|
- ការរំលោភបំពានលើពលការិនីកម្ពុជាកើនឡើងគួរឲ្យព្រួយបារម្ភ
- អ្នកសង្កេតការណ៍៖ អ.ស.បត្រូវកំណត់ពីស្តង់ដាយុត្តិធម៌ដែលខ្លួនចង់បាន
- អតីតអ្នកទោសមកលក់សៀវភៅនៅកន្លែងខ្លួនរងទារុណកម្មពីមុន
- ព័ត៌មានអន្តរជាតិវីអូអេ ២៧ មករា យប់
- គណបក្សប្រឆាំងនិងគណបក្សគ្រប់គ្រងអំណាចចោទគ្នាពីបទបំពានច្បាប់បោះឆ្នោត
- លោកឆាំង យុនឹងបំភ្លឺអំពីឯកសារដែលលោកផ្តល់ជូនតុលាការខ្មែរក្រហម
- ព័ត៌មានអន្តរជាតិវីអូអេ ២៧ មករា ព្រឹក
- អ្នកឃ្លាំមើល៖ អ.ស.បដើរមកដល់ផ្លូវបំបែកថាតើត្រូវដកចេញឬបន្តសហការជាមួយកម្ពុជា
ការរំលោភបំពានលើពលការិនីកម្ពុជាកើនឡើងគួរឲ្យព្រួយបារម្ភ Posted: 27 Jan 2012 01:55 PM PST មន្រ្ដីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មន្រ្តីគណបក្សប្រឆាំង និងមន្រ្តីរដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍ផ្សេងៗគ្នា នៅថ្ងៃសុក្រនេះទាក់ទងទៅនឹងការរំលោភបំពានលើពលការិនីកម្ពុជានៅប្រទេសម៉ាឡេស៊ី ស្របពេលដែលមិនទាន់មានដំណោះស្រាយសម្រាប់ជនរងគ្រោះរហូតដល់ស្លាប់ក្នុងពេលកំពុងបម្រើការងារនៅទីនោះនៅឡើយ។ មន្ដ្រីក្រសួងមហាផ្ទៃ អង្គការក្រៅរដ្ឋាភិបាលខ្លះ និងមន្ដ្រីគណបក្សជំទាស់អះអាងដូចគ្នាៗថា អំពើហិង្សាលើពលការិនីកម្ពុជាដែលជាស្ដី្របម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកមឿង តុលា ប្រធានកម្មវិធីផែ្នកសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានឲ្យដឹងថា ចាប់ពីខែតុលាឆ្នាំ២០១១រហូតមកដល់ពេលនេះមជ្ឈមណ្ឌលទទួលបានពាក្យបណ្តឹងចំនួន៧០ករណី អំពីការទទួលរងទារុណកម្មរបស់ស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលចំនួននេះមានការកើនឡើងទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីចុងឆ្នាំ២០១០។ មន្ដ្រីអង្គការមិនមែនរដ្ឋាភិបាលដដែលបានបញ្ជាក់ថា ពាក្យបណ្តឹងទាំងនោះភាគច្រើនគឺការធ្វើទារុណកម្មខាងផ្លូវកាយនិងផ្លូវចិត្តដូចជាជេរប្រមាថមាក់ងាយ វាយដំ បង្អត់អាហារ និងមានការរំលោភបំពានផ្លូវភេទជាដើម។ «ស្រ្តីនិងកុមារខ្មែរយើងដែលទៅធ្វើការនៅក្រៅប្រទេស ជាពិសេសពលករដែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហ្នឹង នៅមិនទាន់បានធូរស្រាលនៅឡើយទេ ពាក់ព័ន្ធនឹងអំពើហិង្សាមកលើរាងកាយគាត់ ពាក់ព័ន្ធនឹងការគាបសង្កត់ផ្លូវចិត្ត ការបៀតបៀនផ្លូវភេទមួយចំនួនទៅលើខ្លួនគាត់នៅដដែល ហើយពួកគាត់នៅតែមិនអាចមានលទ្ធភាពទាក់ទងមកក្រុមគ្រួសារគាត់ ហើយក្នុងមួយរយៈនេះ គឺយើងទទួលបានពាក្យបណ្តឹងច្រើន។ យើងឃើញថា បញ្ហាពលករចំណាកស្រុកហ្នឹង មិនទាន់ស្រាកស្រាន្តនៅឡើយទេ»។ លោកមឿង តុលាបានឲ្យដឹងបន្តថា ពលការិនីរងអំពើហិង្សាទាំងនេះដោយសារតែប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់ទទួលស្គាល់ពលករបម្រើការងារនៅតាមផ្ទះ។ ហើយនៅក្នុងឆ្នាំ២០១១នេះ ពលករដែលបម្រើការងារនៅតាមផ្ទះចំនួន៩នាក់បានស្លាប់ តែមូលហេតុការស្លាប់នេះស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ជាមួយគ្នានេះដែរ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រគណបក្សសមរង្ស៊ីបានឲ្យដឹងថា នៅក្នុងខែមករានេះ លោកស្រីទទួលបានពាក្យបណ្តឹងចំនួន១៥ករណីពីពលករបម្រើការងារនៅតាមផ្ទះនៅឯប្រទេសម៉ាឡេស៊ី។ លោកស្រ្តីបានចាត់ទុកថា អំពើហិង្សាលើពលករចំណាកស្រុក ដែលជាស្រ្តីនិងកុមារនៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលត្រូវការពង្រឹងបន្ថែមលើការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។ «មានតែកើនឡើង គឺវាឥតថយចុះទេ។ ហើយស្ថានភាពនៅតែធ្ងន់ធ្ងរ ពីព្រោះយើងឃើញថា បើទោះបីជាមានការផ្អាកក៏ដោយ ក៏ប៉ុន្តែស្រ្តីដែលធ្វើការនៅក្នុងផ្ទះហ្នឹង គឺយើងឥតមានយន្តការណានៅប្រទេសម៉ាឡេស៊ីដើម្បីត្រួតពិនិត្យទេ»។ លោកឧត្តមសេនីយ៍ត្រីជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួងមហាផ្ទៃក៏បានបញ្ជាក់ដែរថា ពាក្យបណ្តឹងរបស់ស្រ្តីបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីមានការកើនឡើងក្នុងឆ្នាំ២០១១នេះ បើធៀបទៅនឹងឆ្នាំ២០១០ ជាពិសេសអំពើហិង្សា ដូចជាការទះកំភ្លៀង ការវាយ ទាត់ ធាក់ វាយនឹងវែកឆាក្នុងពេលកំពុងធ្វើម្ហូប ឬមានការមួលក្តិច ជាដើម។ ក៏ប៉ុន្ដែលោកមិនមានតួលេខជាក់លាក់ពីការកើនឡើងនោះទេ។ រដ្ឋាភិបាលបានប្រកាសផ្អាកការនាំពលករទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីពលករទាំងនោះភាគច្រើនត្រូវបានគេរាយការណ៍ថា ទទួលរងនូវអំពើហិង្សាពីម្ចាស់ផ្ទះ និងបន្ទាប់ពីមានការស្លាប់របស់ពលការិនី។ ហើយរហូតពេលនេះ រដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឲ្យមានការបញ្ជូនពលការិនីកម្ពុជាទៅកាន់ប្រទេសម៉ាស៊ីឡើងវិញនៅឡើយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកយ៉ា ណាវុធ នាយកប្រតិបត្តិអង្គការ ខារ៉ាកម្ពុជា បានអះអាងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីអំពើហិង្សាលើពលករទេសន្តប្រវេសន៍ស្រ្តី និងកុមារនៅថ្ងៃសុក្រនេះថា ស្ថានភាពនៃអំពើហិង្សាលើស្រ្តី និងកុមារជាទូទៅមានលក្ខណៈល្អប្រសើរជាងមុន។ «យើងឃើញថា មានលក្ខណៈល្អប្រសើរ ប្រសើរជាងមុន បើតាមការសង្កេតរបស់យើង។ ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយ យើងត្រូវការប្រឹងប្រែង ការខិតខំការចូលរួមទាំងអស់គ្នា»។ ជាមួយគ្នានេះដែរ លោកស្រីសាន្ត អារុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារីក៏បានលើកឡើងក្នុងសិក្ខាសាលានោះដែរថា បញ្ហាអំពើហិង្សាលើស្រី្ត និងកុមារចំណាកស្រុកនេះនៅតែជាបញ្ហាកង្វល់នៅឡើយ។ លោកអន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ធ្លាប់បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៥មក ជារៀងរាល់ឆ្នាំមានពលករចំណាកស្រុកស្របច្បាប់ប្រមាណជា៣ទៅ៤ម៉ឺននាក់ ទៅស្វែងរកការងារ ដូចបម្រើការនៅតាមផ្ទះ ធ្វើសំណង់ និងធ្វើការនៅតាមរោងចក្រជាដើម ហើយរហូតមកដល់ពេលនេះ មានពលករចំណាកស្រុកស្របច្បាប់យ៉ាងហោចណាស់ប្រមាណជា៨ម៉ឺននាក់ទៅប្រទេសជប៉ុន កូរ៉េ ថៃ និងម៉ាឡេស៊ី។ ក៏ប៉ុន្ដែលោកប៉ាន់ប្រមាណថា ពលករចំណាកស្រុកខុសច្បាប់អាចមានចំនួនរហូតដល់៣០ម៉ឺននាក់៕ This posting includes an audio/video/photo media file: Download Now |
អ្នកសង្កេតការណ៍៖ អ.ស.បត្រូវកំណត់ពីស្តង់ដាយុត្តិធម៌ដែលខ្លួនចង់បាន Posted: 27 Jan 2012 11:51 AM PST នៅពេលកម្ពុជានិងអ.ស.បកំពុងខ្វែងគំនិតគ្នារឿងការតែងតាំងសហចៅក្រមស៊ើបអង្កេតដើម្បីបន្ត នីតិវិធីច្បាប់ក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤ ដែលរដ្ឋាភិបាលកម្ពុជាជំទាស់នោះក្រុមអ្នកឃ្លាំមើល សាលាក្តីកាត់ទោសខ្មែរក្រហមក្នុងប្រទេសកម្ពុជាបានអះអាងថា ការសហការបន្តពីកម្ពុជាលើសំណុំរឿងបន្ថែម និងការបញ្ជាក់ពីកម្រិតស្តង់ដាយុត្តិធម៌មួយរបស់អ.ស.បគួរត្រូវបង្ហាញជាសាធារណៈ និងធានាឲ្យបានច្បាស់លាស់។ ប្រទេសកម្ពុជាដែលមិនចង់ឃើញសំណុំរឿងបន្ថែម០០៣/០០៤ដំណើរការទៅមុខដោយបារម្ភពីផល ប៉ះពាល់ដល់សន្តិភាពបានចាត់ទុកថាការតែងតាំងសហចៅក្រមស៊ើបអង្កេត Laurent Kasper-Ansermet គឺជាអធិបតេយ្យរបស់កម្ពុជានិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តែអ.ស.បដែលចង់ឃើញសំណុំរឿង ០០៣/០០៤ដំណើរការទៅមុខដោយឈរលើហេតុផលថាអ្នកប្រព្រឹត្តបទឧក្រិដ្ឋត្រូវនាំ ខ្លួនមក ជំនុំជម្រះទោសនោះបកស្រាយថាកម្ពុជារំលោភកិច្ចព្រមព្រៀង។ ចៅក្រមបរទេសមួយចំនួន បានលាឈប់ពីមុខតំណែងដោយសារអ្វីមួយដែលគេអធិប្បាយថាមកពីការមិនមានការសហការ ដើម្បីបន្តសំណុំរឿង០០៣ និង០០៤ ហើយនឹងការលូកដៃជ្រៀតជ្រែកផ្នែកនយោបាយ។ លោក ឡាត់ គី មន្ត្រីឃ្លាំមើលសាលាក្តីកាត់ទោសខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុកបាន អះ អាងថាអ.ស.បត្រូវតែបញ្ជាក់ថាត្រូវបន្តរកយុត្តិធម៌ឲ្យបានពេញលេញជូនជនរងគ្រោះដូចការតាំងចិត្ត ពីដំបូងឬក៏បញ្ចប់ត្រឹមសំណុំរឿងទាំងពីរគឺសំណុំរឿង០០១ និង០០២ចប់ជារឿងគ្រប់គ្រាន់? «បើអញ្ចឹងមិនចាំបាច់រកដំណោះស្រាយអីផ្សេងទេ។ ហើយបើអ.ស.បចង់ទម្លាក់សំណុំរឿង០០៣ ០០៤ បង្វិលមកឲ្យតុលាការជាតិបន្តដោះស្រាយក៏អ.ស.បមិនចាំបាច់បង្អង់ឬក៏ពន្យាពេលនៅក្នុងការផ្តល់សារឲ្យជាក់លាក់ជូនមកដល់ភាគីកម្ពុជាដែរ»។ លោកថ្លែងថាកម្ពុជាបញ្ជាក់ច្បាស់ហើយថាមិនចង់បានសំណុំរឿងបន្ថែម០០៣ និង០០៤ដែលមាន អតីតកម្មាភិបាលខ្មែរក្រហម៥នាក់ ដែលសង្ស័យថាជាប់ចោទជាបឋមពីឧក្រិដ្ឋកម្មជាតិនិងអន្តរជាតិមួយចំនួនដូចជាឧក្រិដ្ឋសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងខ្លះឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ក្នុងទសវត្សរ៍១៩៧០នោះ។ កម្ពុជានិងអ.ស.បកាលពីសប្តាហ៍មុនបានប្រតិកម្មទៅវិញទៅមកក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ក្រោយពេលកម្ពុជាខកខានមិនតែងតាំងសហចៅក្រមស៊ើបអង្កេត Laurent Kasper-Ansermet របស់អ.ស.បដើម្បីបន្តនីតិវិធី។ នៅក្នុងជំនួបរវាងលោក David Scheffer អ្នកជំនាញការពិសេសរបស់អ.ស.បជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃអង្គារពុំបានឈានដល់កិច្ចព្រមព្រៀង ណាមួយនោះទេទាក់ទងនឹងរឿងតែងតាំងសហចៅក្រមស៊ើបអង្កេតសម្រាប់បន្តការស៊ើបអង្កេត លើសំណុំរឿងបន្ថែម០០៣ និង០០៤ ។ ក៏ប៉ុន្តែ លោក David Scheffer បានបញ្ជាក់ពីជំហររបស់ អ.ស.បថា លោកចង់ឃើញសហចៅក្រមស៊ើបអង្កេតដែលជ្រើសរើសដោយ អ.ស.បគឺលោក Laurent Kasper-Ansermet ត្រូវតែងតាំងតាមកិច្ចព្រមព្រៀងដើម្បីឲ្យចៅក្រម រូបនេះបន្តការស៊ើបអង្កេតនិងបន្តកិច្ចការរបស់ខ្លួនទៀត។ «យើងរង់ចាំលោកសហចៅក្រមស៊ើបអង្កេតធ្វើការងារដើម្បីកសាងសំណុំរឿងឲ្យមានការជឿជាក់ គឺសំណុំរឿង០០៣ និង០០៤។ ខ្ញុំគិតថានោះជាដំណើរការដែលត្រូវធ្វើការលាតត្រដាងឡើងក្នុង ប្រទេសកម្ពុជា។ ប្រសិនបើជួបនឹងការលំបាកយើងត្រូវដោះស្រាយការលំបាកទាំងនោះនៅពេលឬ ប្រសិនបើកើតឡើង»។ លោកបានអះអាងថាលោក សហចៅក្រមស៊ើបអង្កេតអាចធ្វើកិច្ចការរបស់លោកបានទោះបីជាគ្មាន ការតែងតាំងពីប្រទេសកម្ពុជា ព្រោះលោកត្រូវបានតែងតាំងដោយលោកអគ្គលេខាធិការអ.ស.បរួចហើយ។ លោក ឡុង បញ្ញាវុធមន្ត្រីកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជាបានអះអាងថាចំណោទគឺកិច្ចសហការរវាងភាគីអ.ស.បនិងកម្ពុជា។ លោកបញ្ញាវុធថ្លែងដែរថាមានកិច្ចការច្រើនដែលការិយាល័យសហចៅក្រមស៊ើបអង្កេតត្រូវរៀបចំដូចជាដំណើរការឲ្យមានការចូលរួមពីជនរងគ្រោះ និងជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី រៀបចំឲ្យមានដំណើរការ ផ្នែករដ្ឋបាលមួយដែល មានការសហការល្អ និង ចេញសេចក្តីប្រកាសព័ត៌មានញឹកញាប់ ដើម្បីឲ្យសាធារណជនបានដឹងពីការវិវត្តន៍ពីដំណើរការ នីតិវិធី ក្រៅពីការបន្តកិច្ចការស៊ើបអង្កេតនិងដំណើរការនីតិវិធីផ្សេងៗ។លោកបង្ហាញឲ្យដឹងថាការតែងតាំងសហចៅក្រមស៊ើបអង្កេត ជារឿងមួយតែប្រសិនបើគ្មានការសហការរវាងភាគីទាំងពីរវិញ ក៏នីតិវិធីមិនអាចដំណើរការទៅបានដែរ។ «រឿងហ្នឹងសំខាន់ណាស់។ បើអត់សហការគ្នាទោះបីជាតែងតាំងនរណាមកក៏ដោយ គ្រាន់តែតែងតាំង ល្អមើល ហើយមានបញ្ហាមិនចេះចប់មិនចេះហើយតែប៉ុណ្ណឹង»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានអះអាងថាភាគីអ.ស.ប និង កម្ពុជាជាដៃគូដែលត្រូវបន្តជជែកបញ្ហាដែលខ្វែងគំនិតគ្នា។ កម្ពុជាមិនចង់ឃើញសាលាក្តីខ្មែរក្រហមដែលបង្កើត រួមគ្នារវាងកម្ពុជានិងអ.ស.ប ត្រូវបរាជ័យនោះទេ។ លោកស៊ីផានទទូចថាគេគួរបែងចែក សំណុំរឿង ០០១និងសំណុំរឿង ០០២ ដែលបានដំណើរការនោះ ឲ្យដាច់ពីបញ្ហាដែលភាគីទាំងពីរកំពុងជជែកគ្នានោះទេ។ លោកអះអាងថាសំណុំរឿង០០៣និង ០០៤ និងបញ្ហាតែងតាំងសហចៅក្រមស៊ើបអង្កេត ដែលអ.ស.បនិងកម្ពុជាមានមតិផ្ទុយគ្នាហើយនៅបន្តជជែកនោះជារឿងដាច់ដោយឡែក។ «ជំនួបរវាងឯកឧត្តម David Scheffer ជាមួយនឹងឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្ត្រី សុខ អានគឺយើង បានជជែកគ្នាថាយើងនឹងអង្គុយជជែកគ្នាត្រូវធ្វើយ៉ាងម៉េចឲ្យមានដំណោះស្រាយមួយសមស្របពីព្រោះ គ្មានភាគីណាមួយដែលមកបង្ខិតបង្ខំនៃប្រជាជាតិមួយដែលជាប្រទេសអធិបតេយ្យឲ្យទៅធ្វើ តាមអ្នកនេះ តាមអ្នកនោះទេ»។ សំណុំរឿង០០៣និង០០៤ត្រូវគេរាយការណ៍មកថាពុំមានការស៊ើបអង្កេតត្រឹមត្រូវ ដោយសួរទៅលើជនសង្ស័យ ចុះទៅដល់កន្លែងកើតហេតុនោះទេតាំងពីឆ្នាំ២០០៨មកទោះបីជាសហចៅក្រមខ្មែរបាន អះអាងថាបានស៊ើបចប់ហើយក្តី។ ជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលដែលសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមថា មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា នៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំង និងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យទាំង៥នាក់នោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាម ឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពី ត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិត។ ជនសង្ស័យ៣នាក់ក្នុងចំណោម ៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និងអ្នកស្រីអ៊ឹម ចែមបានបកស្រាយជាមួយវីអូអេសំឡេងសរអា ផ្នែកខេមរភាសាហើយ បដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។ ទោះជាយ៉ាងណាក៏ដោយថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងប្រទេសកម្ពុជាមួយថ្ងៃក្រោយពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាបន្ទាប់ពីការតែងតាំងជាអ្នកជំនាញការពិសេសរបស់អ.ស.ប លោក David Scheffer បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះដំណើរការសាលាក្តីនេះដោយអះអាងថាកិច្ចការរបស់ លោកសំខាន់មួយ គឺធ្វើយ៉ាងណាឲ្យតុលាការដែលមានបញ្ហាចម្រូងចម្រាសនេះមានដំណើរការប្រកបដោយការជឿទុកចិត្តហើយមានថវិកាទ្រទ្រង់ពីក្រុមប្រទេសផ្តល់ជំនួយ។ សាលាក្តីខ្មែរក្រហម ដែលកំពុងខ្វះថវិកាកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមាន ជនជាប់ ចោទ៣នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រី ការបរទេសដែលត្រូវ តុលាការចោទពីបទឧក្រិដ្ឋជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងបទចោទទៅនឹងការ សម្លាប់ រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ ជាង១,៧លាននាក់។ សាលាក្តីខ្មែរក្រហមដែលចំណាយទឹកប្រាក់ជិត២០០លាន ដុល្លាបានកាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលជាអតីតប្រធានគុកទួលស្លែង ខ្មែរក្រហម ស ២១ ក្នុងទីក្រុងភ្នំពេញ ដែលទទួលខុសត្រូវលើការសម្លាប់មនុស្សជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
អតីតអ្នកទោសមកលក់សៀវភៅនៅកន្លែងខ្លួនរងទារុណកម្មពីមុន Posted: 27 Jan 2012 08:19 AM PST ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ អតីតអ្នកទោសគុកទួលស្លែង ដែលនៅរស់រានមានជីវិតមកប្រកបរបរជាអ្នកលក់សៀវភៅនៅក្នុងអតីតគុកដ៏សែនប្រល័យរបស់ខ្មែរក្រហមដែលពួកគេធ្លាប់រងទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ សព្វថ្ងៃ លោកប៊ូ ម៉េងមិនទៅចូលរួមតាមដានសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទេ។ លោកសុខចិត្តនៅលក់សៀវភៅរបស់លោក នៅក្នុងអតីតមន្ទីរធ្វើទារុណកម្មរបស់ខ្មែរក្រហមនេះវិញ។ លោករកប្រាក់បាន៧០ទៅ៨០ដុល្លារក្នុងមួយថ្ងៃ។ បើចំថ្ងៃហេង លោកអាចរកបានរហូតដល់២០០ឬ៣០០ដុល្លារពីការលក់សៀវភៅនេះ។ «ឧបមាថា ខ្ញុំលក់តម្លៃ១០ដុល្លារអញ្ចឹង ហើយគេឲ្យខ្ញុំ២០ដុល្លារ គេថាមិនបាច់អាប់ទេ។ ខ្ញុំក៏អរគុណគេ សំពះគេ ហើយក៏ចាប់ដៃគេថើប បានន័យថា ដៃហ្នឹងហើយដែលធ្វើការរកលុយ ដើម្បីជួយទិញសៀវភៅខ្ញុំ ដើម្បីជួយចិញ្ចឹមខ្ញុំ ឲ្យបានរស់រានមានជីវិត»។ <!--AV--> លោកប៊ូ ម៉េងធ្លាប់រងទារុណកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងអតីតគុកទួលស្លែងដ៏សែនប្រល័យរបស់ក្រុមខ្មែរក្រហមមួយនេះ។ ដូច្នេះ វាមិនមែនងាយស្រួលប៉ុន្មានទេ ដែលលោកត្រូវវិលត្រឡប់មកទីនេះវិញជារៀងរាល់ថ្ងៃ ដើម្បីលក់សៀវភៅរបស់លោកនោះ។ «ខ្ញុំឲ្យតែចូលមកកន្លែងហ្នឹង ខ្ញុំអួលណែនហើយ។ ប៉ុន្តែមិនដឹងធ្វើ់ម៉េច ការរកស៊ី ការលក់ដូរ ដើម្បីបានថវិកាចិញ្ចឹមកូនខ្លះ ពីព្រោះថវិការដ្ឋដែលជួយខ្ញុំ បានតិចតួច វាចាយមិនគ្រាន់ ស៊ីមិនគ្រាន់។ អញ្ចឹងខ្ញុំឆ្លៀតពេលហ្នឹងមកលក់សៀវភៅដើម្បីយកកម្រៃហ្នឹងចិញ្ចឹមជីវិត»។ លោកហ៊ុយ វណ្ណៈគឺជាអ្នកនិពន្ធសៀវភៅដែលរៀបរាប់ពីជីវិតរបស់លោកប៊ូ ម៉េងនេះ និងបច្ចុប្បន្នលោកជាមន្ត្រីកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម។ «អ្វីដែលខ្ញុំបានធ្វើជាមួយលោកប៊ូម៉េងគឺខ្ញុំគិតយ៉ាងដូច្នេះ គឺប្រឹងប្រែងធ្វើឲ្យសៀវភៅនេះមានន័យសម្រាប់ជីវិតរបស់គាត់ ហើយក៏ជាវិធីមួយដើម្បីជួយគាត់ក្នុងផ្លូវផ្សេងៗ ក្នុងបញ្ហាហិរញ្ញវត្ថុ និងផ្នែកផ្លូវចិត្តរបស់គាត់»។ លោកក្លូត ប្រេលី (Claude Brale) គឺជាអ្នកទេសចរណ៍មកពីប្រទេសកាណាដា ដែលបានទិញសៀវភៅរបស់លោកប៊ូ ម៉េង។ «ខ្ញុំមើលឃើញពីភាពស៊ីជម្រៅយ៉ាងច្រើននៅក្នុងមុខ និងភ្នែករបស់គាត់ ហើយតាមរយៈនោះ ខ្ញុំចង់អានបន្ថែមទៀតអំពីរឿងរបស់គាត់»។ ដូចលោកប៊ូ ម៉េងដែរ លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងម្នាក់ទៀត ក៏មកលក់សៀវភៅនៅទីនេះជារៀងរាល់ថ្ងៃដែរ ជាជាងទៅចូលរួមសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ លោកនិយាយថា មានតែមកទីនេះទេ ទើបលោកអាចរកប្រាក់បានខ្លះដើម្បីទ្រទ្រង់ជីវិតនិងគ្រួសាររបស់លោកបាន។ «ព្រោះក្មួយដឹងស្រាប់ហើយថា តុលាការចាប់តាំងពីរចាប់ផ្តើមថ្ងៃណាម៉ោ មិនដែលបានផ្តល់អីដល់ជនរងគ្រោះទេ។ នៅសល់តែបីគ្រាប់ហ្នឹង ហើយឥឡូវវ៉ាន់ ណាតស្លាប់ទៀត នៅសល់តែពីរទេ។ មិនទាន់ឃើញលទ្ធផលអីដល់ជនរងគ្រោះបន្តិចណាទេ»។ លោកប៊ូ ម៉េងបន្ទរ៖ «បានជាបាត់ភាគីខ្ញុំមិនទៅចូលរួម ភាគីដែលនៅរស់ហ្នឹង ពីរនាក់ហ្នឹង នៅជ្រងោហ្នឹង នៅអង្គុយលក់សៀវភៅយកលុយ ដើម្បីក្រពះហ្នឹង ម្តេចមិនអាណិតគ្នាផង អាណិតតែអាចុងចោទហ្នឹងខ្លាំងម្ល៉េះ? តុលាការហ្នឹង តុលាការស្អី? ខ្ញុំតូចចិត្តណាស់ ខកចិត្តយ៉ាងខ្លាំង»។ លោកហ៊ុយ វណ្ណៈឆ្លើយតប៖ «តុលាការមិនបានប្រើគំនិតមួយដើម្បីបែងចែកថា ជនរងគ្រោះទួលស្លែងសំខាន់ ឬនៅគុកណាផ្សេងសំខាន់ជាងនោះទេ។ តុលាការស្វាគមន៍ការចូលរួមរាល់ពេលវេលារបស់សាធារណជន តែយើងមិនបានគិតថា ត្រូវតែគាំពារជាពិសេសទៅដល់ភាគីណាមួយទេ»។ យ៉ាងណាក៏ដោយ ក្រុមអ្នកទស្សនាសារមន្ទីរទួលស្លែងនេះជឿថា ការទិញសៀវភៅរបស់អ្នករស់រានមានជីវិតពីអតីតគុកនេះ អាចជួយរួមចំណែកធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជាងមុន។ លោកអាដាម ម៉ារីស(Adam Marris) មកពីប្រទេសអូស្ត្រាលី៖ «ខ្ញុំសង្ឃឹមថា វាជួយផ្តល់ភាពសុខស្រួលខ្លះដល់ជីវិតរបស់គាត់ និងអាចឲ្យគាត់មានជីវិតដែលប្រកបដោយគុណភាពល្អជាងនេះ។ ហើយខ្ញុំក៏សង្ឃឹមថា គាត់ទទួលបានការពេញចិត្តខ្លះៗពីការនិយាយចេញនូវរឿងរ៉ាវរបស់គាត់និងប្រហែលជាអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងមុន»។ គេមិនដឹងថា តើអតីតអ្នកទោសគុកទួលស្លែងនេះនៅអាចនិយាយរឿងរ៉ាវរបស់ខ្លួនប្រាប់ពិភពលោករហូតដល់ពេលណាទេ នៅពេលដែលវ័យរបស់គាត់កាន់តែជ្រេទៅហើយនោះ។ ប៉ុន្តែសម្រាប់ពេលនេះ ពួកគាត់នៅតែអង្គុយលក់សៀវភៅរបស់គាត់ ដើម្បីបន្តជីវិតរបស់ខ្លួនតទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៧ មករា យប់ Posted: 27 Jan 2012 07:09 AM PST អ៊ីរ៉ាក់៖ ពួកមន្ត្រីអ៊ីរ៉ាក់បាននិយាយថា ការផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៨នាក់ស្លាប់ នៅក្នុងសង្កាត់មួយនៃរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយសៀ (Shia) រស់នៅ។ ស.រ.អ.៖ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលនៅសល់តែបួននាក់បានធ្វើការជជែកដេញដោលគ្នាចុងក្រោយបង្អស់ នៅមុនការបោះឆ្នោតបឋមដ៏សំខាន់ក្នុងរដ្ឋផ្ល័ររីដា (Florida) នៅសប្តាហ៍ក្រោយ។ នេះជាការជជែកគ្នាអំពីអន្តោប្រវេសន៍ ឯកសារពន្ធដារ និងសំណើមួយឱ្យមានការតាំងទីលំនៅលើឋានព្រះចន្ទ នៅក្នុងរដ្ឋមួយនេះដែលមានឧស្សាហកម្មអវកាសច្រើនជាងគេក្នុងប្រទេសជាតិ។ ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងពិភាក្សាអំពីវិបត្តិក្នុងប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ នៅពេលដែលពួកប្រទេសអារ៉ាប់ និងពួកបស្ចឹមប្រទេសប្រុងប្រៀបរៀបចំផែនការរួមគ្នាមួយ ដែលមានគោលដៅបញ្ឈប់ការបង្ក្រាបដោយប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar al-Assad) លើក្រុមអ្នកប្រឆាំង។ អេហ្ស៊ីប៖ ក្រុមសកម្មជនអេហ្ស៊ីបបានប្រមូលផ្តុំគ្នាក្នុងទីលានតារៀ (Tahrir) នៃទីក្រុងគែរ (Le Caire) នៅថ្ងៃសុក្រនេះ នៅពេលដែលប្រទេសនេះបន្តប្រារព្ធខួបឆ្នាំទីមួយនៃការបះបោរ ដែលបានបណ្តេញលោកអតីតប្រធានាធិបតី ហូសនី ម៊ូបារ៉ាក់ (Hosni Mubarak) ឱ្យចេញពីតំណែង។ <!--AV-->
This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងនិងគណបក្សគ្រប់គ្រងអំណាចចោទគ្នាពីបទបំពានច្បាប់បោះឆ្នោត Posted: 27 Jan 2012 07:37 AM PST គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងបានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃសុក្រនេះ ដែលគណបក្សសម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាអំពីការទិញទឹកចិត្តអ្នកគាំទ្រគណបក្សរបស់ខ្លួន។ ការបោះឆ្នោតព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ ខាងមុខនេះ សម្រាប់អាសនៈចំនួន៦១ ដែលរួមមានពីររូបតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតតែងតាំងដោយរដ្ឋសភា។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា សកម្មជនគណបក្សប្រជាជនកម្ពុជាបានទិញទឹកចិត្តសមាជិកគណបក្សសម រង្ស៊ី ក្នុងម្នាក់ៗយ៉ាងតិច៧០០ដុល្លារអាមេរិក ដើម្បីឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ «ខ្ញុំឃើញគណបក្សកាន់អំណាចគគ្រឹកគគ្រេងណាស់ក្នុងការទិញសន្លឹកឆ្នោតស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់។ ហើយគេបង្កើតឲ្យមានការប្រជុំនៅតាមឃុំ តាមស្រុក ដើម្បីបោកបញ្ឆោតឲ្យសមាជិកគណបក្សសម រង្ស៊ី ហ្នឹងបោះឆ្នោតឲ្យគណបក្សគេ។ ហើយឃើញតុលាការហ្នឹងក៏មមាញឹកដែរ ក្នុងប៉ុន្មានថ្ងៃនេះ។ ពីមុនមិនដែលហៅសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សទៅសួរនាំអំពីបទចោទប្រកាន់ផ្សេងៗ ដែលគេកប់ទុកចោលតាំងពីយូរណាស់ក្នុងហេតុផលនយោបាយនោះ មិនដែលមានទេ។ ប៉ុន្តែមួយថ្ងៃពីរថ្ងៃនេះ តុលាការក៏រវល់ខ្លាំងណាស់ដែរ។ រូបភាពនេះសុទ្ធតែជារបៀបគំរាមកំហែង និងបំភិតបំភ័យអង្គបោះឆ្នោតរបស់គណបក្សសម រង្ស៊ី។ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា វាប្រហែលជាមិនមានប្រសិទិ្ធភាពទេ»។ លោកយឹម សុវណ្ណបានបន្ថែមថា គណបក្សសម រង្ស៊ីចាប់បានករណីទិញទឹកចិត្តមួយនៅខេត្តបាត់ដំបង ប៉ុន្តែមានច្រើនករណីទៀតដែលមិនអាចចាប់ភស្តុតាងបាន។ លោកអ៊ុក គឹមហាន នាយកនៃនាយកដ្ឋានបូកសរុបរបស់គណបក្សប្រជាជនកម្ពុជា បានបដិសេធការចោទប្រកាន់នេះថា ជាការមិនពិត។ «គណបក្សប្រជាជនគ្មានគោលការណ៍ ឬក៏គ្មានវិធានការក្នុងការទិញដូរសន្លឹកឆ្នោតអី្វទេ»។ លោកអ៊ុក គឹមហានបានលើកឡើងបញ្ឆិតបញ្ឆៀងទៅគណបក្សសម រង្ស៊ី ថា មានគោលការណ៍ដាក់ការគាបសង្កត់លើសមាជិករបស់ខ្លួនឲ្យស្បថបោះឆ្នោតឲ្យគណបក្សខ្លួន។ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់សនិ្នសីទកាសែតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្តឹងចំនួនបួន ដោយបណ្តឹងពីរត្រូវបានដោះស្រាយ និងពីរទៀតកំពុងដំណើរការដោះស្រាយ។ «នៅក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះ នៅរាជធានី ខេត្ត យើងបានទទួលបណ្តឹងបួន ទី១ការបំផ្លាញសម្ភារៈឃោសនា ទី២ការចងបដាឆ្លងកាត់ផ្លូវដែលនីតិវិធីរបស់គជបបានហាម ទី៣ការឃោសនាបោះឆ្នោតរំខានដល់ការរៀនសូត្ររបស់សិស្សតាមសាលារៀន និងទី៤ការទិញទឹកចិត្ត។ ក្នុងបណ្តឹងទាំងបួននេះ បណ្តឹងពីរត្រូវបានដោះស្រាយហើយ។ បណ្តឹងដែល ទាក់ទងការរំខានសិក្សា និងការចងបដាឆ្លងកាត់ផ្លូវក៏បាន ដោះស្រាយហើយ»។ លោកយឹម សុវណ្ណបានថ្លែងថា គណបក្សសម រង្ស៊ីទទួលបានអាសនៈយ៉ាងតិច១១នៅក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ។ ក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណតិ្តទី២ គណបក្សប្រជាជនកម្ពុជាមានអាសនៈ៤៥ គណបក្សហ៊្វុនស៊ិនប៉ិច១០អាសនៈ និងគណបក្សសម រង្ស៊ី មាន២អាសនៈ៕ This posting includes an audio/video/photo media file: Download Now |
លោកឆាំង យុនឹងបំភ្លឺអំពីឯកសារដែលលោកផ្តល់ជូនតុលាការខ្មែរក្រហម Posted: 27 Jan 2012 07:51 AM PST នាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំជាងគេក្នុងប្រទេសកម្ពុជា គឺលោកឆាំង យុនឹងបង្ហាញខ្លួនជាលើកដំបូងបំផុត សម្រាប់ការផ្ដល់សក្ខីកម្មរយៈពេលពីរថ្ងៃ សប្ដាហ៍ក្រោយនេះក្នុងការកាត់ទោសសំណុំរឿង០០២។ នេះបើយោងតាមប្រភពផ្សេងៗ និងការប្ដេជ្ញាចិត្តរបស់លោក ឆាំង យុ។ ការបង្ហាញខ្លួនក្នុងបន្ទប់សវនាការរបស់នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការទទូចយ៉ាងខ្លាំងក្លាពីក្រុមមេធាវីការពារក្ដីនៃជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវសំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស។ ក្នុងអង្គសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានប្រកាសពីការកោះអញ្ជើញលោកឆាំង យុ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ទេ។ «អង្គជំនុំជម្រះសាលាដំបូងមានបំណងធ្វើសវនាការនៅសប្ដាហ៍ខាងមុខ និងសប្ដាហ៍បន្ទាប់ ក្នុងការស្ដាប់ចម្លើយសាក្សីឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា»។ ប្រភពផ្សេងៗបញ្ជាក់ថា លោកឆាំង យុនឹងត្រូវចូលខ្លួនក្នុងសវនាការនៅថ្ងៃពុធទី១ និងថ្ងៃព្រហស្បតិ៍ទី ២ កុម្ភៈ។ លោក ឆាំង យុមិនអាចបញ្ជាក់ថា តើលោកទទួលបានដីកាកោះអញ្ជើញរូបលោកហើយឬនៅទេ ក៏ប៉ុន្ដែលោកមានប្រសាសន៍ថា លោកនឹងចូលរួមផ្ដល់សក្ខីកម្មតាមការកោះរបស់តុលាការ។ «ឥឡូវនេះលោកចៅក្រមនិល ណុនបានប្រកាសថា នឹងកោះហៅរូបខ្ញុំ ហើយបើសិនជាមានការកោះហៅ ដូចជាលោកមានប្រសាសន៍មែន ខ្ញុំនឹងបង្ហាញខ្លួនដើម្បីបំភ្លឺទៅនឹងសំណួរទាំងឡាយណាដែលមិនទាន់ច្បាស់លាស់»។ លោកវ៉ាន់ថាន់ ពៅតារា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ក្នុងការផ្ដល់សក្ខីកម្មក្នុងសប្ដាហ៍នេះថា មជ្ឈមណ្ឌលរបស់លោកបានប្រមូលផ្ដុំនូវអ្វីដែលទាក់ទងនឹងរបបខ្មែរក្រហមចំនួនជិតមួយលានឯកសារ។ ដោយឡែក ឯកសារប្រមាណជា៥០០០០០ឯកសារត្រូវគេដឹងថា ត្រូវបានប្រគល់ជូនសាលាក្ដីខ្មែរក្រហមសម្រាប់ប្រើជាភស្ដុតាង។ នៅក្នុងអំឡុងពេលសវនាការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ក្នុងសំណុំរឿង០០២ កាលពីសប្ដាហ៍មុន ក្រុមមេធាវីការពារក្តីនៃជនជាប់ចោទបានប្រឆាំងនឹងឯកសារភស្ដុតាងជាច្រើនរយនៅក្នុងនោះមានឯកសារដែលមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់ជូនសាលាក្ដីខ្មែរក្រហមផងដែរ។ ក្រុមមេធាវីជនជាប់ចោទក៏បានទទូចឲ្យលោកឆាំង យុចូលខ្លួនមកផ្ដល់សក្ខីកម្មដល់តុលាការដែរ។ លោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ដោយមិនបង្ហាញឈ្មោះលោកឆាំង យុ ចំៗទេ ដោយបញ្ជាក់ថា ការកាត់ក្ដីសំណុំរឿង០០២នៅសប្ដាហ៍ក្រោយ នឹងផ្តោតជាសំខាន់ផងដែរលើការសួរដេញដោលជនជាប់ចោទនួន ជា ដែលត្រូវគេស្គាល់ថា ជាមេមនោគមន៍វិជ្ជារបស់របបខ្មែរក្រហម។ «សប្ដាហ៍ក្រោយនេះគឺយើងនឹងមានមន្ដ្រីជាន់ខ្ពស់មួយរូបបន្ថែមទៀតពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីផ្ដល់នូវសក្ខីកម្មបន្តទៀតទាក់ទងនឹងយថាភាពនៃឯកសារ។ ជាមួយគ្នានេះដែរ យើងនឹងមានព្រឹតិ្តការណ៍សំខាន់ៗដែលនៅក្នុងនោះមានការចោទសួរលើលោកនួន ជា»។ សូមរំឭកថា កាលពីសប្ដាហ៍មុន សហព្រះរាជអាជ្ញារជាតិ និងអន្ដរជាតិបានលើកទឡ្ហីករជាច្រើនប្រឆាំងនឹងការទាមទាររបស់ក្រុមមេធាវីការពារជនជាប់ចោទទាក់ទងទៅនឹងការជំទាស់នូវឯកសារភស្ដុតាង៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ២៧ មករា ព្រឹក Posted: 26 Jan 2012 08:21 PM PST សកលលោក៖ មូលនិធិសាកលសម្រាប់ប្រយុទ្ធជំងឺអេដស៍ គ្រុនចាញ់ និងរបេង នឹង ទទួលបានថវិកាបន្តចំនួន៧៥០លានដុល្លារពីមូលនិធិបៀលនិងម៉េលីនដាហ្គេតស៍ ដើម្បីបន្តកិច្ចការរបស់ខ្លួន។ ឆ្នាំនេះ មូលនិធិសាកលហៅក្លូបលហ្វាន់បានទាយថាកម្មវិធីដែលខ្លួនគាំទ្រនឹងជួយជីវិតមនុស្សជាង១លាននាក់ទៀត នៅពេលដែលមូលនិធិនិយាយថា យុទ្ធសាស្រ្តរបស់ខ្លួនបានជួយជីវិតមនុស្សជាង៦លាន៥ សែននាក់ជុំវិញពិភពលោក។ អ៊ីរ៉ុង៖ ចិននិយាយកាលពីថ្ងៃព្រហស្បត៍ថា បម្រាមរបស់សហភាពអឺរ៉ុបលើទំនិញប្រេងនាំចូលពីអ៊ីរ៉ង់មិនមែនជាការឆ្លើយតប «ស្ថាបនា» មួយទៅនឹងកម្មវិធីថាមពលរបស់ក្រុងតេហេរ៉ង ដែលគេសង្ស័យថាមានទាក់ទងនឹងអាវុធនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ ចិនរិះគន់ថា ការដាក់ទណ្ឌកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកនឹងដំឡើងភាពតានតឹងនឹងដំឡើងតម្លៃប្រេង។ ស៊ីរី៖ លោក ណាប៊ៀល អ៊ីឡារ៉ាប៊ី ប្រធានសមាគមប្រទេសអារ៉ាប់ថ្លែងថាលោកនិងលោកនាយករដ្ឋមន្រ្តីកាតានឹងប្រគល់ផែនការមួយរបស់ប្រទេសអារ៉ាប់សម្រាប់ការដោះស្រាយការបះបោរជាច្រើនខែនៅស៊ីរី ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទ។ អ៊ីរ៉ុង៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាហម៉ោទ អាម៉ាឌីនីជែតថ្លែងថារដ្ឋាភិបាលលោកមិនប្រឆាំងនឹងការចរចាជាមួយមហាអំណាចបស្ចឹមប្រទេសទេ អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន តែក៏ចង់ឲ្យប្រទេសទាំងនេះប្តូរអ្វីដែលលោកហៅថា ឥរិយាបថ«អាក្រក់» របស់ខ្លួនចំពោះអ៊ីរ៉ង់ដែរ។ សហរដ្ឋអាមេរិក៖ លោកប៉ារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកនឹងដាក់ជួលដីទំហំ១៥លានហិចតា នៅក្នុងឈូងសមុទ្រ មិចស៊ិក ដើម្បីធ្វើការរុករកប្រេងនិងឧស្ម័ន។ លោកអូប៉ាម៉ាបានបន្តថាការនេះនឹងជំរុញឲ្យអាមេរិកប្រើឧស្ម័នធម្មជាតិជំនួសប្រេង និងធ្វើឲ្យសហរដ្ឋអាមេរិកប្រែក្លាយជាប្រទេសអារ៉ាប៊ីសាអូឌីត ខាងឧស្ម័នធម្មជាតិ ដោយនិយាយថា អាមេរិកមានឧស្ម័នប្រើសម្រាប់រយៈពេល ១០០ ឆ្នាំទៅមុខទៀត។ ទីបេ៖ មេដឹកនាំដែលបានជាប់ឆ្នោតនៃសហគមនិរទេសរបស់ដែនដីទីបេបានអំពាវនាវឲ្យមានបាតុកម្មសកលមួយដើម្បីផ្តន្ទាទោស ការសម្លាប់ក្រុមបាតុករជាតិ ទីបេយ៉ាងហោចណាស់៦នាក់ នៅក្នុងបាតុកម្មកាលពីថ្ងៃច័ន្ទនិងអង្គារ ដោយកងកម្លាំងសន្តិសុខនៅក្នុងខេត្ត ស៊ីឈួន នៅភាគនីរតីប្រទេសចិន។ អាហ្វហ្គានីស្ថាន៖ លោក អ៊ែនដឺ ហ្វក រ៉ាសមូសិន អគ្គលេខាធិការអង្គការ អូតង់ បានអំពាវនាវឲ្យបារាំងបន្តប្រតិបត្តិការហ្វឹកហ្វឺននៅអាហ្វហ្គានីស្ថាន ទោះបីជាមានការសម្លាប់ទាហានបារាំង៤នាក់ដោយទាហានអាហ្វហ្គានីស្ថានម្នាក់កាលពីសប្តាហ៍មុនក៏ដោយ។ រុស្ស៊ី៖ អ្នកសង្កេតការណ៍ការបោះឆ្នោតរបស់អង្គការសម្រាប់សន្តិសុខនិងសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុបបានចាប់ផ្តើមបេសកកម្មវាយតម្លៃដំណើការបោះឆ្នោតនៅរុស្ស៊ី នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៤ខែមិនា។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ្នកឃ្លាំមើល៖ អ.ស.បដើរមកដល់ផ្លូវបំបែកថាតើត្រូវដកចេញឬបន្តសហការជាមួយកម្ពុជា Posted: 27 Jan 2012 12:26 PM PST ក្រោយពីកម្ពុជាខកខានមិនបានធ្វើការតែងតាំងសហចៅក្រមស៊ើបអង្កេតអ.ស.បដើម្បីដំណើរការនីតិវិធីនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿងបន្ថែមមកជំនុំជម្រះទោស ក្រុមអ្នកវិភាគខ្លះបានអះអាងថាបញ្ហា ចម្រូងចម្រាសនេះអាចបង្ហាញពីចុងបញ្ចប់នៃសំណុំរឿង០០៣ និង០០៤ ផងការមិនសហប្រតិបត្តិការក្នុងដំណើរការសាលាក្តី ការប៉ះទង្គិចដល់កេរ្តិ៍តំណែលនិងមុខមាត់របស់តុលាការផងដែរ។ ដោយឈរលើស្ថានភាពទាំងនេះក្រុមអ្នកវិភាគខ្លះនៅស.រ.អានិងកម្ពុជាបានផ្តល់ជម្រើសពីការដកខ្លួនថយរបស់អ.ស.ប និងអ្នកខ្លះថា អ.ស.បគួរនៅបន្តតែត្រូវប្រើឥទ្ធិពលរបស់អ.ស.បពិតប្រាកដ។ សំណុំរឿង០០៣ និង០០៤ ត្រូវសហព្រះរាជអាជ្ញាបាន ដាក់ជូនដល់ដៃសហចៅក្រមស៊ើbអង្កេតទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំ២០០៨។ សហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានស្នើកាលពី ខែតុលា រំពឹង ថានឹងដំណើរការនីតិវិធីរបស់ខ្លួនក្នុងការនាំខ្លួនជនសង្ស័យមក ឃុំខ្លួន ស៊ើបអង្កេតបន្ត។ ក៏ប៉ុន្តែ ប្រទេស កម្ពុជា ដែលបានជំទាស់ដាច់ខាតទៅនឹងអ.ស.បដែលចង់ នាំខ្លួនជនសង្ស័យបន្ថែមមកកាត់ទោសនោះ មិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper Ansermet) ដើម្បីបន្តនីតិវិធី តុលាការនោះទេ ដែលធ្វើឲ្យអ.ស.បខកចិត្ត ខ្លះៗ នឹង ប្រទេសកម្ពុជា។ ដោយមើលឃើញពីទីបញ្ចប់នៃសំណុំរឿងបន្ថែម០០៣និង០០៤ មុនជនសង្ស័យ៥នាក់ត្រូវកាត់ទោស នោះ លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានថ្លែងថាអ.ស.ប ត្រូវតែមានការសម្រេចចិត្តខ្ពស់ពេលនេះជាមួយនឹងជម្រើស៤យ៉ាង។ លោកថ្លែងតាមប្រសាសន៍ដើមដូច្នេះថា៖ «អ.ស.បមានជម្រើសជាច្រើន គឺជំរុញឲ្យបានខ្លាំងចំពោះដំណើរការសំណុំរឿង០០៣ និង០០៤។ ដកថយហើយផ្តោតការយកចិត្តទុកដាក់លើដំណើរការសំណុំរឿងដែលកំពុងកាត់ក្តី០០២។ ហើយនឹងបន្តជម្លោះតូចតាចយ៉ាងទន់ជ្រាយនេះជាមួយរដ្ឋាភិបាលរបស់លោកហ៊ុន សែន ឬ ដកខ្លួនចេញពីដំណើរការសាលាក្តីទាំងស្រុង»។ លោកស្រី នូស្ស៊ីន សាការាទី(Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា Center for Justice and Accountability បានហៅការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតថាជា ភស្តុតាងដែល រដ្ឋាភិបាលចង់បិទទ្វារការិយាល័យសហចៅក្រមស៊ើបអង្កេតដើម្បីរាំងមិនឲ្យសំណុំរឿង០០៣ និង០០៤ ដំណើរការទៅមុខ។ ក៏ប៉ុន្តែលោកស្រីជឿថាអ.ស.បនៅតែមានឥទ្ធិពល។ លោកស្រីបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយយើងត្រូវរង់ចាំមើលថាតើអ.ស.បនិងអនុវត្តអំណាចរបស់ខ្លួននិងការទទួលខុសត្រូវរបស់ខ្លួន ឬទេ» ។ លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាដែលតាមឃ្លាំមើលសាលាក្តីខ្មែរក្រហម បានអះអាងថាអ.ស.បដល់ពេលត្រូវមានជំហររឹងប៉ឹងហើយទាក់ទងនឹងការតែងតាំងនឹងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩នោះ។ លោកម៉ុងហៃបាន អះអាងថាបន្ទុករឿងសាលាក្តីធ្លាក់ដល់អ.ស.បថាតើត្រូវតាមកម្ពុជាឬ យ៉ាងណា? ហើយប្រទេសមហាអំណាចធំៗដែលគាំទ្រសាលាក្តីខ្មែរក្រហមត្រូវជួយអ.ស.បទាំងថវិកា និង គាំទ្រដល់អង្គការពិភពលោកនេះកុំឲ្យប៉ះពាល់ដល់មុខមាត់ផងដែរ។ «មិនគួរឲ្យអ.ស.បដែលជាអង្គការពិភពលោកសម្រាប់ពិភពលោកបរាជ័យហើយ ប៉ះពាល់ដល់កិត្តិយស និងបាត់បង់នូវជំនឿពីប្រទេសឯទៀត គឺប្រជាជនផ្សេងទៀតនៅក្នុងពិភពលោក ដែលពឹងផ្អែកទៅលើ អន្តរជាតិពិភពលោកហ្នឹងដើម្បីជួយនៅពេលមានអាសន្នអន់ក្រ»។ លោកថ្លែងទៀតថាអ.ស.បមិនត្រូវដកខ្លួនពីសាលាក្តីខ្មែរក្រហមទេ។ការធ្វើដូច្នោះនាំឲ្យមានការខាតបង់ ទាំងសងខាងគឺកម្ពុជានិងអ.ស.ប។ ទោះជាយ៉ាងណាក៏ដោយលោកបានជំរុញឲ្យកម្ពុជានិងអ.ស.បត្រូវតែ គោរពកិច្ចព្រមព្រៀងដែលបានបង្កើតឡើងមុនបង្កើតសាលាក្តីកាត់ទោសខ្មែរក្រហមដែល លោកសង្កត់ធ្ងន់ថា មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ។ អ.ស.បបានប្រតិកម្មទៅនឹងប្រទេសកម្ពុជាកាលពីសប្តាហ៍មុនចំពោះការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper Ansermet) ដែលលោកអគ្គលេខាធិការ អ.ស.ប. បាន គីមូន (Ban Ki-Moon) បានជ្រើសតាំងជំនួសលោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ដែល បានលាឈប់ពីមុខតំណែងកាលពីខែតុលា។ អ្នកនាំពាក្យអ.ស.ប លោក Martin Nesirky បានចាត់ទុក ថាកម្ពុជាមានកាត្វកិច្ចតែងតាំងសហចៅក្រមស៊ើបអង្កេត។ លោកបាន ហៅការមិនតែងតាំងគឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរផងនិងជាការរំលោភលើកិច្ចព្រមព្រៀងអ.ស.បនិងកម្ពុជាផង។ ប្រទេសកម្ពុជាបាន ប្រតិកម្ម ភ្លាមៗថាកម្ពុជាជារដ្ឋអធិបតេយ្យ ហើយ ការតែងតាំងគឺជាការសម្រេចរបស់ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមដែលពុំគួរមានការគាបសង្កត់។ លោក James Goldston នាយកប្រតិបត្តិនៃអង្គការច្បាប់របស់ស.រ.អា ហៅថាOpen Society Justice Initiative (OSJI) បានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាថា ការខកខានមិនបានតែងតាំងសហចៅក្រម ស៊ើបអង្កេត ជាភស្តុតាងបន្ថែមទៀតដែលរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ បន្ថែមមកជំនុំជម្រះទោស និងការប៉ះពាល់បន្ថែមដល់កេរ្តិ៍ឈ្មោះតុលាការដែលកំពុងជាប់ឈ្មោះ អាក្រក់រួចហើយនោះ។ «ជារឿងសំខាន់ចំពោះសមត្ថភាពនៃអង្គជនុំជម្រះនៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលសំណុំរឿង០០៣ និង០០៤ ឈានដល់ការបញ្ចប់តាមអង្គហេតុនិងច្បាប់ជាមូលដ្ឋាន។ ការបរាជ័យក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអាចមានន័យថាការិយាល័យសហចៅក្រមស៊ើបអង្កេតគ្មានដំណើរការ។ ដូច្នេះសំណុំរឿង០០៣ និង០០៤ មិនអាចដំណើរការដោយការស៊ើបអង្កេតនិងកាត់ក្តីបានល្អិតល្អន់ទេ។ រឿងនេះអាចបង្ហាញពីការមិនអើពើរបស់កម្ពុជាចំពោះកាត្វកិច្ចក្នុងសាលាក្តីខ្មែរក្រហម»។ លោក ប្រេដ អាដាំ (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានដាក់សំណួរទៅលើការពាក់ព័ន្ធរបស់ អ.ស.ប ជាមួយនឹងកម្ពុជារឿងតុលាការខ្មែរក្រហមដល់ទីបញ្ចប់។ «ខ្ញុំគិតថា រឿងនេះជាការរំលោភកិច្ចព្រមព្រៀងដែលអ.ស.បត្រូវតែគិតពិចារណាថាតើអ.ស.ប និងត្រូវពាក់ព័ន្ធក្នុងសាលាក្តីខ្មែរក្រហមឬមិនត្រូវ។ មិនមែនតែសំណុំរឿង០០៣ និង០០៤ទេ។ ព្រោះនេះជារឿងវិបត្តិដ៏ពិតប្រាកដដែលរដ្ឋាភិបាលបានបង្កើត»។ លោក ប្រេដ អាដាំ បានបន្ថែមទៀតថាសាលាក្តីខ្មែរក្រហមនឹងត្រូវគេកត់ត្រាថាមានយុត្តិធម៌កម្រិត តិចតួច និងយឺតយ៉ាវកើតចេញពីការកាត់ទោសជនជាប់ចោទ៤នាក់។ «ខ្ញុំគិតថានោះជាអ្វីដែលប្រវត្តិសាស្ត្រនឹងកត់ត្រា។ ជាការណ៍ពិតរដ្ឋាភិបាលកម្ពុជានឹងត្រូវគេថ្កោលទោស ពីការព្យាយាមពន្យាពេលនិងរារាំងយុត្តិធម៌។ ហើយខ្ញុំគិតថានោះគឺជាទស្សនៈនៅក្នងប្រទេស និង ទស្សនៈនៅក្រៅប្រទេសកម្ពុជា»។ នៅក្នុងជំនួបប្រជុំគ្នាកាលពីថ្ងៃអង្គាររវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាននៃប្រទេសកម្ពុជា និង លោក David Scheffer មន្ត្រីជំនាញការពិសេសរបស់អ.ស.បភាគីកម្ពុជាត្រូវគេរាយការណ៍មកថាខកខានមិនបានបង្កើតឲ្យមានការព្រមព្រៀងណាមួយទាក់ទងនឹងបញ្ហាតែងតាំងនឹងដំណើរការផ្សេងៗទៀតនោះទេ។ នេះបើតាមការបញ្ជាក់ របស់សេចក្តីថ្លែងការណ៍រួមមួយក្រោយពីជំនួបនោះ។ ទោះជាយ៉ាងណាក៏ដោយលោកផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានអះអាងថាកិច្ចសហប្រតិបត្តិការរវាងអ.ស.ប និង កម្ពុជានៅបន្តជាធម្មតា ក្នុងគោលដៅរួម។ លោកចាត់ទុកថារឿងការតែងតាំងឬមិនតែងតាំងគឺជារឿងដាច់ដោយឡែកពីការសហការ។ «អ្វីដែលបំណងរួមហើយទិសដៅដូចគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអ.ស.បគឺបំណងទីមួយ ឈានឲ្យទៅដល់អ្វីដែលជាជោគជ័យដ៏មានសារៈសំខាន់បំផុតគឺករណីនៃការវិនិច្ឆ័យក្តី០០២នេះឯង។ ហើយបន្ទាប់មកទៀតហ្នឹងអ្វីដែលយើងមានដូចគ្នាគឺរវាងកម្ពុជានិងអ.ស.បគឺអ្វីដែលជាមរតក៌ទុកចែក ជូនដល់មនុស្សជាតិជំនាន់ក្រោយជាពិសេសគឺកម្ពុជាដែលធ្វើឲ្យមានការផ្លាស់ប្តូរនៃកំណែទម្រង់ នៃប្រព័ន្ធយុត្តិធម៌តាមរយៈនៃការប្រតិបត្តិរបស់សាលាក្តីខ្មែរក្រហមនេះឯងបាទ»។ សំណុំរឿង០០៣និង០០៤មានជនសង្ស័យ៥នាក់ជាកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាលដែលសហ ព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមថាមាន ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា នៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យ ទាំង៥នាក់នោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាម ឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធឺណិត។ ជនសង្ស័យ ៣នាក់ក្នុងចំណោម៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និងអ្នកស្រីអ៊ឹម ចែមបានបកស្រាយជាមួយវីអូអេសំឡេងស.រ.អាផ្នែកខេមរភាសា ហើយបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។ សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៣នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រីការបរទេសពីបទឧក្រិដ្ឋជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងបទចោទទៅនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ ជាង១លាន ៧សែននាក់។ សាលាក្តីខ្មែរក្រហមដែលចំណាយទឹកប្រាក់ជិត២០០លានដុល្លារបាន កាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលជាអតីតប្រធានគុកទួលស្លែងខ្មែរក្រហម ស ២១ ក្នុងទីក្រុងភ្នំពេញដែលទួលខុសត្រូវលើការសម្លាប់មនុស្សជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |