VOA News: ព័ត៌មាន: “មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ការពារ​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​របស់​ខ្លួន” plus 5 more

VOA News: ព័ត៌មាន: “មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ការពារ​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​របស់​ខ្លួន” plus 5 more


មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ការពារ​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​របស់​ខ្លួន

Posted: 24 Jan 2012 08:04 AM PST

នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​លោក​វ៉ាន់ថាន់ ​ពៅតារា​ នៅ​តែ​រក្សា​សេចក្តី​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ គឺ​ភាព​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នៃ​ឯកសារ​មជ្ឈមណ្ឌល​ឯកសារ​របស់​លោក។​ ឯកសារ​ទាំង​នោះ​មាន​ចំនួន​ប្រមាណ​ជា​៥០​ម៉ឺន ​ដែល​ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម​យក​ប្រើប្រាស់​សម្រាប់​ជា​ភស្តុតាង​ នៅ​ក្នុង​ការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

លោក​ ពៅតារា​ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​នេះ​ចំពោះ​ការ​សួរ​ដេញ​ដោល​របស់​សហ​មេធាវី​កម្ពុជា​ លោក ​សុន ​អារុណ ​ការពារក្តី​ឲ្យ​ជន​ជាប់ចោទ​នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ថា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ផ្ទៀងផ្ទាត់​រួច​ជា​ស្រេច​ពី​យថាភាព​របស់​ឯកសារ​ ឬ​ភាព​ជាក់​ច្បាស់​នៃ​ឯកសារ​មុន​នឹង​ទទួល​យក ​នឹង​ប្រមូល​ឯកសារ​ទាំង​នោះ​យក​មក​ទុក។

«នៅ​ក្នុង​ការ​ទទួល​យក​ឯកសារ​នេះ ​យើង​បាន​ធ្វើ​យថាភាព​ឯកសារ ​គឺ​តាម​រយៈ​ការ​សួរ​នាំ​ដូច​ដែល​លោក​មេធាវី​បាន​សួរ​នេះ​តែ​ម្តង»។

លោក ​វ៉ាន់ថាន់ ​ពៅតារា​ គឺ​ជា​សាក្សី​ដែល​ត្រូវ​បាន​កោះហៅ​ដោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​ដើម្បី​ថ្លែង​ការពារ​ឯកសារ​នានា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​០០២​ បាន​តវ៉ា​ជំទាស់​រួម​មាន​មេធាវី​នួន ​ជា ​ខៀវ ​សំផន ​និង​មេធាវី​របស់​អៀង ​សារី។

សហ​មេធាវី​បរទេស​របស់​នួន​ ជា ​លោក Jasper Peow ​បាន​ចោទ​សួរ​ផ្ទួន​ៗ​យ៉ាង​រន្ថើន​ទៅ​លើ​លោក​ពៅតារា​ ពី​ការ​រក្សា​ឯកសារ​ និង​ពី​ការ​ចងក្រង​ឯកសារ​នៅ​ក្នុង​គោលដៅ​ជំរុញ​ការ​ចោទ​ប្រកាន់​ទៅ​លើ​កូន​ក្តី​របស់​ផង​ខ្លួន។ ​ក៏​ប៉ុន្តែ​លោក​វ៉ាន់ថាន់ ​ពៅតារា​ បាន​ព្យាយាម​មិន​បក​ស្រាយ​ចំ​ៗ​ ចំពោះ​សំណួរ​ដែល​ធ្វើ​ឲ្យ​លោក Jasper Peow ​ថ្លែង​ថា​គាត់​ពុំ​បាន​ទទួល​កិច្ច​សហ​ប្រតិបត្តិការ​ពី​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នោះ​ទេ។ ​ហើយ​លោក​ទទូច​ទាមទារ​ឲ្យ​លោក ​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​នេះ​ចូល​ខ្លួន​មក​ផ្តល់​សក្ខីកម្ម​បន្ថែម​ទៀត។ ​ដោយឡែក​សហមេធាវី​អន្តរជាតិ​ការពារ​ឲ្យ​អៀង​ សារី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​ក្រហម​គឺ​លោក Michael KANAVAS បាន​ជជីក​សួរ​ដេញដោល​ពី​ការ​កំណត់​យថាភាព​នៃ​ឯកសារ។ ​ជាពិសេស​ទៅ​លើ​ការ​វិភាគ ​ឬ​ការ​វាយតម្លៃ​ឯកសារ​នីមួយៗ។​ ក៏​ប៉ុន្តែ​ការ​សួរ​ដេញដោល​នោះ​មិន​ធ្វើ​ឲ្យ​នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្តូរ​ចម្លើយ​នោះ​ទេ។

ក្រុម​មេធាវី​ការពារក្តី​ជន​ជាប់​ចោទ​បាន​ទទូច​កាល​ពី​សប្តាហ៍​មុន​ថា​ពួក​ខ្លួន​មិន​ទទួល​យក​ឯកសារ​មួយ​ចំនួន ​ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នោះ​ទេ​ ល្គឹកណា​នាយក​មជ្ឈមណ្ឌល​នេះ​គឺ​លោក​ ឆាំង​ យុ ​មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ទៅ​ចូល​បំភ្លឺ​នៅ​លើ​ឯកសារ​នោះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ មករា​ យប់​

Posted: 24 Jan 2012 07:07 AM PST

ស.រ.អ.៖ បេក្ខជន​នាំ​មុខ​គេ​២​នាក់​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ធ្វើការ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សំដី​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​នៅ​រដ្ឋ ផ្លរ៉ាយដា (Florida) នា​ប៉ែក​អាគ្នេយ៍​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​បឋម​ដ៏​សំខាន់​នៅ​ក្នុង​រដ្ឋ​នេះ។

ស.រ.អ.៖ លោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ចេញ​ផ្សាយ​ឯកសារ​ពន្ធដារ​សហព័ន្ធ​របស់​លោក ដែល​បង្ហាញ​ថា​លោក​មាន​ប្រាក់​ចំណូល​ជាង​៤២​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​មុន​នេះ ហើយ​លោក​បាន​បង់​ពន្ធ​ប្រមាណ​៦លាន​២សែន​ដុល្លារ។

អារ៉ាប់៖ ពួក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឈូង​សមុទ្រ​ភឺស (Perse) និយាយ​ថា​ពួក​គេ​ដក​ពួក​អ្នក​សង្កេតការ​របស់​ពួក​គេ​ចេញ​ពី​ប្រទេស​ស៊ីរី នៅ​ក្រោយ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស អារ៉ាប៊ីសាអូឌីត (Arabie Saoudite) ដែល​ថា​ដក​ខ្លួន​ថយ​ចេញ​ពី​បេសកកម្ម​សង្កេតការ​របស់​សម្ព័ន្ធ​អារ៉ាប់។

អ៊ីរ៉ាក់៖ គ្រាប់បែក​ដាក់​ក្នុង​ទ្បាន​៤​គ្រឿង​បាន​ផ្ទុះ​នៅ​ក្នុង​តំបន់​ដែល​មាន​អ្នក​ស្រុក​ស៊ីអ៊ីត (Shi'ites) ភាគ​ច្រើន នៃ​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់។​ការ​ផ្ទុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​ស្លាប់ ហើយ​ធ្វើ​ឲ​មនុស្ស​ជាង​៧០​នាក់​ទៀត​ត្រូវ​របួស។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​ក្រីក្រ​ប្រារព្ធ​ខួប​​ទីបី​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ

Posted: 24 Jan 2012 07:25 AM PST

បន្ទាប់​ពី​បាន​លើក​សារុង​ពុម្ព​មួយ​បង្ហាញ​ជា​សាធារណៈ ​អ្នក​ភូមិ​បឹងកក់​បាន​នាំ​គ្នា​ហែក​សារុង​នោះ​ជា​ចម្រៀក​តូច​ៗ ​រួច​ហើយ​ទម្លាក់​ចោល​នៅ​លើ​ថ្នល់​កៅស៊ូ។​ អ្នក​ភូមិ​បឹងកក់​បាន​និយាយ​ថា​ សារុង​នេះ​គឺ​លោក​កែប ​ជុតិមា ​បាន​ផ្តល់​ដល់​អ្នក​ភូមិ​បឹងកក់​កាល​ពី​ឆ្នាំ​២០០៨​ ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន​១០.០០០​រៀល​ ស្មើ​នឹង​ជាង​២​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​គ្រួសារ​ ដើម្បី​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ ​ពួក​គេ​បាន​និយាយ​ថា​មិន​ត្រូវ​ការ​សារុង​ទេ ​គឺ​ត្រូវ​ការ​តែ​ផ្ទះសម្បែង​បន្ទាប់​ពី​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ។

«អានេះ​គេ​ហៅ​ថា​សារុង​ថោកទាប​ មក​បោក​បញ្ឆោត​ប្រជាពលរដ្ឋ។​ យក​ផ្ទះ​ប្រជាពលរដ្ឋ​មក​ដូរ​សារុង​មួយ​ថោកទាប​ជា​ទី​បំផុត។​ សារុង​មួយ​លុយ​មួយម៉ឺន​ ប៊ីចេង​មួយ​កញ្ចប់។​ ឥឡូវ​ប្រជាពលរដ្ឋ​ទាំង​អស់​ដឹង​ហើយ ​គឺ​ចាញ់​បោក​ហើយ»។

ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​សហគមន៍​យ៉ាង​តិច​ ដែល​រួម​មាន​សហគមន៍​ដីក្រហម​ សហគមន៍​ក្រុម​៧៨ ​សហគមន៍​បឹងកក់ ​សហគមន៍​បុរីកីឡា ​សហគមន៍​បឹងឈូក ​សហគមន៍​៣៤៧​ និង​សហគមន៍​ព្រែកតាណូ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ឯ​ជាយ​ក្រុង​ភ្នំពេញ ​ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ។

ឆ្នាំ​នេះ​គឺ​ជា​គម្រប់​ខួប​លើក​ទី​៣ នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​សហគមន៍​ដីក្រហម​ ហើយ​សហគមន៍​ទាំង​ប្រាំពីរ​បាន​ចូលរួម​ដើម្បី​រំលឹក​ខួប​នៃ​ការ​បណ្តេញ​ចេញ​នេះ។

នៅ​ក្នុង​សារ​មួយ​ច្បាប់ ​ដែល​មាន​ចំណង​ជើង​ថា​ «ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​របស់​សហគមន៍​ដី​ក្រហម» បាន​ឲ្យ​និយាយ​ថា​​ទង្វើ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​ទីក្រុង​ភ្នំពេញ​ ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ពី​អតីតកាល​ក្នុង​របប​ខ្មែរក្រហម។

អ្នកស្រី ​រត្ន័ ​សុផល​ អាយុ​៣២​ឆ្នាំ ​រស់នៅ​សហគមន៍​ដីក្រហម​ ហើយ​បច្ចុប្បន្ន​កំពុងតែ​រស់នៅ​តំបន់​ដំណាក់​ត្រយឹង​បាន​និយាយ​ថា​បន្ទាប់​ពី​បាន​បណ្តេញ​ចេញ​ជីវភាព​របស់​អ្នកស្រី​កាន់​តែ​លំបាក។

«សព្វ​ថ្ងៃ​មាន​ម្តាយ​ចាស់​ជរា​ គាត់ឈឺ​ គាត់​ជា។ ​ថ្ងៃ​ណា​ក៏​គាត់​គិត​អាណិត​កូន​ សម្លាប់​កង្កែប​ សម្លាប់​ក្តាម។ ​ខ្ញុំ​និយាយ​ជា​រឿយ​ៗ​មក​ហើយ ​ការ​លំបាក​មិន​ដែល​មាន​នរណា​មក​អើត​មើល​ទេ​ គឺ​គ្រប់គ្នា​ទាំងអស់​ អ្នក​ដែល​គេ​បណ្តេញ​ចេញ​ទៅ​បី​ឆ្នាំ ​ហើយ​ក៏​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ពួក​ខ្ញុំ​ហ្នឹង​ នៅ​ទីនោះ​វេទនា​ណាស់។ ​អ្វី​ក៏​គ្មាន​ បាត​ដៃ​ទទេ​ទាំង​អស់»។

ប្រជា​ពលរដ្ឋ​រស់នៅ​សហគមន៍​ដីក្រហម​ បាន​យក​ស្បែកជើង​យក​មក​តម្រៀប​លើ​ថ្នល់​កៅស៊ូ​ដើម្បី​ឲ្យ​ចេញ​ជា​ពាក្យ​«អភិវឌ្ឍន៍» ​នៅ​ក្បែរ​កន្លែង​ដែល​បាន​បណ្តេញ​ចេញ​កាល​ពី​បី​ឆ្នាំ​មុន។

លោក ​ចាន់ ​វិចិត្រ​ តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ដីក្រហម​ បាន​និយាយ​ថា​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ជីវភាព​របស់​ប្រជាជន។

«យើង​រៀប​ស្បែក​ជើង​ចេញ​ជា​ពាក្យ​អភិវឌ្ឍន៍​នេះ​ គឺ​ចង់​ឲ្យ​ផ្ងើ​សារ​មួយ​ដល់​រដ្ឋាភិបាល​ថា​រាល់​ការ​អភិវឌ្ឍ​ទាំង​អស់ ​សូម​ឲ្យ​គិត​ទៅ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ។​ សូម​ឲ្យ​គិត​ពី​ជីវភាព​របស់​ប្រជា​ពលរដ្ឋ»។

លោក ​សៀ ​ភារម្យ ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​និយាយ​ថា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥២​ភាគរយ​ ដែល​ជំពាក់​បំណុល​គេ​នៅ​ក្នុង​សហគមន៍​ដែល​មិន​ទាន់​បណ្តេញ​ចេញ។ ​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បណ្តេញចេញ​ពី​សហគមន៍​ ប្រជា​ពលរដ្ឋ​បាន​ជំពាក់​បំណុល​គេ​កើន​ឡើង​រហូត​ដល់​៧០​ភាគរយ។​ នេះ​ជា​ផល​ប៉ះពាល់​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ប្រឈម។

«នៅ​ពេល​ដែល​ពួក​គាត់​មិន​ទាន់​បណ្តេញ​ចេញ ​គឺ​ពួក​គាត់​អត់​ការងារ​ធ្វើ​ត្រឹម​តែ​៨,៤​ភាគរយ​ទេ​ ហើយ​ក្រោយ​ពី​ការ​បណ្តេញ​ពួក​គាត់​ចេញ​ទៅ​ គឺ​យើង​ឃើញ​ថា​ កំណើន​នៃ​ការ​ឥត​ការងារ​ធ្វើ​ហ្នឹង​ គឺ​មាន​ការ​កើន​ឡើង​ដល់​ទៅ​៣៥,៧​ភាគរយ។ ​ដូច្នេះ​នេះ​គឺ​ជា​កំណើន​មួយ​ដ៏​ខ្ពស់​ណាស់ ​ហើយ​យើង​អង្គការ​សង្គម​ស៊ីវិល​ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់»។

នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បាន​និយាយ​ថា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​៧៤​សហគមន៍ ​ដែល​មាន​ប្រជាជន​ចំនួន​១១.៩២២​គ្រួសារ​ ដែល​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​២០១១៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​បា្រប់​ឱ្យ​អង្គទូត​រក្សា​អព្យាក្រិត​ក្នុង​ជម្លោះ​នៅ ចិន​និង​កូរ៉េ

Posted: 24 Jan 2012 07:07 AM PST

នៅ​ថ្ងៃ​អង្គារ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ឯក​អគ្គរាជទូត ​និង​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​ឲ្យ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​នៅ​ឧបទី្វប​កូរ៉េ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​ឯកអគ្គរាជទូត​២៦​រូប​ និង​អគ្គកុងស៊ុល​៨​រូប​ នៅ​ទីស្តីការ​ក្រសួង​ការបរទេស ​ដើម្បី​ណែនាំ​អំពី​គោល​នយោបាយ​ការបរទេស ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក​ កួយ ​គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​មក​បញ្ចាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ​ក្រោយ​កិច្ចប្រជុំ​ថា​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ត្រូវ​ដើរតួ​នាទី​ជា​អ្នក​សម្របសម្រួល​បញ្ហា​ជម្លោះ​ផ្សេងៗ​ នៅ​ក្នុង​តំបន់។

«កម្ពុជា​យើង​ដើរតួ​ជា​អ្នក​សម្រប​សម្រួល ​មិនមែន​ដើរតួ​កាន់​ជើង​ម្ខាង​ទៅ​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត​ទេ។ ​ឧទាហរណ៍​បញ្ហា​​ជម្លោះ​នៅ​ឧបទី្វប​កូរ៉េ ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​យើង​ដើរ​តួនាទី​សំខាន់ ​ជា​អ្នក​សម្រប​សម្រួល ​ធើ្វ​យ៉ាងណា​ឲ្យ​បញ្ហា​ដោះស្រាយ​ដោយ​សន្តិវិធី»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​បាន​ថ្លែងថា​ វា​ជា​រឿង​ត្រឹមត្រូវ​ចំពោះ​តួនាទី​ប្រធាន​អាស៊ាន​របស់​ប្រទេស​កម្ពុជា​ដើរ​ស្រប​នឹង​គោល​នយោបាយ​អព្យាក្រឹត្យ​របស់​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​តួនាទី​ប្រធាន​អាស៊ាន​មិន​អាច​ត្រឹមតែ​សម្រប​សម្រួល​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​លើក​យក​បញ្ហា​ជម្លោះ​នោះ​មក​ពិភាក្សា​ជាមួយ ​ប្រទេស​ជា​សមាជិក​ដើម្បី​ធានា​សន្តិសុខ​រួម​សម្រាប់​តំបន់​អាស៊ាន។

«សមាជិក​អាស៊ាន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​សម្រប​សម្រួល​ឲ្យ​ មាន​ការ​ជជែក​គ្នា​ជារួម​រវាង​អាស៊ាន ​និង​ចិន​អំពី​ជម្លោះ​ហ្នឹង ​ប៉ុន្តែ​បើ​ប្រទេស​កម្ពុជា​អត់​ចង់​លូក​ដៃ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ទេ ​សមាជិក​អាស៊ាន​មិន​សប្បាយ​ចិត្ត​ទេ។​ ប៉ុន្តែ​បើ​កម្ពុជា​លើក​ប្រធាន​បទ​ហ្នឹង​ក្នុង​ការ​ស្នើសុំ​ជួប​ពិភាក្សា​ជាមួយ​ចិន ​ប្រទេស​ចិន​អត់​សប្បាយ​ចិត្ត​ទេ ​ពីព្រោះ​ប្រទេស​ចិន​អត់​ចង់​ឲ្យ​អាស៊ាន​លូក​ដៃ​ទេ។ ​ប្រទេស​ចិន​ចង់​ឲ្យ​ជជែក​គ្នា​ទ្វេភាគី ​ពីព្រោះ​ការ​ជជែក​ទ្វេភាគី ​ប្រទេស​ចិន​មាន​ឥទិ្ធពល​ទៅ​លើ​ប្រទេស​នីមួយ​ៗ​ជាង។ ​ឧទាហរណ៍ ​ចិន​ជាមួយ​វៀតណាម​ ចិន​មាន​ឥទិ្ធពល​ជាង។ ​ចិន​ជាមួយ​ហ្វីលីពីន ​ចិន​មាន​ឥទិ្វពល​ជាង។ ​ប៉ុន្តែ​ប្រទេស​ទាំងអស់​ហ្នឹង​ជជែក​គ្នា​ក្នុង​នាម​អាស៊ាន​ គឺ​ចិន​ប្រហែល​ជា​ប្រយ័ត្ន​ខ្លួន​បន្តិច។ ​អញ្ចឹង​ ចិន​អត់​ចង់​ឲ្យ​អាស៊ាន​លូក​ដៃ​ទេ»។

ក្នុង​ពេល​សំណេះសំណាល​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន ​សែន ​បាន​ជំរុញ​ឲ្យ​ឯកអគ្គរាជទូត​ និង​អគ្គកុងស៊ុល ​ស្វែងរក​ការ​គាំទ្រ​បេក្ខភាព​កម្ពុជា​សម្រាប់​តំណែង​សមាជិក​មិន​អចិន្រៃ្តយ៍​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។​ ចំណែក​ឯ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ ថៃ​វិញ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា​កម្ពុជា​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ​ការទូត ​និង​នយោបាយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន ​សែន ​ក៏​បាន​ជំរុញ​ឲ្យ​ឯកអគ្គរាជទូត​ និង​អគ្គកុងស៊ុល ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ​ជាពិសេស​ទីផ្សារ​នៅ​តំបន់​អាស៊ាន ​តំបន់​អាស៊ី​ខាង​កើត​និង​តំបន់​មជ្ឈិម​បូព៌ា​ ព្រមទាំង​ខំប្រឹងប្រែង​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​និង​អ្នក​ទេសចរណ៍​បរទេស៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ មករា​ ព្រឹក

Posted: 24 Jan 2012 12:27 AM PST

ភូមា៖ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​និយាយ​ថាភូមា​បាន​បង្ហាញ​សញ្ញា​នៃ​ការ​កែ​ទម្រង់​នៅ​ឆ្នាំ​២០១១ ​តែ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ទេ។ ក្នុង​សេចក្ដីរាយការណ៍​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​នៃ​ទី​ក្រុង​ញូវ យ៉ក​បាន​ឲ្យ​តម្លៃ​ទៅ​រដ្ឋាភិបាល​ភូមា​ដែល​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រយនាក់​ តែ​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​ឯករាជ្យ​ដើម្បី​វាស់វែង​ស្ថានការណ៍​និង​ទី​កន្លែង​របស់​អ្នក​ទោស​ដទៃ​។

ជប៉ុន៖ ក្រុម​អ្នកជំនាញ​ពី​អង្គការ​ថាមពល​បរិមាណូ​របស់អង្គការ​សហប្រជាជាតិ បាន​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​មួយ​សប្ដាហ៍​នៅ​ជប៉ុន ​តាម​សេចក្ដី​ស្នើ​សុំ​របស់​រដ្ឋាភិបាល ​ដើម្បី​ជួយ​ធ្វើ​ការ​វាស់​វែង​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ជប៉ុន។

អ៊ីរ៉ង់៖ សហភាព​អឺរ៉ុប​បានចេញ​ច្បាប់​ហាមប្រាម​មិន​ឲ្យ​ទិញ​ប្រេង​ពីអ៊ីរ៉ង់ ហើយ​បាន​រំាងខ្ទប់​ទ្រព្យសម្បត្ដិ​របស់​ធនាគារ​កណ្ដាល​របស់​ប្រទេស​នោះ​​។ នេះ​ជា​ផ្នែក​មូយ​នៃ​យុទ្ធនាការ​របស់​បស្ចិមប្រទេស​ដែល​ដាក់​សម្ពាធ​ មក​លើ​រដ្ឋាភិបាល​ទី​ក្រុង​តេហេរ៉ង់ ​ដើម្បី​ឲ្យ​​ព្យួរ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស់​មួយ។

កែនយ៉ា៖ តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ជនជាតិកែនយ៉ា​ល្បី​ឈ្មោះ​៤​នាក់​មក​ឲ្យ​តុលាការ​កាត់ក្ដី​ពី​បទ​ចោទ​ប្រកាន់​ថា ជន​ទាំង​នោះ​បាន​ជួយ​រៀបចំ​បង្កើត​អំពើ​ឃោរឃៅ​អស់​រយៈពេល​៤​ ឆ្នាំ​​ក្រោយ​ពី​ការបោះឆ្នោត​ថ្នាក់​ជាតិ។

ស៊ីរី៖ បាន​បដិសេធ​សេចក្ដី​ស្នើ​ជា​ថ្មី​របស់​សម្ព័ន្ធភាព​អារ៉ាប់​ដើម្បី​បញ្ចប់​ការ​បះបោរ​រយៈពេល​១០​ខែ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។​ សេចក្ដី​ស្នើ​ដែល​ផ្ដើម​គំនិត ​ទទួល​ការ​យល់ព្រម​ពី​ក្រុម​រដ្ឋមន្ដ្រី​ការបរទេស​នៃ​សម្ព័ន្ធភាព​អារ៉ាប់ ក្នុង​ទី​ក្រុង​គែរ ​កាល​ពី​ថ្ងៃ​អាទិត្យ​តម្រូវ​ឲ្យ​ប្រធានាធិបតី​ស៊ីរី គឺលោក​បាសា​ អាល់ អាសាដ ​Bashar Al​ Assad ​បង្វែរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​របស់​លោក ​ហើយ​អនុញាត​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​សាមគ្គីជាតិ​មូយ​ ចូលរួម​ដោយ​ក្រុមប្រឆាំង​ក្នុងរយៈ​ពេល​ ពីរ​ខែ​បន្ទាប់​។

អេហ្ស៊ីប៖ សភា​ជាន់​ទាប​ថ្មី​ទើប​បាន​ត្រូវ​តែងតាំង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ​បាន​បើក​កិច្ចប្រជុំ​លើក​ដំបូង ​ដោយ​មាន​អ្នក​តាក់​តែង​ច្បាប់​ភាគ​ច្រើន​ មក​ពី​គណបក្ស​អ៊ីស្លាម​ចាប់​តាំង​ពី​មាន​ការ​បះបោរ​បណ្ដេញ​ប្រធានាធិបតី​កាន់​អំណាច​ផ្ដាច់ការ​ ហ៊ុសនី មូបារ៉ាក់​ចេញ​ពី​អំណាច​កាល​ពី​មូយ​ឆ្នាំ​មុន ។

ប៉ាគីស្ថាន៖ យោធា​បាន​ច្រាន​ចោល​ជា​ផ្លូវការ​នូវ​លទ្ធផល​ការ​ស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក​អំពី​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ ​អូតង់​ កាល​ពី​ឆ្នាំ​មុន​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ទាហាន​បាគីស្ថាន​២៤​នាក់​នៅ​តាម​ព្រំដែន​ជា​មួយ​អាហ្វហ្គានីស្ថាន។

រុស្ស៊ី៖ មន្ដ្រី​រៀបចំ​ការ​បោះឆ្នោត​ជាតិនិយាយ​ថា​មេដឹក​នាំ​គណបក្ស​ប្រឆាំងគឺ​លោក ​ ហ្រ្គ៊ីហ្គោរី យ៉ាវលីនស្គី Grigory Yavlinsky ​ បាន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​​ឈរ​ឈ្មោះ​ប្រកួត​តទល់​លោក ​វ្លាឌីមៀរ​ ពូទីន​ ដោយសារ​តែ​លោក​មាន​បញ្ហា​ក្នុង​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។

សហរដ្ឋ​អាមេរិក៖ ការ​ប្រកួត​ដណ្ដើម​យក​បេក្ខភាព​ប្រធានាធិបតី ​នៃ​គណបក្ស​សាធារណរដ្ឋ​ បាន​វិល​មក​កាន់​រដ្ឋ​ហ្វ្លរីដា Florida ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​សន្ធឹក​ ដែល​នឹង​ធ្វើ​ការ​ដេញ​ដោល​គ្នា​ជា​លើក​ទី​១៨​រវាង​បេក្ខជន​សេសសល់​នៅ​យប់​ថ្ងៃ​ច័ន្ទ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

គេហទំព័រ​ធំៗ​របស់​អាមេរិក​ប្រឆាំង​នឹង​ច្បាប់​រឹត​បណ្តឹង​ប្រព័ន្ធ​អ៊ីនធឺណេត

Posted: 24 Jan 2012 01:22 PM PST

ក្រុមអ្នក​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​និង​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ គេហទំព័រ​ធំៗ​លើ​ពិភពលោក​នៅ​អាមេរិក​ដូចជា ​Wikipedia​ Google ​និង​ Facebook ​ដែល​ចាត់​ទុកថា សេចក្តី​ស្នើ​ច្បាប់​ ឬ​សេចក្តី​ព្រាង​ច្បាប់​បញ្ឈប់​ការ​លួចថត​ចម្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ដែល​ក្រុម​អ្នក​តាក់តែង​ច្បាប់​ស.រ.អា​មួយ​ចំនួន​កំពុង​រៀបចំ​នោះ​ ជា​ការ​បំបិទ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។

សេចក្តី​ព្រាង​ច្បាប់​បញ្ឈប់​ការ​លួច​ថត​ចម្លង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ហៅថា​ Stop Online​ Piracy Act ហៅកាត់​ថា​សូប៉ា (SOPA) ​ត្រូវ​សមាជិក​សភា​ និង​​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​ចំនួន​តាក់តែង​ឡើង​ក្នុង​គោល​បំណង​​ទប់ស្កាត់​​ការរំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​ ទំនិញ​ក្លែងក្លាយ​ និង​ហាមមិន​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ប្រព័ន្ធ​ ដោយ​បង្កើត​ឲ្យ​មាន​ការ​បង់លុយ​ ហាម​ម៉ាស៊ីន​ស្រាវជ្រាវ​ឯកសារ​ឬ ​Search engines ​ដើម្បី​ភ្ជាប់​ទៅកាន់​គេហ​ទំព័រ​ផ្សេង​ទៀត។​ សេចក្តី​ព្រាងច្បាប់​នេះ​មាន​ការ​ដាក់ទោស​ព្រហ្មទណ្ឌ​ផង​ដែរ។​ តែ​ម្ចាស់​គេហទំព័រ​ធំៗ​នៅ​ស.រ.អា​និង​សកម្មជន​សិទ្ធិមនុស្ស​ សកម្មជន​ផ្នែក​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា​នឹង​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​សេរីភាព​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។

លោក​ អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​លោក​គាំទ្រ​យុទ្ធនាការ​ប្រឆាំង សេចក្តី​ព្រាង​ច្បាប់​សូប៉ា​នេះ។

«សូប៉ា​ (SOPA)​ហ្នឹង​ខ្ញុំ​មើលទៅ​របៀប​ដែល​សរសេរ​មានការ​ប៉ះពាល់​ដល់ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណេត លើ​ពិភពលោក។​ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ពេល​ណា​ប្រព័ន្ធ​អ៊ីនធឺណេត​លើ​ពិភពលោក​មាន បញ្ហា​ វា​អាច​មាន​ពាក់ព័ន្ធ​ដល់​ស្រុក​ខ្មែរ​ដែរ។​តែ​រឿង​នេះ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​សិទ្ធិ​សេរីភាព អ៊ីនធឺណេត​ទូទៅ»។

តាម​សេចក្តី​ព្រាង​ច្បាប់​សូប៉ា​ក្រុមហ៊ុន​អ៊ីនធឺណេត​ឬ​គេហទំព័រ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ជាច្រើន​ដូចជា Wikipedia ​Google​ Facebook ​និង ​Youtube ​និង​គេហទំព័រ​ផ្សេងៗ​ទៀត​អាច​ត្រូវ​បិទ​ទ្វារ​និង​រង​ការប្តឹង​ផ្តល់ ​ដោយ​សារ​តែ​ការ​ដាក់​ឬ​ភ្ជាប់​រូបភាព​វីដេអូ​ជា​កុនឬ​ឯកសារ​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត។​ រដ្ឋាភិបាល នឹង​មាន​អំណាច​ខ្លាំងក្លា​ដើម្បី​បិទ​ក្រុមហ៊ុន​ណា​មួយ​ ឬ​ឲ្យ​អាជ្ញាប័ណ្ណ​ស្រេច​ចិត្ត។

លោក ​មឿន ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន​បាន​ជំទាស់ ​ទៅ​នឹង​ការ​រិតត្បិត​ សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។​ លោក​យល់​ថា​ការរំលោភ​បំពាន​ច្បាប់​នានា​លើ​ក្រុមហ៊ុន ​ឬ​កម្មសិទ្ធិ​ ឬ​ជា​បញ្ហា​អ្វី​ផ្សេង​ទៀត​នោះ​ គឺ​មាន​ច្បាប់​ផ្សេងៗ​សម្រាប់​ដាក់ទោសទណ្ឌ​ហើយ។

«អញ្ចឹង​ខ្ញុំ​គិត​ថា​មាន​ការ​ព្រួយ​បារម្ភ​ហើយ​តែ​យើង​គិត​ថា​យើង​មាន​ច្បាប់​ដទៃ​ទៀត​ដើម្បី​ការពារ​ការ រំលោភ​ទៅ​លើ​កម្មសិទ្ធិ​បញ្ញា។​ អញ្ចឹង​យើង​មាន​ច្បាប់​មួយ​ផ្សេង​ដោយ​ឡែក។​ អញ្ចឹង​ខ្ញុំ​គិតថា​គួរតែ ​បើក​ទូលាយ​ទៅ»។

លោក​ណារិទ្ធ​ថ្លែង​អះអាង​បន្ត​ថា​សម្រាប់​លោកៗ​គិត​ថា​លោក​អាច​ជួយ​បក​ទៅ​វិញ​គឺ​ថា​គួរ​ធ្វើឲ្យ​អ្នកយក ព័ត៌មាន ​អ្នកដាក់​ព័ត៌មាន​ផ្សេងៗ​លើគេហទំព័រ​ វិបសាយ ​មាន​វិជ្ជាជីវៈ​ខ្ពស់។

គេហទំព័រ ​Wikipedia ​ Google និង​ facebook ​ដែល​ជា​គេហទំព័រ​មាន​អ្នកចូល​ទស្សនា​ជាច្រើន​រយ លាន​នាក់​ក្នុង​មួយខែ​ និង​ ផ្ទុក​ឯកសារ​ជា​ច្រើន​លាន​ ហើយ​ប្រើប្រាស់​សម្រាប់​ការ​ទាក់ទង​យ៉ាងទាន់ ចិត្ត​តាម​ប្រព័ន្ធ​អេឡិក​ត្រូនិក​ដោយ​សេរី​នោះ​ បាន​បិទ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃពុធ​រយៈពេល ​២៤​ម៉ោង​ ដោយ​ដាក់​ផ្ទៃ​ពណ៍​ខ្មៅ​ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្តី​ព្រាង​ច្បាប់​សូប៉ា​(SOPA)។​គេ​ពុំ​ឃើញ​មាន​គេហទំព័រ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់ ​Wikipedia ​និង​ គេហទំព័រ​ឬ​វិបសាយ​ដទៃ​ទៀត​ទេ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន ​អះអាង​ថា​ការធ្វើ​ច្បាប់​នេះ​ហាក់​ដូចជា​បង្កើន​ឧបសគ្គ​នៃ​ការដឹង​ ការយល់​និង​ការ​ដោះស្រាយ​ជីវភាព​របស់ ​ប្រជា​ពលរដ្ឋ​ក្នុង​លោក​ទាំង​វិស័យ​បច្ចេកវិជ្ជា​និង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

«ខ្ញុំ​គាំទ្រ​ការប្រឆាំង​នេះ​ឯង​ដើម្បី​កុំ​ឲ្យ​មាន​គម្លាត​នៃ​បច្ចេកវិទ្យា​រវាង​ប្រជាជាតិ​អ្នកមាន​ឬ​រវាង​ក្រុមហ៊ុន អ្នកមាន​ដែល​ប្រើប្រាស់​នូវ​បញ្ញា​បារមី​មនុស្ស​ជាតិ​ដែល​មិន​ផ្តល់​នូវ​អ្វី​ដែល​ជា​លទ្ធភាព​និង​ជា​សេចក្តី ត្រូវការ​របស់​មនុស្ស​ជាតិ»។

លោក​ ផៃ ស៊ីផាន​អះអាង​ដែរ​ថា​ប្រទេស​អ្នកមាន​តែងតែ​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ខ្លួនឯង​ ដែល​មិន​បម្រើ​ឲ្យ មនុស្ស​ជាតិ​ទាំងអស់​ក្នុង​ពិភពលោក​តាម​អ្វី​ដែល​ជា​ផែនការ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អ.ស.ប​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គេហទំព័រ​ Wikipedia ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​ដែល​ស្នើ​ដោយ​សមាជិក​សភា​អាមេរិកាំង​ខ្លះ​នោះ​ថា​ ជា​ច្បាប់​អាក្រក់​ជាង​ជំងឺ​ ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេរីភាព​ និង​ភាព​បើក​ចំហ​នៃ​ប្រព័ន្ធ​អ៊ីនធឺណេត។ ​Wikipedia ​បាន​បន្ថែម​ថា៖

«សេចក្តី​ព្រាង​ច្បាប់​សូប៉ា​នឹង​បង្កើត​គម្រោង​សម្រាប់​ការ​រិតត្បិត​ និង​ការ​គាបសង្កត់​នៅ​ពេល អនាគត»។

សេចក្តី​ព្រាង​ច្បាប់​សូប៉ា​ត្រូវ​សមាជិក​សភា​មួយ​ចំនួន​ផ្តួចផ្តើម​ឲ្យ​មាន​ការគាំទ្រ​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១១។​​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រាយការណ៍​មក​ថា​មាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាច្រើន ដូចជា​ហូលីវូដ​ជាដើម។​ តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ច្រានចោល​ពី​ក្រុម​ដែល​ស្រឡាញ់​សេរីភាព​បញ្ចេញ​មតិ​វិញ។បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Wikipedia​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រដ្ឋ​ គ្រប់​តំបន់ ​ទាក់ទង​ជាមួយ​នឹង​សមាជិក​សភា​ និង​ព្រឹទ្ធសភា​ប្រចាំរដ្ឋ​របស់​ខ្លួន​កុំឲ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​សូប៉ា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!