VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិវីអូអេ ២៥ មករា យប់” plus 4 more |
- ព័ត៌មានអន្តរជាតិវីអូអេ ២៥ មករា យប់
- អ.ស.បទទូចឱ្យតែងតាំងចៅក្រមស៊ើបអង្កេតអន្តរជាតិដែលខ្លួនបានស្នើឡើង
- អ្នកភូមិបុរីកីឡាប្តឹងក្រុមហ៊ុនផានអ៊ីម៉ិចពីបទបំផ្លិចបំផ្លាញផ្ទះសម្បែង
- តុលាការកោះហៅជនដៃដល់ក្នុងការបាញ់ប្រហារពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លី
- ព័ត៌មានអន្តរជាតិវីអូអេ ២៥ មករា ព្រឹក
ព័ត៌មានអន្តរជាតិវីអូអេ ២៥ មករា យប់ Posted: 25 Jan 2012 07:30 AM PST ស.រ.អ.៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងចាប់ផ្ដើមធ្វើទស្សនកិច្ច ៣ថ្ងៃក្នុងរដ្ឋចំនួន៥ នៅថ្ងៃពុធនេះ ដើម្បីបង្ហាញផែនការសេដ្ឋកិច្ចរបស់ខ្លួន ដែលលោកបានលាតត្រដាងឲ្យឃើញក្នុងសន្ទរកថាប្រចាំឆ្នាំកាលពីយប់ថ្ងៃអង្គារ។ អេហ្ស៊ីប៖ ពលរដ្ឋនៅក្នុងប្រទេស អេហ្ស៊ីប បានមកប្រមូលផ្ដុំគ្នានៅលើទីលានតារៀរ(Tahrir Square) នៃទីក្រុងគែរ (Cairo) ដើម្បីកត់សំគាល់ខួបឆ្នាំទីមួយនៃការងើបបះបោរ ដែលបណ្ដាលឲ្យប្រធានាធិបតីយូរអង្វែង ហុសនី មូបារ៉ាក់ (Hosni Mubarak) ធ្លាក់ចេញពីអំណាច។ សូម៉ាលី៖ កិច្ចប្រតិបត្ដិការយោធា ស.រ.អ.មួយបានរំដោះបុគ្គលិកសង្គ្រោះពីរនាក់ រួមមានស្រ្ដីអាមេ រិកាំងម្នាក់ និងបុរសជាតិដាណឺម៉ាកម្នាក់ ដែលបានត្រូវជនប្រដាប់អាវុធចាប់ធ្វើជាចំណាប់ខ្មាំង កាលពី៣ខែមុននៅតំបន់កណ្ដាលប្រទេសសូម៉ាលី។ អ៊ីរ៉ង់៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ាមានប្រសាសន៍ថាពិភពលោករួបរួមគ្នាដើម្បីឆ្លើយតបទៅនឹងអ៊ីរ៉ង់ដោយទុកឲ្យប្រទេសនោះនៅឯកោលើសពីពេលមុនៗហើយធ្វើឲ្យមេដឹកនាំអ៊ីរ៉ង់ប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។ ចិន៖ មន្ដ្រីចិននិយាយថាក្រុមហ៊ុនប្រេងអាមេរិកាំងដ៏ធំ Conocophillippsបានយល់ព្រមសងប្រាក់ជិត១៦០លានដុល្លារចំពោះការខូចខាតពាក់ព័ន្ធនឹងការលេចប្រេងដ៏ច្រើនសន្ធឹកនៅជិតឆ្នេរសមុទ្រចិនភាគឦសានកាលពីឆ្នាំមុន។ ជប៉ុន៖ ប្រទេសជប៉ុនបានផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីឧនភាពពាណិជ្ជកម្មប្រចាំឆ្នាំលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំ ខណៈពេលការខូចខាតពីរោងចក្រនុយក្លេអ៊ែរបានបង្ខំឲជប៉ុនទិញថាមពលចូលនិងតម្លៃប្រាក់យ៉េនឡើងខ្ពស់ ដែលនាំឲ្យយឺតយ៉ាវដល់ការលក់ទំនិញជប៉ុនចេញទៅក្រៅប្រទេស។ បាគីស្ថាន៖ ចំនួនមនុស្សស្លាប់ដោយសារការប្រើប្រាស់ឱសថមិនល្អនៅក្នុងប្រទេស បាគីស្ថាន(Pakistan) ក្នុងខេត្ដ ពុនចាប (Punjab) កើនឡើងកាន់តែខ្ពស់។ នីហ្សេរីយ៉ា៖ ស្ថានីយប៉ូលិសមួយបានត្រូវគេដាក់គ្រាប់បែកផ្ទុះកាលពីយប់ថ្ងៃអង្គារនៅតំបន់ភាគខាងជើងប្រទេស នីហ្សេរីយ៉ា(Nigeria) ក្នុងក្រុងកាណូ (Kano) ៤ថ្ងៃក្រោយពីក្រុមបះបោរអ៊ីស្លាមបានសម្លាប់មនុស្ស១៨៥នាក់ក្នុងការវាយប្រហារច្រើនលើកច្រើនសារមកលើទីក្រុងនេះ។ ស៊ីរី៖ ប្រទេសរុស្ស៊ីនិយាយថាខ្លួននឹងមិនគាំទ្រវិធានការណាមួយដែលដាក់ទណ្ឌកម្មមកលើប្រទេសស៊ីរី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ.ស.បទទូចឱ្យតែងតាំងចៅក្រមស៊ើបអង្កេតអន្តរជាតិដែលខ្លួនបានស្នើឡើង Posted: 25 Jan 2012 07:17 AM PST អង្គការសហប្រជាជាតិបានបង្ហាញជំហរជាថ្មីរបស់ខ្លួនម្តងទៀតនៅថ្ងៃពុធនេះ ចង់ឲ្យមានការតែងតាំងសហចៅក្រមបម្រុងអន្តរជាតិលោក ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) ហើយប្រាថ្នាចង់ឃើញចៅក្រមសញ្ជាតិស្វីសរូបនេះបំពេញការងារស៊ើបអង្កេតរបស់ខ្លួន ដោយមានសេរីភាពពេញលេញនៅក្នុងសំណុំរឿង០០៣ និងសំណុំរឿង០០៤។ លោក David Scheffer អ្នកជំនាញការពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់ទោសខ្មែរក្រហម បានថ្លែងប្រាប់អ្នកកាសែតនៅទីក្រុងភ្នំពេញនៅរសៀលថ្ងៃនេះថា លោកចង់ឃើញចៅក្រមបម្រុងអន្តរជាតិត្រូវតែងតាំង ហើយការខកខាននៅក្នុងការតែងតាំងរូបគាត់គឺជាការរំលោភទៅលើកិច្ចព្រមព្រៀរវាងអង្គការសហប្រជាជាតិ និងរាជដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០០៣។ កិច្ចព្រមព្រៀងដែលប្រគល់សិទ្ធិអំណាចទៅដល់សហចៅក្រមបម្រុងអន្តរជាតិ ប្រសិនបើកៅអីរបស់សហចៅក្រមអន្តរជាតិនៅទំនេរ។ «ជំហររបស់យើងគឺថា លោកចៅក្រម កាស្ពឺ អានសឺមេត (Kasper Ansermet) មានអំណាចច្បាស់លាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងប្រទេសនេះ។ នេះគឺជាការចង់បានរបស់អង្គការសហប្រជាជាតិ។ យើងចង់ឃើញគាត់បំពេញការងារកសាងសំណុំរឿង០០៣ និងសំណុំរឿង០០៤ គួរឲ្យជឿទុកចិត្តបាន»។ សេចក្តីថ្លែងការណ៍របស់លោក David Scheffer ធ្វើឡើងបន្ទាប់ពីលោកបានចរចាជាមួយនឹងលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម កាលពីល្ងាចថ្ងៃអង្គារ។ អតីតឯកអគ្គរដ្ឋទូតទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមរបស់សហរដ្ឋអាមេរិករូបនេះបញ្ជាក់ថា លោកបានលើកអំពីបញ្ហានេះជាមួយលោកសុខ អានក៏ប៉ុន្តែលោកសុខ អាន មិនបានផ្តល់ចម្លើយសមស្រប ឬក៏ប្រឆាំងជាមួយរូបលោកនោះទេ។ លោក ឡូរ៉ង់ កាស្ពឺ អានសឺមេត ត្រូវចូលមកជំនួសការងារអតីតចៅក្រមស៊ើបអង្កេតអន្តរជាតិលោក Siegfried Blunk បានលាលែងពីការងារបន្ទាប់ពីមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤។ សំណុំរឿងទាំងពីរមានជនជាប់ចោទសរុបចំនួនប្រាំនាក់ ហើយរដ្ឋាភិបាលកម្ពុជាបានប្រឆាំងជំទាស់។ លោក David Scheffer បានបញ្ជាក់ថាទោះបីជាមិនមានការតែងតាំងពីឧត្តមក្រុមប្រឹក្សាអង្គចៅក្រម លោក ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) មានអំណាចពេញលេញនៅក្នុងការបំពេញតួនាទីរបស់ខ្លួនដោយស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ២០០៣ ហើយបើសិនជាមិនមានការសហការពីលោក យូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតកម្ពុជានោះទេ លោកចៅក្រម ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) មានតួនាទីគ្រប់គ្រាន់នៅក្នុងការទទួលខុសត្រូវការស៊ើបអង្កេត។ លោក យូ ប៊ុនឡេង ធ្លាប់បានបង្ហាញជំហរមិនសហការជាមួយនឹងសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិរូបនេះ ដោយមូលហេតុថាចៅក្រមអន្តរជាតិរូបនេះមិនទាន់មាននីតិសម្បទាច្បាប់ពេញលេញ។ លោកស្រី Clair Daffy អ្នកឃ្លាំមើលដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិកស្វាគមន៍ចំពោះជំហរយ៉ាងច្បាស់លាស់របស់អង្គការសហប្រជាជាតិពេលនេះ។ «ជំហររបស់អង្គការសហប្រជាជាតិច្បាស់លាស់ហើយ គឺថាលោកចៅក្រមស៊ើបអង្កេតបម្រុងមិនត្រូវចាំបាច់ត្រូវការតែងតាំងពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទេ។ គាត់ឋិតនៅក្នុងការិយាល័យនេះហើយ ហើយឥឡូវនេះទាំងអស់គ្នាត្រូវរង់ចាំមើលថាតើ គាត់អាចបំពេញការងាររបស់គាត់បានយ៉ាងដូចម្តេចក្នុងកាលៈទេសៈបែបនេះ»។ យ៉ាងណាក៏ដោយលោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចោទជាសំណួរថាប្រសិនបើលោក ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) មិនត្រូវបានតែងតាំងជាផ្លូវការនោះ តើតួនាទីរបស់គាត់នៅក្នុងការស៊ើបអង្កេត តើនឹងទៅជាយ៉ាងណា។ «អស់លោកអ្នកកាសែតគិតទៅមើល លោកចង់ធ្វើជាមន្ត្រីនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា។ ក៏ប៉ុន្តែលោកមិនត្រូវបានតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ តើនៅក្នុងទិដ្ឋភាពផ្លូវច្បាប់ វាមានន័យដូចម្តេច ហើយអស់លោកអាចបកស្រាយចំណុចនេះដោយខ្លួនឯងបាន»។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាបានពន្យល់ប្រាប់អង្គការសហប្រជាជាតិថាការសម្រេចចិត្តមិនតែងតាំងលោក ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) ឲ្យធ្វើជាសហចៅក្រមស៊ើបអង្កេតដោយសារតែកង្វល់គោរពក្រមសីលធម៌របស់គាត់។ ក៏ប៉ុន្តែអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ចាត់ទុកថានោះមិនមែនជាមូលហេតុសមស្របទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិបុរីកីឡាប្តឹងក្រុមហ៊ុនផានអ៊ីម៉ិចពីបទបំផ្លិចបំផ្លាញផ្ទះសម្បែង Posted: 25 Jan 2012 07:12 AM PST អ្នកភូមិបុរីកីឡាច្រើនរាប់រយគ្រួសារដែលត្រូវបានបណ្តេញចេញ បានប្តឹងទៅតុលាការក្រុងភ្នំពេញប្រឆាំងនឹងក្រុមហ៊ុនផានអ៊ីម៉ិច នៅថ្ងៃពុធនេះ អំពីការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់កាលពីដើមខែមករានេះ។ អ្នកភូមិបុរីកីឡាជាង៣៨០គ្រួសារត្រូវបានបណ្តេញចេញពី ផ្ទះសម្បែងដោយអំពើហិង្សាកាលពីថ្ងៃទី៣ ខែមករា ខណៈដែលកងសន្តិសុខបានឈូសកម្ទេចផ្ទះសម្បែងរបស់ពួកគាត់។ ក្នុងពាក្យបណ្តឹង អ្នកភូមិបានប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច ពីការមិនគោរពកិច្ចសន្យាក្នុងការសាងសង់អគារឲ្យគ្រប់ចំនួន១០ ដែលមានកម្ពស់៦ជាន់តាមកិច្ចព្រមព្រៀងចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤ និងបានកម្ទេចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ព្រមទាំងសុំឱ្យដោះលែងអ្នកភូមិជាប់ឃុំ៧នាក់។ មន្រ្តីរដ្ឋបាលតុលាការ បានបញ្ជាក់ថាតុលាការបានទទួលពាក្យបណ្តឹងនេះហើយ។ អ្នកភូមិបុរីកីឡាបានបញ្ជាក់ក្នុងពាក្យបណ្តឹងថាតុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់ និងផ្តន្ទាទោសក្រុមហ៊ុនផានអ៊ីម៉ិចដែលបានរំលោភបំពានសិទិ្ធលំនៅដ្ឋាន។ អ្នកស្រីទឹម សាក់មុន្នី តំណាងសហគមន៍បុរីកីឡា បានថ្លែងថាអ្នកស្រីទាមទារឲ្យក្រុមហ៊ុនផាន អ៊ីម៉ិចសងការខូចខាតផ្ទះសម្បែង និងរបស់របរប្រើប្រាស់ដែលមានតម្លៃប្រមាណ២.៥០០ដុល្លារអាមេរិក។ «តាមពាក្យបណ្តឹងហ្នឹង យើងទាមទារឲ្យក្រុមហ៊ុនសងថ្លៃខូចខាត និងសងថ្លៃជំងឺចិត្ត។ ខ្ញុំថាឲ្យក្រុមហ៊ុនសងឲ្យសមរម្យដោយ ពួកខ្ញុំចាត់ទុកហេតុការណ៍នេះថាជាគ្រោះចង្រៃរបស់យើងទៅចុះ។ សងឲ្យសមរម្យដើម្បីពួកយើងអាចទិញរបស់របរប្រើប្រាស់កំប៉ិចកំប៉ុកខ្លះ។ បើសិនជាគេបដិសេធ មិនព្រមសង អញ្ចឹងជីវភាពរបស់ប្រជាពលរដ្ឋធ្លាក់ខ្លួនក្រតោកយ៉ាក និងខ្ចីបុលគេយកមកទិញរបស់ប្រើប្រាស់»។ អ្នកស្រីទឹម សាក់មុន្នី បានបញ្ជាក់ថាការខូចខាតទ្រព្យសម្បត្តិសម្រាប់ផ្ទះនីមួយៗក្នុងចំណោមផ្ទះ៣៨៤ មានតម្លៃចាប់ពី១.០០០ដុល្លារអាមេរិកដល់៤.០០០ដុល្លារអាមេរិក។ អ្នកស្រីអេង ថន អាយុ៥១ឆ្នាំ ជនរងគ្រោះនៅសហគមន៍បុរីកីឡា បានរៀបរាប់ថាការខូចខាតផ្ទះសម្បែង និងរបស់របរប្រើប្រាស់របស់អ្នកស្រីដោយសារការឈូសឆាយ មានតម្លៃប្រហែលជា១០០០ដុល្លារអាមេរិក។ «ផ្ទះរបស់ខ្ញុំ ក្រុមហ៊ុនឈូសឆាយខ្ទេចខ្ទីអស់។ ចាន ឆ្នាំង គ្រែ មុង ភួយ និងខោអាវមិនបានយកទេ។ ខ្ញុំចង់ទាមទារឲ្យក្រុមហ៊ុនសងការខូចខាតផ្ទះសម្បែងប្រហែល១០០០ដុល្លារអាមេរិក»។ អ្នកស្រីបានលើកឡើងថាបើក្រុមហ៊ុនមិនសងការខូចខាត តាមការទាមទារនេះទេ អ្នកភូមិបុរីកីឡានឹងតស៊ូតាមផ្លូវច្បាប់រហូតដល់ទទួលបានជោគជ័យ។ លោកស្រី ស៊ុយ ស៊ីផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច បានបញ្ជាក់ថាបើអ្នកភូមិបុរីកីឡាណាមានឯកសារគ្រប់គ្រាន់ លោកស្រីនឹងផ្តល់ដំណោះស្រាយជូន ប៉ុន្តែបើគ្មានឯកសារទេ លោកស្រីនឹងផ្តល់ដីនៅភ្នំបាត និងទួលសម្បូរណ៍ ហើយគ្រួសារដែលចង់ទៅរស់ស្រុកកំណើតវិញ នឹងទទួលបានប្រាក់ចំនួន៥០០ដុល្លារអាមេរិក។ ក្រុមអង្គការសិទិ្ធមនុស្សក្នុងស្រុក និងអន្តរជាតិបានថ្កោលទោសចំពោះការបណ្តេញអ្នកភូមិបុរីកីឡានេះ។ ក្រុមអង្គការសិទិ្ធមនុស្សអន្តរជាតិរួមមាន Amnesty International និង Human Rights Watch បានអំពាវនាវដល់ប្រទេសកម្ពុជាឲ្យបញ្ចប់ការបណ្តេញចេញដោយបង្ខំ និងឲ្យដោះលែងអ្នកភូមិបុរីកីឡា៧នាក់ ដែលកំពុងជាប់ឃុំ បន្ទាប់ពីការតវ៉ារឿងជម្លោះដីធ្លី ហើយបានប្រែក្លាយទៅជាអំពើហិង្សា៕ This posting includes an audio/video/photo media file: Download Now |
តុលាការកោះហៅជនដៃដល់ក្នុងការបាញ់ប្រហារពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លី Posted: 25 Jan 2012 06:58 AM PST មន្ត្រីតុលាការខេត្តក្រចេះមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទនៅថ្ងៃពុធនេះថា តុលាការបានចេញបញ្ជាឲ្យជនសង្ស័យចំនួនពីររូបចូលមកបំភ្លឺនៅនៅថ្ងៃទី៣០ ខែមករាខាងមុននេះ។ មន្ត្រីតុលាការរូបនោះបាននិយាយថា ជនសង្ស័យទាំងពីររូបដែលតុលាការសុំមិនទាន់ឱ្យបញ្ចេញឈ្មោះ សិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដោយចេតនាតាមមាត្រាទី២១៨ នៃក្រមព្រហ្មទណ្ឌថ្មី និងពីបទប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រាទី២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ។ ជនសង្ស័យទាំងពីររូបត្រូវបានមន្ត្រីមានសមត្ថកិច្ចអះអាងថាជាសន្តិសុខការពារឲ្យក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី ដែលកំពុងរត់គេចខ្លួននៅឡើយក្រោយពីការបាញ់ប្រហារមកលើប្រជាពលរដ្ឋកាលពីសប្តាហ៍មុន។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ កងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី បានប្រើប្រាស់កាំភ្លើងអាកា៤៧ បាញ់រះសំដៅទៅប្រជាពលរដ្ឋ ដែលបានប្រមូលផ្តុំគ្នាតវ៉ាឲ្យបញ្ឈប់ការឈូសឆាយផលដំឡូងមីរបស់ពួកគេ។ ក្រោយពីបានបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ យ៉ាងតិចមានប្រជាពលរដ្ឋចំនួនបួននាក់បានទទួលរងរបួសនៅក្នុងការប៉ះទង្គិចគ្នានោះ។ នេះបើតាមការបញ្ជាក់ពីសាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសិទ្ធិមនុស្ស។ រយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានជម្លោះដោយអំពើហិង្សាបានបញ្ចប់អាជ្ញាធរខេត្ត និងលោកម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានរាយការណ៍មកថាបានចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋ។ លោក ខាំ ភឿន អភិបាលខេត្តក្រចេះបាននិយាយថាគណៈកម្មការចម្រុះមួយបានចុះទៅវាស់វែងដីជូនប្រជាពលរដ្ឋហើយ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើនៅក្នុងមួយគ្រួសារប្រជាពលរដ្ឋនឹងទទួលបានចំណែកដីប៉ុន្មាននោះទេ។ «ស្ថានភាពជាក់ស្តែង គឺអាស្រ័យទៅបញ្ជីគ្រួសារមួយៗទេ ដែលកំណត់ត្រូវបានពីរហិកតា បីហិកតា។ កំពុងតែគិតតាមប្លង់ហ្នឹងហើយ សង់ហើយនឹងវាស់វែង។ សង់ផង វាស់ខ្សែបណ្តើរផង»។ បើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថាគណៈកម្មការចម្រុះ គ្រោងនឹងផ្តល់ដីលំនៅដ្ឋានជូនប្រជាជន ក្នុងមួយគ្រួសារទំហំ២៥ម៉ែតx ៣០ម៉ែត។ ចំណែកដីចម្ការទទួលបានចាប់ពីមួយហិកតា រហូតដល់ប្រាំហិកតា ហើយសំណងសម្រាប់ជនរងគ្រោះដែលទទួលរងរបួសធ្ងន់ ទទួលបានថវិកាចំនួនពីរលានរៀល គឺស្មើនឹង៥០០ដុល្លារសហរដ្ឋអាមេរិក និងជនរងគ្រោះដែលរងរបួសស្រាលទទួលបានមួយលានរៀល គឺស្មើនឹង២៥០ដុល្លារសហរដ្ឋអាមេរិក។ អ្នកស្រី នេត្រ រតនា ជនរងគ្រោះមួយរូបដែលត្រូវបានសន្តិសុខក្រុមហ៊ុន TTY បាញ់កាលពីសប្តាហ៍មុនបាននិយាយថាសំណងទាំងនេះមិនគ្រប់គ្រាន់សម្រាប់ទំហំឈឺចាប់របស់ប្រជាពលរដ្ឋទេ។ អ្នកស្រីបាននិយាយទៀតថាអ្វីដែលអ្នកស្រីចង់បានគឺត្រូវតែចាប់ខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ «ឥតគ្រប់គ្រាន់ទេបង ព្រោះជីវិតយើងវាមិនថ្លៃ។ ទឹកដោះម្តាយយើងថ្លៃណាស់ ថ្លៃជាងលុយដែលគេឲ្យយើងទៀត។ ខ្ញុំថាឲ្យដោះស្រាយ ហើយឲ្យចាប់អ្នកដែលបាញ់ប្រជាជនហ្នឹង យកមកដាក់ទោសឲ្យបាន»។ លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថាអាជ្ញាធរមិនហ៊ានចាប់ខ្លួនជនសង្ស័យទៅផ្តន្ទាទោសនោះទេ ទំនងជាខ្លាចឥទ្ធិពលរបស់ក្រុមហ៊ុន។ «អីញ្ចឹងខ្ញុំគិតថានេះ គឺដោយសារតែឥទ្ធិពលរបស់ក្រុមហ៊ុនហ្នឹង។ គាត់ប្រហែលជាឥទ្ធិពលធំបានជាធ្វើឲ្យអាជ្ញាធរទាំងអស់ហ្នឹងរារែកនៅក្នុងការចាប់អ្នកប្រព្រឹត្តនៃការបាញ់បោះហ្នឹង»។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្តក្រចេះបាននិយាយថាសមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវរបស់ខ្លួននៅឡើយ។ លោកបានបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងនៃការស៊ើបអង្កេតនេះទៅកាន់តុលាការរួចហើយ។ «យើងគិតថាអ្វីដែលយើងបានធ្វើជំហានដំបូងហ្នឹង យើងបានរកឃើញពីររូបជាសន្តិសុខរបស់ក្រុមហ៊ុន»។ ក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ២០០៩ នៅលើទំហំផ្ទៃដីប្រមាណជិត១០.០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដាំដើមកៅស៊ូ។ ក៏ប៉ុន្តែការធ្វើសម្បទានរបស់រដ្ឋាភិបាលនេះ ត្រូវបានអង្គការសង្គមស៊ីវិលនិយាយថាបានប៉ះពាល់ដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារប្រមាណជាង៥០០គ្រួសារ។ លោក អំ សំអាត បាននិយាយថាទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន TTY នេះ គឺជាអតីតដែនជម្រកសត្វព្រៃស្នួល ខេត្តក្រចេះ។ លោកបានបញ្ជាក់ថាមានដែនជម្រកសត្វព្រៃជាច្រើនផ្សេងទៀត ដូចជាដែនជម្រកសត្វព្រៃឱរ៉ាល់ តំបន់ឧទ្យានជាតិវីរជ័យ តំបន់ឧទ្យានបុទុមសាគរ និងតំបន់ឧទ្យានជាតិរាម ត្រូវបានរដ្ឋាភិបាលធ្វើសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៥ មករា ព្រឹក Posted: 25 Jan 2012 12:05 AM PST សកលលោក៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចសកលឆ្នាំ២០១២ ដោយនិយាយថាវិបត្ដិបំណុលអឺរ៉ុបមានភាពគម្រាមកំហែងដែលនឹងទាញទម្លាក់សេដ្ឋកិច្ចសកលឲ្យចូលក្នុងភាពដំណើរសេដ្ឋកិច្ចធ្លាក់ចុះកំណើន។ ភូមា៖ ប្រធានាធិបតីប៉ាគីស្ថានបានអំពាវនាវឲ្យរឹតចំណងពាណិជ្ជកម្មខ្លាំងឡើងជាមួយភូមាក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសនៃតំបន់អាស៊ីអគ្នេយ៍នេះ។ លោកអាស៊ីហ្វ អាលី ហ្សាដារី Asif Ali Zardari បានជួបពិភាក្សាជាមួយសមភាគីរបស់លោក ថេន សេន កាលពីថ្ងៃអង្គារ នៅក្នុងធានីរដ្ឋបាល ណៃពីដ។ ទីបេ៖ សហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភរបស់ខ្លួនចំពោះការបាញ់សម្លាប់ នឹងរបួសដល់ជនជាតិទីបេដោយកងកម្លាំងសន្ដិសុខចិន។ ក្រុមជនជាតិទីបេមួយក្រុមទទួលថវិកាឧបត្ថម្ភដោយន័រវ៉េស និយាយថាមនុស្ស៥ នាក់បានស្លាប់ក្នុងថ្ងៃទីពីរជាប់គ្នា ដោយសារការតទល់គ្នាជាមួយជនជាតិ ទីបេនឹងកងកម្លាំងសន្ដិសុខចិន នៅក្នុងខេត្ដស៊ីឈួន តំបន់នីរតីនៃប្រទេសចិន។ ស្រីលង្កា៖ មន្ដ្រីស្រីលង្កានិយាយថាឆ្មាំពន្ធធនាគារបានបាញ់កាំភ្លើងមកលើអ្នកទោសក្នុងគុក នៅពេលមានកុបកម្មដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច២៨ នាក់ របួស។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងបង្ហាញផែនការសេដ្ឋកិច្ចថ្មីមូយ ក្នុងពេលលោកថ្លែងសន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី នៅថ្ងៃអង្គារនេះ ហើយលោកនឹងថ្លែងអំពីរឿងគន្លឹះសំខាន់ៗ ដែលលោកនឹងប្រឈមមុខ នៅពេលលោកឃោសនារកសម្លេងឆ្នោត ក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ។ អ៊ីរ៉ង់៖ បានកោះហៅឯកអគ្គរដ្ឋទូតពីដាណឺម៉ាកនៅទីក្រុងតេហេរ៉ង់ ដើម្បីសម្ដែងអ្វីដែលអ៊ីរ៉ង់ហៅថាសេចក្ដីសម្រេចមិនសមរម្យពីសំណាក់សហភាព អឺរ៉ុបដែលហាមឃាត់ការនាំចូលប្រេងពីអ៊ីរ៉ង់។ អឺរ៉ុប៖ អគ្គស្នងការខាងសេដ្ឋកិច្ចសហភាពអឺរុប ថ្លែងថាទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងការធ្លាក់ចុះកំនើនសេដ្ឋកិច្ចក្នុងក្នុងល្បឿនជាមធ្យមក្នុងរយៈពេលពាក់កណ្ដាលឆ្នាំ២០១២ដោយការងើបឡើងនៃសេដ្ឋកិច្ចមិនអាចកើតមានឡើងមុនរយៈពេល ៦ ខែនៃឆ្នាំនេះទេ។ អ៊ីតាលី៖ ក្រុមជំនាញមុជទឹកដែលកំពុងស្វែងរកសាកសពមនុស្សស្លាប់ក្នុងនាវាកំសាន្ដដែលក្រឡាប់ឈ្មោះ កូស្តា ខនខតឌា Costa Concordia បានរកឃើញ សាកសពមនុស្សម្នាក់ទៀត នៅពេលដែលក្រុមអ្នកជំនាញស្ដារកប៉ាល់រៀបចំធ្វើឲ្យនាវា មានប្រេង២ពាន់តោននោះអណ្ដែតឡើងវិញ។ អ៊ីរ៉ង់៖ នៅថ្ងៃទី២៣ ខែមករា ២០១២ ប្រទេស២៧នៃសហភាពអឺរុបបានយល់ព្រមបញ្ឈប់ការទិញចូលប្រេងពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១ខែកក្កដា។ ប្រទេសបីក្នុងទ្វីបអឺរ៉ុបស្ថិតក្នុងចំណោមប្រទេស១០ធំៗ ដែលនាំចូលប្រេងពីអ៊ីរ៉ង់ ក្នុងឆមាសទីមួយនៃឆ្នាំ២០១១។ មេដឹកនាំជាច្រើននិងមន្ដ្រីផ្លូវការបានថ្លែងអធិប្បាយអំពីការដាក់ទណ្ឌកម្មនេះ។ បារាំង៖ប្រទេសបារាំង បានបដិសេធពាក្យថាខ្លួននឹងចាកចេញពីអាហ្វហ្គានីស្ថានយ៉ាងភ្លាមៗ ក្រោយពីទាហានអាហ្វហ្គានីស្ថានម្នាក់បានបាញ់សម្លាប់ទាហានបារាំង ៤នាក់កាលពីសប្ដាហ៍មុន។ ស៊ីរី៖ ស៊ីរីបានទិតៀនខ្លាំងក្លាមកលើសេចក្ដីស្នើផ្ដើមគំនិតរបស់សហព័ន្ធអារ៉ាប់ ដែលចង់បញ្ចប់ការបះបោររយៈពេល១០ខែ ធ្វើឡើងដោយក្រុមប្រឆាំងរដ្ឋាភិបាលតែ សុខចិត្ដអនុញ្ញតឲ្យបន្ដបេសកម្មរបស់ក្រុមអ្នកសង្កេតការណ៍ឲ្យដល់មូយខែ គឺរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ។ ស៊ូដង់ខាងត្បូង៖ អង្គការសហប្រជាជាតិនិយាយថាខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះការវាយប្រហារតាមអាកាសមកលើ ជំរុំជនភៀសខ្លួននៅតំបន់ភាគខាងត្បូងប្រទេសស៊ូដង់ដែលមានមនុស្សរស់នៅ៥ពាន់នាក់ដែលរត់គេចចេញពីអំពីឃោរឃៅនៅជិតប្រទេសជិតខាងស៊ូដង់។ អេហ្ស៊ីប៖ មេបញ្ជាការយោធានៃប្រទេសអេហ្ស៊ីប លោកមហាម៉េត ហ៊ូសេន តងតាវី ថ្លែងថាស្ថានភាពប្រទេសមានគ្រាអាសន្នដែលមានអាយុកាល៣០ឆ្នាំ នឹងត្រូវបានបញ្ចប់នៅថ្ងៃពុធ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |