VOA News: ព័ត៌មាន: “គុណប្រយោជន៍​នៃ​ការ​បដិបត្តិ​សមាធិ (ហេឡូ​វីអូអេ ២១ មិថុនា ២០១២)” plus 3 more

VOA News: ព័ត៌មាន: “គុណប្រយោជន៍​នៃ​ការ​បដិបត្តិ​សមាធិ (ហេឡូ​វីអូអេ ២១ មិថុនា ២០១២)” plus 3 more


គុណប្រយោជន៍​នៃ​ការ​បដិបត្តិ​សមាធិ (ហេឡូ​វីអូអេ ២១ មិថុនា ២០១២)

Posted: 22 Jun 2012 01:19 PM PDT

តើ​មនុស្ស​ត្រូវ​ធ្វើ​សមាធិ​ដើម្បី​អ្វី?​ តើ​សមាធិ​មាន​ប្រយោជន៍អ្វី​ខ្លះ​ដល់​សង្គម​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​នៅ​ក្នុង​ពិភពលោក?​

សមាធិ​ជា​អង្គធម៌​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ឬ​ព្រះបរមគ្រូ​នៃ​យើង​ ស្វែង​យល់​និង​ត្រាស់​ដឹង​មុន​ដំបូង​បំផុត​នៅ​លើ​រតនបល្ល័ង្ក​ក្រោម​ម្លប់​ពោធិព្រឹក្ស។​ ក្រោយ​ពី​ការ​ត្រាស់​ដឹង​ ព្រះ​សម្មាសម្ពុទ្ធ​បាន​ប្រកាស​នូវ​មាគ៌ា​សម្រាប់​សត្វ​លោក​គោរព​ប្រតិបត្តិ​ដើម្បី​ស្វែងរក​សេចក្តី​សុខ​ឲ្យ​កើត​មាន​នៅ​ក្នុង​ខន្ធ​សណ្តាន​គ្រប់ៗ​គ្នា។​

ចូល​ជា​វាគ្មិន​នៅ​យប់​នេះ​ មាន​ព្រះតេជ​ព្រះ​គុណ​ ទុំ វចនា​ ព្រះ​គ្រូ​ធម្មាចារ្យ​នៅ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​ និង​ ឧបាសិកា​ កឹម គិមយ៉ាង​ ជា​អ្នកគ្រូ​បង្ហាត់​សមាធិ​នៅ​ភូមិ​ផ្អាវ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​និង​នៅ​ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ ​ដែល​មាន​ការ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​បង្ហាត់​ការ​បដិបត្តិ​សមាធិ។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ២១ មិថុនា ២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

អង្គការ​ក្លូបល​វិតណេស​ថា​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ការ​សម្លាប់​មនុស្ស

Posted: 21 Jun 2012 08:33 PM PDT

រដ្ឋាភិបាលកម្ពុជា​ និង​ក្រុមហ៊ុនឯកជន​នៅ​កម្ពុជា​ជាប់ទាក់ទង​ក្នុង​ការសម្លាប់​ជនរងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី ​និង​ការការពារ​ព្រៃឈើ។ ​នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​ការពារ​បរិស្ថាន​មួយ​របស់​ប្រទេស​អង់គ្លេស ក្លូបលវិតណេសស (Global Witness)។

របាយការណ៍​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បង្ហាញ​ថា ​ករណី​សម្លាប់​លោក​ឈុត វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​សកម្មជន​ការពារព្រៃឈើ​កម្ពុជា​យ៉ាង​ខ្លាំងក្លា​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ​និង​ការបាញ់​សម្លាប់​កុមារី ​ហេង ចន្ថា​ អាយុ​១៤​ឆ្នាំ ​ក្នុង​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ។

របាយការណ៍​ស្តីពី​ជម្លោះ​ដីធ្លី​ និង​ព្រៃឈើ​ក្នុង​ពិភពលោក​បាន​ស្រង់​តួលេខ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​បញ្ជាក់​ថា «នៅ​ប្រទេស​កម្ពុជា​ជន​រងគ្រោះ​ប្រាំបួន​នាក់​ ក្នុង​ចំណោម​១១​ករណី​ក្នុង​នោះ​ពីរ​ករណី​ត្រូវ​សម្លាប់​ក្នុង​ឆ្នាំ​២០១២ ​បាន​បង្ហាញ​ភស្តុតាង​យ៉ាង​រឹងមាំ​ថា ​ការ​សម្លាប់​ទាំង​នោះ​ត្រូវ​ប្រព្រឹត្ត​ដោយ​មាន​ការ​ជាប់ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល»។

Global Witness បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ប្រមូល​ពត៌មាន​ពិស្តារ​ជុំវិញ​ការ​ស្លាប់​របស់លោក​ឈុត វុទ្ធី។

លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ហៅ​របាយការណ៍​របស់​អង្គការ Global Witness ថា​គ្រាន់​តែ​ជា​ការ​ចោទប្រកាន់​មួយ​ប៉ុណ្ណោះ។

«ជា​ការ​ចោទប្រកាន់​មួយ​របស់​មនុស្ស​មួយ​ក្រុម ​ពី​អ្នក​ដែល​មិន​ជា​អាជីព ​គឺ​មតិ​សង្ស័យ​របស់​គេ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្ដែ​រឿង​នេះ​ជា​រឿង​ដាច់ដោយឡែក​ពី​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ប្រព្រឹត្តិ​ឡើង​ដោយសារ​ឯកជន​ផ្ទាល់​។ ​ដូច្នេះ​យើង​ឃើញ​ថា ​បុគ្គល​មួយ​ចំនួន​ធំ​ដែល​ប្រព្រឹតិ្ត​អំពើ​ឧក្រិដ្ឋកម្ម​នោះ​តែងតែ​ទទួល​បាន​នូវ​ទណ្ឌកម្ម​ពី​ប្រពន្ធ័​តុលាការ​របស់​កម្ពុជា»។

លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង បន្ទាប់​ពី​លោក​បាន​ទៅ​ពិនិត្យ​ការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​មិន​ល្បី​ឈ្មោះ​មួយ​ឈ្មោះ ​ធីមប៊ឺគ្រីន ​នៅ​ក្នុង​ស្រុក​នេះ​។ ​លោក​អ៊ិន រតនា ​មន្ដ្រី​កងរាជ​អាវុធ​ហត្ថ​ម្នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការ​នោះ​ដែរ។

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាការ​ចម្រុះ​មួយ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នេះ​ហើយ​បន្ទាប់​មក​បាន​បិទ​ការស៊ើបអង្កេត​របស់​ខ្លួន​ទៅ​វិញ​ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍ផង។ កាល​ពី​សប្ដាហ៍​មុន​ចៅក្រម​នៃ​តុលាការ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ស៊ើបសួរ​សាក្សី​ជុំវិញ​ឃាតកម្ម​នេះ​នៅ​ឡើយ។

លោក​ចាន់ សាវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ការរំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​មាន​ប្រសាសន៍​ថា ​របាយការណ៍​របស់​អង្គការក្លូបលវិតណេ បាន​ឆ្លុះ​បញ្ចាំង​ថា ​រដ្ឋាភិបាល​មិន​បាន​ស៊ើប​អង្កេត​ពេញលេញ​លើ​ឃាតកម្ម​កន្លង​មក​នោះ​ទេ។ លោក​បាន​រៀបរាប់​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ​មាន​សកម្មជន​សហគមន៍​ព្រៃឈើ ​ អ្នក​ការពារ​ដីធ្លី ​និង​សកម្មជន​នៃ​សហជីព​ផងដែរ។

លោក​ចាន់ សាវ៉េត ​ចាត់​ទុក​ថា ​វា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​ការ​ស៊ើបអង្កេត​រឿង​អស់​ ទាំង​នេះ​ឲ្យ​បាន​ពេញលេញ​ ដើម្បី​ជា​ការ​លើកស្ទួយ​សិទ្ធិ​មនុស្ស ​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​

មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍ ក្លូបលវិតណេស លើក​ឡើង​ថា ​អំពើ​ពុករលួយ និង​អំពើ​ហិង្សា​ក្នុង​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ចងក្រង​ជា​ឯកសារ​យ៉ាង​ច្រើន ​ប៉ុន្តែ​រដ្ឋាភិបាល ​និង​ប្រទេស​ម្ចាស់​ជំនួយ​បរាជ័យ​ក្នុង​ការ​លុបបំបាត់​បញ្ហា​ទាំង​នេះ។

របាយការណ៍​របស់​អង្គការក្លូបលវិតណេស ធ្វើ​ឡើង​ស្របពេល​ដែល​ក្រុម​មន្ដ្រី​មក​ពី​ប្រទេស​ចំនួន​១៣០ ​បាន​ជួប​ប្រជុំ​គ្នា​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ នៅ​ក្នុង​ក្រុង​ រីយ៉ូ ដឺ ចេណេរ៉ូ (Rio de Janeiro) ប្រទេស​ប្រេស៊ីល ​អំពី​បញ្ហា​បរិស្ថាន។

អង្គការ​ដដែល​បន្ថែម​ថា ​ក្នុង​ពិភពលោក​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​ម្នាក់​ត្រូវ​បាន​សម្លាប់​រៀងរាល់​សប្ដាហ៍​ដោយសារ​តែ​ជម្លោះ​ដីធ្លី ​ជម្លោះ​ធនធាន​ធម្មជាតិ ​និង​ព្រៃឈើ៕

This posting includes an audio/video/photo media file: Download Now

ក្រសួង​ការបរទេស​បារាំង​សូម​ឲ្យ​កម្ពុជា​បំភ្លឺ​រឿង​ចាប់​ជនជាតិ​បារាំង​ម្នាក់

Posted: 21 Jun 2012 07:43 PM PDT

ក្រសួងការបរទេស​បារាំង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​មូលហេតុ​ពិត​ប្រាកដ​ អំពី​ការ​ចាប់​ជន​ជាតិ​បារាំង​មួយ​រូប ​ដែល​សង្ស័យ​ថា​ជា​មនុស្ស​ស្និទ្ធ​នឹង​ភរិយា​របស់​លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​ឈ្មោះ​មិន​ល្អ​នៅ​ចិន។

កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​កន្លង​ទៅ​នេះ ​អាជ្ញាធ​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ប៉ាទ្រិក ដេវីល្ល័រ​(Patrick Devillers) អាយុ​៥២​ឆ្នាំ​ ជន​ជាតិបារាំង​ ហើយ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ឯ​នាយកដ្ឋាន​អន្តរប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល។

លោក បឺណាដ វ៉ាឡឺរ៉ូ (Bernard Valero) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ពី​ប្រទេស​បារាំង​មក​ថា​ បារាំង​បាន​ទទួល​ដំណឹង​ពី​អាជ្ញធរ​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន​លោក ប៉ាទ្រិក ដេវីល្ល័រ ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា​ រួច​ហើយ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​ភាសាបារាំង​ ហើយ​ត្រូវ​បាន​បកប្រែ​ក្រៅផ្លូវការ​បាន​ឲ្យដឹង​ទៀត​ថា បារាំង​​បាន​តាមដាន​ដិតដល់​បំផុត​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ​ហើយ​យើង​ក៏​បាន​ធ្វើ​ការ​យ៉ាង​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ ចំពោះ​ការ​ស៊ើប​អង្កេត​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ប្រឆាំង​នឹង​លោក ប៉ាទ្រិក ដេវីល្ល័រ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់លាស់​នោះ។

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​នាំ​ទៅរក​ការចាប់​ខ្លួន​ជនជាតិ​បារាំង​នេះ​ទេ។

លោក​ឧបកនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​តាមរយៈ​ទូរសព្ទ​ថា​ការ​ចាប់​ខ្លួន​លោក ប៉ាទ្រិក ដេវីល្ល័រ ដោយសារ​តែ​មាន​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​នៃ​ប្រទេសចិន​ថា​ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​នៅ​ចិន។ ​លោក ​ស ខេង ​មិន​បាន​បញ្ជាក់​ពី​បទ​ល្មើស​អ្វីខ្លះ​ ដែល​លោក ប៉ាទ្រិក ដេវីល្ល័រ បាន​ប្រព្រឹត្តិ​នៅ​ចិន​នោះ​ទេ​ ដោយ​លោក​គ្រាន់តែ​បាន​បញ្ជាក់​ថា​រដ្ឋភិបាល​កម្ពុជា​បាន​នឹង​កំពុង​តែ​ធ្វើ​ការជា​មួយ​នឹង​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

«ខ្ញុំ​គិត​ថា​មិន​បញ្ជាក់​អី​ទៀត​ទេ​ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការជា​មួយ​នឹង​ទូត​បារាំង​អស់​ហើយ។ ក្រសួង​ការ​បរទេស​ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ទូត​បារាំង​ដែរ ​ ព្រោះ​ថា​កម្ពុជា​យើង​មាន​អនុសញ្ញា ​បត្យាប័ន​ជាមួយ​នឹង​ភាគីចិន​ហ្នឹង​។ ​ធម្មតា​យើង​ត្រូវ​តែ​គោរព​តាម​ហ្នឹង​ ព្រោះ​យើង​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ចិន​ទៅ​ហើយ​។ ​កាលណា​គេ​ស្នើ​ឲ្យ​ត្រូវ​ឃាត់​ខ្លួន ​យើង​ត្រូវ​តែ​ធ្វើ​ហើយ។ ប្រសិន​បើ​បញ្ជូន​ទៅ​ណា ​នេះ​គឺ​ជា​សេចក្តី​សម្រេច​របស់​កម្ពុជា។​ ហើយ​បញ្ជូន​ទៅ​ ឬ​មិន​បញ្ជូន​ទៅ​ នេះ​ជា​រឿង​មួយ​ផ្សេង​ទៀត ​ប៉ុន្តែ​ឥឡូវ​កំពុង​តែ​នៅ​កម្ពុជា»។

ស្ថានកុងស៊ូល​បារាំង​ប្រចាំ​កម្ពុជា​បាន​ទៅ​ពិនិត្យ​ជា​ញឹកញាប់ ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក ប៉ាទ្រិក ដេវីល្ល័រ។

កាល​ពី​ថ្ងៃ​ពុធ ​ម្សិលមិញ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​ភស្តុងតាង​ន្ថែមទៀត ​មុន​នឹង​សម្រេច​ថា​ តើ​គួរ​តែ​ធ្វើ​បត្យាប័ន​ជន​ជាតិ​បារាំង​រូប​នេះ​ ទៅ​កាត់ទោស​នៅ​ចិន​ ឬ ​ក៏​យ៉ាងណា។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់​ថា​តើ​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​ភស្តុង​អ្វីខ្លះ​ ពី​រដ្ឋាភិបាល​ចិន​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់​តែ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កិច្ចកាងារ​ទាំង​នេះ​ហើយ។

«ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើ​ទៅ!»

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់​បាន​មករស់​នៅ​ទីក្រុង​ភ្នំពេញ ​ហើយ​លោក​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​មួយ​កន្លែង​នៅ​ទីក្រុង​កែប ​ដែល​កន្លង​មក​លោក​មិន​ធ្លាប់​បាន​ចោទប្រកាន់​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ។

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​លោក​អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយា​លោក​ បូ ស៊ីឡៃ អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​កំពុង​ជាប់ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ចិន​ជាន់ខ្ពស់​ដោយ​ខុស​ច្បាប់។

អ្នកស្រី​ ហ្គូ កៃឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​លោកណេល ហេវូដ (Neil Heywood) ពាណិជ្ជករ​ជនជាតិ​អង់គ្លេស៕

This posting includes an audio/video/photo media file: Download Now

Golden Slumbers​ជា​ភាពយន្តឯកសារ​អំពី​ខ្សែ​ភាពយន្ត​ចាស់​បញ្ចាំង​នៅ​រដ្ឋ​កាលីហ្វញ៉ា​

Posted: 21 Jun 2012 08:58 PM PDT

«Golden Slumbers»ជា​ភាព​យន្ត​ឯក​សារ​ដែល​និយាយ​ពី​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចាំងឲ្យ​ទស្សនា​ជុំ​វិញ​រដ្ឋ​កាលីហ្វញ៉ា​កាល​ពី​ខែ​មុន ​ប៉ុន្តែ​ប្រហែល​ទី​កន្លែង​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​នៅ​ទី​ក្រុង​ឡង​ប៊ិច។​

ភាព​យន្ត​ឯក​សារ​នេះ​ស្រាវ​ជ្រាវ​ជុំ​វិញ​ពី​ការ​បាត់​បង់​នូវ​វិស័យ​ភាព​យន្ត​ខ្មែរ​នៅ​ទសវត្សរ៍​​៦០​និង​៧០​ដោយ​សារ​សង្គ្រាម។​ រឿង​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំងនៅ​ទី​ក្រុង​ឡង​ប៊ិច​កាល​ពី​ខែ​ឧសភា​ក្នុង​មហោ​ស្រព​ភាព​យន្ត​អាស៊ី​បាស៊ី​ហ្វីក​នៃ​ទី​ក្រុង ​Los​ Angeles។​ រឿង​នេះ​នឹង​ត្រូវ​បញ្ចាំងជុំ​វិញ​ពិភព​លោក​ ប៉ុន្តែ​នៅ​ទី​ក្រុង​ឡង​ប៊ិច​ជា​កន្លែង​ដែល​មាន​ទស្សន​ជន​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ទស្សនា​ជា​លើក​ទី​មួយ។​

ផលិត​ករ​លោក ជូ ដាវី ដែល​ធំ​ឡើង​នៅ​ប្រទេស​បារាំង​ ហើយ​មាន​ជីតា​របស់​លោក​ជា​ផលិត​​ករ​នៅ​សម័យ​នោះ​ផង​ដែរ ចង់​ស្វែង​យល់​អំពី​ខ្សែ​ភាព​យន្ត​ខ្មែរ​ដែល​បាន​ផ្តល់​ការ​កម្សាន្ត​ដល់​ទស្សនិក​ជន​តាំង​ពី​ទសវត្សរ៍​៦០​ដល់​សម័យ​សង្គ្រាម។​

លោកជូ ដាវី​ ដែល​ជា​ផលិតករ ​បាន​និយាយ​ថា​៖

«វា​ពិត​ជា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​មក​បញ្ចាំងភាព​យន្ត​ឯក​សារ​នៅ​ទីនេះ ពីព្រោះ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ច្រើន​ ហើយ​ពួក​គេ​ដឹង​អំពី​​រឿង​នេះ។​ ដូច្នេះ​ការទទួល​ខុស​ត្រូវ​គឺ​ខុស​គ្នា»។​

លោក ជូ ដាវី ចាត់​ទុក​ថា ​ការទទួល​​ខុស​ត្រូវ​ខាង​សិល្បៈ​នេះ​ជា​រឿង​សំខាន់។ ជាក់​ស្តែង​ តាម​រយៈ​ភាព​យន្ត​ឯក​សារ​ លោក​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​សិក្សា​ពី​វិស័យ​ភាព​យន្ត​ថា ​តើ​វា​មាន​ន័យ​កម្រិត​ណា​ដល់​ជន​ជាតិ​ខ្មែរ​នៅ​ជំនាន់​ដែល​វិស័យ​នោះ​មាន​កម្រិត​ខ្ពស់។ តាម​រយៈ​សាច់​រឿង Golden​ Slumber​ លោក​បាន​ជួប​ជា​មួយ​អ្នក​ចាស់ៗ​ដែល​គាំ​ទ្រ​វិស័យ​ខ្សែ​ភាព​យន្ត​ខ្មែរ​ពី​ដើម។​ លោក​​បាន​ជួប​អ្នក​ដែល​ឥឡូវ​នេះ​រស់​នៅ​ក្នុង​រោង​កុន​ចាស់ៗ និង​បាន​ជួប​ផលិត​ករ​ផ្ទាល់​ដើម្បី​ឲ្យ​ដឹង​ ថា​តើ​លោក​​បាន​បាត់​បង់​អ្វី​ខ្លះ។​

លោក​ដាវី​ក៏​បាន​បង្ហាញ​នូវ​ខ្សែរ​ភាពយន្ត​ចាស់​ខ្លី​ៗ​តែ​ផ្តោត​ទៅ​លើ​ការ​អវត្ត​មាន​នៃ​ភាព​យន្ត​ទាំង​នេះ។​ លោក​ប្រាប់​ថា ​លោក​ចង់​រំលឹក​អ្នក​ទស្សនា​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​នៃ​រឿង​ចាស់ៗ។​

ជូដាវី និយាយ​ថា៖​

«ខ្ញុំ​ចង់​ដឹង​ ថា​តើ​ពួក​គេ​មាន​អារម្មណ៍​បែប​ណា​ ពេល​ដែល​ពួក​គេ​ឃើញ​នូវ​ខ្សែ​ភាព​យន្ត​ចាស់​នោះ​តាម​រយៈ​ភាព​យន្ត​ឯក​សារ​នេះ»។​

សម្រាប់​ទស្សនិក​ជន​ ដូច​ជា​លោក​យស​ បូវណ្ណៈ ​ដែល​ធ្លាប់​ជា​តួ​កុន​សម្តែង​នា​​ទស​វត្សរ៍៨០​ ​រឿង​ Golden​ Slumbers​ គឺ​ពិត​ជា​រំឭក​លោក​ទៅ​ដល់​កាល​ពី​សម័យ​ដែល​វិស័យ​ភាព​យន្ត​ខ្មែរ​មាន​ភាព​រីក​ចម្រើន។​

យស​ បូវណ្ណៈ តួ​កុន​ខ្មែរ​សម័យ​ទសវត្សរ៍​៨០​និយាយ​ថា​

«កាល​នោះ​ឯង​គឺ​ខាង​វិស័យ​ភាព​យន្ត​សិល្បៈ​ទី​៧​គឺ​ឡើង​ខ្លាំង​ណាស់។​ ភាព​យន្ត​មិន​មែន​ធ្លាក់​អញ្ចេះ​ទេ។»​

ចាប់​តាំង​ពី​សង្រ្គាម​ វិស័យ​ភាព​យន្ត​ខ្មែរ​មាន​ភាព​ដុន​ដាប ប៉ុន្តែ​លោក​យស​បូវណ្ណៈ​បន្ត​ថា​ សម័យ​មាស​នោះ​និង​នៅ​ឋិត​ថេរ​រហូត​ដរាប​ណា​ខ្សែរ​ភាព​យន្ត​ទាំង​នេះ​នៅ​មាន​រូប​រាង។​

យស​ បូវណ្ណៈ បន្តថា​

«គេ​ហៅ​ថា​ ស្នាដៃ​អមតៈ​គឺ​យើង​ទទួល​ស្គាល់​នៅ​ក្នុង​វប្បធម៌។ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​​ថា​វប្បធម៌​យើង​មាន​កម្រិត​ខ្ពស់​បំផុត​ហើយ»។​

Golden Slumbers ​និង​បន្ត​បញ្ចាំង​តាម​មហោ​ស្រព​ភាព​យន្ត​ជុំ​វិញ​ពិភព​លោក ​ហើយ​នឹង​ចេញ​លក់​នៅ​សហ​រដ្ឋ​អាមេរិក។​ លោក​ជូ​ដាវី​បាន​ប្រាប់​ថា ​លោក​មាន​អារម្មណ៍​រំភើប​ជា​មួយ​នឹង​ការ​បញ្ចាំង​តាម​រោង​កុន​នៅ​ស្រុក​បា​រាំង​នា​ខែ​កញ្ញា​ខាង​មុខ​នេះ៕​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!