VOA News: ព័ត៌មាន: “នាយក​រដ្ឋមន្ត្រី​ចិន​ចូលគាល់​និង​ថ្វាយ​ព្រះពរ ​ព្រះមហា​វីរក្សត្រ​ខ្មែរ​សម្តេច​នរោត្តម​សីហនុ​ពេល​ជិត​ចូល​ឆ្នាំ​ចិន” plus 8 more

VOA News: ព័ត៌មាន: “នាយក​រដ្ឋមន្ត្រី​ចិន​ចូលគាល់​និង​ថ្វាយ​ព្រះពរ ​ព្រះមហា​វីរក្សត្រ​ខ្មែរ​សម្តេច​នរោត្តម​សីហនុ​ពេល​ជិត​ចូល​ឆ្នាំ​ចិន” plus 8 more


នាយក​រដ្ឋមន្ត្រី​ចិន​ចូលគាល់​និង​ថ្វាយ​ព្រះពរ ​ព្រះមហា​វីរក្សត្រ​ខ្មែរ​សម្តេច​នរោត្តម​សីហនុ​ពេល​ជិត​ចូល​ឆ្នាំ​ចិន

Posted: 23 Jan 2012 12:01 PM PST

លោក​ Wen Jiabao​ នាយក​រដ្ឋមន្ត្រី​ចិន​ បានចូល​គាល់​ព្រះមហា​វីរក្សត្រ​ខ្មែរ​នរោត្តម​សីហនុ ​ អគ្គ​មហេសី ​និង​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ នៅក្រុង​ប៉េកាំង​នៅថ្ងៃ​សុក្រ​​ ដើម្បី​ថ្វាយ​ព្រះពរ ​ពេល​បុណ្យ​ចូល​ឆ្នាំចិន។​ លោក ​Wen Jiabao ​ក៏​បាន​ថ្វាយ​ព្រះពរ​ និង​ការ​ទូល​សួរ​សុខទុក្ខ​ព្រះ​អង្គ​ពីលោក​ប្រធានាធិបតី​ Hu Jintao​ផងដែរ។ ​លោក​ Wen​ Jiabao ​រំឭក​ពីចំណង​មិត្តភាព​កម្ពុជា​ចិន​ច្រើន​ឆ្នាំ​ផង​ដែរ។​ លោក​ជឿជាក់​ថា ​កម្ពុជា​និងចិន​នឹង​ពង្រីក​ចំណង​ទាក់ទង​ថែមទៀត។​ ព្រះ​មហាវីរ​ក្សត្រ​នរោត្តម​សីហនុ​ក៏​ប្រទាន​ពរជន​ជាតិ​ចិន​ពេល​ចូល​ឆ្នាំ​ចិន​ ហើយ​បួងសួង​ឲ្យ​ចំណង​ទាក់ទង​កម្ពុជា-ចិន​កាន់តែ​ល្អ​ក្នុង​ឆ្នាំថ្មី ​ឆ្នាំ​រោង​នេះ។

ព្រះមហា​វីរក្សត្រខ្មែរ​ ព្រះជន្ម៩០​ព្រះ​វស្សា​ បាន​យាង​ចេញ​កម្ពុជា​កាលពី​ថ្ងៃព្រហស្បតិ៍​មក​ពិនិត្យ​ព្រះ​សុខភាព​ តាម​ការ​យាង​របស់​គ្រូពេទ្យ​ចិន។

<!--AV-->

អំឡុងបុណ្យ​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្ត​ចូល​មាតុភូមិ​វិញ​របស់ព្រះ​អង្គ​កាលពី​ថ្ងៃទី​៣០​ ខែតុលា ​អ្នក​ចូល​រួម​នេះ​និយាយ​ថា៖

«សូម​ជូនពរ​ដល់​ព្រះករុណា​ សម្តេច​ឲ្យ​មាន​ព្រះ​ជម្ម​យឺនយូរ ​ដើម្បី​គ្រប់គ្រង​កូនចៅ​ដឹកនាំ​កូនចៅ​ជារៀង​រហូត»។

ក្នុង​សុន្ទរកថា​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្ត​ចូល​មាតុភូមិ​វិញ  ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ទ័យ​មិន​ចង់​យាង​ចេញ​ពី​កម្ពុជា​ទេ។

«អំណេះ​តទៅ​ ទោះ​បីឪ​នៅ​មាន​បញ្ហា​សុខភាព​ បញ្ហា​ដែល​ត្រូវការ​ពេទ្យ​ចិន​ជា​រៀងរាល់​ថ្ងៃ​ ទោះបី​យ៉ាងនេះ​ក្តី​ អំណេះ​តទៅ​សម្រេច​ឪ ​សម្តេចតា ​សម្តេច​តាទួត ​សម្តេច​តាលួត ​ព្រមទាំង​សម្តេច​ម៉ែ​ សម្តេច​យាយ​ យើង​ខ្ញុំ​បាន​សម្រេច​ជាដាច់​ខាត​ថា ​អំណេះ​តទៅ​ មិន​ចេញ​ពី​ប្រទេស​ទេ​ គឺ​ថា​ នឹង​ឋិត​នៅ​ជាមួយ​កូនចៅ​ ចៅទួត​ក្នុង​កម្ពុជ​រដ្ឋ​ជា​ដរាប​តរៀង​ទៅ»។

អ្នកចូល​រួមបុណ្យ​ខួប​នេះ​ម្នាក់ទៀត​និយាយ​ថា៖

«ថ្ងៃនេះ ​សប្បាយ​ចិត្ត​ណាស់​បាន​មក​ជួប​សម្តេច​ឪ​ សូមឲ្យ​គាត់​មាន​អាយុ​យឺនយូរ​ថែរក្សា​កូនចៅ​តទៅ​មុខទៀត»។

ថ្មីៗនេះ ​ព្រះអង្គ​បាន​ប្តូរ​ព្រះ​រាជ​បណ្តាំ​ពីមិន​ឲ្យ​បុជា​សព​ព្រះ​អង្គ​ មក​ឲ្យ​បូជា​តាម​ប្រពៃណី​ជាតិ​វិញ៕

ប្រែ​សម្រួលដោយ​​ពិន​ ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

មន្រ្តី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បំភ្លឺ​អំពី​ឯកសារ​របស់​ខ្លួន

Posted: 23 Jan 2012 08:47 AM PST

លោក​វ៉ាន់ថាន់ ​ពៅតារា​ នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​បញ្ជាក់​ប្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ឯកសារ​ដែល​ប្រមូល​យក​មក​ផ្ដុំ​ តម្កល់​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​ខ្លួន​មាន​ប្រភព​ច្បាស់​លាស់​ និង​ត្រូវ​បាន​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានា​អំពី​ភាព​ត្រឹម​ត្រូវ​របស់​ឯកសារ​នីមួយៗ។

«បាន​ពិនិត្យ​ទៅ​លើ​ឯកសារ ​បាន​សួរនាំ ​បាន​កត់ត្រា​នូវ​ប្រភព​ឯកសារ​ទាំង​នេះ​យ៉ាង​ត្រឹមត្រូវ​មុន​នឹង​យើង​ធ្វើ​ការ​ទទួល​ឯកសារ​ទាំង​អស់​នេះ»។

នៅ​ក្នុង​អំឡុង​ពេល​កាត់ទោស​អតីត​ពួក​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​នៅ​ក្នុង​សំណុំរឿង​០០២​ គឺ​នួន ​ជា ​ខៀវ ​សំផន​ និង​អៀង ​សារី​ កាល​ពី​សប្ដាហ៍​មុន ​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ទាំង​បី​បាន​ប្រឆាំង​ទៅ​នឹង​ឯកសារ​ភស្ដុតាង​ជា​ច្រើន​ នៅ​ក្នុង​នោះ​មាន​ឯកសារ​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្ដល់​ជូន​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ។​ ក្រុម​មេធាវី​ជន​ជាប់​ចោទ​ក៏​បាន​ទទូច​ឲ្យ​លោក​ឆាំង​ យុគ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរ​ក្រហម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​ចូល​ខ្លួន​មក​ផ្ដល់​សក្ខីកម្ម​ដល់​តុលាការ​ដោយ​ផ្ទាល់។ ​ក៏ប៉ុន្ដែ​សហ​ព្រះរាជ​អាជ្ញា​បាន​លើក​ទឡ្ហីករ​ជា​ច្រើន​ប្រឆាំង​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​មេធាវី​ចុងចោទ។

នៅ​ថ្ងៃ​នេះ ​លោក​វ៉ាន់ថាន់ ​ពៅតារា​ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ចៅក្រម​ជំនុំ​ជម្រះ ​និង​សហ​ព្រះរាជ​អាជ្ញារង​បរទេស ​ដោយ​បញ្ជាក់​ថា ​ឯកសារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​បាន​ប្រមូល​ពី​រដ្ឋាភិបាល ​ពី​ប្រភព​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ស៊ុយអែដ ​និង​ប្រទេស​វៀតណាម​ និង​ស្ថាប័ន​ឯកជន​ រួម​ទាំង​បុគ្គល​ផ្សេងៗ​ផង​ដែរ។

លោក​ពៅតារា​បាន​បន្ថែម​ថា​ អ្នក​ជំនាញការ​ពី​ប្រទេស​វៀតណាម​បាន​ជួយ​រៀបចំ​ចងក្រង​ឯកសារ​ដែល​នៅ​សេសសល់​ពី​របប​ខ្មែរក្រហម ​ក្រោយ​ពី​ពួក​ខ្មែរក្រហម​ដួល​រលំ​ពី​អំណាច​នៅ​ខែ​មករា​ ឆ្នាំ​១៩៧៩ ​ជា​ពិសេស​ឯកសារ​នៅ​ក្នុង​គុក​ទួលស្លែង។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដំណើរការ​ជា​លើក​ដំបូង​ក្រោម​គម្រោង​ជួយ​ឧបត្ថម្ភ​របស់​សាកល​វិទ្យាល័យ​យែល​(Yale) ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៩៥។​
នាយក​រង​មជ្ឈមណ្ឌល​នេះ​អះអាង​ថា ​ឯកសារ​ជិត​មួយ​លាន​ច្បាប់​ត្រូវ​បាន​ប្រមូល​យក​មក​ទុក។​ មួយ​វិញ​ទៀត ​ឯកសារ​ប្រមាណ​ជា​៥០០០០០​ឯកសារ​ត្រូវ​បាន​ប្រគល់​ជូន​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​ប្រើ​ជា​ភស្ដុតាង។

សូម​បញ្ជាក់​ថា ​ការ​ផ្ដល់​សក្ខីកម្ម​របស់​មន្ដ្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​ឡើង​ស្របពេល​នឹង​ដំណើរ​ទស្សនកិច្ច​របស់លោក​ដេវីដ ​ឆេហ្វើ​ (David Scheffer)​នៃ​អ្នក​ជំនាញ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ ​នៅ​ប្រទេស​កម្ពុជា​ មក​ដោះស្រាយ​បញ្ហា​មិន​ចុះសម្រុង​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​កាត់ទោស ​ជាពិសេស​សម្រាប់​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី ​លោក​ឡូរ៉ង​ កាស្ពែ ​អង់សែម៉េ​(Laurent Kasper-Ansermet)​ ​ដែល​រដ្ឋាភិបាល​ខ្មែរ​ប្រឆាំង​ជំទាស់។

នៅ​ថ្ងៃ​នេះ​លោក​ដេវីដ​ ឆេហ្វើ ​បាន​ជួប​ជាមួយ​នឹង​មន្ដ្រី​ដឹកនាំ​សាលាក្ដី​ខ្មែរក្រហម ​ហើយ​លោក​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​លោក ​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ​ទទួល​បន្ទុក​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម ​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ២៣ មករា ២០១២៖ ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ពី​របប​ខ្មែរ​ក្រហម​និង​វិធី​ព្យាបាល

Posted: 23 Jan 2012 11:35 AM PST

ក្នុង​ការពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​លោក​វេជ្ជ​បណ្ឌិត​ កែវ សំ ​រៀបរាប់​ខ្លះ​ៗ​អំពី​សៀវភៅ​របស់​លោក​ដែល​ទើប​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មករា​នេះ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា​ «ចេញ​ពី​ភាព​ងងឹត​ទៅ​ក្នុង​សួន​នៃ​ក្តីសង្ឃឹម» ដែល​ជា​ការ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​លោក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ ហើយ​បាន​មក​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិកនិង​បាន​ជួយ​ដល់​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ និង​សាសន៍​ដទៃ។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​សៀវ​ភៅ​ជាច្រើន​អំពី​ឆាក​ជីវិត​សោកសៅ​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ ការនិរាស​ព្រាត់​ប្រាស់​គ្រួសារ​ និង​ការ​បាន​មក​នៅ​លើ​ទឹក​ដី​ដែល​សម្បូរ​សប្បាយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​សៀវភៅ​របស់​លោក​វេជ្ជ​បណ្ឌិត​ កែវ សំ​ ខុស​ប្លែក​ពី​សៀវភៅ​ទាំង​នោះ​ គឺ​ដោយសារ​លោក​លើក​យក​ពី​ជ្រុង​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទទួល​រង​គ្រោះ ​តាម​រយៈ​បទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​បាន​ទទួល​រង​ជំងឺ​នោះ​ដែរ និង​ផ្តល់​នូវ​វិធី​ក្នុង​ការព្យាបាល។

បច្ចុប្បន្ន​លោក​ កែវ សំ  ជាវេជ្ជ​បណ្ឌិត​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​ក្នុង​រដ្ឋ​កាលី ហ្វញ៉ា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៨ ​ខែ​មករា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

មន្ត្រី​គណបក្ស​ប្រជាជនជន​កម្ពុជា​ជើងចាស់ ​ដែល​ធ្លាប់​ជា​សមាជិក​បក្សកុម្មុនិស្ត​ឥណ្ឌូ​ចិន ​បានស្លាប់

Posted: 23 Jan 2012 08:40 AM PST

ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ជាយូរ​​មក​ហើយ​ លោក​ជា ​សុទ្ធ​ មន្ត្រី​ជាន់​ខ្ពស់​ដ៏​សំខាន់​មួយ​រូប​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ ​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ឲ្យ​ដឹង​ថា​ សព​របស់​លោក​ជា ​សុទ្ធ​នឹង​តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​២១​ រហូត​ដល់​ថ្ងៃ​ទី​២៤​ខាង​មុន​នេះ។

នៅ​ថ្ងៃ​ទី​២៥​ វេលា​ម៉ោង​៧​ព្រឹក​ សព​របស់​លោក​នឹង​ត្រូវ​រំកិល​ចេញ​ពី​គេហដ្ឋាន​ដង្ហែរ​ឆ្ពោះ​ទៅ​ឈាបនដ្ឋាន​នៅ​មុខ​វត្តបុទមវតី ​កណ្តាល​ទីក្រុង​ភ្នំពេញ។

លោក​ចាស់​ព្រឹទ្ធបុរស​ជា ​សុទ្ធ ​សមាជិក​សភា​មណ្ឌល​ភ្នំពេញ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សង្ហបុរី​ បន្ទាប់​មក​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​វេលា​ម៉ោង​៥ ​និង​១៥​នាទី​ថ្ងៃ​សៅរ៍។

លោក​ផៃ ​ស៊ីផាន ​អ្នក​នាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ហៅ​ការ​បាត់បង់​ជីវិត​របស់​លោក​ជា ​សុទ្ធ​ ​ថា​ជា​ការ​បាត់បង់​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​គណបក្ស​គ្រប់គ្រង​អំណាច។

«គាត់​បាន​បន្សល់​នូវ​កិត្តិយស​សម្រាប់​ប្រជាជាតិ ​អ្វី​ដែល​ជា​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​ ចាកចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ​ហើយ​គាត់​គឺ​ជា​ព្រឹទ្ធ​បុរស​មួយ​ដែល​ទទួល​បាន​ការ​គោរព​ពី​គណបក្ស​ប្រជាជន​ ហើយ​នឹង​ប្រជាពលរដ្ឋ​ដទៃ​ទៀត»។

លោក​ជា ​សុទ្ធ​គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ និង​ជា​អ្នក​កាន់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង។ ​លោក​បាន​ចាប់​កំណើត​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា ​ឆ្នាំ​១៩២៨​ ក្នុង​ត្រកូល​កសិករ​មួយ។

កាសែត​រស្មីកម្ពុជា​បាន​ចុះផ្សាយ​ប្រវត្តិ​របស់​លោក​ជា ​សុទ្ធ​ ដែល​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កូនសោរ​កម្ពុជា​របស់​លោក​រ៉ា​ អ៊ូលហ្សេណា។ សៀវភៅ​នេះ​​បាន​ឲ្យ​ដឹង​ថា​ លោក​ជា​ សុទ្ធ​បាន​ចូលរួម​នៅ​ក្នុង​ខ្មែរឥស្សរៈ​នៅ​ក្នុង​ឆ្នាំ​១៩៤៨ ​ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៥០​ លោក​បាន​ចូលរួម​នៅ​ក្នុង​បក្សកុម្មុនិស្ត​ឥណ្ឌូចិន។ ​នៅ​ក្នុង​ឆ្នាំ​១៩៥១ ​លោក​ជា​នាយក​ខុទ្ទកាល័យ​របស់​គណៈ​កម្មាធិការ​ដើម្បី​រំដោះ​ភូមិភាគ​បូព៌ា ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​ លោក​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​រណសិរ្ស​រំដោះ​ជាតិ​ខាង​ភាគី​កុម្មុយនិស្ត។

លោក​ឌី ​ខាំបូលី ​អ្នក​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ DC-Cam ​ បាន​ឲ្យ​ដឹង​ថា ​លោក​ជា ​សុទ្ធ​ធ្លាប់​បាន​​ទៅ​រៀន​នៅ​ប្រទេស​ចិន​ និង​ធ្វើ​ការ​នៅ​ក្នុង​វិទ្យុ​ផ្សាយ​សម្លេង​ក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន។

«ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣ ​គាត់​ធ្វើ​ការ​នៅ​ទីក្រុង​ហាណូយ។ ​ប៉ុន្តែ​ធ្វើ​ការ​ឲ្យ​វិទ្យុ​ផ្សាយ​សម្លេង​ភាសាខ្មែរ​ពី​ទីក្រុង​ហាណូយ​ជា​ផ្នែក​មួយ​របស់​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ​ដែល​មាន​ខ្មែរក្រហម​នៅ​ក្នុង​ហ្នឹង​ដែរ។​ គាត់​ធ្វើ​ការជា​មួយ​អៀង​ ធីរិទ្ធ​ ​នៅ​ទីក្រុង​ហាណូយ​នៅ​ពេល​ហ្នឹង»។

លោក​ឌី ​ខាំបូលី​បាន​និយាយ​ទៀត​ថា​ លោក​ជា ​សុទ្ធ​បាន​រស់នៅ​ប្រទេស​វៀតណាម​រហូត​ដល់​ឆ្នាំ​១៩៧៨ ​ហើយ​នៅ​ក្នុង​របប​ខ្មែរក្រហម​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ​នៅ​ចុង​ឆ្នាំ​១៩៧៨ ​លោក​ជា ​សុទ្ធ​បាន​ចូលរួម​ជាមួយ​នឹង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​មាន​សហការ​ជាមួយ​ប្រទេស​វៀតណាម​មក​ផ្តួល​រំលំ​របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម៕

This posting includes an audio/video/photo media file: Download Now

ចៅក្រម​ពីរនាក់​ត្រូវចាប់​ខ្លួន ​និងបញ្ជូន​ទៅ​តុលាការ​ពីបទ​សង្ស័យ​ថា ​ពុករលួយ

Posted: 23 Jan 2012 09:04 AM PST

លោក​ឱម ​យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សៅរ៍​នេះ ​អង្គភាព​របស់​លោក​កំពុង​សួរ​ចម្លើយ​ចៅក្រម​ចំនួន​ពីរ​រូប​ ហើយ​នៅ​ថ្ងៃ​អាទិត្យ​​ លោក​បញ្ជូន​ទៅ​កាន់​តុលាការ​ក្រុង​ដើម្បី​បន្ត​ធ្វើ​ការ​សាកសួរ​ពី​បទ​សង្ស័យ​ថា ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

កាល​ពី​ថ្ងៃ​សុក្រ​​ លោក​ចៅក្រម ​ហួត ​ហ៊ាង ​អាយុ​៤២​ឆ្នាំ ​និង​អ្នកស្រី​ចៅក្រម ​ខូវ​ ចាន់ថូ​ អាយុ​៤៧​ឆ្នាំ ​អ្នក​ទាំងពីរ​ជា​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​នៅ​តុលាការ​ខេត្ត​កណ្តាល ​រួច​ហើយ​បញ្ជូន​មក​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក​ឱម​ យ៉ិនទៀង​បាន​មាន​ប្រសាសន៍​ថា​ ដើម​ចម​ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​ចៅក្រម​ទាំង​ពីរ​នេះ​ គឺ​​ដោយសារ​តែ​មាន​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​មួយ​រូប​ ដែល​បាន​ប្តឹង​ចៅក្រម​ទាំង​ពីរ​រូប​ថា​ បាន​គំរាម​កំហែង​ទារប្រាក់​ពី​ជន​រងគ្រោះ​ប្រមាណ​៥០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​ជា​ថ្នូរ​ថា​ មិន​ចោទ​ប្រកាន់​ជន​​រងគ្រោះ​ថា ​ជា​ជន​ល្មើស​នៅ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​មួយ។

«អ្នក​រងគ្រោះ​ម្នាក់​ ហើយ​ទារ​អ្នក​រងគ្រោះ​ហ្នឹង​៥០០០​ [ដុល្លារ]​ បើសិន​ជា​មិន​ឲ្យ​ទេ​ គាត់​នឹង​ប្រែក្លាយ​អ្នក​នោះ​ជាជន​ជាប់​ចោទ​វិញ​ ដែល​នឹង​អាច​បាត់​បង់​ទ្រព្យ​ហ្នឹង»។

លោក​ឱម​ យ៉ិនទៀង​​មិន​បាន​បញ្ជាក់​ថា​ នៅ​មាន​ជន​សង្ស័យ​ប៉ុន្មាន​នាក់​ទៀត​នៅ​ក្នុង​តុលាការ​ខេត្ត​កណ្តាល​ ដែល​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ អាស្រ័យ​ទៅ​នឹង​ចម្លើយ​សារភាព​នៃ​ចៅក្រម​ទាំង​ពីរ​រូប​នេះ​តែ​ប៉ុណ្ណោះ។

លោក​អ៊ីន​ វ៉ានវិបុល​ ប្រធាន​តុលាការ​ខេត្ត​កណ្តាល​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​បាន​និយាយ​ថា​ លោក​មិន​ទាន់​ដឹង​អំពី​រឿង​ចាប់​ខ្លួន​ចៅ​ក្រម​ទាំង​ពីរ​រូប​នេះ​នៅ​ឡើយ។

«ខ្ញុំ​មិន​ហ៊ាន​បក​ស្រាយ​យ៉ាង​ម៉េច​ទេ។ ​ខ្ញុំ​ឥត​ទាន់​ទទួល​បាន​ព័ត៌មាន​នោះ​ទេ»។

ការ​ចាប់​ខ្លួន​ចៅក្រម​ទាំង​ពីរ​រូប​ចុងក្រោយ​នៃ​តុលាការ​ខេត្ត​កណ្តាល​នេះ​ បាន​បង្ក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការ​ស្វាគមន៍​យ៉ាង​ប្រយ័ត្ន​ប្រយែង។ ​ក៏​ប៉ុន្តែ​បាន​ទទូច​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បម្រើ​ការងារ​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន​ ដោយ​មិន​​ប្រកាន់​បក្ខពួក​និយម។

លោក​ចាន់​ សាវ៉េត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​និយាយ​ថា​ បើសិន​ជា​ការ​ចាប់​ខ្លួន​នេះ​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​គឺ​ជា​រឿង​ល្អ​ប្រសើរ​មួយ​ថា ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​តែ​ជម្រះ​បញ្ជី​ជា​មួយ​នឹង​ស្ថាប័ន​តុលាការ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ សមាគម​អាដ​ហុក​កំពុង​តែ​ឃ្លាំ​មើល​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា​ តើ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ឬ​ក៏​មាន​សំណុំ​រឿង​ផ្សេង​ទៀត។

«យើង​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ នៅ​ក្នុង​បញ្ហា​ការ​ចាប់​ខ្លួន​នេះ។ ​គឺ​យើង​គិត​ថា​ជា​ជំហ៊ាន​ដំបូង​​ គឺ​យើង​ថា ​ការ​គាំទ្រ​អំពី​ការ​អនុវត្ត​នៃ​ការ​ចាប់​ខ្លួន​មន្ត្រី​តុលាការ​ ដើម្បី​ឲ្យ​ស្ថានភាព​នេះ​អាច​ហ្នឹង​បង្ក្រាប​បាន។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​យើង​ទាមទារ​ថា​ ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​គឺ​ត្រូវ​តែ​អនុឡោម​ទៅ​តាម​នីតិ​វិធី​ច្បាប់ ​បញ្ជៀស​ការ​ប្រកាន់​បក្ខពួក ​ឬក៏​ហេតុផល​នយោបាយ​ផ្សេងៗ​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​កែ​ទម្រង់​របស់​តុលាការ​នេះ»។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​បាន​ចាប់​ខ្លួន​លោក​តុប ​ចាន់សិរីវុធ ​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិសាត់ ​ហើយ​ដែល​​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៩​ឆ្នាំ​ពី​បទ​អំពើ​ពុករលួយ៕

This posting includes an audio/video/photo media file: Download Now

ក្រុម​កម្មករ​ចូលរួម​រំឭក​ខួប​លើក​ទី​៨ ​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា

Posted: 23 Jan 2012 09:08 AM PST

ក្រុម​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ​ជាង​៥០​នាក់​ ដែល​ដឹកនាំ​ដោយ​សហជីព​សេរីកម្មករ​កម្ពុជា​របស់​លោក​ជា​ មុន្នី ​បាន​ចូលរួម​រំឭក​ខួប​លើក​ទី​៨​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​កាល​ពី​ឆ្នាំ​២០0៤។

ការ​ចូលរួម​របស់​កម្មករ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លើក​នេះ​មាន​ភាព​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ ​ដោយ​ក្រុម​កម្មករ​មិន​បាន​ដើរ​ក្បួន​ដង្ហែ​ដោយ​ថ្មើរ​ជើង​ទេ ​គឺ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ​តាម​រថយន្ត​ និង​តាម​ម៉ូតូ​កង់​បី​ខ្លះ ​ដោយ​គ្មាន​ស្រែក​ឧគ្ឃោសនសព្ទ​បំពង​សម្លេង ​និង​គ្មាន​កម្លាំង​សមត្ថកិច្ច​ឈរ​យាមកាម​តាម​ផ្លូវ​មាំទាំ​ទេ ​គឺ​មាន​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ។

ការ​គោរព​វិញ្ញាណ​ក្ខន្ធ​យ៉ាង​ស្ងាត់ស្ងៀម​របស់​សហជីព​សេរីកម្មករ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​យល់ព្រម​ឲ្យ​សាងសង់​រូប​សំណាក​លោក​ជា ​វិជ្ជា​ នៅ​លើ​សួនច្បារ​មួយ​កន្លែង​ក្បែរ​វត្ត​លង្កា ​ជា​ទីកន្លែង​នៃ​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា។

លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោក​ជា ​វិជ្ជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​គោរព​វិញ្ញាណ​ក្ខន្ធ​ថា​ ការ​ដើរ​ក្បួន​ដង្ហែ​យ៉ាង​ស្ងាត់ស្ងៀម​នេះ​ ដោយសារ​តែ​គោរព​ច្បាប់​នៅ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា។

«ដោយសារ​តែ​មាន​ការ​ប្រជុំ​ពីរ​លើក​ជាមួយ​នឹង​[សាលា]​ក្រុង​ភ្នំពេញ ​ក្រុង​ភ្នំពេញ​គេ​ថា​ មិន​មាន​ការ​ហាមឃាត់​ក្បួន​របស់​សហជីព​សេរីកម្មករ​មក​ដាក់​កម្រង​ផ្កា​ទេ។ ​ហើយ​គេ​មិន​ឃាត់ឃាំង​ទេ​ក្នុង​ការ​ស្រែក​ក្នុង​ការ​អី ​ប៉ុន្តែ​យើង​គោរព​ក្រម​សីលធម៌​មួយ​ ដោយសារ​តែ​ឆ្នាំ​នេះ​គឺ​ជា​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​ហើយ​គជប​បាន​ហាមឃាត់»។

លោក​គង់​ គាំ ​ប្រធាន​ស្តីទី​គណបក្ស​សម ​រង្ស៊ី​ បាន​ផ្តល់​ថវិកា​ចំនួន​១​លាន​រៀល​គឺ​ស្មើនឹង​ប្រមាណ​ជាង​២០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដល់​លោក​ជា ​មុន្នី ​ដើម្បី​ឲ្យ​ធ្វើ​រូប​សំណាក​លោក​ជា ​វិជ្ជា។

លោក​គង់ គាំ​បាន​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​ក្រុម​គ្រួសារ​លោក​ជា ​វិជ្ជា​ ដើម្បី​វែក​មុខ​រក​ឃាតករ​ពិតប្រាកដ​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់។

«ខ្ញុំ​គាំទ្រ​លោក​ជា ​មុន្នី ​គាំទ្រ​គ្រួសារ​សព​លោក​ជា ​វិជ្ជា​ ហើយ​នឹង​មជ្ឈដ្ឋាន​ផ្សេងៗ​ ដែល​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​វែកមុខ​រក​ឃាតករ​លើ​រូប​ជា​ វិជ្ជា​ ឲ្យ​បាន​ពិត​ប្រាកដ»។

ចំណែក​លោកស្រី​មួរ ​សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​បាន​ចែក​ឌីស្ហ​ថត​ចម្លង​មួយ​ដែល​អ្នកស្រី​បាន​និយាយ​ជា​សាធារណៈ​ថា​ នេះ​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ខ្លួន​ឃាតករ​ពិត​ប្រាកដ​មក​កាត់​ទោស។

«យើង​ដឹង​ហើយ ​រដ្ឋ​មិន​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចាប់ឃាតករ​ និង​អ្នក​បញ្ជា​នោះ​ទេ។​ យើង​ជា​ពលរដ្ឋ​ខ្មែរ​ យើង​មិន​អាច​រស់នៅ​ដោយ​មាន​សុវត្ថិភាព​បាន​ទេ។ ​ឥឡូវ​ខ្ញុំ​សួរ​មែន​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​ចាប់​បាន​ទេ»។

លោក​រ៉ុង​ ឈុន ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ​សហជីព​សេរី​កម្មករ​ ​និង​​សមាគម​គ្រូ​បង្រៀន​រង់ចាំ​មើល​ថា ​ពេល​ណា​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ជូន​លោក​ជា ​វិជ្ជា ​និង​សាច់​ញាតិ​ក្រុម​គ្រួសារ​សព​របស់​លោក។

«ថ្ងៃ​នេះ​ គម្រប់​ប្រាំបី​ឆ្នាំហើយ​មិន​ទាន់​បាន​រក​ឃាតករ​ពិត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ បើ​យើង​ស្តាប់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ គ្រាន់​តែ​យើង​បន្ត​ការ​ស៊ើប​អង្កេត។ ​សួរ​ថា​ បន្ត​នៅ​ពេល​ណា? ​ប៉ុន្តែ​អ្វី​ដែល​យើ​បន្ត​មក​ដល់​ពេល​នេះ​ឥត​មាន​ឃើញ​នូវ​លទ្ធផល​ នូវ​ការ​ប្រែប្រួល​ណាមួយ​សោះ»។

លោក​ជា ​វិជ្ជា ​អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​ដ៏​ល្បីល្បាញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ត្រូវ​បាន​ឃាតករ​ដើរ​ចូល​បាញ់​យ៉ាង​កៀក​បំផុត​ នៅ​ពេល​ដែល​លោក​កំពុង​តែ​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​ជិត​វត្ត​លង្កា ​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​មករា ​ឆ្នាំ​២០០៤។ ​រយៈពេល​ប្រាំបី​ឆ្នាំ​បន្ទាប់​ពី​ការ​បាញ់​លោក​ជា​ វិជ្ជា​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ឃាត់ករ​ពិតប្រាកដ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ ​ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​អះអាង​ថា​ សំណុំរឿង​ដ៏​រសើប​មួយ​នេះ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

លោក​ប៊ន ​សំណាង ​និង​លោក ​សុខ ​សំអឿន ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា​ ជា​ឃាតករ​សប្បនិម្មិត​នោះ​មិន​មាន​វត្តមាន​នៅ​ក្នុង​ពិធី​រំឭក​ខួប​ការ​បាញ់​សម្លាប់​លោក​ជា ​វិជ្ជា​ឆ្នាំ​នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​​ព្យាយាម​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប.

Posted: 23 Jan 2012 08:38 AM PST

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ណាំហុង​បាន​ណែនាំ​ឲ្យ​ឯក​អគ្គរាជទូត​និង​អគ្គ​កុងស៊ុល​កម្ពុជា​ផ្សព្វផ្សាយ​គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អន្តរជាតិ​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ស្វះស្វែង​រក​ តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ហោ ​ណាំហុង​បាន​ណែនាំ​ដល់​ឯក​អគ្គ​រាជទូត ​និង​អគ្គ​កុង​ស៊ុល​កម្ពុជា​ចំនួន​៣៤​រូប​ប្រចាំ​នៅ​បរទេស​ ឲ្យ​ខំប្រឹងប្រែង​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំង​នោះ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ធើ្វ​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣។

លោក​ហោ ​ណាំហុង​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ការ​ជួបប្រជុំ​បិទទ្វារ​ជាមួយ​ឯក​អគ្គរាជទូត​ចំនួន​២៦​រូប ​និង​អគ្គ​កុងស៊ុល​ចំនួន​៨​រូប​ប្រចាំ​នៅ​ប្រទេស​នានា​អំពី​គោល​នយោបាយ​ការ​បរទេស​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​បេក្ខភាព​កម្ពុជា​ធើ្វ​ជា​សមាជិក​មិន​អចិន្រៃ្តយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​ និង​ការ​ធើ្វ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១២​នេះ។

លោក​កួយ ​គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​បាន​ថ្លែង​ថា​ ក្នុង​ឆ្នាំ​២០១២​នេះ ​អង្គការ​សហ​ប្រជាជាតិ​នឹង​ធើ្វ​ការ​បោះឆ្នោត​សម្រេច​អំពី​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-២០១៤។

លោក​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា ​បើ​កម្ពុជា​អាច​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មែន ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ​ពីព្រោះ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គឺ​ជា​អ្នក​សម្រេច​គោល​នយោបាយ​សន្តិសុខ​អន្តរ​ជាតិ​សំខាន់ៗ ​ដូច​ជា​ការ​ថ្កោលទោស​ប្រទេស​ជា​សមាជិក ​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព ​និង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ណាមួយ។

«ក្លាយ​ទៅ​ជា​សមាជិក​មួយ​រូប​ហ្នឹង​គឺ​ជា​តួនាទី​មួយ​ដ៏​សំខាន់ ​ជា​ការ​ទទួល​ខុសត្រូវ​មួយ​ដ៏​សំខាន់​ និង​ជា​មុខមាត់​មួយ​ដ៏​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​ក៏​ជា​អំណាច​ដ៏​សំខាន់​មួយ​ដែរ​ក្នុង​ការ​សម្រេច​ចិត្ត​ហ្នឹង។ ​ដូច្នេះ​បើ​កម្ពុជា​បាន​ចូល​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ វា​មាន​សារៈ​សំខាន់​ណា​សម្រាប់​ប្រទេស​កម្ពុជា»។

លោក​អ៊ូ ​វីរៈ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​មាន​សមត្ថភាព​បំពេញ​តួនាទី​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន ​ប៉ុន្តែ​កម្ពុជា​អាច​នឹង​ទទួល​បរាជ័យ​ដោយសារ​ រូបភាព​នៃ​បញ្ហា​សិទិ្ធ​មនុស្ស ​​ដោយសារ​ការ​បដិសេធ​ការ​តែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​និង​ការ​គំរាម​បិទ​ការិយាល័យ​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ ឬ​ការ​មិន​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។

«ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​អាច​ទទួល​បាន​ការ​បោះឆ្នោត​ជាប់​ទេ។ ​ខ្ញុំ​មើល​ទៅ​បើ​សិន​ជា​មើល​ពី​រឿង​ឆាក​នយោបាយ ​កម្ពុជា​មាន​អ្នកគាំទ្រ​​គឺ​អាច​ជោគជ័យ។​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​យើង​មិន​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ជា​សមាជិក​ដ៏​ល្អ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទេ ​ដូច​ជា​រឿង​ទាក់ទង​សិទិ្ធ​មនុស្ស ​និង​ការ​ទាត់ចោល​ចៅក្រម​អន្តរជាតិ​ ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម»។

លោក​ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​បាន​ថ្លែង​ថា​ បើ​កម្ពុជា​ក្លាយ​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​កម្ពុជា​ទទួល​បាន​កិត្តិយស។ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​បង្កើន​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​ប្រទេស​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​គាំទ្រ។

«ឯក​អគ្គរាជទូត ​និង​កុងស៊ុល​តំណាង​ប្រទេស​ខ្មែរ​ទាំងមូល ​នៅ​បរទេស​ហ្នឹង​​គឺ​មាន​តួនាទី​ខំ​បញ្ចុះ​បញ្ចូល​បន្ថែម​ទៀត ​ដើម្បី​សុំ​សន្លឹកឆ្នោត​ពី​គេ។ ​យើង​ចំណេញ​បាន​យល់ដឹង ​មាន​បទ​ពិសោធន៍​ ហើយ​គេ​ទទួល​ស្គាល់​គាំទ្រ​ច្រើន​ ហើយ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ទៅៗ»។

សមាជិក​អចិន្រៃ្តយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មាន​ប្រទេស​ចំនួន​៥​គឺ​សហរដ្ឋ​អាមេរិក​ ចិន​ រុស្ស៊ី ​បារាំង​ និង​អង់គ្លេស​ ហើយ​សមាជិក​មិន​អចិន្រ្តៃយ៍​មាន​១០​ប្រទេស៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៣ មករា​ យប់

Posted: 23 Jan 2012 06:51 AM PST

ស៊ីរី៖ រដ្ឋាភិបាល​​ប្រទេស​ស៊ីរី​បាន​ច្រាន​ចោល​ផែនការ​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់ ដែល​ឱ្យ​លោក​ប្រធានាធិបតី បាស្សា អាល់ អាសាដ​ (Bashar al-Assad) ផ្ទេរ​អំណាច​ទៅ​ឲ​ភូឈួយ​របស់​លោក ដោយ​ចោទ​ប្រកាន់​សម្ព័ន្ធ​អារ៉ាប់​ថា​ខិត​ខំ​ព្យាយាម​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ស៊ីរី។

ភូមា៖ ក្រុម​សិទ្ធិ​មនុស្ស​មួយ​និយាយ​ថា ​ប្រទេស​ភូមា​បាន​បង្ហាញ​សញ្ញា​នៃ​ការ​កែ​ទម្រង់​ក្នុង​ឆ្នាំ​២០១១​ ​ក៏​ប៉ុន្តែ​មិន​បាន​ដោះស្រាយ​ «ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ»​នៅ​ក្នុង​ប្រទេស​ទេ។​

នៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​អង្គការ​ Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​បូរី​ញូវយ៉ក​បាន​សរសើរ​ប្រទេស​ភូមា​ចំពោះ​ការ​ដោះលែង​ពួក​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ ក៏​ប៉ុន្តែ​​បាន​អំពាវនាវ​ឱ្យ​មាន​ដំណើរការ​ឯករាជ្យ​មួយ​សម្រាប់​ស្ទង់​ប្រមាណ​មើល​ស្ថានភាព​និង​កន្លែង​រស់នៅ​របស់​ពួក​អ្នកទោស​នយោបាយ​ឯ​ទៀតៗ។

អ៊ីរ៉ង់៖ ក្រុម​ប្រទេស​ជាតិ​នៃ​សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ធ្វើ «ការ​រាំង​ខ្ទប់​ខាង​ប្រេង» ប្រឆាំង​នឹង​ការ​ដឹក​ជញ្ជូន​ប្រេង​អ៊ីរ៉ង់​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។

ស.រ.អ.៖ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ស.រ.អ. មួយ​គ្រឿង​បាន​បើក​កាត់​ច្រក​សមុទ្រ​ហ៊ឺម៉ូស្ស (Hormuz) ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​ភឺស (Perse) មួយ​ខែ​ក្រោយ​ពី​ប្រទេស​អ៊ីរ៉ង់​បាន​ព្រមាន ស.រ.អ. កុំ​ឱ្យ​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​កាន់ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​នេះ។

លីប៊ី៖ អនុប្រធាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​របស់​ប្រទេស​លីប៊ី (Libya) បាន​ចុះ​ចេញ​ពី​តំណែង​ហើយ មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ចូល​លុក​លុយ​ក្នុង​ការិយាល័យ​របស់​អង្គការ​គ្រប់គ្រង​ប្រទេស​នេះ​ក្នុង​ក្រុង បេនហ្គាហ្ស៊ី (Benghazi) នា​ប៉ែក​ខាង​កើត​ប្រទេស។

អឺរ៉ុប៖ សហភាព​អឹរ៉ុប​និយាយ​ថា​ខ្លួន​បន្ធូរ​បន្ថយ​ការ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​ប្រឆាំង​នឹង​មន្ត្រី​កំពូល​ភូមា​ ក្រោយ​ពី​រដ្ឋាភិបាល​ភូមា​បាន​ធ្វើ​ការ​កែ​ទម្រង់​នយោបាយ​«ដ៏​គួរ​ឲ្យ​កត់​សម្គាល់»។

រូបភាព​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ទូទាំង​ពិភពលោក៖

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៣ មករា​

Posted: 22 Jan 2012 08:46 PM PST

​ចិន៖ ​បាន​រាយការណ៍​អំពី​មនុស្ស​ទី​ពីរ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​រយៈពេល​តិច​ជាង​មួយ​ខែ​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​ក្រោយ​ការ​ស្លាប់​នៃ​មនុស្ស​ម្នាក់​នៅវៀតណាម​និង​ក្មេង​តូច​ម្នាក់នៅកម្ពុជា។​ ពួក​មន្ត្រី​និយាយ​ថា​អ្នក​ជំងឺ​ថ្មី​ៗ​បំផុត​នេះ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅខេត្ត​គុយស៊ូ Guizhou នា​ផ្នែក​និរតី​នៃ​ប្រទេស​ចិន ​នៅ​ក្រោយ​ពី​គាត់​បាន​ទៅ​សំរាក​​ឯ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ទី៦​ខែ​មករា​។ ​គេ​រាយការណ៍​ថា​បុរស​អាយុ​៣៩​ឆ្នាំ​រូប​នេះ​គ្មានការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​មាន់​ទា​ទេ​។

ភូមា៖ សមាជិក​សំខាន់​ម្នាក់​នៃ​ព្រឹទ្ធសភាអាមេរិកបាន​និយាយ​ថាសហរដ្ឋ​អាមេរិក​ពេញចិត្ត​នឹងការ​ជឿនលឿន​ថ្មី​ៗ​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យនៅ ភូមា តែលោក​បាន​ថ្លែង​ដែរ​ថា​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ភូមា​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​អំពី​ការ​បោះឆ្នោត​ «ដោយ​សេរី​និង​យុត្តិធ៌ម» ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​។​ លោក​ចន ម៉ាកខេន John McCain សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សេវាកម្ម​កង​ប្រដាប់​អាវុធ​របស់​ព្រឹទ្ធសភាអាមេរិកបាន​មាន​ប្រសាសន៍​ដូច​ខាង​លើ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ក្រុង​រ៉ង់ហ្គូន​ ក្រោយ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី ធាន​ ស៊ាន​ Thein Sein និង​ការ​ជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​លោក​​ស្រី​អោង ​សានស៊ូជី ​មេដឹកនាំ​ក្រុម​ប្រឆាំង​និង​ជា​អ្នក​ការពារ​លទ្ធិ​​ប្រជាធិបតេយ្យ​។

ស៊ីរី​៖ អារ៉ាប៊ី សាអូឌីត និយាយ​ថា​ខ្លួន​ដក​ពួក​អ្នក​សង្កេតការ​របស់​ខ្លួន​ចេញ​ពី​ ស៊ីរី​ជា​ការ​តវ៉ា​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​បរាជ័យ​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​គោរព​តាម​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់​ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ការ​បះ​បោរ​របស់​ក្រុម​ប្រឆាំង​ដែល​មាន​រយៈពេល​១០​ខែ​មក​ហើយ។​

លីប៊ី៖ អនុប្រធាន​នៃ​​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​របស់​ប្រទេស​លីប៊ី​និយាយ​ថា​លោក​លាលែង​ចេញ​ពី​តំណែង ​មួយ​ថ្ងៃ​ក្រោយ​ពី​ពួកបាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ចូល​លុក​ក្នុង​ការិយាល័យ​របស់​អង្គការ​គ្រប់​គ្រង​ប្រទេស​នេះ​នៅ​ក្នុង​ក្រុង​បេងហ្កាហ្ស៊ី នា​ប៉ែក​ខាង​កើត​ប្រទេស។

យេម៉ែន៖ ពួកមន្ត្រី​យេម៉ែន និយាយ​ថា​លោក​ប្រធានាធិបតី​អាលី អាប់ឌុលឡា សាឡេះ Ali Abdullah Saleh បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ ពី​ប្រទេស​ដើម្បី​ទៅ​ព្យបាល​របួសនៅ​សហរដ្ឋអាមេរិក ដោយ​លោក​បាន​សន្យា​ថា​នឹង​វិល​ត្រទ្បប់​ទៅ​កាន់​ យេម៉ែនវិញ​ដើម្បី​បន្ត​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក។​

នីហ្សេរីយ៉ា៖ លោក​​ប្រធានាធិបតី​នី​ហ្សេរីយ៉ាហ្គោដឡាក់ ចូណាថាន Goodluck Jonathan ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាណូ Kano នា​ប៉ែក​ខាង​ជើង​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​មាន​ការ​សម្របសម្រួល​កាលពី​ថ្ងៃ​សុក្រ​ដោយ​ពួក​ជនសកម្មប្រយុទ្ធបូកូ ហារ៉ាម​ Boko Haram នៅ​តែ​កើន​ទ្បើង​ច្រើន​ថែម​ទៀត។

សហរដ្ឋអាមេរិក៖ លោក​ មិត រមនី Mitt Romney ដែល​ជា​អ្នក​សង្ឃឹម​ថា​នឹង​ក្លាយ​ទៅ​ ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា​លោក​នឹង​ផ្សាយ​ឲ្យ​ដឹង​អំពី​ឯកសារ​ពន្ធដារ​របស់​លោក​ក្នុង​ពេល​ពីរ​ឆ្នាំ​មុន​នេះ​នៅ​សប្តាហ៍​នេះ​ ដោយ​លោក​បាន​និយាយ​ថា​វា​ជា​កំហុស​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដែល​មិន​បាន​ធ្វើដូច្នេះ​កាល​ពី​ពេល​មុន​។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!