VOA News: ព័ត៌មាន: “អ្នកជំនាញថាការផ្សព្វផ្សាយពីសាលាក្តីនៅមិនទាន់គ្រប់គ្រាន់នៅឡើយ” plus 5 more |
- អ្នកជំនាញថាការផ្សព្វផ្សាយពីសាលាក្តីនៅមិនទាន់គ្រប់គ្រាន់នៅឡើយ
- លំហាត់យោធាកម្ពុជាអាមេរិកដើម្បីសង្គ្រោះបន្ទាន់ចាប់ផ្តើម
- ជនរងគ្រោះទាមទារការលុបបំបាត់អំពើជូញដូរមនុស្សនៅកម្ពុជា
- ព័ត៌មានអន្តរជាតិវីអូអេ ១២ ធ្នូ យប់
- ព័ត៌មានអន្តរជាតិវីអូអេ ១២ ធ្នូ ព្រឹក
- គណបក្សប្រជាជនឈ្នះដ៏លើសលប់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ
អ្នកជំនាញថាការផ្សព្វផ្សាយពីសាលាក្តីនៅមិនទាន់គ្រប់គ្រាន់នៅឡើយ Posted: 12 Dec 2011 02:43 PM PST ការផ្សព្វផ្សាយពីដំណើរការកាត់ក្តី ក្នុងសំណុំរឿងលេខ០០២ដែលមានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់នៅមិនទាន់គ្រប់គ្រាន់ពេញលេញសម្រាប់ពលរដ្ឋខ្មែរយល់ដឹងឱ្យគ្រប់ទិដ្ឋភាពនៃបទឧក្រិដ្ឋដែលបានកើតមានឡើងនៅឡើយទេ។ នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបស្តីពីរបបខ្មែរក្រហម។ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្គាល់ថា កន្លងមកមាន ការ ផ្សព្វផ្សាយឱ្យដឹងពីការងាររបស់តុលាការនិងពីរបបខ្មែរក្រហម ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភ របស់លោកគឺថា សម្រាប់សំណុំរឿងលេខ០០២នេះនៅមិនទាន់មានបណ្តាញទូរទស្សន៍ណា មួយធ្វើការផ្សាយបន្តផ្ទាល់ទាំងស្រុងពីសវនាការកាត់ទោសដែលបានកើតឡើងតាំងពីថ្ងៃទី២១ខែវិច្ឆិកានោះមកទេ។ លោកយល់ថា ការថតផ្សាយដំណើរការសវនាការលើកនេះគឺវាមានលក្ខណៈសំខាន់ណាស់សម្រាប់ប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។ លោកឆាំង យុបញ្ជាក់បន្ថែមទៀតថា៖ «ហើយអ្វីដែលសំខាន់ទៀតនោះគឺ០០២នេះគឺជាលើកទីមួយហើយបន្ទាប់ពីរយៈពេល៣២ឆ្នាំដែលមេដឹកនាំជាន់ខ្ពស់និយាយនៅមុខចៅក្រម ហើយនេះគឺជាការនិយាយចុងក្រោយដោយសារថា ០០២ប្រហែលអាចជាសំណុំរឿងចុងក្រោយ ហើយគាត់ទាំងបួននាក់ដែលមានអាយុជាង៨០ឆ្នាំហើយអាចថា នេះជាការនិយាយចុងក្រោយ។ អញ្ចឹងការស្តាប់ឮទាំងស្រុងចំពោះប្រជាជនដែលយកចិត្តទុកដាក់ ជាពិសេសប្រជាជនដែលរងគ្រោះ គឺជាការណ៍សំខាន់ណាស់នៅពេលដែលចៅក្រមចេញសេចក្តីសម្រេចចិត្តមួយ នៅពេលដែលសវនាការនេះត្រូវបានបញ្ចប់។ បើសិនជាគាត់មិនបានស្តាប់ទាំងស្រុង វាអាចប៉ះពាល់ដល់ការទទួលយកឬក៏ការមិនច្បាស់លាស់ ឬក៏មិនបានឮពីភាគីម្ខាងទៀត។ វាធ្វើឱ្យបាត់តម្លៃសាលក្រមនាពេលចុងក្រោយ»។ សាលាក្តីខ្មែរក្រហមកំពុងបើកដំណើរការកាត់ទោសសំណុំរឿង០០២ដោយផ្តោតលើមេដឹកនាំជាន់ខ្ពស់បីរូបគឺមាន នួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហម ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ និងអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស។ អតីតមេដឹកនាំទាំងបីដែលមានវ័យចំណាស់ៗខ្លាំង និងខ្លះមានជំងឺផង ត្រូវតុលាការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិចំពោះរយៈពេលនៃការគ្រប់គ្រងប្រទេសពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ លោកឆាំង យុយល់ថា ការផ្សព្វផ្សាយដែលមានការថតហើយផ្សាយទាំងស្រុង នឹងជួយឲ្យជនរងគ្រោះ ដែលមិនបានចូលរួមដោយផ្ទាល់ក្នុងដំណើរការកាត់ទោសក្រុមមេដឹកនាំនៅឯសាលាក្តី បានយល់កាន់តែច្បាស់ថា តើមេដឹកនាំទាំងនោះមានអ្វីដែលជាការដោះសារចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត។ ការព្រួយបារម្ភរបស់លោកបានកាន់តែកើនឡើងនៅពេលដែលបណ្តាញទូរទស្សន៍ដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា ស៊ីធីអឹនបានប្រកាសកាលពីដើមសប្តាហ៍នេះថា នឹងបន្ថយកម្មវិធីផ្សាយពីសាលាក្តីខ្មែរក្រហមនេះ។ លោកសោម ឆាយា អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ស៊ីធីអឹន បានប្រាប់វីអូអេពីមូលហេតុនៃការបន្ថយការផ្សាយនោះថា គឺដោយសារតែស្ថានីយ៍របស់លោកត្រូវតម្រូវតាមការចង់ផ្សព្វផ្សាយផលិតផលរបស់អ្នកឧបត្ថម្ភខ្លះ ហើយស្ថានីយ៍បានយល់ព្រមតាមកិច្ចសន្យា ដូចដែលបានស្នើសុំ។ លោកឆាយាបន្ថែមថា ស្ថានីយ៍របស់លោកអាចផ្សាយបានតែក្នុងករណីអង្គសវនាការដែលមានពាក់ព័ន្ធនឹងការឆ្លើយបំភ្លឺរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងនោះ៖ «យើងបានកំណត់ថា ប្រសិនបើមានហេតុការណ៍ធំៗ ដូចជាករណីតានួនជា តាខៀវ សំផនឬក៏អៀង សារី អីអញ្ចឹងនោះគឺយើងសុខចិត្តធ្វើយ៉ាងម៉េចគឺសុខចិត្តលះបង់ពេលវេលាហ្នឹងគឺដើម្បីធ្វើការផ្សាយបន្តផ្ទាល់ជាបន្តទៀត»។ សាលាក្តីខ្មែរក្រហមយល់ថា ការសម្រេចផ្សាយតិច ឬច្រើនលើដំណើរការសវនាការសាលាក្តីខ្មែរក្រហមគឺវាអាស្រ័យលើការសម្រេចរបស់បណ្តាញផ្សព្វផ្សាយ ព្រោះសាលាក្តីមិនមានចុះកិច្ចសន្យាជាមួយនឹងបណ្តាញណាមួយថា ត្រូវតែផ្សព្វផ្សាយជាប់ជានិច្ចឱ្យសាលាក្តីទេ។ លោកហ៊ុយ វណ្ណៈ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមអះអាងថា ខាងសាលាក្តីមានរៀបចំកម្មវិធីទូរទស្សន៍និងវិទ្យុមួយចំនួន ព្រមទាំងការចុះផ្សព្វផ្សាយដល់សាធារណជនពីដំណើរការកាត់ទោសនេះ ហើយចំនួននៃបណ្តាញផ្សាយព័ត៌មានដែលមកផ្តិតយកទិដ្ឋភាពនៃសាលាក្តី ខ្មែរក្រហមនិងដំណើរការសាលាក្តីមានចំនួនច្រើនជាប្រចាំថ្ងៃដែលគួរតែចាប់យកបានគ្រប់ជ្រុងជ្រោយនៃអង្គសវនាការនេះ។ «ដូច្នេះប្រសិនបើមើលកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺយើងកំពុងតែធ្វើយ៉ាងណាដើម្បីឱ្យសំណុំរឿងជាប្រវត្តិសាស្រ្ត សំណេរជាសំខាន់នៃការកាត់ទោសក្រុមដែលគេហៅថា មេដឹកនាំខ្មែរក្រហមនេះ បានជ្រាបនៅក្នុងប្រទេសជាតិ ក៏ដូចជានៅក្នុងពិភពលោក។ នេះជាកិច្ចប្រឹងប្រែងរបស់យើងដើម្បីឱ្យសាធារណជនបានដឹងពីការវិវត្តន៍របស់តុលាការ»។ យ៉ាងណាក៏ដោយ លោកឆាំង យុនៅតែមើលឃើញពីការណ៍លំបាកសម្រាប់អ្នកតាមដានក្នុងការត្រូវដូរពីបណ្តាញព័ត៌មានមួយទៅបណ្តាញព័ត៌មានមួយដើម្បីចង់ដឹងឱ្យបានច្បាស់ពីការកាត់ទោស។ លោកឆាំង យុបានទទួលស្គាល់ថា សាលាក្តីបានធ្វើការច្រើនជាមួយនឹងពលរដ្ឋខ្មែរនិងសិស្សានុសិស្ស ប៉ុន្តែលោកទទូចថា៖ «ការណ៍ដែលយើងរំពឹងឱ្យប្រជាជនដែលគាត់កំពុងតែប្រឈមមុខនឹងបញ្ហាផ្សេងទៀត បញ្ហាសេដ្ឋកិច្ច ការរស់នៅឱ្យរំពឹងថា គាត់អាចនឹងស្តាប់ប៉ុស្តិ៍វិទ្យុនេះផង មើលទូរទស្សន៍ផងដើម្បី ស្វែងយល់ហ្នឹង ខ្ញុំគិតថា វាព្រងើយកន្តើយបន្តិចចំពោះសិទ្ធិដែលគាត់គួរតែទទួលបាននូវបណ្តាញណាមួយដែលផ្តល់ព័ត៌មានទាំងស្រុង»។ ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់រយៈពេលយ៉ាងហោចណាស់ក៏ពីរឆ្នាំទៀតដែរ។ របបខ្មែរក្រហមបានបង្កឱ្យស្លាប់ប្រជាពលរដ្ឋខ្មែរអស់ប្រហែល១,៧លាននាក់ដោយការសម្លាប់ចោល បង្អត់អាហារ បង្ខំធ្វើការហួសកម្លាំងនិងជំងឺជាដើម៕ This posting includes an audio/video/photo media file: Download Now |
លំហាត់យោធាកម្ពុជាអាមេរិកដើម្បីសង្គ្រោះបន្ទាន់ចាប់ផ្តើម Posted: 12 Dec 2011 10:24 AM PST កងទាហានម៉ារីនប្រចាំការនៅក្រៅប្រទេសរបស់សហរដ្ឋអាមេរិកចំនួន ១.៧០០នាក់ និងកងទព័កម្ពុជាជាច្រើនរយនាក់ទៀតបានចាប់ផ្ដើមធ្វើលំហាត់យោធារួមគ្នានៅថ្ងៃច័ន្ទនេះសម្រាប់រយៈពេលមួយសប្ដាហ៍ដើម្បីអ្វីមួយដែលមន្ដ្រីផ្លូវការ នៃប្រទេសទាំងពីរអះអាងថា សម្រាប់រៀបចំកងកម្លាំងផ្ដល់ការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។ លំហាត់យោធានេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទព័ម៉ារីន សហរដ្ឋអាមេរិកលេខ៣ បានបញ្ចប់សមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា តាមការបញ្ជាតាមប្រព័ន្ធកុំព្យូទ័រក្នុងទីក្រុងភ្នំពេញ។ សមយុទ្ធដែលមានគោលដៅដូចគ្នានេះដែរ។ នេះគឺជាចំនួនទាហានជើងទឹកអាមេរិកទ្រង់ទ្រាយធំមួយ ក្នុងការធ្វើលំហាត់ជាមួយយោធាកម្ពុជា។ ទាហានទាំងនេះមួយចំនួនមកពីអង្គភាពម៉ារីនលេខ១១ ប្រចាំការនៅក្រៅប្រទេស និងក្រុមកងទ័ពឡើងគោកលេខ៥ លើនាវា USS Pearl Harbor និង នាវា USS New Orleans នឹងធ្វើលំហាត់យោធាជាមួយកងទ័ពកម្ពុជានៅតំបន់ជិតទីក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ។ លោក ចេហ្វ ដាយហ្គល (Jeff Daigle) ភារធារីស្ថានទូតអាមេរិកមានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា លំហាត់យោធានេះគឺជាឧទាហរណ៍មួយដើម្បីបង្កើនការយល់ដឹងវប្បធម៌គ្នាទៅវិញទៅមកនៃកងទ័ពប្រទេសទាំងពីរ លើកកម្ពស់សមត្ថភាព និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងគ្នាទៅវិញទៅមក។ យើងមិនអាចទាក់ទងលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដើម្បីសុំការបញ្ជាក់បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងតែគ្មានអ្នកទទួល។ ក៏ប៉ុន្ដលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានហៅលំហាត់យោធានេះថា បានបង្កើតឲ្យមានរូបភាពពីរសម្រាប់កម្ពុជា នោះគឺរូបភាពដែលមានអត្ថន័យបែបនយោបាយ និងរូបភាពមួយទៀតដែលមានអត្ថន័យបែបកិច្ចសហប្រតិបត្តិការ។ «ទិដ្ឋភាពនយោបាយបង្ហាញថា កម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់ទាំងប្រទេសខាងលិច ទាំងប្រទេសខាងកើតដែលជាចំណុចមានសារៈសំខាន់មួយរបស់កម្ពុជា។ ហើយនៅក្នុងចំណុចសហប្របត្តិការគឺជាការផ្លាស់ប្ដូរបទពិសោធន៍ទាំងការសហប្រតិបត្តិការផ្នែកសន្ដិភាព ទាំងក្នុងការជួយសង្គ្រោះជាពិសេសក្នុងប្រតិបត្តិការនៅតាមលំហសមុទ្រនេះ»។ សហរដ្ឋអាមេរិកបានបង្កកជំនួយរថយន្ដយោធាចំនួន២០០គ្រឿងដល់កម្ពុជាដោយសារកម្ពុជាបានបញ្ជូនដោយបង្ខំនូវជនជាតិដើមភាគតិចវីហ្គើចំនួនជាង២០នាក់ទៅឲ្យអាជ្ញាធរចិនវិញកាលពីចុងឆ្នាំ២០០៩។ ហើយភ្លាមៗ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនធ្វើការសម្រេចចិត្តនេះ ចិនក៏បានផ្ដល់រថយន្ដយោធាចំនួនជាង២០០ គ្រឿងដល់កម្ពុជាផងដែរ។ ទោះជាយ៉ាងណាសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែជិតស្និទ្ធជាងមុនជាមួយកម្ពុជាតាមរយៈការចូលចតរបស់នាវាយោធា និងការធ្វើលំហាត់យោធាចម្រុះប្រទេសធំៗជាមួយកម្ពុជាដូចជាឆ្មាំអង្គរ២០១០ និងឆ្នាំ២០១១ រួមទាំងក្រុមគ្រូពេទ្យយោធាអាមេរិកដែលបានចុះជួយព្យាបាលប្រជាពលរដ្ឋកម្ពុជាក្រីក្រដោយឥតគិតថ្លៃជាដើម៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះទាមទារការលុបបំបាត់អំពើជូញដូរមនុស្សនៅកម្ពុជា Posted: 12 Dec 2011 08:18 AM PST នៅថ្ងៃច័ន្ទនេះ ជនរងគ្រោះបានទាមទារឲ្យមានវិធានការដ៏ម៉ឹងម៉ាត់ជាបន្ទាន់មួយដើម្បីលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព និងកសាងសង្គមខ្មែរគ្មានការជួញដូរមនុស្ស។ ការកត់សម្គាល់នេះបានធ្វើឡើងនៅក្នុងការប្រារព្វទិវាជាតិប្រឆាំងការជួញដូរមនុស្សដោយផ្តោតលើការរួមគ្នាប្រឆាំងការជួញដូរមនុស្សគ្រប់រូបភាព និងជួយជនរងគ្រោះ។ នាង ជ. ល. យ អាយុ១៩ឆ្នាំ រស់នៅក្នុងមណ្ឌល AFESIP ខេត្តកំពង់ចាម និងរៀននៅថ្នាក់ទី១១ បាននិយាយថា នៅពេលនាងបានឮអំពីការជួញដូរមនុស្ស នាងមានការឈឺចាប់យ៉ាងខ្លាំង ពីព្រោះនាងគឺជាជនរងគ្រោះនៃអំពើការជួញដូរមនុស្សនេះ។ «ខ្ញុំសូមអំពាវនាវដល់អ្នកប្រព្រឹត្តបទល្មើសទាំងអស់ សូមឲ្យគិតពីតម្លៃស្ត្រី និងកុមារផង។ អ្នកប្រព្រឹត្តបទល្មើសសូមឲ្យកាត់ទោសទៅតាមច្បាប់ និងកុំឲ្យអ្នកប្រព្រឹត្តបទល្មើសបែបហ្នឹងរួចខ្លួនឲ្យសោះ។ ជាពិសេសបំផុតនោះ ពួកខ្ញុំចង់ឲ្យបញ្ឈប់អំពើជួញដូរមនុស្សគ្រប់សកម្មភាពទាំងអស់»។ នាងជ. ល. យ បានរំលឹកទុក្ខសោករបស់នាងថា នាងមានដើមកំណើតនៅខេត្តសៀមរាប។ នាងត្រូវបានយកទៅលក់ឲ្យផ្ទះបនក្រោមដីមួយកន្លែងក្នុងថៃពេលនាងអាយុ៨ឆ្នាំ បន្ទាប់ពីឪពុកម្តាយនាងបានស្លាប់ ហើយញ្ញាតិសន្តានរបស់នាងបានបោះបង់នាងចោល។ នាងបានបន្ថែមថា ដោយគ្មានអ្នកទីពឹង និងការទទួលរងការធ្វើបាបនៅក្នុងភូមិ នាងបានសម្រេចចិត្តតាមមនុស្សប្រុសម្នាក់ភ្លាមៗដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ នាងត្រូវបានរំដោះចេញពីផ្ទះបននោះដោយអាជ្ញាធរថៃនៅពេលនាងមានអាយុ១១ឆ្នាំ។ «ខ្ញុំត្រូវគេយកខ្ញុំទៅលក់នៅកន្លែងបនមួយដែលនៅក្រោមដី។ គេឲ្យខ្ញុំទទួលភ្ញៀវ ហើយគេធ្វើបាបខ្ញុំគ្រប់បែបយ៉ាង»។ លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីបកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្សថា ជនល្មើសចំនួន២០២នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររវាងពី៣ឆ្នាំទៅ២០ឆ្នាំអំពីបទជួញដូរមនុស្សនៅក្នុងឆ្នាំ២០១១នេះ ហើយអង្គការអាហ្វេស៊ីប ក៏ប្រមូលបានពាក្យបណ្តឹងចំនួន១៤៤អំពីករណីជួញដូរមនុស្សផងដែរ។ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងនៅក្នុងទិវានេះថា កម្ពុជាត្រូវតែបញ្ចប់សោកនាដកម្មគ្រប់រូបភាពនៃការជួញដូរមនុស្ស និងរាល់ទម្រង់នៃអំពើហិង្សា និងពង្រឹងការអនុវត្តច្បាប់សម្រាប់ការផ្តន្ទាទោសដល់ជនប្រព្រឹត្តបទល្មើស ដើម្បីជួយដល់ជនរងគ្រោះ។ «ការខ្វះសីលធម៌ សុជីវធម៌ គុណធម៌រវាងមនុស្សនៅក្នុងគ្រួសារ និងក្នុងសង្គម និងការយល់ច្រឡំលើតម្លៃពិតនៃវប្បធម៌នានាជាកត្តារួមចំណែកបណ្តាលឲ្យមានកើតឡើងអំពើហិង្សាផ្សេងៗ ដូចជា អំពើរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើមដែលទាំងនេះមិនត្រឹមតែជាឧបសគ្គដល់ការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល»។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីកិច្ចការនារី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីការបញ្ចប់ទិវាជាតិប្រឆាំងការជួញដូរមនុស្សនេះថា ក្រសួងរបស់លោកស្រីមិនអាចទទួលយកបាននូវអំពើជួញដូរស្ត្រី និងកុមារនេះទេ ហើយប្រឹងប្រែងលុបបំបាត់អំពើនេះ។ លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ភាពងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សា គឺមានមូលហេតុមកពីវិសមភាពយេនឌ័រ ការចម្លងវប្បធម៌មិនល្អពីខាងក្រៅ ភាពក្រីក្រ ការកេងប្រវ័ញ្ចមនុស្សដូចគ្នា ការគ្មានការទទួលខុសត្រូវ កង្វះជម្រើសការងារនៅមូលដ្ឋាន កម្រិតយល់ដឹងអំពីច្បាប់នៅទាប ឬកង្វះការយល់ដឹងអំពីការជួញដូរ និងទេសន្តប្រវេសន៍ដោយសុវត្ថិភាព៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១២ ធ្នូ យប់ Posted: 12 Dec 2011 08:47 AM PST រុស្សី៖ កាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីរុស្សី ឌីមីតទ្រី មេដវេដេវ (Dmitri Medvedev) បានបញ្ជាឱ្យមានការស៊ើបអង្កេតអំពីការចោទប្រកាន់ស្តីពីការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីសប្តាហ៍មុន។ សេចក្តីប្រកាសនេះបានធ្វើទ្បើងមួយថ្ងៃក្រោយពីមានមនុស្សរាប់ម៉ឺននាក់បានធ្វើ ការប្រជុំមហាជនក្នុងក្រុងម៉ូស្គូ (Moscow) និងក្រុងឯទៀតៗដើម្បីទាមទារឱ្យចាត់ទុកការបោះឆ្នោតកាលពីថ្ងៃទី៤ខែធ្នូដែលឈ្នះ ដោយគណបក្សបង្រួបបង្រួម រុស្សីរបស់លោកនាយករដ្ឋមន្ត្រី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ជាមោឃៈ ហើយសុំឱ្យមានការបោះឆ្នោតសារ ជាថ្មី។ អាមេរិក៖ លោកប្រធានាធិបតីស.រ.អ. លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងធ្វើកិច្ចចរចានៅថ្ងៃច័ន្ទនេះនៅឯសេតវិមានជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នូរី អាល មាលីគី (Nouri al-Maliki) ដោយមេដឹកនាំទាំងពីរនាក់នេះនឹងពិភាក្សាគ្នាអំពីអនាគតនៃប្រទេសអ៊ីរ៉ាក់នៅពេលដែលកងកម្លាំងស.រ.អ. បញ្ចប់ការដកទ័ព ទាំងស្រុងរបស់ពួកគេចេញពីប្រទេសនេះនា ចុង ខែ នេះ។ ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានប៉ះទង្គិចជាមួយពួកទាហានរត់ចោលជួរ ក្នុង តំបន់ មួយ ចំនួន ក្នុង ប្រទេស នេះ ស្របពេលដែលប្រជាពលរដ្ឋស៊ីរីបានបោះឆ្នោត ជ្រើសរើស អភិបាលក្រុងដែលជាការ សាកល្បង ទីមួយនៃការកែទម្រង់នានា ដែលរដ្ឋាភិបាលបានសន្យា។ ប៉ាណាម៉ា៖ លោក មានូអែល នរីហ្គា (Manuel Noriega) អតីតមេដឹកនា ផ្តាច់ការនៃប្រទេសប៉ាណាម៉ាបានវិលត្រទ្បប់ទៅកាន់ប្រទេសលោកវិញហើយក្រោយពីបានជាប់ ពន្ធនាគារជាង២០ឆ្នាំនៅ ក្នុងស.រ.អ. និង ប្រទេសបារាំង រួចមក។ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១២ ធ្នូ ព្រឹក Posted: 11 Dec 2011 07:25 PM PST រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី ដឺមីទ្រី មេតវីដេវ បានឆ្លើយតបនឹងបាតុកររាប់ម៉ឺននាក់ដែលដើរធ្វើបាតុកម្មតាមផ្លូវក្នុងក្រុងមូស្គូ និងក្រុងឯទៀតៗនៃប្រទេសរុស្ស៊ីថា លោកបានបញ្ជារដ្ឋាភិបាលលោកឱ្យស៊ើបអង្កេតអំពីការចោទប្រកាន់ការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភាកាលពីសប្តាហ៍មុន។ លោកបានបន្តថា ក្រុមបាតុករមានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ តែលោកនឹងមិនយល់ស្របឱ្យមានការបោះឆ្នោតកាលពីថ្ងៃទី៤ធ្នូជាថ្មីទ្បើងវិញឡើយ។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី ហាមីដ កាសៃ (Hamid Karzai) បាននិយាយថា មនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់ ដែលជាចំនួនច្រើនជាងតួលេខដែលបានរាយការណ៍ពីពេលមុនថាមានមនុស្សតែ៥៩នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារខាងនិកាយសាសនាកាលពីថ្ងៃអង្គារទៅលើពួកអ្នកកាន់់សាសនាអ៊ីស្លាមនិកាយស្ហៀ។ ស៊ីរី៖ មានការប៉ះទង្គិចមួយកើតឡើងរវាងកងទ័ពរត់ចោលជួរ និងកងទ័ពស្មោះត្រង់របស់រដ្ឋាភិបាលដែលមានការគាំទ្រពីកងរថក្រោះនៅក្នុងការប្រឈមមុខខាងយោធាធំមួយកាលពីថ្ងៃអាទិត្យនៅជិតព្រំដែនហ្ស៊កដានី ដែលធ្វើឲ្យមនុស្សយ៉ាងតិចណាស់៨នាក់បានស្លាប់នៅក្នុងអំពើហិង្សានោះ។ ក្យូតុ៖ កិច្ចព្រមព្រៀងទៅលើការពន្យាសុពុលភាពរបស់ពិធីសារក្យូតុមួយត្រូវបានសម្រេចកាលពីថ្ងៃអាទិត្យ។ ប្រទេសឧស្សាហកម្មត្រូវគោរពតាមឯកសារពិធីសារក្រុង ក្យូតុ កាលពីឆ្នាំ១៩៩៧យ៉ាងតិចណាស់៥ឆ្នាំទៀត ក្រោយពីវាផុតកំណត់ក្នុងឆ្នាំ២០១២។ តែរុស្ស៊ី ជប៉ុននិងកាណាដាបាននិយាយថាពួកគេនឹងមិនចូលរួមក្នុងការបន្តរយៈពេលនៃឯកសារពីធីការក្រុង ក្យូតុនេះទេ។ កុងហ្គោ៖ ក្រុមសង្កេតការនៃការបោះឆ្នោតអន្តរជាតិដែលមានទីតាំងនៅសហរដ្ឋអាមេរិចបាននិយាយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសកុងហ្គោគឺ មាន «ការចាត់ចែងមិនត្រឹមត្រូវ» និងមិនអាចជឿទុកចិត្តបាន។ យោងតាមរបាយការណ៍ផ្តល់ដោយមជ្ឈមណ្ឌល ខាត់ធឺ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លទ្ធផលពីស្ថានីយ៍បោះឆ្នោតជិត២ពាន់កន្លែងក្នុងរដ្ឋធានី ឃីនផ្សាសារ (Kinshasa) បានបាត់។ ប៉ាគីស្ថាន៖ និយាយថាពួកយោធាសហរដ្ឋអាមេរិចបានចាកចេញពីមូលដ្ឋានកងទ័ពអាកាសមួយនាប៉ែកនិរតីប្រទេស ដោយធ្វើតាមការកំណត់ពេលចុងក្រោយបង្អស់ថ្ងៃទី១១ធ្នូ ដោយរដ្ឋាភិបាលប៉ាគីស្ថាន។ ការកំណត់ឲ្យចាកចេញនេះធ្វើឡើងនៅក្រាយពីមានការវាយប្រហារតាមអាកាសមួយដោយអង្គការអូតង់ដែលបាននាំឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់កាលពីថ្ងៃទី២៦ខែវិច្ឆិកា។ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រជាជនឈ្នះដ៏លើសលប់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ Posted: 12 Dec 2011 09:55 AM PST គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃអាទិត្យនេះ បានប្រកាសលទ្ធផលជាបឋមថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយកជ័យជម្នះដ៏ច្រើនលើសលប់លើគណបក្សប្រឆាំងលោកសម រង្សី សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ។ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយដែលទើបនឹងបង្កើតថ្មីដែលមាន១៣សង្កាត់ នឹងមានសមាជិកចំនួន៨៩នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ដែលមាន១៩អាសនៈ។ គណបក្សដែលចូលរួមការប្រកួតប្រជែងគឺមានតែពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជន និងគណបក្សសម រង្សី។ លោក ឃ្លូត ប៊ុតឌី សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៧សំឡេង គណបក្សសម រង្សី ទទួលបាន២២សំឡេងលើចំនួនអ្នកបោះឆ្នោត៨៩ទល់នឹង៨៩ ដែលមានវត្តមាននៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ហើយនៅក្នុងនោះមានសន្លឹកឆ្នោតដែលមិនបានការ និងសន្លឹកឆ្នោតដែលខូចមានចំនួនតែមួយសន្លឹកប៉ុណ្ណោះ។ «ជាលទ្ធផលព្រាងជាបណ្តោះអាសន្នទេ គឺគណបក្សប្រជាជន លោកបានសំឡេង ៦៧សំឡេង។ គណបក្សសម រង្សី បានសំឡេង២២សំឡេង។ ទាំងអស់ហ្នឹងមាន៨៩សំឡេង ហើយអ្នកបោះឆ្នោតនោះមាន៨៩នាក់»។ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅក្នុងសន្និសីទព័ត៌មានថា គ.ជ.ប បានទុករយៈពលចំនួនបីថ្ងៃដើម្បីឲ្យគណបក្សនយោបាយ ប្តឹងជំទាស់តវ៉ាទៅនឹងលទ្ធផលនេះ ហើយប្រសិនណាបើមិនមានពាក្យបណ្តឹងតវ៉ាទេ យើងនឹងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី១៨ខែឆ្នូខាងមុខនេះ។ «ការរៀបចំលទ្ធផល ការបូកសរុបលទ្ធផល ការសរុបចំនួនអាសនៈហ្នឹង និងការកំណត់បេក្ខជនជាប់ឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានេះគឺគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោត។ គាត់ជាអ្នករៀបចំមិនមែននៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចមុនៗ នោះទេ»។ លោក ព្រំ គុន អាយុ៦៩ឆ្នាំ សមាជិកក្រុងខាងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលបណ្តោះអាសន្ននេះ លោកអាចទទួលយកបាន។ «ខ្ញុំយល់ថានេះជាសារជាតិរបស់គណបក្សប្រជាជន ដែលជាអ្នកធ្វើតែងតែទទួលលទ្ធផលអីញ្ចឹង។ ខ្ញុំពេញចិត្តនឹងលទ្ធផលនេះ ព្រោះថាយើងអ្នកធ្វើ យើងបានចេះតែកើនអីញ្ចឹង បានសេចក្តីថា រឿងហ្នឹងប្រជាជនគេវាយតម្លៃត្រូវ»។ លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្សី បានសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនេះទេ។ លោកបានមានប្រសាសន៍ថា មានសមាជិកគណបក្សសម រង្សី មួយចំនួនបានទទួលរងនូវការបំភិតបំភ័យ និងការទិញសន្លឹកឆ្នោត។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ទៀតថា គណបក្សសម រង្សី មិនមានគម្រោងណាមួយ ដើម្បីប្តឹងជំទាស់ចំពោះលទ្ធផលនេះទេ ដោយសារតែលោកគ្មានជំនឿថា នឹងទទួលបានយុត្តិធម៌លើពាក្យបណ្តឹងគណបក្សសម រង្សី។ «ការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងនូវឆន្ទៈប្រជាពលរដ្ឋពិតប្រាកដទេ។ ទោះជាយ៉ាងណាក៏ដោយ យើងកត់សម្គាល់ឃើញថា បរិយាកាសបោះឆ្នោតនេះមិនអំណោយផលទេគឺនូវតែមានការទិញសន្លឹកឆ្នោត ការគំរាមគំហែង បំភិតបំភ័យសកម្មជនគណបក្សសម រង្សី»។ លោកស្រី នូ សំបូរ នាយិកាប្រតិបត្តិរបស់សមាគមព្រហ្មវិហារធម៌នៃមាតា ដែលបានតាមឃ្លាំមើលការបោះឆ្នោតនេះបានបញ្ជាក់ថា លោកស្រីពុំបានរកឃើញថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនេះទេ។ «វារលូនហើយប៉ុន្តែវាមានការដូចពីគណបក្សសម រង្សី គាត់តវ៉ាដែរ។ គាត់តវ៉ា។ គាត់រករឿងដែរ ប៉ុន្តែដល់ខាងបោះឆ្នោតហ្នឹងវារលូន វាឥតមានជំទាស់អី ឥតមានទើសអីទេ ក៏រូចទៅ»។ ការបែងចែកអាសនៈក្រៅផ្លូវការបានបង្ហាញឲ្យឃើញថា ក្នុងចំណោម១៩អាសនៈ នៃក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន១៥អាសនៈ ចំណែកឯគណបក្សសម រង្សី ទទួលបាន៤អាសនៈ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |