VOA News: ព័ត៌មាន: “គណបក្សប្រឆាំងពីរគ្រោងបញ្ចូលទៅជាគណបក្សតែមួយ” plus 1 more |
គណបក្សប្រឆាំងពីរគ្រោងបញ្ចូលទៅជាគណបក្សតែមួយ Posted: 17 Jun 2012 07:14 PM PDT មេដឹកនាំគណបក្សសិទ្ធិមនុស្ស និងគណបក្សប្រឆាំងរបស់លោកសម រង្ស៊ី បានអះអាងថានឹងជូបប្រជុំគ្នាសាជាថ្មីនៅថ្ងៃទី១៧ និង១៨ ខែកក្កដា ខាងមុខនេះនៅក្នុងទីក្រុងម៉ានីឡ ប្រទេសហ្វ៊ីលីពីន ដើម្បីរកគន្លឹះរួបរួមគ្នាទៅជាគណបក្សតែមួយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរ។ គណបក្សទាំងពីរមានគម្រោងជួបប្រជុំគ្នានៅក្នុងអំឡុងខែមិថុនានេះ។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយសារតែគណបក្សនីមួយៗ មិនទាន់បានបង្កើតគណៈកម្មាធិការរៀងៗខ្លួននៅឡើយ។ លោកយឹម សវុណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថាលោកសម រង្ស៊ី មេដឹកនាំគណប្សសម រង្ស៊ី បានត្រៀមខ្លួនរួចហើយសម្រាប់ការចរចាជាមួយគណបក្សសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថាជំហ៊ានដំបូងមេដឹកនាំគណបក្សទាំងពីរ នឹងជួបប្រជុំគ្នាសិន ថាតើនឹងត្រូវធ្វើការបង្រួបបង្រួមគ្នាយ៉ាងដូចម្តេច។ «គឺប្រធានបទការបង្រួបបង្រួមកម្លាំងប្រជាធិតេយ្យទាំងអស់ ហើយមានគោលការណ៍ធំៗ មួយចំនួន ដូចនឹងជជែកគ្នាអំពីរឿងធ្វើសេចក្តីសម្រេចរួមនៅថ្នាក់មូលដ្ឋាន។ យុទ្ធសាស្ត្រនៅក្នុងការចូលរួមចំណែកកែប្រែ គជប»។ លោកពល ហំ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សវិញ បាននិយាយថាលោករំពឹងថាមេដឹកនាំគណបក្សទាំងពីរនឹងជជែកគ្នាអំពីគោលការណ៍ជារួមសិន មុននឹងឈានទៅដល់ជំហានបន្តបន្ទាប់ទៀត។ «ខ្ញុំគិតថា យ៉ាងហោចណាស់នឹងត្រូវតែជជែកគ្នាជាគោលការណ៍រួមសិនថាតើយើងរួបរួមគ្នាដោយរបៀបណា។ ពីព្រោះរបៀបរួបរួម តាមខ្ញុំមើលទៅវាមានច្រើន។ វាមានរៀបការរំលាយចូលគ្នា ឬក៏សម្ព័ន្ធភាព ឬក៏សហការ»។ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យមួយរូបបានសម្លឹងឃើញថាការរួបរួមគ្នារវាងគណបក្សទាំងពីរ ហាក់បីដូចជាមានការខុសប្លែកពីលើកមុនៗ នឹងរឹងមាំជាងមុន។ លោកបានបញ្ជាក់ថាគណបក្សទាំងពីរអាចនឹងរួបរួមគ្នាបាននៅថ្ងៃអនាគត។ «ប្រហែលទៅមុខជាងពេលមុនៗ។ ហើយដូចជាឥឡូវហ្នឹង តាមរយៈនៃលទ្ធផលការបោះឆ្នោត ហើយនឹងការខំប្រឹងប្រែង។ ខ្ញុំឃើញដូចជាអាចកត់សម្គាល់ចំណុចខ្សោយចំណុចខ្លាំងនៃគណបក្សនីមួយៗ»។ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ គណបក្សសិទ្ធិមនុស្សបានទទួលមុខដំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ប្រហាក់ប្រហែលគណបក្សសម រង្ស៊ី ហើយគណបក្សទាំងពីរបានសម្លឹងទៅរកការបង្រួបបង្រួមគ្នាទៅជាគណបក្សតែមួយ ក្នុងគោលបំណង ដើម្បីផ្តួលរំលំគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីគណបក្សនេះ បានត្រួតត្រាប្រទេសអស់រយៈពេលប្រមាណជិត ៣០ឆ្នាំ។ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានសរសេរលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយបានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សទាំងពីរធ្វើការជាមួយគ្នា ក្នុងគោលបំណង ដើម្បីបំបាត់អំពើពុករលួយនៅថ្នាក់មូលដ្ឋាន។ គម្រោងរួបរួមគ្នានៃគណបក្សទាំងពីរត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មិនមានជំនឿថា នឹងអាចមានជ័យជំនេះលើគណបក្សប្រជាជនកម្ពុជាបានទេ៕ This posting includes an audio/video/photo media file: Download Now |
មានការរីកចម្រើនតិចតួចក្នុងការរកយុត្តិធម៌រឿងឃាតកម្មលោក ឈុត វុទ្ធី Posted: 17 Jun 2012 07:03 PM PDT មន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការស៊ើបអង្កេតរបស់តុលាការខេត្តកោះកុងលើឃាតកម្មលោកឈុត វុទ្ធី សកម្មជនការពារបរិស្ថានកម្ពុជា មានការរីកចម្រើនខ្លះៗ ក៏ប៉ុន្ដែនៅតែមិនទាន់មានពន្លឺពីអាថ៌កំបាំងនៅឡើយ។ កាលពីថ្ងៃពុធព្រះរាជអជ្ញារងតុលាការជាប់ដែនសមុទ្រមួយនេះ បានកោះហៅសាក្សីទីប្រាំ លោកប៊ូ អ៊ន មកសាកសួរ។ លោកអ៊ីន គង់ជិត អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានព្យាយាមជួបសាក្សីទាំងនោះមានប្រសាសន៍ថា ពុំមានសាក្សីណាម្នាក់បង្ហាញថាខ្លួនបានឃើញពិតប្រាកដនៅក្នុងឆាកឈុតឃាតកម្មនោះទេ។ «ចំណាត់ការរបស់តុលាការយើងឃើញថា មានការវិវត្ត ប៉ុន្តែការសាកសួរកន្លងមកមិនទាន់មានពន្លឺ ឬតម្រុយណាមានអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងរឿងនេះទេ។ សាក្សីដែលខ្ញុំបានជួបផ្ទាល់គ្រាន់តែបានដឹងហេតុការណ៍ដែលបានកើតពីដំបូង។ ប៉ុន្តែទាក់ទងនឹងការបាញ់នោះ ពួកគាត់មិនបានឃើញថា អ្នកណាបាញ់អ្នកណាទេ។ វានៅតែជាអាថ៌កំបាំងច្រើននៅឡើយ»។ លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅស្រុកមណ្ឌសីម៉ា ខេត្តកោះកុង។ ឃាតកម្មកើតឡើងក្នុងពេលដែលលោកបានអមដំណើរជាមួយអ្នកយកព័ត៌មានចំនួនពីរនាក់ទៅពិនិត្យការកាប់បំផ្លាញព្រៃឈើ ក្នុងក្រុមហ៊ុនមិនល្បីឈ្មោះមួយឈ្មោះ ធីមប៊ឺគ្រីន នៅកន្លែងដាច់ស្រយាលមួយក្នុងស្រុកនេះ។ លោកអ៊ីន រតនា មន្ដ្រីកងរាជអាវុធហត្ថម្នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍នោះដែរ។ រដ្ឋាភិបាលបានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេតលើសោកនាដកម្មនេះហើយបន្ទាប់មកបានបិទការស៊ើបអង្កេតរបស់ខ្លួនទៅវិញ ដោយសន្និដ្ឋានថា លោកឈុត វុទ្ធី បានទទួលរងការបាញ់សម្លាប់ពីលោក អ៊ីន រតនា។ រីឯលោកអ៊ីន រតនា បានទទួលរងគ្រោះដល់អាយុជីវិតដោយសារមានការឃាត់ពីភ្នាក់ងារសន្តិសុខក្រុមហ៊ុនរ៉ាន់ ប៊ុនរ័ត្ន ហើយកាំភ្លើងបានរាលកៃទៅបាញ់សម្លាប់មន្រ្តីកងរាជអាវុធហត្ថរូបនេះ។ តុលាការចោទប្រកាន់លោករ៉ាន់ ប៊ុនរ័ត្នពីបទមនុស្សឃាតដោយអចេតនា។ បទចោទនេះដែលអាចឲ្យគាត់ទទួលរងការផ្តន្ទាទោសជាប់ពន្ធនាគារមួយឆ្នាំ។ ប៉ុន្តែក្រុមមន្ដ្រីអង្គការសិទ្ធិមនុស្សបានសង្ស័យលើការចាប់ខ្លួននេះ បន្ទាប់ពីបានមើលឃើញការសន្និដ្ឋានរបស់ក្រុមសមត្ថកិច្ចដោយមិនពេញលេញ និងមានភាពច្របូកច្របល់។ លោកព្រះរាជអាជ្ញារងតុលាការខេត្តកោះកុង ស្រី មុន្នី មិនអាចទាក់ទងបានទេដោយសារតែអ្នកលើកទូរសព្ទរបស់លោកអះអាងថា លោកកំពុងជាប់សវនាការបន្ទាប់មករូបលោកបានអះអាងថា លោកស្តាប់មិនឮ។ ដោយឡែកចៅក្រមស៊ើបសួរ លោក មីន មករា មានប្រសាសន៍ថា ដំណើរការស៊ើបអង្កេតកំពុងបន្តនៅឡើយ។ ប៉ុន្តែលោកមិនអាចបញ្ជាក់ពីសវនាការលើសំណុំរឿងលោកឈុត វុទ្ធី នេះអាចប្រព្រឹត្តិទៅនៅពេលណានោះទេ។ «គឺកំពុងបន្តស៊ើបអង្កេតទៅមុខរហូត»។ រហូតមកដល់ពេលនេះតុលាការកោះកុងបានបំបែកសំណុំរឿងជុំវិញឃាតកម្មលោកឈុត វុទ្ធី ជាពីរផ្នែក។ គឺផ្នែកដែលទាក់ទងនឹងការចោទប្រកាន់ថា មន្ដ្រីកងរាជអាវុធហត្ថ លោកអ៊ីន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងផ្នែកមួយទៀតទាក់ទងនឹងការចោទប្រកាន់ដែលថាភ្នាក់ងារសន្តិសុខក្រុមហ៊ុនធីមប៊ើហ្គ្រីន រ៉ាន់ បូរត្ន័ សម្លាប់មន្ត្រីកងរាជអាវុធហត្ថដោយអចេតនា។ កាលពីដើមខែឧសភា ស្ថានទូតសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបបានជំរុញរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស៊ើបអង្គេតឲ្យបានពេញលេញ ប្រកបដោយតម្លាភាពព្រមទាំងគួរឲ្យជឿទុកចិត្តបានទៅលើការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោកឈុត វុទ្ធី នេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |