VOA News: ព័ត៌មាន: “អ្នកជំនាញ​ពិសេស​របស់​អ.ស.ប.​មាន​​ការ​តាំងចិត្ត ​និង​សុទិដ្ឋិនិយម​អំពី​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​​” plus 2 more

VOA News: ព័ត៌មាន: “អ្នកជំនាញ​ពិសេស​របស់​អ.ស.ប.​មាន​​ការ​តាំងចិត្ត ​និង​សុទិដ្ឋិនិយម​អំពី​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​​” plus 2 more


អ្នកជំនាញ​ពិសេស​របស់​អ.ស.ប.​មាន​​ការ​តាំងចិត្ត ​និង​សុទិដ្ឋិនិយម​អំពី​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​​

Posted: 05 Jul 2012 06:40 AM PDT

នៅពេល​សាលា​ក្តី​កាត់ទោស​មេដឹក​ខ្មែរក្រហម​ប្រឈម​មុខ​ឧបសគ្គ​ជាច្រើន ​ដូចជា​សហ​ចៅក្រម​និង​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​លាឈប់​ពីការងារ​ និង​កង្វះថវិកា​នោះ ​​លោក​បាន់គីមូន អគ្គ​លេខាធិការ​អ.ស.ប.​បាន​តែងតាំង​លោក​David Scheffer ​ជាអ្នកជំនាញ​ពិសេស​ក្នុងសាលាក្តី​កាត់ទោស​មេដឹក​នាំខ្មែរក្រហម។​

លោក​ David Scheffer ​បានសម្តែង​ការតាំង​ចិត្តដ៏មុះមុត​ក្នុង​បេសកកម្ម​​របស់លោក​នៅអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី ​កាត់ទោស​មេដឹកនាំ​របប​កម្ពុជាប្រជា​ធិបតេយ្យ​របស់​ខ្មែរក្រហម។​

ថ្វីបើ​មានសហ​ចៅក្រម​និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ជាបន្តបន្ទាប់​បានលាលែង​ពីការការងារ​នៅសាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ក្តី ​លោក​ David Scheffer​នៅ​បង្ហាញសុទិដ្ឋិនិយម​ប្រាប់​វីអូអេ ​កាល​ពីពាក់​កណ្តាល​ខែ​មិថុនា​នេះ​ថា៖​

«ករណី​ចៅក្រម​ស៊ើប​អង្កេត​ពីរនាក់​នេះ​ ខ្ញុំគិត​ថា​ ពិតជា​មាន​បញ្ហា​ តែ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំងនេះ។​ នេះ​ជា​កិច្ចការ​លំបាក​  វែង ​ឆ្ងាយ ​ តែ​មិន​មែន​ជាឧបសគ្គ​ដែល​ធ្វើឲ្យស្ទះ​ដំណើរការ​សាលាក្តី​នេះ​ទេ។ វា​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវជំនះ។​ យើង​អាច​ជំនះឧបសគ្គ​នេះ ដោយ​ដាក់​មនុស្ស​ថ្មី​ដែល​អាច​ដោះស្រាយ​ស្ថាន​ការណ៍​នេះ​មាន​ប្រសិទ្ធិភាព​ជាង​អ្នកមុន​ ហើយ​ដែល​អាច​ទទួលបាន​កិច្ចសហ​ប្រតិបត្តិការ​ពីរដ្ឋាភិបាល​ប្រសើរ​ឡើង។ ​នេះជា​របៀប​ដោះស្រាយ​បញ្ហា។ យើង​​បាន​ឆ្លងកាត់​ឧបសគ្គ​នេះ»។

លោក​និយាយ​ថា ​ការលា​ឈប់​របស់ចៅក្រម​ក្នុង​ការកាត់ទោស​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​មិន​មែន​មាន​តែ​នៅតុលាការ​កាត់ទោស​ខ្មែរក្រហម​ទេ។​

David Scheffer​ ជាអតីត​សាស្ត្រាចារ្យ​ច្បាប់នៅ​សាលាច្បាប់ ​North Western University School of Law រដ្ឋ Chicago និង​អតីត​ឯកអគ្គ​រដ្ឋទូត​​គោរចរណ៍​របស់​ស.រ.អា.​ពីឆ្នាំ១៩៩៧​ដល់​ឆ្នាំ២០០១ ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ​ លោកពន្យល់​ថា តាម​បទពិសោធន៍​ ការ​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​តែង​តែមាន​បញ្ហា​​ ដូចជា​នៅរវ៉ាន់ដា ​យូហ្គោស្លាវ ​សេរ៉ាលីអន និង​នៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ។​​

មានការរិះគន់ថា តុលាការ​កាត់ទោស​ខ្មែរក្រហម​ឈាន​ទៅរក​បរាជ័យ​ ប៉ុន្តែ​លោក​David Scheffer ​មិនយល់​ដូច្នោះ​ទេ។​

«តែនៅ​ទីបញ្ចប់ ​លោក​ឃើញ​ថា តើតុលាការ​នេះ​ធ្វើអ្វីខ្លះ?​ មានការ​កាត់ទោស​ឌុច។ ​ការកាត់​ទោស​មេ​ដឹកនាំខ្មែរ​ក្រហម ​ដែលជា​សហការី​កំពូល​របស់​ប៉ុល ពត​ក្នុង​ទសវត្សរ៍​១៩៧០​នោះ​ គឺ​កំពុង​ដំណើរ​ការ។ ​យើងត្រូវ​ចាំមើល​ក្នុង​ពេលច្រើន​ឆ្នាំទៀត​ ទើបអាច​សន្និដ្ឋាន​ថា តុលារការ​នេះជោគ​ជ័យ​ឬបរាជ័យ»។​

ពេល​ផ្សព្វផ្សាយ​សៀវភៅ​របស់លោក ​ដែល​សរសេរ​ពីការ​កាត់ទោស​ឧក្រិដ្ឋកម្ម​ធំៗ​  ​លោក David Scheffer​សង្ខេប​ពីខ្លឹមសារ​សំខាន់ៗ​ក្នុង​សៀវភៅ​របស់​លោកថា ​'សៀវភៅ​All The Missing Souls' និយាយ​ពី​ប្រវត្តិ​ការងារ​របស់​លោក​ទាក់ទង​នឹង​តុលាការ​នៅ​រវ៉ាន់ដា ​យូហ្កោស្លាវ ​សេរ៉លីអូន ​តុលាការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម  ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ធំៗ​ទាំងនេះ។

លោកនិយាយថា៖​

«សៀវភៅ​នេះ​សរសេរ​អំពីកិច្ចការ​ទូត​ ប្រវិត្តិសាស្ត្រ ​រឿង​របស់​មនុស្ស និង​អំពីច្បាប់​ដែល​នាំឲ្យមាន​ការបង្កើត​តុលាការ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាំង៥​នេះ»។​

លោក Maxwell Myman ​ជានិស្សិត​អាមេរិកាំង​ចុះកម្ម​សិក្សានៅ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។ ​ជីតារបស់​លោក​បានរួច​ជីវិតពីឧក្រិដ្ឋ​កម្ម​របស់​អ៊ិត្លែ។

«ដំណើរ​ជីវិត​មនុស្ស​យើងតែង​មាន​កំហុស។​ ដូច្នេះ ​ជាការ​ចាំបាច់​ដែលយើង​ត្រូវ​ទទួលយក​ទស្សនៈ ​អ្នកជំនាញ ​មានបទ​ពិសោធន៍​ដើម្បី​កែតម្រូវ​ការខុស​ឆ្គង​ជាមួយគ្នា។​ ខ្ញុំគិត​ថា​ ជារឿង​សំខាន់​ដែល​យើង​ត្រូវ​រៀនសូត្រ​ពីការ​តស៊ូ​របស់​គាត់​ក្នុងការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ថា ​យើង​សម្រេច​បាន​ផល​ប្រយោជន៍ ​និង​សម្រេច​គោល​ដៅរួម​គឺ​សន្តិភាព ​និង​ការទទួល​ខុសត្រូវ»។​

តុលាការ​ខ្មែរក្រហម​ស្ថិតក្នុង​ដំណើរ​ការ​ជំនុំជម្រះ​សំណុំរឿង​០០២​ កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ​មាននួន​ជា អតីត​ប្រធាន​រដ្ឋសភា ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ អៀង ​សារី អតីត​រដ្ឋ រដ្ឋមន្ត្រី​ការ​បរទេស​និង​អៀង ធីរិទ្ធ ​អតីតរដ្ឋមន្ត្រី​សង្គម​កិច្ច។ ជន​ជាប់ចោទ​ទាំងនេះ​សុទ្ធតែ​មាន​វ័យ​ចំណាស់ ​តែលោក​ David Scheffer ​យល់ថា ​វាមិនមែន​ជាបញ្ហា​ទេ។​

«ចុងចោទ​ចាស់ៗ​មានច្រើន​ក្នុងពិភព​លោក។​ ជួនការគេ​ស្លាប់មុន​កាត់​ទោស។ ​ករណីនេះ​មិនមែន​មានតែ​នៅកម្ពុជា​ទេ។ លោក​មីឡូសុវិច​ស្លាប់​នៅបាល់កង់​ មុនតុលាការ​យូហ្កោស្លាវ​សម្រេច​ទោស។ ​គាត់បាន​ឆ្លងកាត់​សវនាការ​ជំនុំជម្រះ​ទោស​គាត់។ ដូច្នេះ​វ័យ​ចំណាស់​របស់​ជន​ជាប់ចោទ​មិនមែន​ជាឧបសគ្គ​នៃដំណើរ​ការ​កាត់ទោស​ទេ។ ​មេដឹកនាំ​ទាំងនេះ​នៅរស់ ​មាន​សុខភាព​អាចឡើង​តុលាការ​បាន។​ ដូច្នេះ​យើងត្រូវ​ចាំមើល​លទ្ធផល​ដំណើរ​ការ​នេះ​សិន»។​

បញ្ហា​ចម្រោងចម្រាស់​ដែលនាំ​ឲ្យចៅក្រម​អន្តរជាតិ​លាលែង​គឺការមុន​ចុះ​សម្រុង​គ្នា​រវាង​ភាគី​អ.ស.ប.​និងភាគី​កម្ពុជា​អំពី​សំណុំ​រឿង​០០៣​ និង​០០៤៕​

This posting includes an audio/video/photo media file: Download Now

បារាំង​ជាប់​ឃុំ​អាច​កំណត់​បត្យាប័ន​ដោយ​ខ្លួន​ឯង

Posted: 05 Jul 2012 01:34 AM PDT

កម្ពុជា​បានផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ដោយ​ទុក​លទ្ធភាព​ឲ្យ​ជនជាតិ​បារាំង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​តើ​គួរ​សម្រេចចិត្ត​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​បារាំង ឬក៏​ប្រទេសចិន បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​ជនជាតិ​បារាំង​ទៅ​កាន់​ប្រទេស​ណា​ទេ ពោល​គឺ​រក្សា​ទុក​នៅ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បានមាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ឥឡូវ​នេះ​កម្ពុជា​បានទុក​លទ្ធភាព​ឲ្យ​ជនជាតិ​បារាំង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ថា​តើ​គួរ​បញ្ជូន​ទៅ​កាន់​ប្រទេស​ណា​មួយ។ លោក​បានមាន​ប្រសាសន៍​ថា​សុំ​ឲ្យ​មាន​ការយោគយល់​ដល់​កម្ពុជា ពីព្រោះ​ប្រទេស​បារាំង​ក៏​ជា​មិត្ត ហើយ​ប្រទេសចិន​ក៏​ជា​មិត្ត​របស់​កម្ពុជា​ផងដែរ។

«បារាំង គាត់​ការពារ​ពលរដ្ឋ​របស់​គាត់​អញ្ចឹង​ទៅ ឯចិន​ថា​គាត់​បើ​ទៅ​ក៏​មិនមែន​កាត់ទោស​តាម​ច្បាប់ របស់​ចិន​អី​ទេ គាត់​បាន​ផ្តល់​ជា​សក្ខីកម្ម​នៅ​ក្នុង​ច្បាប់​ហ្នឹង។ ឥឡូវ​ជំហរ​ត្រង់ថា សាមីខ្លួន​គាត់​ចង់​ទៅ​ណា ធ្វើ​យ៉ាងម៉េច»។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា កន្លង​ទៅ​នេះ​រដ្ឋាភិបាល​កម្ពុជា​បានចាប់​ខ្លួន​លោក ប៉ាទ្រីក ដឺវីល្ល័រស៍ (Patrick Devillers) អាយុ​៥២​ឆ្នាំ ជនជាតិ​បារាំង​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​នឹង​លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែល​មាន​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេសចិន។

ស្ថានទូត​ចិន និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា មិនអាចសុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ចាប់​ខ្លួន​ជនជាតិ​បារាំង​រូប​នេះ កម្ពុជា​បាន​ធ្វើ​ឡើង​តាមរយៈ​សំណើរ​មួយ​របស់​ចិន​ហើយ​បាន​បន្ត​ឃុំ​ខ្លួន​នៅ​នាយកដ្ឋាន​អន្តរប្រវេសន៍​ក្រសួង​មហាផ្ទៃ។

កម្ពុជា​បាន​ស្នើ​ដល់​ចិន​ឲ្យ​ផ្តល់​ភស្តុតាង​ដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជនជាតិ​បារាំង ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចិន។ ក៏​ប៉ុន្តែ​ភស្តុតាង​ដែល​ចោទប្រកាន់​លោក ប៉ាទ្រីក ដឺវីល្ល័រស៍​មិនទាន់​ត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ទេ ចំណែក​ឯការចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​កម្ពុជា ក៏មិនទាន់​ដឹង​ថា​ចោទ​ប្រកាន់​ពី​បទ​អ្វី​ដែរ។

រដ្ឋាភិបាល​បារាំង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់ខ្លួន​ជនជាតិ​បារាំង​រូប​នេះ ដោយ​បាន​អះអាង​ថា​បារាំង​នឹង​តាមដាន​ដិតដល់​បំផុត​ចំពោះ​ការប្រឆាំង​ណាមួយ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ទៅ​លើ​លោក ប៉ាទ្រីក ដឺវីល្ល័រស៍។

លោក ប៉ាទ្រីក ដឺវីល្ល័រស៍ ធ្លាប់​បាន​រស់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​លោក​ធ្លាប់​មាន​កម្មសិទ្ធ​ដីមួយ​កន្លែង​នៅ​ក្នុង​ទីក្រុងកែប ដែល​កន្លងមក​លោក​មិន​ធ្លាប់​មាន​ការចោទ​ប្រកាន់​អ្វី​ទាំងអស់​ពាក់ព័ន្ធ​ពី​បទឧក្រិដ្ឋ។

លោក ប៉ាទ្រីក ដឺវីល្ល័រស៍ ធ្លាប់មាន​ទំនាក់ទំនង​យ៉ាងជិតស្និត​ជាមួយ​នឹង​លោកស្រី ហ្គោ ហ្គេឡៃ (Go Gailai) ភរិយា​របស់​លោក បូ ស៊ីឡៃ អតីត​អ្នកទោស​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​មួយ​រូប ហើយ​លោក បូ ស៊ីឡៃ កំពុង​ជាប់ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ចិន​ជាន់​ខ្ពស់​ដោយ​ខុស​ច្បាប់។

អ្នកស្រី ហ្គោ ហ្គេឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា​ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​លោក ណេល ហេវូដ (Neil Heywood) ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​មួយ​រូប៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​សុំ​ឲ្យ​ថៃ​ឈប់​ពង្រាយ​ទ័ព​នៅ​តំបន់​គ្មាន​ទ័ព

Posted: 04 Jul 2012 10:26 PM PDT

កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សរសេរ​លិខិត​ជា​បន្ទាន់​មួយ​ទៅ​តុលាការ​ក្រុង​ឡាអេ និង​លិខិត​កំណត់​ទូត​ទៅ​ស្ថានទូត​ថៃ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​ថៃ​នៅ​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន។

យោងតាម​ខ្លឹមសារ​នៃ​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ទៅ​កាន់​លោក ហ្វីលីព ឃូវ័ររុរ៍ (Philippe Couverur) ក្រឡា​បញ្ជី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ និង​ស្ថានទូតថៃ​ប្រចាំ​កម្ពុជា​របស់​លោក​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​ការ​បទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ដាក់ពង្រាយ​កងទ័ព​របស់​ថៃ​គឺ​ជា​ការ​រំលោភ​ទៅ​នឹង​ដីកា​បង្គាប់ ចុះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុងឡាអ។

នៅ​ក្នុង​លិខិតនោះ​ លោក​ហោ ណាំហុង បានភ្ជាប់​សកម្មភាព​របស់​ថៃ​មួយ​ចំនួន​ដូចជា​ការ​ដាក់​ពង្រាយ​លួស​បន្លា​បន្ថែម​ទៀត​នៅ​ទីតាំង​ដែល​ខ្លួន​ធ្លាប់​បានដាក់​កន្លង​មក នៅ​ភាគ​ខាង​ជើង​ជណ្តើរ​ដែក​នៃ​ច្រកចូល​ប្រសាទ​ព្រះវិហារ ហើយ​សកម្មភាព​នេះ​បានធ្វើឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា មាន​ស្នូរ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​បាន​លាន់ឮ​ចេញ​ពី​ទីតាំង​ភាគី​ថៃ ​ហើយ​ប្រាំនាទី​ក្រោយមក​ស្នូរ​គ្រាប់កាំភ្លើង​មួយគ្រាប់ទៀត​បាន​លាន់​ឡើង។

លោក​កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បានមាន​ប្រសាសន៍​ថា​លិខិត​នេះ​បានបញ្ជូន​ចេញ​ពី​កម្ពុជា​រួចហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្តែ​លោក​មិនទាន់ដឹង​ថា​ភាគី​ដែល​ពាក់ព័ន្ធ បានទទួល​លិខិត​នេះ ឬ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។ លោក​បាន​មានប្រសាសន៍​ថា កម្ពុជា​ស្នើសុំ​ឲ្យ​ថៃ​គោរព​ដីកា​បង្គាប់​​របស់​តុលាការ​ក្រុងឡាអេ។

«សូម​បញ្ជាក់​ដែរ​ថា​កម្ពុជា​ស្នើ​ឲ្យ​ប្រទេសថៃ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ព្រោះថា​សកម្មភាព​ទាំងនេះ​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​នេះ។ ហើយ​ស្នើ​ឲ្យ​ថៃ​គោរព​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ​នេះ»។

មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ មួយ​រូប​ដែល​និយាយ​នៅ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​លោក​មិនទាន់​ដឹង​លិខិត​កំណត់​ទូត​តវ៉ា​របស់​ភាគី​កម្ពុជា​នៅ​ឡើយ។

ក្រុម​ការងារ​ចម្រុះ​កម្ពុជា-ថៃ កាល​ពី​សប្តាហ៍​មុន បានបើក​កិច្ចប្រជុំ​ចំនួន​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​ជំលោះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

យោងតាម​សេចក្តីថ្លែងការណ៍​រួម​គ្នា​របស់​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បានបញ្ជាក់​អំពី​ភាព​រីកចម្រើន​តិចតួច ហើយ​ភាគីទាំងពីរ​បាន​សន្យា​ថា នឹង​ធានា​សុខសន្តិភាព និង​សុវត្ថិភាព​នៅ​តំបន់​មានជម្លោះ។

​កម្ពុជា និង​ថៃ​បាន​ឈ្លោះ​ទាស់ទែង​ដណ្តើម​កាន់កាប់​ដី​មួយ​ដុំ​នៅ​ក្បែ​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​បាន​ក្លាយ​ទៅ​ជា​ការប្រយុទ្ធ​បង្ហូរឈាម​ជា​ច្រើន​លើក ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​នៃ​ភាគី​ទាំង​សងខាង​ស្លាប់ និង​រង​របួស៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!