VOA News: ព័ត៌មាន: “តុលាការ​ខ្មែរ​ក្រហម​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ភាគី​កម្ពុជា” plus 3 more

VOA News: ព័ត៌មាន: “តុលាការ​ខ្មែរ​ក្រហម​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ភាគី​កម្ពុជា” plus 3 more


តុលាការ​ខ្មែរ​ក្រហម​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ភាគី​កម្ពុជា

Posted: 05 Apr 2012 07:27 AM PDT

ក្រុម​អ្នក​សង្កេតការណ៍​ដែល​តាមដាន​មើល​តុលាការ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ដែល​កំពុង​មាន​រឿង​ចម្រូងចម្រាស​និយាយ​ថា​ ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​តែ​កើន​ឡើង​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មិន​មាន​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត​ដល់​ជន​សង្ស័យ​ដែល​នៅ​សេសសល់​ទេ។

តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​កាត់ទោស​អតីត​​មេ​ខ្មែរ​ក្រហម​ម្នាក់​រួច​ហើយ​​​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ហើយ​កំពុង​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​ទី​ពីរ​​ប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​បី​នាក់​ដែល​កំពុង​រស់រាន​មាន​ជីវិត​នៅ​ឡើយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ភូមា-អាមេរិក៖ សហរដ្ឋ​អាមេរិក​កំពុង​តែ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ​ដែល​មាន​រយៈពេល​យូរ​មក​ហើយ​លើ​ប្រទេស​ភូមា​ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​អាច​ជួយ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​កែទម្រង់​បន្ថែម​ទៀត ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ដ៏​ធំ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​គ្លីនតុន​ និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ រដ្ឋបាល​ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​តែងតាំង​ឯកអគ្គរដ្ឋទូត​មួយ​រូប​ប្រចាំ​ប្រទេស​ភូមា។ សហរដ្ឋ​អាមេរិក​ក៏​នឹង​បង្កើត​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (USAID) ប្រចាំ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)។

ស៊ីរី៖ កងកម្លាំង​ការពារ​សន្តិភាព​មួយ​ក្រុម​របស់​អង្គការ​សហប្រជាជាតិ​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​បេសកកម្ម​មួយ​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងទ័ព​របស់​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​អ្នក​បះបោរ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។

ស.រ.អា/កូរ៉េខាងជើង៖ អតីត​ប្រេសិត​សហរដ្ឋ​អាមេរិក​មួយ​រូប​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​និយាយ​ថា​ ​រដ្ឋបាល​លោក​អូបាម៉ា​ត្រូវ​តែ​បន្ត​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​​ក្រុង​ព្យុងយ៉ាង​ បើ​ទោះ​បី​ជា​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​នៅ​ខែ​នេះ​ក៏​ដោយ។

បាគីស្ថាន៖ អ្នកដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​និង​ក្រុម​ខ្មាន់​កាំភ្លើង​មួយ​ក្រុម​បាន​បើក​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​សំដៅ​លើ​​ក្រុម​ប៉ូលីស​ក្នុង​ទី​ក្រុង​ដ៏​ធំ​ជាង​គេ​មួយ​របស់​ប្រទេស​បាគីស្ថាន។​ ប៉ូលិស​និយាយ​ថា​ មាន​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​មនុស្ស​១៣​នាក់​ទៀត​រង​របួស​នៅ​ពេល​ដែល​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​រថយន្ត​ដឹក​មេ​ប៉ូលិស​ស្រុក។

ចិន៖ ក្រុម​លួច​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កម្រិត​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ហៅ​ថា​ «ក្រុម​អនាមិក»​ (Anonymous) និយាយ​ថា ​ក្រុម​ខ្លួន​បាន​វាយ​ប្រហារ​គេហទំព័រ​រាប់រយ​របស់​ប្រទេស​ចិន​ដោយ​រួម​ទាំង​គេហទំព័រ​រដ្ឋាភិបាល​ចិន​ជា​ច្រើន​ផងដែរ​ដើម្បី​ជា​ការ​​តវ៉ា​នឹង​គោល​នយោបាយ​រឹតត្បិត​តឹងរ៉ឹង​​របស់​ប្រទេស​ចិន​លើ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។

ចិន៖ ប្រទេស​ចិន​និយាយ​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ទេសចរ​ទៅ​ទស្សនា​​ប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ជា​ចំណាត់​ការ​មួយ​ដែល​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មាន​ការ​តាន​តឹង​ថែម​ទៀត​នៅ​លើ​តំបន់​ដែន​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នេះ។

សេណេហ្គាល់៖ ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​សេណេហ្គាល់​ លោក ម៉ាកឃី ស៉ល (Macky Sall) បាន​បង្ហាញ​ឈ្មោះ​គណៈរដ្ឋមន្រ្តី​ដំបូង​របស់​លោក​តែ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អេស្ប៉ាញក៏​ត្រូវការ​ជំនួយ​សង្រ្គោះ​វិបត្តិ​ហិរញ្ញវត្ថុ

Posted: 05 Apr 2012 03:30 AM PDT

នាយក​រដ្ឋមន្ដ្រី​អេស្ប៉ាញ​ លោកម៉ារីយ៉ាណូ រ៉ាចូវ ​ថ្លែង​ថា​វាសនា​សេដ្ឋកិច្ច​ប្រទេសលោក​មាន​ការ​លំបាក​ខ្លាំង ​ហើយអេស្ប៉ាញ ​ប្រហែល​ត្រូវ​ការ​ជំនួយ​ថវិកា​អន្ដរជាតិ​ដើម្បី​សង្រ្គោះ។​ មេ​ដឹកនាំ​ប្រទេស​នោះ​ថ្លែង​ដូច្នោះ​ប្រាប់​កិច្ចប្រជុំ​ គណបក្ស​ប្រជាជន ​កាល​ពី​ថ្ងៃ​ពុធ​ថា ​នរណា​ដែល​មិនយល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហាសេដ្ឋកិច្ច​ជាតិ​ជា​ជន​ល្ងង់​ខ្លៅ។​ លោក​បាន​អធិប្បាយ​ថា​ អេស្ប៉ាញ​ត្រូវការ​ជំនួយ​ថវិកាដើម្បី​សង្រ្គោះ ​ក្រោយ​ពី​ សហភាពអឺរុប​បាន​ជួយ​សង្រ្គោះ​ប្រទេស​ ក្រិក​ អៀឡង់​និងព័រទុយហ្កាល់​រួចមក។

<!--IMAGE-LEFT-->

សហរដ្ឋអាមេរិក៖ យោធាអាមេរិក​បាន​ចេញ​បញ្ជា​ជា​ផ្លូវការ​ឲ្យ​តុលាការ​យោធាបើក​ការ​កាត់​ទោសជន​សង្ស័យ​៥នាក់ ​ដែល​ជា​អ្នក​ផ្ដើម​គំនិត​រៀបចំ​ផែនការ​វាយប្រហារ​​ភេរវកម្ម​មកលើ​អាមេរិកនៅ​ថ្ងៃ​ទី​១១ កញ្ញា ២០០១ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​៣​ពាន់​នាក់​។ មន្ដ្រី​នៃ​ក្រសួងការ​ពារ​ជាតិ​ នៃ​មន្ទីរ​ប៉ង់តាហ្គោន ​ថ្លែង​នៅថ្ងៃ​ពុធ​នេះ​ថា​ខាលីដ សៀក មហាម៉ាត់​ និង​ជន​៤​នាក់​ទៀត​ជាប់​គុក​នៅ​​ហ្កាន់តាណាម៉ូ​ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម ​ដោយ​បាន​ប្លន់​យន្ដហោះ​ការ​ឃុបឃិត​និង​ឃាតកម្ម។​

ប៉ាគីស្ថាន៖ រដ្ឋាភិបាល​ប៉ាគីស្ថាន​ថ្លែង​ថា​ ខ្លួន​ត្រូវ​ការ​ភស្តុតាង​ជាក់លាក់​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​អ្នក​បង្កើត​ក្រុម​សកម្ម​ប្រយុទ្ធ ​ដែល​គេ​ចោទ​ថា​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​ក្រុង​ម៉ុមបៃ​នៅ​ឆ្នាំ​២០០៨​  មួយថ្ងៃ​ក្រោយ​ពីរដ្ឋាភិបាល​វ៉ាស៊ីនតោន​ប្រកាស​ឲ្យ​រង្វាន់​១០​លាន​ដុល្លារ​ដល់​អ្នក​ណា​មួយ​ដែល​ផ្ដល់​ព័ត៌មាន​នាំ​ទៅ​រក​ចាប់​ខ្លួន​និង​ កាត់​ទោស​ជន​នោះ។​

ស៊ីរី៖ កង​កម្លាំង​ស៊ីរី​បាន​បើក​ការ​វាយ​ប្រហារ​ថ្មី​មូយ​ក្នុង​កិច្ច​ប្រតិបត្ដិការ​យោធា​នៅ​តំបន់​ជា​ច្រើន​កាល​ពី​ថ្ងៃ​ពុធ គឺ​មិន​ដល់​​មូយ​ថ្ងៃ​ផង​ក្រោយ​ពី​ក្រុម​ឈាន​មុខ​របស់អង្គការ​សហប្រជាជាតិត្រូវ​គេ​រំពឹង​ថា​នឹង​មកដល់​ដើម្បី​បំពេញ​បេសកម្ម​រក្សា​សន្ដិភាព។​

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​ មិត រមនី​ បាន​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​មក​លើ ​ការ​តែង​តាំង​លោក​ជាបេក្ខជន​ប្រធានាធិបតី ​តាមផ្លូវ​ការ​ដោយ​គណបក្ស​របស់​លោក​និង​រៀបចំ​ការ​ប្រយុទ្ធ​ត​ទល់​នឹង​ប្រធានាធិបតី​បារ៉ាក់ អូបាមា ​ ក្រោយ​ពី​លោក​បាន​យក​ជ័យ​ជំនះ ​ផ្ដាច់​ព្រាត់ ​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

សូម៉ាលី៖ ក្រុម ​សកម្មជន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស ​សុម៉ាលី ​អាល់ សាបាប់​Al shabab ថ្លែងថា ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ នៅ​កណ្ដាល​ក្រុង​ រដ្ឋធានី​នៃប្រទេស ​សុម៉ាលី ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស ​យ៉ាងតិច​ ៨​ នាក់ ​ រាប់ទាំង​នាយក​កីឡា​បាល់ទាត់​អូឡាំពិក​ច្រើន​នាក់​ផង​ដែរ។​

អាហ្វហ្គានីស្ថាន៖ មន្ដ្រី​ផ្លូវការ​នៅអាហ្វហ្គានីស្ថាន​និយាយ​ថា​ ជន​អត្ដឃាត​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៣​នាក់ ដោយ​រាប់​ទាំង​ទាហាន​អាមេរិកាំង​៣​នាក់​ផង​ដែរ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស។

សហរដ្ឋអាមេរិក៖ ក្រុម​ព្យាករណ៍​អាកាសធាតុ​អាមេរិកាំង​បាន​ទស្សទាយ​ថា​រដូវ​ខ្យល់ព្យុះ​កំបុតត្បូង​ឆ្នាំ​២០១២​នៅ​តំបន់​អាត្លង់ទិច​​នឹង​មាន​តិច​ជាង​មធ្យម​ តែ​បាន​ព្រមាន​ថា​ប្រជាជន​រស់នៅ​តាម​បណ្ដោយឆ្នេរ​សមុទ្រ​ត្រូវ​ប្រុង​ខ្លួន​ មិន​ធ្វេសប្រហែស  នៅរដូវ​ខ្យល់ព្យុះ​នេះ ។​

ស៊ូដង់​ខាងត្បូង៖ និយាយ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​របស់​ប្រទេស​ ស៊ូដង់ ​ខណៈ​ដែល​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។​

ម៉ាលី៖ បណ្តា​គណបក្ស​នយោបាយ​ធំ​ជាង​គេ​នៅម៉ាលី​បាន​បដិសេធ​សេចក្ដី​អំពាវនាវ​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធាឲ្យ​បើក​សន្និបាត​ជាតិ​មូយ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្ដិសុខ​ និង​នយោបាយ។​

ភូមា​៖​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរដល់​ទំនាក់ទំនង​គ្នា​ជា​មួយ​ប្រទេស​ភូមា ​ក្រោយ​ពី​ប្រទេស​នោះ​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ​នៅ​ពេល​​មាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ដ​កាល​ពី​ថ្ងៃ​អាទិត្យ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ប្រមុខ​ដឹកនាំ​អាស៊ាន​ជំរុញ​ដំណោះស្រាយ​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​

Posted: 04 Apr 2012 09:21 PM PDT

ប្រមុខដឹកនាំ​ប្រទេស​ទាំង​ដប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ដដោះស្រាយ​វិបត្តិ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ចរចា​ឡើងវិញ​អំពី​សំណុំរឿង​នេះ។​

ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​ ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បិទ​បញ្ចប់​នៅ​រសៀល​នេះ​ លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន ​សែន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​ប្រមុខ​ដឹកនាំ​ប្រទេស​អាស៊ាន​បា្រថ្នា​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី​តាមរយៈ​ការ​ចរចា​អំពី​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​នោះ។

«យើង​បាន​គូស​បញ្ជាក់​អំពី​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​សុឆន្ទៈ ​និង​ ដោយ​សន្តិវិធី ​ដើម្បី​ដោះស្រាយ​អាវុធ​នុយក្លេអ៊ែ ​ឧបទ្វីបកូរ៉េ ​ពិសេស​តាមរយៈ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់ផ្តើម​ឡើងវិញ ​ដោយ​ឆាប់​រហ័ស​នូវ​កិច្ច​ចរចា​៦​ភាគី»។​

កិច្ចចរចា​ប្រាំមួយ​ភាគី​រួម​មាន​សហរដ្ឋ​អាមេរិក ​ជប៉ុន​ រុស្ស៊ី ​ប្រទេស​កូរ៉េខាងត្បូង ​ប្រទេស​ចិន ​និង​ប្រទេស​កូរ៉េ​ខាង​ជើង។​

វិបត្តិ​អាវុធ​នុយក្លេអ៊ែ​​រនៅ​កូរ៉េ​ខាងជើង​ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​នាំ​ឲ្យ​មាន​កង្វល់​​ជា​ខ្លាំង​ដល់​សន្ដិសុខ​ក្នុង​តំបន់​ និង​ក្នុង​សកលលោក។ ​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ព្យួរ​ជំនួយ​ម្ហូប​អាហារ​ដល់​ក្រុងព្យុងយ៉ាង ​បន្ទាប់​ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​ប្តេជ្ញា​បន្ដ​ធ្វើ​ការ​បាញ់​សាកល្បង​នូវ​កាំជ្រួច​វង់​ប្រតិបត្តិការ​រយៈ​ចម្ងាយ​ឆ្ងាយ​ចំនួន​ពីរ​គ្រាប់​ នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។

លោក​Albert del Rosario ​រដ្ឋមន្ដ្រី​ការបរទេស​ហ្វីលីពីនបាន​ប្រាប់​ក្រុម​អ្នក​កាសែត​មុន​នឹង​សន្និសីទ​កាសែត​ថា ​ប្រទេស​ហ្វីលីពីន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​បាញ់​សាកល្បង​គ្រាប់​កាំជ្រួច​មីស៊ីល​នេះ។​

«យើង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជា​អន្ដរជាតិ​ដើម្បី​បញ្ចុះ​បញ្ចូល​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​បញ្ឈប់​ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​ខ្លួន»។​

លោក​Surin Pitsuwan ​អគ្គលេខាធិការ​អាស៊ាន​​ បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា ​ហោ ណាំហុង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​​នៅ​មុន​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១២​នេះ ​ហើយ​​លោក​ក៏​នឹង​ត្រូវ​ទៅ​កាន់​ទីនោះ​ដែរ។​

លោក​អគ្គលេខាធិការ​អាស៊ាន​បញ្ជាក់​ថា ​លោក​ប្រមុខ​រដ្ឋាភិបាលខ្មែរ​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ដើរតួ​សំខាន់​ក្នុង​ការ​នាំ​ក្រុងព្យុងយ៉ាង​ចូល​ក្នុងស្មារតី​នៃ​វេទិកា​តំបន់​របស់​សមាគម​អាស៊ាន​ឆ្នាំ២០០០។ ​វេទិកា​នេះ​ផ្តោត​លើ​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ សន្ដិសុខ​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

«លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន​បាន​និយាយ​យោង​ដល់​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​ ដោយ​សុំឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​នាំ​ប្រទេស​កូរ៉េខាងជើង​ ចូលរួម​ចំណែក​ក្នុង​ស្មារតី​នៃ​វេទិកា​ប្រចាំ​តំបន់​របស់​សមាគម​អាស៊ាន​ឆ្នាំ ​២០០០​ ហើយ​ប្រទេស​កម្ពុជា​នឹង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ​ក្នុង​ពេល​នេះ​យើង​អាច​រួមចំណែក​បាន​ខ្លះ​ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ»។​

សូម​បញ្ជាក់​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​នេះ​បាន​សម្រេច​អនុម័ត​លើ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​តំបន់​អាស៊ាន​ ​គ្មាន​គ្រឿងញៀន ​នៅ​ឆ្នាំ​២០១៥​ ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សន្ដិសុខ ​និង​ស្ថិរភាព​ក្នុង​រង្វង់​ប្រទេស​ជា​សមាជិក​ទាំង​ដប់​ និង​ការ​ទប់ស្កាត់​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។​

ក្នុង​បរិបថ​សន្ដិសុខ​នេះ ​លោកស្រី ​យីង​ ឡាក់ ​នាយក​រដ្ឋមន្ដ្រី​ប្រទេសថៃ​ បាន​ប្រាប់​អ្នក​កាសែត​ថា​ ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា ​និង​ថៃ​នៅ​តាម​តំបន់​ព្រំដែន​មិន​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទេ។​

ជាង​នេះ​ ប្រទេស​អាស៊ាន​ទាំង​ដប់​បាន​ទទួល​ស្គាល់​ថា ​ខ្លួន​កំពុង​មាន​បញ្ហា​ប្រឈម​តទៅទៀត​សម្រាប់​ការ​បង្កើត​សហគមន៍​រួម​មួយ​ តែមួយ ​នៅ​ឆ្នាំ២០១៥។ ​ភាព​ប្រឈម​ មាន​ដូច​ជា​គម្លាត​សេដ្ឋកិច្ច​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក ​ការ​សម្រប​សម្រួល​គ្នា​​ដើម្បី​ការ​អនុវត្ត​មាន​ភាព​ស៊ីសង្វាក់​ក្នុង​គម្រោង​ការនានា ​ការ​កៀងគរ​ហិរញ្ញវត្ថុ ​និង​ការ​ប្រឈម​ក្នុង​តម្រូវការ​ចាំបាច់​សម្រាប់​ការ​សហការ ​ការពារ​សិទ្ធិពលករ ​និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ៕​

This posting includes an audio/video/photo media file: Download Now

ហ៊ុន​ សែន៖​បញ្ហា​របៀបវារៈ​សមុទ្រ​ចិនខាងត្បូង​គ្មាន​ឥទ្ធិពល​ពីចិន​ទេ​

Posted: 04 Apr 2012 06:49 PM PDT

បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រចិន​ខាង​ត្បូង​បាន​ឋិត​នៅ​ក្នុង​របៀបវារៈ​ដ៏​សំខាន់​មួយ ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ​ដែល​ទើប​នឹង​បិទ​បញ្ចប់​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

មេដឹកនាំ​បណ្តា​ប្រទេស​សំខាន់ៗ ​ទាំង​១០​ មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​មក​ជួបប្រជុំ​គ្នា​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​អង្គារ ​រហូត​មក​ដល់​ថ្ងៃ​ពុធ។​

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​ត្រូវ​បាន​លើក​យក​មក​នៅ​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដំបូង​ទេ។ ​ក៏ប៉ុន្តែ​ដោយសារ​តែ​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ នៅ​ក្នុង​សមាគម​អាស៊ាន​ គឺ​ប្រទេស​ហ្វីលីពីន ​និង​ប្រទេស​វៀតណាម​ បាន​លើក​យក​បញ្ហា​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន ​ទើប​នៅ​នាទី​ចុងក្រោយ​កម្ពុជា​បាន​សម្រេច​ដាក់​របៀបវារៈ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ ក្រោយ​ពី​បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កម្ពុជា​មិន​បាន​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន​ ក្នុង​បញ្ហា​ជម្លោះ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​ដែន​សមុទ្រចិន​ខាង​ត្បូង​គឺ​ជា​ដំណើរការ​មួយ ​មិនមែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ ឥណ្ឌូនេស៊ី ​ប្រ៊ុយនេ​ ហើយ​ឥតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​របៀបវារៈ​នៃ​បញ្ហា​សមុទ្រចិន​ខាង​ត្បូង​ ត្រូវ​មាន​ជា​រៀងរហូត ​ដ៏រាបណា ​ដល់​ដំណាក់​កាល​នៃ​ការ​កំណត់​ក្រម​នីតិប្រតិបត្តិ ​ដែល​ហៅ​កាត់​ថា​ COC។​

«គ្មាន​ការ​រារាំង​ណាមួយ​ពី​ចិន​អំពី​ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​ទេ។​ អ្វី​ដែល​ជា​ក្របខណ្ឌ​នៃ​ការ​ពិភាក្សា​នោះ​ឋិត​នៅ​ត្រង់​កម្រិត​ប៉ុណ្ណេះ។ ​វេទិកា​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​វេទិកា​រវាង​អាស៊ាន​ និង​ចិន។ ​មិនមាន​វេទិកា​ណា​មក​ជំនួស​បាន​ទេ»។​

មុន​ពេល​ដែល​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លោក​ប្រធានាធិបតី​ចិន ​ហ៊្វូ ​ជីនតាវ​បាន​មក​ទសន្សកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​បួន​ថ្ងៃ ​ដោយ​បាន​នាំយក​មក​នូវ​ជំនួយ​ប្រមាណ​ជិត​៥០០​លាន​យ៉ាន់ ​មក​ដល់​ប្រទេស​កម្ពុជា។​ ​ប្រទេស​ចិន ​ក៏​បាន​ផ្តល់​សម្ភារៈ​បច្ចេកទេស​ទំនើបៗ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ផងដែរ។​

ការ​ផ្តល់​ថវិកា ​និង​សម្ភារៈ​បច្ចេកទេស​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាមៗ​នេះ ​បាន​បង្ក​ឲ្យ​មាន​ការិះគន់​ថា​ ទំនង​ជា​សង្ស័យ​ថា ​ការ​ផ្តល់​ជំនួយ​ទាំង​នេះ ​ជា​ថ្នូរ​មិន​ឲ្យ​កម្ពុជា​ដាក់​របៀប​វារៈ​ នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​បាន​មាន​ប្រសាសន៍​ទៀត​ថា​ អាស៊ាន​មិន​ទាន់​ចុះ​សម្រុង​គ្នា​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ​ហើយ​ក៏​មិន​ទាន់​ដល់​ចំណុច​រួម​នៃ​បញ្ហា​ដែល​ត្រូវ​ជជែក​គ្នា​ជាមួយ​ចិន​ផងដែរ។​

ប្រទេស​ចិន​ចង់​ឲ្យ​ដាក់​បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ចិន​តែ​ប៉ុណ្ណោះ ​ដោយ​មិន​ចង់​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ទេ។​

លោក Surapomg Tonijakchaikul រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ បញ្ហា​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង ​គួរតែ​ជជែក​គ្នា​រវាង​ចិន ​និង​បណ្តា​ប្រទេស ​ដែល​មាន​តំបន់​ត្រួត​ស៊ីគ្នា។ ​ដូច្នេះ ​គេគួរ​តែ​ដោះស្រាយ​បញ្ហា​នេះ​ក្រៅ​ទ្វេភាគី។​

លោក Albert Del Rosario រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​មាន​ប្រសាសន៍​ថា​ គោលដៅ​របស់​លោក​ចង់​ឲ្យ​បញ្ចប់​នូវ​សេចក្តីព្រាង​នៃ​ក្រមនីតិ​ប្រតិបត្តិ ​COC​ ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើក​ក្រោយ។​

«ជា​ការណ៍​ពិត ​គោលជំហរ​របស់​យើង​ គឺ​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិភាព​ ក្នុង​ក្របខណ្ឌ​តុលាការ​ ក៏​ដូច​ជា​ថ្នាក់​តំបន់។ ​ហើយ​ចំណុច​សំខាន់​ថ្មី ​ដែល​យើង​បាន​លើក​យក​មក​បង្ហាញ​ គឺ​ជា​សេចក្តីព្រាង​នៃ​COC។ ​ហើយ​នេះ​ក៏​ជា​ការ​បញ្ចូល​នូវ​ចំណុច​ធំៗ​មួយ​ចំនួន​ទៀត។ ​បញ្ហា​នេះ ​គេគួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កិច្ចការ​ផ្ទៃ​ក្នុង​អាស៊ាន​ជា​មុន​សិន​គឺ​នៅ​មុន​ការ​កោះ​អញ្ជើញ​ភាគី​ចិន​ឲ្យ​ចូលរួម»។​

លោក ​ម៉ាទី ​ណាតេឡាហ្គាវ៉ា ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ​បាន​មាន​ប្រសាសន៍​ថា​ ការ​ជជែក​គ្នា​ថ្ងៃ​នេះ​គឺ​ឈាន​ទៅ​ដល់​ចំណុច​វិជ្ជមាន​មួយ ​ហើយ​នៅ​ក្នុង​ការ​ជជែក​អំពី​ក្រម​នីតិវិធី​ប្រតិបត្តិ ​COC។ ​ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ចិន។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ជជែក​ដំបូង​គួរតែ​ធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ជា​មុន​សិន ​រួច​ហើយ​ទើប​អញ្ជើញ​ប្រទេស​ចិន​មក​ចូល​រួម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!