VOA News: ព័ត៌មាន: “ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១២ (ហេឡូវីអូអេពិសេស ២០ មិថុនា ២០១២)” plus 3 more |
- ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១២ (ហេឡូវីអូអេពិសេស ២០ មិថុនា ២០១២)
- ទួរគីទទួលយកបណ្តាញសង្គម
- គណបក្សហ៊្វុនស៊ីនប៉ិច និងនរោត្តម រណឫទ្ធិបែកគ្នាមុនជួប
- ខ្សែភាពយន្ត Two Shadows បង្ហាញលក្ខណៈពីរនៃប្រទេសកម្ពុជា
ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១២ (ហេឡូវីអូអេពិសេស ២០ មិថុនា ២០១២) Posted: 20 Jun 2012 01:38 PM PDT កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានចេញរបាយការណ៍ស្តីពីស្ថានភាពនៃការជួញដូរមនុស្សនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០១២។ ក្នុងនោះប្រទេសកម្ពុជាត្រូវបានសហរដ្ឋអាមេរិកចាត់ទុកក្នុងចំណាត់ថ្នាក់ប្រទេសកម្រិតទី២ ដែលមានន័យថា មានការខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរ ប៉ុន្តែមិនទាន់ដល់កម្រិតល្អនៅឡើយ។ ចូលជាវាគ្មិននៅយប់នេះមានលោកស្រី ពុង ឈីវកេក ប្រធាននៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានចូលរួមសកម្មភាពជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះទាំងនោះ។ លោកស្រីពន្យល់បន្ថែមពីស្ថានភាពនៃការជួញដូរនេះនិងវិធីដែលពលរដ្ឋខ្មែរត្រូវការពារខ្លួន។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេពិសេស ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
Posted: 19 Jun 2012 08:53 PM PDT ទោះបីជាធ្លាប់មានកំណត់ត្រាយ៉ាងទាបស្តីពីសេរីភាពសារព័ត៌មានរបស់ប្រទេសទួរគី (Turkey)ក៏ដោយ ប្រទេសនេះកំពុងពើបប្រទះនូវកំណើនយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់បណ្តាញសង្គមនៅលើប្រព័ន្ធអ៊ីនធឺណិត។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៤ក្នុងពិភពលោកសម្រាប់ការប្រើប្រាស់បណ្តាញហ្វេសប៊ុក (Facebook) និងជាប់លេខ៨ក្នុងការប្រើប្រាស់ធ្វីតទ័រ (Twitter)។ ចំណាត់ថ្នាក់ទាំងនេះបានធ្វើឲ្យបណ្តាញសង្គម ក្លាយទៅជាគូប្រជែងដ៏មានឥទ្ធិពល តទល់ជាមួយនឹងបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ទួរគី។ ប៉ុន្តែការព្រួយបារម្ភ កំពុងកើតមានឡើង ដែលការអភិវឌ្ឍន៍នេះអាចធ្វើឲ្យបែកខ្ញែកនៅក្នុងសង្គមទួរគី។
<!--IMAGE-RIGHT--> «ខ្ញុំបើកធ្វីតទ័រនិងមើលអ៊ីម៉េល។ ខ្ញុំព្យាយាមមិនប្រើទូរស័ព្ទដើម្បីបើកធ្វីតទ័រទេ។ ខ្ញុំបើកវាតែក្នុងករណីមានព័ត៌មានទាន់ហេតុការណ៍ ឬដំណឹងដែលត្រូវមើលបន្ទាន់តែប៉ុណ្ណោះ។ ព័ត៌មានភាគច្រើនគឺទាក់ទងជាមួយប្រទេសទួរគីតែម្តង។ ពេលនេះ ខ្ញុំបើកមើល សារព័ត៌មានតិចជាងមុន ដោយសារតែខ្ញុំទទួលបានព័ត៌មានភាគច្រើនពីបណ្តាញធ្វីតទ័ររួចទៅហើយ។ អ្នកអាចមានប្លក់ ដែលអ្នកអាចមើលគេហរទំព័រព័ត៌មាន។ ដូច្នេះខ្ញុំមិនខ្វល់ថាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗផ្សេងទៀតសរសេរអ្វីខ្លះនោះឡើយ»។ <!--IMAGE-LEFT--> ប្រទេសទូរគី បានឈានមុខគេក្នុងការផ្តល់សេវាអ៊ីនធឺណិតនិងការប្រើទូរស័ព្ទចល័ត។ ស្របគ្នាជាមួយនឹងចំនួនពលរដ្ឋដែលចេះប្រើអ៊ិនធឺណិតផងនោះ លទ្ធផល ស្តែងឲ្យឃើញអំពីការកើនឡើងយ៉ាងខ្លាំងលើបណ្តាញសង្គម ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន៣០លាននាក់និងអ្នកប្រើប្រាស់ធ្វិតទ័រចំនួនបួនលាននាក់។ សព្វថ្ងៃ មនុស្សកាន់តែច្រើនឡើងនៅទួរគី កំពុងងាកទៅរកបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានផ្សេងៗ។ កត្តានេះបង្ហាញឲ្យឃើញកាលពីខែធ្នូមុន។ កាលពីរាត្រីថ្ងៃទី២៩ខែធ្នូ នៅតាមព្រំដែនប្រទេសទួរគីនិងអ៊ីរ៉ាក់ ក្រុមអ្នករត់ពន្ធជាតិទូរគី-ឃឺត(Turkish-Kurdish) ចំនួន៣៥នាក់ ដែលភាគច្រើនជាយុវជន ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីលើអាកាសរបស់ទួរគីប្រកបដោយការបំផ្លិចបំផ្លាញ ដែលតម្រង់ទៅរកក្រុមឧទ្ទាមជាតិឃឺត ឈ្មោះថា PKK។ «នៅពេលដែលខ្ញុំភ្ញាក់ពីដំណេក ខ្ញុំបើកមើលធ្វីតទ័រ។ ខ្ញុំបានឃើញថា អ្នកទាំងឡាយកំពុងនិយាយអំពីអ្វីដែលបានកើតឡើងនៅ អ៊ូលូឌែរ (Uludere)។ នៅម៉ោង៧ និង៣០នាទី ខ្ញុំបានឃើញរូបភាពដំបូងបង្អស់ ដោយអ្នកទាំងឡាយនៅអ៊ូលូឌែរ បានថតរូបភាពសាកសពដែលត្រូវបាញ់សម្លាប់ដោយយន្តហោះទួរគី។ សូម្បីតែក្រុមគ្រួសារ ក៏បានចាប់ផ្តើមនិយាយអំពីរឿងនេះ ហើយយើងបានដឹងរឿងរ៉ាវទាំងអស់នេះដែរ។ រហូតមកដល់ម៉ោងប្រាំរសៀល គ្មានព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយទួរគីទេ។ នេះជាឧទាហរណ៍យ៉ាងធំធេងមួយស្តីពីថាតើបណ្តាញផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានពលរដ្ឋអាចធ្វើកិច្ចការនេះបាន។ ក្រុមអ្នកវិភាគ ថ្លែងថា ការបែកខ្ញែកនៅតាមមាគ៌ានយោបាយនិងជាតិពន្ធុ នៅតែបញ្ហាបន្ទាន់មួយសម្រាប់សង្គមទួរគី។ ប៉ុន្តែ នៅមិនទាន់ច្បាស់នៅឡើយថាតើបណ្តាញសង្គមនេះ បានពង្រីកឬបង្រួមការបែកខ្ញែកទាំងអស់នេះ។ អ្វីដែលច្បាស់លាស់នៅទួរគី គឺថាបណ្តាញសង្គមកំពុងតែក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់អ្នកដែលចេះប្រើប្រាស់បណ្តាញនេះ៕ ប្រែសម្រួលដោយ គឹង ភិរុណ This posting includes an audio/video/photo media file: Download Now |
គណបក្សហ៊្វុនស៊ីនប៉ិច និងនរោត្តម រណឫទ្ធិបែកគ្នាមុនជួប Posted: 19 Jun 2012 07:34 PM PDT គណបក្សនរោត្តម រណឬទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្លាក់ដល់ផ្លូវបំបែកវិញហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីចាប់ដៃគ្នារលាក់បានប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានប្រកាសក្នុងសន្និសីទព័ត៌មានមួយកាលពីព្រឹកមិញក្នុងព្រះតំណាក់របស់ព្រះអង្គ ក្នុងក្រុងភ្នំពេញដោយទម្លាក់ការទទួលខុសត្រូវនេះទៅលើលោកញ៉ឹក ប៊ុនឆៃ ដែលជាប្រធានប្រតិបត្តិរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច។ «ឯកឧត្តមញ៉ឹក ប៊ុនឆៃ និងក្រុមរបស់ពួកគាត់ជាអ្នកទទួលខុសត្រូវតែមួយគត់ ចំពោះការបែកបាក់គ្នាឡើងវិញនេះ ចំពោះការពុំអាចឈានទៅរកបាននូវការបង្រួបបង្រួមផ្សះផ្សារជាតិ និងផ្សះផ្សារអ្នករាជានិយម»។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមានបណ្តាញព័ត៌មានដ៏តិចតួចលើកឡើងពីការមិនទុកចិត្តថា ទ្រង់ រណឬទ្ធិ មានទំនោរទៅរកក្រុមគណបក្សជំទាស់។ ព្រះអង្គម្ចាស់ រណឬទ្ធិ បានច្រានចោលការចោទប្រកាន់នេះហើយចាត់ទុកថា នេះជាការបែកបាក់ដែលមិនអាចបិទភ្ជិតវិញបាន។ «ខ្ញុំសូមអំពាវនាវដល់អ្នករាជានិយម អ្នកសីហនុនិយមដែលនៅអង្គុយចាំខ្ញុំត្រឡប់ទៅគណបក្សហ៊្វុនស៊ិនប៉ិចវិញ សូមមេត្តាឈប់ចាំទៀត (ព្រោះ) ចាំខាតពេល។ នៅសល់តែមួយឆ្នាំទៀត យើងឈានទៅរកការបោះឆ្នោតសកលឆ្នាំ២០១៣»។ <!--AV--> ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ត្រូវបានទម្លាក់ពីព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីខែតុលា ឆ្នាំ ២០០៦។ បន្ទាប់មកព្រះអង្គដែលធ្លាប់ឈ្នះឆ្នោតលើសលុបលើគណបក្សប្រជាជនកម្ពុជា កាលពីខែឧសភា ឆ្នាំ១៩៩៣ បានយាងទៅបង្កើតគណបក្សមួយដោយដាក់ព្រះនាមខ្លួនឯង គឺគណបក្សនរោត្តម រណឬទ្ធិ។ កាលនោះព្រះអង្គម្ចាស់ រណឬទ្ធិ បានចោទលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ថាបានជ្រៀតជ្រែកនិងបំបែកគណបក្សរបស់ព្រះអង្គ។ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ គឺមិនដល់ពីរសប្ដាហ៍ផង មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ គណបក្សទាំងពីរបានចុះហត្ថលេខាសហការគ្នា ហើយប្តេជ្ញាថា នឹងរៀបចំផ្លូវសម្រាប់ច្របាច់បញ្ចូលគ្នាឡើងវិញ។ ពិធីចុះហត្ថលេខាក្រោមអធិបតីភាពរបស់លោក ហ៊ុន សែន។ ជាអតីតនាយករដ្ឋមន្ដ្រីទី១ និងអតីតប្រធានរដ្ឋសភាព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ មានបន្ទូលថា ព្រះអង្គបានជូនដំណឹងដល់លោកហ៊ុន សែន កាលពីសប្ដាហ៍មុនពីមូលហេតុដែលព្រះអង្គមិនអាចយាងទៅដឹកនាំគណបក្សចាស់របស់ព្រះអង្គវិញបានទេ។ ការិយាល័យអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗផងដែរ ដោយសម្ដែងការសោកស្តាយចំពោះសេចក្ដីអះអាងរបស់ព្រះអង្គម្ចាស់រណឬទ្ធិ ពីការបញ្ចប់ការរំលាយចូលគ្នារវាងគណបក្សរាជានិយមគូជម្លោះនឹងគ្នានេះ។ លោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍តាមទូរស័ព្ទថា លោកមិនអាចទទួលយកបានការចោទប្រកាន់ដែលថា បរាជ័យក្នុងការបង្រួបបង្រួមបក្សទាំងពីរដោយសារតែរូបលោកនោះ។ «ខ្ញុំមានឆន្ទៈពិតប្រាកដក្នុងការបង្រួបបង្រួម ប៉ុន្តែនៅមានបញ្ហាគោលជំហររបស់គណបក្សនរោត្តម រណឬទ្ធិ ដែលចង់បង្រួបបង្រួមជាមួយគណបក្សប្រឆាំង។ ដូច្នេះសុំឲ្យដោះស្រាយបញ្ហាទាំងនេះឲ្យបានជ្រះស្រឡះ ព្រោះកាលណាមិនច្បាស់លាស់ អាចមានបញ្ហាដល់យើងខ្ញុំនៅក្នុងរដ្ឋាភិបាល»។ គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងលើសលប់កាលពីថ្ងៃទី៣ ខែមិថុនា។ គណបក្សជំទាស់ពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្ថិតនៅលំដាប់បន្ទាប់។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ ទំនងជាឈ្នះអសនៈជាប្រធានក្រុមប្រឹក្សាបានតែមួយប៉ុណ្ណោះ។ នេះបើយោងតាមលទ្ធផលក្រៅផ្លូវការ។ ព្រះអង្គម្ចាស់ រណឬទ្ធិ រំពឹងថាការបង្រួបបង្រួមច្របាច់គណបក្សថមថយកម្លាំងទាំងពីរនេះបាននឹងត្រូវពឹងផ្អែកឥទ្ធិពលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ មានប្រសាសន៍ថា ការរំលាយបក្សទាំងពីរបញ្ចូលគ្នាវិញនេះ គឺស្ថិតលើជំហររបស់បក្សទាំងពីរតែប៉ុណ្ណោះ៕ This posting includes an audio/video/photo media file: Download Now |
ខ្សែភាពយន្ត Two Shadows បង្ហាញលក្ខណៈពីរនៃប្រទេសកម្ពុជា Posted: 20 Jun 2012 03:07 AM PDT Two Shadowsឬស្រមោលពីរជាខ្សែភាពយន្តដែលសរសេរនិងដឹកនាំរឿងដោយលោក Grag Cahill បានទទួលរង្វាន់ពីរនៅឯមហោស្រពខ្សែភាពយន្តអាស៊ីបាស៊ីហ្វីកនៃទីក្រុង Los Angelesគឺរង្វាន់ចំណូលចិត្តទស្សនិកជននិងរង្វាន់ទស្សនីយភាពអស្ចារ្យ។ ស្រមោលពីរបង្ហាញនូវលក្ខណៈកំប្លែងអាថ៌កំបាំងរួមជាមួយនឹងភាពក្រៀមក្រំនៅក្នុងរឿងមួយតាមដាននាង សុវណ្ណា ជាជនជាតិខ្មែរអាមេរិកាំងដែលសម្រេចចិត្តចាកចេញពីរដ្ឋកាលីហ្វញ៉ាទៅប្រទេសកំណើតរបស់ខ្លួនដើម្បីស្វែងរកប្អូនៗរបស់នាងដែលវង្វេងបាត់ខ្លួន។ ការស្វែងរករបស់នាងបាននាំឲ្យនាងចូលជ្រៅទៅក្នុងប្រទេសកម្ពុជានិងពាក់ព័ន្ធជ្រៅនឹងបញ្ហាផ្សេងទៀត។ លោក Cahill បានប្រាប់ថា រឿងនេះទាក់ទងនឹងព្រឹត្តិការណ៍ពិត ទោះបីជាវាមានការកែច្នៃខ្លះដើម្បីឲ្យសាច់រឿងកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែយ៉ាងណាក៏ការកែច្នៃនោះពោរពេញទៅដោយភាពសាំញ៉ាំ និងពិស្តាដែលធ្វើឲ្យសាច់រឿងកាន់តែមានភាពជាក់ស្តែង។ លោកGrag Cahill អ្នកដឹកនាំរឿងនិយាយថា៖ «អ្នកដែលស្គាល់ខ្ញុំដឹងថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា។ ប៉ុន្តែការស្រឡាញ់នេះហាក់បីដូចជាការស្រឡាញ់បងប្អូនដែលក្នុងនោះមានលក្ខណៈរបស់គេជាច្រើនដែលយើងទើសចិត្ត។ ស្រឡាញ់ ហើយយើងចង់ចាប់យកនូវចំណុចលាំគ្នាទាំងនោះ ពីព្រោះខ្ញុំមិនដែលឃើញវាពីមុន»។ <!--AV--> ជារឿយៗ ចំណុចលាំគ្នាទាំងនេះត្រូវបានប្រើជាការធ្វើឲ្យកំប្លែង ដូចជានាងសុវណ្ណា ដែលដើរតួដោយនាងផលសុភា បានជួបជាមួយមិត្តរបស់នាងដែលមានចរិតចម្លែក រួមទាំងគូសត្រូវដែលនាងមិននឹកស្មានដល់នៅក្នុងដំណើរស្វែងរករបស់នាង។ Christen Marquez ជាអ្នកសហការផលិត បានឲ្យដឹងថា ការកំប្លែងធ្វើឲ្យរឿងកាន់តែពោរពេញទៅដោយគ្រប់រសជាតិ។ ChristenMarquezសហផលិតករនិយាយថា៖ «វាល្អណាស់ដែលអ្នកទស្សនាចាប់យកចំណុចកំប្លែងទាំងនោះ។ ខ្ញុំគិតថា Gragពិតជាធ្វើបានល្អណាស់ក្នុងការដាក់បញ្ចូលនូវការកំប្លែង កន្លែងនេះបន្តិច កន្លែងនោះបន្តិច ដើម្បីឲ្យទស្សនិកជនសម្រាលអារម្មណ៍ពីរឿងដែលប្រកបដោយមនោសញ្ចេតនានិងវិនាកម្ម»។ រឿងស្រមោលពីរត្រូវបានថតនៅប្រទេសកម្ពុជាដើម្បីឲ្យកាន់តែមានលក្ខណៈពិតៗ។ នាងផលសុភាបានប្រាប់ថា នាងបានរៀនសូត្រនូវចំណុចមួយចំនួនដែរពីប្រទេសកម្ពុជា។ ផលសុភា ដែលសម្តែងជានាងសុវណ្ណា និយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបានដាក់ឲ្យនៅកន្លែងមួយ ហើយស្វែងយល់ថា តើប្រទេសកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច។ អ្វីដែលនៅជុំវិញខ្លួនខ្ញុំ អ្វីដែលខ្ញុំឃើញនិងក៏ដូចជាស្រូបយកនូវអារម្មណ៍ផ្សេងៗដែលខ្ញុំទទួលបានពេលដែលនៅក្បែរមនុស្សរបស់ខ្ញុំ»។ លោកCahill ប្រាប់ថា លោកសង្ឃឹមថា រឿងនេះនឹងមានចេញជា DVD និង Blueray នៅពេលខាងមុខ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |