VOA News: ព័ត៌មាន |
លោកស្រីគ្លីនតុនត្រៀមបញ្ហាសំខាន់ៗសម្រាប់កិច្ចប្រជុំអាស៊ានអំពីសន្តិសុខ Posted: 06 Jul 2012 02:06 AM PDT សរអាព្យាយាមចូលរួមពាក់ព័ន្ធជាមួយប្រទេសអាស៊ានជាច្រើនដើម្បីប្រជែងឥទ្ធិពលជាមួយចិន ទាំងសេដ្ឋកិច្ចនិងនយោបាយ តែបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ ដែលក្រុមអ្នកវិភាគជាតិនិងអន្តរជាតិមើលឃើញថា ជាឧបសគ្គ ហើយសរអាត្រូវមានការសម្របសម្រួលខ្លះក្នុងការពង្រីកទំនាក់ទំនងនៅតំបន់នេះ។ តាមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី Barack Obama ក្នុងបំណងរិតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ លោកស្រី ហ៊ីឡឺរី គ្លីនតុនគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានៅខែកក្កដា នេះ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ហៅថា ASEAN Regional Forum (ARF) ដែលផ្តោតលើសន្តិសុខក្នុងតំបន់ជាច្រើនរួមទាំងបញ្ហាឧបទ្វីបកូរ៉េ បញ្ហាដែនសមុទ្រភាគខាងត្បូងប្រទេសចិនក្តី។ លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានថ្លែងថា ការភ្ជាប់ទំនាក់ទំនងពហុភាគីរបស់រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា ជាមួយប្រទេសក្នុងតំបន់នឹងធ្វើឲ្យមានតម្លៃនិងផលប្រយោជន៍សម្រាប់សរអាកាន់តែមានប្រសិទ្ធិភាពឡើង។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមក្នុងការពិភាក្សារឿងជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិនគឺជារឿងសំខាន់ ហើយប្រថុយប្រថាន។ «សរអាតែឯងមានកម្លាំងយោធាដើម្បីធានាសេរីភាពចរាចរណ៍នាវាក្នុងតំបន់អាស៊ីខាងកើតប្រកបដោយការជឿជាក់ តែប្រសិនបើរដ្ឋាភិបាលសរអាប្រើអំណាចនេះដោយមិនប្រយ័ត្ន វានឹងលើកទឹកចិត្ត ឲ្យអ្នកចូលចិត្តកំឡាំងយោធាក្នុងប្រទេសចិនឆ្លើយតបដូចគ្នាដែរ»។ លោក សូសៀរីបានអះអាងថា ទំនាក់ទំនងសរអា ដែលកើនឡើងជាពិសេសក្នុងតំបន់ គឺទំនាក់ទំនងជាមួយប្រទេសដែលធ្លាប់មានប្រវត្តិជូរចត់ជាមួយសរអា។ ប្រទេសទាំងនោះដែលត្រូវគេដឹងថា មានប្រវត្តិសិទ្ធិមនុស្សអន់ថយនោះគឺប្រទេសភូមា កម្ពុជានិងវៀតណាម។ «បើទោះបីជាការភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលទាំងនោះចាំបាច់តម្រូវឲ្យសរអាមានការសម្របសម្រួលក៏ដោយ តែចំណងទាក់ទងសេដ្ឋកិច្ច និងចំណងទាក់ទងខាងនយោបាយខ្លាំងក្លាឡើង នឹងផ្តល់ឲ្យ សរអាមានឥទ្ធិពលធ្វើឲ្យប្រសើរឡើងនូវកំណែទម្រង់នេះ ទាំងតាមរបៀបផ្លូវការនិងក្រៅផ្លូវការ»។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានមាន១០ប្រទេសជាតំបន់មានពលរដ្ឋប្រមាណ៦០០លាននាក់នោះ និងមានសក្តានុពលផ្នែកសេដ្ឋកិច្ច នយោបាយផងដែរ។ ប្រទេសកម្ពុជាដែលជិតដិត ជាមួយចិននោះ នៅឆ្នាំនេះក្លាយជាប្រធានប្តូរវេនអាស៊ានជាថ្មី។គេឃើញមានបញ្ហាជាច្រើន ដូចជាបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន ដែលសមាគមនេះមិនអាចរកសំឡេងតែមួយដើម្បី ចរចាជាមួយចិនបាន ទោះបីជាមានសេចក្តីថ្លែងការណ៍រួម និងកំពុងតាក់តែងក្រមប្រតិបត្តិក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីក្តី។ ប្រទេសមួយចំនួនដូចជាហ្វីលីពីន និង វៀតណាមមានភាពតានតឹងជាមួយចិន ដែលពេលខ្លះមានការប្រឈមមុខផ្នែកអាវុធជាមួយចិនលើដែនទឹកដែលគេចាត់ទុកថា ជាតំបន់ដឹកទំនិញដ៏ធំជាងគេក្នុងពិភពលោក។ លោក ជូស្សួ ឃឺឡែនហ្សីក (Joshua Kurlantzick) អ្នកស្រាវជ្រាវនៃអង្គការស្រាវជ្រាវគោលនយោបាយសរអាមួយឈ្មោះ «Council on Foreign Relations (CFR)» គឺក្រុមប្រឹក្សាទំនាក់ទំនងការបរទេស សម្រាប់កិច្ចការក្នុងតំបន់អាស៊ីអាគ្នេយ៍ ពុំបានជឿជាក់ថានឹងមានដំណោះស្រាយទេ ទោះជាមានការពិភាក្សាក្តី ដោយសារថា ប្រទេសសមាជិកអាស៊ានមានជំហរផ្ទុយគ្នា ហើយកម្ពុជាមានទំនាក់ទំនងយ៉ាងជិតដិតជាមួយចិន។ «បញ្ហាក្នុងតំបន់អាស៊ានគឺថា មានប្រទេសខ្លះដែលបារម្ភពីបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិន។ ហើយប្រទេសខ្លះដូចជាកម្ពុជាបារម្ភតិចតួច។ មានប្រទេសខ្លះដែលបារម្ភពីបញ្ហាទន្លេមេគង្គ ហើយប្រទេសខ្លះបារម្ភតិច។ ក៏ប៉ុន្តែគំនិតរបស់ខ្ញុំសាមញ្ញទេគឺថា លោកហ៊ុន សែនមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល និងយ៉ាងល្អជាមួយចិនបច្ចុប្បន្ននេះ។ ដូច្នេះហើយអ្វីដែលធ្វើឲ្យចិនមិនសប្បាយចិត្ត លោកហ៊ុន សែននឹងព្យាយាមជៀសវៀង»។ ក្រុមអ្នកវិភាគនិងមន្ត្រីកម្ពុជាអះអាងថា តួនាទីរបស់សរអាដែលជាប្រទេសមហាអំណាចលេខ១លើពិភពលោកខាង ផ្នែកគ្រឿងសព្វាវុធ អាចធ្វើឲ្យមានតុល្យភាពកម្លាំងក្នុងជម្លោះនានារវាងប្រទេសក្នុងតំបន់ជាមួយចិនដែលទើបបានទទួលងារជាមហាអំណាចសេដ្ឋកិច្ចដ៏ធំទីពីលើពិភពលោក។ លោកឯកអគ្គរាជទូតកម្ពុជា ហែម ហេង ប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងថា បញ្ហាប្រឈមមុខក្នុងពិភពលោក និងក្នុងតំបន់ តម្រូវឲ្យមានការចូលរួមដោះស្រាយរួមគ្នា មិនមែនមានន័យថាបញ្ហាតំបន់គឺតំបន់ត្រូវដោះស្រាយទេ។ លោកបានវាយតម្លៃទៅលើដំណើរទស្សនកិច្ចរបស់លោកស្រីហ៊ីលឡារី គ្លីនតុនទៅកាន់កិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខ។ «ការចូលរួមប្រជុំរបស់លោកជំទាវហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិកនេះគឺជាការល្អមួយក្នុងការចូលរួមរបស់សរអាក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់ផងដែរ។ ហើយម្យ៉ាងទៀតជាការជឿទុកចិត្តមួយទៅដល់កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ គឺកម្ពុជាមានសន្តិភាព មានសន្តិសុខ មានសុវត្ថិភាពក្នុងការរៀបចំកិច្ចប្រជុំ នានាជាច្រើន។ ដូច្នេះ នេះធ្វើឲ្យពិភពលោកជឿទុកចិត្តដល់កម្ពុជាផងដែរ»។ លោក ហែម ហេងថ្លែងដូច្នេះសង្កត់ធ្ងន់ទៅលើបញ្ហាឧបទ្វីបកូរ៉េដែលមានអាវុធនុយក្លេអ៊ែរប្រល័យលោក បញ្ហាប្រទេសភូមានិងបញ្ហាជម្លោះព្រំដែនសមុទ្រភាគខាងត្បូងប្រទេសចិន ហើយប្រទេសអាស៊ាននីមួយៗ ដែលជាភាគីជម្លោះនោះ នៅប្រទាញប្រទង់គ្នា មិនព្រមចាញ់ឈ្នះនៅឡើយ។ ប្រទេសចិន ដែលចង់ដោះស្រាយបញ្ហាតាមរយៈ យន្តការទ្វេភាគីនោះ ធ្លាប់ព្រមានប្រទេសនានាជាពិសេស មិនឲ្យសរអាចូលជ្រៀតជ្រែកក្នុងជម្លោះរវាងចិននិងប្រទេសសមាជិកក្នុងតំបន់អាស៊ានមួយចំនួនទាក់ទងនឹងរឿងព្រំដែនទឹកនោះ ហើយក៏បានអំពាវនាវឲ្យអាស៊ានមានជំហរឯករាជ្យ។ លោកបណ្ឌិតសុខ ទូច នាយកសាកលវិទ្យាល័យខេមរៈក្នុងប្រទេសកម្ពុជាកត់សម្គាល់ថា បើអាស៊ានចង់បានដំណោះស្រាយមួយអាចទទួលយកបាន នៅពេលសមាគមនេះមិនមានអំណាចដោះសា្រយជាមួយចិន ហើយគ្មានកម្លាំងសន្តិសុខរួមដូចនៅសហភាពអឺរ៉ុបនោះ ប្រទេសក្នុងតំបន់អាស៊ានត្រូវការមហាអំណាចឈរនៅពីក្រោយរៀងៗខ្លួន។ «អាស៊ានមានទេឆ្អឹងខ្នងនៃកម្លាំងយោធា? រាល់កម្លាំងយោធាអាស៊ានលាក់កំបាំងនៅក្នុងសហគមន៍។ ពាក្យថា សមាគមយើងត្រូវផ្តោះប្តូរព័ត៌មានរៀងៗខ្លួន។ យើងឃើញហើយថា វៀតណាមទិញអាវុធផ្សេង ម៉ាឡេស៊ីទិញអាវុធផ្សឹង ហើយហ្វីលីពីនទិញអាវុធផ្សេង»។ លោក អ៊ូ វីរៈ នាយកអង្គការសិទ្ធិមនុស្សមួយក្នុងប្រទេសកម្ពុជាបានយល់ស្របនឹងគំនិតដែលថា កម្លាំងសន្តិសុខអាស៊ានអន់ខ្សោយដូចបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ លោកថ្លែងថាទោះជាទំនាក់ទំនងរវាងសរអានិងកម្ពុជាមានលក្ខណៈប្រសើរក្តី តែសរអាមិនគួរសម្របសម្រួលរឿងបញ្ហាសិទ្ធិមនុស្សជាមួយកម្ពុជានិងអាស៊ាន នោះទេ។ «បើសិនជាអាមេរិកអនុញ្ញាតឲ្យប្រទេសកម្ពុជាមិនគោរពនូវគោលការគោរពសិទ្ធិមនុស្ស ហើយនៅតែផ្តល់ជំនួយ ផ្តល់កិច្ចសហការផ្នែកយោធា និងកិច្ចសហការផ្សេងៗទៀត អាហ្នឹងគឺប្រទេសចិននឹងរិះគន់សរអាវិញ។ ដូច្នេះសរអាត្រូវការប្រុងប្រយ័ត្នមែនទែននូវគោលជំហររបស់ខ្លួនក្នុងផ្នែកប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនេះ»។ ក៏ប៉ុន្តែលោក អ៊ូ វីរៈបានអះអាងថា សរអានៅតែនិយាយពីស្ថានការណ៍ពិតរឿងសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជានៅឡើយទេ។ លោកថ្លែងយ៉ាងដូច្នេះយោងទៅលើរបាយការណ៍ឆ្នាំ២០១២ដែលបានដាក់ប្រទេសកម្ពុជាស្ថិតក្នុងប្រទេសអន់ថយផ្នែកសិទ្ធិមនុស្ស។ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា បញ្ហាសិទ្ធិមនុស្សមិនមែនជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទេដូចជាកិច្ចសហប្រតិបត្តិការរវាងសរអានិងប្រទេសចិនជាឧទាហរណ៍ស្រាប់។ «អ្វីដែលជាសិទ្ធិមនុស្ស ដែលប្រទេសទាំងអស់នាំគ្នានិយាយជាពិសេសសរអា ខំនិយាយហ្នឹង គឺនិយាយជាដៃគូក្នុងការពង្រឹងការរស់នៅនៃគុណភាពរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។ អាហ្នឹងស្ថិតនៅក្នុងគុណធម៌និងសីលធម៌»។ ដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុនទៅកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) នៅដើមខែកក្កដាខាងមុខនេះ នឹងមានតំណាងក្រុមហ៊ុនធំៗជាច្រើនពីសរអាទៅកាន់ប្រទេសកម្ពុជាដើម្បីត្រួតពិនិត្យមើលឱកាសធ្វើវិនិយោគ ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជានឹងតំបន់អាស៊ាន។ លោក Anthony Nelson នាយករងផ្នែកកិច្ចការទំនាក់ទំនងនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានក្នុងប្រទេសអាមេរិក ហៅថា Asean Business Council បានថ្លែងប្រាប់វីអូអេថា ក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះតំណាងក្រុមហ៊ុនសរអា ជាច្រើននឹងធ្វើដំណើរទៅកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអំពីបញ្ហាពាណិជ្ជកម្មនានា។ «ពួកគេពិតជាសម្លឹងមើលឱកាសដើម្បីធ្វើការទំនាក់ទំនងពាណិជ្ជកម្មទៅពាណិជ្ជកម្ម និងចូលផងដែរក្នុង កិច្ចពិភាក្សាផ្តោះប្តូរយោបល់ទៅវិញទៅមករវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល»។ លោក Nelson បដិសេធបញ្ជាក់ពីចំនួននិងឈ្មោះក្រុមហ៊ុន ដែលធ្វើដំណើរទៅកម្ពុជាដោយសារថាដំណើរការ រៀបចំមិនទាន់ធ្វើចប់នៅឡើយ។ លោក ឯកអគ្គរាជទូតកម្ពុជា ហែម ហេងប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអះអាងថាលោកស្រី គ្លីនតុន នឹងដឹកនាំអ្នកវិនិយោគ អាមេរិកាំង ប្រមាណ ១០០នាក់មកពីក្រុមហ៊ុនជាច្រើនគ្រោងនឹងធ្វើដំណើរទៅកម្ពុជា ក្នុងពេលកិច្ចប្រជុំអាស៊ានដែលមានរៀបចំ វេទិកាធុរៈកិច្ច ឬកិច្ចប្រជុំពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគពីសរអា ក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗចូលរួមនោះ។ «ខ្ញុំជឿជាក់ថាវេទិកានេះ ទីមួយអាចជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាវិនិយោគទុននៅតំបន់អាស៊ាន។ទីពី កម្ពុជាក៏យើងមានចំណេញដែរព្រោះយើងជាម្ចាស់ផ្ទះ ហើយគេទៅកម្ពុជាដូច្នេះគេនឹងឃើញសភាពការណ៍ ជាក់ស្តែងនៅកម្ពុជាហើយអាចនឹងមានក្រុមហ៊ុនគេនឹងមានគោលបំណងដើម្បីនឹងបណ្តាក់ទុននៅស្រុក ខ្មែរដែរ»។ លោក ហែម ហេងបានអះអាងថាវេទិកាធុរៈកិច្ចដែលមានអ្នកវិនិយោគទុនបរទេសអាមេរិកនិងបណ្តារ ប្រទេស នានាចូលរួមនេះ មានផលប្រយោជន៍ដល់កម្ពុជានិងអាស៊ានផង។ សមាគមអាស៊ានគ្រោងនឹង ធ្វើសាមា ហរណកម្មសេដ្ឋកិច្ចនៅ ឆ្នាំ២០១៥ខាងមុខដែលអ្នកវិភាគសេដ្ឋកិច្ចខ្លះនិយាយថាអាចជាការទាក់ទាញក្រុម អ្នកវិនិយោគធំៗរបស់សរអានិងប្រទេសផ្សេងៗទៀតចូលទៅបណ្តាក់ទុននៅក្នុងតំបន់អាស៊ាន។ ដំណាលគ្នាដែលអ្នកវិនិយោគទុនអាមេរិកធំៗ ធ្វើដំណើរទៅកាន់កម្ពុជាជាមួយលោកស្រីរដ្ឋមន្ត្រីការ បរទេសសរអា ហ៊ីលឡារី គ្លីនតុនដើម្បីចូលរួមក្នុងកិច្ចប្រជុំនានារបស់សមាគមអាសាននោះ ក្រុមអ្នក តាមដានស្ថានការណ៍កម្ពុជាបានអះអាងថានីតិរដ្ឋអន់ខ្សោយក្នុងប្រទេសកម្ពុជាទំនងជាមិនអាច ទាក់ទាញក្រុមអ្នកវិនិយោគទុនសរអាបានទេ ដោយនិយាយថាកម្ពុជាចាំបាច់ត្រូវសើរើ និងពង្រឹងច្បាប់ និងការ អនុវត្តច្បាប់ប្រាកដប្រជា។ ក្រុមអ្នកវិភាគបានអះអាងថាច្បាប់ក្នុងប្រទេសកម្ពុជាស្ថិតនៅលើមាត់អ្នកនយោបាយ មានការផ្លាស់ប្តូរ មិនទៀងទាត់ ការអនុវត្តច្បាប់មានលក្ខណៈធូររលុង អំពើរពុករលួយ តុលាការមិនឯករាជ្យដែលមិន អាចធានាដល់ជំនឿទុកចិត្តបានរបស់អ្នកវិនិយោគ។ លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក្នុងប្រទេសកម្ពុជាបានអះអាង ថាបើច្បាប់ដែលកើតចេញពីអ្នកនយោបាយប្រែប្រួលទៅតាមមាត់របស់អ្នកនយោបាយ គេមិនមក វិនិយោគទេសម្រាប់អ្នកវិនិយោគរយៈពេលវែងដូចជាសរអា។ «ពីព្រោះយើងយល់ហើយថាអ្នកវិនិយោគគេអត់យកកាំភ្លើងមក។ គេអត់យកកងការពារមកទេ គេយកលុយមកវិនិយោគ។ អញ្ចឹងស្អីការពារគេមិនមែនកាំភ្លើងទេ មិនមែននុយក្លែអ៊ែរទេ គឺប្រព័ន្ធ ច្បាប់។ អញ្ចឹងកាលណាច្បាប់រឹងមាំវាធ្វើឲ្យអ្នកវិនិយោគមានជំនឿ»។ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១២នេះកើនដល់៦.៥ ភាគរយ។ពលរដ្ឋកម្ពុជាម្នាក់ៗ រកចំណូល បានតែជិត១ពាន់ដុល្លារក្នុងមួយឆ្នាំបើប្រៀបធៀបនឹងប្រទេសសឹង្ហបូរីជាង៥ម៉ឺនដុល្លារសរអាហើយ ប្រទេសថៃជិត១ម៉ីនដុល្លារនោះ។ ពលរដ្ឋកម្ពុជាត្រូវគេប៉ាន់ប្រមាណថាមានជាង២០ម៉ឺននាក់ដែលធ្វើ ចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងដោយសារកម្ពុជាខ្លួនឯងគ្មានការងារធ្វើគ្មានទីផ្សារ ការងារនិងផលិតផល។ កម្ពុជាត្រូវគេចាត់ទុកថាជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ លោក សុខ ទូចអះអាងថាបើកម្ពុជាមាននីតិរដ្ឋ ពលរដ្ឋខ្មែរមិនចាំបាច់ទៅធ្វើការនៅប្រទេសក្រៅទេ ពេលមានអ្នកវិនិយោគរយៈពេលវែងដូចសរអាមកបណ្តាក់ទុនដូចនៅក្នុងប្រទេសវៀតណាម។ «វៀតណាមជាប្រទេសកុំម្មុយនីសទៅទៀតហេតុអ្វីបានជាអាមេរិកទៅដាក់សំណង់ IT សំណង់គ្រឿង យន្តនៅក្នុងប្រទេសវៀតណាម ទី១ គឺស្ថិរភាព ទី២ គឺ ប្រព័ន្ធច្បាប់។ វៀតណាមកាត់ទោសប្រហារជីវិត ហើយមិនរើសមុខ ទោះបីជាមានពុករលួយដែរតែកម្រិតនៃពុករលួយហ្នឹងវាត្រូវតែគោរពប្រព័ន្ធ ច្បាប់។ អាហ្នឹងដែលអ្នកវិនិយោគត្រូវការ»។ លោកថ្លែងថាកម្ពុជាមានច្បាប់ តែភាពរឹងម៉ាំនៃច្បាប់ ធ្វើតាមតែតម្រូវការរបស់ អ្នកនយោបាយ ដែលលោកអះអាងថានេះជាបញ្ហា។ លោកបានថ្លែងដូច្នេះលើកយកឧទាហរណ៍ចំពោះបញ្ហាបឹងកក់ និង បូរីកីឡាដែលមានពលរដ្ឋរាប់ពាន់គ្រួសាររងទុក្ខទោសដោយសារអ្នកនយោបាយ។ លោកសុខ ទូចបានអះអាងថាការវិនិយោគក្នុងប្រទេសកម្ពុជាមានអ្នកវិនិយោគរយៈពេលខ្លីឬវិនិយោគ បែបឆក់កណ្តៀត។ លោកសំដៅទៅលើក្រុមហ៊ុនចិនដូចជាកំពុងធ្វើការជីករ៉ែ ឬការវិនិយោគរយៈពេល ខ្លីរបស់ប្រទេសផ្សេងទៀតដែលទិញកោះហើយ លក់អាជ្ញាបណ្ណបន្តទៀតជាដើម ។ លោកពន្យល់ថា វិនិយោគបែបឆក់កណ្តៀតគឺមានន័យថាមានអ្វីជាឱកាសគេវិនិយោគភ្លាម ហើយដកថយភ្លាមៗ គឺមិន មានជាលក្ខណៈកសាងរោងចក្រ ប្រើប្រាស់ធនធានមនុស្ស កែច្នៃផលិតផលដើម្បីឲ្យពលរដ្ឋមាន ការងារធ្វើដូចជាវិនិយោគមកពីប្រទេសជប៉ុន អាមេរិកនោះទេ។ លោកថ្លែងថា ស្ថិរភាពនយោបាយ ជាកត្តាសំខាន់សម្រាប់វិនិយោគមែនតែវាទាមទារអ្វីជាប្រព័ន្ធច្បាប់ដែរ។ អ្នកវិនិយោគប្រទេសអាមរិកធំៗចំនួនជាង១០០នាក់គ្រោងនឹងជួបប្រជុំគ្នាក្នុងទីក្រុងសៀមរាប ប្រទេសកម្ពុជានៅសប្តាហ៍ខាងមុខដើម្បីពិភាក្សាពីឱកាសវិនិយោគជាមួយដៃគូ ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផង។ លោក អ៊ូ វីរៈ នាយកមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាកម្ពុជាពិបាកក្នុងការទាក់ទាញ វិនិយោគទុនធំៗពីសរអាមែនទែនដោយសារយើងអត់មានប្រព័ន្ធនីតិរដ្ឋមួយត្រឹមត្រូវ។ ការទាក់ទាញ វិនិយោគដែលសំខាន់ជាងគេនោះគឺប្រទេសកម្ពុជាត្រូវមាននីតិរដ្ឋ ហើយបញ្ហាសន្តិសុខនិងនយោបាយ ជាបញ្ហាបន្ទាប់បន្សំ។ «វាអាស្រ័យធំជាងគេគឺនីតិរដ្ឋហ្នឹងហើយវាអត់មានអីធំជាងនីតិរដ្ឋទេ។ ហើយបើសិនជាមាននីតិរដ្ឋ អ្នក វិនិយោគ គេហ៊ានមកវិនិយោគមកក្នុងប្រទេសកម្ពុជាច្រើនជាង។ ដូច្នេះខ្ញុំមើលទៅកត្តានយោបាយក្នុង ពេលបច្ចុប្បន្ននេះជាកត្តាតូចតាចជាងសម្រាប់ការវិវត្តន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។ ខ្ញុំមើលទៅប្រទេសណាដែលមាននីតិរដ្ឋទោះបីនៅក្នុងតំបន់អាស៊ានក៏ដោយនៅក្រៅតំបន់អាស៊ាន ក៏ដោយតែងតែមានការអភិវឌ្ឍនមួយត្រឹមត្រូវ»។ លោកអះអាងថាប្រទេសសឹង្ហបូរីដែលមានការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចខ្លាំងជាឧទារហរណ៍ ស្រាប់។ប្រទេសនេះមានអ្នកវិនិយោគធំៗច្រើនហ៊ានវិនិយោគទោះបីជា ប្រទេសសីង្ហបូរីមិនមាន ស្ថិរភាពផ្នែកសន្តិសុខ តែមានជម្លោះជាមួយប្រទេសម៉ាឡេស៊ីជាប្រវត្តិសាស្ត្រក្តី។ មួយទៀតគឺប្រទេស កូរ៉េខាងត្បូងជាប្រទេសមួយដែលពុំមានសន្តិសុខទេតែមាននីតិរដ្ឋយើងឃើញថាមានការអភិវឌ្ឍ សេដ្ឋកិច្ចដ៏ធំ។ លោកអ៊ូ វីរៈបានរំលឹកឲ្យដឹងថាការកែប្រែប្រទេសឲ្យនីតិរដ្ឋ ការគោរពច្បាប់ត្រឹមត្រូវ បំបាត់អំពើ ពុករលួយ ការិយាធិបតេយ្យ កែទម្រង់ប្រព័ន្ធតុលាការប្រទេសកម្ពុជានឹងមានការវិវត្តន៍លឿនទៅមុខ ផ្នែកសេដ្ឋកិច្ច។ «បើសិនជាប្រព័ន្ធតុលាការយើងអាចបំពេញតួនាទីមួយក្នុងការធានាថាច្បាប់របស់យើងថាបានអនុវត្ត ត្រឹមត្រូវនិងយុត្តិធម៌អាហ្នឹងគឺអ្នករកស៊ីក្នុងស្រុកក៏ហ៊ានវិនិយោគ ពីក្រៅក៏ហ៊ានវិនិយោគក្នុងប្រទេស កម្ពុជា។ ដូច្នេះការរីកចម្រើនសេដ្ឋកិច្ចគឺតែងតែរំពឹងទៅលើប្រព័ន្ធនីតិរដ្ឋនេះ។ យើងមើលទៅប្រទេស សឹង្ហបូរីប្រទេសមួយចំនួនផ្សេងទៀតបានបង្ហាញថានីតិរដ្ឋគឺជាគោលសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ»។ លោកបានថ្លែងថាប្រទេសអាមេរិកប្រហែលជាមិនចាប់អារម្មណ៍បណ្តាក់ទុននៅកម្ពុជាទេតែចាប់ អារម្មណ៍ លើទីផ្សារ៦០០លាននាក់ជាពលរដ្ឋក្នុងប្រទេស អាស៊ានទាំង១០ សម្រាប់ផលិត ផល របស់អាមេរិក នៅពេលអាស៊ានបើកចំហរទីផ្សាររួមរបស់ខ្លួនឆ្នាំ២០១៥។ ហើយការមកកម្ពុជារបស់ ក្រុមអ្នកវិនិយោគ សរអាយ៉ាងច្រើនជាមួយលោកស្រីហ៊ីលឡារី គ្លីនតុនលើកនេះគឺដោយសារកម្ពុជា ជាប្រធានអាស៊ាន។ ទោះជាយ៉ាងណាក៏ដោយលោកហែម ហេងឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានអះអាង ថាអ្នកវិនិយោគទុនធំៗអាមេរិកប្រមាណ១០០នាក់នឹងជួបប្រជុំគ្នាក្នុងវេទិកាធុរកិច្ចជាមួយ ដៃគូរ វិនិយោគអាស៊ាននិងកម្ពុជាក្នុងខេត្តសៀមរាបនៅថ្ងៃ១៣កក្កដាដើម្បីពិភាក្សាគ្នាអំពីឱកាសវិនិយោគ។ លោក ថ្លែងថាកម្ពុជាក៏ដូចជាអាស៊ានដែររំពឹងថាអាចទទួលបានការទាក់ទាញទឹកចិត្តពីអ្នកវិនិយោគ សរអា។ «ខ្ញុំជឿជាក់ថាវេទិកានេះ ទីមួយអាចជួយជម្រុញទំនាក់ទំនងពាណិជ្ជកម្មក៏ដូចជាវិនិយោគទុននៅតំបន់អាស៊ាន។ទីពី កម្ពុជាក៏យើងមានចំណេញដែរព្រោះយើងជាម្ចាស់ផ្ទះ ហើយគេទៅកម្ពុជាដូច្នេះគេនឹងឃើញសភាពការណ៍ ជាក់ស្តែងនៅកម្ពុជាហើយអាចនឹងមានក្រុមហ៊ុនគេនឹងមានគោលបំណងដើម្បីនឹងបណ្តាក់ទុននៅស្រុក ខ្មែរដែរ»។ លោក Anthony Nelson នាយករងផ្នែកកិច្ចការទំនាក់ទំនងនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន ក្នុងប្រទេសអាមេរិក ហៅថា Asean Business Council បានថ្លែងប្រាប់វីអូអេថាក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះតំណាងក្រុមហ៊ុន សរអា ជាច្រើននឹងធ្វើដំណើរទៅកាន់កម្ពុជាដើម្បីកិច្ចប្រជុំអំពីបញ្ហាពាណិជ្ជកម្មនានា។ «ពួកគេពិតជាសម្លឹងមើលឱកាសដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មហើយក៏ចូលផងដែរក្នុងកិច្ចពិភាក្សាផ្តោះប្តូរយោបល់ទៅវិញទៅមករវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល»។ លោក លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាលា Gerald Ford School of Public Policy នៃសាកលវិទ្យាល័យ Michigan បានថ្លែងថា ប្រទេសកម្ពុជាត្រូវពង្រឹងច្បាប់ នីតិរដ្ឋ និងការតាំងចិត្តប្រាកដប្រជាមួយចំនួនដើម្បីទទួលបានទំនុកចិត្តពីអ្នកវិនិយោគ។ «អ្នកវិនិយោគឯកជនសំឡឹងមើលជាសំខាន់នោះគឺផលចំណេញ និង សុវត្ថិភាព។ ដូច្នេះ បន្ថែមពីលើការបង្ហាញថា លោកស្រីរដ្ឋមន្ត្រីការបរទេសសរអាហ៊ីលឡារី គ្លីនតុន និងពាណិជ្ជករសរអាចាប់អារម្មណ៍អំពីមូលដ្ឋានសេដ្ឋកិច្ចច្បាស់លាស់នោះ ខ្ញុំគិតថា បញ្ហាប្រសើរបំផុត គឺថា ប្រទេសកម្ពុជា និងប្រទេសជិតខាងក្នុងសមាគមអាស៊ានអាចបង្ហាញនោះគឺសញ្ញាប្តេជ្ញាចិត្តដ៏ពិតប្រាកដ ដើម្បីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីអនុវត្តកិច្ចសន្យា ហើយក្រៅពីនេះគឺត្រូវកសាងច្បាប់ នីតិរដ្ឋ ដែលជាអំណោយផលចំពោះសន្តិសុខ និងការវិនិយោគក្នុងតំបន់»។ លោក ជៀម យាប អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុសភា បានអះអាងថាកម្ពុជាបានធ្វើច្បាប់ជាច្រើនតាមកម្រិតស្តង់ដារអន្តរជាតិ និងអង្គការ ពាណិជ្ជកម្មពិភពលោក WTO ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើនដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជា។ លោកថ្លែងថារោងចក្រ សហគ្រាសបរទេសដែលកំពុងដំណើរការ មានជាង៥៤០ ដែលទទួលបានការជឿទុកចិត្តពីកម្ពុជាទាក់ទងនឹងសន្តិភាព សុវត្ថិភាព។ «កម្ពុជានឹងក្លាយជានីតិរដ្ឋបណ្តើរៗ ដោយសារច្បាប់អ្វីៗទាំងអស់ដែលមានការពាក់ព័ន្ធទៅនឹងសង្គមរបស់កម្ពុជា ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម ឬក៏វិនិយោគរបស់បរទេស យើងមានច្បាប់គ្រប់គ្រាន់។ ហើយទន្ទឹមនេះទៀត យើងឃើញថា សុខសន្តិភាពពេញលេញហ្នឹងគឺជាការលើកទឹកចិត្តដល់វិនិយោគគិនទាំងជាតិនិងអន្តរជាតិ»។ កម្ពុជាត្រូវគេដឹងថា នាំចេញផលិតផលរបស់ខ្លួនភាគច្រើនជាសម្លៀកបំពាក់ទៅកាន់ទីផ្សារអាមេរិកជាង២ពាន់លានដុល្លារនៅឆ្នាំកន្លងទៅនេះ តែសរអានាំចូលមកកម្ពុជាមានតែជាង១៥០លានដុល្លារប៉ុណ្ណោះ។ ប្រទេសចិនជាប្រទេសនាំមុខគេក្នុងការធ្វើវិនិយោគ ក្នុងប្រទេសកម្ពុជា។ ប្រទេសកូរ៉េខាងត្បូង និងអឺរ៉ុបឈរក្នុងលំដាប់លេខរៀងបន្តបន្ទាប់។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |