VOA News: ព័ត៌មាន: “ចិន​ចូល​រួម​ជាមួយ​មហាអំណាច​ដទៃ​ក្នុង​ការ​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង” plus 4 more

VOA News: ព័ត៌មាន: “ចិន​ចូល​រួម​ជាមួយ​មហាអំណាច​ដទៃ​ក្នុង​ការ​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង” plus 4 more


ចិន​ចូល​រួម​ជាមួយ​មហាអំណាច​ដទៃ​ក្នុង​ការ​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង

Posted: 17 Apr 2012 09:40 AM PDT

ប្រទេស​ចិន​បាន​ចូល​រួម​ជាមួយ​មហាអំណាច​ផ្សេងៗ​ទៀត​របស់​ពិភពលោក​​នៅ​ក្នុង​ការ​ព្រមាន​​ប្រទេស​កូរ៉េខាង​ជើង​ថា​​ ពួកគេ​នឹង​មិន​អត់​ទ្រាំ​​ដល់​សកម្មភាព​បង្ក​ហេតុ​ផ្សេង​ទៀត​ បន្ទាប់​ពី​ប្រទេស​ឯកកោ​នេះ​បាន​បាញ់​បង្ហោះ​កាំជ្រួច​រ៉ុក្កែត​មិន​បាន​ទទួល​ជោគជ័យ​កាល​ពី​សប្តាហ៍​មុន។

លោកស្រី​រដ្ឋមន្រ្តី​ការ​បរទេស​​សហរដ្ឋ​អាមេរិក​ Hillary Clinton ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​​ក្នុង​ទី​ក្រុង​ Brasilia ប្រទេស​ប្រេស៊ីល​ថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ រួម​មាន​ចិន​ផង​ បាន​ព្រមព្រៀង​គ្នា​​ថា​នឹង​មាន​ផលវិបាក​កាន់​តែ​ខ្លាំង​ឡើង​​ថែម​ទៀត​នៅ​ក្នុង​សកម្មភាព​បង្ក​ហេតុ​មួយ​ផ្សេង​ទៀត​​របស់​កូរ៉េ​ខាង​ជើង។ រូបថត​ផ្កាយ​រណប​កាល​ពី​ពេល​ថ្មីៗ​នេះ​​បង្ហាញ​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​អាច​ប្រុងប្រៀប​រៀបចំ​​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​នៅ​ក្រោម​ដី។

​បណ្តាញ​ផ្សាយ​ព័ត៌មាន​​ដែល​រដ្ឋ​ត្រួតត្រា​របស់​ចិន​ក៏​កំពុង​បង្ហាញ​ការ​រកាំ​ចិត្ត​ដល់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដែរ​ ដោយ​កត់​សម្គាល់​ថា ​​ចិន​បាន​ប្រកាន់​ជំហរ​ថ្កោល​ទោស​យ៉ាង​ច្បាស់​ដល់​សម្ព័ន្ធមិត្ត​​​ដ៏​យូរ​អង្វែង​របស់​ខ្លួន​​នៅ​ពេល​ដែល​ខ្លួន​គាំទ្រ​សេចក្តី​ថ្លែងការណ៍​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ដែល​បាន​រិះគន់​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​នេះ។

ព័ត៌មាន​ថ្មី៖ រូបភាព​នៃ​ការ​​ដឹក​យានអវកាស​ Discovery ហោះ​ទៅ​កាន់​សារមន្ទីរ​ជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

ព័ត៌មាន​អន្តរជាតិ​ដទៃ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

អ៊ីរ៉ង់-អាមេរិក៖ លោក​ស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​​ Hillary Clinton ​​បាន​ច្រាន​ចោល​សំណើ​របស់​អ៊ីរ៉ង់​ដើម្បី​ដោះស្រាយ​ក្តី​​ព្រួយ​កង្វល់​របស់​អន្តរជាតិ​អំពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ ដោយ​លោកស្រី​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Tehran) ​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​ជា​មុន​សិន។

អាមេរិក៖ ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​រាំងខ្ទប់​សេចក្តី​​ព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាតិ​ឲ្យ​​​​យក​ពន្ធ​ថ្មី​ក្នុង​ចំនួន​អប្បបរមា​ដល់​ពួក​មហាសេដ្ឋី​ជា​ផែនការ​មួយ​​ដែល​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ​បាន​ជំរុញ​ឲ្យ​មាន​​នៅ​ពេល​ដែល​គណបក្ស​ទាំង​២​​បាន​បង្ហាញ​សំណើ​​ស្តី​ពី​ពន្ធដារ​និង​សេដ្ឋកិច្ច​​​នៅ​ឆ្នាំ​បោះឆ្នោត។

ម៉ាឡេស៊ី៖ សភា​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​បំណង​រារាំង​មិន​ឲ្យ​ប៉ូលីស​ឃុំ​ខ្លួន​ជន​សង្ស័យ​គ្មាន​ពេល​កំណត់​ឬ​ក៏​ចាប់​ខ្លួន​ពួកគេ​​​ដោយសារ​តែ​ជំនឿ​ខាង​នយោបាយ។

ទីម័រ​ខាងកើត៖ លោក​ Taur Matan Ruak ​អតីត​មេដឹកនាំ​ឯករាជ្យ​បាន​ឈ្នះ​ការ​បោះឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​​នៃ​ប្រទេស​ទីម័រ​ខាង​កើត។

ឥណ្ឌា៖ លោក​នាយក​រដ្ឋ​មន្រ្តី​ Manmohan Singh ​នៃ​ប្រទេស​ឥណ្ឌា​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​​ ពួក​ឧទ្ទាម​ម៉ៅនិយម​បន្ត​ធ្វើ​ការ​គំរាម​កំហែង​យ៉ាង​ធំ​​ដល់​សន្តិសុខ​ក្នុង​ប្រទេស។

ស៊ូដង់៖ សភា​នៃ​ប្រទេស​ស៊ូដង់​បាន​ប្រកាស​ថា ​​ស៊ូដង់​ខាង​ត្បូង​ដែល​ជា​សត្រូវ​​បាន​ពង្រីក​អំពើ​ហឹង្សា​នៅ​តាម​បណ្តាយ​​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ១៦ មេសា ២០១២៖ វិបត្តិ​ហិរញ្ញវត្ថុ​សកល​និង​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​កម្ពុជា

Posted: 17 Apr 2012 06:13 AM PDT

ក្នុង​​កម្មវិធី​សំឡេង​​អ្នក​​ជំនាន់​ថ្មី​ទី​៨​ ថ្ងៃ​នេះ វីអូអេ​បាន​អញ្ជើញ​លោក យូ សុគន្ធបញ្ញា និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ មីឈីហ្គែន (University of Michigan) នៅ​ទី​ក្រុង​អានអាប៊រ (Ann Arbor) សហរដ្ឋ​អាមេរិក​ធ្វើ​ជា​វាគ្មិន។

​និស្សិត យូ សុគន្ធបញ្ញា កើត​នៅ​ឆ្នាំ​១៩៨៦​នៅ​​ស្រុក​​ស្អាង​ ខេត្ត​​កណ្តាល​ ហើយ​មាន​​ឪពុក​ម្តាយ​​ជា​​គ្រូ​បង្រៀន។ មុន​​នឹង​​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ សុគន្ធបញ្ញា ធ្លាប់​បម្រើការ​នៅ​ធនាគារ​អន្តរជាតិ​មួយ​ដែល​ដំណើរការ​នៅ​កម្ពុជា។

យូ សុគន្ធបញ្ញា រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្រុង​ភ្នំពេញ​​បាន​មួយ​ឆ្នាំ​ រួច​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហបុរី​ ថ្នាក់​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ​លោក យូ សុគន្ធបញ្ញា​ទទួល​បាន​អាហារូបករណ៍ ​​Fulbright មក​សិក្សា​យក​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ​​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល​ Michigan សហរដ្ឋ​អាមេរិក។ មុខ​ជំនាញ​ដែល​សុគន្ធបញ្ញា​ចាប់​អារម្មណ៍​នា​ពេល​នេះ​ គឺ​​ការ​អភិវឌ្ឍ​អន្តរជាតិ គោលនយោបាយ​សេដ្ឋកិច្ច និង​បញ្ញតិ្ត​ហិរញ្ញវត្ថុ។ នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ទី៨​នេះ​ លោក​នឹង​​និយាយ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ និង​ផលប៉ះពាល់​របស់​វា​លើ​សេដ្ឋកិច្ច​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី សំឡេង​ជំនាន់​ថ្មី​ទី​៨ (​ហេឡូ​វីអូអេ) ​ថ្ងៃ​ទី ១៦ ខែ​មេសា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Jim Yong Kim ​ឡើងគ្រប់គ្រង​ធនាគារ​ពិភពលោក

Posted: 17 Apr 2012 05:19 AM PDT

ពួក​នាយក​នៃ​​ធនាគារ​ពិភពលោក​បាន​តែងតាំង​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ទៀត​គឺ​លោក​ Jim Yong Kim ​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សាកល​នេះ​។​

លោក​ Jim Yong Kim ​ជា​វេជ្ជបណ្ឌិត ​នរវិទូ​និង​ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ​ Dartmouth។ ​កាល​ពី​ពេល​មុន​លោក​បាន​ចាត់​ចែង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អ.ស.ប.​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​បង្កើត​អង្គការ​មិន​មែន​ជា​របស់​រដ្ឋាភិបាល​មួ​យ​ដើម្បី​ឧបត្ថម្ភគម្រោង​ផ្តួចផ្តើម​ការ​ថែរក្សា​សុខភាព​ក្នុង​ប្រទេស​ជាតិ​ក្រីក្រ ​ហើយ​លោក​បាន​បង្រៀន​នៅ​ឯសាកលវិទ្យាល័យ​ Harvard ផង​ដែរ។ ​លោកបណ្ឌិត​ Kim ​នឹង​បម្រើ​អណត្តិ​​មួយ​មាន​រយៈពេល​៥​ឆ្នាំ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១​ខែ​កក្កដា។ ​លោក​នឹង​បន្ត​តំណែង​ពី​លោក​ Robert Zoellick ​ដែល​អណត្តិ​របស់​លោក​នឹង​ចប់​ក្នុង​ខែ​មិថុនា។​

តាម​រយៈកិច្ច​ព្រម​ព្រៀង​មិន​ផ្លូវ​ការ​មួយ​​ ជន​ជាតិ​អាមេរិកាំង​ម្នាក់​តែងតែ​ដឹកនាំ​ធនាគារ​ពិភពលោក​ ចំណែក​ឯ​ជនជាតិ​អឺរ៉ុប​ម្នាក់​តែងតែ​កាន់​តំណែង​ជា​នាយក​នៃ​អង្គការ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ។​

ពួក​អ្នក​រិះគន់​​បាន​និយាយ​ថាកិច្ច​ព្រម​ព្រៀង​នោះ​ចាស់​ហួស​សម័យ​ហើយ​មិន​យុត្តិធ៌ម​ទេ។

កូរ៉េខាងជើង៖ ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​បាន​ប៉ុនប៉ង​បង្ហោះ​កាំជ្រួចផ្លោង​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​មួយ​គ្រឿង​កាល​ពី​សប្តាហ៍​មុន។​

ថៃ៖ កាសែត​ Bangkok Post ​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ពាណិជ្ជកម្ម​បែប​ថ្មី​មួយ​​នៃ​គ្រឿង​ញៀន​ crystal methamphetamine ​ដោយ​មាន​ពួក​អ្នក​ជួញ​ដូរ​មក​ពី​ផ្នែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​និងអ៊ីរ៉ង់​ចូល​មកច្រើន​​ក្នុង​ប្រទេស​ថៃ​បាន​នាំ​ឱ្យ​ពួក​ប៉ូលីស​ថៃ​ព្រួយ​បារម្ភ។​

អាហ្វហ្គានីស្ថាន៖ ក្រសួង​ការពារ​ប្រទេសសហរដ្ឋអាមេរិក​បាន​និយាយ​ថា​បណ្តាញ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ Haqqani ដែល​មាន​មូល​ដ្ឋាននៅប៉ាគីស្ថាន​ទំនង​ជាស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​មាន​ការ​សម្រប​សម្រួល​នៅ​ទូទាំងអាហ្វហ្គានីស្ថាន។

ប៉ាគីស្ថាន៖ អាជ្ញាធរ​ក្នុង​​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេសកំពុង​ស្វែង​រក​ពួក​អ្នក​ទោស​ជាង​៣រយ​នាក់​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​គុក​មួយ​កន្លែង ​ក្រោយ​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​តាលីបាន់​បាន​ឆ្មក់​វាយ​ប្រហារ​លើ​ពន្ធនាគារ​នេះ​កាល​ពី​ថ្ងៃ​​អាទិត្យ។​

ស៊ីរី៖ ក្រុម​ទៅ​មុន​មួយ​នៃ​ពួក​អ្នក​សង្កេតការ​អង្គការសហប្រជាជាតិ៦​នាក់​បាន​ចាប់​ផ្តើម​បេសកកម្ម​របស់​ពួក​គេ​ក្នុង​ការ​ឃ្លាំ​មើល​កិច្ច​ឈប់​បាញ់​គ្នា​មិន​មាំទាំ​មួយ​ក្នុង​ប្រទេស​ស៊ីរី ​នៅ​ពេល​ដែល​ពួក​សកម្មជន​បាន​និយាយ​ថា​ពួក​ទាហាន​រដ្ឋាភិបាល​នៅ​តែ​បន្ត​បាញ់​ផ្តក់​ទៅ​លើ​សង្កាត់​ពួក​បះបោរ​នៅ​ក្នុង​សំបុក​សំខាន់​មួយ​នៃ​ពួក​ប្រឆាំង។​

ស៊ីរី៖ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​លោក​កូហ្វី អាណាន់ ​ប្រេសីត​អន្តរជាតិ​បាន​និយាយ​ថា​បេសកកម្ម​នេះ «នឹង​ចាប់​ផ្តើម​តាំង​ទី​បញ្ជាការ​ធំ​និង​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​និង​កង​កម្លាំង​ប្រឆាំង​ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​យល់​ឱ្យ​បាន​សព្វ​គ្រប់​អំពី​មុខនាទីនៃ​ពួក​អ្នក​សង្កេតការ​អង្គការ​សហប្រជាជាតិ។

អ៊ីរ៉ង់៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​ Teheran ​ប្រុង​ប្រៀប​ស្រេច​ហើយ​ដើម្បី​ដោះស្រាយ​កង្វល់​អំពី​កម្មវិធី​បរមាណូ​របស់​ផង​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ន្ធូរ​បន្ថយ​ការ​ដាក់​ទ័ណ្ឌកម្ម។​​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ខ្សែភាពយន្ត​រឿង​លោក​ជា​ វិជ្ជា​ទទួល​បាន​រង្វាន់​ Peabody ​ដ៏​ល្បី​ល្បាញ​

Posted: 16 Apr 2012 08:07 PM PDT

គ្រាប់​កាំភ្លើង​ដែល​​បាន​បាញ់​ចេញ​ទាំង​ព្រឹក​ឆក់​យក​ជីវិត​លោក ជា វិជ្ជា​នៅ​ក្បែរ​វត្ត​លង្កា​កាល​ពី​៨​ឆ្នាំ​មុន​​មិន​បាន​​បញ្ចប់​ភាព​ល្បី​ល្បាញ​​និង​​វីរភាព​របស់​អតីត​មេដឹក​នាំ​សហជីព​ដ៏​ជា​ទី​គោរព​រូប​នេះ​ទេ។

ខ្សែ​ភាពយន្ត​ឯកសារ​ស្តីពី​ការសម្លាប់​វីរជន​កម្មករ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​បាន​ទទួល​ពាន​រង្វាន់ ​Peabody​ ដែល​ជា​រង្វាន់​សម្រាប់​អ្នកសារព័ត៌មាន​ដ៏​មាន​កិត្តិយស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ ហូរ៉េស​ ញូខុម ​ប្រធាន​នៃ​គណ​កម្មការ​ផ្តល់​រង្វាន់​ Peabody ​របស់​សាកល​វិទ្យាល័យ ​Georgia បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​ក្រុម​គណៈ​កម្មការ​មើល​ឃើញ​ថា​ភាពយន្ត​នេះ​មាន​លក្ខណៈ​ល្អ​អត់​ខ្ចោះ​ដោយសារ​តែ​បាន​ព្យាយាម​បង្ហាញ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ហើយ​បាន​បង្ហាញ​ពី​​ភស្តុតាង​ខ្លះ​ប៉ុន្តែ​នៅ​បន្ត​រក្សា​ទុក​ភាព​ស្រពិច​ស្រពិល​ ហើយ​ទី​បំផុត​អាច​ចូលរួម​ចំណែក​បាន​ថា​ជា​ស្នាដៃ​ដ៏​សំខាន់​ក្នុង​សាច់​រឿង​នោះ។

លោក រិច ហ្ការីលឡា​ ផលិតករ​មួយ​រូប​នៃ​ខ្សែ​ភាពយន្ត​រឿង​«អ្នកណា​សម្លាប់​លោក​ជា​វិជ្ជា?»​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​ការ​រំភើប​និង​សប្បាយ​ណាស់​ដែល​មាន​កិត្តិយស​ទទួល​បាន​រង្វាន់​នេះ។ នេះ​គឺ​ពិត​ជា​រង្វាន់​កំពូល​ដែល​ភាពយន្ត​​អាច​ទទួល​បាន ​ហើយ​វា​មិន​គ្រាន់​តែ​បញ្ជាក់​ពី​គុណភាព​នៃ​ការងារ​របស់​យើង​ទេ ​ក៏​ប៉ុន្តែ​អំពី​សារៈសំខាន់​នៃ​បញ្ហា​ដែល​ខ្សែ​ភាព​យន្ត​នេះ​លើក​យក​មក​បង្ហាញ​ផង​ដែរ»។

ខ្សែ​ភាពយន្ត​រឿង«អ្នកណា​សម្លាប់​លោក​ជា វិជ្ជា?» រៀបរាប់​ពី​ការធ្វើ​ឃាត​ដែល​មាន​លក្ខណៈ​នយោបាយ​ហើយ​មិន​ត្រូវ​បាន​វែក​មុខ​រក​​ឃាតករ​ឃើញ​នៅ​ឡើយ​ទេ។ មាន​តែ​បុរស​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ហើយ​ត្រូវ​ដោះលែង​ចេញ​វិញ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​សារ​មាន​ការជំទាស់​ខ្លាំងៗ​ពី​​ក្រុ​ម​​អង្គការ​​សិទ្ធិ​​មនុស្ស​​ថា​​ពួកគេ​​ជា​ឃាតករ​សិប្ប​និមិ្មត​​​ហើយ​សូម្បី​តែ​គ្រួសារ​ជន​រង​គ្រោះ​ក៏​មិន​ជឿ​ថា​ពួក​គេ​ជា​ជន​ល្មើស​ទេ។

ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ហាម​មិន​ឱ្យ​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​ក្រុម​គ្រួសារ​និង​ផលិតករ​បាន​ឆ្លៀត​យក​ឱកាស​នេះ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លើក​លែង​ការហាមឃាត់។

ពិធី​ប្រគល់​រង្វាន់​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែ​ឧសភា​ក្នុង​បុរី​ញ៉ីវយ៉ក ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ការផ្តល់​រង្វាន់​នេះ​ជៀស​មិន​ផុត​ពី​ការរិះគន់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទេ។

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​បាន​បញ្ជាក់​ថា៖

«ខ្សែ​ភាពយន្ត​នេះ​មាន​ការ​ផ្សព្វ​ផ្សាយ​ដែល​មាន​ចរិក​ជា​នយោបាយ​ដែល​មិន​មែន​ជា​ចរិក​ឯកសារ​ហើយ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​នៃ​ការផ្តល់​អ្វី​ដែល​ជា​កិត្តិយស​ដែល​ជា​រង្វាន់​នោះ​ជា​រឿង​ឯកជន​ទេ​មិន​មែន​ជា​រឿង​យុត្តិធម៌​សម្រាប់​កម្ពុជា​ទេ។ ដូច្នេះ​នេះ​ជា​ឯកជន​នៅ​ក្នុង​បំណង​របស់​គេ​អ្វី​មួយ​ក៏​ប៉ុន្តែ​កម្ពុជា​ស្ថិត​នៅ​លើ​ដែន​រង្វង់​នៃ​យុត្តិធម៌​សុទ្ធ​សាធ​ដូច្នេះ​ខ្សែភាពយន្ត​ដែល​គេ​ហៅ​ថា​ជា​ខ្សែ​ភាពយន្ត​ឯកសារ​គ្រាន់​តែ​ជា​ការនាំ​មុខ​ប្រាប់​រឿង​មួយ​ដែល​គេ​មិន​ចាត់​ថា​រឿង​ពិត​ចេញ​ពី​តុលាការ»។

​ប៉ុន្តែ​លោក​ ហូរ៉េស​ ញូខុម ​បាន​បញ្ជាក់​ថា​គណៈ​កម្មការ​ផ្តល់​រង្វាន់​ Peabody ​គឺ​ធ្វើ​ការ​ដោយ​ផ្អែក​លើ​វិជ្ជា​ជីវៈ​ពិត​ប្រាកដ។

«ពាន​រង្វាន់​ Peabody​ គឺ​មិនមាន​ហេតុ​ផល​ជំរុញ​ខាង​ផ្នែក​នយោបាយ​ទេ។ យើង​សំឡឹង​មើល​លើ​ឧត្តមភាព​ក្នុង​ការ​ផលិត​របស់​បណ្តាញ​ព័ត៌មាន​ ឧត្តមភាព​ក្នុង​ផ្នែក​ជា​ច្រើន ​ឧត្តម​ភាព​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ»។

​មុន​ពេល​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅថ្ងៃ​ទី​២២ ​ខែម​ករា​ឆ្នាំ​២០០៤​ពេល​កំពុង​អង្គុយ​អាន​កាសែត​​ពេល​ព្រឹក​នៅតូប​លក់​កាសែត​ខាងក្រៅ​របង​វត្ត​លង្កា​ លោក ជា​ វិជ្ជា​ ដែល​មាន​​មាឌស្តើ​ង​​ខ្ពស់​ជា​មនុស្ស​ម្នាក់​ដែល​អាច​មាន​លទ្ធភាព​​ប្រមូល​កម្មករ​​រាប់​ពាន់​នាក់​ចេញ​មក​តវ៉ា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។​​

ស្ថានភាព​សម្រាប់​ក្រុម​សហជីព​នៅ​កម្ពុជា​បាន​ប្រែប្រួល​រូបភាព​ច្រើន​ចាប់​តាំង​ពី​ការបាញ់​សម្លាប់​លោក​ជា វិជ្ជា​មក​ដោយ​ផ្លាស់ប្តូរ​មិន​មាន​ការ​ដើរ​ហែរ​ក្បួន​តវ៉ា​ដែល​មាន​កម្មករ​ចូលរួម​ច្រើន​មក​ជា​ការ​តវ៉ា​តាម​រោងចក្រ​ហើយ​ជារឿយៗ​ក្រុម​តំណាង​សហជីព​តែងតែ​ត្រូវ​ថៅកែ​រោងចក្រ​ប្តឹង​ផ្តល់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ជា មុន្នី ​ប្អូន​ប្រុស​លោកជា វិជ្ជា ​ដែល​បាន​កាន់​តំណែង​​ជា​​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​បន្ត​ពី​បងប្រុស​របស់​លោក។

ក្នុង​ការវិវត្តន៍​ចុង​ក្រោយ​នេះ​មាន​ការបាញ់​លើ​កម្មករ​ដែល​តវ៉ា​ដើម្បី​សុំ​ដំឡើង​ប្រាក់​កម្រៃ​ការងារ​និង​ស្នើ​ឱ្យ​ស្ថានភាព​ការងារ​ប្រសើរ​ជាង​មុន។ ជន​ដៃ​ដល់​ក្នុង​រឿង​នេះ​គឺ​ឈ្មោះ​ឈូក បណ្ឌិត​ជា​អតីត​អភិបាល​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​នៅតែ​បន្ត​រស់​នៅ​ដោយ​មិន​មាន​ការដាក់​ទោស​ទណ្ឌ​អ្វី​ឬ​ត្រូវ​តុលាការ​ចាប់​ឃុំឃាំង​ទេ។

លោក​ ជា មុន្នី​បាន​បន្ថែម​ថា៖​

«នីតិវិធី​ខុស​គ្នា​កាលពី​ដែល​បងប្រុស​ខ្ញុំ​ដឹកនាំ​កាលនោះ​ការដឹកនាំ​របស់​បងប្រុស​ខ្ញុំ​គឺ​ថា​សេរី​ភាព​មាន​ច្រើន​ជាង​បច្ចុប្បន្ន។ បច្ចុប្បន្ន​កុំ​ថា​ឡើយ​សហជីព​សូម្បី​តែ​ប្រជា​ពលរដ្ឋ​ដែល​ដី​ធ្លី​ផ្ទះ​សម្បែង​ដែល​គេ​យក​របស់​គាត់​ក៏​គាត់​មិន​អាច​ធ្វើ​ការ​ទាម​ទារ​អ្វី​បាន​ធំ​ដុំ​ដែរ។​ យើង​មើល​ជា​ជាក់​ស្តែង​។ អញ្ចឹង​មាន​ការ​ប្រែ​ប្រួល​មាន​ការវិវត្តន៍​ប៉ុន្តែ​ការ​ប្រែ​ប្រួល​វិវត្តន៍​វា​មិន​មែន​ការ​ប្រែ​ប្រួល​វិវត្តន៍​ទៅ​រក​លក្ខណៈ​ប្រជា​ធិបតេយ្យ​ទេ​ការប្រែ​ប្រួល​វិវត្តន៍​ទៅ​រក​ភាព​ភ័យ​ខ្លាច​ទៅ​រក​ការ​ចូល​ទៅ​ក្នុង​ករណី​មួយ​ដែល​គេ​ហៅ​ថា​ប្រជា​ធិបតេយ្យ​មាន​តែ​ឈ្មោះ​ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​សិទ្ធិ​បញ្ចេញ​យោបល់​គឺ​អត់​មាន​តែម្តង»។

យ៉ាង​ណា​ក៏​ដោយ លោក ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​និយោជក​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថាការ​នាំចេញ​ផលិតផល​កាត់ដេ​សម្លៀក​បំពាក់​​មាន​ការ​កើន​ឡើង​ជាលំដាប់​ហើយ​រង្វាន់​ដែល​ផ្តល់​ដល់​ភាពយន្ត​នេះ​មិនអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការកើន​ឡើង​នៃ​ការនាំចេញ​ផលិត​ផល​​​កាត់​ដេរ​​ទៅ​សហរដ្ឋ​អាមេរិក​ក៏​ដូចជា​ទៅ​ទីផ្សារ​បរទេស​ដទៃ​ទៀត​ទេ​ប៉ុន្តែ​លោក​ក៏​លើក​សរសើរ​ពី​សកម្មភាព​ការងារ​របស់​លោក​ជា វិជ្ជា។

«លោក​ជា វិជ្ជា​គឺ​ជា​មេដឹកនាំ​ដ៏​គួរ​ឱ្យ​គោរព​ម្នាក់។ ការធ្វើឃាត​គាត់​គឺជា​រឿង​ក្រៀមក្រំ​មួយ​សម្រាប់​យើង​និង​សម្រាប់​មនុស្ស​គ្រប់គ្នា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​អាច​ជា​ការងាយ​ស្រួល​ក្នុង​ការអះ​អាង​​​ថា​​ការធ្វើឃាត​នោះ​ដោយ​មូល​ហេតុ​នយោបាយ។ ប៉ុន្តែ​យើង​ក៏ត្រូវតែ​យល់​ថា​៨ឆ្នាំ​មុន​ស្ថានភាព​​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​មិន​ល្អ​ទេ​ហើយ​មាន​មនុស្ស​ខ្លះ​ដែល​មិន​ល្បី​ឈ្មោះ​ដូច​លោក ជា វិជ្ជា​​ត្រូវ​​គេ​បាញ់​​សម្លាប់​តាម​ផ្លូវ​ដែរ»។

ដូច​ដែល​ចំណង​ជើង​នៃ​ខ្សែ​ភាពយន្ត​បាន​ចោទ​សួរ​អញ្ចឹង​គេ​នៅ​តែ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ឃាត​ករ​​ពិតប្រាកដ​​​នៅឡើយ​ទេ ​ប៉ុន្តែ​អ្វីដែល​គេ​បាន​ដឹង​ច្បាស់​គឺ​វីរភាព​របស់​លោក​ជា​វិជ្ជា​មិន​​ស្លាប់​​ទៅ​​តាម​​រូប​គាត់​ឡើយ​ហើយ​ភាព​ល្បីល្បាញ​នៃ​ខ្សែភាពយន្ត​នេះ​នឹង​បន្ត​​បង្ហាញ​ពី​អ្វី​ដែល​​បាន​កើត​មាន​ឡើង​នា​ពេល​នោះ ​និង​ការខកខាន​របស់​អាជ្ញាធរ​ក្នុង​ការស្វែង​រក​ឃាតករ​យក​​មក​​កាត់​​ទោស៕

This posting includes an audio/video/photo media file: Download Now

សហគមន៍​ខ្មែរ​ឡុងប៊ិច​នឹង​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប​ថ្ងៃ​ទី​១៧ ខែ​មេសា

Posted: 16 Apr 2012 05:07 PM PDT

របប​​ខ្មែរ​​ក្រហម​បាន​ផ្លាស់​ប្តូរ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​ទីក្រុង​ខ្មោច​និង​កែប្រែ​ប្រទេស​កម្ពុជា​ទៅ​ជា​វាល​ពិឃាត។ ​វា​មាន​រយៈ​ពេល ​ជាង​​៣០​​ឆ្នាំ​​ហើយ​​បន្ទាប់​​ពី​​របប​​ប្រល័យ​​ពូជ​​សាសន៍​​នេះ​ត្រូវ​​​បាន​​​បញ្ចប់​​ប៉ុន្តែ​​ស្លាក​​ស្នាម​​និង​​ទុក្ខ​វេទនា​​​របស់​​​សម័យ​នោះ​នៅ​តែ​មាន​រហូត​នៅ​ជាប់​នឹង​អារម្មណ៍​​ជន​រង​គ្រោះ​​និង​​អ្នក​​ដែល​​បាន​បាត់បង់​ក្រុម​គ្រួសារ​របស់​ខ្លួន។​

​​ប្រជាពលរដ្ឋ​ខ្មែរ​​​ បើទោះ​បី​ជា​គេ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ហើយ​ក៏​ដោយ​ក៏​អារម្មណ៍​ខ្លោច​ផ្សា​​តាម​លង​ពួកគេ​ជា​និច្ច។

​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ខាង​មុខ​នេះ​ជា​ឱកាស​មួយ​ដែល​ពួកគេ​នឹង​មក​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​ពី​ការ​ឈឺចាប់​ទាំង​នោះ​និង​ក៏​ដើម្បី​សំឡឹង​មើល​ទៅ​អនាគ​ត​បន្ត​ទៀត​ផង​ដែរ។​

លោក ឆាត​ សមិទ្ធ (Chad Sammeth)​អ្នកសម្រប​សម្រួល​របស់​អង្គការ​សហគមន៍​ខ្មែរ​ដែល​ជា​អ្នករៀប​ចំ​កម្មវិធី​នេះ​បាន​ឱ្យ​ដឹង​ថា៖

«យើង​ចង់​ឱ្យ​សហគមន៍​​ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​សំខាន់​សម្រាប់​ប្រវត្តិសាស្រ្ត​ខ្មែរ។​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឱ្យ​សហគមន៍​​នេះ​រស់​នៅ​ជា​មួយ​ការ​ឈឺ​ចាប់​នេះ​រហូត​ដែរ។​យើង​មាន​អ្នក​ខ្លះ​ដែល​គាត់​លាក់​ទុក​នូវ​ការ​ឈឺ​ចាប់​របស់​គាត់​ស្ងៀម​ស្ងាត់​តែ​ម្នាក់​ឯង ​ព្រោះ​ការ​មក​រស់​នៅ​លើ​ទឹក​ដី​ថ្មី​មាន​ការ​ពិបាក​ខាង​ភាសា​និង​របៀប​របប​រស់នៅ។​ ដូច្នេះ​គាត់​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​កូន​ចៅ​គាត់ ​អញ្ចឹង​យើង​ចង់​ឱ្យ​​គាត់​មក​ជួប​ជុំគ្នា​ដើម្បី​យក​ឱកាស​នេះ​ឱ្យ​​គាត់​និយាយ​ពី​អារម្មណ៍​​គំនិត​​របស់​គាត់។ ​យើង​ចង់​ឱ្យ​​គាត់​ដឹង​ថា​នេះ​មិន​មែន​ជា​បញ្ហា​របស់​គាត់​តែ​ម្នាក់​ទេ​តែ​ជា​បញ្ហា​របស់​សហគមន៍​ទាំង​មូល»។

លោក​ឆាត សមិទ្ធ​យល់​ថា​ថ្ងៃ១៧ ខែ​មេសា ​ក៏​ជា​ថ្ងៃ​ដែល​ផ្លាស់​ប្តូរ​នូវ​ខ្សែ​ជីវិត​របស់​ពួកគេ​ផង​ដែរ។​​«បើ​គ្មាន​ថ្ងៃ១៧​មេសា ​ខ្ញុំ​ប្រហែល​ជា​មិន​មែន​នៅ​ទីនេះ​ទេ ​​ហើយ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ក៏​ប្រហែល​ជា​កំពុង​នៅ​ស្រុក​ខ្មែរ​ដែរ។​ ថ្ងៃ១៧​មេសា​ប៉ះពាល់​ដល់​​ប្រជាជន​​ខ្មែរ​​គ្រប់​រូប​នៅ​លើ​ពិភពលោក។​ ​តែ​អ្វី​ដែល​យើង​សង្កត់​ធ្ងន់​គឺ​តើ​យើង​ត្រូវ​ដើរ​​ទៅ​​មុខ​​ទៀត​យ៉ាង​ម៉េច?​ ពីព្រោះ​យើង​ចំណាយ​ពេល​ច្រើន​ពេក​ហើយ​លើ​ភាព​ទុក្ខសោក​ដែល​យើង​ឆ្លង​កាត់»។

ការរំលឹក​ខួប​នេះ​មាន​ឈ្មោះ​ថា «Courage to Remember»​ ឬ «សេចក្តី​ក្លា​ហាន​ក្នុង​ការចងចាំ»​ដែល​​នឹង​​ធ្វើ​ឡើង​នៅ​ Long Beach City College- Pacific Coast Campus វេលា​ម៉ោង​៥​ល្ងាច​ក្នុង​ទីក្រុង​ឡុងប៊ិច។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!