VOA News: ព័ត៌មាន: “បក្សប្រឆាំងស្វាគមន៍ការវិវត្តន៍នយោបាយនៅភូមាតែថាកម្ពុជាដើរថយក្រោយ” plus 5 more |
- បក្សប្រឆាំងស្វាគមន៍ការវិវត្តន៍នយោបាយនៅភូមាតែថាកម្ពុជាដើរថយក្រោយ
- អ្នកវិភាគ៖ កិច្ចប្រជុំអាស៊ានជាជោគជ័យ ប៉ុន្តែបញ្ហាសមុទ្រចិនខាងត្បូងនឹងបន្ត
- អាជ្ញាធរអាមេរិកចាប់ឃាត់ទុកវត្ថុបុរាណតាមការប្តឹងពីប្រទេសកម្ពុជា
- ការស្រោចស្រង់វិបត្តិហិរញ្ញវត្ថុជាមូលហេតុដែលត្រូវបោះឆ្នោតគាំទ្រលោក៖ សារកូស៊ី
- អាស៊ានមិនទាន់សម្រេចជំហរួមសម្រាប់ចរចាជាមួយចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង
- ហេឡូវីអូអេ ០៥ មេសា ២០១២៖ តួនាទីនៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា
បក្សប្រឆាំងស្វាគមន៍ការវិវត្តន៍នយោបាយនៅភូមាតែថាកម្ពុជាដើរថយក្រោយ Posted: 06 Apr 2012 08:44 AM PDT ចូលរួមការស្វាគមន៍ការផ្លាស់ប្តូរនយោបាយដោយសម្ពាធពីសហគមន៍អន្តរជាតិក្នុងប្រទេសភូមាក្រុមមេដឹកនាំគណបក្សជំទាស់ក្នុងប្រទេសកម្ពុជានិយាយថាកម្ពុជាត្រូវការការផ្លាស់ប្តូរមួយដោយគ្មានការបះបោរនិងការរួបរួមគ្នារបស់ក្រុមមេដឹកនាំនយោបាយកម្ពុជាដើម្បីបម្រើពលរដ្ឋ។ ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពដែលត្រូវមេដឹកនាំយោធាភូមាចាប់ដាក់គុកក្នុងផ្ទះអស់ជិត២០ឆ្នាំគឺលោកស្រីអង់សាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រីបានឈ្នះអាសនៈចំនួន ៤៣ ក្នុងចំណោម៤៤អាសនៈដែលត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតបំពេញបន្ថែមជ្រើសរើសសមាជិកសភាកាលពីថ្ងៃអាទិត្យ។ ក្រុមមេដឹកនាំបក្សជំទាស់ក្នុងប្រទេសកម្ពុជាចាត់ទុកថាដំណើរការកែទម្រង់របបនយោបាយក្នុងប្រទេសភូមាជាលើកដំបូងគឺកើតឡើងដោយសារសម្ពាធសហគមន៍អន្តរជាតិនិងឆន្ទៈអ្នកដឹកនាំនយោបាយរបស់គេផងដែរ។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថាចរន្តក្នុងប្រទេសកម្ពុជាផ្តល់ជម្រើសពីរដល់មេដឹកនាំកម្ពុជាបច្ចុប្បន្នគឺត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវឬមួយប្រឈមមុខនឹងការបះបោរ។ «ខ្ញុំជឿថាប្រសិនជាគណបក្សកាន់អំណាចគាត់នៅតែរឹងរូស ការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ត្រឹមត្រូវចរន្តប្រជាពលរដ្ឋខ្មែរភាគច្រើននឹងងាកទៅរកការបះបោរដើម្បីផ្លាស់ប្តូរ»។ លោក កឹម សុខាអះអាងថាប្រទេសភូមាមានការកែទម្រង់ទៅតាមសហគមន៍អន្តរជាតិជាពិសេសសរអាដែលចង់ឃើញប្រទេសភូមាដែលនៅជាប់ប្រទេសចិនកុម្មុយនិស្តដើរទៅរកលទ្ធិប្រជាធិបតេយ្យ។ «យើងឃើញថាចរន្តដែលតឹងរ៉ឹងដោយពួកមេដឹកនាំយោធាភូមាហ្នឹងចាប់ផ្តើមទទួលសម្ភាធពីសហគមន៍អន្តរជាតិហើយក៏បានធ្វើការរៀបចំការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋ។ អញ្ចឹងបានអ្នកស្រីអង់សាន ស៊ូជី ជាប់ហ្នឹង។ ដូច្នេះហើយនៅកម្ពុជាយើងគណបក្សកាន់អំណាចក៏ត្រូវឆ្លុះបញ្ចាំងឲ្យសហគមន៍អន្តរជាតិឃើញថាការបោះឆ្នោត(ខាងមុខ)មានលក្ខណៈត្រឹមត្រូវយុត្តិធម៌ដែរ»។ លោក ស៊ូរិន ពិតសុវណ្ណ អគ្គលេខាធិការសមាគមអាស៊ានបានអះអាងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថាការបោះឆ្នោតក្នុងប្រទេសភូមាជាការអនុវត្តតាមប្រជាធិបតេយ្យ ដោយបានប្រព្រឹត្តទៅដោយរលូនមានរបៀបរបបនិងមានការចូលរួមច្រើនពីក្រុមអ្នកបោះឆ្នោត។ «ជាថ្មីទៀត សង្ឃឹមថាបញ្ហានេះនឹងផ្តល់យ៉ាងសំខាន់ចំពោះការផ្សះផ្សារជាតិនិង សមាហរណកម្មប្រទេសភូមាទៅក្នុងសហគមន៍អន្តរជាតិ»។ លោកស្រី អង់សាន ស៊ូជីធ្លាប់ឈ្នះឆ្នោតម្តងកាលពីឆ្នាំ១៩៩០តែពុំត្រូវមេដឹកនាំយោធាភូមាផ្តល់អំណាចឲ្យទេ។ លោកស្រីត្រូវគេចាប់ឃុំក្នុងផ្ទះហើយដោះលែងវិញនិងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ទៀតរហូតមកទល់ប៉ុន្មានខែថ្មីនេះ។ ហើយជ័យជំនះកើតចេញពីការបោះឆ្នោតបំពេញបន្ថែមចុងក្រោយដែលគណបក្សលោកស្រីទទួលបានចំនួន៤៣អាសនៈទល់នឹង៦៦៤អាសនៈសរុបនោះត្រូវគេអះអាងថាគ្មានសំឡេងគ្រប់គ្រាន់ក្នុងការកែប្រែគោលនយោបាយដឹកនាំប្រទេសបានទេ។ ទោះជាយ៉ាងណាក៏ដោយលោក សុន ឆៃអ្នកតំណាងរាស្ត្រម្នាក់នៃគណបក្ស សម រង្ស៉ីបានថ្លែងថាការបោះឆ្នោតដែលអាចទទួលយកបានក្នុងប្រទេសភូមាធ្វើឲ្យមានការផ្លាស់ប្តូរនយោបាយក្នុងរយៈពេលរាប់សិបឆ្នាំរបស់ភូមាហើយទទួលបានការអបអរសារទរពីសហគមន៍អន្តរជាតិ។ «ហេតុការណ៍ដែលកើតនេះគឺបានបង្ហាញពីឆន្ទៈអ្នកដឹកនាំ អ្នកនយោបាយសំខាន់ ជាពិសេសអ្នកដឹកនាំប្រទេសភូមាដែលមានឆន្ទៈចង់រៀបចំប្រទេសខ្លួនឲ្យ ស្របទៅតាមបែបផែននៃលទ្ធិប្រជាធិបតេយ្យ។ ហើយការងារដែលអាចកើត មានមកដល់ពេលនេះគឺដោយសារតែមានការជំរុញពីអន្តរជាតិនិងអ្នកដឹកនាំ របស់ប្រទេសនេះបានជជែកគ្នាដើម្បីរកផ្លូវដោះស្រាយក្នុងការគិតគូពីប្រទេស ជាតិខ្លួន»។ លោក សុន ឆៃបានអះអាងថាអ្នកនយោបាយនៅកម្ពុជាមានការកម្ចេចគ្នាជា ជាងការគិតគូរពីអនាគតការបម្រើសេវាកម្មដល់ជាតិ និងភាពរុងរឿងរបស់ប្រទេសនោះទេ។ «ជាជំងឺដែលមានរ៉ាំរ៉ៃនៅក្នុងចំណោមជួរអ្នកដឹកនាំរបស់ខ្មែរយើងដែលហាក់ដូច ជាមិនបានរៀនសូត្រអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ពេលកាន់អំណាចគឺ (អ្នកដឹកនាំ)គិតតែពីការខំប្រមូលអំណាចមកកាន់កាប់ដោយផ្ទាល់ហើយភ្លេចគិតអំពីតួនាទីរបស់ខ្លួនចំពោះជាតិនិងចំពោះប្រជាពលរដ្ឋហ្នឹង។ ហើយគិតតែពីកម្ចេចគ្នាដើម្បីអំណាចរបស់ខ្លួននោះ»។ លោកសុន ឆៃថ្លែងយោងទៅលើការដែលមេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី ត្រូវរារាំងមិនឲ្យវិលមកកាន់ប្រទេសកម្ពុជាដោយសាអ្វីមួយដែល មន្ត្រីគណបក្សជំទាស់ចាត់ទុកថាជាការប្រើប្រាស់ប្រព័ន្ធតុលាការដាក់ទោសលោកសម រង្ស៉ីជាង១០ឆ្នាំដោយសារការដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០០៩។ ហើយគណបក្សគ្រប់គ្រង ប្រទេសកាន់អំណាចតែម្នាក់ឯងឈានទៅរកភាពផ្តាច់ការ។ «នេះជារឿងមួយដែលគួរឲ្យខ្មាស់អៀនហើយជារឿងមួយដែលគួរឲ្យព្រួយ បារម្ភ។ ដូចខ្ញុំបញ្ជាក់ខាងដើម នៅក្នុងពេលដែលប្រទេសភូមាធ្លាប់ត្រូវបានចោទ ប្រកាន់ថាជាប្រទេសមួយដែលទទួលរងនូវការជិះជាន់ពីក្រុមកាន់អំណាច យោធាឥឡូវគេហាក់ដូចជាទទួលអបអរសាទរហើយមានការគិតអំពីការជួយអភិវឌ្ឍប្រទេសនេះនិងការធ្វើវិនិយោគទុននៅក្នុងប្រទេស។ តែយើងនេះ (កម្ពុជា)ហាក់ដូចជាដើរថយក្រោយ មានការគ្រប់គ្រងប្រទេសប្រមូលអំណាច ទៅក្នុងកណ្តាប់ដៃអ្នកដឹកនាំ»។ គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាន់អំណាចជាង៣០ឆ្នាំហើយដែលក្រុមមន្ត្រីគណបក្សជំទាស់បាន ចាត់ទុកថាបានធ្វើឲ្យប្រជាធិតេយ្យដើរថយក្រោយ រំលោភសិទ្ធិមនុស្ស ភាពទន់ជ្រាយនៃនីតិរដ្ឋ ការធ្វើទុក្ខបុកម្នេញនយោបាយលើក្រុមអ្នកជំទាស់ រឹតត្បិត សេរីភាពនៃការបញ្ចេញមតិ ការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន ការរឹបអូស យកដីធ្លី និងការប្រមូលអំណាចលើបុគ្គលម្នាក់និងបក្សពួកជាដើម។ ដោយបានគាំទ្រលោកស្រីអង់សាន ស៊ូជីឈ្នះឆ្នោតផងនោះ លោក ជៀម យាបមន្ត្រីជាន់ខ្ពស់គណបក្សគ្រប់គ្រងប្រទេសនិងជាអ្នកតំណាងរាស្ត្រម្នាក់ បានអះអាងគណបក្សគ្រប់គ្រងប្រទេសបានធ្វើកិច្ចការច្រើន។ តែលោកថាជា រឿងជៀសមិនរួចពីការមិនពេញចិត្ត ពីការរិះគន់លើរឿងចម្រូងចម្រាស់ខ្លះពី សំណាក់គណបក្សដទៃទេ។ «នេះជាវប្បធម៌របស់គណបក្សដែលចាញ់ឆ្នោត។ រឿងហ្នឹងជារឿងធម្មតាទេ។ តែយើងនឹងធ្វើយ៉ាងណាពង្រឹងបន្ថែមទៀតពីពេលនេះតទៅមុខក្នុងការធ្វើយ៉ាងណាដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យរីកដុះដាល ហើយត្រូវបានពង្រឹងជាបន្តបន្ទាប់បន្ថែមទៀត»។ លោក ជៀម យាបបានអះអាងថាគណបក្សប្រឆាំងត្រូវធ្វើយ៉ាងណាឲ្យឈ្នះឆ្នោត ជាជាងរិះគន់គណបក្សលោកនិងការសុំឲ្យអន្តរជាតិដាក់សម្ពាធរឿងថាមានការបន្លំឆ្នោតនោះ។ លោកអះអាងថាជារឿងមិនអាចទៅរួចទេព្រោះប្រទេសកម្ពុជា បើកទូលាយចំពោះអន្តរជាតិ ហើយការបោះឆ្នោតទៀតគឺគ្មានការបន្លំទេ ដោយសារថាមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិអន្តរជាតិនិងតំណាងគណបក្ស នីមួយៗដែលចូលរួមប្រកួតប្រជែង។ លោក ជៀម យាបបានបន្ថែមថាបញ្ហា ចូលក្នុងប្រទេសរបស់លោកសម រង្ស៊ីគឺអាស្រ័យទៅលើខ្លួនគាត់ដែលត្រូវ ជ្រើសរើស គឺទាក់ទងខាងសភា ឬលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រឬក៏ចូលទទួលទោសតាមសាល ដីកាតុលាការដែលកាត់ទោសពីរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែននោះ។ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០១២ ហើយការបោះឆ្នោតសាកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគ៖ កិច្ចប្រជុំអាស៊ានជាជោគជ័យ ប៉ុន្តែបញ្ហាសមុទ្រចិនខាងត្បូងនឹងបន្ត Posted: 06 Apr 2012 06:12 AM PDT ប្រទេសកម្ពុជាត្រូវគេមើលឃើញថា បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលរបស់បណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី២០ ក្នុងទឹកដីរបស់ខ្លួន ក្នុងក្រុងភ្នំពេញ។ ជាមួយគ្នានេះ កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធ បានរំលេចឲ្យឃើញនូវឥទ្ធិពលយ៉ាងប្រទាញប្រទង់ដ៏ធំមួយរបស់ប្រទេសចិន ក្នុងរង្វង់ប្រជាជាតិទាំងដប់ប្រទេស។ នោះគឺឥទ្ធិពលរបស់ប្រទេសចិនក្នុងជម្លោះក្នុងដែនសមុទ្រចិនខាងត្បូងនិងឥទ្ធិពលរបស់ប្រទេសចិនមកលើនយោបាយកម្ពុជាមួយផ្នែក។ ក្រុមមន្ដ្រីដែលបានចូលរួមក្នុងកិច្ចប្រជុំបានលើកឡើងថាប្រទេសវៀតណាម និងប្រទេសហ្វ៊ីលីពីនបានលើកមកពិភាក្សានូវបញ្ហាជម្លោះដែនសមុទ្រដែលពួកខ្លួនជាប់ពាក់ព័ន្ធនោះ បើទោះបីជាកម្ពុជាបានប្រកាសឲ្យដឹងជាមុនថា ទំនងជាមិនមានការពិភាក្សាលើចំណុចនេះក្នុងរបៀបវារៈទេ។ យ៉ាងណាក៏ដោយប្រទេសអាស៊ានមិនបានរកឃើញនូវភាពចុះសម្រុងណាមួយសម្រាប់បង្កើតក្រមប្រតិបត្តិមួយ (COC) សម្រាប់ដោះស្រាយជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងនោះទេ ហើយភាពមិនចុះសម្រុងមួយទៀតគឺ ប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាប្រទេសកម្ពុជានិងអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ ជាដើម ចង់ឲ្យប្រទេសចិនចូលរួមក្នុងកិច្ចពិភាក្សាបឋមជាមួយសមាជិកអាស៊ាន មុននឹងការចាប់ផ្ដើមចរចាទាំងស្រុងទាក់ទងនឹងជម្លោះនេះ។ ដោយឡែកប្រទេសហ្វ៊ីលីពីនប្រកាន់ជំហរជំទាស់និន្នាការនេះ។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្គាល់ឃើញថា វិបត្តិនៃជម្លោះនៃសមុទ្រចិនខាងត្បូងបានធ្វើឲ្យសមាជិកអាស៊ានមានជំហរបែកបាក់គ្នា។ លោកថ្លែងប្រាប់វីអូអេថា៖ «ទាក់ទងនឹងសមុទ្រចិនខាងត្បូងនេះ យើងមើលទៅឃើញការបែកបាក់គ្នាក្នុងអាស៊ានដោយសារប្រទេសមានជម្លោះបួនធំៗ មិនសប្បាយចិត្តក្នុងរបៀបវារៈនៃការដោះស្រាយបញ្ហារវាងអាស៊ានជាមួយនឹងប្រទេសចិន។ បើសិនជាពុំមានឥទ្ធិពលប្រទេសចិនទេ ខ្ញុំមើលឃើញថា អាស៊ានគួរតែមានភាពងាយស្រួលក្នុងការយល់ព្រមនូវ Code of Conduct (COC) ដើម្បីចរចាជាមួយចិន។ ប៉ុន្ដែក្នុងពេលបច្ចុប្បន្ន ការយល់ព្រមនេះ មានភាពតានតឹងខ្លាំង ហើយភាពតានតឹងដោយសារប្រទេសមួយចំនួនមានឥទ្ធិពលចិន»។ ជាការណ៍ពិត នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន អាស៊ាន ដែលមានសមាជិកចំនួនដប់ប្រទេសគឺ កម្ពុជា វៀតណាម ឡាវ ភូមា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ម៉ាឡេស៊ី ព្រុយណេ ថៃ និងសិង្ហបុរី បានបង្ហាញជំហរសាមគ្គីជាធ្លុងមួយក្នុងការទាមទារឲ្យមានការលើកលែងទណ្ឌកម្មនានាលើប្រទេសភូមាដោយលើកពីហេតុផលជឿនលឿនទៅរកលទ្ធិប្រជាធិបតេយ្យនៃរបបសឹកមួយនេះ។ ក៏ប៉ុន្ដែចំណាំងផ្លាតមួយទៀតពីកិច្ចប្រជុំកំពូលនេះ គឺស្រមោលនៃឥទ្ធិពលរបស់ប្រទេសចិនមកលើអ្នកនយោបាយកម្ពុជា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្វិលក្បាលម៉េក្រូពីសន្និសីទកាសែតបញ្ចប់កិច្ចប្រជុំនេះ ដើម្បីធ្វើការវាយបកលើអ្នកវិភាគ អ្នកនយោបាយ និងមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី។ នៅពេលដែលមានការបកស្រាយពីការជជែកលើជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ហើយបានហៅការបកស្រាយទាំងនោះថា ជាការមើលងាយ មើលថោកដល់រដ្ឋាភិបាល និងរូបលោកផ្ទាល់។ លោកថ្លែងថា៖ «ក្នុងពេលដែលតំណាងរាស្ត្ររបស់បក្សប្រឆាំង ដែលជាកូនចៅរបស់លោក សម រង្ស៊ី បានលើកឡើងថាម៉េច បានជាមិនយករឿងហ្នឹង មកពិភាក្សាក្នុងអាស៊ាន។ បែរជាលោក សម រង្ស៊ី ប្រធានគណបក្សទាត់ចោលនូវវេទិកាអាស៊ាន ចិន ស្តីអំពីសមុទ្រចិនខាងត្បូង ហើយឲ្យចរចាទ្វេភាគី រវាងប្រទេសនីមួយៗ ដែលលើកយកបញ្ហាទៅជជែក។ តើសមត្ថភាពរបស់មេដឹកនាំបែបនេះនឹងដឹកនាំប្រទេសកម្ពុជាបានឬអត់? ក្នុងការអនុវត្តនយោបាយទាំងនយោបាយផ្ទៃក្នុង និងនយោបាយការបរទេស។ កម្រិតត្រឹមប៉ុណ្ណេះ មិនទាន់មានលទ្ធភាពអាចដឹកនាំប្រទេសបានទេ»។ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ត្រូវតុលាការខ្មែរផ្តន្ទាទោសទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែន និងទាក់ទងនឹងការចោទប្រកាន់ពីការក្លែងបន្លំឯកសារ កំពុងនិរទេសខ្លួនដោយស្ម័គ្រចិត្តនៅក្រៅប្រទេស។ លោកមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី មិនបកស្រាយចំៗលើឥទ្ធិពលនៃទំនាក់ទំនងនយោបាយចិននិងកម្ពុជា លើប្រធានបទខាងលើនោះទេ។ ក៏ប៉ុន្ដែមន្ដ្រីអ្នកនាំពាក្យដដែលចាត់ទុកថា ការវាយប្រហាររបស់លោកនាយករដ្ឋមន្ដ្រីលើគណបក្សរបស់លោកបានប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។ លោក យឹម សុវណ្ណ មានប្រសាសន៍ថា៖ «យើងគួរថាទុកវេទិកាអាស៊ាននេះ ជាវេទិកាអន្តរជាតិ ហើយរក្សាមុខមាត់កម្ពុជា ដើម្បីធ្វើយ៉ាងម៉េច ឲ្យសក្តិសមជាប្រទេសមួយ ដែលធ្វើជាប្រធានរបស់អាស៊ានទាំងមូល។ យើងធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ច្រើនទសវត្សរ៍មកហើយ។ អីញ្ចឹង ការដែលធ្វើអ្វីក៏ដោយ យើងត្រូវប្រយ័ត្នប្រយែង មិនមែនអ្នកកាន់អំណាច មានអំណាច ចេះតែធ្វើត្រូវរហូតនោះទេ»។ លោក អ៊ូ វីរៈ យល់ថា កំហឹងរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរលើលោក សម រង្ស៊ី អ្នកនយោបាយ និងអ្នកវិភាគ មិនបានសម្តែងឲ្យឃើញជាក់ស្ដែងថា កម្ពុជាទទួលឥទ្ធិពលអំណាចនយោបាយរបស់ប្រទេសចិនទាំងស្រុងនោះទេ។ ប៉ុន្ដែលោកយល់ស្របនឹងលោក យឹម សុវណ្ណ ថា ប្រតិកម្មរបស់លោកហ៊ុន សែន បែបនេះធ្វើឲ្យខូចដល់មុខមាត់កម្ពុជា ក្នុងបរិយាកាសនៃការប្រជុំកំពូលអាស៊ាន និងជាការហែកត្រដាងនូវនយោបាយផ្ទៃក្នុងរបស់ប្រទេស។ តែទោះជាយ៉ាងនេះក្ដី លោក អ៊ូ វីរៈ មើលឃើញនិន្នាការរបស់ប្រទេសចិនចង្អុលទ្រនិចមករកប្រទេសកម្ពុជា តាមរយៈព្រឹត្តិការណ៍ចុងក្រោយយ៉ាងខ្លាំង នៅពេលដែលក្រុងប៉េកាំងមើលឃើញថា ប្រទេសភូមាដែលខ្លួនបានគាំទ្របានបត់ខ្លួនទៅរករបបសេរីនិយមមួយ។ លោកនិយាយថា៖ «ការបើកទិស គឺសឹងតែ១៨៨ដឹក្រេ ដែលភូមាចាប់ផ្តើមស្រវ៉ាចាប់សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ធ្វើឲ្យប្រទេសចិន មានការព្រួយបារម្ភនៅក្នុងតំបន់ឥទ្ធិពលនៃការបាត់បង់ឥទ្ធិពលមួយក្នុងតំបន់នេះ។ ហើយអីញ្ចឹង យើងឃើញថា ការចាប់យកប្រទេសកម្ពុជា ជារឿងយុទ្ធសាស្ត្ររបស់ប្រទេសចិនផងដែរ»។ លោកប្រធានាធិបតីប្រទេសចិន ហ៊្វូ ជីនតាវ បានបញ្ចប់ដំណើរទស្សនកិច្ចចំនួនបួនថ្ងៃរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃទី២ ខែមេសា គឺមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងចំនួនដប់ត្រូវបានចុះហត្ថលេខា ហើយប្រទេសចិនបានផ្ដល់នូវជំនួយជាទឹកប្រាក់ជាង៧៥លានដុល្លារអាមេរិកដល់កម្ពុជា។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) មិនបានមើលឃើញថា ឥទ្ធិពលនយោបាយចិនបានជះស្រោច មកលើការដាក់របៀបវារៈនៃការជជែកអំពីជម្លោះនៅសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់នោះទេ។ លោកថា ការដាក់របៀបវារៈ មិនមែនស្ថិតនៅលើជំហរប្រទេសកម្ពុជា ជាប្រធានអាស៊ាននោះទេ។ ប៉ុន្ដែគឺជាការសម្រេចរួមជាឯកច្ឆន្ទរបស់ប្រទេសជាសមាជិក។ ក៏ប៉ុន្ដែ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ទទួលស្គាល់ថា ឥទ្ធិពលរបស់ប្រទេសចិនបាននិងកំពុងសាយភាយក្នុងតំបន់ និងនៅក្នុងពិភពលោក។ លោកថ្លែងប្រាប់វីអូអេថា៖ «ឥទ្ធិពលចិននៅក្នុងតំបន់ហ្នឹង គឺជានិន្នាការកើតឡើង។ ហើយទូទាំងពិភពលោក តួនាទីចិនកំពុងតែកើនឡើងខ្លាំង។ ចំពោះ តើឥទ្ធិពលរបស់ចិនអាចធ្វើឲ្យមានការផ្លាស់ប្តូរពីគោលជំហររបស់កម្ពុជា ក៏ដូចជានយោបាយការបរទេសកម្ពុជានោះ ខ្ញុំពិបាកនឹងនិយាយ ពីព្រោះថាបញ្ហានេះនៅតែជាបញ្ហាស្មុគស្មាញនៅឡើយ។ ក៏ប៉ុន្តកម្ពុជាយើងនៅតែបន្ត បើតាមការមើលឃើញរបស់ខ្ញុំ នៅតែបន្តជំហរឯករាជ្យ»។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានបកស្រាយចំពោះជំហរអាស៊ាន និងប្រទេសចិន នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធផងដែរ។ លោកនិយាយថា៖ «អ្នកវិភាគមួយចំនួន នៅពលដែលការប្រជុំអាស៊ានមកដល់ គេតែងតែលើកឡើង ហាក់ដូចជាភាគីចិន និង អាស៊ានត្រៀមរៀបចំអាវុធយុទ្ធភណ្ឌដើម្បីចូលធ្វើសង្គ្រាមមួយ។ នេះជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ មេដឹកនាំចិនឬអាស៊ានទាំងអស់ សុទ្ធតែបានត្រៀមរៀបចំខ្លួន ដើម្បីឈានឆ្ពោះពង្រឹង ដែគូជាយុទ្ធសាស្ត្រអាស៊ាន ចិន។ កុំភ្លេចថា អាស៊ាន និងចិន គឺជាដៃគូយុទ្ធសាស្ត្រ។ពាណិជ្ជកម្មធំលេខមួយរបស់អាស៊ាន គឺចិននេះឯង»។ នៅក្នុងសន្និសីទនោះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញពីជំហរមិនទន់ជ្រាយរបស់កម្ពុជា ចំពោះនយោបាយការទូតជាមួយប្រទេសចិន៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរអាមេរិកចាប់ឃាត់ទុកវត្ថុបុរាណតាមការប្តឹងពីប្រទេសកម្ពុជា Posted: 06 Apr 2012 06:03 AM PDT ទីភ្នាក់ងារសហព័ន្ធនៃរដ្ឋាភិបាលអាមេរិកាំងបានឃាត់ទុកវត្ថុបុរាណខ្មែរពីសារៈមន្ទីរ Sotheby ក្នុងទីក្រុងញូវយ៉កដោយចោទប្រកាន់ថាសារៈមន្ទីរនេះបានដាក់លក់ដេញថ្លៃវត្ថុបុរាណនោះដោយខុសច្បាប់ថ្វី បើបានដឹងថាត្រូវបានលួចចេញពីប្រទេសកម្ពុជាក៏ដោយ។ វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាបានលួចពីប្រាសាទកោះកេរ (កោះកែ) ហើយមានតម្លៃរហូតដល់បីលានដុល្លារ។ វត្ថុបុរាណនោះត្រូវបានគ្រោងដាក់លក់ដេញថ្លៃនៅខែមិនាឆ្នាំ២០១១ប៉ុន្តែត្រូវបានដកចេញវិញភ្លាមៗនៅនាទីចុងក្រោយក្រោយពី មានការប្តឹងជំទាស់ពីប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅថ្ងៃសុក្រនេះ។ (ប្រភព៖ ញូវយ៉កថែមស៍ និង វីអូអេខ្មែរ) សេចក្តីរាយការណ៍ពីមុនទាក់ទងរឿងនេះ៖
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ក្រុមប្រឆាំងនៃប្រទេសស៊ីរីបានរាយការណ៍ពីអំពើហិង្សាកាលពីពេលថ្មីៗនេះនៅក្នុងតំបន់មួយចំនួននៃប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ ដោយតិចជាងមួយសប្តាហ៍មុនពេលដែលបទឈប់បាញ់គ្នាមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិចូលជាធរមាន។ អង្គការអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) បានប្រាប់VOAថាកងទ័ពរដ្ឋាភិបាលបានប្រយុទ្ធជាមួយពួកឧទ្ទាមនៅក្នុងសង្កាត់ជាច្រើនជាយក្រុងដាម៉ាស (Damascus)។ អង្គការសិទ្ធិមនុស្សនោះ បានប្រាប់ឲ្យដឹងទៀតថាកងទ័ព៣នាក់បានស្លាប់។ ការប៉ះទង្គិចគ្នា ក៏បានផ្ទុះឡើងនៅតំបន់ហូមស៏ (Homs) ភាគកណ្តាល បន្ទាប់ពីក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹងរដ្ឋាភិបាលបានបើកការបាញ់ប្រហារទៅលើក្រុមស្រ្តីដែលបានសម្លាប់ពួកគេ២នាក់និងធ្វើឲ្យរបួស៤នាក់។ កាលពីថ្ងៃព្រហស្បត៍នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon បានព្រមានថាជម្លោះនៃប្រទេសស៊ីរី បានរីកកាន់តែធំឡើងហើយការវាយប្រហារដោយកងទ័ពរដ្ឋាភិបាលទៅលើតំបន់ជនស៊ីវិលរស់នៅមិនបានបង្ហាញនូវការធ្លាក់ចុះទេ ទោះបីមានការធានាអះអាងថារដ្ឋាភិបាលទីក្រុងដាម៉ាសបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញទីក្រុងសំខាន់ៗក៏ដោយ។ ស.រ.អា៖ ក្រសួងការបរទេសរុស្ស៊ីកំពុងរិះគន់សហរដ្ឋអាមេរិកចំពោះការបញ្ជាឲ្យអ្នកលក់ដូរអាវុធជាតិរុស្ស៊ី Viktor Bout ឱ្យជាប់គុក២៥ឆ្នាំ។ ម៉ាលី៖ ពួកឧទ្ទាម ទូអារេក (Tuareg) ក្នុងប្រទេសម៉ាលីភាគខាងជើង បានប្រកាសឯករាជ្យនៅថ្ងៃសុក្រនេះ ហើយបានសុំឲ្យមានការទទួលស្គាល់ពីអន្តរជាតិចំពោះអ្វីដែលពួកគេហៅថាប្រទេសជាតិ អាហ្សាវ៉ាដ (Azawad)។ ស.រ.អា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ដែលនឹងធ្វើឲ្យមានភាពងាយស្រួលឡើងសម្រាប់ពាណិជ្ជកម្មថ្មីៗដើម្បីរៃអង្គាសប្រាក់ពីអ្នកវិនិយោគទុន។ ចិន៖ បណ្តាញផ្សាយព័ត៌មានរដ្ឋ ប្រាប់ឲ្យដឹងថាបុរសម្នាក់ដែលកាលពីពេលមុនបានត្រូវគេចាត់ទុកជាពិរុទ្ធជនកំពូលរបស់ចិននោះ បានឡើងតុលាការនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានតស៊ូនឹងការនិរទេសខ្លួនពីប្រទេសកាណាដាអស់រយៈពេលមួយទសវត្សរ៍។ ម៉ាឡាវី ៖ ប្រភពសុខាភិបាលប្រាប់ឲ្យដឹងថា លោក ប៊ីងហ្គូ វ៉ា មូថារីកា (Bingu Wa Mutharika) ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបានទទួលមរណភាពបន្ទាប់មានជំងឺគាំងបេះដូង ប៉ុន្តែ មិនមានការប្រកាសជាផ្លូវការអំពីមរណភាពរបស់លោកទេ។ បូស្ន៊ី៖ ផ្លូវដ៏សំខាន់មួយនៃរដ្ឋធានី សារ៉ាយ៉េវ៉ូ (Sarajevo) តម្រៀបទៅដោយកៅអីពណ៌ក្រហមចំនួន១១,៥៤១ កៅអីនីមួយៗសម្រាប់បុរសម្នាក់ស្ត្រីម្នាក់និងកូនក្មេងម្នាក់ដែលបានត្រូវសម្លាប់នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងកាលពី២០ឆ្នាំមុន។ ស.រ.អា៖ អ្នកសេដ្ឋវិទូកំពុងព្យាករណ៍ថានិយោជកសហរដ្ឋអាមេរិក បានបន្ថែមការងារយ៉ាងហោចណាស់ក៏ជាង២សែនកន្លែងដែរនៅក្នុងខែមិនា នៅពេលដែលក្រសួងការងារបញ្ចេញសេចក្តីរាយការណ៍ពីអត្រាគ្មានការងារធ្វើប្រចាំខែនៅថ្ងៃសុក្រនេះ។ អាហ្វហ្គានីស្ថាន៖ ពួកមន្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថានខាងត្បូងនិយាយថារថយន្តដឹកប្រេងឥន្ធនៈរបស់អង្គការអូតង់ (NATO) បានបុកគ្នាដោយសម្លាប់មនុស្ស៧នាក់និងធ្វើឲ្យមនុស្ស៣នាក់ទៀតរងរបួស។ នីហ្សេរីយ៉ា៖ ពួកអាជ្ញាធរនីហ្សេរីយ៉ា និយាយថាពួកគេបានរឹបអូសយកឧបករណ៍គ្រឿងផ្ទុះនិងប្រដាប់បាញ់គ្រាប់រ៉ុកកែតរាប់សិបគ្រឿងក្នុងអំឡុងពេលនៃការវាយឆ្មក់ទៅលើផ្ទះ២កន្លែងនៅក្នុងតំបន់ ហ្គូមបេ (Gombe) ភាគខាងជើងដែលមានការច្រួលច្របល់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ការស្រោចស្រង់វិបត្តិហិរញ្ញវត្ថុជាមូលហេតុដែលត្រូវបោះឆ្នោតគាំទ្រលោក៖ សារកូស៊ី Posted: 06 Apr 2012 04:03 AM PDT ប្រធានាធិបតីបារំាង លោក នីកូឡា សារកូស៊ី (Nicolas Sarkozy) ព្រមានអ្នកបោះឆ្នោតបារំាង នៅថ្ងៃព្រហស្សត៍នេះថា គេត្រូវបោះឆ្នោតឲ្យលោកម្ដងទៀត ដើម្បីលោកអាចបន្ដគម្រោងការកាត់បន្ថយ ប្រាក់ចំណាយរបស់រដ្ឋាភិបាល បើពុំនោះគេនឹងប្រឈមវិបត្ដិបំណុល ដូចប្រទេស ក្រិក និង ប្រទេស អេស្បាញ។ នៅប្រមាណ១៧ ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតវគ្គទីមួយ លោក សារកូស៊ី ថ្លែងថា បារាំង បានប្រឈមនឹងជំរើសប្រវត្ដិសាស្រ្ដ រវាង វិធានការរឹតត្បឹតរបស់លោក ឬ ការវិលត្រឡប់មករកមហន្ដរាយនៃការចំណាយគ្មានព្រំដែន។ សកលលោក៖ សេចក្ដីរាយការណ៍មូយនិយាយថា តំបន់អាហ្វ្រិកនិងអាស៊ីនឹងពើបប្រទះនឹងចំនួនមនុស្សកើតដ៏ច្រើនលើសលុបក្នុងរយៈពេល៤ទសវត្ស៍ខាងមុខនេះ។ ចំនួនមនុស្សរស់នៅតំបន់ក្រុងនឹងកើនជិត៣ ដងពី៤១៤លាននាក់ដល់១ពាន់២រយលាននាក់នៅឆ្នាំ២០៥០ ហើយនៅអាស៊ីចំនួនមនុស្សកើនពី២ ពាន់លាននាក់ឡើងដល់៣ពាន់៣រយលាននាក់។ អឺរ៉ុប៖ សម្ដេចប៉ាបបេណេឌិច បានផ្សព្វផ្សាយការស្ដីបន្ទោសរបស់ព្រះអង្គមកលើ អាចារ្យណាដែល មានសំណួរ អំពី ការបង្រៀន របស់វិហ៊ារកាតូលិចពី ភាពគ្មានប្រព័ន្ធនិងការអនុញាតឲ្យស្រីបួស។សម្ដេចប៉ាប មានព្រះឪង្ការថា ក្រុមអាចារ្យដែលអំពាវនាវឲ្សស្រ្ដីចូលរួមធ្វើជាអាចារ្យព្រះអង្គ ដោយថ្លែងថាវិហារកាតុលិចមិនបានទទួលអំណាចពីព្រះជាម្ចាស់ ឲ្យបំបួស ស្រ្ដីទេ។ បារាំង៖ និយាយថា ប៉ូលិសម៉ាឡេស៊ី បានចាប់ឃុំមនុស្ស ១៣៧នាក់ កាលពីថ្ងៃព្រសហ្ស៍ ភាគច្រើនជាជនជាតិចិន និង តាយវ៉ាន ។ ប៉ូលិសបានវាយបំបែក ការភ្នល់បាល់ទាត់ លេងដោយក្រុមកីឡាករ អង់គ្លេស។ ម៉ាឡេស៊ី៖ បានបដិសេធ កាលពីថ្ងៃព្រហស្ស៍នេះ ថា ប្រទេសរស់នៅដោយអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននោះបានរាំងខ្ទប់ការសំដែងល្ខោនដោយក្រុម បាឡេ ពីប្រទេស សិង្ហបូរី ដោយសារ តែ ស្រ្ដី របាំ ស្លៀកពាក់ខ្លី ក្រណាត់តិចតួច។ ស៊ីរី៖ ប្រិយសិតពិសេសរបស់សម្ពន្ធភាព អារ៉ាប់ និង អ.ស.ប លោក កុហ្វីអាណាន់ និយាយថា បទឈប់បាញ់គ្នា នៅក្នុងប្រទេសស៊ីរី ត្រូវចូលជាធរមាន នៅថ្ងៃទី១២ ខែ មេសា តែ លោក សារភាពថា មានដំណើរយឺតទៅមុខ ក្នុងការបញ្ចប់អំពើឃោរឃៅ ចេញមកពីការវាយបង្រ្កាបរបស់រដ្ឋាភិបាលស៊ីរី មកលើក្រុមបាតុករ។ ប៉ាគីស្ថាន៖ រិះគន់ សរអ ដែល ដាក់រង្វាន់ ១០ លាន ដុល្លារ ដល់នរណា ដែលរកឃើញអ្នកបង្កើតក្រុមសកម្មជនប្រយុទ្ធ ទទួលខុសត្រូវក្នុងការវាយប្រហារ មកលើទីក្រុងហិរញ្ឌវត្ថុ មុមបៃ ប្រទេសឥណ្ឌាដែលបានសម្លាប់មនុស្ស ជាង ១៦៦ នាក់។ អាហ្វហ្គានីស្ថាន៖ ជនប្រដាប់អាវុធ ដែលត្រូវគេនិយាយថាក្រុមតាលីបាន បានធ្វើការវាយប្រហារ ពេលល្ងាចថ្ងៃពុធនៅក្នុងស្រុក ខាគី សាហ្វេដ ហើយបានបាញ់សម្លាប់ក្រុមជីវពលគំាទ្រដោយរដ្ឋាភិបាលយ៉ាងតិច ៨ នាក់។ អាហ្រ្វិកខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេស អាហ្វ្រីកខាងត្បូង និយាយថា ការលួចបាញ់សម្លាប់ សត្វ រមាស កើនកម្រិត ក្នុងឆ្នាំនេះ សត្វរមាស ១៥៩ ក្បាលបានត្រូវគេបាញ់សម្លាប់ ពាសពេញ ប្រទេស ក្នុងឆ្នាំនេះ ហើយ ភាគច្រើន នៃការសម្លាប់នេះ កើតឡើងនៅក្នុងសួនឧទ្យានជាតិ ។ ក្រិក៖ ជនជាតិក្រិកម្នាក់ចូលនិវត្ដដោយទទួលប្រាក់បៀវត្ស ហើយបាញ់សម្លាប់ខ្លួនឯងនៅលើទីលានសាធារណៈក្នុងក្រុងអាថែន ក្នុងសប្ដាហ៍នេះនិយាយថាគាត់ធ្វើអត្ដឃាត ដោយសារតែរដ្ឋាភិបាលប្រើវិធានការរឹតត្បិតខាងហិរញ្ញវត្ថុដែលធ្វើឲ្យគាត់គ្មានសល់មួយសេន។ រុស្ស៊ី៖ ឈ្មួញទិញដូរអាវុធជនជាតិ រុស្ស៊ី វិកទ័រ បោត (Viktor Bout) នឹងទៅបង្ហាញមុខនៅតុលាការក្រុងញូយ៉កនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្ដាប់អំពីពេលវេលាដែលត្រូវជាប់ក្នុងគុកពី២៥ឆ្នាំដល់មួយជីវិតពីបទភេរវកម្ម។ ម៉ាលី៖ អនុប្រធានាធិបតីម៉ាលីបានស្នើទៅកាន់ប្រទេសជាតិឲ្យបន់ស្រន់សុំជួយស្រោចស្រង់ជីវិត ប្រធានាធិបតី បីនហ្គូ វ៉ា ម៉ូថារីកា (Bingu wa Mutharika) ដែលបានត្រូវយកទៅមន្ទីរពេទ្យដោយបន្ទាន់នៅក្នុងរដ្ឋធានីលីឡុងវ៉េ ក្រោយពីលោកសន្លប់កាលពីថ្ងៃព្រហស្បតិ៍ ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អាស៊ានមិនទាន់សម្រេចជំហរួមសម្រាប់ចរចាជាមួយចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង Posted: 05 Apr 2012 06:38 PM PDT សមាជិកអាស៊ានក្រោមភាពជាម្ចាស់ផ្ទះរបស់កម្ពុជាដែលស្និទ្ធជាមួយប្រទេសចិនខកខានក្នុងការធ្វើឲ្យមានការយល់ព្រមជាឯកឆន្ទក្នុងការស្វែងរកវិធីដោះស្រាយជម្លោះជាមួយប្រទេសចិនជុំវិញបញ្ហាព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន។ ប្រទេសសមាជិកខ្លះរួមទាំងវៀតណាមនិងហ្វីលីពីនដែលមានជម្លោះជាមួយចិននិងប្រទេសមួយចំនួនជាសមាជិកអាស៊ានពុំបានឈានដល់កិច្ចព្រមព្រៀងគ្នាលើការតាក់តែងក្រមប្រតិបត្តិមួយដែលហៅថា Code of Conduct( COC) ឬ ក៏ត្រូវពិភាក្សាជាមួយចិនយ៉ាងណាទេក្នុងកិច្ចប្រជុំកំពូលអាស៊ាន២ថ្ងៃ ដែលចប់កាលពីថ្ងៃពុធ។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជាដែលជាប្រធានដឹកនាំកិច្ចប្រជុំ កំពូលអាស៊ានលើកទី២០បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថាមកដល់ពេលនេះយើង(អាស៊ាន)មិនទាន់មានការពិភាក្សាលម្អិត មិនទាន់មានចំណុចរួមដើម្បីពិភាក្សាជាមួយចិននៅឡើយទេ។តែមានសេចក្តីព្រាងពីប្រទេសមួយចំនួន។ «ក៏ប៉ុន្តែយើងមិនទាន់មានចំណុចរួមពាក់ព័ន្ធនឹងបញ្ហានេះដើម្បីជជែកពិភាក្សាជាមួយចិននៅឡើយទេ។យើងនឹងខិតខំធ្វើកិច្ចការងារនេះបន្ត។តែការចាប់ផ្តើមរបស់យើងត្រូវធ្វើដំណាលគ្នាជាមួយនឹងការចាប់ផ្តើមជាមួយចិនផងដែរដោយមិនចាំបាច់ថាទាល់តែអាស៊ានគឺថាមានការឯកភាពជំហរទាំងស្រុងហើយបានដាក់លើតុទៅគាបសង្កត់ចិននោះទេ»។ លោក ហ៊ុនសែនបានអះអាងដែរថាបញ្ហាដោះសា្រយជម្លោះជាមួយចិនរឿងព្រំដែនសមុទ្រនេះនឹងត្រូវការពេលវេលា ការពិចារណាល្អិតល្អន់តាមការចង់បានរបស់អាស៊ានផងនិងចិនផងហើយត្រូវធ្វើតាមវិធីឈ្នះៗមិនមែនវិធីចាញ់ៗទេ។ «ហើយបន្តទៅទៀតយើងនឹងដំណើរការជាបន្តបន្ទាប់ទៅតាមអ្វីដែលជាការព្រមព្រៀងរវាងអាស៊ានចិន។ មិនអាចដំណើរការតែខាងអាស៊ានដោយចិនមិនយល់ព្រមឬដំណើរការតែចិនដោយអាស៊ានមិនយល់ព្រម។ ត្រូវមានការយល់ព្រមទាំងសងខាង»។ តំបន់ជម្លោះនៅព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិនត្រូវគេចាត់ទុកថាជា ច្រកដឹកជញ្ជូនទំនិញយ៉ាងធំធេងគឺដល់ទៅ១ភាគ៣នៃទំនិញសរុបក្នុងពិភពលោក។ តំបន់នេះត្រូវគេអះអាងថាសម្បូរទៅដោយរ៉ែធនធានធម្មជាតិដ៏សម្បូរណ៍បែបជាច្រើនផ្សេងៗទៀត។ តំបន់នេះកំពុងបន្តមានការប្រទាញប្រទង់ ដំឡើងសាច់ដុំប្រដាប់អាវុធដាក់គ្នារវាងបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនដូចជាវៀតណាម ហ្វីលីពីន ជាមួយចិនទោះបីចិននិងអាស៊ានបានចុះ ហត្ថលេខាលើសេចក្តីប្រកាសរួមមួយកាលពី១០ឆ្នាំមុនក្តី។ លោករដ្ឋមន្ត្រី្កការបរទេសហ្វីលីពីន Albert Del Rosario បានអះអាងថា ជំហររបស់ហ្វីលីពីននៅដដែលគឺថាបញ្ហាត្រូវដោះស្រាយដោយសន្តិវិធី។ ហើយ អាស៊ាន ព្យាយាមបញ្ចប់សេចក្តីព្រាងCOCនៅឆ្នាំនេះក្រោមភាពជាប្រធានរបស់កម្ពុជា។ «បញ្ហានេះចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធីទៅតាមទម្រង់ច្បាប់ជាមូលដ្ឋាន។ហើយធាតុផ្សំថ្មីៗដែលយើងបានផ្តល់គឺជាសេចក្តីព្រាងក្រមប្រតិបត្តិ COC និងការដាក់បញ្ចូលនូវធាតុផ្សំសំខាន់ៗដែលពិតណាស់ត្រូវបង្កើតឡើងដោយផ្ទៃក្នុងអាស៊ានសិនមុនពេលឲ្យចិនចូលរួម»។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីនមានលក្ខណៈផ្ទុយគ្នាខ្លះជាមួយអត្ថាធិប្បាយរបស់លោក ហ៊ុនសែនដែលជាប្រធានអាស៊ាន។ តែលោក Marty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានមើលឃើញថា ប្រទេសចិនពេលនេះហាក់ដូចជាចង់ចូលរួមពាក់ព័ន្ធពិភាក្សាបញ្ហាក្រមប្រតិបត្តិលើជម្លោះដែនសមុទ្រភាគខាងត្បូងនៃប្រទេសចិន។ «ដូច្នេះបញ្ហានេះគឺជារឿងវិជ្ជមាន។ក៏ប៉ុន្តែជាការណ៍ពិតអាស៊ានដែលបានអនុវត្តហើយនោះ នឹងបង្កើតគោលជំហររបស់ខ្លួនដូចដែលអាស៊ានបានដំណើរការ។ ហើយក្នុងពេលជាមួយគ្នានេះ(អាស៊ាន)ត្រូវបើកចំហខ្លួនដើម្បីស្វែងយល់យោបល់របស់ចិន។ ក៏ប៉ុន្តែខ្ញុំគិតថានីតិវិធីជាទូទៅនោះគឺអាស៊ានត្រូវមានជំហរមួយ»។ ក្រមប្រតិបត្តិCOCដែលអាចផ្តល់ផលប្រយោជន៍ដល់ចិននិងអាស៊ាននោះត្រូវក្រុមអ្នកវិភាគចាត់ទុកថាគឺជាច្បាប់មួយដើម្បីចងបណ្តាប្រទេសដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងហ្នឹងកុំឲ្យប្រើប្រាស់នូវអាវុធនិងជំរុញនូវកិច្ចសហប្រតិបត្តិការល្អជាពិសេសទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គ្រោះមហន្តរាយ ការបង្រ្កាបចោរសមុទ្រ បញ្ហាបរិដ្ឋាននិងមិនត្រូវមានសកម្មភាពអ្វីមួយដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ជាដើម។ លោក ឈាង វណ្ណារិទ្ធិ នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការ និងសន្តិភាពបានយល់ថាការយោគយល់របស់ប្រទេសជាសមាជិកអាស៊ាន និង ការគិតគូពីល្បឿននិងពេលវេលាសមរម្យគឺជារឿងសំខាន់សម្រាប់បញ្ជៀសបញ្ហាប្រេះឆាក្នុងសមាគមអាស៊ានដែល សមាជិកមួយចំនួនមានបញ្ហាជាមួយប្រទេសចិនទាក់ទងនឹងដែនសមុទ្រភាគខាងត្បូងប្រទេសចិន។ «ឧទាហរណ៍ថាបណ្តាប្រទេសដែលមានជម្លោះសមុទ្រចិនខាងត្បូងហ្នឹងគាត់ជំរុញខ្លាំងពេក អញ្ចឹងទេគាត់អាចធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀតដែលពុំមានពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងហ្នឹងមានសម្ពាធ។ ដូច្នេះ ជាការណ៍មិនល្អដែរ។ យើងត្រូវមើលល្បឿនមួយណាដែលយើងត្រូវយកឲ្យវាសមរម្យទទួលយកបានទាំងអស់គ្នា។ កុំឲ្យមួយទៅលឿនមួយទៅយឺត។អញ្ចឹងទេបញ្ហាដែលសំខាន់បំផុតនោះគឺថាល្បឿន»។ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជឿថាជម្លោះអាចបន្ថយភាពតានតឹងបានប្រសិនបើក្រមប្រតិបត្តិអាចតាក់តែងបានសម្រច។ «ប្រទេសដែលមានជម្លោះតូចៗជាមួយចិនដោយសារអំណាចចិនខ្លាំងផងប្រទេសតូចៗចង់ឲ្យមានយន្តការជាក្រុមសាមគ្គីគ្នានៅក្នុងអាស៊ានដើម្បីចរចាជាមួយចិនជាជាងការចរចាទ្វេភាគីរវាងប្រទេសតូចមួយនិងប្រទេសចិនមួយ។ ហើយនេះជាគន្លឹះមួយដែលប្រទេសចិនមិនចង់បាន។ ហើយចិនបាន ជំរុញឲ្យប្រទេសកម្ពុជាជួយធ្វើម៉េចឲ្យបញ្ជៀសនូវការយកជម្លោះហ្នឹងទៅជជែកជាអន្តរជាតិ» ប្រធានាធិបតីចិន ហ៊ូ ជិនតាវបានបំពេញទស្សនកិច្ចរយៈបួនថ្ងៃនៅកម្ពុជាគឺនៅមុនពេលកិច្ចប្រជុំអាស៊ានហើយត្រូវគេអធិប្បាយថាអាចមានឥទ្ធិពលនយោបាយលើរដ្ឋាភិបាលកម្ពុជាលើរឿងជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិនខណៈដែលកម្ពុជាជាម្ចាស់ផ្ទះឬជាប្រធានអាស៊ាននោះ។ កម្ពុជាទទួលបានការសន្យាផ្តល់ជំនួយជាច្រើនលានដុល្លារស.រ.អាបន្ថែមទៀតក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ូនេះ។ លោក ហ៊ុន សែនបដិសេធពីឥទ្ធិពលនេះដោយបានធ្វើការព្រមានដល់អ្នកវិភាគមួយចំនួនដែលបាននិយាយពីបញ្ហានេះ។ ក៏ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងរួមមួយរវាងកម្ពុជានិងចិនក្រោយពីបញ្ចប់ទស្សនកិច្ច របស់លោកហ៊ូកាលពីថ្ងៃទី២ ខែមេសានោះភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តគោរពតាមសេចក្តីថ្លែងការណ៍រួមដែលចិនចុះហត្ថលេខាជាមួយ អាស៊ាន និងប្តេជ្ញាធ្វើឲ្យសមុទ្រភាគខាងត្បូងប្រទេសចិនក្លាយជាដែនសមុទ្រ សន្តិភាព ស្ថិរភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។ ក្រុមអ្នកវិភាគចង់ឃើញកម្ពុជាត្រូវស្តាប់តាមសមាជិកអាស៊ានដែលជាប្រទេស មានសក្តានុពលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយដទៃទៀតផងដែរ ជៀសជាងការលំអៀងទៅរកប្រទេសមហាអំណាចចិនតែមួយហើយនាំឲ្យមានការប្រេះឆាក្នុងរង្វង់ប្លុកអាស៊ាន១០ប្រទេស។ សមាគមអាស៊ាន១០ប្រទេសនិងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅពាក់កណ្តាលឆ្នាំនេះ ដើម្បីពិភាក្សាអំពីកិច្ចការសន្តិសុខក្នុងតំបន់និងបញ្ហាផ្សេងៗទៀតហើយគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅជុំបញ្ចប់នៅចុងឆ្នាំនេះដែលមាន ប្រមុខដឹកនាំរដ្ឋាភិបាលសំខាន់ៗជាច្រើនត្រូវចូលរួម។ ប្រទេសអាស៊ានទាំង១០ មានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ម៉ាឡេស៊ី ភូមា សឹង្ហបូរី ថៃ និងវៀតណាម៕ This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ ០៥ មេសា ២០១២៖ តួនាទីនៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា Posted: 05 Apr 2012 04:44 PM PDT លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានអះអាងថាប្រទេសកម្ពុជាត្រូវ ការរដ្ឋបាលរឹងមាំ ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា បើពុំដូច្នោះទេ លោកថានឹងមានអស្ថេរភាពសង្គម។ លោកឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមេសាឆ្នាំ២០១២។ «បើកម្ពុជាមិនមានរដ្ឋបាលខ្លាំងទេ កម្ពុជាមិនបានឆ្លើយតបទៅនឹងការផ្លាស់ប្តូរសង្គមទេ។ ពេលនោះនឹងមានការលំបាក ហើយការអនុវត្តច្បាប់ឬកំណែរទម្រង់ ផ្សេងទៀតគ្មានប្រសិទ្ធភាពទេ។ នោះអាចនឹងនាំទៅដល់អសន្តិសុខសង្គម»។ លោកថ្លែងថា មានកំណែរទម្រង់ជាច្រើនក្នុងរដ្ឋាភិបាលនិងសភានិងប្រព័ន្ធយុត្តិធម៌ ការចែករំលែកអំណាចដល់ថ្នាក់មូលដ្ឋាននិងបញ្ហាផ្សេងៗទៀតចាំបាច់ត្រូវកែទម្រង់តាមការវិវត្តសង្គមនិងពិភពលោក ដើម្បីបង្កបរិយាកាសងាយស្រួលដល់ពលរដ្ឋបានរស់នៅក្នុងសុភមង្គល។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |