VOA News: ព័ត៌មាន: “ហេឡូវីអូអេ ២៦ មករា ២០១២៖ ផលប៉ះពាល់ជីវភាពពលរដ្ឋដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ” plus 4 more |
- ហេឡូវីអូអេ ២៦ មករា ២០១២៖ ផលប៉ះពាល់ជីវភាពពលរដ្ឋដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ
- អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមថា គាត់មិនអាចការពារប្តីបានទេក្នុងរបបខ្មែរក្រហម
- អង្គការលីកាដូព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាញ់ប្រហារអ្នកតវ៉ារឿងជម្លោះដីធ្លី
- ព័ត៌មានអន្តរជាតិវីអូអេ ២៦ មករា យប់
- ព័ត៌មានអន្តរជាតិវីអូអេ ២៦ មករា ព្រឹក
ហេឡូវីអូអេ ២៦ មករា ២០១២៖ ផលប៉ះពាល់ជីវភាពពលរដ្ឋដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ Posted: 26 Jan 2012 12:41 PM PST អ្នកជំនាញការនិយាយថាពលរដ្ឋម្ចាស់ឆ្នោតត្រូវតែតវ៉ាជាមួយអ្នកនយោបាយនិងអ្នកដឹកនាំដែលខ្លួន បោះឆ្នោតជូនដើម្បីឲ្យជួយដោះស្រាយបញ្ហានៃការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន។ អ្នកជំនាញ និងពលរដ្ឋបានរៀបរាប់ពីផលប៉ះពាល់យ៉ាងច្រើនកើតឡើងពីការបណ្តេញចេញដោយបង្ខំ។ បញ្ហាទាំងនោះរួមមានទាំងសេដ្ឋកិច្ចគ្រួសារ ការអប់រំ អនាម័យ សុខភាពជាដើម។ នាំឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកជំនាញ និងក្រុមពលរដ្ឋរងគ្រោះ បានរៀបរាប់ដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមករា ឆ្នាំ២០១២ នៅក្នុងកម្មវីធីហេឡូវីអូអេ ដែលពិភាក្សាអំពីប្រធានបទស្តីពីផលប៉ះពាល់ជីវភាពពលរដ្ឋដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។ វាគ្មិនពីររូបគឺលោកស៊ា ភិរម្យ ជានាយកលេខាធិការដ្នានក្រុមការងារពិសេសសិទ្ធិលំនៅដ្នាន និងអ្នកស្រីនេត្រ រតនា តំណាងអ្នកភូមិអូបី ស្រុកស្នួល ខេត្តក្រចេះ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមថា គាត់មិនអាចការពារប្តីបានទេក្នុងរបបខ្មែរក្រហម Posted: 26 Jan 2012 11:55 AM PST អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូបបានសារភាពនៅថ្ងៃព្រហស្បតិ៍នេះថា គាត់មិនមានលទ្ធភាពការពារប្ដីរបស់គាត់ប្រឆាំងទៅនឹងការសម្រេចចាប់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទេ ដោយសារតែឥទ្ធិពលនៃការដឹកនាំនៅក្នុងសម័យនោះ។ ការចាប់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺមានន័យស្មើនឹងការនាំខ្លួនយកទៅសម្លាប់ចោល។ អ្នកស្រីប្រាក់ យុត អាយុ៦៧ឆ្នាំ អតីតសមាជិកសភាខ្មែរក្រហម និងជាអតីតសមាជិកភូមិភាគនិរតី បានបញ្ជាក់ប្រាប់អង្គជំនុំជម្រះសាលាដំបូង នៅក្នុងការកាត់ទោសសំណុំរឿង០០២ នៅថ្ងៃនេះថា គាត់ត្រូវបានតា ម៉ុក អតីតបងធំទី៥នៃសម័យខ្មែរក្រហម និងសមាជិកគណបក្សតំបន់ ប្រាប់រូបគាត់រយៈពេលបីថ្ងៃមុនការចាប់ខ្លួនប្ដីរបស់គាត់ ក៏ប៉ុន្ដែគាត់មិនហ៊ានតវ៉ា និងមិនហ៊ានប្រាប់ប្ដីរបស់គាត់ឲ្យដឹងខ្លួននោះទេ ដោយសារតែមានការភ័យខ្លាចពីគ្រោះថ្នាក់ដល់រូបគាត់ផ្ទាល់។ «ពេលតា ម៉ុកប្រាប់ខ្ញុំ ខ្ញុំអត់ដែលនិយាយជាមួយគាត់ទេ។ព្រោះគាត់ណែនាំខ្ញុំថា កាលណានិយាយទៅមានរឿងដល់ខ្ញុំ។ ពីព្រោះគាត់ណែនាំខ្ញុំថា ប្រសិនបើប្រាប់ប្ដី មានរឿងដល់ខ្ញុំ។ ដូច្នេះខ្ញុំអត់ហ៊ានប្រាប់ ពីព្រោះសម័យនោះ លោកក៏ដឹងដែរថា បើខ្ញុំនិយាយទៅខុស ប្ដីរត់បាត់ ខ្ញុំមានរឿង។ ដូច្នេះខ្ញុំមិនហ៊ាននិយាយទេ។ នេះខ្ញុំសូមជម្រាបលោកប្រធានឲ្យបានច្បាស់ រឿងគឺវាអញ្ចឹង កាលសម័យនោះ»។ អ្នកស្រីប្រាក់ យុត គឺជាសាក្សីមួយរូបដែលស្នើដោយជនជាប់ចោទ។ ការសារភាពរបស់គាត់គឺជាការឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងសញ្ជាតិអាមេរិក លោកដេល លីហ្ស៊ាក់ (Dale Lysak)។ របបពួកកុម្មុយនិស្ដខ្មែរក្រហមបានបង្កើតទ្រឹស្ដីមួយថា៖ «សក់អ្នកណា ក្បាលអ្នកនោះ»គឺមានន័យថា ម្នាក់ៗទទួលខុសត្រូវតែសម្រាប់ខ្លួនឯង តែប៉ុណ្ណោះ មិនអាចឈឺឆ្អាលបញ្ហាអ្នកដទៃនោះទេ។ ហើយគ្មាននរណាម្នាក់អាចធានា ឬការពារសាច់ញាតិរបស់ខ្លួនបានទេ»។ ប្ដីរបស់អ្នកស្រីប្រាក់ យុតគឺជាអតីតប្រធានមន្ទីរក្នុងតំបន់៣៥នៃខេត្តកំពត ហើយគាត់ក៏ត្រូវជ្រើសតាំងឲ្យធ្វើជាសមាជិកសភាខ្មែរក្រហមដូចគាត់ដែរ។ សាក្សីរូបនេះបានបញ្ជាក់ថា គាត់មិនបានចូលរួមប្រជុំសភាខ្មែរក្រហមនោះទេ។ នៅក្នុងការចោទសួរដេញដោលរបស់សហព្រះរាជអាជ្ញារងបរទេស អ្នកស្រីប្រាក់ យុតបានបញ្ជាក់ថា គាត់បានដឹងពីការសម្លាប់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្ដែគាត់មិនបានដឹងថា តើមានបញ្ជាពីអ្នកដឹកនាំរូបណានោះទេ ម្យ៉ាងវិញទៀត គាត់មិនដែលជួបនួន ជា ដែលជាប្រធានសភាខ្មែរក្រហមនោះទេ។ អ្នកស្រីប្រាក់ យុតបញ្ជាក់បន្ថែមថា គាត់បានទទួលបញ្ជាពីថ្នាក់លើឲ្យលុបបំបាត់វិស័យព្រះពុទ្ធសាសនា ហើយគាត់បានឃើញការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន។ «កាលនោះខ្ញុំបានទទួលឯកសារអំពីការបិទមិនឲ្យមានវត្ត និងព្រះសង្ឃហ្នឹង យើងមិនឲ្យមាន។ ហើយបើខាងលើមិនឲ្យមានហើយ ខ្ញុំក៏មិនអាចអារកាត់បានដែរ»។ សាក្សីដដែលបានបង្ហាញការស្ទាក់ស្ទើរជាច្រើននៅក្នុងការឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញានិងក្រុមមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី។ នៅមុនការបិទបញ្ចប់សវនាការសំណុំរឿង០០២ នៅថ្ងៃនេះ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានប្រកាសថា តុលាការនឹងកោះអញ្ជើញលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឲ្យចូលផ្ដល់សក្ខីកម្មនៅសប្ដាហ៍បន្ទាប់។ ក្រុមមេធាវីការពារជនជាប់ចោទបានទទូចទាមទារឲ្យលោកឆាំង យុចូលខ្លួននៅក្នុងបន្ទប់សវនាការដើម្បីចោទសួរអំពីឯកសារដែលមជ្ឈមណ្ឌលរបស់លោកបានផ្ដល់ជូនសាលាក្ដីខ្មែរក្រហម បើពុំដូច្នោះទេ ពួកគេមិនទទួលស្គាល់ឯកសារមួយចំនួននៅក្នុងចំណោមឯកសារទាំងនោះទេ៕ This posting includes an audio/video/photo media file: Download Now |
អង្គការលីកាដូព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាញ់ប្រហារអ្នកតវ៉ារឿងជម្លោះដីធ្លី Posted: 26 Jan 2012 11:33 AM PST អង្គការសិទិ្ធមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាញ់ប្រហារទៅលើអ្នកតវ៉ារឿងជម្លោះដីធ្លីក្នុងរយៈពេលបីខែកន្លងមកនេះ។ របាយការណ៍នេះ បានធើ្វឡើងស្របពេលដែលអ្នកភូមិជាង២០០នាក់នៅខេត្តកំពង់ស្ពឺបាននាំគ្នាតវ៉ានៅមុខតុលាការ ទាមទារឲ្យដោះលែងអ្នកជាប់ឃុំចំនួន៩នាក់ទាក់ទងនឹងរឿងជម្លោះដីធ្លី។ អង្គការសិទិ្ធមនុស្សលីកាដូបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុបាញ់យ៉ាងតិច៥លើក ដោយកងកម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើពួកអ្នកតវ៉ា ដែលធ្វើឲ្យអ្នកតវ៉ា១៩នាក់រងរបួសនៅកន្លែង។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ឧប្បត្តិហេតុនីមួយៗត្រូវបានចងក្រងជាឯកសារវីដេអូ និងរូបថត ប៉ុន្តែជនល្មើសបានរត់គេចពីការដាក់ទណ្ឌកម្ម ដែលជាឧទាហរណ៍ប្រព័ន្ធនិទណ្ឌភាពដ៏គ្រោះថ្នាក់របស់ប្រទេសកម្ពុជា។ លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទិ្ធមនុស្សលីកាដូ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុថ្មីៗទាំងនេះគឺជាជម្ងឺនៃអំពើអាក្រក់កើនឡើងនៅក្នុងសង្គមកម្ពុជា។ លោកស្រី ពុង ឈីវកេកបានបន្ថែមថា វាដល់ពេលដោះស្រាយមូលហេតុឫសគល់នានានៃអំពើអាក្រក់នេះដើម្បីធានានូវសមធម៌ តម្លាភាព និងភាពត្រឹមត្រូវក្នុងសិទិ្ធដីធ្លី។ សេចក្តីថ្លែងការណ៍នេះបានលើកយកករណីបាញ់នៅខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តរតនគីរី និងខេត្តក្រចេះ។ លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានថ្លែងថា ក្នុងរយៈពេលបីខែ ការបាញ់ប្រហារចំនួនប្រាំករណីបានកើតឡើង ដោយសារតែការរំលោភដីធ្លី ដែលកើតចេញពីការតវ៉ា និងកើតចេញពីការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងរបស់ពួកគាត់ដោយបង្ខំ។ «មានទំនាស់ធ្ងន់ធ្ងរ។ មានការបាញ់ប្រហារ។ មានការរងរបួស។ មានការបណ្តេញចេញ។ យើងចាត់ទុកថា វាជាករណីរំលាភទៅលើសិទិ្ធមនុស្ស ក៏ដូចជារំលោភទៅលើសិទិ្ធមានដីធ្លី និងសិទិ្ធមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ»។ លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលមិនបានបោះបង់ចោលបញ្ហាសិទិ្ធមនុស្សទេ។ «អី្វដែលយើងអាចធើ្វបានដើម្បីអភិវឌ្ឍប្រទេសឲ្យបានចីរភាពទាំងផ្នែកផ្លូវច្បាប់ ទាំងការងារបច្ចេកទេស និងគោរពទៅតាមវប្បធម៌ ប្រពៃណីរបស់យើងផងដែរ។ យើងធើ្វអ្វីៗ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ»។ ស្របពេលជាមួយគ្នានេះ អ្នកភូមិជាង២០០នាក់មកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានមកជួបជុំគ្នានៅមុខតុលាការ ដើម្បីទាមទារឲ្យតុលាការជួយរកយុត្តិធម៌ លើកលែងទោស និងដោះលែងអ្នកជាប់ឃុំ៩នាក់ ទាក់ទងនឹងរឿងជម្លោះដីធ្លី ពីព្រោះអ្នកទាំងនោះមិនមានទោសកំហុសដូចការចោទប្រកាន់នោះទេ។ ក្រុមហ៊ុន Phnom Penh Sugar បានចោទប្រកាន់អ្នកទាំងនេះអំពីការរំលាភយកដី និងបំផ្លិចបំផ្លាញទ្រព្យរបស់ក្រុមហ៊ុនក្នុងជម្លោះដីធ្លីទំហំជិត៧០០០ហិចតានៅឆ្នាំ២០១០។ អ្នកស្រីយឹម ពៅ អាយុ៣៤ឆ្នាំ នៅភូមិអូរព្រឡៅ ឃុំអមលាំង បាននិយាយយ៉ាងដូច្នេះថា៖ «ឥឡូវយើងមកសុំឲ្យគេដោះខ្លួនយាយនួន។ គាត់អត់ព្រមឲ្យដីទៅគេ ហើយអញ្ចឹងគេចាប់ខ្លួនគាត់។ បើគាត់អត់មានអី្វផង គាត់ត្រូវបានគេចាប់ខ្លួនគាត់។ ព្រោះរឿងអយុត្តិធម៌ហ្នឹងហើយបានខ្ញុំមកសុំខ្លួនយាយនួនហ្នឹងបានចេញពីការឃុំឃាំងវិញ»។ លោកយ៉ន ភុល អាយុ៥៣ឆ្នាំនៅភូមិអូរព្រឡៅ ឃុំអមលាំង ដែលភរិយារបស់លោកត្រូវជាប់ឃុំរឿងជម្លោះដីធ្លី បានបញ្ជាក់ថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនភរិយារបស់លោកដែលគ្មានកំហុស។ លោកមានការតូចចិត្តយ៉ាងខ្លាំងចំពោះអំពើអយុតិ្តធម៌នេះ។ «យើងនិយាយមិនចេញទេ ពីព្រោះវាជ្រុលហួសហេតុ។ សម្រាប់ខ្ញុំ វាអយុតិ្តធម៌ពេកហើយ ព្រោះថា គ្រាន់តែចាប់ប្រពន្ធបាន ហៅខ្ញុំទៅចរចាប្រគល់ដីអញ្ចឹង»។ របាយការណ៍របស់អង្គការសិទិ្ធមនុស្សលីកាដូបានបង្ហាញថា ក្នុងឆ្នាំ២០១១ អ្នកភូមិយ៉ាងតិច៥០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ និងជាង១០០នាក់បានជាប់បណ្តឹងនៅតុលាការ និងអ្នកខ្លះបានរត់គេចពីការចាប់ខ្លួនរបស់តុលាការ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៦ មករា យប់ Posted: 26 Jan 2012 07:20 AM PST កម្ពុជា៖ តាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP ឲ្យដឹងថា បុគ្គលិកខ្មែរប្រហែល៣០០នាក់ នៃសាលាក្តីកាត់ទោសខ្មែរក្រហមគាំទ្រដោយអ.ស.ប.នឹងមិនបានទទួលប្រាក់ខែទេនៅខែនេះ ហើយបុគ្គលិកខ្លះបានធ្វើការអត់បានប្រាក់ខែតាំងពីខែតុលាមកម៉្លេះ។ អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម ដែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា បញ្ហានេះបណ្តាលមកពីមូលនិធិរបស់ប្រទេសផ្តល់ជំនួយបានអស់។ ស.រ.អ.៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អ.ចុះទស្សនកិច្ចនៅបណ្តុំកាស៊ីណូក្រុងឡាស វេហ្គាស (Las Vegas) នៅរដ្ឋនេវ៉ាដា (Nevada) និងនៅមូលដ្ឋានទ័ពអាកាសក្នុងភ្នំរ៉ក់គី (Rocky Mountain) នៃរដ្ឋខូឡូរ៉ាដូ (Colorado) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញរបៀបវារៈនយោបាយថាមពលថ្មីរបស់លោកនៅក្នុងរដ្ឋទាំងពីរ ដែលជារដ្ឋសំខាន់សម្រាប់ការបោះឆ្នោតរបស់លោកធ្វើជាប្រធានាធិបតីអាណត្តិទី២ក្នុងឆ្នាំ២០១២។ ចិន៖ ប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បម្រាមរបស់សហភាពអឺរ៉ុបដែលមិនឲ្យនាំប្រេងពីប្រទេសអ៊ីរ៉ង់ មិនមែនជាការឆ្លើយតបលក្ខណៈស្ថាបនាទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់តេហេរ៉ង់ (Tehran) ដែលគេសង្ស័យ នោះទេ។ អេហ្ស៊ីប៖ បាតុករអេហ្ស៊ីបបន្តនៅទីលានតារៀ (Tahrir) ក្រុងគែរ (Cairo) នៅឡើយ ក្រោយពីបានបោះជំរំមួយយប់នៅចំណុចសំខាន់នៃការតវ៉ាផ្តួលរំលំលោកហូសនី ម៊ូបារ៉ាក់ (Hosni Mibarak) ដែលកាន់អំណាចដ៏យូរនោះ។ ស៊ីរី៖ សម្ព័ន្ធអារ៉ាប់ (Arab League) និយាយថា ការដកអ្នកសង្កេតការណ៍ពីរដ្ឋនៅតំបន់ឈូងសមុទ្រអារ៉ាប់នឹងមិនប៉ះពាល់ដល់ការងាររបស់គេក្នុងប្រទេសស៊ីរីទេ នៅពេលប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់បានធ្វើការប្រឹងប្រែងរួមគ្នាជាមួយស.រ.អ.ដើម្បីបញ្ចប់ការកាន់អំណាចរបស់ប្រធានាធិបតី បាស្សារ៉ាល អាសសាដ (Bashar al-Assad)។ អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្គានីស្ថាននិយាយថា គ្រាប់បែកអត្តឃាតបង្កប់ក្នុងឡានមួយបានសម្លាប់ជនស៊ីវិល៤នាក់ និងធ្វើឲ្យរបួស៣១នាក់ទៀត ក្នុងការវាយប្រហារលើក្រុមអ្នកសំណង់ក្នុងខេត្តដែលជាសាខារបស់អង្គការអូតង់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ ស៊ូដង់៖ ក្រុមបះបោរដ៏សំខាន់មួយនៅតំបន់ដាហ្វួរ (Darfur) ប្រទេសស៊ូដង់ (Sudan) បានប្រកាសតែងតាំងបងប្អូនប្រុសរបស់មេដឹកនាំដែលគេសម្លាប់ថ្មីៗនេះ ជាមេដឹកនាំថ្មីនៃចលនារបស់គេ។ ជប៉ុន៖ របាយការណ៍ព័ត៌មាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំបង់ប្រាក់សង្គ្រោះម្ចាស់រោងចក្រនុយក្លេអ៊ែរហ្វឹគឹស្ស៊ីម៉ា (Fukushima) ដែលខូចខាតនោះ ដោយបង់ទឹកប្រាក់ធានាចំនួន១៣ពាន់លានដុល្លារ។ កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាជាមួយមន្ត្រីការពារជាតិ ស.រ.អ. និងជប៉ុននៅដើមសប្តាហ៍ក្រោយក្នុងក្រុងសេអ៊ូល។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៦ មករា ព្រឹក Posted: 26 Jan 2012 12:34 AM PST ទីបេ៖ អ្នកដឹកនាំរដ្ឋាភិបាលនិរទេសរបស់ដែនដីទីបេបានអំពាវនាវសុំឲ្យមានអន្តរាគមន៍ពីបរទេស ដើម្បីជៀសវាងមិនឲ្យមានការបង្ហូរឈាមច្រើនទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍និយាយថា ភ្នាក់ងារប៉ូលីសបានសម្លាប់ក្រុមបាតុករជាតិ ទីបេ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងរយៈពេល២ថ្ងៃនៅខេត្តស៊ីឈួននៃប្រទេសចិនភាគនីរតី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោកឡុបសាំង សាងហ្កាយ Lobsang Sangay នាយករដ្ឋមន្រ្តីនិរទេសទីបេ បានថ្លែងថា សហគមន៍អន្តរជាតិ ត្រូវប្រកាន់យក «ជំហរគុណធម៌»មួយ ហើយមិនអាចនៅស្ងៀមបានទេ ចំពោះអំពើហិង្សាបែបនេះ។ ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានធ្វើការទស្សន៍ទាយអំពីលក្ខខណ្ឌដ៏អាក្រក់បំផុតដែលអាចកើតមាន នៅពេលដែលវិបត្តិនុយក្លេអ៊ែររបស់ខ្លួនបានឡើងដល់កំរិតខ្ពស់បំផុត កាលពីឆ្នាំមុន ដោយបានព្រមានថាមនុស្សប្រហែលដប់លាននាក់ ដោយរួមទាំងអ្នកទីក្រុងតូក្យូផង ប្រហែលត្រូវជន្លៀសពីតំបន់រស់នៅ ដើម្បីជៀសវាងផលប៉ះពាល់នៃវិទ្យុសកម្ម។ ក៏ប៉ុន្តែ ដោយភ័យខ្លាចថាអាចមានការស្លន់ស្លោខ្លាំងពេក អាជ្ញាធរក៏បានរក្សាទុកការវិភាគនេះជាការសម្ងាត់។ សូម៉ាលី៖ ក្រសួងការពារសហរដ្ឋអាមេរិកនិយាយថាជនជាតិអាមេរិកាំង ជេស៊ីកា ប៊ូចាណាន Jessica Buchanan ដែលជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមមនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះនៅសូម៉ាលី ដោយកងទ័ពប្រតិបត្តិការពិសេសអាមេរិកកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យយោធាមួយ តែគេមិននិយាយថានៅទីណាទេ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានចាប់ផ្តើមទស្សនកិច្ច៣ថ្ងៃទៅកាន់រដ្ឋចំនួន៥កាលពីថ្ងៃពុធ ដើម្បីយកផែនការសេដ្ឋកិច្ចដែលលោកបានលាតត្រដាងនៅក្នុងសន្ទរកថាប្រចាំឆ្នាំរបស់លោកនីរដ្ឋបាលរដ្ឋសហព័ន្ធ កាលពីយប់ថ្ងៃអង្គារទៅពន្យល់ជូនប្រជាពលរដ្ឋ។ អេហ្ស៊ីប៖ ជនជាតិអេហ្ស៊ីបជាច្រើនម៉ឺននាក់បានជួបប្រជុំគ្នានៅទីលានតារៀរ Tahrir នៅក្រុងគែរ Le Caire ដើម្បីរំលឹកឆ្នាំខួបទីមួយនៃការចាប់ផ្តើមការបះបោរដែលបានទម្លាក់លោកហូស្ន៊ី មូបារ៉ាក់ដែលជាប្រធានាធិបតីដែលនៅកាន់តំណែងយ៉ាងយូររបស់អេហ្ស៊ីប។ ស៊ីរី៖ រុស្ស៊ីនិយាយថាខ្លួនមិនគាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិទៅលើ ស៊ីរី ដែលអាចមានទណ្ឌកម្មឬអន្តរាគមន៍យោធានោះទេ។ លោក ស៊ើជី ឡាវរ៉ូវ Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃពុធថា ចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ជាយូរមកហើយថាជា «អំពើមិនត្រឹមត្រូវនិងមានផលអវិជ្ជមាន»។ សហរដ្ឋអាមេរិក៖ លោកស្រី ហ្កាប្រ៊ីអែល ហ្គីហ្វត អ្នកតំណាងរាស្រ្ត រដ្ឋអារូហ្សូណា Arizona ដែលត្រូវរងរបួសជាទម្ងន់ នៅក្នុងឧបទ្ទវហេតុបាញ់កាំភ្លើងមួយ នៅក្នុងរដ្ឋរបស់លោកស្រីកាលពីឆ្នាំមុនបានទទួលការលាគ្នាមួយប្រកបទៅដោយការរំភើបចិត្តនៅក្នុងរដ្ឋសភា កាលពីថ្ងៃពុធនេះ នៅពេលដែលលោកស្រីបានសុំលាឈប់ពីតំណែង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |