VOA News: ព័ត៌មាន: “ការិយាល័យព័ត៌មានរដ្ឋាភិបាល លែងត្រូវការទៀតហើយនៅតៃវ៉ាន់” plus 4 more |
- ការិយាល័យព័ត៌មានរដ្ឋាភិបាល លែងត្រូវការទៀតហើយនៅតៃវ៉ាន់
- ជម្លោះនៅសមុទ្រចិនខាងត្បូងត្រូវបានបន្ទោសមួយផ្នែកចំពោះការធ្លាក់ចុះធនធានត្រី
- ការបោះឆ្នោតឃុំសង្កាត់ជាមូលដ្ឋានប្រជាធិបតេយ្យ
- ពេលលោកហោ ណាំហុងមកសរអា ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់
- ប្រធានគណៈកម្មការព្រំដែន៖ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមវិវត្តន៍ទៅមុខជាលំដាប់
ការិយាល័យព័ត៌មានរដ្ឋាភិបាល លែងត្រូវការទៀតហើយនៅតៃវ៉ាន់ Posted: 03 Jul 2012 01:55 AM PDT តៃវ៉ាន់បានដកចេញច្បាប់អាជ្ញាសឹកកាលពីជាង២០ឆ្នាំមុន ដើម្បីបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែសញ្ញាមួយរបស់អតីតកាលផ្តាច់ការ ទើបតែសាបរលាបទៅក្នុងប្រវត្តិសាស្រ្ត កាលពីសប្តាហ៍នេះតែប៉ុណ្ណោះ។ ការិយាល័យព័ត៌មានរដ្ឋាភិបាល (Government Information Office) ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន មុនពេលគណបក្សជាតិនិយម (Nationalist Party) បានភៀសខ្លួនទៅតៃវ៉ាន់ បានបំបែក (disbanded) ជាផ្លូវការនៅថ្ងៃទី២០ឧសភា ខណៈដែលលោកប្រធានាធិបតី ម៉ា យីងជឺ (Ma Ying-jeou) ចាប់ផ្តើមអណត្តិទីពីររបស់លោក។ ក្រុមមន្រ្តីនិយាយថា ពួកគេបំបាត់ចោលនាយកដ្ឋាននេះ ដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋាភិបាលនិងធ្វើតាមប្រទេសជិតខាងដែលពុំធ្លាប់មានទីភ្នាក់ងារបែបនោះ។ <!--IMAGE-RIGHT--> ក្រុមអ្នកវិភាគនយោបាយនៅតៃវ៉ាន់ថ្លែងថា តួនាទីជាគន្លឹះរបស់នាយកដ្ឋាននេះកាលពីអតីតកាល ហួសសម័យជាយូរយាណាស់មកហើយ។ តួនាទីទាំងនោះ រាប់បញ្ចូលទាំងការត្រួតពិនិត្យព័ត៌មានក្នុងស្រុក ដោយប្រាប់ក្រុមអ្នកសារព័ត៌មានអំពីអ្វីដែលត្រូវសសេរ ព្រមទាំងការជ្រើសរើសការផ្សាយភាពយន្តគាំទ្រសង្គមតៃវ៉ាន់ សម្រាប់ទស្សនិកជនតៃវ៉ាន់។ ទីភ្នាក់ងារដូចគ្នានេះដែរ ធ្លាប់បានធ្វើអោយរំជើបរជួលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយអំពាវនាវទៅកាន់ពិភពលោកឲ្យធ្វើការគាំទ្រ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានធ្វើឲ្យតៃវ៉ាន់ស្ថិតក្នុងភាពឯកោខាងការទូត។ លោក ដានីញែល ហ័ង (Daniel Huang) អតីតអ្នកតាក់តែងច្បាប់និងធ្លាប់ជាមន្រ្តីមួយរូបនៅក្នុងការិយាល័យព័ត៌មានរដ្ឋាភិបាល បាននិយាយថា លទ្ធិប្រជាធិបតេយ្យបានកាត់បន្ថយសារៈសំខាន់របស់ទីភ្នាក់ងារនេះ។ លោកថ្លែងទៀតថា ចាប់តាំងពីតៃវ៉ាន់ បានអនុញ្ញាតឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យមក ក្រុមអ្នកសារព័ត៌មានក្នុងស្រុក អាចចូលទៅជួបប្រធានាធិបតីដោយផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការិយាល័យព័ត៌មានរដ្ឋាភិបាល ដើម្បីស្នើសុំរដ្ឋាភិបាលឲ្យពន្យល់អំពីគោលនយោបាយក្នុងស្រុកឡើយ។ លោកហ័ង បានឲ្យដឹងទៀតថា ដោយសារតែច្បាប់អាជ្ញាសឹកត្រូវបានដកចេញហើយលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមអនុវត្ត តួនាទីរបស់ការិយាល័យព័ត៌មានក្នុងស្រុក កាន់តែថមថយបនិ្តចម្តងៗ។ គណបក្សជាតិនិយមបានគ្រប់គ្រងតៃវ៉ាន់ ដោយប្រើកណ្តាប់ដៃផ្តាច់ការ ចាប់តាំងពីការបង្កើតរដ្ឋាភិបាលរបស់ពួកគេ កាលពីឆ្នាំ១៩៤៩មកម្ល៉េះ ដោយមានចេតនាចង់ទាមទារទឹកដីចិនដីគោកមកវិញ បន្ទាប់ពីទឹកដីនេះបាត់បង់ទៅក្នុងក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង (Mao Zedong)។ ក្នុងអំឡុងឆ្នាំដំបូងនៃការគ្រប់គ្រងរបស់គណបក្សជាតិនិយមនៅតៃវ៉ាន់ ការិយាល័យព័ត៌មានរដ្ឋាភិបាល បានហាមឃាត់យ៉ាងដាច់អហំការ ចំពោះសារព័ត៌មាន ឬព្រឹត្តិបត្រទាំងឡាយណា ដែលចោទសួរអំពីការគ្រប់គ្រងរបស់គណបក្សជាតិនិយមនេះ។ កិច្ចប្រឹងប្រែងរបស់ខ្លួន គឺជាផ្នែកមួយនៃការបង្ក្រាបយ៉ាងធំធេង ហើយពេលខ្លះអាចបណ្តាលឲ្យស្លាប់ ដែលត្រូវបានស្គាល់ថាជា «អំពើភេរវកម្មពណ៌ស» ឬហៅជាភាសាអង់គ្លេសថា White Terror។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ការិយាល័ដូចគ្នានេះដែរ បានបញ្ឈប់ការបោះពុម្ពផ្សាយដែលបង្កើតឡើងដោយចលនាមួយដែលក្រោយមក បានក្លាយទៅជាគណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យបានចាក់ឬសនៅលើដែនកោះនេះ។ នៅក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីកំនើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សអស់រយៈពេលជាងមួយទសវត្សរ៏រួចមក នៅទីបំផុត តៃវ៉ាន់ បានដកចេញច្បាប់អាជ្ញាសឹកដើម្បីបន្ធូរសម្ពាធពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសម្ព័ន្ធមិត្តមិនផ្លូវការយ៉ាងរឹងមាំរបស់ខ្លួន គឺ សហរដ្ឋអាមេរិក។ កាលពីប៉ុន្មានឆ្នាំមុននេះ ស្ថាប័នជាច្រើនដែលធ្លាប់ត្រូវបានចោទប្រកាន់ពីបទអនុវត្តការគ្រប់គ្រងបែបផ្តាច់ការ ត្រូវបានរំលាយចោលឬរៀបចំឡើងវិញដើម្បីឲ្យសមស្របទៅតាមលទ្ធិប្រជាធិបតេយ្យ។ លោករដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យព័ត៌មានរដ្ឋាភិបាលដែលផុតអណត្តិ លោកហ្វីលីព យ៉ាង (Philip Yang) មានប្រសាសន៍ថា បន្ទាប់មក ទីភ្នាក់ងាររបស់លោកបានផ្លាស់ប្តូរជាអ្នកបម្រើក្នុងវិស័យព័ត៌មានសេរី និងប្រើប្រាស់ការបោះពុម្ពផ្សាយក្នុងស្រុកដើម្បីផ្សព្វផ្សាយពីតៃវ៉ាន់នៅឯក្រៅប្រទេស។ លោកប្រធានាធិបតី ម៉ា យីងជឺ បានថ្លែងក្នុងពិធីលាគ្នារបស់ការិយាល័យព័ត៌មានរដ្ឋាភិបាលថា ជោគវាសនារបស់នាយកដ្ឋាននេះ កំពុងចោទជាបញ្ហាចាប់តាំងពីថ្ងៃដែលច្បាប់អជ្ញារសឹកត្រូវបានរំលាយចោល។ លោក ម៉ា មានប្រសាសន៍ថា ពិភពលោកទាំងមូល គិតថា តៃវ៉ាន់កំពុងតែផ្លាស់ប្តូរ ប៉ុន្តែនៅពេលច្បាប់អាជ្ញាសឹក ត្រូវបានដកចេញ មនុស្សជាច្រើនមិនដឹងអំពីថាតើពួកគេត្រូវដោះស្រាយជាមួយនឹងភាពជាអ្នកដឹកនាំបែបថ្មីយ៉ាងដូចម្តេចនោះទេ។ ហើយ ការិយាល័យព័ត៌មានរដ្ឋាភិបាល បានប្រឈមបញ្ហាធំៗមួយចំនួន ដើម្បីស្វែងយល់តួនាទីរបស់ការិយាល័យ នាពេលអនាគត។ កាលពីថ្ងៃទី៥ខែឧសភា បុគ្គលិកការិយាល័យព័ត៌មានចំនួនប្រហែល ៧០០នាក់ និងការតព្វកិច្ចរបស់ពួកគេ ត្រូវរួមបញ្ចូលទៅក្នុងនាយកដ្ឋានដទៃទៀតរបស់រដ្ឋាភិបាល ពោលគឺ ក្រសួងការបរទេសនិងក្រុមប្រឹក្សាកិច្ចការវប្បធម៌ជាដើម៕ ប្រែសម្រួលដោយ គឹង ភិរុណ This posting includes an audio/video/photo media file: Download Now |
ជម្លោះនៅសមុទ្រចិនខាងត្បូងត្រូវបានបន្ទោសមួយផ្នែកចំពោះការធ្លាក់ចុះធនធានត្រី Posted: 02 Jul 2012 07:51 PM PDT ប្រទេសចិននិងហ្វីលីពីនបានប្រកាសអំពីការហាមឃាត់ជាបណ្តោះអាសន្នចំពោះការនេសាទនៅក្នុងតំបន់សមុទ្រចិនខាងត្បូង(South China Sea) ដែលប្រទេសទាំងពីរកំពុងទាមទារថាជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ការហាមឃាត់នេះអាចជួយបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីនាវារបស់ភាគីទាំងពីរបានប្រឈមមុខដាក់គ្នាកាលពីខែមេសា។ ប៉ុន្តែ ក្រុមអ្នកវិភាគនយោបាយនិយាយថា ដំណោះស្រាយអចិន្ត្រៃយ៍ច្រើនថែមទៀត ត្រូវការចាំបាច់ដើម្បីដោះស្រាយជម្លោះនេះ ដែលមួយផ្នែកបណ្តាលមកពីការធ្លាក់ចុះធនធានត្រី។ ជារៀងរាល់ឆ្នាំ ប្រទេសចិនដាក់បម្រាមដល់ការនេសាទអស់រយៈពេលជាច្រើនសប្តាហ៍ នៅភាគខាងជើងនៃសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលទីក្រុងប៉េកាំង ថ្លែងថា ការរឹតបន្តឹងនេះ ដែលត្រូវបានអនុវត្តជាងមួយទសវត្សរ៍មកហើយនោះ អនុញ្ញាតឲ្យធនធានត្រីកកើតឡើងវិញហើយ។ ខណៈដែលហ្វីលីពីននិងវៀតណាមត្អូញត្អែរថា វាគ្រាន់តែជាមធ្យោបាយមួយទៀតរបស់ចិនដើម្បីអះអាងអំពីការទាមទាររបស់ខ្លួនលើដែនសមុទ្រដែលប្រទេសទាំងពីរក៏កំពុងមានជម្លោះតែប៉ុណ្ណោះ។ លោក អៀន ស្តូរី (Ian Storey) ធ្វើការនៅឯវិទ្យាស្ថានសម្រាប់ការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies) នៅប្រទេសសឹង្ហបូរី(Singapore)។ លោកថ្លែងថា ខណៈដែលការហាមឃាត់ប្រចាំឆ្នាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅលើការនេសាទ ហាក់ដូចជាគំនិតដ៏ល្អមួយសម្រាប់ធនធានត្រី ដែលលោកយល់ស្របថា ការហាមឃាត់បែបនេះ អាចមានបុព្វហេតុអាថ៌កំបាំង។ «ខ្ញុំគិតថា មូលហេតុចម្បងដើម្បីហាមឃាត់ការនេសាទនេះ គឺដើម្បីអនុញ្ញាតឱ្យប្រទេសចិនមានលទ្ធភាពបង្ហាញថាខ្លួនមានសិទ្ធិលើអធិបតេយ្យភាពដែលកំពុងទាមទារនេះនៅក្នុងដែនសមុទ្រចិនខាងត្បូង។» លោក ស្តូរី និយាយថា ប្រសិនបើជម្លោះនេះត្រូវបានបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ រដ្ឋាភិបាលទីក្រុងប៉េកាំងអាចលើកឡើងពីការដាក់បម្រាមនេះថាជាឧទាហរណ៍មួយសម្រាប់ការអនុវត្តយុត្តាធិការជាបន្តបន្ទាប់និងប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការទាមទារយកដែនសមុទ្ររបស់ខ្លួន។ លោក គីម បឺគម៉ាន់ (Kim Bergmann) ជាអ្នកកែសម្រួលអត្ថបទរបស់សារព័ត៌មានឈ្មោះ«អ្នករាយការណ៍ស្តីពីការការពារជាតិអាស៊ីប៉ាស៊ីហ្វិក» (Asia-Pacific Defense Reporter) និង«ការពិនិត្យមើលលើវិស័យការពារជាតិអាស៊ី» (Defense Review Asia)។ លោកប្រាប់ VOA ថាការហាមឃាត់ជាឯកតោភាគីនេះ បានធ្វើឲ្យចិននិងហ្វីលីពីន ប្រឈមមុខដាក់គ្នា។ «ប៉ុន្តែ ដោយហេតុថារដ្ឋាភិបាលក្រុងម៉ានីល (Manila) ក៏បានលើកឡើងអំពីការហាមឃាត់របស់ខ្លួនផងដែរ ខ្ញុំគិតថា នេះជាមធ្យោបាយធ្វើឱ្យប្រាកដ ឫយ៉ាងហោចណាស់ អាចជួយគាំទ្រដល់ដំណើរការចរចា។ ហើយបើតាមយោបល់ខ្ញុំ យ៉ាងហោចណាស់ វាទំនងជាជួយបន្ធូរបន្ថយភាពតានតឹងក្នុងរយៈពេលខ្លីដែរ ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងន់ឡើង។» នាវាហ្វីលីពីននិងចិនបានប្រឈមមុខដាក់គ្នាកាលពីខែមុន ពាក់ព័ន្ធនឹងការនេសាទត្រីរបស់ចិន នៅប្រជុំកោះស្ការបូរ៉ាហ្វ (Scarborough Shoal) ដែលត្រូវបានស្គាល់ជាភាសាចិនថា កោះ ហ្វាងយ៉ាន (Huangyan Island)។ ភាពតានតឹងបានបណ្តាលឱ្យមានការតវ៉ាពីសំណាក់ភាគីទាំងសងខាង ដើម្បីឱ្យមានការគោរពដែនអធិបតេយ្យភាពរបស់ពួកគេ។ ចិនទាមទារយកតំបន់ភាគច្រើនបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ដោយបណ្តាលឲ្យប្រទេសនេះមានជម្លោះជាមួយការទាមទារដែលប្រជែងគ្នាដែរ ពីសំណាក់ប្រទេសព្រុយណេ(Brunei) ហ្វីលីពីន(Philippines) ម៉ាឡេស៊ី(Malaysia) តៃវ៉ាន់(Taiwan) និងវៀតណាម(Vietnam)។ មូលហេតុចំបងមួយសម្រាប់ជម្លោះក្នុងសមុទ្រចិនខាងត្បូងគឺការប្រជែងគ្នាដើម្បីកាន់កាប់តំបន់ដែលសម្បូរធនធានរ៉ែនិងត្រី។ លោក បឺគម៉ាន់ និយាយថា ក្រុមអ្នកភូគព្ភសាស្ត្រជឿជាក់ថា សមុទ្រចិនខាងត្បូងមានធនធានប្រេងនិងឧស្ម័នធម្មជាតិបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធនធានភាគច្រើនស្ថិតក្នុងតំបន់មានជម្លោះតែម្តង។ «បន្ថែមពីនេះទៀត សមុទ្រចិនខាងត្បូងទំនងជាមានប្រេងបម្រុងប្រហែល៨០ភាគរយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia)ទៀតផង។ ដូច្នេះ យើងកំពុងតែនិយាយអំពីប្រេងចំនួនរាប់ពាន់លានធុង និងឧស្ម័នធម្មជាតិរាប់លានលានគូប។» ភាពតានតឹងដែលកំពុងបន្តនេះ បានរារាំងដល់ការសិក្សាស្រាវជ្រាវដ៏គ្រប់ជ្រុងជ្រោយទៅលើស្រទាប់ប្រេងនិងឧស្ម័ន។ ប៉ុន្តែនៅពេលនិយាយអំពីការនេសាទវិញ សមុទ្រចិនខាងត្បូងត្រូវបានដឹងថាសម្បូរខ្លាំងណាស់។ តំបន់នេះផ្តល់ចំនួនប្រហែល១០ភាគរយនៃត្រីដែលត្រូវបាននេសាទរបស់ពិភពលោក ប៉ុន្តែតម្រូវដែលចេះតែកើនឡើងមានន័យថា ធនធានត្រី ត្រូវថយចុះយ៉ាងឆាប់រហ័ស។ លោក ស្តូរី និយាយថា ការប្រជែងគ្នាដើម្បីនេសាទត្រី ក៏បាននាំឱ្យមានជម្លោះនៅ សមុទ្រនេះដែរ។ «វាជាច្បាស់ណាស់ថា កប៉ាល់នេសាទកំពុងតែធ្វើប្រតិបត្តិការកាន់តែឆ្ងាយទៅៗ និងកាន់តែមានរយៈពេលយូរជាងមុន ដោយសារតែធនធានត្រីកំពុងតែធ្លាក់ចុះ។ អ្វីដែល ត្រូវកើតឡើងនោះគឺថា វាជាការចាំបាច់ដែលត្រូវមានកិច្ចព្រមព្រៀងមួយក្នុងចំណោមបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយប្រទេសចិនដើម្បីព្យាយាមថែរក្សាធនធានត្រីទាំងនោះ។ ប៉ុន្តែ ដោយសារតែជម្លោះដែនសមុទ្រ កិច្ចព្រមព្រៀងនោះពុំបានលេចចេញជារូបរាងទេ។» ការបញ្ឈប់ការនេសាទរបស់ចិននឹងបន្តរហូតដល់ថ្ងៃទី១ ខែសីហា ខណៈពេលដែលហ្វីលីពីនមិនបានកំណត់រយៈពេលសម្រាប់ការហាមឃាត់របស់ខ្លួនទេ៕ ប្រែសម្រួលដោយ ឃួន ធារ៉ា This posting includes an audio/video/photo media file: Download Now |
ការបោះឆ្នោតឃុំសង្កាត់ជាមូលដ្ឋានប្រជាធិបតេយ្យ Posted: 03 Jul 2012 01:10 AM PDT គណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនិយាយរួមគ្នាថា សម្លេងឆ្នោតដែល កើតចេញពីការបោះឆ្នោតឃុំសង្កាត់អាចធ្វើឲ្យមានគ្រឹះប្រជាធិបតេយ្យនៅ មូលដ្ឋាន និងជោគជ័យសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣។ លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆ្នាំ មកហើយនោះ បានឈ្នះក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន គឺឈ្នះដាច់ឆ្ងាយពីគណបក្សនយោបាយ៩ផ្សេងទៀត។ តែគណបក្ស សម រង្សី និងគណបក្សសិទ្ធិមនុស្សដែលឈ្នះសំឡេងឆ្នោតលំដាប់ទី២ និងទី៣ បានសំឡឹងមើលឃើញថា ការបោះឆ្នោតនេះនាំឲ្យមានការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន និងជ័យជំនះរបស់គេក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខ។ លោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីបានអះអាងប្រាប់វីអូអេតាមទូរស័ព្ទពី ប្រទេសបារាំងមកថា ការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ភូមិ ឃុំ ដែលគណបក្សសម រង្ស៊ីឈ្នះភាគច្រើន ដោយមានការចូលរួមពីគណបក្សសិទ្ធិមនុស្សនិងគណបក្ស ដ៏ទៃនោះ គឺអាចជាគ្រឹះនៃប្រជាធិបតេយ្យ ជួយដោះស្រាយបញ្ហាដីធី្ល និងរឿងរ៉ាវនៅមូលដ្ឋានជូនប្រជាពលរដ្ឋ និងបំបាត់អំពើពុករលួយ។ «ដូច្នេះសម្លេងភាគច្រើនដែលដឹកនាំដោយគណបក្សសម រង្ស៊ីនឹងជំរុញឲ្យ មានការផ្លាស់ប្តូរ ទោះជាគណបក្សប្រជាជនកម្ពុជាជំទាស់ក៏ដោយ តែយើងនឹងនាំមកនូវការផ្លាស់ប្តូរឲ្យទាល់តែបាន។ ហើយការផ្លាស់ប្តូរនៅភូមិ នៅឃុំ នៅមូលដ្ឋាននៅឆ្នាំ២០១២នឹងនាំមកនូវការផ្លាស់ប្តូរធំ ការផ្លាស់ប្តូរផ្តាច់ព្រាត់ នៅ[ការបោះឆ្នោត]ថ្នាក់ជាតិនៅឆ្នាំ២០១៣តែម្តង»។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សអះអាងថា ការផ្លាស់ប្តូរមេភូមិអាចធ្វើបានបើគណក្សទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីកែប្រែអ្វីដែលលោកកឹម សុខាហៅថា ចរិកកុម្មុយនីស្តរបស់គណបក្សកាន់អំណាច។ «គ្រឹះធំ គ្រឹះពួកកុម្មុយនីស្ត ពួកផ្តាច់ការនេះគឺគ្រឹះនៅមូលដ្ឋានគឺភូមិហ្នឹងហើយ។ ដូច្នេះជំហ៊ាននេះយើងអាចផ្លាស់ប្តូរមេភូមិបានច្រើន បើសិនជាយើងធ្វើការ ជាមួយគ្នា សម រង្ស៊ី និងសិទ្ធិមនុស្ស»។ លោកថ្លែងថា ក្រៅពីការលើកទឹកចិត្តដល់ពលរដ្ឋ ការរួមគ្នានឹងមានឥទ្ធិពល សម្រាប់ការបោះឆ្នោតជាតិពេលខាងមុខទៀត ដែលអាចប្រកួតប្រជែងយក ជ័យជំនះពីគណបក្សប្រជាជនកម្ពុជាបាន ដោយសារសម្លេងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបូកគ្នាទៅអាចប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាបាន។ លោកកឹម សុខាបានលើកយកសម្លេងឆ្នោតនៅខេត្តកំពង់ចាមដែល គណបក្សប្រជាជនទទួលបានជាង៣០ម៉ឺន តែគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បូកគ្នាមានជិត៣០ម៉ឺន។ នេះមិនទាន់គិតដល់ពេលរួមគ្នាផង។ «អញ្ចឹងហើយអាហ្នឹងជាការបង្ហាញថា ការរួមខាងក្រោម ធ្វើការជាមួយគ្នាទៅ វាមានឥទ្ធិពលដល់ការរួមគ្នាថ្នាក់លើ២០១៣នេះ»។ លទ្ធផលបណ្តោះអាសន្ន ជាបឋមៗចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈជាមេឃុំសង្កាត់ជាង១៥០០ ក្នុងចំណោមឃុំ សង្កាត់១៦៣៣។ ដោយឡែកគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទទួលបានអាសនៈ ជាប្រធានឃុំ សង្កាត់តិចតួច តែបានទទួលអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិតពាក់កណ្តាលបើប្រៀបធៀបនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណក្សនរោត្តម រណឫទ្ធិទទួលបានអាសានៈ លំដាប់លេខ៣ និងលេខ៤។ លោក ជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជារបស់លោកមិនបារម្ភពីកម្រោងការផ្លាស់ប្តូរមេភូមិ និងការប្រកួតប្រជែងយកជ័យជំនះលើគណបក្សលោកទេនៅឆ្នាំ២០១៣។ «ជាធម្មតាទេ ការអនុវត្តនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។ រឿងនេះគឺស៊ីសងទៅលើម្ចាស់ឆ្នោត ដែលគេមានសុឆន្ទៈឬក៏គេអាចនឹងបោះឆ្នោតឲ្យគឺថា កាលណាទទួលបានលទ្ធផលច្រើន នេះជាអ្នកដែលត្រូវឈ្នះ»។ ទោះជាយ៉ាងណាក៏ដោយ លោកជៀម យាបបានប្រតិកម្មទៅនឹងការចង់ប្តូរ ផ្លាស់រដ្ឋបាលមូលដ្ឋាន ដោយអះអាងថា សូម្បីតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតលើសលុបកន្លងមក តែមិនអាចចេះតែដូរប្រធានភូមិជាង១៣៨៥០ភូមិនោះទេ។ រឿងនេះគឺជាការសម្រេចរបស់ក្រសួងមហាផ្ទៃ។ «សូមជម្រាបផងថា មិនអាចធ្វើភ្លៀងធ្វើផ្គរតាមទំនើងចិត្តបានទេ ព្រោះកន្លងទៅគណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាចកន្លងមកក៏យើងមិនអាចធ្វើពាសវាលពាសកាល ដកគេ ដកឯងទេ។ ទាល់តែមាន ទឡ្ហីករណ៍ច្បាស់លាស់»។ ក៏ប៉ុន្តែលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន ទាក់ទងនឹងការវាយប្រហារគណបក្សគ្រប់គ្រងប្រទេស ពីរឿងព្រំដែន បានអះអាងពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលពោរពេញទៅដោយភាពមិនប្រក្រតី ហើយលោកបានលើកឡើងថា ការផ្លាស់ប្តូរមេភូមិ មេក្រុមគឺនឹងជួយទប់ស្កាត់ការលួចបន្លំសន្លឹកឆ្នោត។ «ការបោះឆ្នោតនេះដែលមានការលួចបន្លំច្រើនក្នុងទ្រង់ទ្រាយធំ ដែលមិនដែល មានពីពេលមុន ទើបតែមានពេលនេះ ដោយសារគណបក្សប្រជាជនគេប្រើមេភូមិ គេពេញទំហឹងដើម្បីតាមដាន ដើម្បីកៀបសង្កត់ ដើម្បីរាយការណ៍ ផ្តល់តួលេខក្លែងក្លាយឲ្យគជប ដើម្បីលុបឈ្មោះអ្នកប្រជាធិបតេយ្យ ដើម្បីដាក់រក្សាឈ្មោះខ្មោច គេយកឈ្មោះខ្មោចយកទៅបំពាក់ឲ្យយួនទៅបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យក្មេងមិនគ្រប់អាយុ ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជន គឺព័ត៌មានទាំងអស់ហ្នឹងគឺមេភូមិ»។ លោកជៀម យាប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបដិសេធការ ចោទប្រកាន់របស់លោកសម រង្ស៊ី ដោយលោកអះអាងថា នេះជាភាសារបស់គណបក្សអស់សង្ឃឹម និងចាញ់ឆ្នោត ដែលលោកធ្លាប់ឮជាង១០ឆ្នាំហើយ។ លោកថ្លែងថា គណបក្សប្រជាជនកម្ពុជារបស់លោកមានសមាជិកជាង៦០ភាគរយទៅបោះឆ្នោតកាលពីថ្ងៃ៣មិថុនា។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
ពេលលោកហោ ណាំហុងមកសរអា ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់ Posted: 03 Jul 2012 12:36 AM PDT ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មនៅមុខក្រសួងការបរទេសអាមេរិកដើម្បីទាមទារឲ្យសរអាដាក់សម្ភាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងពលរដ្ឋបឹងកក់១៥នាក់ និងធ្វើឲ្យប្រសើរឡើងវិញនូវការគោរពសិទ្ធិ មនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ តំណាងពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋជាច្រើនបានធ្វើបាតុកម្មតវ៉ានៅមុខក្រសួងការបរទេសសរអា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងជួបមន្ត្រីអាមរិកាំង ដើម្បីជំរុញសរអាជួយដាក់សម្ភាធឲ្យមេដឹកនាំកម្ពុជាបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស ការរំលោភបំពានដីធ្លី និងឲ្យកែទម្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្នុងពេលលោកឧបនាយករដ្ឋមន្ត្រីហោណាំ ហុងរដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុននៅថ្ងៃកាលពីពាក់កណ្តាលខែនេះ។ ក្រុមតំណាងពលរដ្ឋខ្មែរអាមេរិកាំង៦នាក់បានជួបលោក Joseph Yun ឧបការីរងរដ្ឋមន្ត្រីការបរទេសសរអាទទួលបន្ទុកកិច្ចការអាស៊ីនិងតំបន់អាស៊ានដើម្បីរៀបរាប់ពីបញ្ហាដែលពួកគេទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន ឲ្យដោះលែង ជនរងគ្រោះទំនាស់ដីធ្លីគឺពលរដ្ឋបឹងកក់១៥នាក់ រកឃាដករបាញ់សំឡាប់សកម្មជនព្រៃឈើគឺលោកឈុត វុទ្ធីឲ្យឃើញ និងបញ្ឈប់អំពើបាញ់កម្មករ រោងចក្រកាត់ដេរ និងជនរងគ្រោះដីធ្លី ហើយត្រូវធានាថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើន និងមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោក គុជ ចាន់លី ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមកពីរដ្ឋ មែរីឡែនហើយដែលស្ថិតក្នុងចំណោមប្រតិភូជួបមន្ត្រីអាមរិកាំង បានអះអាងថាពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យសរអាដាក់សម្ភាធឲ្យរដ្ឋាភិបាលកម្ពុជាវិលត្រឡប់ដើរតាមផ្លូវត្រូវវិញលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ «លោក Joseph Yun និង Eric ដែលជាជំនួយការរបស់គាត់ បានសន្យាជាមួយយើងជាខ្មែរអាមេរិកាំងក្នុងស្រុកអាមេរិកនេះថា គាត់នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនៃប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីឲ្យលោកហោ ណាំហុងលើកយកបញ្ហាហ្នឹងទៅប្រាប់លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនឲ្យចាត់វិធានការដោះលែងប្រជាពលរដ្ឋខ្មែរជាបន្ទាន់ ហើយត្រូវធានាផ្ទះសំបែងឲ្យគាត់មាននៅ ហើយនឹងត្រូវធានារាប់រងសុវត្តិភាពរបស់គាត់នៅក្នុងពេលអនាគតផង»។ ប្រជាពលរដ្ឋបឹងកក់១៥នាក់ក្នុងចំណោមអ្នកតវ៉ាឲ្យមានដំណោះស្រាយដីធ្លីផ្ទះសម្បែងសមរម្យ ត្រូវអាជ្ញាធរចាប់ដាក់គុក ក្រោយពីពលរដ្ឋទាំងនោះតវ៉ាអហឹង្សា ឲ្យអាជ្ញាធរប្រគល់ដីនិងផ្ទះសម្បែងដែលគេយកទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគទុននោះ។ លោក ចាន់លីបានព្រមានថា ពលរដ្ឋកម្ពុជាអាចងើបតវ៉ាដូចក្នុងប្រវត្តិសាស្ត្រ បាន បង្ហាញរួចស្រេច ប្រសិនបើគ្មានដំណោះស្រាយទេ។ «បើសិនជាមានសម្ភាធនៃរដ្ឋាភិបាលអាមេរិកាំង ហើយមិនមានការផ្លាស់ប្តូរទេ អាមេរិកាំងនឹងឈប់គាំទ្ររដ្ឋាភិបាលកម្ពុជា។ ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកងើបឡើងទាមទាររកវិធីកសាងអនាគតប្រទេសរបស់ខ្លួនគឺថា ប្រទេសមហាអំណាចទាំងអស់នឹងគាំទ្រប្រជាពលរដ្ឋខ្មែរវិញ»។ លោកអ៊ូ គឹមហួត អ្នកតវ៉ាម្នាក់មកពីរដ្ឋភែនស៊ីលវីនៀ បានថ្លែងថា ពលរដ្ឋកម្ពុជាចង់រស់នៅមានសេរីភាព ប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស ដូចសរអា។ គេមិនចង់ឃើញពលរដ្ឋកម្ពុជារស់នៅបានព្រឹកខ្វះ ល្ងាច ត្រូវគេជិះជាន់ ចាប់ដាក់គុក ដូចជនរងគ្រោះដោយសារដីធ្លីទេ។ «ចង់ឃើញសរអាមានមិត្តភាពដែលពេញបរិបូណ៌ល្អប្រសើរជាជាងសរអាទៅរកមិត្តភាពជាមួយពួកផ្តាច់ការដែលតែងតែកិបកេងយកចំណេញបោកប្រាស់សរអាជាប់ជានិច្ច»។ ពលរដ្ឋខ្មែរអាមេរិកាំងបានលើកបដាជាភាសាខ្មែរនិងអង់គ្លេស ស្រែកតវ៉ា បរិហាររិះគន់ធ្ងន់ៗចំពោះមេដឹកនាំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺលោក ហ៊ុន សែន និងលោកហោ ណាំហុង។ បាតុកម្មនេះធ្វើនៅមុខក្រសួងការបរទេសសរអា ដែលមានភ្ញៀវបរទេសពីប្រទេសនានាចូលរួមប្រជុំជាច្រើន។ ការតវ៉ានិងពាក្យរិះគន់ធ្ងន់ៗបានកើនឡើងនៅពេលមន្ត្រីកម្ពុជា លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរអញ្ជើញមកដល់ ក្រសួងការបរទេសសរអាជាមួយលោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីន ដើម្បីរៀបចំដំណើរមកដល់របស់លោកហោណាំហុង។ ថ្លែងប្រាប់វីអូអេនៅមុខក្រសួងការបរទេសសរអា លោក អ៊ុច បូររិទ្ធបានចាត់ទុកថា ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាសិទ្ធិរបស់ពួកគេ។ តែលោកអះអាងថា ប្រជាពលរដ្ឋទាំងនោះមិនគួរប្រើពាក្យអសុរស ដែលនាំឲ្យខ្មាស់បរទេសទេ។ ពួកគេគួរប្រើភាសាសមរម្យ។ លោកថ្លែងថាគណៈប្រតិភូកម្ពុជាមកសរអាគឺដើម្បីធ្វើកិច្ចការទ្វេរភាគីដើម្បីផលប្រយោជន៍កម្ពុជា។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោកហោ ណាំងហុងបានអះអាងថាភាគីទាំងពីរនឹងពង្រឹកកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ ហើយជជែកពីបញ្ហាតំបន់ផងដែរ ហើយលោកក៏បានសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជារបស់លោកស្រីហ៊ីលឡារី គ្លីនតុន និងលោក ប្រធានាធិបតីអូបាម៉ា។ លោកហោ ណាំហុងមានប្រសាសន៍ថា កម្ពុជារីករាយនឹងស្វាគមន៍ការអញ្ជើញរបស់លោកស្រី ហ៊ីលឡារី គ្លីនតុនទៅកាន់ប្រទេសកម្ពុជាក្នុងខែកក្កដាដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ស្តីពីបញ្ហាសន្តិសុខតំបន់។ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ាអញ្ជើញទៅកាន់ប្រទេសកម្ពុជានៅ ខែវិច្ឆិកាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនានារបស់អាស៊ាន រួមទាំងEAS Summit ផង ដែរ។លោកហោ ណាំហុង និងលោកស្រីហ៊ីលឡារី គ្លីនតុនពុំធ្វើអត្ថាធិប្បាយអំពីការទាមទាររបស់ពលរដ្ឋខ្មែរអាមេរិកាំងដែលធ្វើបាតុកម្ម តវ៉ានៅមុខក្រសួងការបរទេសសរអាទេ៕ This posting includes an audio/video/photo media file: Download Now |
ប្រធានគណៈកម្មការព្រំដែន៖ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមវិវត្តន៍ទៅមុខជាលំដាប់ Posted: 03 Jul 2012 12:40 AM PDT លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែង ប្រាប់វីអូអេក្នុងកិច្ចសម្ភាសន៍ជាពិសេសតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា ប្រទេស កម្ពុជា និងប្រទេសវៀតណាមបានបោះបង្គោលព្រំដែនជិត២៩០បង្គោលហើយតាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសិទ្ធិសញ្ញាបំពេញបន្ថែមដ៏ចម្រូងចម្រាស់កាលពីឆ្នាំ២០០៥មក។ លោកបានអះអាងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជានិងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់ឌុង សម្ភោធបង្គោលព្រំដែនរួមលេខ៣១៤ ទោះបីជាប្រទេសទាំងពីរមិនទាន់បានបោះបង្គោលចប់ក្តី។ លោកថ្លែងថា បង្គោលលេខ៣១៤មានសារៈសំខាន់ ដោយសារជាបង្គោលចុងក្រោយនៃព្រំដែនគោក ហើយជាចំណុចចាប់ផ្តើមនៃព្រំដែនទឹករវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរនៅបន្តដោះស្រាយតាមយន្តការណ៍ផ្សេងៗ។ លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានបកស្រាយបំភ្លឺអំពីនយោបាយរបស់រដ្ឋាភិបាលទាំងពីរ កម្ពុជា វៀតណាម ទាក់ទងនឹងការផ្លាស់ប្តូរភូមិ និងទីតាំងមួយចំនួន តាមព្រំដែន ដើម្បីសម្របសម្រួល ក្នុងការដោះស្រាយនិងការបោះបង្គោលព្រំដែន។ លោក វ៉ា គីមហុងបានអះអាងថា ប្រទេសកម្ពុជា និងវៀតណាមគ្រោងបញ្ចប់ការបោះបង្គោលព្រំដែនគោកនិងកំណត់ព្រំដែនសីម៉ានៅបំណាច់ឆ្នាំ២០១២។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសលោក វ៉ា គីមហុងតាមទូរស័ព្ទកាលពីថ្ងៃអង្គារក្រោយពីកម្ពុជាដាក់កម្មវិធីសម្ភោធបង្គោលព្រំដែន។ បទសម្ភាសន៍នេះក៏និយាយពីបញ្ហាចម្រូងចម្រាស់ខ្លះកើតឡើងទាក់ទងនឹងគោលនយោបាយផ្លាស់ប្តូរភូមិនិង ទីតាំងមួយចំនួនតាមព្រំដែន។ សូមអញ្ជើញស្តាប់កិច្ចសម្ភាសទាំងស្រុងដូចតទៅ៖ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |