VOA News: ព័ត៌មាន: “គណៈកម្មការ​អន្តរជាតិ​ប្រជុំ​រក​យុទ្ធសាស្ត្រ​អភិរក្ស​ និង​អភិវឌ្ឍ​អង្គរ” plus 6 more

VOA News: ព័ត៌មាន: “គណៈកម្មការ​អន្តរជាតិ​ប្រជុំ​រក​យុទ្ធសាស្ត្រ​អភិរក្ស​ និង​អភិវឌ្ឍ​អង្គរ” plus 6 more


គណៈកម្មការ​អន្តរជាតិ​ប្រជុំ​រក​យុទ្ធសាស្ត្រ​អភិរក្ស​ និង​អភិវឌ្ឍ​អង្គរ

Posted: 14 Dec 2011 12:15 PM PST

គណៈកម្មការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​កិច្ចគាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា​ICC​​បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១៨​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​រក​យុទ្ធសាស្រ្ត​បន្ថែម​ទៀត​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍​រមនីយដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ។

កិច្ចប្រជុំ​លើក​នេះ​ដែល​មាន​ការ​ចូលរួម​ដោយ​អ្នកជំនាញការ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​៣០០​នាក់​នោះ​ផ្តោត​សំខាន់​ទៅ​លើ​ការងារ​គ្រប់គ្រង និង​បង្ការ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​ទឹក ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​តំបន់​ប្រាសាទ​កាលពី​ជាង​ពីរ​ខែ​មុន។ កិច្ចប្រជុំ​នេះ ក៏​បាន​ជជែក​អំពី​ការ​បង្កើត​ផែនទី​ហានិភ័យ​មួយ​ផង​ដែរ​ដើម្បី​ជួយ​សង្គ្រោះ​ប្រាសាទ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី ការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញា​ធរអប្សរា បាន​មាន​ប្រសាសន៍​ថា បញ្ហា​ទឹក​គឺ​ជា​កង្វល់​មួយ​ដ៏​ធំ ហើយ​ការ​ជួប​ប្រទះ​គ្រោះធម្មជាតិ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​ពេល​កន្លង​មក​នេះ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អង្គ​នោះ​គឺ​ជា​មេរៀន​សម្រាប់​ការ​វិភាគ​ទៅ​ពេល​អនាគត។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ថ្លែង​ថា នឹង​មាន​ការបង្កើត​ក្រុម​ពិសេស​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ធម្មជាតិ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ។

«ហើយ​ក្នុង​ពេលនេះ​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​ដែល​គ្រប់គ្រង​ទៀង​ទាត់ ដែល​អាច​ធ្វើ​អន្តរាគមន៍​បន្ទាន់​រាល់​ពេល​មាន​តម្រូវការ។ ដូច្នេះ​ខ្ញុំ​សូម​អាជ្ញាធរ​អប្សរា​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ក្នុង​លក្ខណៈ​ប្រសើរ​បំផុត​នូវ​ក្រុម​ការងារ​ពិសេស​នេះ។ ក្រុម​ការងារ​ពិសេសនេះ​ត្រូវ​មាន​លក្ខណៈអចិន្ត្រៃយ៍ ទទួល​ព័ត៌មាន​ច្បាស់ មាន​មធ្យោបាយ និង​មាន សមត្ថភាព​ប្រមែ​ប្រមូល​កម្លាំង​ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ករណី​មាន​ភាព​ចាំបាច់»។

លោក សុខ អាន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​គ្រប់គ្រង​ប្រកប​ដោយ​ចេរភាព​នៃ​រមនីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក គឺ​ទាមទារ​ឲ្យ​មាន​សកម្មភាព​ទៀតទាត់ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​វិស័យ និង​សហគមន៍​ផង​ដែរ។

បន្ថែម​លើ​ការ​ជជែក​អំពី​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិ​លើ​ប្រាសាទ​បូរាណ​នោះ កិច្ចប្រជុំ​គណៈកម្មការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​កិច្ចគាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​បាន​អនុម័ត​អនុសាសន៍​ជាច្រើន​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​បច្ចេកទេស​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ ដែល​ផ្តោត​លើ​គម្រោង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៕

This posting includes an audio/video/photo media file: Download Now

ក្រុមហ៊ុន​ចិន​ចាប់​ផ្តើម​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​សមុទ្រ​កម្ពុជា

Posted: 14 Dec 2011 11:13 AM PST

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ជីក​អណ្តូង​ប្រេងកាត​លើក​ទី​១​នៅ​ក្នុង​ប្លុក​ F​ ក្នុង​ខែ​ធ្នូ​នេះ។

ក្រុមហ៊ុន​CNOOC ​ដែល​ជា​ក្រុមហ៊ុន​ប្រេង ​និង​ឧស្ម័ន​ចិន​ដ៏​ធំ​មួយ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក​ F​ នៅ​ឆ្នាំ​២០០៧​ដែល​មាន​ទំហំ​ជាង​៧.០០០​គីឡូ​ម៉ែត្រ​ការ៉េ។

លោក​ លី ហ្វានរ៉ុង (Li Fanrong) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ CNOOC ​បាន​ជម្រាប​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ថា ក្រុមហ៊ុន​របស់​លោក​នឹង​ជីក​អណ្តូង​លើក​ទី​១​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ​នៅ​ប្លុក​ F​ ដែល​ជា​ទង្វើ​មួយ​ដែល​ភាគី​ទាំង​ពីរ​និយាយ​ថា ជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ជា​ប្រវត្តិសាស្ត្រ។ នេះ​បើ​យោង​តាម​លោក​ឯក​ ថា ​អ្នក​នាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន ​និង​ស្នើសុំ​ក្រុមហ៊ុន​ឲ្យ​ជួយ​បណ្តុះបណ្តាល​បច្ចេទេស​ជំនាញ​ផ្នែក​រុករក​ប្រេង ​និង​ឧស្ម័ន​ ដល់​មន្ត្រី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា។

«លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ ​អាន ​បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរការ​រុករក​ធនធាន​រ៉ែ​ប្រេងកាត ​និង​ឧស្ម័ន​ និង​ដំណើរការ​ជីក​អណ្តូង​លើក​ទី​១​របស់​ក្រុមហ៊ុន​ CNOOC ​នៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ CNOOC ​របស់​ចិន​មក​ធ្វើ​ការ​ជីក​អណ្តូង​លើក​ទី១​នៅ​ក្នុង​ប្លុក ​F​នេះ​ មាន​តម្លៃ​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក»។

លោក លី ហ្វានរ៉ុង បាន​យល់ព្រម​ជួយ​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ឲ្យ​យល់ដឹង​ពី​ការងារ​បច្ចេកទេស ​និង​ជំនាញ​រុករក​ប្រេងកាត។

«លោក លី ហ្វានរ៉ុង បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ ដែល​កម្ពុជា ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ទទួល​តាមរយៈ​ការ​បង្ហាញ​នូវ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​រវាង​ប្រទេស​ទាំង​ពីរ»។

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន ថ្លែង​ថា​គណបក្ស​សម ​រង្ស៊ី មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ប្រេងកាត​ និង​ការ​គ្រប់គ្រង​ចំណូល​ប្រេងកាត​នៅ​ឡើយ។

«អ្នក​ដឹកនាំ​គ្មាន​ឆន្ទៈ​នយោបាយ។ អ្នក​ដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ។ ផល​ប្រយោជន៍​នឹង​បាន​ទៅ​ក្រុមហ៊ុន​ និង​អ្នក​ដឹកនាំ​ពុករលួយ ​ហើយ​ផលប្រយោជន៍​ធ្លាក់​មក​ដល់​ប្រជាពលរដ្ឋ​តិចតួច​បំផុត»។

លោក ម៉ម ​សម្បត្តិ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ថ្លែង​ថា នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ដែល​អាច​មាន​តម្លាភាព។

«ខ្ញុំ​គិត​ថា វា​ជា​ដំណើរការ​វិវត្តន៍​មួយ​បន្ថែម​ទៀត​ពីព្រោះ​ក្រុមហ៊ុន ​CNOOC ​នេះ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ប្លុក​ F។ គេ​ដំណើរការ​នៅ​ប្លុក​F ​ហើយ​បង្ហាញ​នូវ​ទំហំ​ថវិកា​នៃ​ការរុករក​ប្រេង ​និង​ឧស្ម័ន​នៅ​ប្លុក​F ។ នេះ​គឺ​ជា​សក្តានុពល​មួយ​ផ្សេង​ទៀត ​សម្រាប់​ការ​វិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ម្ពុជា»។

កម្ពុជា​មាន​ប្លុក​សម្រាប់​រុករក​ប្រេងកាត​ និង​ឧស្ម័ន​ចំនួន​ប្រាំមួយ​កន្លែង​នៅ​ក្នុង​សមុទ្រ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ រុស្សី ​អាមេរិក​ បារាំង​ និង​ជប៉ុន។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ ធ្នូ យប់

Posted: 14 Dec 2011 08:22 AM PST

អេហ៊្សីប៖ ពលរដ្ឋ​អេហ៊្សីប​ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បោះឆ្នោត​សភា​តំណាងរាស្ត្រ​ជុំ​ទី​ពីរ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជុំ​ទី​មួយ​ដែល​បាន​នាំ​មុខ​ដោយ​គណបក្ស​អ៊ីស្លាម។ មណ្ឌល​បោះឆ្នោត​បាន​បើក​នៅ​ក្នុង​តំបន់​ចំនួន​៩​ នៅ​ថ្ងៃពុធ​នេះ​ រួម​មាន​តំបន់​ អាសវ៉ាន បេនីស៊ូអិហ្វ ហ្ស៊ីហ្សា អ៊ិសមេល្យ៉ា ស៊ូអេស និង សូហាហ្គ។

ស៊ីរី៖ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ កង​កម្លាំង​សន្ដិសុខ​ស៊ីរី​ បាន​បាញ់​ទៅ​លើ​រថយន្ដ​មួយ​គ្រឿង​នៅ​ក្នុង​ខេត្ដ​ហាម៉ា​ភាគ​កណ្ដាល​នៃ​ប្រទេស​ដែល​កំពុង​មាន​ការ​វឹកវរ​ បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់។

បាគីស្ថាន៖ ​លោក លេអន ប៉ាណិតតា រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ស.រ.អ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អ.ស.ប​ កំពុង​តែ​ឈ្នះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ស្រប​ពេល​ដែល​កងទ័ព​បរទេស​បន្ដ​ផ្ទេរ​សន្ដិសុខ​នៃ​ប្រទេស​នេះ​ទៅ​ឲ្យ​កងកម្លាំង​អាហ្វហ្គានីស្ថាន​វិញ​ គឺ​មុន​ថ្ងៃ​កំណត់​នៅ​ឆ្នាំ​២០១៤។

អាមេរិក៖ គេ​រំពឹង​ថា​ រដ្ឋសភា​ស.រ.អ​ នៅ​ចុង​អាទិត្យ​នេះ​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​បង្កក​ប្រាក់​រហូត​ទៅ​ដល់​៧០០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​បាគីស្ថាន​ ពីព្រោះ​មាន​ការ​ភ័យ​ខ្លាច​ថា​រដ្ឋាភិបាល​បាគីស្ថាន​មិន​បាន​ធ្វើ​អ្វី​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​កម្ចាត់​ការ​រីកសាយ​នៃ​គ្រាប់​បែក​បរមាណូ។

បែលហ្ស៊ិក៖ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ និង​ប្រាំ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ជា​ទម្ងន់​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក ។ ប៉ូលិស​ប៊ែលហ្ស៊ិក​បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​សព​ស្ដ្រី​ម្នាក់​នៅ​ក្នុង​ផ្ទះ​របស់​បុរស​ប្រដាប់​អាវុធ​ដែល​បាន​បាញ់​មនុស្ស​យ៉ាង​តិច​ដប់​នាក់​នៅ​ក្នុង​ទី​ក្រុង​លីយ៊ែស​នា​ភាគ​ខាង​កើត​ប្រទេស កាល​ពី​ថ្ងៃ​អង្គារ។

អាមេរិក៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​រដ្ឋ​ណរថ៍ការ៉ូឡាយណា (North Carolina) នា​ភាគ​អាគ្នេយ៍នៃ​ស.រ.អ នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ដែល​នៅ​ទី​នោះ សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ថ្លែង​អំណរគុណ​ចំពោះ​កងទ័ព ដែល​បាន​បំពេញ​ភារកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សេចក្តី​ព្រាង​ច្បាប់​អង្គការ​លើក​ទីបួន​នៅ​តែ​បង្ក​ឧបសគ្គ

Posted: 14 Dec 2011 10:24 AM PST

សេចក្តី​ព្រាងច្បាប់​អង្គការ​លើក​ទីបួន​ ដែល​ទើប​បាន​ចែកចាយ​ បាន​បន្ធូរបន្ថយ​ខ្លះ​ដល់​ប្រតិបត្តិការ​​របស់​​​​​អង្គការ​សង្គម​ស៊ីវិល​ ប៉ុន្តែ​នៅ​មាន​​​ចំណុច​ច្រើន​ដែលបន្សល់​ភាព​មិន​ច្បាស់​លាស់​ដែល​ពួកគេ​នឹង​បន្ត​ទាម​ទារ​ទៀត។

សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ចែក​ចាយ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ គឺ​ផ្តល់​ឱ្យ​តែ​​អង្គការ​ណា​​ដែល​រដ្ឋាភិបាល​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​អង្គសិក្ខា​សាលា​នៅ​ថ្ងៃ​ទី​១៩​​​ ខែ​ធ្នូ​នេះ​ដើម្បី​ពិភាក្សា​គ្នា​មុន​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្តី​ ពិនិត្យ​និង​សម្រេច។

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុមអ្នក​​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​បញ្ជាក់​ថា​​ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​បន្ទន់​ទៅ​តាម​ការ​ស្នើ​សុំ​កន្លង​មក​របស់​អង្គការ​​ក្រៅ​រដ្ឋាភិបាល។ ​ប៉ុន្តែ​​លោក​លើក​ឡើង​ថា​ មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ទៀត​ ដូច​ជា​មាត្រា​ទីប្រាំ​នៃ​​សេចក្តី​ព្រាង​ច្បាប់​​នេះ​ដែល​ចែង​ពី​ការ​បង្កើត​អង្គការ​សមាគម​ដោយ​សេរី​ មិន​ចាំ​បាច់​មាន​ការ​ជូន​ដំណឹង​ជាមុន​ទេ​ ​ប៉ុន្តែ​បែរ​ជា​កំណត់​ថា​​ អង្គការ​សមាគម​នោះ​នឹង​មិន​​​ទទួល​បាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់​ទេ​ បើ​គេ​មិន​បាន​ចុះ​បញ្ជី។​ លោក​បញ្ជាក់​ថា​ លោក​នឹង​បន្ត​ទាមទារ​ចំណុច​នេះ។

«យោង​តាម​បទ​ពិសោធន៍​​របស់​ខ្ញុំ​ ខ្ញុំ​គិតថា​ ប្រសិន​បើ​អង្គការ​ណា​ដែល​ក្នុង​ករណី​ដែល​ច្បាប់​បាន​ទទួល​ស្គាល់​អត្ថិភាព​ ឬ​ក៏​វត្តមាន​របស់​អង្គការ​នៅ​ពេល​ដែល​គេ​បង្កើត​ហើយ​​ បែប​នេះ​ ដូច្នេះ​ត្រូវ​តែ​បើក​ឱ្យ​អង្គការ​សមាគម​​នោះ​បើក​ដោយ​សេរី។​ ហើយ​បើ​ធ្វើ​ទៅ​វា​ខុស​ច្បាប់​ត្រង់​ណា​មួយ ​យើង​ដាក់​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់​ទៅ។ ​ក៏​ប៉ុន្តែ​មិនត្រូវ​បង្អាក់​ដំណើរការទេ។ ​​​គេ​មិន​ទាន់​ធ្វើ​ផង​​ យើង​ទៅ​បង្អាក់​គេ។ ​ហើយ​ក្នុង​ចំណុច​នេះ​ប្រហែល​ជា​​យើង​ អង្គការ​សង្គម​ស៊ីវិល​ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​ចំណុច​ត្រង់​ហ្នឹង»។

មាន​ចំណុច​គួរ​ជា​ទី​ព្រួយ​បារម្ភ​មួយ​ចំនួន​ទៀត​​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ឡើង​ ដែល​រួម​មាន​ការ​គ្មាន​ការ​ការពារ​ប្រឆាំង​នឹង​ការ​បដិសេធ​ខុស​ទំនង​មិន​ព្រម​ចុះ​បញ្ជី​ឈ្មោះ​ និង​ការ​រំលាយ​អង្គការ។ ​មាន​ចំណុច​មិន​ច្បាស់​លាស់​ ថា​តើ​ក្រុម​បណ្តាញ​សង្គម​ដែល​ធ្វើ​សកម្មភាព​ផ្សេងៗ​​ ដូច​ជា​ប្រឆាំង​ការជួញ​ដូរ​ស្ត្រី​ជាដើម ​ត្រូវ​ចូល​ក្នុង​ប្រភេទ​ណា​មួយ​ និង​​​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់​ ថា​តើ​សហគមន៍​មូលដ្ឋាន​ដែល​នៅ​តាម​បណ្តា​ខេត្ត​នឹង​ត្រូវ​កំណត់​ឱ្យ​ធ្វើការ​តែ​ក្នុង​សង្កាត់​ ឬ​ឃុំ​ដែល​ជា​មូលដ្ឋាន​របស់​គេ​ឬ​យ៉ាង​ណា។

លោក​សុខ សំអឿន​បញ្ជាក់ថា​ លោក​នឹង​ទាម​ទារ​សុំ​ឱ្យ​​សហគមន៍​មូលដ្ឋាន​នោះ​មាន​សិទ្ធិ​ធ្វើការ​បាន​ច្រើន​ជាង​នេះ។

«ចំណុច​ហ្នឹង​ប្រហែល​យើង​ទាម​ទារ​ឱ្យ​រីក​ ឱ្យ​ទូលាយ​បន្តិច​ដែរ​ កុំ​ឱ្យ​កំណត់​សកម្មភាព​តែ​នៅ​ក្នុង​ឃុំ​សង្កាត់​ គឺ​អាច​ឱ្យ​ធ្វើការ​បាន​ក្នុង​មួយ​ខេត្ត»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ទាម​ទារ​រយៈ​ពេល​មួយខែ​ដើម្បី​ពិនិត្យ​ច្បាប់​នេះ​ហើយ​យល់​ថា​ ខែ​ធ្នូ​នេះ​មិន​មែន​ជាពេល​វេលា​សម​ស្រប​សម្រាប់​ការ​ពិភាក្សា​ឡើយ។

យ៉ាង​ណា​ក៏ដោយ ​លោក​អ៊ូ វីរៈ​ នាយក​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍​​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​លោក​លើក​ឡើង​ថា ​មាន​ការកែ​ប្រែ​ល្អ​ច្រើន ​បើ​ប្រៀប​ធៀប​នឹង​សេចក្តី​ព្រាង​មុនៗ។ ​ប៉ុន្តែ​​លោក​សម្តែង​ការព្រួយ​បារម្ភ​លើ​ចំណុច​ខ្លះ​ដែល​ហាក់​ដូច​ជា​ផ្តោត​លើ​អង្គការ​អន្តរជាតិ​​ដែល​ធ្វើ​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​​​កម្ពុជា។

«ចំពោះ​ខ្ញុំ​មើល​ទៅ ​ហាក់​ដូច​ជា​មាន​ភាព​ទូលំ​ទូលាយ​ពេក ​ហើយ​អាច​បក​ស្រាយ​ក្នុង​ន័យ​មួយ​ដើម្បី​រឹតត្បិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​ការ​តវ៉ា​និង​តស៊ូ​មតិ​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ ជា​ពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ដែល​ធ្វើការ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ច្រើន​តែ​ចូលរួម​តវ៉ា​និង​តស៊ូ​មតិ​ទាក់​ទង​ទៅនឹង​ការរំលោភ​មួយ​ចំនួន​ ទាក់​ទង​នឹង​គម្រោង​ADB ​ ទាក់​ទង​រឿង​ផ្លូវ​រទេះ​ភ្លើង​ដែល​ ADB ​ជួយ​ឧបត្ថម្ភ​លុយ ​គឺ​មាន​អង្គការ​បរទេស​មួយ​ចំនួន​ដែល​តវ៉ា​រឿង​ហ្នឹង​ ដែលទាក់​ទង​រឿង​ធនាគា​ពិភពលោក។ ​នៅ​គម្រោង​បឹងកក់​ក៏​មាន​ការ​ចូលរួម​ពី​អង្គការ​បរទេស។​ ហើយ​បើ​សិន​យើង​មើល​ច្បាប់​នេះ​គឺ​ច្បាប់​នេះ​ផ្តល់​អំណាច​ទូលំទូលាយ​ដល់​ក្រសួង ​រដ្ឋាភិបាល​ និង​ក្រសួង​ការ​បរទេស​មែន​ទែន​ ក្នុង​ការ​រឹតត្បិត​នូវ​សេរីភាព​និង​ការបំពេញ​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស»។

យោង​តាម​ប្រភព​ក្រៅ​ផ្លូវការ​ដែល​វីអូអេ​ទទួល​បាន​​​បញ្ជាក់​ឱ្យ​ដឹង​គឺ​​មាត្រា​១៧​នៃ​ច្បាប់​នេះ​កំណត់​ថា​ ក្រសួង​ការបរទេស​កម្ពុជា​មាន​សិទ្ធិ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ចំពោះ​​អង្គការ​អន្តរជាតិ​ណា​ដែល​គេ​យល់​ថា ​«ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សន្តិភាព​ ស្ថិរភាព​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ ឯកភាព​ជាតិ​ វប្បធម៌​ ប្រពៃណី​ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា» ​ដែល​នេះ​អាច​ជា​ការ​បើក​ផ្លូវ​ឱ្យ​ក្រសួង​ការបរទេស​បញ្ឈប់​សកម្មភាព​របស់​អង្គការ​ទាំង​នោះ​តាម​ចិត្ត។

ចំណែក​លោកស្រី​ពុង​ ឈីវកេក ​នាយិកា​​អង្គការ​​លីកាដូ​ក៏​សម្តែង​ក្តី​បារម្ភ​ស្រដៀង​គ្នា​នឹង​ក្រុម​អង្គការ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែ​នៅ​បន្ត​រក្សា​ជំហរ​ដដែល​ថា​ មិនគួរ​មាន​ច្បាប់​នេះ​ទេ​ព្រោះ​​ក្រម​រដ្ឋប្ប​វេណី​​ដែល​នឹង​ចូល​ជាធរមាន​នៅថ្ងៃ​ទី​២១​ខែ​ធ្នូ​នេះ​​មាន​មាត្រា​មួយ​ចំនួន​គ្រប​ដណ្តប់​លើ​សកម្ម​ភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ។​ លោក​ស្រី​យល់​ថា​ បើ​អនុញ្ញាត​ឱ្យ​មាន​ច្បាប់​នេះ​ ហាក់​ដូច​ជា​ត្រូវ​ចាត់​ទុក​និរាករណ៍​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​នោះ។

តាម​ប្រភព​នានា​ឱ្យ​ដឹង​ថា​ ចំនួន​អ្នក​ដែល​ក្រសួង​​មហា​ផ្ទៃ​អញ្ជើញ​ចូលរួម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ​នឹង​​មិន​ទូលំទូលាយ​ទេ។

មិន​មាន​មន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការបរទេស​ណា​ម្នាក់​ដែល​វីអូអេ​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​គ្រោង​ប្រជុំ​ដកអភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រឆាំង

Posted: 14 Dec 2011 07:43 AM PST

រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​តាម​ការ​ស្នើសុំ​របស់​តុលាការ​ខេត្ត​កណ្តាល។

លោក ​ជាម ​យៀប ​ប្រធាន​គណៈកម្មការ​ទី​២ ​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា ​នឹង​កោះប្រជុំ​ ដើម្បី​សម្រេច​ដក​អភ័យឯកសិទ្ធិ​លោក​ ចាន់​ ចេង នៃ​សមាជិក​សភា​តំណាងរាស្ត្រ​គណបក្ស​សម​ រង្ស៊ី។

លោក ​ចាន់​ ចេង ​សមាជិក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ត្រូវ​បាន​លោក ​លឹម​ សុគន្ថា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​ផ្ញើ​របាយណ៍​មួយ​ទៅ​ស្ថានប័ន​ដែល​ពាក់ព័ន្ធ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​អំពី​ភាព​មិន​ប្រក្រតី​មួយ ​ចំពោះ​លោក​ចាន់ ​ចេង ​ដោយសារ​តែ​លោក​ចៅក្រម​ បាន​មាន​ប្រសាសន៍​ថា​លោក ​ចាន់ ​ចេង​បាន​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ជន​ដែល​ត្រូវ​ចោទ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល។

លោក ​ជាម ​យៀប ​បាន​មាន​ប្រសាសន៍​ថា ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​ណាងរាស្ត្រ​មិនមែន​ជា​រឿង​ធំដុំទេ។

«ពាក្យ​ថា​អភ័យឯកសិទ្ធ​ហ្នឹង​ឥត​មាន​ស្អី ​ដែល​ថា​វា​ធំ​ដំ​អី​ណា​ទេ។ វា​ដូច​អាវក្រោះ ​ឬ​អាវ​ភ្លៀង​អញ្ចឹង​ ហើយ​គណៈអចិន្ត្រៃយ៍ ​ឬ​រដ្ឋសភា​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ដក​អាវភ្លៀង​ចេញ​ ដើម្បី​ឲ្យ​តុលាការ​គេ​មាន​លទ្ធភាព ​អញ្ជើញ​ទៅ​សួរ​ទៅ​តាម​ពាក្យ​បណ្តឹង»។

គម្រោង​កោះប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ក្នុង​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​គណបក្ស​សម ​រង្ស៊ី​នេះ នៅ​មិន​ទាន់​ដឹង​ថា រដ្ឋសភា ​បាន​ទទួល​លិខិត​ស្នើសុំ​ពី​ក្រសួង​យុត្តិធម៌​ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក សំ ប្រជាមានិត​ នាយកខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ដឹង​ថា​ក្រសួង​យុត្តិធម៌​ បាន​ផ្ញើ​លិខិត​ទៅ​ស្ថាប័ន​រដ្ឋសភា​ដើម្បី​ស្នើសុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​តំណាងរាស្ត្រ​លោក ​ចាន់ ​ចេង ​នៅ​ឡើយ​ទេ។

«ខ្ញុំ​ឥត​បាន​ដឹង​ផង​ព្រោះ​ខ្ញុំ​ទើប​តែ​មក​ពី​ប្រជុំ​នៅ​ឯ​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី។ ទើប​តែ​ថ្ងៃ​ហ្នឹង​ ខ្ញុំ​មក​ដល់»។

លោក ​ចាន់ ​ចេង ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី ​បាន​បញ្ជាក់​ថា​ លោក​ឥត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​រំដោះ​លោក​មាស ​ប៉េង ​ចេញ​ពី​ពន្ធនាគារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ផ្ញើ​លិខិត​បំភ្នឺ​ទៅ​រដ្ឋសភា​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា​ អំពី​ករណី​របស់​លោក ​ហើយ​លោក​ស្នើសុំ​ឲ្យ​រដ្ឋសភា​ពិចារណា​ឡើងវិញ​ មុន​នឹង​សម្រេច​កោះប្រជុំ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​របស់​លោក។

«រឿង​បញ្ហា​ដែល​ពាក់ព័ន្ធ​ហ្នឹង​រឿង​គេ​ចោទ​ប្រកាន់​ខ្ញុំ​ផ្តល់​មធ្យោបាយ ខ្ញុំ​ឥត​មាន​ពាក់ព័ន្ធ​អី​ទេ ព្រោះ​អី​រឿង​នេះ​របស់​លោក​មេធាវី​ជួង​ ជូងី ​ដែល​ជា​អ្នក​ការពារ​សិទ្ធ​ឲ្យ​លោក​មាស​ ប៉េង ​ហើយ​គាត់​បាន​ឆ្លើយ ​នៅ​ក្នុង​លិខិត​របស់​លោក​មេធាវី​ហ្នឹង​ទៅ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ផ្សេងៗ​ហ្នឹង​មក​ជាមួយ​ហើយៗ​គាត់​ក៏​បាន​ធ្វើ​ពាក្យ​មួយ​ទៅ​ប្រធាន​រដ្ឋសភា​ពី​ថ្ងៃ​ម៉ិញ​ហ្នឹង​ ពី​រឿង​បញ្ហា​ហ្នឹង​ ខ្ញុំ​ឥត​មាន​ពាក់ព័ន្ធ​អី​ទេ»។

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្រ្ត និង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​នៅ​ក្នុង​របប​ផ្តាច់ការ​សារជាថ្មី​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ជា​ប្រព័ន្ធ​ដើម្បី​រំខាន​ដល់​ការ​បំពេញ​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី។

«ការ​ដែល​បញ្ចប់​ គ្មាន​ហេតុផល​បែប​នេះ​គឺ​ជា​រឿង​មួយ​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា​ ទោះ​ជា​គេ​ធ្វើ​អ្វី​មួយ​ខុស​ច្បាប់​ក៏​ដោយ ​ឬ​មិន​សម​ហេតុ​ផល​អី​ក៏ដោយ ​ឲ្យ​តែ​បាន​រំខាន​ដល់​គណបក្ស​សម​ រង្សី​ បង្អាក់​បន្តុច​ដល់​គណបក្ស​សម ​រង្ស៊ី។ ​អា​នេះ​គឺ​ជា​រឿង​មួយ​ដែល​អន្តរជាតិ​ត្រូវ​តែ​ចាប់​អារម្មណ៍ ​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវ​តែ​ចាប់​អារម្មណ៍​ថា​ គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​អ្វីៗ​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​របប​ផ្តាច់ការ»។

លោក ​លឹម ​សុគន្ថា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ប្តឹង​លោក​ចាន់ ​ចេង ​ទេ ​គ្រាន់​តែ​លោក​បាន​ប្តឹង​ទៅ​ក្រសួង​យុត្តិធម៌ ​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋសភា​ថា​លោក​ចាន់ ​ចេង ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ ក្នុង​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ដល់​ជន​ដែល​ត្រូវ​ចោទ​ចេញ​ពី​ពន្ធនាគារ។

«អ្វី​ដែល​ហេតុការណ៍​កើត​ឡើង​គឺ​ដោយសារ​តែ​លោក​មេធាវី​ហ្នឹង ​គាត់​បាន​យក​អ្នកទោស​ហ្នឹង​ទៅ​ ហើយ​លោក​តំណាងរាស្ត្រ ​គាត់​បាន​ដាក់​នៅ​ក្នុង​ឡាន​គាត់​ទៅ។ ខ្ញុំ​ក៏​រាយការណ៍​ពី​ភាព​អសកម្ម​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង ​បាន​វា​កើត​ហេតុ​អីញ្ចឹង​នោះ»។

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​កន្លង​ទៅ​នេះ ​លោក​ចៅក្រហម ​លឹម ​សុគន្ថា​ នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​លោក​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ខាង​គណបក្ស​សម ​រង្ស៊ី​ ពី​បទ​ផ្សំ​គំនិត​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេទនា ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត​តាម​មាត្រា​ទី​២៨​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី។ ពេល​លោក​មាស ប៉េង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ រវាង​លោក​ជួង ​ជូងី ​មេធាវី​ការពារ​ក្តី ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ។

លោក ​ជួង ​ជូងី​ មេធាវី​ការពារក្តី​លោក​មាស ​ប៉េង ​បាន​និយាយ​ថា​មិន​អាច​មាន​ការ​ឃុំ​ខ្លួន​កូនក្តី​របស់​លោក​បាន​ទេ ​ប្រសិន​ណា​បើ​គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ពី​តុលាការ ​រួច​ហើយ​បាន​ស្នើសុំ​ឲ្យ​លោក​ចាន់ ​ចេង ​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី ​ដឹក​កូនក្តី​របស់​លោក​មក​ផ្ទះ​វិញ។

លោក ​លឹម ​សុគន្ថា ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​ធ្លាប់​បាន​និយាយ​ថា លោក​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់៕

This posting includes an audio/video/photo media file: Download Now

នួន ជា៖ ខ្មែរក្រហម​មិនមែន​ជា​អាយ៉ង​របស់​វៀតណាម

Posted: 14 Dec 2011 06:57 AM PST

អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​នួន ​ជា ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​មេដឹកនាំ​ជាន់ខ្ពស់ ​និង​គណបក្ស​កុម្មុយនីស្ដ​ខ្មែរក្រហម​មិនមែន​ជា​ «អា​យ៉ង» របស់​វៀតណាម​ទេ ​រហូត​ដល់​ពួកគេ​ឡើង​កាន់​កាប់​អំណាច​ដោយ​ចុង​កាំភ្លើង​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ ​១៩៧៥។

សេចក្ដី​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​សភា​ខ្មែរក្រហម​អាយុ​៨៥ ​រូប​នេះ​ បាន​បន្ដ​ធ្វើការ​ចោទ​ប្រកាន់​​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ការ​កាត់ទោស​នៅ​សប្ដាហ៍​មុន​ថា ​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ​បាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ចំនួន​យ៉ាង​តិច​១,៧​លាន​នាក់ ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​កាន់កាប់​អំណាច​ជិត​បួន​ឆ្នាំ​រហូត​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។

ឆ្លើយ​នឹង​សំណួរ​របស់​សហព្រះរាជអាជ្ញា​រង​ជនជាតិ​អាមេរិកាំង ដេល លីសាក (Dale Lysak )​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ ​នួន ​ជា ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​បាន​បង្ហាញ​ថា គណបក្ស​កុម្មុយនីស្ដ​កម្ពុជា​ និង​មេដឹកនាំ​គណបក្ស​នេះ​ដែល​រួមមាន​រូប​លោក មិន​បាន​ស្ថិត​ក្រោម​អំណាច​របស់​វៀតណាម​ទេ។

«កាល​នោះ​មិន​ធ្វើ​ជា​អាយ៉ង​របស់​វៀតណាម​ទេ ​ក៏ប៉ុន្តែ​មាន​កិច្ចការ​អី​អាច​មាន​ការ​ពិភាក្សា​គ្នា​ខ្លះ។ ពី​ឆ្នាំ​១៩៦០ ​រៀង​រហូត​មក បក្ស​កម្ពុជា​មាន​មាគ៌ា​យុត្តវិធី​របស់​ឯង ​ដាច់​ពី​វៀតណាម។ យើង​ធ្វើ​សេចក្តីសម្រេច​ដោយ​ខ្លួន​យើង​ ប៉ុន្តែ​ថា ឲ្យ​គេ​ពេញ​ចិត្ត ​គេ​មិន​ពេញ​ចិត្ត​ទេ»។
គណបក្ស​កុម្មុយនីស្ដ​កម្ពុជា​បាន​កើត​ចេញ​ពី​គណបក្ស​កុម្មុយនីស្ដ​ឥណ្ឌូ​ចិន​សម្រាប់​បី​ប្រទេស​ គឺ​កម្ពុជា ​វៀតណាម ​និង​ឡាវ។

មន្ដ្រី​ផ្លូវការ​របស់​ស្ថានទូត​វៀតណាម​ក៏​ធ្លាប់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​នួន ​ជា ​ដែល​បាន​ភ្ជាប់​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​នឹង​វៀតណាម​ផង​ដែរ។

នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​រសៀល​នេះ ​លោក​ ឡុង ​នរិន្ទ ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​ក្រសួង​ការបរទេស​ក្រោម​ការ​ត្រួតត្រា​របស់​អៀង ​សារី ​បាន​លើក​ឡើង​ថា ​លោក​មិន​ដឹង​ពី​​ឥទ្ធិពល​បរទេស​លើ​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។

នៅ​ក្នុង​សវនាការ​នោះ​ នួន​ ជា ​ក៏​បាន​ប្រកែក​ដោយ​អស់​សំណើច​ចំពោះ​ការ​ចោទ​សួរ​របស់​ចៅក្រម​សាលាដំបូង​ (ហ្សង់ម៉ាក ឡាវែង (Jean-Marc Laveng) ថា ​ខ្លួន​មិនមែន​ជា​បង​ធំ​ទី​២​នោះ​ទេ​ត្បិត​ពាក្យ​នេះ​គឺ​កា្លយ​មក​ពី​អ្នក​និយម​មនោគមវិជ្ជា​វៀតណាម។

«ខ្ញុំ​សូម​គោរព​លោក។ ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា ​គ្មាន​បង​ទី​១ ​គ្មាន​បង​ទី​២ ​គ្មាន​បង​ទី​៣​ទេ។​ ក៏ប៉ុន្តែ​ដែល​ហៅ​បង​ទី​២​នេះ ​វា​ជាប់​ពី​វប្បធម៌​យួន»។

កាល​ពី​ថ្ងៃ​អង្គារ​ នួន​ ជា ​បាន​សារភាព​ថា ​គណបក្ស​កុម្មុយនីស្ដ​កម្ពុជា​របស់​ខ្មែរក្រហម​មាន​ផែនការ​ទុក​ជា​មុន​ក្នុង​ការ​បណ្ដេញ​ប្រជាជន​ចេញ​ពី​ក្រុង​ភ្នំពេញ។ ​នៅ​ថ្ងៃ​នេះ ​នួន ​ជា​ បាន​អះអាង​ថា ​អៀង សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស​ និង ​ខៀវ​ សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​មិន​ត្រូវ​បាន​ជូន​ដំណឹង​ពី​ការ​សម្រេច​នេះ​ទេ។

ទាំង​នួន ​ជា ​ទាំង​លោក​ ឡុង ​នរិន្ទ ​សុទ្ធ​តែ​បាន​បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​របស់​អតីត​ព្រះមហាក្សត្រ​ខ្លះ​ក្នុង​ចលនា​ និង​មុខងារ​របស់​ព្រះអង្គ​ជា​ប្រមុខរដ្ឋ​នៅ​ជាមួយ​ពួក​ខ្មែរក្រហម។ ក៏ប៉ុន្ដែ​លោក​ឡុង ​នរិន្ទ ​បញ្ជាក់​ថា ​អតីត​ព្រះមហាក្សត្រ​ក្នុង​ពេល​នោះ​ពុំ​មាន​អំណាច​នោះ​ទេ។ សូម​បញ្ជាក់​ថា ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ នួន​ ជា ​ដែល​ពាក់​អាវ​រងារ​ពណ៌ខ្មៅ​ បាន​ចោទ​សួរ​ទៅ​លោក​ឡុង ​នរិន្ទ​ ដែល​ផ្ដល់​សក្ខីកម្ម​តាម​ការ​ភា្ជប់​ខ្សែ​វីដេអូ ​អំពី​ការ​ជាប់​ទាក់ទង​នឹង​ឥទ្ធិពល​កម្មាភិបាល​ខ្មែរក្រហម​មួយ​ចំនួន។ ក្រៅ​ពីនោះ​ សាក្សី​ក៏បាន​បង្ហាញ​ថា ​លោក ​គាត ​ឈន់ ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋ​មន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​គឺ​ជា​មន្ដ្រី​ម្នាក់​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​ដែរ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ ធ្នូ ព្រឹក

Posted: 13 Dec 2011 07:36 PM PST

ម៉ាឡេស៊ី៖ ស៊ុលតង់​អាប់ឌុល ហាលីម ម៉ូអាហ្សាម (Abdul halim muadzam) ​បាន​ត្រូវ​តែងតាំង​ជា​ព្រះមហាក្សត្រ​ថ្មីរបស់​ម៉ាឡេស៊ី ជា​ព្រះរាជា​ស្របតាម​ធម្មនុញ្ញ​និង មាន​ព្រះជន្មាយុ​ចំណាស់​របស់​ប្រទេស​។

ស៊ុលតង់ អាបឌុល ហាលិម ក្នុងព្រះជន្ម​៨៤ ព្រះវស្សាបានស្បថ​ឡើង​កាន់​តំណែង តាម​ពិធី​បុណ្យ​ប្រពៃណី​ក្នុង​ព្រះបរមរាជវាំង​នៃ​ទីក្រុង​គូឡាឡាំពួ​ កាល​ពី​ថ្ងៃអង្គារ ។

ភូមា៖ អាជ្ញាធរ​ភូមាបាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជាតិ​របស់លោកស្រី អង់សាន ស៊ូជី ​ដោយ​អនុញាត​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ដ។ បណ្ដាញ​ព័ត៌មាន​រដ្ឋបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត​ភូមា​បាន​យល់ព្រម​ការដាក់ពាក្យ​របស់​គណបក្ស​សុំចុះ​ឈ្មោះ​ជាគណបក្ស​នយោបាយជា​ផ្លូវការ​។

វៀតណាម៖ ព្រះសង្ឃ​សកម្មជន​វៀតណាម​មាន​ព្រះជន្មាយុ៧១វស្សា មក​ពី​អំបូរ​​ភាគតិច ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​គុក​៥ឆ្នាំ ពី​បទ​មាន​ឯកសារនិង​វីដេអូ​ប្រឆាំង​រដ្ឋាភិបាល​។

ការ​កាត់​ទោស​ព្រះអង្គ ង្វៀង វ៉ានលី ត្រូវ​បានផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នៅរដ្ឋធានី​ហាណូយ។ នេះ​ជា​ការ​ចាប់​ខ្លួន​ម្ដង​ទៀត​បន្ទាប់​ពីខែ​មេសា នៅ​ពេលដែល​ប៉ូលីស​បាន​រឹប​អូស​យក​សៀវភៅ​មូយ​ចំនួន ខ្សែអាត់ និងវីដេអូ ដែល​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​បទរំលោភ​សិទ្ធិ​មនុស្ស និង ការ​សង្កត់សង្កិន​មកលើសេរីភាព​សាសនា ។

ទី​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​និយាយថា​ចុងចោទ​ទទួល​ការ​ចោទ​ប្រកាន់ពី​បទ​រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ និង​បំផ្លាញ​ប្រយោជន៍ជាតិ។

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ស៊ីរី​និយាយ​ថា​ ទាហាន​រត់​ចោល​ជួរ​នៅ​ក្នុង​យោធា​ស៊ីរី ​បាន​សម្លាប់​កង​កម្លំាង​ការពារសន្ដិសុខ​របស់​រដ្ឋាភិបាល​ ពេល​ដែល​ទាហាន​រត់​ចោល​ជួរ​ទាំង​នោះ​ពួន​ស្ទាក់​វាយ​ប្រហារ​ពួក​គេ ​បន្ទាប់​ពី​យោធា​ស៊ីរី​បាន​ធ្វើ​ការ​វាយ​ឆ្មក់​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​១១​នាក់ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

អ៊ីរ៉ង់៖ បាន​បដិសេធ​សេចក្ដី​ស្នើ​របស់អាមេរិក ដែលសុំ​ឲ្យ​បញ្ជូន​មក វិញ​នូវ​ យន្ដហោះ​គ្មាន​អ្នក​បើក​ដែល​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ ដោយ​និយាយ​ថា​បាន​បាញ់​ទម្លាក់ជិត​ព្រំដែន​ជាមួយ​ប្រទេសអាហ្វហ្គានីស្ថាន​នៅ​ក្នុង​ខែ​នេះ។

រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​ ឌីមេទ្រី មេ​ដ្វេ​ដេវ Dmitri Medvedev ​បាន​ប្រកាស​អំពី​សម័យ​ប្រជុំ​លើក​ទី​មួយ​នៃ​សភា​ជាតិ​តែងតាំង​ថ្មី​ ទោះ​បី​ជា​មាន​ការ​តវ៉ា​ប្រឆាំង​នៃ ​ការ​កេង​បន្លំ​សន្លឹក​ឆ្នោត​ ​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋសភា​កាល​ពី​ដើម​ខែ​នេះ​ក៏​ដោយ​។​

អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ដ្រី​ការពារ​ប្រទេស​អាមេរិក លោក ​ឡេអន ​ប៉ាណេតា​ កំពុង​ធ្វើ​ទស្សនកិច្ច​អាហ្វហ្គានីស្ថាន​ ដើម្បី​ពិនិត្យ​មើល​ការ​លូតលាស់​នៃ​កិច្ច​ប្រឹងប្រែង​ប្រឆាំង​ការ​បះបោរ ​ ដោយ​លោក​បាន​ថ្លែង​ថា​ នេះ​ជា​ចំណុច​របត់​មួយ​នៅ​ឆ្នាំ​នេះ​ ក្រោយ​ពី​ការ​ប្រយុទ្ធ​អស់​រយៈពេល​ជាង​ មួយ​ទសវត្សរ៍​តទល់​នឹង​ក្រុម​តាលីបាន​មក​។

ស៊ីរី៖ សមាជិក​ជា​ច្រើន​នាក់​នៃ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ថ្លែង​ថា​ គេ​មាន​ចិត្ដ​ខ្វាយខ្វល់​ចំពោះ​ព័ត៌មាន​បង្ហាញ​ក្នុង​កិច្ចប្រជុំអគ្គស្នងការ​ខាង​កិច្ចការ​សិទ្ធិមនុស្ស ដែល​ថា​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ការ​បះបោរ​នៅ​ស៊ីរី​បាន​កើន​ឡើង​លើស​ពី​៥០០០នាក់។

បែលហ្ស៊ិក៖ មនុស្ស៤នាក់​បាន​ស្លាប់​ហើយ​ជាង​៧៥​នាក់​ទៀត​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​របស់​ជន​ប្រដាប់​អាវុធ​ម្នាក់នៅ​ក្នុង​ក្រុងលៀច​ នៅភាគ​ខាង​កើតបែលហ្ស៊ិក។

ស្វ៊ីស៖ ក្រុមស្រាវជ្រាវ​រូបវិទ្យាស្វ៊ីស​ថ្លែង​ថា​ ខ្លួន​បាន​ពិនិត្យ​មើល​បំណែក​តូច​បង្អស់​នៃ​ធាតុអាតូមិក​ ហៅថា ​Higgs Boson ​ដែល​អ្នក​វិទ្យាសាស្រ្ដ​មាន​ជំនឿ​ថា​ ជា​ប្លក​ មូលដ្ឋាន​នៃ​ការ​កកើត​ភព​ផែនដី​។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!