VOA News: ព័ត៌មាន: “មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​សង្ឃឹម​ថា​ជ័យជម្នះ​ការ​បោះឆ្នោត​នឹង​នាំ​មក​នូវ​សករាជ​ថ្មី” plus 2 more

VOA News: ព័ត៌មាន: “មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​សង្ឃឹម​ថា​ជ័យជម្នះ​ការ​បោះឆ្នោត​នឹង​នាំ​មក​នូវ​សករាជ​ថ្មី” plus 2 more


មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​សង្ឃឹម​ថា​ជ័យជម្នះ​ការ​បោះឆ្នោត​នឹង​នាំ​មក​នូវ​សករាជ​ថ្មី

Posted: 02 Apr 2012 09:03 AM PDT

ជ័យលាភី​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ុងសាន ​ស៊ូជី Aung San Suu Kyi ​បាន​ប្រកាស​«សករាជ​ថ្មី»​មួយ​សម្រាប់​ប្រទេស​ភូមា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​គណបក្ស​របស់​លោកស្រី​បាន​ទទួល​ជ័​យ​ជម្នះ​យ៉ា​ង​លើសលប់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ។

​ទោះ​បី​លទ្ធផល​ផ្លូវការ​អាច​ចំណាយ​ពេល​រាប់​សិប​ថ្ងៃ​ក៏​ដោយ​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ និយាយ​ថា ​ខ្លួន​ឈ្នះ​បាន​អាសនៈ​យ៉ាង​ហោច​ណាស់​ក៏​៤៣​នៃ​អាសនៈ​សរុប​៤៤​ដែល​ខ្លួន​បាន​ប្រកួត​ប្រជែង​យក។ អាសនៈ​នេះ​រួម​ទាំង​អាសនៈ​៤​នៅ​ក្នុង​រដ្ឋធានី​រដ្ឋបាល​ណៃពិដោ (Naypyitaw) ​​ដែល​ មាន​ប្រជាពលរដ្ឋ​ស្ទើរ​តែ​ទាំង​អស់​ជា​បុគ្គលិក​របស់​រដ្ឋាភិបាល​និង​បុគ្គលិក​យោធា។លោកស្រី​ Aung San Suu Kyi បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​របស់​គណបក្ស​ NLD ​ក្នុង​ទីក្រុង​ Rangoon ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោកស្រី​សង្ឃឹម​ថា​​លទ្ធផល​​បោះឆ្នោត​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ។ លោកស្រី​ថ្លែង​ថា៖

«យើង​សង្ឃឹម​ថា​ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​សករាជ​ថ្មី​មួយ​ដែល​​នឹង​ផ្តោត​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​តួនាទី​​របស់​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​កិច្ចការ​នយោបាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស»។

លោក​ស្រី​អង់សាន​ស៊ូជី​ជា​ចលករ​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​ភូមា

​​ដំណើរ​ផ្លាស់ប្តូរ​រយៈពេល​១៨​ខែ​របស់​លោកស្រី​ Aung San Suu Kyi មេដឹកនាំ​និយម​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​ពី​អ្ន​ក​ទោស​នយោបាយ​​ទៅ​កាន់​សមាជិក​សភា​ ជា​សញ្ញា​មួយ​ដែល​គេ​មើល​ឃើញ​ដ៏​ខ្លាំង​បំផុត​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​មាតុភូមិ​របស់​លោកស្រី​ថា ​​រដ្ឋាភិបាល​ស៊ីវិល​មាន​តែ​ឈ្មោះ​ស្វះស្វែង​រក​ការ​ជួសជុល​ចំណង​ទាក់​ទង​​ជាមួយ​ប្រទេស​លោក​ខាង​លិច។

ជា​កូន​ស្រី​របស់​លោក​ Aung San ​វីរ​បុរស​ទាម​ទារ​ឯករាជ្យ​​​ដែល​បាន​ត្រូវ​ធ្វើ​ឃាត​ដោយ​គូ​ប្រកួត​ប្រជែង​ខាង​នយោបាយ​​នៅ​ក្នុង​ឆ្នាំ​១៩៤៧​ លោក​ស្រី​ Aung San Suu Kyi ​ដែល​បាន​ទទួល​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អក់ស្វដ (Oxford) ​បាន​ហក់​ចូល​ក្នុង​នយោបាយ​ប្រទេស​ភូមា​​នៅ​ឆ្នាំ​១៩៨៨​ នៅ​ពេល​ដែល​លោក​ស្រី​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​វិញ។ ភ្លាមៗ​នោះ​ លោកស្រី​បាន​ក្លាយ​ជា​ឥស្សរៈជន​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​ចលនា​និយម​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​នោះ​ ដោយ​លោកស្រី​បាន​ធ្វើ​សន្ទរកថា​ទៅ​កាន់​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​នៅ​ឯ​ការ​ជួប​ប្រជុំ​​នយោបាយ​មួយ​​នៅ​ក្នុង​ទីក្រុង​ Rangoon ​​នៅ​ពេល​ដែល​​ពួក​យោធា​បាន​ចាប់​ផ្តើម​បង្ក្រាប​លើ​ពួក​ប្រឆាំង។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖​

<!--IMAGE-RIGHT-->

រុស្ស៊ី៖ ពួក​មន្រ្តី​គ្រោះ​អាសន្ន​រុស្ស៊ី​ និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣១​នាក់​ដែរ​ បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​ធ្លាក់​ហើយ​ផ្ទុះ​មាន​អណ្តាត​ភ្លើង​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ក្នុង​តំបន់​ផលិត​ប្រេង​ស៊ីបេរី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ម៉ាលី៖ មេដឹកនាំ​នៃ​​តំបន់​អាហ្រ្វិក​មាន​ផែនការ​ធ្វើ​ការ​ប្រជុំ​​ក្នុង​គ្រា​អាស័ន្ន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ស្តី​ពី​ស្ថានភាព​នយោបាយ​​ក្នុង​ប្រទេស​ម៉ាលី​ ដែល​មេដឹកនាំ​​​រដ្ឋ​ប្រហារ​យោ​ធា​បាន​សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស៊ី​វិល​ឡើង​វិញ។

ប៉ាគីស្ថាន៖ ប្រធានាធិបតី​ Asif Ali Zardari នៃ​ប្រទេស​ប៉ាគីស្ថាន​នឹង​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​ឥណ្ឌា​​​នៅ​សប្តាហ៍​ក្រោយ​​ ហើយ​លោក​នឹង​ជួប​នាយក​រដ្ឋ​មន្រ្តី ​Manmohan Singh ​នៃ​ប្រទេស​ឥណ្ឌា។

អាមេរិក​ខាង​ជើង៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​​រៀបចំ​សន្និសីទ​កំពូល​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កាណាដា​និង​ម៉ិកស៊ិក​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​ដែល​ផ្តោត​លើ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ សន្តិសុខ​ និង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ។

កូរ៉េ​ខាង​ជើង៖ រូបភាព​ភាព​ថ្មី​នៃ​ទី​កន្លែង​បង្ហោះ​រ៉ុកកែត​កូរ៉េ​ខាង​ជើង​ ថត​ពី​តារាវិទ្យាសាស្រ្ដ​សិប្បនិមិ្មត​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​រៀប​ចំ​ដ៏​មមាញឹក​នៅ​លើ​ទីកន្លែង​បាញ់​បង្ហោះ​យាន​អវកាស​មួយ​ ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ យល់​ថា​ជា​លេស​សម្រាប់​លាក់បាំង​ការ​ធ្វើ​តេស្ត​បាញ់​បង្ហោះ​កំាជ្រួច​មីស៊ីល​រង្វង់​ឆ្ងាយ។

ប៉ាគីស្ថាន៖ តុលាការ​ប៉ាគីស្ថាន ​បាន​កាត់​ទោស​ស្រ្ដី​មេម៉ាយ ​បី​នាក់ ​ជា​អតីត​ប្រពន្ធ ​មេដឹកនាំ​អាល​កៃ​ដា ​អូសាមា​ បិន​ ឡា​ឌិន​ (Osama Bin Laden)​ និង​កូនស្រី​ពីរ​នាក់​​ តាម​បទ​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដោយ​ខុស​ច្បាប់ ​ហើយ​បាន​​ដាក់​​ឲ្យ​ជាប់​ឃុំ ​៤៥​ថ្ងៃ។ តុលាការនោះ​ក៏​បញ្ជា​ឲ្យ​ពួកគេ​ចាក​​ចេញពី​ប្រទេស​ប៉ាគីស្ថាន។

This posting includes an audio/video/photo media file: Download Now

យុទ្ធនាការ​ប្រឆាំង​​កូនី​បង្កើត​ឲ្យ​មាន​បទអត្ថាធិប្បាយ​និង​​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំងក្លា

Posted: 02 Apr 2012 08:15 AM PDT

ខណៈពេល​ដែល​យុទ្ធនាការ​លើក​កម្ពស់​ការយល់ដឹង​ស្តីពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម​ ដែល​បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ប្រឆាំង​​នឹង​​មេដឹកនាំ​ចលនា​​ឧទ្ទាមអ៊ុយហ្គាន់ដា(Uganda)​មួយ​​រូប​ ដែលត្រូវ​​បាន​តាម​ចាប់ខ្លួន​ ទទួលបាន​ជោគជ័យ​យ៉ាងធំធេង​ ​ទាក់ទង​ទៅនឹង​ការ​ទាញ​ចំណាប់​​​អារម្មណ៍ យុទ្ធនាការ​នេះ ​ក៏​បានបង្កើត​ឲ្យ​​មាន​​ការធ្វើ​អត្ថាធិប្បាយ​យ៉ាង​ខ្លាំងក្លា​ដែរ ដែល​ការអត្ថាធិប្បាយ​មួយចំនួន បាន​ក្លាយ​ទៅ​ជា​​មេរោគ​ ​តាម​​​របៀប​ផ្សេងៗ​គ្នា។

បទ​អត្ថាធិប្បាយ​ពីសំណាក់​​ក្រុម​មន្រ្តី​រដ្ឋាភិបាល ក្រុម​សកម្មជន​សិទ្ធិមនុស្ស ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ប្រជាពលរដ្ឋ​សាមញ្ញ កំពុងតែ​បន្ត​យ៉ាង​ឆាប់​រហ័ស ​នៅក្នុង​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​នេះបន្ទាប់ពី​​ក្រុម​ ​កុមារអាថ៌កំបាំង (Invisible Children) របស់​សហរដ្ឋ​អាមេរិក បាន​ចេញផ្សាយ​​ខ្សែវីដេអូ​រយៈពេល​២៩​នាទី ដែល​ត្រូវបានទស្សនា​​​​​​រាប់​សិបលាន​ដង។

វិធីសាស្រ្ត​ដ៏មាន​ប្រជាប្រិយ​មួយ ត្រូវ​​បាន​បង្ហោះ​ការឆ្លើយតប​​តាម​ខ្សែ​​​វីដេអូ​ នៅ​លើ​​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នកសរសេរ​អត្ថបទ​តាម​អ៊ីនធឺណិតជាតិ​អ៊ុយហ្គាន់ដា លោក​ស្រី រ៉ូសេប៊ែល កាហ្គូម៉ាយ (Rosebell Kagumire) បាន​ក្លាយ​ទៅជា​ជនល្បីល្បាញ​មួយរូប ​ដែល​​​ផ្អែក​លើ​សមត្ថភាព​​ផ្ទាល់​​របស់​​លោកស្រី ដោយ​បាន​ដាក់បញ្ចូល​​បទសម្ភាសន៍​​តាម​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​​ជាច្រើន និង​បាន​ទទួល​សារអ៊ីម៉ែល​រាប់​ពាន់ ចាប់តាំង​​បង្ហោះ​ខ្សែ​វីដេអូ​ផ្ទាល់​របស់​​លោកស្រី។

ដូច​អ្នកដទៃ​ទៀតដែរ លោកស្រី ​ត្អូញត្អែរ​​ស្តីពី​​ថាតើ​​​ខ្សែ​វីដេអូ​​ដែល​ត្រូវបាន​ទស្សនា​​យ៉ាង​ទូលំទូលាយ មាន​អ្នក​អត្ថាធិប្បាយ​ជនជាតិ​អាមេរិកាំង ហើយ​​តួអង្គ​សំខាន់ ​ដែល​ជា​អ្នក​ផលិត​​ខ្សែ​ភាពយន្ត លោក ហ្សាសុន រ៉ូសស្សែល (Jason Russell) ដែល​ពណ៌នា​ខ្លួនឯង​ថាជា​អ្នក​ធ្វើ​​យុទ្ធនាការ​តាម​ខ្សែ​​វីដេអូ​ដើម្បី​​យុត្តិធម៌​នៅក្នុង​ទ្វីប អាហ្រ្វិក (Africa) យ៉ាង​​ដូច​ម្តេច។

លោកស្រី​ ថ្លែង​ថា៖ «នេះ​ ជា​វីដេអូ​មួយ​ទៀត ដែល​ខ្ញុំ​ឃើញ​​ អ្នក​មក​​ពី​ខាង​ក្រៅ​​ ​​ព្យាយាម​ក្លាយ​​ជា​វីរបុរស​មួយរូប ដែល​បាន​ជួយ​សង្រ្គោះ​កុមារ​អាហ្រ្វិក។ យើង​បាន​ឃើញ​​សាច់​រឿង​ទាំង​នេះ​ជាច្រើន​នៅ​ប្រទេស អេត្យូពី (Ethiopia)។ អ្នកល្បីល្បាញ​ ចេញ​មក​ពី​​ប្រទេស សូម៉ាលី (Somalia)។ វា​មិនបាន​បញ្ចប់​បញ្ហា​ទេ។ ខ្ញុំ​គិតថា យើង​ត្រូវការ​យុទ្ធនាការ​ដ៏ឆ្លាតវៃ​​និង​​សមហេតុ​ផល ដែល​ត្រូវបាន​រៀបចំ​ឡើង​​សំដៅ​​ធ្វើ​ការផ្លាស់ប្តូរ​គោលនយោបាយ​​ពិតប្រាកដ ជាជាងសាច់រឿង​​ពោរពេញ​ទៅ​ដោយ​រូបារម្មណ៍ ដែល​​គ្រាន់តែ​ព្យាយាម​​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​យំ​សោក ហើយនៅទី​បញ្ចប់ យើង​បំភ្លេច​សាច់រឿង​នោះ​ចោល​វិញ។»

ចំ​ពេល​មាន​​ការរិះគន់​ដែល​កំពុង​កើនឡើង អ្នក​ផលិត​ខ្សែភាពយន្ត​ខ្លួនឯង​បាន​បង្កើត​វីដេអូ​ថ្មី​មួយ ដោយ​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទស្សនា​ទាំងអស់ និង​ឆ្លើយតប​ទៅនឹង​ការ​ព្រួយ​​បារម្ភ​​មួយ​ចំនួន​ដែរ។

លោក រ៉ូសស្សែល ក៏បាន​ការពារ​វិធី​ ដែល​លោក​​ផលិត​ខ្សែភាពយន្ត​នេះ​​ផងដែរ។ ខ្សែភាពយន្ត ​បង្ហាញ​អំពី​របៀប​ដែល​លោក​អប់រំ​កូនប្រុស​របស់​លោក ​អំពី​ថាតើ​​កុមារ​ផ្សេងៗ​ទៀត ដូចជា​ទាហាន​កុមារ​ដែល​ដើរ​​ត្រាច់ចរ​​របស់​កងទ័ព LRA និង​ជនរងគ្រោះ​របស់​ពួកគេ កំពុង​ត្រូវបាន​រំលោភ​បំពានយ៉ាង​​ដូចម្តេច​ខ្លះ។

«យើង​គ្រាន់តែ​ចង់​អរគុណ​អ្នក​​ទាំងអស់​គ្នា។ អរគុណ​ចំពោះ​ការ​ជឿជាក់​​លើ​រឿងរ៉ាវ ដែល​យើង​ដឹងថា​នឹង​​​ផ្លាស់ប្តូរ​ពិភពលោក។ វា​នឹង​ផ្លាស់ប្តូរ​ពិភពលោក។ ហើយ​យើង​​ដឹង​ថា មាន​សំណួរ​ជាច្រើន​​នៅ​​ត្រង់​​ចំណុច​នោះ។ យើង​បាន​ឃើញ​សំណួរ​ទាំងនោះ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​បាន​អាន​សំណួរ​ទាំងនោះ ហើយ​យើង​បាន​ផ្តល់​​ទំព័រ​​ថ្មី​មួយ​នៅលើ​គេហទំព័រ​របស់​យើង ដែល​​បាន​ឆ្លើយ​​​សំណួរ​ទាំងនោះ​ជាច្រើន។ ដូច្នេះ សូម​ចូល​​ទៅ​កាន់​​គេហទំព័រ​នោះ ហើយ​អាន​​​ដោយ​ខ្លួនឯង សម្រាប់​​ចម្លើយ​យ៉ាង​ច្បាស់​លាស់​របស់​យើង ពីព្រោះ​នេះ​មិនមែន​ជា​ចលនា​របស់​យើង​ទេ។ វា​គឺជា​ឈ្មោះ​មួយតែ​ប៉ុណ្ណោះ។ វា​​ជា​ក្រុម​កុមារអាថ៌​កំបាំង ប៉ុន្តែ​វា​​ជា​ចលនា​របស់​អ្នក។ អ្នក​ចាប់ផ្តើម​ចលនានេះ​​ដោយ​​ប្រើ​​ប្រាស់​​ថវិការ​របស់​អ្នក ហើយ​យើង​នៅ​ទីនេះ​ដើម្បី​បម្រើ​អ្នក។»

ខ្សែភាពយន្តនេះ មាន​​រូបភាព​ជាច្រើនស្តីពី​​សិស្ស​​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើការ​តវ៉ា និង​បាន​ក្តាប់ដៃ​​លើក​​ឡើង​យ៉ាង​​ស្រុះ​គ្នា។

គេហទំព័រ​នេះ​ ក៏មាន​បណ្តាញ​តភ្ជាប់​មួយចំនួន​សម្រាប់​ការបរិច្ចាគ ដែល​ការរួម​ចំណែក​ក្នុង​កម្រិត​តិច​តូច ​ត្រូវបាន​​​លើក​​ទឹក​ចិត្ត។

គេហទំព័រនេះ ​ក៏មាន​លក់​អាវយឺត ខ្សែដៃ ក្រដាស់​បិទ ឡេវ​អាវ ផ្ទាំងរូបភាព ដែល​វត្ថុ​ទាំងអស់​នេះ អាច​រក​ទិញ​បាន​នៅក្នុង​អ្វី​ដែល​ត្រូវបាន​ហៅថា បណ្តាញ​សម្រាប់​​ទិញ​សម្ភារៈ។

ខ្សែភាពយន្ត​និង​គេហទំព័រ​ អំពាវនាវដល់​​ជនជាតិ​អាមេរិកាំង​ក្មេងៗ ឲ្យ​ធ្វើការ​បញ្ចុះបញ្ចូលក្រុម​​អ្នកច្បាប់​របស់​ពួកគេ ដូច្នេះ រដ្ឋាភិបាល​អាមេរិកាំង​​ អាច​បន្ត​ជំរុញ​​ការប្រយុទ្ធ​​​ប្រឆាំង​កងទ័ព LRA។ យុទ្ធនាការ​នេះ ​ក៏បាន​សុំឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​នៅក្នុង​យុទ្ធនាការតាម​​ប័ណ្ណ​ប្រកាស​​ នៅថ្ងៃ​ទី២០​ខែមេសា ដោយ​បិទ​ផ្ទាំងទាំងនោះ​​ឱ្យបាន​ច្រើន​តាម​តែអាច​ធ្វើទៅបាន ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការចាប់ខ្លួន​លោក កូនី នៅ​ឆ្នាំនេះ។

កាលពី​ឆ្នាំមុន​ រដ្ឋបាល​របស់​លោក អូបាម៉ា បាន​បញ្ជូន​ទីប្រឹក្សា​​យោធា​ចំនួន​១០០​នាក់​ទៅកាន់​ទ្វីប​អាហ្រ្វិក​កណ្តាល (Central Africa) ដើម្បី​ជួយ​​កងទ័ព អ៊ុយហ្គាន់ដា និង​កងកម្លាំង​សន្តិសុខ​​អាហ្រ្វិក​​ផ្សេង​ទៀត​ ដើម្បី​បោសសម្អាតកងទ័ព LRA។

ក្រុមនេះ​ដែល​ឥឡូវនេះ​មាន​សមាជិក​រាប់រយ​នាក់​តាម​ការ​ប៉ាន់ស្មាន​ បន្ត​វាយ​ប្រហារ ដែល​ភាគច្រើន​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ។

ក្រុម​អ្នក​ជំនាញ​ជឿជាក់​ថា ពួកមេដឹកនាំ​របស់​ក្រុមនេះ ដែល​រួម​ទាំង​លោក កូនី ផង​ប្រសិនបើ​លោក​នៅរស់​នៅឡើយ កំពុង​លាក់ខ្លួននៅ​តាម​តំបន់​ដាច់ស្រយាល​និង​ពិបាក​ក្នុងការ​ធ្វើ​ប្រតិបត្តិការនៅ​​​ក្នុង​​តំបន់​​របស់​​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។

ក្រុមនេះ ដែល​ពីមុន​មាន​មូលដ្ឋាន​នៅភាគ​ខាងជើង អ៊ុយហ្គាន់ដា បាន​ធ្វើការ​វាយប្រហារ​មកលើ​ជនស៊ីវិល ដែល​រួមទាំង​ការបំផ្លាញ​​​​​មុខមាត់​របស់​ពួកគេ និង​ការ​ចាប់ពង្រាត់​កុមារ​អស់​រយៈពេល​​ជាង​ពីរទសវត្សរ៍។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ វា​ជា​គោលដៅ​ពេញនិយម​មួយ​របស់​ក្រុម​សកម្មជន​សហរដ្ឋ​អាមេរិក​និងក្រុម​​អ្នក​​តាក់​តែង​ច្បាប់ ដែល​​​ចាប់​អារម្មណ៍​​លើ​ទ្វីប​អាហ្រ្វិក។

នៅក្នុង​ឆ្នាំ​២០០៥ តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ចេញ​ដីការ​ចាប់ខ្លួន​ ដើម្បី​ទុក​ឱ្យ​លោក កូនី ប្រឈមមុខ​នឹង​បទ​ចោទ​ប្រកាន់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ ប៉ុន្តែ លោក​បាន​គេចចេញ​ពីការចាប់​ខ្លួន ដែល​រួមទាំង​ក្នុង​អំឡុង​ពេល​​នៃ​កិច្ច​ប្រឹងប្រែង​ផ្នែក​យោធា ដែល​​ត្រូវ​​បាន​​ជ្រោមជ្រែង​​ដោយ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ។

លោក ម៉ាក ដ្រាមបល៍ (Mark Drumbl) សាស្រ្តាចារ្យ​ច្បាប់​​នៃ​សាកល​វិទ្យាល័យ វ៉ាស៊ីនតោន និង​សាកល​វិទ្យាល័យ​លី (Washington and Lee University) ក៏​​​ព្រួយបារម្ភ​ផងដែរ​អំពី​ទំហំ​នៃ​គោលដៅ​របស់​ខ្សែភាពយន្ត​ដែល​បាន​លើកឡើង​ ដែល​គោលដៅ​នោះ​ គឺ​ត្រូវ​​ធ្វើ​ការ​​ចាប់​ខ្លួន លោក កូនី។

លោក ដ្រាមបល៍ ជា​អ្នក​ជំនាញ​ផ្នែក​ទាហាន​កុមារ ដែល​បាន​សរសេរ​សៀវភៅ​​​មួយ ដែល​មាន​ចំណង​ជើង​ថា «ការពិចារណា​ឡើង​វិញ​​អំពី​ទាហាន​កុមារ នៅ​ក្រោម​ច្បាប់​និង​គោល​នយោបាយ​​អន្តរជាតិ»។

លោក ដ្រាមបល៍ មាន​ប្រសាសន៍​ថា៖ «ចុង​​បញ្ចប់​​នៃ​ខ្សែភាពយន្ត គឺ​ការចាប់ខ្លួន លោក ចូស្សែប កូនី។ ទោះ​ជាយ៉ាង​នេះក្តី ការចាប់ខ្លួន លោក ចូស្សែប កូនី និង​ការ​ឃុំ​ខ្លួន​​រូប​​លោក ដែល​យើង​អាច​និយាយ​បាន​ថា ការចោទ​ប្រកាន់​​រូប​លោក​និង​ការផ្តន្ទា​ទោស​ ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ មិនមែន​ជា​ឱសថ​ព្យាបាល​រោគ​គ្រប់​យ៉ាង​នោះទេ​។ វា​មិន​​​​ចាំបាច់​បញ្ឈប់​​សកម្មភាព​របស់​កងទ័ព LRA ទេ។ ហើយ​ វា​ក៏​មិន​ចាំបាច់​​​ផ្តល់​​យុត្តិធម៌​ដល់​​ជនរងគ្រោះ​ជាច្រើនដែរ។ ច្បាប់​​ព្រហ្មទណ្ឌ​ ​គ្រាន់​តែ​ជា​ចំណែក​​តូច​មួយ​នៃ​​ការសន្ទនា​ស្តីពី​យុត្តិធម៌​ទាំងមូល។ ហើយ ​នៅទី​បញ្ចប់ យើង​មិនអាច​ជំនួស​​គោលការណ៍​យុត្តិធម៌​ដ៏​ឧត្តុង្គ​​​ឧត្តម​​​របស់​លោក​ខាងលិច សម្រាប់​​អ្វី​​ដែល​​សហគមន៍​​មូលដ្ឋាន​​ជាច្រើន​ប្រហែល​ជា​ចង់បាន​បំផុត​​នោះ​ គឺ​​សន្តិភាព ស្ថិរភាព ការផ្សះផ្សា និង​ការបោះ​ជំហានឆ្ពោះ​ទៅមុខ ហើយ​ខ្ញុំ​គិតថា យើង​ត្រូវតែ​​​​ប្រុង​​ប្រយ័ត្ន​បំផុត។»

ការរិះគន់​ជាទូទៅ​ផ្សេងៗ​ទៀតទៅលើ​​ខ្សែភាពយន្ត​នេះ គឺថា​ការផ្តោត​អារម្មណ៍​លើ​ការចាប់​ខ្លួន លោក កូនី ប្រហែលជា​ធ្វើឱ្យ​ស្ថានភាព​​មាន​​លក្ខណៈ​​យោធា​​​កាន់​​​តែ​​ខ្លាំង​ឡើង​​ថែម​ទៀត ​ដោយ​មាន​​ជំនួយ​បន្ថែម​​ដល់​​កងកម្លាំង​សន្តិសុខ ដែល​ត្រូវបាន​ស្គាល់​​ចំពោះ​ការប្រព្រឹត្ត​អំពើ​រំលោភ​បំពាន ខណៈ​ដែល​ការ​ផ្តោត​អារម្មណ៍​ងាក​ចេញ​ពី​​អាទិភាព​​ផ្សេងៗ មាន​ដូចជា​ការជំរុញ​​​ឱ្យមាន​ការអភិវឌ្ឍន៍​និង​អភិបាលកិច្ច​ដ៏​ប្រសើរ​ជាង​មុន​ នៅ​តាម​​តំបន់​រង​​ផលប៉ះពាល់​ដែល​ត្រូវ​​បាន​បំភ្លេច​ចោល៕

ប្រែសម្រួល​ដោយ​ ឌី ខាំបូលី

This posting includes an audio/video/photo media file: Download Now

​មន្ត្រី​​អាស៊ាន ​និង​អឺរ៉ុប​ចង់​​ឲ្យ​​កិច្ចចរចា​​ពាណិជ្ចកម្ម​​សេរី​​​កាន់​​តែ​​ប្រសើរ​

Posted: 02 Apr 2012 04:22 AM PDT

លោក​ អឹវិន ឡយ ​(Irwin Loy) ​រាយការណ៍​ពី​ក្រុង​ភ្នំពេញ​សម្រាប់​វីអូអេ​ថា​លោក​ការ៉េល ដឹ​ ហ្គុច​​ Karel De Gucht ​ស្នងការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​សុំឱ្យ​មាន​ចំណង​ទាក់​ទង​ខាង​សេដ្ឋកិច្ច​ជិត​ស្និទ្ធ​ជាង​មុន​រវាង​សហភាព​អឹរ៉ុប​និង​ ប្លុក​អាស៊ាន​ដែល​មាន​​សមាជិក​១០​ប្រទេស។​

នៅ​ក្នុង​សន្និសីទ​មួយ​នៃ​ពួក​មន្ត្រី​សហភាព​អឺរ៉ុប​និង​ អាស៊ាន កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ដឹ​ ហ្គុច ​បាន​សុំ​ដល់​ក្រុម​ប្រតិភូ​ឱ្យ​ធ្វើ​ឱ្យ​មាន ​«​ការ​រីកចំរើន​ជាក់លាក់​» ​អំពី​កិច្ច​ចរចា​​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​រវាង​តំបន់​ទាំង​ពីរ​នេះ​។

លោក​ ដឹ​ ហ្គុច និយាយ​ថា «​យើង​​ត្រូវ​ការ​​ឱ្យ​មាន​កិច្ច​​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទូលំទូលាយ​មួយ​ក្នុង​សតវត្សរ័ទី​២១​រវាង​តំបន់​យើង​ទាំង​ពីរ។ ​កិច្ច​ព្រម​ព្រៀង​នេះ​គួរ​ដោះស្រាយ​របាំង​ទាំងឡាយ​ដែល​រារាំង​ការ​ហូរ​នៃ​ទំនិញ​ សេវាកម្ម​និង​ការ​វិនិយោគ​រវាង​តំបន់​យើង​។ ហើយ​ការណ៍​នេះ​​មិន​មែន​មាន​ន័យ​ត្រឹម​តែ​បំបាត់​ពន្ធ​គយ​ប៉ុណ្ណោះ​ទេ​ តែ​ត្រូវ​ដោះស្រាយ​អំពី​បទ​បញ្ញត្តិ​ដែល​រាំងស្ទះ​ការ​ដោះដូរ​​ទំនិញ​និង​សេវាកម្ម កែ​លម្អ​កិច្ច​ការពារ​កម្មសិទ្ធិ​​បញ្ញា​និង​ជម្រុញ​ការ​ចូល​ទីផ្សារ​សម្រាប់​ការ​ជួយ​ផ្គត់ផ្គង់​ទំនិញ​ដល់​រដ្ឋាភិបាល​ ដែល​ទាំង​អស់​នេះ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ឥទ្ធិពល​ច្បាប់។»​

លោក​ដឹ​ ហ្គុច​​ Gucht ​និយាយ​ថា​ក្នុង​ពេល​ឆាប់​ៗ​នេះ​សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម​។​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ធ្វើការ​ពិភាក្សា​រួច​ហើយ​ជាមួយ​ប្រទេស​សិង្ហបុរី​និង​ម៉ាលេស៊ី​។​ប៉ុន្តែ​លោក​ ដឹ​ ហ្គុច​​De Gucht​បាន​និយាយ​ថា​គោលដៅ​គឺ​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​ប្លុក​អាស៊ាន​ bloc ASEAN ទាំង​មូល។

<!--IMAGE-LEFT-->

ភូមា៖ ក្រុម​អ្នក​គាំទ្រ​លោក​ស្រី​អោង​សានស៊ូជី​ មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​ភូមា​ ដែល​បាន​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​២​ទសវត្សរ៍​កន្លង​ទៅ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​តាម​បញ្ជា​របស់​ពួក​យោធា​បាន​និយាយ​ថា​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ទទួល​កៅអី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សភា​ជាន់ទាប​ភូមា។​

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ម្ចាស់​ជ័យ​លាភី​រង្វាន់​ណូបែល​រូប​នេះ​បាន​ប្រកាស​ជ័យ​ជំនះ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី ​ក្រោយ​ស្ថានីយ៍​បោះឆ្នោត​បាន​បិទ​ទ្វារ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ភូមា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​​ដោយ​និយាយ​ថា​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ក្នុង​តំបន់​ កាវមូ​ ​ដែល​ជា​តំបន់​​ដាំ​ស្រូវ​មួយ​នៅ​ខាង​ត្បូង​ក្រុង​រ៉ង់ហ្គូន​ ដោយ​យក​​ជ័យ​ជំនះ​លើ​បេក្ខជន​ប្រជែង​២​នាក់។ ​ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់បាន​និយាយ​ថា​ពួក​អ្នក​គាំទ្រ​លោកស្រី​រាប់​រយ​នាក់​បាន​អបអរ​សាទរ ​នៅ​ពេល​គេ​ប្រកាស​អំពី​ជ័យជំនះ​លោកស្រី​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន។

បើ​ជ័យជំនះ​របស់​លោក​ស្រី​អោង​សាន​ស៊ូ​ជី​បាន​ត្រូវ​បញ្ជាក់​ថា​ពិត​មែន​ ជ័យជំនះ​នេះ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ក្នុង​ប្រទេស​​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​នេះ ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​យោធា​ជិត​ពាក់​កណ្តាល​សតវត្សរ៍​រហូត​ដល់​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​ទ្បើង​មក​កាន់​អំណាច​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសអាមេរិកហ៊ីឡារី គ្លីនតុន ​ដែល​បាន​មាន​ប្រសាសន៍​ពី​ក្រុង​អ៊ីស្តង់ប៊ុល​ ​បាន​សម្តែង​សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន។

ស៊ីរី៖ ពួក​អ្នក​ចូល​រួម​ក្នុង​សន្និសីទ​នៃ «ពួក​មិត្ត​របស់​ប្រទេស​ស៊ីរី» កាល​ពី​ថ្ងៃអាទិត្យ​ក្នុង​ក្រុង​ប្រទេសតួកគី​និយាយ​ថា​ប្រទេស​ជាតិ​មួយ​ចំនួន​ក្នុង​តំបន់ឈូង​សមុទ្រ​នឹង​ផលប្រាក់​រាប់​លាន​ដុល្លារ​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ​ដែល​ជា​ក្រុម​ប្រឆាំង​ធំជាង​គេ​ដើម្បី​បង់​ប្រាក់​បៀវត្ស​ឱ្យ​ដល់​ពួក​ឧទ្ទាម​ដែល​បាន​ខិត​ខំ​ព្យាយាម​ទម្លាក់​ប្រធានាធិបតី​ស៊ីរី​​ Bashar al-Assad ​ពី​តំណែង។​

ស៊ូដង់​ខាង​ត្បូង៖ បានចោទ​ប្រកាន់ស៊ូដង់​ថា​បាន​ធ្វើ​សង្គ្រាម ​ហើយ​បាន​ធ្វើឱ្យ​ខកខាន​ដល់​កិច្ច​ចរចា​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​ដែល​មាន​គោលដៅ​ទប់​មិន​ឱ្យ​មាន​កំណើន​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន។​

រុស្ស៊ី៖ ពួក​ប៉ូលីស​រុស្ស៊ី​បាន​និយាយ​ថា​ពួក​គេ​បាន​ចាប់​ខ្លួន​ពួក​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​៥៥​នាក់​នៅ​ជិត​ទីលាន​ក្រហម​នៃ​ក្រុង​ម៉ូស្គូ​ដើម្បី​បញ្ចៀស​មិន​ឱ្យ​មាន​ការ​ធ្វើ​ការប្រជុំ​មហា​ជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​ការ​អនុញ្ញាត​នៅ​ទី​នោះ។​

ម៉ាលី​៖ ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ម៉ាលី​បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​ពួក​យោធា​បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើឱ្យ​មាន​រដ្ឋធម្មនុញ្ញ​ទ្បើង​វិញ ​ហើយ​ពួក​ឧទ្ទាម​ទួរេក​ បាន​បញ្ចប់​ការ​វាយ​ដណ្តើម​យក​ក្រុង​ធំ​ៗ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​។​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!