VOA News: ព័ត៌មាន: “ការដោះលែងអ្នកភូមិបឹងកក់ និងនីតិវិធីតុលាការ (ហេឡូវីអូអេ ០៥ កក្កដា ២០១២)” plus 3 more |
- ការដោះលែងអ្នកភូមិបឹងកក់ និងនីតិវិធីតុលាការ (ហេឡូវីអូអេ ០៥ កក្កដា ២០១២)
- ផលប្រយោជន៍នៃការច្របាច់បញ្ចូលគ្នានិងការចងសម្ព័ន្ធភាពគណបក្ស (ហេឡូវីអូអេ ០២ កក្កដា ២០១២)
- មន្រ្តីតុលាការខ្មែរក្រហមថាគ្មានជនសង្ស័យនឹងត្រូវចោទប្រកាន់ទៀតទេ
- ការផ្ទុះឡើងជំងឺគ្រុនឈាមសម្លាប់កុមារយ៉ាងតិច៤៥នាក់
ការដោះលែងអ្នកភូមិបឹងកក់ និងនីតិវិធីតុលាការ (ហេឡូវីអូអេ ០៥ កក្កដា ២០១២) Posted: 07 Jul 2012 11:48 AM PDT <!--AV--> ក្រុមអ្នកវិភាគនិយាយថា ការចាប់ខ្លួននិងកាត់ទោសអ្នកភូមិបឹងកក់១៣នាក់ដោយភាពមិនប្រក្រតីគឺឧទាហរណ៍អាក្រក់សម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា។ នេះជាការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដាឆ្នាំ ២០១២ស្តីអំពី «ការដោះលែងអ្នកភូមិបឹងកក់ និងនីតិវិធីតុលាការ»។ <!--IMAGE-LEFT--> ទាំងលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូបានអះអាងថា ការចោទប្រកាន់ប្រជាពលរដ្ឋបឹងកក់ថាបានចូលទៅកាន់កាប់អចលនទ្រព្យខុសច្បាប់ ហើយប្រឆាំងនឹងមន្ត្រីសាធារណៈ គឺជាការខុសឆ្គង ដោយសារទីនោះជាដីរបស់ពលរដ្ឋដែលកំពុងទាមទារឲ្យអាជ្ញាធរប្រគល់ជូន បន្ទាប់ពីការរិបអូសនិងការបណ្តេញចេញ។ ហើយមួយវិញទៀត អ្នកភូមិមិនបានប្រឆាំងនឹងអាជ្ញាធរសាធារណៈទេ គឺអាជ្ញាធរទេដែលមកបង្រ្កាបពលរដ្ឋ។ អ្នកវិភាគទាំងពីរបានអះអាងថា ការកាត់ទោសដ៏ឆាប់រហ័សរបស់តុលាការទាំងពីរថ្នាក់ក្រោយពីមានសម្ពាធឲ្យមានការដោះលែងជាអន្តរជាតិនេះគឺជារឿងប្រញាប់ប្រញាល់ដ៏គួរឲ្យឆ្ងល់។ This posting includes an audio/video/photo media file: Download Now |
ផលប្រយោជន៍នៃការច្របាច់បញ្ចូលគ្នានិងការចងសម្ព័ន្ធភាពគណបក្ស (ហេឡូវីអូអេ ០២ កក្កដា ២០១២) Posted: 07 Jul 2012 11:28 AM PDT <!--AV--> គណបក្សនយោបាយពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កំពុងស្វះស្វែងរកវិធីដើម្បីបង្រួបបង្រួមគ្នាប្រយោជន៍ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតជាតិក្នុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។ <!--IMAGE-LEFT--> ការលើកឡើងនេះកើតមានក្រោយពីទទួលបានជ័យជម្នះតិចតួចក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមុន។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពន្យល់ក្នុងនាទីហេឡូវីអូអេនៅយប់នេះពីសារៈសំខាន់នៃការបង្រួបបង្រួមគ្នានិងវិធីសាស្ត្រក្នុងការគ្រប់គ្រងគណបក្សនយោបាយដើម្បីឈានទៅយកជ័យជម្នះ។ This posting includes an audio/video/photo media file: Download Now |
មន្រ្តីតុលាការខ្មែរក្រហមថាគ្មានជនសង្ស័យនឹងត្រូវចោទប្រកាន់ទៀតទេ Posted: 07 Jul 2012 06:04 AM PDT មន្រ្តីអាជ្ញាធរ និងមន្ត្រីផ្លូវការរបស់សាលាក្តីខ្មែរក្រហមបាននិយាយធានាទៅដល់អតីតកងទ័ពខ្មែរក្រហមនៅក្នុងស្រុកអន្លង់វែង នៅថ្ងៃព្រហស្បតិ៍នេះថា នឹងពុំមានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតទេ។ អតីតកងយោធាខ្មែរក្រហមមួយចំនួនបានសម្តែងកង្វល់ចំពោះការចាប់ខ្លួនជនសង្ស័យជាបន្តទៀត ដែលទាក់ទងទៅនឹងអំពើព្រៃផ្សៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត។ កង្វល់ដែលលាតត្រដាងនៅក្នុងវេទិកាសាធារណៈដែលរៀបចំដោយសាលាក្តីខ្មែរក្រហមនៅផ្ទះតាម៉ុក នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្ទះនេះបានក្លាយទៅជារមនីយដ្ឋានប្រវត្តិសាស្ត្រមួយ។ លោក សាន រឿន បានថ្លែងនៅក្នុងចំណោមអ្នកដែលចូលរួមនៅក្នុងវេទិកានេះប្រមាណជាង២០០នាក់។ «ការកាត់ទោសមេខ្មែរក្រហមជាន់ខ្ពស់ទាំងនោះ មានតែប៉ុន្មានរូបទេ។ ក៏ប៉ុន្តែទស្សនៈមហាជន គឺមិនស្រួលទេ។ មិនស្រួលៗ មាន០១០ មាន០២០តៗទៀត គឺនៅតែមានការភ័យខ្លាចតែអញ្ចឹង។ ខ្ញុំឡើងមកនេះចង់សួរថាតើមានទោសប៉ុន្មានទៀតសម្រាប់ទៅថ្ងៃមុខទៀត»។ លោក សាន រឿង បច្ចុប្បន្នអាយុ៦០ឆ្នាំ គាត់បានចូលក្នុងចលនាតស៊ូទ័ពព្រៃជាមួយនឹងពួកកុម្មុយនិស្តខ្មែរក្រហមនៅឆ្នាំ១៩៧២។ គាត់បានបាត់បង់ជើងឆ្វេងម្ខាងនៅក្នុងអំឡុងពេលសង្គ្រាម។ លោក សាន រឿង គាំទ្រការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងជំរុញឲ្យមានការពន្លឿនការកាត់ទោសពួកគេ។ ក៏ប៉ុន្តែលោកបានស្នើសុំឲ្យសាលាក្តីខ្មែរក្រហមពិចារណាការកាត់ទោសជនទាំងនេះមុននឹងសម្រេចផ្តន្ទាទោសពួកគេ។ «ជាគុណវិបត្តិរបស់គាត់ដែលគាត់បានប្រព្រឹត្តប្រល័យពូជសាសន៍។ ក៏ប៉ុន្តែជាគុណសម្បត្តិរបស់គាត់កន្លងមក គាត់ណែនាំថាយើងត្រូវសាមគ្គីគ្នា។ បើអញ្ចឹងជាគុណសម្បត្តិគាត់ កុំកប់ចោល យើងត្រូវតែលើកយកមកនិយាយ ដើម្បីឲ្យមតិសាធារណជន អង្គការសហប្រជាជាតិគាត់មើលឃើញការការពារទឹកដី ការពារព្រៃឈើ ការពារបរិស្ថាន។ ជំនាន់យើងនៅ បងប្អូនអើយធ្វើដំណើរពីភ្នំដងរែកទៅស្រុកខ្មែរ ជួបតែដំរី ជួបតែអណ្តើក ជួបតែសត្វ ជួបតែព្រៃឈើ គ្មានទេវាល។ ប៉ុន្តែបច្ចុប្បន្នព្រៃឈើ វាអស់ហើយ»។ សាលាក្តីខ្មែរក្រហម បានផ្តន្ទាទោសឌុច អតីតប្រធានគុកទួលស្លែង ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះការរកឃើញទោសកំហុសទាក់ទងទៅនឹងការធ្វើទារុណកម្មយ៉ាងឃោរឃៅ និងការសម្លាប់អ្នកទោសយ៉ាងតិច១២,៣៨០នាក់។ ដោយឡែកសំណុំរឿង០០២ ដែលមានជនជាប់សង្ស័យអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស នួន ជា អតីតប្រធានសភា និងខៀវ សំផន អតីតប្រមុខរដ្ឋ។ សំណុំរឿងនេះកំពុងឋិតនៅក្នុងដំណើរការកាត់ទោសនៅឡើយ ហើយសាលាក្តីខ្មែរក្រហមកំពុងតែរៀបចំសំណុំរឿង០០៣ និង០០៤ ជាបន្តទៀត។ ក៏ប៉ុន្តែសំណុំរឿងនេះ ដែលមានជនជាប់សង្ស័យចំនួនប្រាំនាក់បានក្លាយជាប្រធានបទយ៉ាងចម្រូងចម្រាសយ៉ាងខ្លាំងរវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីខ្មែរក្រហម។ នៅក្នុងចំណោមជនជាប់សង្ស័យទាំងនេះ អ្នកស្រី អ៊ឹម ចែម អតីតជំទប់ឃុំមួយរូប នៅស្រុកអន្លង់វែងនេះ ត្រូវគេជឿថាគឺជាជនជាប់សង្ស័យម្នាក់ដែរ។ ក៏ប៉ុន្តែលោកនេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបញ្ជាក់ថា ជនជាប់ចោទដែលត្រូវបានលើកឈ្មោះនៅក្នុងសំណុំរឿង០០៣ និង០០៤ នៅមិនទាន់ទៅជាផ្លូវការដែលសម្រេចដោយសាលាក្តីខ្មែរក្រហមនៅឡើយទេ។ អ្នកចូលរួមវេទិកាម្នាក់ចោទសួរបន្ថែមថា តើអាចនឹងមានការចាប់ខ្លួនជនសង្ស័យលើសពីចំនួនជនសង្ស័យដែលមានស្រាប់សរុបចំនួន១០នាក់ នៅក្នុងសំណុំរឿងទាំងបួននេះដែរ ឬទេ? «ខ្ញុំមានសំណួរចង់សួរថា តើសាលាក្តីខ្មែរក្រហមនៅមានសំណុំរឿងចំនួនប៉ុន្មានទៀត នឹងយកមកអនុវត្តនៅក្នុងសាលាក្តីខ្មែរក្រហម»។ លោក សេង ប៊ុនឃៀង សហព្រះរាជអាជ្ញារងកម្ពុជាបានថ្លែងធានាដល់ការព្រួយបារម្ភយ៉ាងនេះ។ «រាល់ប្អូនទាំងឡាយដែលគ្រាន់តែជាសាច់ញាតិ ឬជាបងប្អូន ឬក៏ជាកូនចៅជំនិត នោះមិនឋិតនៅក្នុងយុត្ថាធិការអង្គជំនុំជម្រះវិសមញ្ញនោះទេ។ អញ្ចឹងសូមបងប្អូនកុំមានការព្រួយបារម្ភចំពោះករណីនេះ»។ ជាមួយគ្នានេះ លោក ឡាស អលសិន មន្ត្រីទំនាក់ទំនងផ្នែកកិច្ចការច្បាប់នៃសាលាក្តីខ្មែរក្រហមបញ្ជាក់ថានឹងពុំមានសំណុំរឿងលើសពីបួនសម្រាប់ការកាត់ទោសនោះទេ។ «ដូច្នេះគឺយើងពុំមានសំណុំរឿងឯណាបន្ថែមលើសំណុំរឿងដែលមានស្រាប់ លើសំណុំរឿង០១, ០២, ០៣ និង០៤នោះទេ»។ ថ្លែងក្នុងពិធីខាងលើនេះដែរ លោក លាង សូដា អភិបាលរងខេត្តឧត្តរមានជ័យពន្យល់ថាការមិនមានចាប់ខ្លួនជនសង្ស័យបន្ថែមគឺជាផ្នែកមួយនៃការគោរពគោលការណ៍ផ្សះផ្សារជាតិ ដែលត្រូវបានធានា និងសន្យាសម្រាប់ការចុះចូលរបស់ពួកខ្មែរក្រហមនៅក្នុងតំបន់អន្លង់វែងនេះ។ «កុំឲ្យមានការព្រួយបារម្ភទាក់ទងទៅនឹងការចោទប្រកាន់ និងចាប់ខ្លួនបងប្អូនប្រជាពលរដ្ឋ។ គោលនយោបាយផ្សះផ្សារជាតិ ស្ថិតនៅជាធរមាននៅឡើយសូមបងប្អូនចងចាំថា មានតែជនដែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរតែប៉ុណ្ណោះ ដែលត្រូវកាត់ក្តីនៅក្រោមច្បាប់ដែលមានចែងនៅក្នុងសាលាក្តីពិសេសនេះ»។ មានការចោទសួរមួយចំនួនទាក់ទងទៅនឹងការដាក់ទោសទណ្ឌជនជាប់ចោទដែលមានវ័យកាន់តែចាស់។ រីឯអ្នកចូលរួមខ្លះទៀត ដែលត្រូវបានចោទសួរបានបង្ហាញពីភាពសោះអង្គើយចំពោះយុត្តិធម៌សម្រាប់សមាជិកនៃក្រុមគ្រួសាររបស់ពួកគេ ជាពិសេសសមាជិកគ្រួសាររបស់ពួកគេដែលបានចូលតស៊ូជាមួយពួកខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
ការផ្ទុះឡើងជំងឺគ្រុនឈាមសម្លាប់កុមារយ៉ាងតិច៤៥នាក់ Posted: 07 Jul 2012 06:09 AM PDT កុមារយ៉ាងតិច៤៥នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាមគិតមកដល់ចុងខែមិថុនាកន្លងទៅនេះ។ មន្ដ្រីសុខាភិបាលកម្ពុជាបានព្រមានពីការផ្ទុះឡើងនៃជំងឺនេះ។ យោងតាមតួលេខផ្លូវការបង្ហាញថា កុមាររងគ្រោះទាំងនោះស្ថិតក្នុងចំណោមកុមារកម្ពុជាចំនួន១០,៣៩៧នាក់ ដែលបានឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិតច ម៉េង ចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថាចំនួនអ្នកឈឺអាចមានការកើនឡើងច្រើនថែមទៀតនៅក្នុងអំឡុងខែកក្កដា ជាខែដែលមានការឆ្លងច្រើនជាងគេ។ «ជាការផ្ទុះរាតត្បាតមួយហើយ អញ្ចឹងយើងបារម្ភ ពី ឬ បីសប្តាហ៍ទៀតអាចសប្តាហ៍ខ្ពស់បំផុត។ ការកម្ចាត់ដង្កូវទឹកជាកាតព្វកិច្ចរបស់គ្រួសារនីមួយៗ ហើយទីពីរជំងឺគ្រុនឈាមមិនអាចព្យាបាលនៅផ្ទះទេ ទោះបីជាមានគ្រូពេទ្យជំនាញទៅដល់ផ្ទះក៏គាត់ត្រូវបញ្ជូនមកមន្ទីរពេទ្យដែរ»។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថាខេត្តក្រុងដែលមានចំនួនអ្នកកើតជំងឺគ្រុនឈាមនេះច្រើនជាងគេគឺខេត្តកណ្តាល ភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ កំពង់ស្ពឺ សៀមរាប ដោយសារខេត្តទាំងនេះមានសម្បូរ។ ជំងឺគ្រុនឈាមនៅកម្ពុជាតែងតែរាតត្បាតរវាងពីបី ទៅប្រាំឆ្នាំម្តង។ ដូច្នេះនៅក្នុងឆ្នាំ២០១២នេះ គឺជាវដ្ដនៃការផ្ទុះនៃជំងឺគ្រុនឈាម។ ជំងឺនេះបានផ្ទុះឡើងខ្លាំងនៅឆ្នាំ២០០៧ ដែលមានមនុស្សជិត៤ម៉ឺននាក់បានកើតជំងឺនេះ ក្នុងនោះប្រហែលជា៩៥ភាគរយជាកុមារហើយបានធ្វើឲ្យមនុស្សជាង៤០០នាក់ស្លាប់បាត់បង់ជីវិត។ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាក្រុងភ្នំពេញនិងខេត្តសៀមរាបមានកុមារដែលឆ្លងជំងឺគ្រុនឈាម បានកើនឡើងដល់ ១០,៣៧១នាក់ ហើយ៣០នាក់ បានស្លាប់។ នេះ បើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ប៊ិត រិចនើ (Beat Richner) ប្រធានមន្ទីរពេទ្យគន្ធបុប្ជា។ លោកវេជ្ជបណ្ឌិត ប៊ិត រិចនើ បានសម្តែងការព្រួយបារម្ភចំពោះការរាតត្បាតនៃជំងឺនេះ។ «វាពិតជាមានការផ្ទុះជំងឺគ្រុនឈាមនេះហើយ ឥឡូវនេះតួលេខមានចំនួនប្រហាក់ប្រហែលនឹងការផ្ទុះធំនៅឆ្នាំ២០០៧ដែរ។ ហើយការព្រួយបារម្ភរបស់ខ្ញុំ គឺការកើនឡើងនៃជំងឺនេះក្នុងខែកក្កដា ពីព្រោះជាធម្មតាជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់នៅក្នុងខែនេះ»។ មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យដែលទទួលព្យាបាលកុមារមានជំងឺផ្សេងៗច្រើនជាងគេនៅកម្ពុជា ជាពិសេសជំងឺគ្រុនឈាមនិងគ្រុនចាញ់។ រដូវវស្សាចាប់ពីខែមិថុនា រហូតដល់ខែតុលា គឺជារដូវក្នុងការចម្លងនៃជំងឺគ្រុនឈាមខ្ពស់។ ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូសខ្លាដែលកើតចេញពីទឹកថ្លុក ទឹកដក់ក្នុងឧបករណ៍ផ្សេងៗ ដែលគេបោះបង់ចោល។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី ១០,០០០នាក់ ទៅ១២,០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ។ សព្វថ្ងៃនេះនៅពុំទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនឈាមនេះនៅឡើយ។ ដូច្នេះមន្ដ្រីជំនាញផ្នែកសុខាភិបាលផ្តល់យោបល់ថាវិធានការការពារដ៏មានប្រសិទ្ធភាព គឺការកម្ចាត់មូសខ្លាពីជម្រករបស់វា ឬបង្ការមិនឲ្យមូសប្រភេទនេះកើត។ ជម្ងឺគ្រុនឈាមអាចបង្កឲ្យស្លាប់បានប្រសិនបើអ្នកជំងឺមិនត្រូវបានព្យាបាលមុនរយៈពេលមួយសប្ដាហ៍នោះទេ។ ស្របពេលដែលជំងឺគ្រុនឈាមកំពុងតែផ្ទុះឡើង ជំងឺអាថ៌កំបាំងថ្មីមួយទៀតដែលគេពុំទាន់បានស្គាល់នៅឡើយបានសម្លាប់កុមារកម្ពុជា៦០នាក់ ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ មន្រី្តជំនាញនៃមន្ទីរពេទ្យគន្ធបុប្ជាអង្គការសុខភាពពិភពលោក និងមន្រ្តីនៃក្រសួងសុខាភិបាលកម្ពុជាកំពុងតាមដាន ស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនៃជំងឺនោះ និងមូលហេតុនៃការឆ្លងរបស់វា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |