VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ៖ សារៈ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​តាម​ដាន​ការ​ជំនុំជម្រះ​ក្តី​លើ​មេដឹកនាំ​ខ្មែរ​ក្រហម” plus 5 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ៖ សារៈ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​តាម​ដាន​ការ​ជំនុំជម្រះ​ក្តី​លើ​មេដឹកនាំ​ខ្មែរ​ក្រហម” plus 5 more


ហេឡូ​វីអូអេ៖ សារៈ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​តាម​ដាន​ការ​ជំនុំជម្រះ​ក្តី​លើ​មេដឹកនាំ​ខ្មែរ​ក្រហម

Posted: 13 Dec 2011 02:23 PM PST

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​ត្រូវ​បាន​ជឿ​ជា​ទូទៅ​ថា​ជា​មនុស្ស​អាក្រក់​ ប៉ុន្តែ​ថ្មីៗ​នេះ​ ពួកគេ​បាន​ព្យាយាម​ប្រាប់​ជ្រុង​ម្ខាង​នៃ​រឿង​របស់​ពួកគេ​ ដោយ​និយាយ​ថា​ ពួក​គេ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ។ ដូច្នេះ តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​សម្រាប់​យុវជន​ក្នុង​ការ​តាម​ដាន​ស្តាប់​ការ​ពន្យល់​បក​ស្រាយ​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ?

វាគ្មិន៖ លោក ឌី ខាំបូលី អ្នក​និពន្ធ សៀវភៅ​ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​លោក ហ៊ុយ វណ្ណៈ មន្ត្រី​កិច្ច​ការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

UNDP​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​កម្មវិធី​ធានា​រ៉ាប់រង​ខ្នាត​តូច

Posted: 13 Dec 2011 12:23 PM PST

នៅ​ថ្ងៃ​អង្គារ​នេះ​ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ ​(UNDP) ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​កម្មវិធី​ធានា​រ៉ាប់រង​ខ្នាត​តូច ​និង​កិច្ចការពារ​សង្គម ​សំដៅ​ជួយ​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ​របស់​ជន​ក្រីក្រ។

លោកស្រី ​Elena Tischenko ​នាយិកា​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ UNDP​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថា ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​រស់នៅ​ក្នុង​បរិយាកាស​គ្រោះថ្នាក់​ និង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ច្រើន។

លោកស្រី ​Tischenko ​បាន​លើក​ឡើង​ថា​ UNDP​ គាំទ្រ​រដ្ឋាភិបាល​យ៉ាង​ពេញ​លេញ​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​កិច្ច​ការពារ​សង្គម​ថ្នាក់​ជាតិ។ ​ចំពោះ​បញ្ហា​នេះ ​វា​ចាំបាច់​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​សក្តានុពល​នៃ​ការ​ធានារ៉ាប់រង​ខ្នាតតូច​ថា​ ជា​អត្ថន័យ​នៃ​ការ​ពង្រីក​កិច្ចការពារ​សង្គម​ដល់​ជនក្រីក្រ ​និង​ជន​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​តាម​លក្ខណៈ​ភស្តុតាង​ជាក់​ស្តែង។

ឯកសារ​សិក្សា​របស់ ​UNDP ​បាន​បង្ហាញ​ថា​ ចាប់តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១១​មក​ ភាព​ជា​ដៃគូ​នេះ​បាន​គ្របដណ្តប់​នូវ​ការ​ធានា​រ៉ាប់រង​ជា​ស្រេច​ចំពោះ​អតិថិជន​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ចំនួន​៧​៥០០​នាក់​លើ​គ្រោះថ្នាក់​ និង​សុខភាព​ផ្ទាល់​ខ្លួន​ដោយ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

លោក​អ៊ូ ​ប៊ុនឡុង ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បដិសេធ​ការ​អត្ថាធិប្បាយ​លើ​ការសិក្សា​របស់ ​UNDP ​នេះ​ទេ​ ដោយ​បញ្ជាក់​ថា៖

«ខ្ញុំ​ចង់​ឲ្យ​តម្រង់​ទៅ​រក​ការ​ធានារ៉ាប់រង​សុខភាព​ និង​ជីវិត ​ពីព្រោះ​ពីរ​នេះ​សំខាន់​ណាស់។ ​រឿង​តម្លៃ​ខ្ញុំ​មិន​អាច​ជំរាប​ជូន​បាន​ទេ ​ពីព្រោះ​វា​ជា​ផ្សារ​សេរី»

លោក​ងី ​ច័ន្ទផល ​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម ​និង​ជនបទ​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្នុង​ពេល​សម្រាក​ពិសារ​កាហ្វេ​ថា​ ការ​សិក្សា​នេះ​គ្រាន់​តែ​ជា​ការសិក្សា​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ទៅ​លើ​ស្ថានភាព​របស់​កម្ពុជា​ប៉ុណ្ណោះ ​ហើយ​រដ្ឋាភិបាល​នឹង​ស្វែងយល់​ពី​លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ ​ហើយ​រដ្ឋាភិបាល​នឹង​បង្កើត​គោលនយោបាយ​មួយ​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ស្តីពី​ការ​ធានា​រ៉ាប់រង​ខ្នាត​តូច ​និង​កិច្ចការពារ​សង្គម​នេះ។

«យើង​គិត​មើល​ប្រាំមួយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ជា​ប្រាក់​វិភាគទាន ​ដើម្បី​ទទួល​សេវា​ផ្សេង​ៗ។​ ប្រាំមួយ​ដុល្លារ​អាមេរិក​ស្មើ​នឹង​ជាង​២០​០០០​រៀល។ ​បើ​គាត់​មាន​ជម្ងឺ​ធ្ងន់ធ្ងរ ​គាត់​អាច​ព្យាបាល​ជម្ងឺ​ច្រើន​ជាង​ហ្នឹង។​ គាត់​ចំណេញ»

លោក​ងី ​ច័ន្ទផល​បាន​បន្ថែម​ថា​ ការ​ធានារ៉ាប់រង​ខ្នាត​តូច​នេះ​សំដៅ​ធានា​ជីវិត​ សុខភាព​ មុខរបរ​ និង​ធនធាន​សម្រាប់​បង្ក​អាជីវកម្ម។

យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​គាំពារ​សង្គម​ចំពោះ​ជន​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​កាល​ពី​សប្តាហ៍​មុន ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ឯកភាព​កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១១។​ សន្ទស្សន៍​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៤៧​ភាគរយ​នៅ​ឆ្នាំ​១៩៩៣​មក​នៅ​ត្រឹម​២៦​ភាគរយ​ក្នុង​ឆ្នាំ​២០១០។

លោក​ងី ​ច័ន្ទផល​បាន​ថ្លែង​ថា ​គ្រួសារ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ធ្ងន់ធ្ងរ​ និង​កំពុង​ប្រឈម​នឹង​វិបត្តិ​របស់​គ្រួសារ​នីមួយៗ​ជាក់​លាក់ ​និង​វិបត្តិ​ម៉ាក្រូ​សេដ្ឋកិច្ច។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រកបរបរ​កសិកម្ម​ចិញ្ចឹម​ជីវិត​ដែល​ពឹងផ្អែក​លើ​កត្តា​អាកាសធាតុ។​ ការ​ខូចខាត​ដំណាំ​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​ស្បៀង​ ហើយ​​ជា​កង្វល់​ចម្បង។ ​ជម្ងឺ​ និង​ចំណាយ​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​ គឺ​ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​គ្រួសារ​នានា​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​រ៉ាំរ៉ៃ ​ឈប់​ឲ្យ​កូន​ទៅ​សាលារៀន ​លក់​មធ្យោបាយ​ផលិតកម្ម។​ ស្ថានភាព​ក្រីក្រ ​និង​ស្ថានភាព​ងាយ​រងគ្រោះ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ឡើង​ថ្លៃ​ម្ហូបអាហារ​ និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ បាន​ប៉ះពាល់​ដល់​​ប្រាក់​ចំណូល ​និង​លទ្ធភាព​ទទួល​បាន​សេវា​សំខាន់ៗ​ នាំ​ឲ្យ​មាន​វិសមភាព​ និង​ភាព​ខុស​គ្នា​កាន់​តែ​មាន​ទំហំ​ធំ៕

This posting includes an audio/video/photo media file: Download Now

នួន ជា៖​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​​ចេញ​ពី​ទីក្រុង​គឺ​ជា​គោលការ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា

Posted: 13 Dec 2011 09:36 AM PST

អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​គឺនួន ​ជា​​បាន​សារភាព​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទីក្រុង​ភ្នំពេញ ​គឺ​ជា​គោល​ការ​គិតទុក​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា​របស់​ពួក​ខ្មែរក្រហម​ ហើយ​ការ​បណ្ដេញ​ចេញ​នេះ​គឺ​ដើម្បី​ការពារ​សន្ដិសុខ ​និង​ដើម្បី​បង្រៀន​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចេះ​ធ្វើ​ការ​នៅ​ទី​ជន​បទ។ ​អតីត​ប្រធានសភា​ខ្មែរក្រហម​ពាក់វ៉ែន​តាម៉្ញូប​ពណ៌ស​ បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​លោក​Jean-Mare Levegu​ ចៅក្រម​បារាំង​នៃ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ថា​ រូប​លោកនិង​មេស្ថាបនិក​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​ប៉ុល​ ពត​ និង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត ​បាន​ពិភាក្សា​គ្នា​ និង​សម្រេច​ក្នុង​កិច្ច​ប្រជុំមួយ​នៃ​គណបក្ស​កុម្មុយនីស្ដ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៣​ថា​ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហម​ឈ្នះ​សង្រ្គាម​លើ​របប​សាធារណរដ្ឋ​របស់​លោក​សេនា​ប្រមុខ​លន់ ​នល់​ ​ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​ដែល​បាន​កើន​ឡើង​ចំនួន​ប្រមាណ​បី​លាន​នាក់​នៅ​ទស​វត្ស​ឆ្នាំ​៧០​ នឹង​ត្រូវ​បណ្ដេញ​ចេញ​ទាំង​អស់។

«យើង​ត្រូវ​តែ​ជម្លៀស​ប្រជាជន​ដែល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បណ្ដោះ​អាសន្ន​ ហើយ​ចាំមើល​សភាព​ការណ៍​ថា ​តើ​វៀតណាម​វ៉ៃ​យ៉ាងម៉េច?​ ហើយ​ពេល​នោះ​តើ​អាមេរិក​លូកដៃ​ចូល​មក​ទៀត​ ឬ​យ៉ាង​ម៉េច?។ ​ដូច្នោះ​ដើម្បី​កុំឲ្យ​ប្រជាជន​បាត់បង់​ជីវិត​ យើង​ត្រូវ​ជម្លៀស​ប្រជាជន​ មក​ចែកគ្នា​នៅ​តាម​ជនបទ​នៅ​តាម​សហករ»។

ពួក​កងទ័ព​ព្រៃ​កុម្មុយនីស្ដ​បែប​ម៉ៅ​និយម​ខ្មែក្រហម​ ដែល​មាន​សម្លៀកបំពាក់​ខ្មៅ​ បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥។ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ចុះ​មក​តាម​ដង​ផ្លូវ​ដើម្បី​អបអរ​សាទរ​នឹង​ជ័យជំនះ​របស់​ពួក​គេ ​ក៏ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​ពួក​ខ្មែរក្រហម​បាន​ប្រកាស​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ភ្លាមៗ ​ដោយ​អះអាង​ថា​ ការ​ចាកចេញ​ពី​លំនៅដ្ឋាន​នេះ​គឺ​សម្រាប់​រយៈពេល​តែ​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ។

យោងតាម​សហព្រះរាជអាជ្ញា​ទាំង​ពីរ​រូប​របស់​សាលាក្ដី​ខ្មែរក្រហម​លោកស្រី​ជា ​លាង ​និង​លោក​អេនឌ្រូ ​ខេលី ​ដែល​បាន​ថ្លែង​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំង​បី​នាក់​ គឺ​នួន ​ជា ​ខៀវ ​សំផន ​និង​អៀង ​សារី ​ក្នុង​សំណុំរឿង​០០២ ​សហព្រះរាជ​អាជ្ញា​បាន​បង្ហា​ញ​ថា ​ពួក​ខ្មែរ​​ក្រហម​បាន​ចាប់​ផ្ដើម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ភ្លាមៗ​ ក្នុង​ពេល​ដែល​ពួក​គេ​បណ្ដេញ​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នោះ។ ​អ្នក​ដែល​នៅ​រារែក​ និង​រឹង​ទទឹង​​ត្រូវ​សម្លាប់​ភ្លាម។

យ៉ាង​ណា​ក៏​ដោយ​ នួន​ ជា ​ដែល​គេ​ទទួល​​​​ស្គាល់​ថា​ ជា​មេ​មនោគម​វិជ្ជា​នៃ​សម័យ​ប៉ុល ​ពត ​បាន​​លើក​ឡើង​ថា ​គោល​នយោបាយ​ពួក​ខ្មែរក្រហម​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រជាជន​បណ្ដេញ​ចេញ​ទាំង​នេះ​ ហើយ​ខ្មែរក្រហម​បានរៀបចំ​ជា​តំបន់​សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ​ រួច​ជា​ស្រេច។

«ភូមិ​ភាគ​ពាយព្យ​ ដែលមាន​ដី​ល្អ ​សម្រាប់​បង្កបង្កើន​ផល ​ត្រូវ​យក​មួយ​លាន​ប្រាំសែន​នាក់។ ​និរតី​ក៏​យក​ច្រើន​ដែរ។ ​ឯ​ភូមិភាគ​ណា​ដែល​មិន​សូវ​មាន​ដី​ស្រែ​យក​តិច ​ហើយ​មក​នេះ​រួម​គ្នា​ធ្វើ​​ រួម​គ្នា​ហូប ​ហើយ​រៀនសូត្រ​ពី​សហករ​នៅ​តាម​ជនបទ។ ​ប្រែក្លាយ​អ្នក​ដែល​មិន​ចេះ​ធ្វើ​ពលកម្ម​ឲ្យ​ទៅ​ជា​អ្នក​ពលកម្ម។ ​ក៏ប៉ុន្ដែ​ក្នុង​សហករ​នេះ ​ខ្ញុំ​សូម​ជម្រាប​ថា ​មាន​ពួក​ខូច ​មាន​ពួក​ក្បត់ ​មាន​ពួក​សមាសភាព​មិន​ល្អ​ បំផ្លាញ​សហករ»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​អស់​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​ចន្លោះ​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​រហូត​ទៅ​ដល់​ខែ​មករា ​ឆ្នាំ​១៩៧៩។ ​ខៀវ ​សំផន​ និង​អៀង ​សារី​ព្រមទាំង​អៀង ​ធីរិទ្ធ ​ប្រពន្ធ​របស់​គាត់​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទ​ប្រល័យ​ពូជសាសន៍។​ ក៏ប៉ុន្តែ​អៀង ​ធីរិទ្ធ​ មិន​ត្រូវ​តុលាការ​នាំ​ខ្លួន​មក​កាត់ទោស​នោះ​ទេ ​ដោយសារ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

នៅ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ ​អង្គជំនុំជម្រះ​សាលាដំបូង​បាន​ហៅ​ជន​ជាប់​ចោទ​ទាំង​បី​ឲ្យ​ចូល​រង្វង់​ក្រចក​សេះ​ម្នាក់​ម្ដងៗ​ដើម្បី​ចោទ​សួរ។

នួន ​ជា​បាន​បន្ត​វាយប្រហារ​ទៅ​លើ​ប្រទេស​វៀតណាម​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​ជាមួយ​គ្នា​នេះ ​នួន ​ជា​ក៏​បាន​បង្ហាញ​ថា ​ប្រទេស​ចិន​បាន​ផ្គត់​ផ្គង់​អាវុធ​ទៅ​ដល់​ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​ និង​ផ្ដល់​ប្រេង​ឥន្ធនៈ​បង្ហូរ​ចូល​មក​កាន់​ខេត្ត​រតនគិរី។

ដោយឡែក​ អៀង ​សារី អតីត​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម ​បាន​បន្តបដិសេធ​មិន​ឆ្លើយ​សំនួរ​របស់​តុលាការ​ទេ។ ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រយៈពេល​ជាង​មួយ​ម៉ោង ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ចូលរួម​ចលនា​តស៊ូ​ជាមួយ​ពួក​ខ្មែរក្រហម​ ដោយសារ​តែ​លក្ខខណ្ឌ​បង្ខំ​នៅ​ក្នុង​របប​ដែល​គ្រប់គ្រង​ដោយ​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ។ ​ខៀវ ​សំផន​ ដែល​ធ្លាប់​លើក​ពី​ការ​មិន​បាន​ដឹង​ មិន​បាន​ឮ​អំពី​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ បាន​និយាយ​យ៉ាង​ក្បោះក្បាយ​ថា ​រូប​គាត់​មាន​តួនាទី​ខ្ពស់​ ក៏ប៉ុន្ដែ​គ្រាន់​តែ​ជា​«មុខ​តំណែង​ខ្យល់»​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៣ ធ្នូ យប់

Posted: 13 Dec 2011 08:47 AM PST

ស៊ីរី៖ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាន​សម្លាប់​មនុស្ស​១១​នាក់ និង​ធ្វើ​ឱ្យរបួស​មនុស្ស​រាប់​សិប​នាក់ផ្សេង​ទៀត នា​ភាគ​ពាយ័ព្យ​នៃ ប្រទេស​នេះ ស្របពេលដែល ​អ.ស.ប.​បាន​និយាយ​​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​​ចលាចល​ជា​ច្រើន​ខែ​កន្លង​មក​នេះ​បាន​ទ្បើង​ដល់​៥.០០០​នាក់​ហើយ។

អង្គការ​សហប្រជាជាតិ៖ សមាជិក​ជា​ច្រើន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​និយាយ​ថា ​ពួ​ក​គេ​មាន​អារម្មណ៍​សោក​សៅ​ជា​ខ្លាំង ដោយ​សារ​ដំណឹង​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ឧត្តម​ស្នងការ​អ.ស.ប. សម្រាប់​សិទ្ធិ​មនុស្ស​ ដែល​បាន​ឱ្យ​ដឹង​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ចលាចល​ក្នុង​ប្រទេស​ស៊ីរី​បាន​កើន​ទ្បើង​ដល់​៥.០០០​នាក់​ហើយ។

ភូមា៖ អាជ្ញាធរ​ភូមា​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​គណបក្ស​សម្ព័ន្ធ​ជាតិ​​ដើម្បី​លទ្ធិ​​ប្រជាធិបតេយ្យ​របស់​លោកស្រី​អោង​សាន​ស៊ូជី​ មេដឹកនាំ​ប្រឆាំង​ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ចូល​ជា​ថ្មី​ក្នុង​ដំណើរការ​នយោបាយ​ទូទៅ​របស់​ប្រទេស​នៅ​មុន​ការ​បោះឆ្នោត​សភា​ក្នុង​ពេល​ខាង​មុខ​នេះ។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ស.រ.អ.​គួរតែ​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន នៅ​ក្រោយ​ពេល​ដែល​មាន​យន្តហោះ​ឈ្លប​យក​ការណ៍​របស់​ស.រ.អ.​ មួយ​គ្រឿង​បាន​ធ្លាក់​ក្នុង​ដែនដី​នៃ​ប្រទេស​អ៊ីរ៉ង់​នា​ដើម​ខែ​នេះ។

អ៊ីរ៉ាក់៖ លោក​នាយក​រដ្ឋមន្ត្រី នូរី អាល ម៉ាលីគី (Nouri al-Maliki) នៃ​ប្រទេស​អ៊ីរ៉ាក់​នឹង​មាន​វត្តមាន​នៅ​សភា​ពាណិជ្ជកម្ម​ស.រ.អ.​ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ជួប​ជា​មួយលោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បី​គូស​បញ្ជាក់​អំពី​របៀបវារៈ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​ក្រោយ​សង្គ្រាម។

<!--AV-->

This posting includes an audio/video/photo media file: Download Now

តុលាការ​ខ្មែរក្រហម​សម្រេច​មិន​ដោះលែង​អ្នកស្រី​ អៀង ​ធីរិទ្ធ​

Posted: 13 Dec 2011 08:37 AM PST

អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម ​នៅ​ព្រលប់​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​មិន​ដោះលែង​លោកស្រី​អៀង ​ធីរិទ្ធ​ឲ្យ​នៅ​ក្រៅឃុំ​ទេ​ ព្រមទាំង​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នកស្រី​បន្ត​រយៈពេល​ប្រាំមួយ​ខែ​ទៀត ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​ ដើម្បី​តាមដាន​សុខភាព​របស់​អ្នកស្រី។

សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​បាន​បដិសេធ​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ ដែល​បង្គាប់​ឲ្យ​ដោះលែង​អ្នកស្រី​អៀង ​ធីរិទ្ធ​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ដោយ​ឥត​លក្ខខណ្ឌ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​វិធានការ​នា​នា​ដែល​មាន​ដើម្បី​ជួយ​ដល់​ជន​ជាប់​ចោទ​ឲ្យ​មាន​កាយសម្បទា​គ្រប់គ្រាន់​ ដើម្បី​ឲ្យគាត់​អាច​​ចូលរួម​សវនាការ​បាន។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ក៏​បាន​បង្គាប់​ឲ្យ​សាលា​ដំបូង​ព្យាយាម​ព្យាបាល​បន្ថែម​ទៅ​លើ​ជន​ជាប់​ចោទ​ ដែល​អាច​ជួយ​ឲ្យ​សុខភាព​ស្មារតី​របស់​ជន​ជាប់ចោទ​បាន​ប្រសើរ​ឡើង ​ហើយ​ការ​ព្យាបាល​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​ ឬ​កន្លែង​ផ្សេង​ដែល​សម​ស្រប​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជន​ជាប់​ចោទ​ត្រូវ​ទទួល​ការ​ត្រួត​ពិនិត្យ​ពី​ជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​វិកលចរិត​ និង​ផ្នែក​ចិត្ត​សាស្ត្រ​មិន​ឲ្យ​លើស​រយៈ​ពេល​ប្រាំមួយ​ខែ។

ការ​សម្រេច​របស់​អង្គ​ជំនុំជម្រះ​របស់​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុងពេល​ដែល​សាលាក្តី​នេះ​កំពុង​តែ​ធ្វើ​ដំណើរការ​កាត់​ទោស​លើ​សំណុំរឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​រូប។

ក្រុម​ប្រជាពលរដ្ឋ​ និង​អ្នក​រស់រាន​មាន​ជីវិត​ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។

លោក​ជុំ ​ម៉ី ​អាយុ​៨០​ឆ្នាំ ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង ​បាន​និយាយ​ថា​ លោក​សប្បាយ​រីករាយ​ចំពោះ​សេចក្តីសម្រេច​នេះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​ឲ្យ​បន្ត​ឃុំខ្លួន​អ្នកស្រី​អៀង ​ធីរិទ្ធ​បន្តទៀត​ ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«យើង​ត្រូវ​ឲ្យ​វេជ្ជបណ្ឌិត​មក​ពិនិត្យ​គាត់​សារ​ជា​ថ្មី។​ យើង​មិន​ត្រូវ​ដោះលែង​គាត់​ដោយ​ឥត​មាន​ទោស​អី​ទេ ​ព្រោះអី​គាត់​​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ប្រជាជន​ជំនាន់​ហ្នឹង​ បាទ»។

អ្នកស្រី​ជា ​ប៉ោហួយ ​អាយុ​៧៣​ឆ្នាំ​ កំពុង​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​និយាយ​អំពី​ជីវប្រវត្តិ​របស់​អ្នកស្រី​អៀង ​ធីរិទ្ធ​​ នៅ​សាលាក្តី​ខ្មែរក្រហម។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​អៀង ​ធីរិទ្ធ​​មិន​គួរ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។

«តុលាការ​ហ្នឹង​ដាក់​ឲ្យ​វា​នៅ​មួយ​ជីវិត​អីញ្ចឹង​ទៅ។ ​ឥត​ឲ្យ​ចេញ​សេរី​ដូច​យើង​ទេ។ ​ប្រសិន​បើ​ដឹក​ចេញ​ [ខ្ញុំ] ​ឈរ​មុខ​ឡាន​តែ​ម្តង។ ​នាង​ឯង​ឥត​ចេញ​បាន​ទេ។ ​ឡាន​អ្នក​ឯង​ហ៊ាន​បុក​អញ។​ បុក​ងាប់​ចោល​ទៅ ​អញ​ធ្លាប់​នៅ​ក្នុង​ជំនាន់​អា​ពត ​មិន​ងាប់​ផង។ ​សុខ​ចិត្ត​ស្លាប់»។

លោក​ហ៊ុយ ​វណ្ណៈ ​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គ្មា​នអ្វី​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទេ​ ព្រោះអី​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​ ហើយ​សេចក្តី​សម្រេច​នេះ ​នឹង​ត្រូវ​តុលាការ​សាលាដំបូង​ ក៏ដូច​ជា​ផ្នែក​ពាក់ព័ន្ធយកទៅ​អនុវត្តន៍»។

សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ បាន​សម្រេច​ដោះលែង​អ្នកស្រី​អៀង​ ធីរិទ្ធ​ឲ្យ​នៅ​ក្រៅឃុំ​ដោយ​ឥត​លក្ខខណ្ឌ ​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ អ្នកស្រី​ពុំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ ក៏​ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ ​និង​អន្តរជាតិ​បាន​ប្តឹង​ជំទាស់​ការ​សម្រេច​នេះ។

អ្នកស្រី​អៀង ​ធីរិទ្ធ​ ហៅ​ភា ​អាយុ​៧៩​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ ត្រូវ​ជាប់​ចោទ​ជាមួយ​នឹង​លោក​នួន ​ជា ​លោក​ខៀវ ​សំផន​ និង​លោក​អៀង ​សារី ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ​បន្ទាប់​ពី​មនុស្ស​ប្រមាណ​មួយ​១,២លាន​​នាក់​បាន​ស្លាប់​នៅ​ក្នុង​របប​ដែល​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​រហូត​ទៅ​ដល់​ឆ្នាំ​១៩៧៩៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៣ ធ្នូ ព្រឹក

Posted: 13 Dec 2011 04:32 AM PST

កុងហ្គោ៖ ប្រធានាធិបតីកុងហ្គោ ជូសកាប៊ីឡា (Joseph Kabila) ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុងឃីនស្ហាសា នៅ​ថ្ងៃច័ន្ទ​នេះថា លោក​បាន​ទទួល​ស្គាល់​ថា​មានកំហុស​ខ្លះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន តែ​លោក​ច្រាន​ចោល​ការ​សន្មត់​របស់​មជ្ឈមណ្ឌល​ខាតធឺដែល​ថា​ការ​បោះ​ឆ្នោត​នោះខ្វះ​ជំនឿ​ទុក​ចិត្ត។

សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ស្នើ​ឲ្យអ៊ីរ៉ង់​បញ្ជូន​យន្តហោះ​ឃ្លាំ​យកការណ៏​សម្ងាត់ ​Drone របស់​អាមេរិច​មួយ​គ្រឿង​ដែល​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់  និយាយថា​ខ្លួន​បាន​ធ្វើ​ឲ្យ​ធ្លាក់ តាម​រយៈ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណែត។

សហរដ្ឋអាមរិក៖ កាល​ពី​ថ្ងៃ​ច័ន្ទ តុលាការ​កំពូលអាមេរិក បាន​យល់​ព្រម​ពិនិត្យ​មើល​ច្បាប់​ចម្រូង​ចម្រាស់​មួយ ដែល​ដៅ​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​នៅរដ្ឋ​ អារីហ្សូណា ដែល​ស្ថិត​នៅ​​ភាគ​នីរតី។

អ៊ីរ៉ាក់៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និងនាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ ណូរី អាល ម៉ាលីគី (Nouri al-Maliki) បាន​រៀប​ចំ​របៀប​វារៈ​យ៉ាង​ទូលំ​ទូលាយ​មួយ សម្រាប់​សហ​ប្រតិបត្តិការ​ក្រោយ​សង្គ្រាម ដោយ​គ្មាន​កងទ័ព​អាមេរិក​តាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ជា​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព និង លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅមជ្ឈឹម​បូព៌ា​ប្រទេស។

អ៊ឺរ៉ុប៖ ទីភ្នាក់ងារ​ឲ្យ​ពិន្ទុ​ឥណ្ឌទាន​អន្តរជាតិ​២ និយាយថា​ ក្រុម​មេដឹកនាំ​អ៊ឺរ៉ុប​គួរ​បំពេញ​កិច្ច​ការ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើត​ចេញ​មក​ពី​បំណុល​យ៉ាង​ធំ​របស់​រដ្ឋាភិបាល។

ប៉ាគីស្ថាន៖ នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន យួស្សូវ រ៉ាហ្សា ខីឡានី (Yousuf Raza Gilani) ​បាន​ថ្លែង​ប្រាប់​ស្ថានីយ​ទូរទស្សន៍ប៊ីប៊ីស៊ីថា​ប្រទេស​របស់​លោក​ប្រហែល​ជា​បន្ត​ការឃាត់ឃាំង​មិន​ឲ្យ​ក្បួន​យាន​យន្ត​របស់​អង្គការ​អូតង់​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានប៉ុន្មាន​សប្តាហ៍​ថែម​ទៀត៕

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!