VOA News: ព័ត៌មាន: “មេដឹកនាំ​អាស៊ាន​បើក​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នៅ​កម្ពុជា” plus 6 more

VOA News: ព័ត៌មាន: “មេដឹកនាំ​អាស៊ាន​បើក​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នៅ​កម្ពុជា” plus 6 more


មេដឹកនាំ​អាស៊ាន​បើក​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នៅ​កម្ពុជា

Posted: 03 Apr 2012 10:58 AM PDT

មេដឹកនាំ​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​សន្និសីទ​កំពូល​សម្រាប់​រយៈ​ពេល​២​ថ្ងៃ​ដោយ​គេ​រំពឹង​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ដ៏​រសើប​នៃ​ជម្លោះ​លើ​ដែន​ទឹក​សមុទ្រ​និង​គម្រោង​បាញ់​បង្ហោះ​តារា​សិប្បនិមិ្មត​របស់​កូរ៉េ​ខាងជើង។​នាយករដ្ឋមន្ដ្រី​ខ្មែរ ​លោក​ ហ៊ុន សែន ដែល​ជា​ប្រធាន​និង​ជា​ម្ចាស់​ផ្ទះ​ទទួល​សមាគម​អាស៊ាន​ បាន​ផ្ដោត​មក​លើ​រឿង​សេដ្ឋកិច្ច​ នៅ​ពេល​លោក​បើក​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ​ដោយ​អំពាវនាវ​ដល់​ប្រទេស​ចូលរួម​ក្នុង​សន្និសីទ​ឲ្យ​ខិតខំ​បង្រួញ​គម្លាត​គ្នា​ដ៏​ធំ​ រវាង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នកក្រ។

លោក ​ហ៊ុន សែន ថ្លែង​ថា៖ «នៅ​ក្នុង​តំបន់​នេះ ​ទោះ​បី​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​រួម​ក៏​ដោយ ​តែ​គម្លាត​នោះ​នៅ​តែ​ធំ​ដដែល។​ នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​ទ្វេ​ជា​ពីរ​ ដើម្បី​លើក​ដម្កើង​ការ​លូតលាស់​ និង​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​ចែក​រំលែក​ផល​ផ្លែផ្កា​នៃ​ការ​លូតលាស់ ​ដល់​ជាតិ​និង​តំបន់​ ផង​ដែរ​ក្នុង​ចំណោម​ប្រទេស​សមាជិក។

របៀបវារៈ​នៃ​ការ​ចរចា​បាន​សង្កត់​មក​លើ​គោលដៅ​នៃ​ការ​បង្កើត​ទី​ផ្សារ​អាស៊ាន​មួយ​តាម​បែប​អឺរុប ​ដែល​មាន​ផ្សារ​សេដ្ឋកិច្ច​តែ​មួយ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ។ ​តែ​ប្រទេស​ចូល​រួម​បាន​សារភាព​ថា​ មេដឹកនាំ​ប្រទេស​មិន​អាច​ជៀស​វាង​បាន​ទេ​ពី​ការ​ចរចា​គ្នា​អំពី​រឿង​សន្ដិសុខ​ចាំបាច់​នានា។

ហ្វីលីពីន​អំពាវនាវ​ឲ្យ​អាស៊ាន​មាន​គោលជំហរ​ឯកភាព​មួយ​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ រាយការណ៍​ថា​ ប្រទេស​សមាគម​អាស៊ាន​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ប្រកាន់​គោល​ជំហរ​រួម​អំពី​ការ​រៀបចំ​ឲ្យ​មាន​ក្រម​សីលធម៌​មួយ (Code of Conduct) ​ក្នុង​គោល​បំណង​នឹង​បន្ធូរ​ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។ នេះ​ បើ​តាម​ពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន ​លោក បេនិកណូ អាគីណូ (Benigno Aquino) ​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ អាគីណូ ​ថ្លែង​ប្រាប់​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ថា ​គ្រឹះ​មូលដ្ឋាន​នៃ​ក្រម​សីលធម៌​​ត្រូវ​ចាត់​ទុក​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​របស់​ប្លុក។ ​នេះ​យោង​ទៅ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ហ្វីលីពីន។

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដកហូត​ចេញ​​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​ភូមា​ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ជា​ប្រវត្ដិសាស្រ្ដ ​ដែល​លោកស្រី ​អ៊ុងសាន​សូជី ​មេដឹកនាំ​ចលនាលទ្ធិ​ប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ​ដ៏​លើសលុប។

រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ដែល​កាន់​មុខនាទី​ជា​ប្រធាន​សមាគម​អាស៊ាន​កាល​ពី​ឆ្នាំមុន​ បាន​ចេញ​សេចក្ដី​អំពាវនាវ​ដូច្នោះ​ កាល​ពី​ថ្ងៃ​អង្គារ​ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នា​ទី​ក្រុង​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា៖​​ «រឿង​មួយ​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេលនេះ​ គឺ​ ធានា​ថា​ ការ​ដាក់​ទណ្ឌកម្ម​នោះ​ប្រឆាំង​មីយ៉ានម៉ា​ ត្រូវ​ដក​ហូត​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស។​ ​នេះ​មាន​សារៈសំខាន់​ណាស់​ ជា​និមិត្ដរូប​ជា​ផលប្រយោជន៍​របស់​ប្រទេស​មួយ​ដែល​បាន​ចាប់​ផ្ដើម​ដំណើរការ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ ហើយ​នៅ​ក្នុង​ដំណើរការ​នេះ​ត្រូវ​ទទួល​យក​ការ​គាំទ្រ។

រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ​ លោក​ ហោ ណាំហុង​ ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ ក៏​បាន​អំពាវនាវ​ដល់​សហគមន៍​អន្ដរជាតិ​ឲ្យ​ពិចារណា​ដក​ហូត​ចេញ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ភូមា​ផង​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT--> ចិន-អាមេរិក៖ អ្នក​ស្រាវជ្រាវ​ល្បីឈ្មោះ​ពីរ​នាក់​ព្រមាន​ថា​ យុទ្ធសាស្រ្ដ​មិន​ទុក​ចិត្ដ​គ្នា​ដ៏​យូរ​អង្វែង​រវាង​ស.រ.អ. ​និង​ចិន ​នឹង​ក្លាយ​ទៅ​ជា​រឿងធ្ងន់ធ្ងរ​ ទោះបី​ជា​មាន​ការ​ពង្រីក​ការ​ទាក់ទង​គ្នា​យ៉ាង​លឿន​ក៏​ដោយ​រវាង​ប្រទេស​ទាំងពីរ។

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ មិត រ៉មនី​ (Mitt Romney) ហាក់​ដូច​ជា​មាន​សម្ទុះ​ក្នុង​ការ​ដឹកមុខ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ទទួល​ការ​តែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី ​តទល់​នឹង​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​វិច្ឆិកា។

ម៉ិកស៊ិក-អាមេរិក៖ ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​ថ្លែង​ថា​ អំពើ​ហឹង្សា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ អាច​បណ្តាល​ឲ្យ​មាន​អ្វី​ដែល​លោក​ហៅ​ថា​«ការ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ» ដល់​ទំនាក់ទំនង​អាមេរិក-ម៉ិកស៊ិក។

ស៊ូដង់​ខាង​ត្បូង៖ អគ្គលេខាធិការ​អ.ស.ប.​ លោក ​បានគីមូន ​បាន​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​ប្រទេស​​ស៊ូដង់ ​និង​ស៊ូដង់​ខាងត្បូង​ ឲ្យ​ជួប​ប្រជុំ​គ្នា​ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ​តែ​កិច្ច​ប្រជុំ​កំណត់​នៅ​ថ្ងៃ​អង្គារ​បាន​ត្រូវ​លុបចោល។

ម៉ាលី៖ ក្រុម​ប្រឹក្សា​សន្ដិសុខ​អសប​នឹង​បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​គ្រា​អាសន្ន​ជា​បន្ទាន់​អំពី​រឿង​នៅ​ក្នុង​​ប្រទេស​ម៉ាលី​នៅ​ថ្ងៃ​អង្គារ​នេះ ​ ខណៈ​ដែល​មេដឹកនាំ​យោធា​អ្នក​ធ្វើ​រដ្ឋប្រហារ​ កំពុង​កាន់​ក្ដោប​អំណាច ​ហើយ​ប្រទេស​នៃ​តំបន់​អាហ្វ្រ៊ិក​ខាង​លិច​ដាក់​ទណ្ឌកម្ម​ការទូត​និង​ហិរញ្ញវត្ថុ​មក​លើ​ប្រទេស​នោះ។

ឥណ្ឌា៖ ស.រ.អ.​នឹង​ផ្ដល់​ប្រាក់​រង្វាន់​រហូត​ដល់​១០​លាន​ដុល្លារ ​ដល់​រណា​ដែល ​រក​ឃើញ​ជនជាតិ​បាគីស្ថាន​ម្នាក់​ ដែល​ត្រូវ​ចោទ​ថា​ជា​អ្នក​រៀប​ចំ​ផែនការ​វាយប្រហារ​ដ៏​ប្រល័យ​ដោយ​ភេរវជន​ក្នុង​ឆ្នាំ​២០០៨ ​នៅ​ក្នុង​ក្រុង​មុមបៃ (Mumbai) ​ប្រទេស​ឥណ្ឌា។

ស៊ីរី៖ ក្រុម​មួយ​របស់​អសប​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទស​ស៊ីរី​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ដើម្បី​វែកញែក​អំពី​ការ​ដាក់​រាយ​កង​កម្លាំង​ការពារ​សន្ដិសុខ ​ក្នុង​គោល​បំណង​បំបាត់​អំពើ​ឃោរឃៅ​ធ្វើ​ឡើង​ដោយ​ការ​វាយ​បង្រ្កាប​របស់​រដ្ឋាភិបាល​ស៊ីរី ​មក​លើ​សកម្មជន​អ្នក​ប្រឆាំង​រដ្ឋាភិបាល។

វៀតណាម៖ កាកបាទ​ក្រហម​របស់​ប្រទេស​វៀតណាម​បាន​បើក​យុទ្ធនាការ​អប់រំ​សាធារណជន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​ជំងឺ​នៅ​ដៃ​ ជើង​ និង​មាត់ នៅ​ក្នុង​ប្រទេស​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ការ​សម្លាប់​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង​ស្ថិត​ក្រោម​បញ្ជា​របស់​នួន ជា៖ ​ឌុច

Posted: 03 Apr 2012 08:13 AM PDT

ឌុច ​បាន​ផ្តល់​ពត៌មាន​កាន់​តែ​ច្រើន​ថែមទៀត​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ប្រឆាំង​នឹង​ នួន ​ជា ​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​ដែល​ធ្លាប់​បាន​ប្រកែក​ថា ​ខ្លួន​មិន​ស្ថិត​ក្នុង​អំណាច​បញ្ជា​នៃ​ការ​ចាប់​និង​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។​

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ ឈាន​ដល់​ថ្ងៃ​ទី​៧ ​ ​ឌុច ​បាន​បញ្ជាក់​ថា ​នួន ​ជា ​ដាក់​បញ្ជា​ឲ្យ​សម្លាប់​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង​ឲ្យ​អស់​មុន​ពេល​ដែល​កងទ័ព​វៀតណាម​ចូល​រំដោះ​ដល់​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា ​ឆ្នាំ ​១៩៧៩។​

មាន​អ្នកទោស​យ៉ាង​តិច​ចំនួន​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាងព្រៃផ្សៃ ​និង​សម្លាប់ចោល ​នៅ​ក្នុង​គុក​ទួលស្លែង។​

«បង​នួន​ឲ្យ​គេ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ការ។ ​ខ្ញុំ​ក៏​ទៅ។​ គាត់​ថា ​មិត្ត​បញ្ចេញ​ពួក​ហ្នឹង​ឲ្យ​អស់​ទៅ។ ​ថ្ងៃ​ដែល​បង​នួន ​ហៅ​ខ្ញុំ​ទៅ​ហ្នឹង​ បើ​មិន​ថ្ងៃ​ទី​១ ​គឺ​ថ្ងៃ​ទី​៣ ​គឺ​មុន​រយៈពេល​ ដែល​ខ្ញុំ​ចេញ​ពី​ភ្នំពេញ​បួន​ថ្ងៃ។ ​ដូច្នេះ​ប្រហែល​ជា​ថ្ងៃ​បញ្ចប់​ផែនការ​បញ្ចេញ​អ្នកទោស​ឲ្យ​អស់​ យក​ទៅ​កម្ទេច​ហ្នឹង​ហើយ»។​

ឌុច​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ស៊្មីត ​(William Smith) ​ថា ​ប៉ុល ​ពត ​ដែល​ជា​បង​ធំ​ទី​១ ​បាន​បញ្ជា​ឲ្យ​ខ្លួន​បញ្ឈប់​ការ​សួរចម្លើយ​ដោយ​ទារុណកម្ម​លើ​អ្នក​ទោស។​ ក៏ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​ នួន ​ជា​បាន​ជំទាស់​នឹង​បញ្ជា​នេះ។ ​ហើយ ​ឌុច ​ក៏​បន្ដ​ការអនុវត្ត​នូវ​ទារុណកម្ម​បន្ដទៀត​ក្នុង​ការ​ជម្រិត​ទាញ​យក​ចម្លើយ​ពី​អ្នក​ទោស។​

ទារុណកម្ម​ក្នុង​គុក​ទួលស្លែង ​ឬ​មន្ទីរ ​ស ​២១​មាន​ជា​អាទិ៍ ​ការ​វាយ​នឹង​រំពាត់​ខ្សែតី ​ឆក់ខ្សែ​ភ្លើង​ ដក​ក្រចក ​ជ្រមុជ​ក្នុង​ទឹក ​ព្យួរជើង​ឡើង​លើ​ជា​ដើម។​

ឌុច​បានបញ្ជាក់​បន្ថែម​ទៀត​ថា​ ខ្លួន​បាន​អនុវត្ត​តាម​ផែនការ​របស់ ​នួន ​ជា។​

«គឺ​យើង​ខ្ញុំ​ធ្វើ​ការ​ជាមួយ​បង​ទី​២​គឺ​បង​ នួន ​នេះ ​រួច​ហើយ​ខ្ញុំ​មក​បញ្ជា​ស​២១​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន»។

ឌុច ​ត្រូវ​បាន​កាត់ទោស​ក្នុង​សំណុំរឿង​០០១ ​ហើយ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។​

គាត់​បាន​និយាយ​ថា ​គាត់​បាន​ដឹង​តិចតួច​ពី​មន្ទីរ​ឃុំឃាំង​បឹងត្របែក។ ​ប៉ុន្ដែ​ទទួល​ស្គាល់​ថា ​មាន​អ្នក​ទោស​នៅ​ទីនោះ​ត្រូវ​បញ្ជូន​មក​កាន់​គុក​ទួលស្លែង ​និង​មាន​អ្នកទោស​ជា​ច្រើន​ទៀត​ត្រូវ​ចាប់​បញ្ជូន​ពី​ក្រសួង​នានា​ទៅ​ឃុំឃាំង​ក្នុង​គុក​ទួល​ស្លែង​ផងដែរ។​

កាំង ​ហ្គិចអ៊ាវ ​ហៅ​ ឌុច ​បាន​លើក​ឡើង​ថា ​គាត់​មិន​បាន​ដឹង​ពី​ព័ត៌មាន​ច្រើន​អំពី​អៀង ​សារី​ នៅ​ក្នុង​ក្រសួង​ការបរទេស​នោះ​ទេ។ ​ហើយ​គាត់​បាន​ឃើញ​អៀង ​សារី ​ដោយ​ផ្ទាល់​តែ​ពីរ​ដង​គត់​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គឺ​ឃើញអៀង ​សារី ​ជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ​ឆ្នាំ ​១៩៧៩។​

ដោយឡែក​សហ​ព្រះរាជ​អាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ​ស្ម៊ីត​បាន​ចោទសួរ​តិចតួច​ទៅ​កាន់​សាក្សី​អំពី​ខៀវ​ សំផន។​

ជន​ជាប់​ចោទ​ទាំង​បី​គឺ​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការបរទេស ​និង​ ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ ចំពោះ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​នៃ​ការ​សម្លាប់​រង្គាល​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ​មេសា ​ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​ ៦ ​មករា ​ឆ្នាំ ​១៩៧៩៕

This posting includes an audio/video/photo media file: Download Now

ការ​បោះឆ្នោត​នៅ​កម្ពុជា៖ វិមជ្ឈការ​និង​តួរនាទី​របស់​មេ​ឃុំ​ចំពោះ​ប្រជា​ពលរដ្ឋ

Posted: 03 Apr 2012 06:13 AM PDT

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ដើម្បី​ជ្រើស​រើស​តំណាង​នៅ​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ។ ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នឹង​មាន​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នឹង​មាន​ការ​បោះឆ្នោត​ជាតិ​ដើម្បី​ជ្រើស​រើស​អ្នក​តំណាងរាស្រ្ត​និង​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។

កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​នេះ​គឺ​ជា​ការ​ពិភាក្សា​ប្រចាំ​ខែ​លើក​ទីមួយ​ជាមួយ​លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ទាំង​នេះ។ លោក​អ្នក​អាច​ស្តាប់​និង​ចូលរួម​កម្មវិធី​នេះ​បាន​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ដើម​ខែ​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​បញ្ចប់។ ​​

សម្រាប់​ការពិភាក្សា​នៅ​ក្នុង​ខែ​នេះ​​យើង​ផ្តោត​លើ​ប្រធាន​បទ «ការបោះឆ្នោតនៅ​កម្ពុជា៖ វិមជ្ឈការ​និង​តួរនាទី​របស់​មេ​ឃុំ​ចំពោះ​ប្រជា​ពលរដ្ឋ»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០២ ខែ​មេសា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com


This posting includes an audio/video/photo media file: Download Now

មួយ​ឆ្នាំ​បន្ទាប់​​ព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា ថាមពល​នុយក្លេអ៊ែរ​​ធ្វើ​​ឲ្យ​​ទ្វីប​​អ៊ឺរ៉ុប​ខ្វែង​គំនិត​គ្នា​

Posted: 03 Apr 2012 12:51 AM PDT

ឧបទ្ទវហេតុ​កាល​ពី​ឆ្នាំ​មុន​នៅ​ឯ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ហ៊្វូគូស៊ីម៉ា ដាអ៊ីឈី (Fukushima-Daichi) បាន​ធ្វើ​ឱ្យ​​​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ទ្វីប​អឺរ៉ុប ស្តីពី​សុវត្ថិភាព​និង​អនាគត​នៃ​ថាមពល​នុយក្លេអ៊ែរ។ ប្រហែល​ជាគ្មាន​ពេលណា​ទេ​ដែល​​​ភាព​ខុស​ប្លែក​គ្នា​កាន់​តែលេចឡើង​​កាន់​តែ​​ច្បាស់​​រវាង​មហា​អំណាច​​ធំ​បំផុត​នៅ​​ក្នុង​តំបន់ គឺ​ប្រទេស​បារាំង(France)​និង​អាល្លឺម៉ង់​( Germany)។

<!--IMAGE-RIGHT-->

វិបត្តិ​ក្នុង​តំបន់​អឺរ៉ូ(eurozone) ​បាន​ពង្រឹង​ទំនាក់​​ទំនង​​រវាង​បារាំង​និង​អាឡឺម៉ង់។ ប៉ុន្តែ​ វិបត្តិ​មួយ​ទៀត ពោល​គឺ​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ កាល​ពី​ឆ្នាំ​មុន​ ​នៅ​ប្រទេស​ជប៉ុន​ កំពុងតែ​បាន​បែងចែកប្រទេស​​ជិតខាង​អឺរ៉ុប់​ទាំង​នោះ​ហើយ។

លោក​ប្រធានាធិបតី​បារាំង នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) គឺ​ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ថាមពល​នុយក្លេអ៊ែរ។ ក្នុង​សុន្ទរកថា​ទាំងឡាយ​ ដែល​ដូចទៅនឹង​សុន្ទរការ​នេះ​ដែរ លោក ផ្តល់​​​ទឡ្ហីករណ៍​​ថា ថាមពល​នុយក្លេអ៊ែរ មានសារ​សំខាន់​ណាស់ក្នុង​​ការ​ផ្តល់​ការងារ​និង​ថាមពល​ដែល​មាន​តម្លៃ​ទាប។

បារាំង ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​​​ផលិត​ថាមពល​នុយក្លេអ៊ែរ​ឈាន​មុខគេ​ នៅ​​ក្នុង​ពិភពលោក។ ប្រហែល​ជា​បី​ភាគ​បួន​នៃ​ចរន្ត​អគ្គីសនី​នៅ​ទី​នេះ បាន​មក​ពី​ថាមពល​នុយក្លេអ៊ែរ។ បារាំង ​ក៏​បាន​នាំ​ចេញ​ថាមពល​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​នេះ​ផង​ដែរ។ ក្រុមហ៊ុន​បារាំង កំពុង​​កសាង​ម៉ាស៊ីន​រ៉េអា​ទ័រនុយក្លេអ៊ែរ​​មួយ​នៅ​​​ចក្រភព​អង់គ្លេស ហើយ​កំពុង​ដេញ​ថ្លៃ​ ដើម្បី​​​សាងសង់​ម៉ាស៊ីន​រ៉េអាទ័រដទៃ​ទៀតនៅ​ប្រទេស​អាហ្រ្វិក​ខាងត្បូង។

ប៉ុន្តែ​ឧទ្ទវហេតុ​ហ៊្វូគូស៊ីម៉ា​នេះ បានជំរុញ​​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ប្រកាស​​​បិទ​ចោល​​​ម៉ាស៊ីន​រ៉េអាទ័រ​នុយក្លេអ៊ែរ​ទាំង​អស់ នៅ​​ត្រឹម​ឆ្នាំ​២០២២ ជា​ជាង​ការ​បិទ​បន្តិច​ម្តង​ៗ។

<!--IMAGE-LEFT-->

វិធានការ​​របស់​អាល្លឺម៉ង់ ​ត្រូវ​បាន​ធ្វើ​ឡើងបន្ទាប់​​ពី​មានការ​​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​​ប្រឆាំង​នុយក្លេអ៊ែរ។​ ការ​តវ៉ា​នេះ​ ​មិន​បាន​កើត​មាន​ឡើងនៅ​​បារាំងទេ។ លោក ល្វីស អ៊ីឆាវ៉ារី (Luis Echavarri) ជា​អគ្គនាយក​របស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ (Nuclear Energy Agency) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ (Organization for Economic Cooperation and Development (OECD))។

«តាម​ទស្សនៈ​របស់​ខ្ញុំ ភាព​ខុស​ប្លែក​គ្នា​រវាង​អាល្លឺម៉ង់​និង​បារាំង​គឺ​ជុំ​វិញ​ប្រតិកម្ម​របស់​សង្គម​ទៅ​លើបញ្ហា​​នុយក្លេអ៊ែរ។ ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ពិចារណា​​ថា ស្ថានភាព​សង្គម​ស្តីពី​​ថាមពល​នុយក្លេអ៊ែរ​នៅ​អាល្លឺម៉ង់ ​ពុំ​មាន​ភាព​ល្អ​ប្រសើរ​ទេ​ ​ក្នុងរយៈ​ពេល​​ប៉ុន្មាន​ពី​២០​ទៅ​៣០​ឆ្នាំ​កន្លង​មក។ តែ​ទោះជា​យ៉ាង​ណា នៅ​ប្រទេស​បារាំង មាន​ទស្សនៈ​មួយ​នៅ​ក្នុង​សង្គម​​ដែល​​ថាមពល​នុយក្លេអ៊ែរ ​គឺ​ជា​ប្រយោជន៍​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​បារាំង។»

ភាព​ខុស​គ្នា​ទាំងនោះ​ ត្រូវ​បាន​ឆ្លុះ​​បញ្ចាំង​​នៅ​កន្លែង​ដទៃ​ទៀត នៅ​​ទ្វីប​អឺរ៉ុប។

«មាន​ប្រទេស​មួយ​ចំនួន​តូច ដូចជា​អាល្លឺម៉ង់(Germany) អ៊ីតាលី(Italy) បែលហ្ស៊ិក(Belgium) និង​ស៊្វីស(Switzerland)​ជា​ដើម​ ដែល​​​កំពុង​និយាយ​យ៉ាង​ច្បាស់​ថា ពួកគេ​បាន​នឹង​​​បិទ​​​រោងចក្រអគ្គិសនី​​នុយក្លេអ៊ែរ​របស់​គេនៅ​ថ្ងៃ​ណា​មួយ ហើយ​ពួកគេ​នឹង​មិន​កសាង​បន្ថែម​ទៀត​ទេ។ ប៉ុន្តែ​ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​ប្រទេស​ជា​ច្រើន​​ទៀត ដែល​បាន​ថ្លែង​ថា​ ពួកគេ​នឹង​បន្ត​ដំណើរការ​​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​ នា​ពេល​បច្ចុប្បន្ន ហើយ​លើស​ពី​នេះទៀត ពួកគេ​នឹង​កសាង​បន្ថែម​ទៀត។»

ប៉ុន្តែ​សូម្បី​តែ​​នៅ​ប្រទេស​បារាំង ព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ស្តីពី​​ថាមពល​នុយក្លេអ៊ែរ។ ការ​ព្រួយបារម្ភ​ទាំងនោះ​ត្រូវ​បាន​លើក​ឡើង​នៅក្នុង​​​​សាល​ប្រជុំ​របស់​​សាលាក្រុង​ ជា​ពិសេស​ ​​ខណៈដែល​ ឥឡូវ​នេះ ប្រទេស​នេះ កំពុង​ត្រៀម​​​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​នៅ​​ខែ​មេសា​ខាង​មុខ​នេះ។

លោក​ហ្រ្វង់ស្វ័រ ហូឡេន (Francois Hollande) បេក្ខជន​មក​ពី​គណបក្ស​សង្គម​និយម ដែល​ជា​គូ​ប្រជែងចម្បង​​របស់​លោក សាកូហ្ស៊ី (Sarkozy) ចង់​​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​បារាំង ទៅ​​លើ​ថាមពល​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​បញ្ចប់​ការ​ពឹងផ្អែក​​ទាំង​ស្រុង​នោះ​ទេ។

ប៉ុន្តែ លោក យ៉ាននីក រ៉ូស្សេឡេត (Yannick Rousselet) ​ដែល​បាន​លើក​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឯ​អង្គការ​ហ្គ្រីនភីស (Greenpeace) របស់​បារាំង ជឿ​ថា​ នេះ​ជា​ការ​ចាប់​ផ្តើម​​ឆ្ពោះ​ទៅ​រក​​ការ​បញ្ចប់។

«ខ្ញុំ​គិត​ថា​ មាន​ការ​​ផ្លាស់ប្តូរ​​ទស្សនៈ​ជា​ច្រើន។ ពួកគេ​មិន​គាំទ្រ​ការ​បញ្ឈប់​នៅ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ ​ខ្ញុំ​គិត​ថា ​វា​ច្បាស់​ណាស់ថា ​​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​យល់​ឃើញ​ថា ​យើង​ត្រូវ​តែ​កាត់​បន្ថយ​​​បន្តិច​ម្តង​ៗ។»

លោក ប៊ឺដត្រេនដ៏ បែរ៍ (Bertrand Barre) ទីប្រឹក្សា​របស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ អារីវ៉ា (Areva) របស់​បារាំង មិន​​យល់​ស្រប​​ទេ។

«ខ្ញុំ​គិត​ថា​ ប្រជាពលរដ្ឋនៅ​​ប្រទេស​បារាំង ​មាន​សុវត្ថិភាព។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់​ថា បញ្ហា​​​នុយក្លេអ៊ែរ ​ក៏​ដូច​ជា​សកម្មភាព​ផ្សេង​ទៀត​ដែរ ​តែងតែ​មាន​ហានិភ័យ​មួយ​ដែល​បន្សល់​ទុក​ជានិច្ច។ ពាក្យ​ថា​គ្មាន​ហានិភ័យសោះ​តែម្តង ​គឺ​គ្មាន​​ទេ។»

លោក បែរ៍ និយាយ​ថា ​ការ​សាកល្បង​​ថ្មីៗ​​របស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​ម៉ាស៊ីន​រ៉េអា​ទ័រ ​​​កាន់តែ​មាន​លទ្ធភាព​ប្រសើរជាមុន​​ក្នុង​ការ​ទប់ទល់​នឹង​គ្រោះមហន្តរាយ។ នេះ​ជា​ការ​លើក​ឡើង​មួយ​ ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ្នក​រិះគន់​​ថាមពល​នុយក្លេអ៊ែរ មាន​ដូចជា​លោក រ៉ូស្សេឡេត ជា​ដើម។

ភាគី​​ទាំង​ពីរ ​ក៏​​ខ្វែង​​គំនិត​គ្នា​ផង​ដែរ អំពី​តម្លៃ​នៃ​ការ​ផលិត​ថាមពល​នុយក្លេអ៊ែរ និង​លទ្ធភាព​នៃ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​​ទៅ​លើ​​ថាមពល​​មិន​​ចេះ​រីង​ស្ងួត​ ​ដូចជា​ថាមពល​ព្រះអាទិត្យ​និង​ខ្យល់​ជា​ដើម។ អ្វី​ដែល​ច្បាស់​លាស់​​នោះ​គឺ​ថា រយៈពេល​មួយ​ឆ្នាំ​​បន្ទាប់​​ពី​​ព្រឹត្តិការណ៍​នៅ​ហ៊្វូគូស៊ីម៉ា ថាមពល​នុយក្លេអ៊ែរ ​នៅ​តែ​ជា​​​​ធាតុ​ដ៏​សំខាន់​មួយ​នៃ​ការថ្លឹងថ្លែង​មើល​ពី​​ថាមពល​​របស់​អឺរ៉ុប៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

This posting includes an audio/video/photo media file: Download Now

ប៊ីល គ្លីនតុនឲ្យ​ដំបូន្មាន​ដល់​ប្រធានាធិបតី​អូបាម៉ា

Posted: 03 Apr 2012 12:10 AM PDT

លោក​អតីត​ប្រធានាធិបតី​អាមេរិក ប៊ីល គ្លីនតុន​ បាន​ផ្តល់​ការ​ណែនាំ​ខ្លះ​សម្រាប់​ជាប់​ឆ្នោត​ជា​ថ្មី​ជូន​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា ​ដោយ​លោក​​បាន​មាន​ប្រសាសន៍​ថា​លោក​អូបាម៉ា​ត្រូវ​ការ​និយា​យ​ឱ្យ​ក្រុម​អ្នក​បោះឆ្នោត​ជឿ​ថា​រដ្ឋបាល​របស់​លោក​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ចអាមេរិកដែល​បាន​​រលំ​ទៅ​ហើយ។​​

ភូមា៖ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ស្រី​អោង​សាន​ស៊ូ​ជី​ អ្នក​ជើង​ឯក​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រកាស​អំពី​«សម័យ​ថ្មី»មួយ​សម្រាប់ភូមា ​ក្រោយ​ពេល​ដែល​លោកស្រី​និង​ពួក​សមាជិក​ឯ​ទៀតៗ​នៃ​គណបក្ស​លោកស្រី​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ។​

ស៊ីរី៖ លោក​ខូហ្វី អាណាន់​ ​ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាស​ន៍​ថា​ប្រធានាធិបតី​ស៊ីរី​ បាសារ អាល់ អាសាដ បាន​យល់ព្រម​ចាប់​ផ្តើម​ដក​កង​កម្លាំង​ពី​កន្លែង​តវ៉ា​របស់​ក្រុម​ប្រឆាំង ហើយនិងបញ្ចប់​ការ​ដក​ថយ​មិន​ឱ្យ​ហួស​ពី​ថ្ងៃ​ទី ​១០ ​មេសា​ទេ។​

ប៉ាគីស្ថាន ៖ តុលាការ​មួយនៅ​ប៉ាគីស្ថាន​បាន​កាត់​ទោស​ស្ត្រី​មេម៉ាយ​បី​នាក់​របស់​ខ្មោច​អូសាម៉ា ប៊ីនឡាដិន ​Osama bin Laden ​ដែល​ជា​មេដឹកនាំ​ពួក​ អាល់​ កៃដា ​និង​កូនស្រី​ពីរ​នាក់​របស់​គាត់​ពី​បទ​រស់​នៅ​ក្នុង​ប្រទេសនេះ​ដោយ​ខុស​ច្បាប់ ​ហើយ​បាន​កាត់​ទោស​ឱ្យ​ពួក​គេ​​ជាប់​ឃុំឃាំង​៤៥​ថ្ងៃ។ ​តុលាការ​​ក៏​បាន​បញ្ជា​ឱ្យ​បញ្ជូន​ពួក​គេ​ចេញ​ពី​ប្រទេស​ផងដែរ។​

ម៉ាលី៖ ពួក​ប្រទេស​ក្នុង​ប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​បាន​ដាក់​កំហិត​ដាក់​ទណ្ឌកម្ម​លើ​ ​ម៉ាលី ​ដែល​នៅ​ទី​នោះ​ពួក​មេដឹកនាំ​រដ្ឋប្រហារ​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ស៊ីវិល​វិញ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​កាន់​អំណាច​ត​ទៅ​ទៀត។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​បាន​សុំ​ដល់​ស៊ូដង់​ខាង​ត្បូង​ឱ្យ​ចៀសវៀង​ការ​ប្រឈម​មុខ​យោធា​ជាមួយ​ប្រទេស​ស៊ូដង់​នៅ​ជិត​ខាង​។​

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក​ស្ទីផេន ហាផឹរ​ ​និង​លោក​ប្រធានាធិបតី​មិកស៊ីកូ​ លោក​ហ្វេលីព កាលដឹរ៉ុន​ នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ធ្វើការ​ប្រជុំ​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​ខាង​ជើង​ដែល​ផ្តោត​កាតរ​យក​ចិត្ត​ទុក​ដាក់​លើ​លើ​សេដ្ឋកិច្ច​និង​សន្តិសុខ​ក្នុង​តំបន់។

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ប៉ាគីស្ថាន​បាន​និយាយ​ថា​ពួក​ជន​សកម្មប្រយុទ្ធ​រាប់​សិប​នាក់​បាន​បើក​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​កន្លែង​ឆែកឆេរ​មួយ​របស់​ពួក​យោធាប្រតិព័ទ្ធ​​នៅប៉ាគីស្ថាន បណ្តាល​ឱ្យ​ទាហាន​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់។​

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​នៅ​ក្នុង​ភាគ​ខាង​ជើង​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៣​នាក់​ត្រូវ​របួស ​ដោយ​មាន​រួម​បញ្ចូល​ទាំង​បុគ្គលិក​សន្តិសុខ​យ៉ាង​ហោច​ណាស់​៧​នាក់​ផង​ដែរ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

កម្ពុជានិង​ចិន​សន្យា​រក្សា​សន្តិភាព​នៅ​ដែន​សមុទ្រចិន​ខាង​ត្បូង

Posted: 02 Apr 2012 05:58 PM PDT

ប្រទេស​កម្ពុជា ​និង​ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ក្រុង​ប៉េកាំង ​និង​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ ​ហៅ​ថា​អាស៊ាន​ ត្រូវ​តែ​រក្សា​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​ស្ថិត​ក្នុង​សន្ដិភាព។ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​រវាង​កម្ពុជា ​និង​ចិន​ នៅ​ចំពេល​ដែល​ប្រធានាធិបតី​ចិន ​លោក ​ហ៊ូ ​ជិនតាវ​ បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ។ រដ្ឋមន្ដ្រី​ការបរទេស​របស់​វៀតណាម ​និង​ ហ្វ៊ីលីពីន​បាន​លើក​ពី​ចំណោទ​នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បួង​នេះ។ សេចក្ដីថ្លែងការណ៍​រួម​បាន​សរសេរ​ថា ៖

«ប្រទេស​ចិន ​និង​បណ្ដា​ប្រទេស​អាស៊ាន​គួរតែ​ប្រឹងប្រែង​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង ​ការពារ​សនិ្តភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បួង»។

<!--IMAGE-LEFT-->

លោក ​ហោ ​ណាំហុង ដែល​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​ នៃ​ប្រទេស​អាស៊ាន​ទាំង​ដប់​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​ថា​ ប្រទេស​ចិន​កំពុង​មាន​ឆន្ទៈ​ ក្នុង​ការ​ជជែក​រកដំណោះស្រាយ​ជម្លោះ​នេះ​ជាមួយ​សមាគម​អាស៊ាន។

«ពេល​ចិន​យល់ព្រម​ថា​នឹង​ត្រៀម​ពិភាក្សា​ពី​បញ្ហា​COC ហើយ។ ​យើង​គួរតែ​ឆ្លៀត​ឱកាស​នេះ​ ដើម្បី​ភិភាក្សា​ជាមួយ​ចិន។ ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា ​ពេលណា​ដែល​ចិន​សម្តែង​នូវ​ឆន្ទៈ ​សម្តែង​នូវ​ការ​ត្រៀម​ចូលរួម យើង​គួរតែ​ចាប់​ផ្ដើម​ចរចា​ជាមួយ​ចិន»។

<!--AV-->

លោក​រដ្ឋមន្ដ្រីការបរទេស​ហ្វ៊ីលីពីន អលប៊ត ហ្វេ​ ដែល ឬោសារីយ៉ូ (Albert F. Del Rosario) បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​អាស៊ាន​ត្រូវ​តាក់តែង​ក្រុម​រួម​មួយ​ឲ្យ​រួចរាល់​សិន​ សឹម​ទៅ​ជជែក​ជាមួយ​ប្រទេស​ចិន។

«យើង​កំពុង​តស៊ូ​មតិ​ ដើម្បី​ឲ្យ​មាន​ការ​តាក់តែង​សេចក្ដីព្រាង​ក្រុម​ច្បាប់​មួយ​ មុន​នឹង​យើង​អង្គុយ​ជជែក​ជាមួយ​ប្រទេស​ចិន»។

ចិន​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ​ហើយ​ក៏​ជា​ប្រទេស​មួយ​​ដែល​មាន​ការ​បណ្ដាក់​ទុន​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា។

ទំហំ​វិនិយោគ​របស់​ប្រទេស​ចិន​កាល​ពី​ឆ្នាំ ​២០១១ ​បាន​កើន​ដល់​ជាង​១.១០០ ​លាន​ដុល្លារ​អាមេរិក។​ ហើយ​បណ្ដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ មាន​ទំហំ​ជាង​២.៣០០ ​លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​មាន​ទំហំ​ត្រឹមតែ​ ១៨៤ ​លាន​ដុល្លារ ​តែ​ប៉ុណ្ណោះ។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​កម្ពុជាចិន​ដែល​មាន​ប្រាំបួន​ចំណុច​នៅ​ថ្ងៃ​នេះ ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ជំរុញ​បណ្ដូរពាណិជ្ជកម្ម​រវាង​គ្នា​ឲ្យ​កើន​ដល់​៥.០០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ ​២០១៧។

កិច្ចព្រមព្រៀង​ចំនួន​ដប់​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក ​ហ៊ូ ​ជីនតាវ ​នេះ​ដែល​ជា​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​កិច្ចព្រមព្រៀង​ពាក់ពន្ធ័​នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​។ ​ចិន​បាន​ផ្ដល់​ជំនួយ​ជិត​៥០០​លាន​យុន ​ឬ​ ស្មើនឹង​ជាង​៧៥​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

វៀតណាម​និង​ហ្វ៊ីលីពីន​លើក​ឡើង​ជម្លោះ​ដែន​សមុទ្រ​ចិន​ក្នុង​ប្រជុំ​កំពូល​អាស៊ាន

Posted: 02 Apr 2012 05:08 PM PDT

សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បាន​ហៅកាត់​ថា អាស៊ាន​នៅ​ថ្ងៃ​ចន្ទ​នេះ ​មាន​ភាព​តានតឹង​ក្នុង​ការ​ពិភាក្សា​អំពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ខណៈពេល​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ពីរ​គឺ​ហ្វីលីពីន ​និង​វៀតណាម​ដែល​មាន​ដែន​សមុទ្រជាប់​ជាមួយ​នឹង​ចិន​បាន​លើក​យក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​ដប់​គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្ពោះទៅ​រក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ៍​នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការពិភាក្សា​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ ​ហើយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់​នឹង​បន្ត​ការ​ពិភាក្សា​គ្នា​ត​ទៅ​ទៀត។

លោក​ ហោ ​ណាំហុង ​មិន​បាន​បញ្ជាក់​ថា​ ភាព​តានតឹង​នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ត្រង់​ណា​ទេ។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ បាន​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​មួយ​ដែល​បង្កើត​ក្រមនីតិប្រតិបត្តិ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ជំហរ​របស់​ប្រទេស​អាស៊ាន​ ចង់​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ​និង​ស្ថេរភាព​ក្នុង​តំបន់។

«ខ្ញុំ​សូម​ថា ​មិន​ចាំបាច់​ចូល​លម្អិត​ ទាស់​គ្នា​ចំណុច​ណា​ទេ។ ​ទាំង​អស់​គ្នា​ឯកភាព​លើ​គោលការណ៍​ដោះស្រាយ​ហើយ ​គឺ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ​ឯកភាព​គ្នា។​ ដោះស្រាយ​បញ្ហា​ដោយ​គោលការណ៍​ច្បាប់​អន្តរជាតិ​។​ ឯកភាព​ទាំង​អស់​គ្នា។ ដោះស្រាយ​ដោយ​គោលការណ៍​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥២ ​អំពី​ដែន​សមុទ្រ​ឯកភាព​គ្នា។ ​ឯកភាព​គ្នា​ឈាន​ជា​យថាហេតុ ​ជំហាន​ជា​យថាហេតុ ​ទៅ​តាក់តែង​ក្រម​ប្រណិបត្តិ OCO។ ហើយ​ពេល​ខ្លះ​មិន​ទាន់​ឯកភាព​ យើង​ក៏​មិន​ទាន់​ធ្វើ​ការងារ​ក្នុង​ស្មារតី​សម្បទាន​ទៅ​វិញ​ទៅមក»។

កម្ពុជា​មិន​បាន​ដាក់​របៀបវារៈ​នៃ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ។ ​ក៏ប៉ុន្តែ​មាន​តែ​ប្រទេស​ពីរ​តែ​ប៉ុណ្ណោះ​គឺ​ហ្វីលីពីន ​និង​វៀតណាម​បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន។

លោក អលប៊ត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ឯកត្តោភាគី​មួយ​ថា​ចង់​ឲ្យ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី ​និង​ស្ថិរភាព​ក្នុង​តំបន់។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ចិន​គួរតែ​ត្រូវ​កោះអញ្ជើញ​ឲ្យ​ចូលរួម​មក​ជជែក​ពិភាក្សា​ជា​បឋម​ស្តីពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក ម៉ាទី​ ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​អាស៊ាន​កំពុង​តែ​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្មុង​ការ​កំណត់​ធាតុ​នីមួយៗ​នៃ​ក្របខណ្ឌ​នីតិប្រតិបត្តិ។ លោក​បាន​មាន​ប្រសាសន៍​ថា ចិន​សព្វ​ថ្ងៃ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ចូលរួម​ នៅ​ក្នុង​ដំណើរការ​នេះ ​ហើយ​វា​គឺ​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​យល់ដឹង​អំពី​ទស្សនៈ​របស់​ប្រទេស​ចិន។

«គឺ​ជា​នីតិវិធី​ដែល​មាន​សក្តានុពល​មួយ ​ដែល​ថា​ប្រទេស​អាស៊ាន ​បន្ត​បញ្ចប់​ និង​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ទស្សនៈ​ដូច​គ្នា ​លើ​គម្រោង​ផែនការ​នេះ និង​ជាមួយ​គ្នា​នេះ​គឺ​ជា​ផល​ចំណេញ​របស់​យើង ​ដែល​យើង​ដឹង​អំពី​ទស្សនៈ​របស់​ប្រទេស​ចិន​ទៅ​លើ​ប្រធាន​បទ​នេះ»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ ហ៊្វូ ​ជីនតាវ ​មក​កាន់​កម្ពុជា​ ចិន​និង​កម្ពុជា​បាន​ព្រម​ព្រៀង​គ្នា​ថា ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​គួរតែ​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ចិន។ ចិន​មិន​ចង់​ឲ្យ​យក​បញ្ហា​នេះ​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​លក្ខណៈ​អន្តរជាតិ​ទេ។​

នៅ​ក្នុង​ពេល​ដែល​មាន​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ សមាជិក​អាស៊ាន​ទាំង​អស់​ បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា ​ដោយ​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​សហភាព​មីយ៉ាន់ម៉ា។

លទ្ធផល​ក្រៅ​ផ្លូវការ​បង្ហាញ​ឲ្យ​ឃើញ​ថា បេក្ខជន​ទាំង​៤៤​រូប​របស់​​គណបក្ស​សម្ព័ន្ធជាតិ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ​អ៊ុង ​សានស៊ូជី ​​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នៅ​ក្នុង​ចំណោម​អសនៈ​សភា​ដែល​មាន៤៥​អសនៈ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!