VOA News: ព័ត៌មាន: “សម្ព័ន្ធភាព​សហភាព​សហជីព​កម្ពុជា​បែកបាក់” plus 2 more

VOA News: ព័ត៌មាន: “សម្ព័ន្ធភាព​សហភាព​សហជីព​កម្ពុជា​បែកបាក់” plus 2 more


សម្ព័ន្ធភាព​សហភាព​សហជីព​កម្ពុជា​បែកបាក់

Posted: 04 Jul 2012 12:37 AM PDT

សហភាព​សហជីព​កម្ពុជា​របស់​លោករ៉ុង ឈុន ​និង​លោក​ជា មុន្នី ​នៅ​ទីបំផុត​បានប្រកាស​បញ្ឈប់​ការចងសម្ព័ន្ធ​ជាមួយ​គ្នា​ នៅ​ក្នុង​ខណៈពេល​ដែល​ដំណើរការ​បោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣ កំពុង​តែខិតជិត​មក​ដល់។

សហភាព​សហជីព​កម្ពុជាត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦ រវាង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​របស់​លោក​រ៉ុង ឈុន ​និង​សហជីពសេរី​កម្ពុជា​របស់​លោក​ជា មុន្នី។

កន្លងមក​សហភាព​សហជីព​កម្ពុជា មាននិន្នាការ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​សំឡេង​ឆ្នោត​ពី​ក្រុម​កម្មករ​សម្រាប់​គណបក្ស​ជំទាស់។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧​ កន្លងទៅនេះ​លោក​ជា មុន្នី បានចោទប្រកាន់​ថា​នៅ​ក្នុង​រយៈពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ សកម្មភាព​របស់​សហជីប​កម្ពុជា CCU ជា​រឿយ​ៗ​ បានដើរផ្ទុយ​ពី​គោលបំណង និង​គោលដៅ​របស់​សហជីប​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទាមទារ​ឲ្យ​គិតគូរ​ទៅ​ដល់​ឧត្តម​ប្រយោជន៍​របស់​កម្មករ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា សហជីព​សេរីកម្មករ​បានបញ្ជាក់​ថា​ចាប់​ពីពេល​នេះ​តទៅ​នឹង​បញ្ឈប់​ការចងសម្ព័ន្ធភាព​ជាមួយ​នឹង​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា និង​មិនស្ថិត​នៅ​ក្រោម​ដំបូល​នៃ​ស្ថាប័ន​សហភាព​សហជីប​កម្ពុជា​នោះ​ទៀត​ឡើយ។

លោក​ជា មុន្នី ប្រធាន​សហជីប​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​បញ្ឈប់​ការចង​សម្ព័ន្ធភាព ដោយសារ​តែ​ការស្នើសុំ​ចុះ​បញ្ជីការ​រវាង​សម្ព័ន្ធ​អ្នកទាំងពីរ​នៅ​ឯ​ក្រសួង​ការងារ​ត្រូវ​បានបដិសេធ​ ដោយសារ​តែ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ត្រូវ​ការចុះបញ្ជីការ​នៅ​ឯក្រសួង​មហាផ្ទៃ។ សហជីប​សេរីកម្មករ​ចុះបញ្ជីការ​នៅ​ក្រសួង​ការងារ។

«យើង​នៅ​ពេល​ដែល​គេ​មិន​ឲ្យ​បញ្ជីការ យើង​ធ្វើការ​បែក​គ្នា​មែន​ពិត។ ប៉ុន្តែអ្វី​ៗ​ នៅតែ​ជា​ការសហការ​គ្នា​ទៅវិញ​ទៅមក​ទេ ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ជាតិ»។

លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពេល ​ដែល​លោក​ដឹកនាំ​ការតវ៉ា​របស់​ក្រុមកម្មករ​នៅ​រោងចក្រ​មួយ​នៃ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ថា លោក មាន​ការសោកស្តាយ​ចំពោះ​ការបញ្ឈប់​ការចងសម្ព័ន្ធភាព​គ្នា​នេះ។ ក៏ប៉ុន្តែ​លោក​រ៉ុង ឈុន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ទេ។

«ខ្ញុំ​មិន​បាន​ដឹងច្បាស់​អំពី​មូលហេតុ​អ្វី​ដែរ ជុំវិល​ការដែល​សុំ​លាចេញ​ពី​សហភាព​សហជីប​កម្ពុជា។ ពីព្រោះ​កន្លងមក​ដែល​យើង​ទិសដៅ​ដើរស្រប​គ្នា ប៉ុន្តែ​ពេលនេះ​យើង​មិន​ដឹង​ពី​មូលហេតុ ហើយ​ក៏​យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ»។

លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បែក​ផ្លូវគ្នា​រវាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ភាគច្រើន​មាន​ការលូកដៃ​ពី​គណបក្ស​នយោបាយ ដោយសារ​តែ​សង្គមស៊ីវិល​ទាំងនោះ​ចង់បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។

«សុំ​ឲ្យ​សង្គមស៊ីវិល​ទាំងអស់ សមាគម​ទាំងអស់​ដែល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ចង់ជួយ​ប្រជាពលរដ្ឋ​យើង គឺ​សមាគម​នៅ​ក្នុង​សហជីប​ហ្នឹង គឺយើង​ត្រូវ​រួបរួម​គ្នា​នៅ​ក្នុង​កាលៈទេសៈ​នេះ។ បើ​យើង​មិនរួបរួម​គ្នា​ទេ គឺ​យើង​ពិបាក​នឹង​ធ្វើ​ការបម្រើ​ឲ្យ​ផលប្រយោជន៍​ឲ្យ​សមាជិក​រៀង​ៗ​ខ្លួន​ណាស់»។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាព​ឯករាជ្យ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា​លោ​ជា មុន្នី ចង់​បាន​ឯករាជ្យ​របស់​ខ្លួន​កុំឲ្យ​ឋិត​នៅ​ក្រោម​ស្លាប​របស់​លោក​រ៉ុង ឈុន។ លោក​បាន​មានប្រសាសន៍​ថា​ប្រសិន​ណា​បើ​សហជីប​មួយៗ កសាង​កម្លាំង​រៀង​ៗ​ខ្លួន ដើម្បី​ការពារ​ឲ្យ​ផលប្រយោជន៍​ក្រុមកម្មករ​ គឺ​ជា​ការ​ល្អ​ប្រសើរ​មួយ។

«ខ្ញុំ​ថា​សម្រាប់​សមាជិក​សហជីព​រៀងៗ​ខ្លួន ​ខ្ញុំ​ថា​ល្អ​ប្រសើរ​ជាង​ ព្រោះ​អាច​ផ្ចង់​អារម្មណ៍​ទៅ​រក​ប្រយោជន៍ និង​ការពារ​សិទ្ធ​របស់​សមាជិក​រៀងៗ​ខ្លួន​គឺ​រឹតតែ​ប្រសើរ​ជាង»។

លោក​ រ៉ុង ឈុន និង​លោក​ ជា មុន្នី កន្លងមក​ធ្លាប់បាន​ដឹកនាំ​ការចូលរួម​ធ្វើបាតុកម្ម​របស់​ក្រុម​កម្មករ​ និងធ្វើ​ការតវ៉ា​ផ្សេង​ៗ​ជាមួយ​គ្នា​។ ក៏ប៉ុន្តែ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ​អ្នក​ទាំងពីរ​មិនសូវ​មាន​ការ​ជួប​មុខ​គ្នា​ទេ​នៅ​ក្នុង​ពេល​ដែល​មាន​ការ​តវ៉ា​ផ្សេងៗ៕

This posting includes an audio/video/photo media file: Download Now

អាជ្ញាធរ​រកឃើញ​កន្លែង​ផលិត​គ្រឿង​ញៀន​នៅ​កំពង់​ស្ពឺ

Posted: 04 Jul 2012 12:21 AM PDT

ក្រុម​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ និង​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​បានរកឃើញ​ទីតាំង​ផលិត​ថ្នាំញៀន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​មិន​បានចាប់​ជន​សង្ស័យ​ណា​ម្នាក់​នោះ​ទេ។

ទីតាំង​ផលិត​គ្រឿងញៀន​នោះ​ស្ថិត​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមជ្រូក​មួយ​នៃ​ភូមិ​កូនត្រុំ ឃុំអូរ ស្រុក​ភ្នំស្រួច ដែល​ស្ថិត​នៅ​ចម្ងាយ​៧៨ គីឡូម៉ែត្រ​ខាងលិច​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ការចុះបង្រ្កាប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​សមត្ថកិច្ច​មិនបាន​រកឃើញ​ធាតុផ្សំ​នៃ​គ្រឿងញៀន​ដែល​នៅ​សេសសល់​ច្រើន​នោះ​ទេ ក៏ប៉ុន្តែ​បានរកឃើញ​ឧបករណ៍​ផលិត​គ្រឿងញៀន​ជា​ច្រើន។

លោក​វីរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដែល​បានដឹកនាំ​ប្រតិបត្តិ​ការ​នេះ​ជាមួយ​ក្រុម​ប៉ូលិស​មាន​ប្រសាសន៍​ថា ឆ្មាំ​ចាំ​កសិដ្ឋាន​ម្នាក់​បានរាយការណ៍​ជូន​អាជ្ញាធរ​បន្ទាប់​ពី​ឆ្មាំ​កសិដ្ឋាន​រូប​នោះ​ធំក្លិន​ចម្លែក​ខ្លាំង​ក្នុង​កសិដ្ឋាន​នេះ។

«ក្នុងនោះ​មាន​ទឹក​គាត់​បាន​ចាក់ចូល​នៅ​ក្នុង​ប្រឡាយ ហើយ​ម្សៅ​ក៏បាន​ចាក់ចូល​នៅ​ក្នុង​ប្រឡាយ​ដែរ ហើយ​យក​ដី​កប់។ ខ្ញុំ​ឃើញ​មាន​តែ​សម្ភារៈ​របៀប​ផលិត​ហ្នឹង​នៅ​មាន មានធុង​ មានអី​ផ្សេង​ៗ​ច្រើន​ដូច​ជា​ធុងជ័រ​ចំណុះ​មួយ​រយ​លីត្រ​ចំនួន​៧១​ធុង និង​ចំណុះ​៥០​លីត្រ​ចំនួន​១១​ធុង និង​ថង់​ដែល​ហៅថា​ការ៉ុង​ជាតិ​ផ្សៅ​ហ្នឹង​មាន​ចំនួន​១២០​ការ៉ុង និង​មួយចំនួនទៀត​គាត់​ធ្វើ​ការចាក់​ចោល​ទឹក ហើយ​នឹង​កប់​សារធាតុ​នេះ​នៅ​ក្នុង​ប្រឡាយ​ទាំង​អស់»។

លោក ចាន់ ដា មាន​ប្រសាសន៍​ថា ក្រុម​សមត្ថកិច្ច​កំពុង​តាម​រកចាប់ខ្លួនជនជាប់សង្ស័យនៅឡើយ។

មានក្លិនឆួលយ៉ាងខ្លាំង​នៅ​ក្នុង​បន្ទប់​ផលិត​គ្រឿងញៀន​ដែល​ស្ថិត​ក្នុង​រោង​ផ្ទាល់ដី​សង់​បណ្តោយ​ថ្ងៃ។ ក្នុង​រោង​នេះ​មាន​ការសង់​ជា​បន្ទប់​ខណ្ឌ​មាន​សណ្ឋាន​ដូច​ជា​ទ្រុង​ចិញ្ចឹមជ្រូក។មាន​ចំហាយ​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​យ៉ាងខ្លាំង​នៅទីនេះ។

ក្នុង​កសិដ្ឋាន​ដដែល​ព័ទ្ធជុំវិញ​ដោយ​របង​ថ្ម និង​បិទទ្វារ​ជិត​ដែល​អ្នក​ភូមិ​មិនអាច​មើល​ឃើញ ពី​ក្រៅ​បាន​ទេ។ មាន​រោងប្រក់​សង្កសី​ដូច​ៗ​គ្នា​នេះ​ជា​ច្រើន​ទៀត ហើយ​រោង​មួយ​ចំនួន​ត្រូវ​ប្រើ​ជា​ឃ្លាំង​សម្រាប់​ផ្ទុក​សារធាតុផ្សុំ​របស់​គ្រឿងញៀន។

ក្រុម​បច្ចេកទេស​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការពិសោធន៍​បឋម​នៅ​ទីកន្លែង​ដែល​រក​ឃើញ​នេះ។ ប៉ុន្តែ​មិនទាន់​មាន​ការសន្និដ្ឋាន​ជា​ផ្លូវការ​នៅ​ឡើយ។

លោក ម៉ែន សុផល ប្រធាន​បច្ចេកទេស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ថា គ្រឿងញៀន​ផលិត​នៅទីនេះ​អាច​ជា​ប្រភេទ​គ្រឿងញៀន​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា ម៉េតំហ្វេតាមីន​ទឹកកក។

«ដូច​ជា​កែវ​បាឡុង ទុកយូរណាស់ ពីតុងអាស៊ីត ហើយ​សាធាតុ​មួយ​ចំនួន​ ឈើធុង ពីតុង​អាស៊ីត​ហ្នឹង វា​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ដល់​គ្រឿង​ញៀន។ គ្រឿង​ញៀន​នេះ បើ​វា​ផលិត​ចេញ​មក​គឺ​ម៉េតំហ្វេតាមីន​ទឹកក។ អាហ្នឹង​វា​មាន​ផលប៉ះពាល់​ច្រើន​ណាស់ ប៉ះពាល់​ដល់​សរសៃ​ប្រសាទ អារម្មណ៍​មិន​នឹងនរ​ពេល​ដែល​យើង​ប្រើ​គ្រឿងញៀន​ហ្នឹង​ទៅ​គឺ​ប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាង​ខ្លាំង​បំផុត»។

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​ទីតាំង​ផលិត​គ្រឿងញៀន​ផង និង​សម្រាប់​ការរត់ពន្ធ​គ្រឿងញៀន​ឆ្លងកាត់​ផង។

កាល​ពី​ប៉ុន្មាន​ខែ​មុន​ក្រុម​សមត្ថកិច្ច​កម្ពុជា​បានរកឃើញ​ទីតាំង​ផលិត​គ្រឿងញៀន​ក្នុង​ក្រុងភ្នំពេញ។ ដោយឡែក​អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួងមហាផ្ទៃ​ខ្មែរ​បាន​ចាប់​បាន​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន​ចំនួន​ប្រមាណ​ប្រាំមួយ​តោន​នៅ​ក្នុង​ស្រុក​ភ្នំស្រួច​នេះដែរ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ម្សៅ​គ្រឿងញៀន​ទាំងនោះ​ត្រូវ​បាន​រកឃើញ​ចម្ងាយ​ប្រមាណ​តែ​ពីរ​គីឡូម៉ែត​ប៉ុណ្ណោះ ពី​ទីតាំង​រក​ឃើញ​ថ្មី​នេះ។

ដោយឡែក​ថ្មី​នេះ​ការសែត The Age របស់​ប្រទេស​អូស្រ្តាលី​បាន​ភ្ជាប់​ការរត់ពន្ធ​គ្រឿងញៀន​ពី​កម្ពុជា​ទៅ​អូស្រ្តាលី​ជាមួយ​នឹង​លោក​ឧញ៉ា ហ៊ុន តូ ក្មួយប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន។ ក៏ប៉ុន្តែ​លោក ហ៊ុន តូ បានច្រានចោល​ការផ្សព្វផ្សាយ​នោះ៕

This posting includes an audio/video/photo media file: Download Now

​ប៉ូលិស​កម្ពុជា​បំពាក់​ឧបករណ៍​តាមដាន​ជនល្មើស​អន្តរជាតិ

Posted: 03 Jul 2012 11:52 PM PDT

ប្រទេស​កម្ពុជា​និង​វៀតណាម​ជា​ប្រទេស​ដំបូង​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​១០​ ដែល​គេ​ដឹង​ថា​បាន​សាក​ល្បង​បំពាក់​គ្រឿង​ឧបករណ៍​ទំនើប​គឺ​ប្រព័ន្ធ​ទិន្នន័យ​ពិភពលោក​របស់​ប៉ូលិស​អាំងទែរប៉ូល​អន្តរជាតិ​ដើម្បី​គ្រប់គ្រង​ព្រំដែន​ឬ​ទប់ស្កាត់​បទល្មើស​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងៗ។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន​និង​ការអះអាង​របស់​មន្ត្រី​កម្ពុជា។

ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​របស់​អាំងទែរប៉ូល​មាន​ផ្ទុក​ទិន្នន័យ​ជាង​៣០លាន​មកពី​ ប្រទេស​ចំនួន​១៥០​ រួម​ទាំង​ព័ត៌មាន​អំពី​លិខិត​ធ្វើ​ដំណើរ​ដែល​ត្រូវគេ​លួច​និង​បាត់បង់​ផង​ដែរ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​តាមរយៈ​គម្រោង​ សាកល្បង​ទាំង​១៦​កន្លែង​ដែល​ស្ថិត​នៅឆ្ងាយ​ក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​ត្រូវ​ភ្ជាប់​បណ្តាញ​ជាមួយ​ប្រព័ន្ធ​ទំនាក់​ទំនង​ពិភពលោក​នៃ​កិច្ចការ​សន្តិសុខ​របស់​ប៉ូលិស​អាំងទែរប៉ូល​ដែល​គេ​ស្គាល់​ថា​ I-24/7។

«ក្នុង​ឋានៈ​ជា​ប្រទេស​សាកល្បង​នៃ​គម្រោង​នេះ​កម្ពុជា​និង​វៀតណាម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រីក​ប្រព័ន្ធ​ផ្លាស់ប្តូរ​ព័ត៌មាន​ប៉ូលិស​អាំងទែរប៉ូល​ដល់​ប្រទេស​អាស៊ាន​នានា​ផង​ដែរ»។

លោក​ឧត្តម​សេនីយ៍ឯក​ សុខ ផល​អគ្គស្នងការ​រង​នគបាល​ជាតិ​ទទួល​ស្គាល់​ថា​ មាន​ការបំពាក់​ឧបករណ៍​អាំងទែរប៉ូល​មែន​ពេលសុំ​ការបំភ្លឺ។

«បាន​ន័យ​ថា​ប្រទេស​ពីរ​ដែល​ទទួលយក​ឧបករណ៍​របស់​អាំងទែរប៉ូល​ហ្នឹង​ ឈាន​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០»។

លោកឧត្តមសេនីយ​ សុខ ផល​បដិសេដ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដោយសារ​ថា​ នេះ​ជា​កិច្ចការ​សន្តិសុខ​ជាតិ។

ទោះជាយ៉ាងណា​ក៏ដោយ​បើតាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​ប៉ូលិស​អាំងទែរប៉ូល​ ប្រព័ន្ធ​បច្ចេកវិទ្យា ​I-24/7 អាច​ផ្តល់​ឲ្យ​អាជ្ញាធរ​ប៉ូលិស​នៅលើ​ពិភពលោក​ផ្លាស់ប្តូរ​ព័ត៌មាន​និង​ផ្តល់​ទិន្ន័យ​ឲ្យគ្នា​ទៅវិញ​ទៅមក​នៅពេល​វេលា​ណា​ក៏បាន​ជា​រៀងរាល់​ថ្ងៃ​ ប្រកប​ដោយ​សុវត្ថិភាព​និង​យ៉ាង​រហ័ស​ផង។

«ប្រព័ន្ធ​ I-24/7 ​គឺជា​បណ្តាញ​ដែល​អាច​ឲ្យ​អ្នកស៊ើប​អង្កេត​អាច​ចូល​មើល​ប្រភេទ​ ទិន្នន័យ​ឧក្រិដ្ឋកម្ម​ របស់​ប៉ូលិស​អាំងទែរប៉ូល។​ អ្នកប្រើប្រាស់​ដែល​មាន​ភារកិច្ច​ អាច​រាវរក ​និង​បញ្ជាក់​ទិន្នន័យ​តែ​ក្នុង​ពេល​ប៉ុន្មាន​វិនាទី​ ដោយចូលឆែក​ផ្ទាល់ៗ​ក្នុង​ប្រព័ន្ធ​ ទិន្នន័យ​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន ​ឬ ​ជន​ត្រូវ​តាម​ចាប់​ខ្លួន​ ឯកសារ​ធ្វើ​ដំណើរ​ដែល​ត្រូវ​លួច ​និង​បាត់បង់​ រថយន្ត​ដែល​ចោរលួច​ ក្រយ៉ៅដៃ​ ទិន្នន័យ​ឌីអែនអេ ​ឯកសារ​រដ្ឋបាល​ដែល​ត្រូវ​លួចបាត់​និង​វត្ថុ​សិល្បៈ​ដែល​ចោរ​លួច​ផង​ដែរ»។

ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់​បំពាក់​ឧបករណ៍​ទំនើប​គឺ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្លាស់ប្តូរ​ ព័ត៌មាន​ប៉ូលិស​អាំងទែរប៉ូល​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ ​ព្រលាន​យន្តហោះ ​និង​ប្រើប្រាស់​តាំង​ពី​ខែមិថុនា​ម្ល៉េះ​ ដែល​មាន​ឈ្មោះ​ជនល្មើស​ខ្លះ ​ត្រូវ​រក​ឃើញ​ថា​បាន​ឆ្លងកាត់​កម្ពុជា​និង​វៀតណាម​ហើយ​នីតិវិធី​តុលាការ​កំពុង​ដំណើរការ​រឿង​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!