលោកជិន សំ អ្នកសង្កេតការណ៍មកពីគណបក្សប្រជាជនកម្ពុជា និងលោកប៉េង ច័ន្ទរិទ្ធ អ្នកសង្កេតការណ៍មកពីគណបក្សសម រង្ស៊ី សុទ្ធតែបានអះអាងដូចគ្នាថា ពុំមានឧប្បទេហេតុណាមួយកើតឡើងក្នុងអំឡុងពេលបោះឆ្នោតក្នុងមណ្ឌលខាងលើនេះទេ៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះជម្លោះដីធ្លីនៅបឹងកក់សុំព្រះមហាក្សត្រ Posted: 05 Jun 2012 07:10 PM PDT ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់បានងាកមកសុំអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីសុំឲ្យដោះលែងប្រជាពលរដ្ឋតំបន់បឹងកក់១៥នាក់ដែលត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ឋរឿងវិវាទដីធ្លីរួចបានបញ្ជូនទៅឃុំឃាំងនៅពន្ឋនាគារព្រៃសរ។ ក្រុមអ្នកតវ៉ាដោយមានការចូលរួមពីកុមារតូចៗបានមកប្រមូលផ្តុំគ្នានៅពីមុខព្រះបុរមរាជវាំងបន្ទាប់ពីពួកគេបានមកតវ៉ានៅពីមុខរដ្ឋសភាដើម្បីឲ្យរដ្ឋសភាពន្លឿនការដោះស្រាយនៅតំបន់បឹងកក់។ កាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅនេះប្រជាពលរដ្ឋនៅតំបន់បឹងកក់បានដាក់ញាត្តិជូនរដ្ឋសភាបន្ទាប់មកទៀតបានដាក់ញាត្តិទៅក្រសួងយុត្តិធម៌ដើម្បីសុំអន្តរាគមន៍ដោះលែងអ្នកភូមិ១៥នាក់ដែលកំពុងជាប់ឃុំ។ ការដាក់ញាត្តិរបស់អ្នកភូមិបឹងកក់រយៈពេលជាងមួយសប្តាហ៍មកហើយទាំងរដ្ឋសភានិងក្រសួងយុត្តិធម៌មិនបានឆ្លើយតបទៅនឹងសំណើររបស់ពួកគេនៅឡើយ។ ក្រុមអ្នកភូមិបានធ្វើដំណើរដោយថ្មើរជើងពីមុនរដ្ឋសភាមកតវ៉ានៅពីមុខព្រះបុរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រជួយអន្តរាគមន៏។ «សុំឲ្យព្រះមហាក្សត្រជួយអន្តរាគមន៍អ្នកទាំង១៥នាក់ផង» ការស្រែកតវ៉ារបស់អ្នកភូមិបឹងកក់ភាគច្រើនជាកុមារគ្មានឃើញមន្ត្រីព្រះបុរមរាជវាំងណាម្នាក់ចេញមកដោះស្រាយទេ។ក៏ប៉ុន្តែផ្ទុយទៅវិញមានកំលាំងប៉ូលីសមករុញច្រានពួកគេឲ្យចេញឆ្ងាយពីបរិវេណព្រះបុរមរាជវាំង។ លោកមឿន តុលា ប្រធានកម្មវិធីសិទ្ឋិការងារនៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានសម្តែងការព្រួយបារម្មណ៍ថាការចូលរួមរបស់កុមារទៅអនាគតពួកគេអាចប៉ះពាល់ដល់ជំងឺសរសៃប្រាសាទនឹងជំងឺបាក់ស្បាត។ «យើងបារម្ភមែនទែនពាក់ព័ន្ឋនឹងក្មេងហ្នឹងជាសរសរទ្រូង នៅថ្ងៃក្រោយទៅគាត់ជាសរសរទ្រូងនៃប្រទេសជាតិយើង។ហើយប្រសិនណាបើរដ្ឋាភិបាលទុកបញ្ហាហ្នឹងឲ្យ រងគ្រោះកាន់តែច្រើន។ ខ្ញុំបារម្ភធនធានមនុស្សយើងទៅថ្ងៃក្រោយតើសរសរទ្រូងយើងមាំ ឬជាសរសរខ្លឹមឬក៏សរសរ»។ បន្ទាប់ពីការចាប់ខ្លួនអ្នកភូមិ១៥នាក់ដាក់ពន្ឋនាគារ។ក្រុមប្រជាពលរដ្ឋដែលបានបាត់បង់ឪពុកម្តាយប្រពន្ឋ និងកូនបានមកតវ៉ាជាបន្តបន្ទាប់ដូចជានៅពីមុខពន្ឋនាគារព្រៃសរ មុខតុលាការក្រុងភ្នំពេញ ក្រសួងយុត្តិធម៌ និងពីមុខរដ្ឋសភា។ លោកមឿន តុលាបានបញ្ជាក់ថា ការតវ៉ានេះអាចនឹងរីកធំឡើងៗប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយតាមការទាមទាររបស់ប្រជាពលរដ្ឋ។ ក្រុមអង្កការសង្គមស៊ីវិលបានចេញប្រតិកម្មជាបន្តបន្ទាប់កាលពីសប្តាហ៍មុនបន្ទាប់ពីរដ្ឋាភិបាលបានចាប់ប្រជាជន១៥នាក់ដាក់ពន្ឋនាគារ។ យោងតាមរបាយការណ៏របស់សមាគមសិទ្ឋិមនុស្សអាដហុក មានប្រជាពលរដ្ឋប្រមាណ៤៩នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនក្នុងរឿងវិវាទដីធ្លី។ក្នុងនោះមាន១៦នាក់ត្រូវបានដោះលែង ហើយនៅសល់តែ៣៣នាក់ទៀតប៉ុណ្ណោះកំពុងជាប់ឃុំឃាំងក្នុងពន្ឋនាគារនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ពិព័រណ៍គំនូរបង្ហាញពីគ្រោះថ្នាក់នៃឱសថក្លែងក្លាយ Posted: 05 Jun 2012 08:51 PM PDT សិល្បករតាំងពិព័រណ៍គំនូររបស់គេនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃការប្រើថ្នាំក្លែងក្លាយ។ សិល្បករមកពីប្រទេស៥នៅអាស៊ីអាគ្នេយ៍តាំងពិព័រណ៍គំនូររបស់គេនៅភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍បង្ហាញពីគ្រោះថ្នាក់នៃថ្នាំក្លែងក្លាយ។ គំនូរជាង៤០របស់សិល្បករ៣៤នាក់ដាក់បង្ហាញនៅវិទ្យាស្ថានបារាំង និងមណ្ឌលវប្បធម៌អាល្លឺម៉ង់Meta House នៅភ្នំពេញ។ ថ្នាំក្លែងក្លាយរីករាលដាលនៅអាស៊ីអាគ្នេយ៍ ព្រោះលក់ថោកៗតាមដងផ្លូវ និងតាមផ្សារតំបន់ជនបទ។ ថ្វីបើ Viagra ជាថ្នាំក្លែងក្លាយដ៏សម្បូរក្តី តែវាមិននាំឲ្យមានកង្វល់ច្រើនដូចថ្នាំក្លែងក្លាយសម្រាប់ជំងឺគ្រុញចាញ់ របេង និងអេដស៍ទេ។ អង្គការសុខភាពពិភពលោកឲ្យដឹងថាថ្នាំក្លែងក្លាយមានជាតិថ្នាំតិចដែលនាំឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ហើយស៊ាំថ្នាំ។ <!--AV--> សិល្បករខ្មែរសង្ឃឹមថា គំនូររបស់គេនឹងជួយឲ្យសាធារណជនយល់ដឹងច្រើនឡើង។ អឿ សុគន្ធវី និយាយថា «ខ្ញុំសង្ឃឹមថា រូបដែលខ្ញុំគូរនិងស្នាដៃដែលខ្ញុំបានចូលរួមនៅថ្ងៃនេះនឹងជួយឲ្យប្រជាជនគ្រប់គ្នានៅស្រុកខ្មែរនិងអ្នកគ្រប់គ្នាបានឃើញ ហើយយល់ដឹងពិតថា ថ្នាំក្លែងក្លាយ ជះឥទ្ធិពលអាក្រក់ដល់ប្រទេសខ្មែរយើង»។ ការសិក្សារបស់អង្គការសុខភាពពិភពលោករកឃើញថា ថ្នាំក្លែងក្លាយលក់អស់៦២ពាន់លានដុល្លារក្នុង១ឆ្នាំ។ របាយការណ៍នេះឲ្យដឹងថា ពេលថ្នាំពេទ្យថ្លៃ និងតម្លៃថ្នាំពិតនិងថ្នាំក្លែងក្លាយខុសគ្នាច្រើន ការរកស៊ីថ្នាំក្លែងក្លាយថោកៗកើនឡើង។ ដូច្នេះឈ្មួញលក់ថ្នាំក្លែងក្លាយច្រើន ព្រោះចំណាយទុនតិច តែចំណេញច្រើន។ អ្នកស្រីម៉ម បូរីវណ្ណ នាយិកាកម្មវិធីការិយាល័យប្រឆាំងជំងឺគ្រុញចាញ់ថ្លែងថា «ប្រជាជនក្រីក្រគាត់អត់ដឹង អត់មានលុយទៅរកមន្ទីរពេទ្យល្អ។ គាត់តែងតែទៅរកទិញថ្នាំនៅឱសថស្ថាន។ អញ្ចឹងគាត់អត់ដឹងថា ឱសថណាក្លែងក្លាយ ឬឱសថណាល្អទេ។ ដូច្នេះការផ្សព្វផ្សាយបែបនេះអាចឲ្យគាត់មានការយល់ដឹងច្រើនពីផលវិបាកនៃឱសថក្លែងក្លាយ ហើយឲ្យគាត់ចាប់អារម្មណ៍ថា ពេលគាត់ទិញឱសថ គាត់ត្រូវមើលអី្វខ្លះ?។គាត់អាចមើលទៅលើអ្វីខ្លះ ដែលគាត់អាចទុកចិត្តបានថា ឱសថហ្នឹងជាឱសថពិត ហើយអាចព្យាបាលជំងឺគាត់បាន» លោក Mark Hammond ជាអ្នកផ្តួចផ្តើមពិព័រណ៍នេះ។ ផលិតកម្មភាពយន្តឯកសារនេះពន្យល់ថា៖ «បីឆ្នាំមុន ខ្ញុំជាផលិតករទូរទស្សន៍អំពីបញ្ហាបណ្តាលមកពីថ្នាំពេទ្យក្លែងក្លាយនៅអាស៊ីអាគ្នេយ៍។ ខ្ញុំគិតថា តើប្រជាជនថៃ កម្ពុជា និងលាវគិតយ៉ាងណាអំពីបញ្ហាថ្នាំពេទ្យក្លែងក្លាយ? ខ្ញុំទៅជួបសិល្បករមួយចំនួន សួរគេពីរបីសំណួរ ហើយសុំឲ្យគេគូរគំនូរអំពីបញ្ហាថ្នាំពេទ្យក្លែងក្លាយនេះ»។ ពិព័រណ៍ចល័តនេះនឹងតាំងបង្ហាញនៅក្នុងប្រទេសនានានៅអាស៊ីអាគ្នេយ៍ និងនៅប្រទេសបារាំង៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |