VOA News: ព័ត៌មាន: “នួន ជា៖ ខ្មែរក្រហមមិនបំផ្លាញព្រះពុទ្ធសាសនាទេ” plus 4 more |
- នួន ជា៖ ខ្មែរក្រហមមិនបំផ្លាញព្រះពុទ្ធសាសនាទេ
- រដ្ឋសភាកម្ពុជាព្យួរអភ័យឯកសិទ្ធិសមាជិកសភាគណបក្សប្រឆាំង
- ព័ត៌មានអន្តរជាតិវីអូអេ ១៥ ធ្នូ យប់
- ហេឡូវីអូអេ៖ ការធ្វើតេស្ត Pap smear តាមដានរកមហារីកកស្បូន និងការចាក់វ៉ាក់សាំងការពារមេរោគ HPV
- ព័ត៌មានអន្តរជាតិវីអូអេ ១៥ ធ្នូ ព្រឹក
នួន ជា៖ ខ្មែរក្រហមមិនបំផ្លាញព្រះពុទ្ធសាសនាទេ Posted: 15 Dec 2011 09:47 AM PST នៅថ្ងៃព្រហស្បតិ៍នេះ អតីតប្រធានសភាខ្មែរក្រហម នួន ជា បានបដិសេធការដែលថារបបខ្មែរក្រហមបានបំផ្លាញព្រះពុទ្ធសាសនា ហើយព្រមានទៅលើសហព្រះរាជអាជ្ញារងអាមេរិកាំង លោក ដេល លីសាក (Dale Lysak) ដែលបានប្រើសំណួរមុតស្រួចទៅលើខ្លួនថា កុំឲ្យធ្វើការវាយប្រហារលើរបបកម្ពុជាប្រជាធិបតេយ្យ។ «អ្នកខ្លះដែលចោទថា កម្ពុជាប្រជាធិបតេយ្យបំផ្លាញព្រះពុទ្ធសាសនា បំផ្លាញអីនេះ។ នេះគាត់និយាយខុសទេ។ នេះគាត់មិនយល់ខ្លឹមសារ បេះដូងរបស់ព្រះពុទ្ធសាសនាទេ។ ព្រះកាលពីសម័យព្រះមានកុដិមានអីឯណា។ ព្រះលោកប្រសូត្រក្នុងព្រៃ ហើយគាត់ត្រាស់ដឹងនៅក្នុងព្រៃទេ។ ដូច្នេះកុំយកបញ្ហាហ្នឹងមកវាយកម្ពុជាប្រជាធិបតេយ្យនោះ។ វាមិនត្រូវទេ។ បក្សគ្មានវិធានការណាទៅបំបិទសាសនាទេ»។ អតីតប្រធានសភាខ្មែរក្រហមដែលត្រូវគេចាត់ទុកជាមេមនោគមវិជ្ជានៃរបបខ្មែរក្រហមត្រូវបានសហព្រះរាជអាជ្ញាអន្ដរជាតិសួរជាន់កែងនៅពេលដែលគាត់បានសម្ដែងការគោរពដល់ព្រះសង្ឃព្រះពុទ្ធសាសនានៅក្នុងបន្ទប់សវនាការមុននឹងឆ្លើយសំណួររបស់សហព្រះរាជអាជ្ញា។ ជនជាប់ចោទអាយុ៨៥ឆ្នាំរូបនេះបានហៅសំណួររបស់សហព្រះរាជអាជ្ញាអន្តរជាតិថា ជាការមិនយល់ដល់លទ្ធិព្រះពុទ្ធសាសនា។ នួន ជា បាននិយាយការពារការវាយកម្ទេចវត្តអារាមនៅក្នុងសម័យខ្មែរក្រហមភ្ជាប់ជាមួយសំណួររបស់សហព្រះរាជអាជ្ញាតាមរយៈអ្នកបកប្រែភាសាថា សម័យព្រះពុទ្ធអង្គមិនចាំបាច់មានព្រះវិហារនោះទេ។ «យើងខ្ញុំមិនចង់យក ព្រះពុទ្ធសាសនាមកលាយលំ និងនយោបាយទេ ហើយពេលនោះក៏គ្មានព្រះសង្ឃចួលរួមដែរ។ ការយល់ព្រះពុទ្ធសាសនា ត្រូវយល់ឲ្យត្រូវ។ បេះដូងរបស់ព្រះពុទ្ធសាសនាគឺសីល សមាធិបញ្ញា។ នេះដែលអនុវត្តក្នុងជីវភាពប្រចាំថ្ងៃមិនមែនវត្តអារាមជាសំខាន់ទេ។ វត្តអារាមគ្រាន់តែជាបូជនីយដ្ឋាន។ ក្រៅពីនេះមេត្តា ករុណា មុទិតា ឧបេក្ខា ហិរិក ឧត្តប្ប ខ្លាចបាប ខ្មាសបាប ស្អប់បាប មិនប្រព្រឹត្តិអំពើបាប។ នេះហើយជាខ្លឹមសារព្រះពុទ្ធសាសនា»។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិចចំនួន១,៧លាននាក់នៅចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ជនជាប់ចោទដែលជាមេដឹកនាំកំពូលដែលនៅរស់រានមានជីវិតមាន នួន ជា ខៀវ សំផន និងអៀង សារី ព្រមទាំងអៀង ធីរិទ្ធ ត្រូវបាននាំខ្លួនយកមកកាត់ទោសក្រោមការចោទប្រកាន់ពីការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ ក៏ប៉ុន្តែអៀង ធីរិទ្ធ ត្រូវតុលាការរកឃើញថា ពុំមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសនោះទេ។ ព្រះវិហារព្រះពុទ្ធសាសនារាប់ពាន់ត្រូវបានវាយកម្ទេចចោល ហើយព្រះសង្ឃនឹងត្រូវធ្វើគុតប្រសិនបើមិនព្រមចាកសិក្ខាបទនោះទេ។ មានព្រះសង្ឃព្រះពុទ្ធសាសនាចម្លោះពី ៦៥.០០០ ទៅ ៨០.០០០អង្គនៅមុនពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច។ ព្រះតេជគុណ ឡៃ សុជា ព្រះសង្ឃគង់នៅវត្តនាគវ័ន្តនៅភ្នំពេញ ដែលបានចូលរួមតាមដានសវនាការនៅក្នុងបន្ទប់ជំនុំជម្រះនៅថ្ងៃនេះ មានសង្ឃដីកាថា ការនិយាយរបស់លោកនួន ជា គឺគ្រាន់តែជាការបិទបាំងកំហុសអតីតកាលតែប៉ុណ្ណោះ។ «ពាក្យសម្តីរបស់គាត់ គ្រាន់តែជាការដោះសារទេ ព្រោះសម័យដែលគាត់គ្រប់គ្រងអំណាចហ្នឹងគាត់បានរំលាយព្រះពុទ្ធសាសនា រហូតដល់មានការផ្សឹកព្រះសង្ឃ រំលាយព្រះពុទ្ធរូបអី។ គាត់និយាយផ្ទុយស្រឡះពីគាត់ធ្វើ»។ នួន ជា ត្រូវតុលាការចោទសួរចាប់តាំងពីព្រឹកមកម្លេះគឺបន្ទាប់ពីការចោទសួរសាក្សី លោក ឡុង នរិន្ទ ដែលជាអតីតកម្មាភិបាលខ្មែរក្រហមនៅក្នុងក្រសួងការបរទេស។ នួន ជា នៅពេលជិតបិទបញ្ចប់សវនាការនៅថ្ងៃនេះ ហាក់ដូចជាបង្ហាញភាពក្រេវក្រោធចំពោះសហព្រះរាជអាជ្ញាបរទេសដែលបានចោទសួររូបគាត់ផ្ទួនៗអំពីវិស័យព្រះពុទ្ធសាសនាក្នុងសម័យខ្មែរក្រហម។ គាត់បានប្រកាសថា គាត់ជឿលើកម្មពៀរក្នុងជាតិនេះប៉ុន្ដែគាត់មិនបកស្រាយបន្ថែមនោះទេ។ អង្គជំនុំជម្រះសាលាដំបូងបានផ្អាកការកាត់ទោសនៅល្ងាចនេះដំណាលគ្នានឹងការច្រានចោលឯកសារដែលបង្ហាញដោយសហព្រះរាជអាជ្ញារងលោក ដេល លីសាក ពីសំណាក់ជនជាប់ចោទ នួន ជា ហើយអង្គជំនុះជម្រះសាលាដំបូងគ្រោងនឹងចាប់ផ្តើមសវនាការឡើងវិញនៅថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋសភាកម្ពុជាព្យួរអភ័យឯកសិទ្ធិសមាជិកសភាគណបក្សប្រឆាំង Posted: 15 Dec 2011 07:41 AM PST នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង តំណាងរាស្ត្រគណបក្សប្រឆាំងដើម្បីបើកផ្លូវឲ្យតុលាការធ្វើការចោទប្រកាន់។ តាមសំណើរបស់តុលាការខេត្តកណ្តាល ក្រសួងយុត្តិធម៌បានស្នើសុំរដ្ឋសភាឲ្យព្យួរអភ័យឯកសិទ្ធិរបស់លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៊ីប្រចាំមណ្ឌលខេត្តកណ្តាលពីការពាក់ព័ន្ធនឹងការផ្តល់មធ្យោបាយឲ្យជនជាប់ឃុំឈ្មោះ មាស ប៉េង លួចរត់កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១។ លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ បានធ្វើឡើងស្របតាមច្បាប់។ «គណៈកម្មាធិការអចិន្ត្រៃយ៍បានឯកភាពចាំបាច់ត្រូវតែលើកអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង ដើម្បីអាចឲ្យតុលាការសាកសួរព័ត៌មាន ឬបំភ្លឺអំពីសំណួររបស់ព្រះរាជអាជ្ញា ឬរបស់ចៅក្រមស៊ើបអង្កេតទៅតាមអ្វីដែលមានចែងនៅក្នុងប្រធានបទនៃពាក្យបណ្តឹង»។ លោក ជាម យៀប បានបញ្ជាក់ថា សេចក្តីសម្រេចលើអភ័យឯកសិទ្ធិរបស់លោកចាន់ ចេងនេះនឹងត្រូវដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាអនុម័តនៅសប្តាហ៍ក្រោយ។ គណបក្សប្រជាជនដែលគ្រប់គ្រងអំណាចមានសមាជិកសភាចំនួន៩០រូប ខណៈដែលគណបក្សសម រង្ស៊ី មាន២៦រូប គណបក្សសិទ្ធិមនុស្សមាន៣រូប គណបក្សហ៊្វុនស៊ិនប៉ិចមាន២រូប និងគណបក្សនរោត្តម រណឫទ្ធីមាន២រូប។ លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកណ្តាល បានថ្លែងថា ការសម្រេចព្យួរអភ័យឯកសិទ្ធិសភារបស់លោកនេះគឺជារឿងអយុត្តិធម៌សម្រាប់រូបលោក ហើយវាជារឿងសោកស្តាយខ្លាំងណាស់ពីព្រោះរឿងនេះគឺជារឿងមេធាវី កូនក្តីរបស់មេធាវី និងចៅក្រមប៉ុណ្ណោះ។ «ខ្ញុំគ្មានពាក់ព័ន្ធនឹងអ្វីដូចការចោទប្រកាន់ហ្នឹងទេ ហើយខ្ញុំមានការសោកស្តាយ បើរឿងហ្នឹងមានការចោទប្រកាន់ខ្ញុំបែបនេះ។ ចំពោះបញ្ហាលើកអភ័យឯកសិទ្ធិនេះ វាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ពីព្រោះខ្ញុំអត់បានធ្វើអ្វីខុសឆ្គងអំពីបញ្ហាផ្លូវច្បាប់ទេ»។ លោក អ៊ូ វីរៈ ប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាវាជារឿងមិនសមនឹងកើតឡើងទេ។ «មានអភ័យឯសិទ្ធិមិនសូវជាការពារប៉ុន្មានទេ សម្រាប់តំណាងរាស្ត្រគណបក្សប្រឆាំង។ វាជាការព្រួយបារម្ភ។ នេះគ្រាន់តែជាភស្តុតាងមួយបន្ថែមទៀតថាការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលគាបសង្កត់ទៅលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគឺនៅតែមានបន្តអញ្ចឹង»។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងបានបញ្ជាក់ថា ក្រុមតំណាងរាស្ត្រគណបក្សសម រង្សី បានថ្កោលទោសចំពោះការព្យួរអភ័យឯកសិទ្ធិ និងការចោទប្រកាន់លោកចាន់ ចេងនេះ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានព្យួរអភ័យឯកសិទ្ធិសភារបស់លោក ដោយសារលោកត្រូវបានចោទប្រកាន់ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឆ្នាំ២០០៦។ តំណាងរាស្ត្រគណបក្សសម រង្សី លោកស្រី មួរ សុខហួរ និង លោក ហូ វ៉ាន់ ក៏ត្រូវបានព្យួរអភ័យឯកសិទ្ធិពីបទពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការប្រមាថសញ្ញាបត្រថ្នាក់បណ្ឌិតរបស់ក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានៅក្នុងឆ្នាំ២០០៩៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៥ ធ្នូ យប់ Posted: 15 Dec 2011 12:59 PM PST អ៊ីរ៉ាក់៖ លោក លេអន ប៉ានេតា (Leon Panetta) រដ្ឋមន្ដ្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា សុបិនចង់បានប្រទេសអ៊ីរ៉ាក់មួយដែលឯករាជ្យ មានបូរណ:ភាពឥឡូវនេះក្លាយជាការណ៍ពិតហើយ នៅពេលដែលស.រ.អ.កំណត់ការបញ្ចប់បេសកកម្មយោធារបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់។ លោក ប៉ានេតា និយាយដូច្នេះនៅថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីមួយនៅទីក្រុងបាដាត ហើយហៅការព្រឹត្តិការណ៍នេះថាជា«ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ»សម្រាប់ជនជាតិអ៊ីរ៉ាក់និងស.រ.អ.។ សេចក្ដីថ្លែងនេះធ្វើឡើងប៉ុន្មានអាទិត្យមុនថ្ងៃកំណត់ដកកងទ័ពនៅថ្ងៃទី៣១ខែធ្នូ។ ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា យុទ្ធជនស៊ីរី ដែលរត់ចោលជួរបានសម្លាប់យុទ្ធជនយ៉ាងតិច២៧នាក់ព្រមទាំងកងកម្លាំងសន្ដិសុខផងដែរ ពេលដែលមានសេចក្ដីរាយការណ៍ដែលចោទមន្ដ្រីយោធាថាបានអនុញ្ញាតឲ្យបញ្ឈប់ក្រុមអ្នកតវ៉ាដោយប្រើវិធីអ្វីក៏បានដែរឲ្យតែមានប្រសិទ្ធិភាពជាចាំបាច់។ អង្គការ Observatory for Human Rightsស៊ីរី មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ឲ្យដឹងថា ការស្លាប់នេះ កើតមានឡើងពេលមានការពើបប្រយុទ្ធគ្នាជាច្រើននៅព្រឹកថ្ងៃព្រហស្បតិ៍នៅខេត្ដដារ៉ា។ រុស្ស៊ី៖ លោក វឡាឌីមារ ពូទិន(Vladamir Putin) នាយករដ្ឋមន្ដ្រីនៃប្រទេសរុស្ស៊ី បានការពារលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា ហើយបានច្រានចោលការអះអាងថា ការបោះឆ្នោតនោះមានការបន្លំ។ ថ្លែងពេលមាននាទីឲ្យអ្នកមើលទូរទស្សន៍ហៅពិភាក្សាគ្នាលោកពូទីននិយាយថា ការបោះឆ្នោតនៅថ្ងៃទីបួនបង្ហាញឲ្យឃើញទស្សន:របស់ពលរដ្ឋទោះបីគណបក្សប្រឆាំងអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មីម្ដងទៀតក៏ដោយ។ អេហ្ស៊ីប៖ ការបោះឆ្នោតលើកទីពីរដើម្បីជ្រើសរើសសមាជិកសភានៅប្រទេសអេហ្ស៊ីប កំពុងតែបន្ដធ្វើនៅថ្ងៃព្រហស្បតិ៍ ពេលដែលគណបក្សអ៊ីស្លាមចង់រក្សាទុកសន្លឹកឆ្នោតយ៉ាងច្រើនលើសលប់ដែលខ្លួនបានទទួលរួចមកហើយជាបន្ដទភទៀត។ ជនជាតិអេហ្ស៊ីបចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើននៅថ្ងៃពុធជាថ្ងៃទីមួយពេលបោះឆ្នោតពីរថ្ងៃដើម្បីបំពេញកៅអី៤៩៨ នៅក្នុងរដ្ឋសភា។ ចិន៖ ប្រទេសចិនឲ្យដឹងថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសភូមាបានជួបជាមួយលោកស្រីអោងសានស៊ូជី មេដឹកនាំគណបក្សជំទាស់នៃប្រទេសភូមា។ បុរសអ្នកនាំពាក្យនៃក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍ថា ជំនួបគ្នានេះធ្វើឡើងដើម្បីជាការឆ្លើយតបនឹងសេចក្ដីស្នើរបស់លោកស្រីអោងសានស៊ូជីដែលជាមេដឹកនាំសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ។ គេមិនដឹងច្បាស់ថាតើជំនួបនេះនឹងធ្វើឡើងនៅពេលណាទេ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
Posted: 15 Dec 2011 07:55 AM PST លោកវេជ្ជបណ្ឌិត តាំង តេកហុងជំរាបអស់លោកអ្នកស្តាប់ក្នុងកម្មវិធី"ហេឡូវីអូអេ" អំពីការធ្វើតេស្ត Pap smear ដែលជាការពិសោធន៍តាមដានរកមហារីកកស្បូនពីដំបូងៗ ឬដែលទើបនឹងកើតភ្លាមៗ និងអំពីថ្នាំវ៉ាក់សាំងការពារមេរោគ HPV។ ធម្មតាស្ត្រីខ្មែរមានការខ្មាសអៀន និងរារែកក្នុងការទៅជួបពិភាក្សាជាមួយគ្រូពេទ្យអំពីបញ្ហានានាដែលទាក់ទងនឹងជំងឺស្បូន ដែលស្ត្រីចាំបាច់ត្រូវតែដឹងនិងថែទាំសុខភាពរបស់ខ្លួនដោយខ្លួនឯងផ្ទាល់។ ជំងឺមហារីកកស្បូននេះក៏អាច កើតមានច្រើននៅក្នុងចំណោមស្ត្រីខ្មែរ ហើយជំងឺនេះជាជំងឺអាចការពារបាន។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ១៥ ធ្នូ ព្រឹក Posted: 14 Dec 2011 09:38 PM PST ចិន៖ និយាយថាខ្លួននឹងដាក់កំណត់ពន្ធថ្មីលើរថយន្តនាំចូលមួយចំនួនដែលផលិតនៅសហរដ្ឋអាមេរិក ក្នុងវិធានការចុងក្រោយបំផុតដើម្បីសាកល្បងទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងមានភាពតឹងតែងរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិក៖ ទស្សនៈជាអវិជ្ជមានចំពោះលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានឡើងដល់កម្រិតខ្ពស់បំផុត បើយោងតាមការស្ទង់មតិថ្មីបំផុតមួយ។ ការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មាន ABC និងវ៉ាស៊ីនតោនប៉ុស្តិ៍ បានបង្ហាញនូវអត្រា «មិនចូលចិត្ត» លោកប្រធានាធិបតី មានចំនួន ៤៩% និង ៤៨% ចូលចិត្តលោក។ អឺរ៉ុប៖ អធិការបតីអាល្លឺម៉ង់ អេនជេឡា ម៉ាកែល ថាមិនមានដំណោះស្រាយណាមួយដែលងាយស្រួលឬឆាប់រហ័សទេសម្រាប់វិបត្តិសេដ្ឋកិច្ចទ្វីបអឺរ៉ុប តែកិច្ចព្រមព្រៀងរបស់ប្រទេសដែលចាយប្រាក់យូរ៉ូកាលពីសប្តាហ៍មុន ដែលទាមទារឲ្យមានការគ្រប់គ្រងសារពើពន្ធតឹងរ៉ឹងជាងមុន ជាជំហានល្អមួយ។ អ៊ីរ៉ាក់៖ ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានសំដែងគារវកិច្ចចំពោះកងទ័ពដែលបានបំពេញបេសកកម្មនៅអ៊ីរ៉ាក់ ខណៈដែលវត្តមានយោធានៅទីនោះកំពុងថយចំនួនកាន់តែតិចទៅៗ។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សថា អំពើហិង្សានៅទូទាំងស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់ កាលពីថ្ងៃពុធដោយរាប់ទាំងកងទ័ពស៊ីរី៨នាក់ផង ដែលបានស្លាប់នៅក្នុងការវាយប្រហារសងសឹកវិញដោយជនដែលគេសង្ស័យថាជាទាហានចោលជួរ។ អាហ្វហ្គានីស្ថាន៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក ឡេអុងប៉ាណាតា ថាកងកម្លាំងចម្រុះដែលមានសរអាជាអ្នកដឹកនាំកំពុងមានជ័យជំនះនៅអាហ្វហ្គានីស្ថាន ខណៈដែលកងទ័ពបរទេសបន្តផ្ទេរភារកិច្ចការពារសន្តិសុខក្នុងប្រទេសនេះទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថានវិញ នៅមុនពេលកំណត់សម្រាប់ឆ្នាំ២០១៤។ អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបបាននាំគ្នាទៅធ្វើការបោះឆ្នោតយ៉ាងកកកុញនៅក្នុងខេត្តចំនួនមួយភាគបីនៃទូទាំងប្រទេស។ កាលពីថ្ងៃពុធ នៅក្នុងការបោះឆ្នោតជុំទីពីរនៃការជ្រើសរើសសមាជិករដ្ឋសភា គណបក្សអ៊ីស្លាមសង្ឃឹមថានឹងអាចពង្រីកចំនួនសន្លឹកឆ្នោតដែលខ្លួនបានទទួលថែមទៀត។ រុស្ស៊ី៖ សម្ព័ន្ធមិត្តដ៏សំខាន់ម្នាក់របស់លោកនាយករដ្ឋមន្រ្តីវ្ល៉ាដឺមៀរ ពូទីន បានលាឈប់ពីតំណែងជាមេដឹកនាំនៃរដ្ឋសភា។ បូរីស ហ្គ្រីសឡូវ បានប្រកាសសុំលាលែងពីតំណែងរបស់លោក នៅថ្ងៃពុធនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមានចុះផ្សាយនៅក្នុងគេហទំព័ររបស់គណបក្សគ្រប់គ្រងអំណាចឈ្មោះថាគណបក្សបង្រួបបង្រួមរុស្ស៊ី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |