VOA News: ព័ត៌មាន: “កងការពាររបស់នួន ជា ថានួន ជា ពាក់ព័ន្ធនឹងឌុច” plus 3 more |
- កងការពាររបស់នួន ជា ថានួន ជា ពាក់ព័ន្ធនឹងឌុច
- រូបថតទាហានអាមេរិកជាមួយនឹងសាកសពអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានថ្កោលទោស
- នួន ជា បដិសេធការទទួលខុសត្រូវការសម្លាប់នៅគុកទួលស្លែង
- ផ្សារមូលបត្រចាប់ផ្តើមដោយមានអាជ្ញាធររដ្ឋាករទឹកក្រុងចេញលក់ហ៊ុនរបស់ខ្លួន
កងការពាររបស់នួន ជា ថានួន ជា ពាក់ព័ន្ធនឹងឌុច Posted: 19 Apr 2012 03:14 PM PDT សាក្សីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា នួន ជា មានការទាក់ទងជាប្រចាំជាមួយនឹង ឌុច អតីតប្រធានមន្ទីរ ស-២១ ឬ គុកទួលស្លែង។ ការបង្ហាញនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យបដិសេធការទទួលខុសត្រូវលើគុកទួលស្លែងនិងប្រកាសថា គាត់មិនមែនជាមេកើយបញ្ជាលើ ឌុច នោះទេ។ លោក សូត្រ ទឿង ដែលធ្លាប់ធ្វើជាកងការពាររបស់នួន ជា បានអះអាងក្នុងអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះថា គាត់បាននាំសំបុត្រ និងឯកសារពីនួន ជា ទៅឲ្យឌុច និងយកសំបុត្រ និងឯកសារពី ឌុច ទៅឲ្យនួន ជា វិញ។ លោកបានឆ្លើយតបនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្ដរជាតិ លោក ដែល លីហ្ស៊ាក់ (Dale Lysak) តាមរយៈជំនួយពីអ្នកបកប្រែ។ «ឯកសារនោះដាក់ក្នុងស្រោមសំបុត្រ។ មានសរសេរជូនទៅឌុច ពីតា នួន ជា»។ លោក សូត្រ ទឿង អាយុ ៦២ ឆ្នាំ មកពីខេត្តរតនគិរី។ គាត់បានចូលធ្វើបដិវត្តន៍បែបកុម្មុយនិស្ដជាមួយពួកខ្មែរក្រហមនៅឆ្នាំ១៩៦៨ នៅភូមិភាគឥ្ឍសាន និងក្រោយមកត្រូវតែងតាំងឲ្យធ្វើជាកងការពារ ឬអង្គរក្សរបស់នួន ជា។ សាក្សីដដែលនេះធ្វើការជាអ្នកនាំសាររវាងនួន ជា និងឌុច ចាប់ពីថ្ងៃទី ១៥ សីហា ឆ្នាំ១៩៧៧ ក្នុងអំឡុងប្រមាណជាមួយឆ្នាំ។ នេះបើយោងតាមចម្លើយរបស់សាក្សីទៅកាន់សហចៅក្រមស៊ើបអង្កេតដែលបង្ហាញដោយសហព្រះរាជអាជ្ញារងអន្ដរជាតិ។ កាលពីម្សិលមិញ នួន ជា បានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមច្រានចោលសក្ខីកម្មដែលឌុច លាតត្រដាងជាប់ពាក់ព័ន្ធនឹងរូបគាត់។ សាក្សីរូបនេះបានឆ្លើយសំណួររបស់លោកស្រី ទី ស្រ៊ីនណា មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី លោកសូត្រ ទឿង បានលើកឡើងថា គាត់មិនដែលបានឃើញនួន ជា និង ឌុច ជួបគ្នាទល់មុខនោះទេ។ ជាមួយគ្នានោះ សូត្រ ទឿង ក៏បានបញ្ជាក់ថា គាត់បានរស់នៅដោយការភ័យខ្លាចក្នុងសម័យខ្មែរក្រហម។ គឺភ័យខ្លាចចំពោះការប្រព្រឹតិ្តខុសនឹងមាគ៌ារបស់អង្គការ និងភ័យខ្លាចចំពោះការចាប់ខ្លួនយកទៅសម្លាប់ចោល៕ This posting includes an audio/video/photo media file: Download Now |
រូបថតទាហានអាមេរិកជាមួយនឹងសាកសពអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានថ្កោលទោស Posted: 19 Apr 2012 04:30 AM PDT រូបថតដែលកំពុងបង្ហាញទាហានសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានថតរូបជាមួយសាកសពអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតកំពុងធ្វើឲ្យមានការថ្កោលទោសពីមន្រ្តីសហរដ្ឋអាមេរិកនិងអង្គការអូតង់។ រូបថតឆ្នាំ២០១០ដែលកាសែត Los Angeles Times បានទទួលបានបង្ហាញពីកងទ័ពអាមេរិកាំងថតជាមួយសាកសពពួកបះបោរដែលបានសម្លាប់ក្នុងអំឡុងពេលដែលពួកគេវាយប្រហារអត្តឃាតុ។ កាសែត Times បានបោះពុម្ភផ្សាយរូបថត២សន្លឹកនៃរូបថតទាំងអស់១៨សន្លឹកនៅលើ Website របស់ខ្លួនកាលពីថ្ងៃពុធ។ ស៊ីរី៖ បទឈប់បាញ់គ្នាដែលមានអាយុជិតមួយសប្តាហ៍របស់ប្រទេសស៊ីរី បានបន្តកាន់តែយ៉ាប់យ៉ឺនឡើងកាលពីថ្ងៃពុធ នៅពេលដែលការផ្ទុះគ្រាប់បែកបានសម្លាប់មន្រ្តីប្រតិបត្តិច្បាប់ស៊ីរី៦នាក់ហើយកងទ័ពរដ្ឋាភិបាលបានបន្តបាញ់ផ្តក់នៅក្នុងតំបន់នៃទីក្រុងហូមស៍។ កូរ៉េខាងជើង៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រាប់ឲ្យដឹងថាឥឡូវនេះ ខ្លួន មិនទំនងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងទេ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យូងយ៉ាងបានថ្លែងថាខ្លួន លែងគោរពកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលមិនធ្វើតេស្តុសាកល្បងកាំជ្រួចផ្លោងមីស៊ីលនិងឧប្បករណ៍នុយក្លេអ៊ែរ។ សកលលោក៖ អង្គការមូលនិធិរូបីវត្ថុអន្តរជាតិ (IMF) ប្រាប់ឲ្យដឹងថាសេ្ថរភាពហិរញ្ញវត្ថុសកលលោក បានប្រសើរឡើងកាលពីបី បួនខែមុនដោយសារភាពធូស្រាលនៃវិបត្តិបំណុលអឺរ៉ុបប៉ុន្តែ មិនមានការធានាការរីកលូតលាស់សេដ្ឋកិច្ចរយៈពេលយូរទេ។ ភូមា៖ អ្នកនាំពាក្យលោកស្រី Aung San Suu Kyi មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យភូមា និយាយថាលោកស្រី នឹងបំពេញទស្សនៈកិច្ចនៅប្រទេស Norway និងប្រទេសអង់គ្លេសនៅខែមិថុនា ដែលជាដំណើរបំពេញទស្សនៈកិច្ចលើកទីមួយទៅបរទេសនៅក្នុងរយៈពេល២៤ឆ្នាំ។ សហរដ្ឋអាមេរិក៖ លោកTimothy Geithnerរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក មានប្រសាសន៍ថាសេចក្តីសម្រេចចិត្តកាលពីថ្មីៗនេះរបស់ចិនដែលបង្កើនតម្លៃរូបីប័ណ្ណរបស់ខ្លួន ដោយប្រៀបធៀនជាមួយប្រាក់ដុល្លាជាការសំខាន់ហើយនឹងជាការសន្យាមួយ។ ចិន៖ ពួកអ្នករិះគន់របស់ចិន និយាយថារដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបីប័ណ្ណនឹងជំរុញឲ្យប្រាក់យាន់ចុះតម្លៃ។ តម្លៃប្រាក់ទាបមានន័យថាទំនិញធ្វើនៅក្នុងប្រទេសចិន មានតម្លៃថោកសម្រាប់ពួកអ្នកទិញបរទេស ដែលជំរុញការនាំចេញទំនិញទៅក្រៅប្រទេសរបស់ចិន។ រុស្ស៊ី៖ ទីភ្នាក់ងាររដ្ឋសម្រាប់ការលក់អាវុធនៃប្រទេសរុស្ស៊ី បានប្រាប់ឲ្យដឹងថាប្រទេសនៅអាស៊ី បានក្លាយជាអ្នកទិញបច្ចេកវិទ្យាយោធាកំពូលរបស់រុស្ស៊ី ដែលពួកអ្នកជំនាញការខាងអាវុធបានស្តីបន្ទោសលើប្រទេសចិន។ ម៉ាឡេស៊ី៖ ក្រុមហ៊ុន Rosoboronexport ដែលជាផ្នែកមួយនៃគណៈប្រតិភូ ប្រចាំការតាំងពិពណ៌អាវុធអន្តរជាតិនៅម៉ាឡេស៊ី និយាយថាការនាំចេញអាវុធរបស់រុស្ស៊ីចំនួន៤៣ភាគរយគឺទៅកាន់ប្រទេសនានានៅអាស៊ី។ រុស្ស៊ី៖ លោក Maksim Pyatushkin អ្នកវិភាគកិច្ចការយោធារបស់រុស្ស៊ី បានប្រាប់ VOA នៅសប្តាហ៍នេះថាការរីកលូតលាស់សេដ្ឋកិច្ចនិងអំណាចយោធារបស់ចិនកំពុងធ្វើឲ្យប្រទេសជិតខាងធ្វើឲ្យប្រសើរឡើងនូវអាវុធរបស់ខ្លួន។ ពួកគេជារឿយៗពឹងផ្អែកលើអាវុធរបស់រុស្ស៊ី។ ស៊ូដង់៖ ប្រធានាធិបតីស៊ូដង់ Omar al-Bashir បានសន្យាដកគណបក្សកំពុងកាន់អំណាចរបស់ស៊ូដង់ចេញពីអំណាច នៅពេលមានការតានតឹងរវាងប្រទេសទាំង២បានបន្តរីកកាន់តែធំ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញថាគូប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោក កំពុងព្យាយាមជួយពួកអ្នកមានអាមេរិកាំងជាជាងចំណាយប្រាក់ដើម្បីជួយប្រជាពលរដ្ឋថ្នាក់កណ្តាល។ <!--AV--> This posting includes an audio/video/photo media file: Download Now |
នួន ជា បដិសេធការទទួលខុសត្រូវការសម្លាប់នៅគុកទួលស្លែង Posted: 18 Apr 2012 06:41 PM PDT នួន ជា បងធំទី២នៃរបបខ្មែរក្រហមនៅថ្ងៃពុធនេះបានបដិសេធការទទួលខុសត្រូវនៅមន្ទីរស-២១ ឬគុកទួលស្លែងដែលអ្នកទោសយ៉ាងតិច១២.៣៨០នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរមុននឹងសម្លាប់ចោល។ នៅក្នុងការផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២ កាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ នេះបានអះអាងថា នួន ជា ជាអ្នកទទួលខុសត្រូវលើមន្ទីរ ស-២១ បន្ទាប់ពីសុន សេន។ ហើយនួន ជាបានដាក់បញ្ជាឲ្យចាប់ខ្លួនយកមកដាក់គុក និងសម្លាប់ចោលជនណាដែលត្រូវចាត់ទុកថាជាខ្មាំងរបស់អង្គការ។ មួយវិញទៀត ឌុច បានលើកឡើងថា អតីតប្រធានសភាខ្មែរក្រហម ដែលមានអំណាចលំដាប់ទីពីរនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបញ្ជាឲ្យខ្លួនសម្លាប់អ្នកទោសឲ្យអស់ក្នុងគុកទួលស្លែង មុននឹងការចូលមកដល់ក្រុងភ្នំពេញនៃកងទ័ពវៀតណាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ នៅក្នុងសេចក្ដីថ្លែងការណ៍នៅពេលចាប់ផ្ដើមសវនាការដោយអង្គជំណុំជម្រះសាលាក្តីខ្មែរក្រហមនៅព្រឹកនេះ នួន ជា បានហៅការផ្តល់សក្ខីកម្មនោះថាជាការចោទប្រកាន់ដោយបំផ្លើស។ «ខ្ញុំសូមប្រកាសជូនបងប្អូនប្រជាជនរួមខ្មែរទាំងអស់ថា ខ្ញុំមិនដែលមានពេលណាមួយនោះទទួលខុសត្រូវលើមន្ទីរស-២១ នោះទេ។ អ្វីដែលឌុចនិយាយចោទប្រកាន់មកលើរូបខ្ញុំគឺជាការភូតបំផ្លើសការពិត និងអយុត្តិធម៌មកលើរូបខ្ញុំតែប៉ុណ្ណោះ»។ នួន ជា អាយុ៨៥ឆ្នាំ អះអាងថា ឌុច បានកែច្នៃចំណាររបស់ប៉ុល ពត បងធំទី១ មេស្ថាបនិករបបខ្មែរក្រហមឲ្យទៅជាចំណាររបស់គាត់។ ជាមួយគ្នានោះនួន ជា ក៏បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងច្រានចោលសក្ខីកម្មរបស់ឌុច និងទាមទារឲ្យឌុច បង្ហាញចំណាររបស់គាត់នៅចំពោះមុខតុលាការ។ នួន ជា គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទចំនួនបួននាក់ដែលជាមេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង០០២។ ក្នុងនោះមានខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ប៉ុន្ដែអៀង ធីរិទ្ធ ត្រូវតុលាការរកឃើញថា បានបាត់បង់ការចងចាំនិងមានបញ្ហាស្មារតីហើយបានដាក់ឲ្យស្ថិតក្រោមការតាមដានរបស់វេជ្ជបណ្ឌិតសិន។ ជនជាប់ចោទទាំងនេះត្រូវនាំខ្លួនយកមកកាត់ទោសទាក់ទងនឹងការសម្លាប់ និងការបង្កឲ្យស្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ក្នុងពេលដែលពួកគេក្តាប់អំណាចក្នុងដៃចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩៕ This posting includes an audio/video/photo media file: Download Now |
ផ្សារមូលបត្រចាប់ផ្តើមដោយមានអាជ្ញាធររដ្ឋាករទឹកក្រុងចេញលក់ហ៊ុនរបស់ខ្លួន Posted: 18 Apr 2012 04:12 PM PDT កម្ពុជាបានចាប់ផ្តើមបើកផ្សារលក់មូលបត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅថ្ងៃពុធនេះ ដោយមានក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួនបីគឺរដ្ឋាករស្វ័យយ័តក្រុងភ្នំពេញ បានប្រកាសលក់ភាគហ៊ុនជាលើកដំបូងមុនគេបង្អស់ដោយមានហ៊ុនប្រមាណ ៣៩២,៣១២ ភាគហ៊ុន។ តម្លៃភាគហ៊ុនរបស់រដ្ឋាករស្វ័យយ័តក្រុងភ្នំពេញបានកើនឡើងប្រមាណ៥០ភាគរយនៅម៉ោងបិទផ្សាយភាគហ៊ុន។ ភាគហ៊ុនរដ្ឋាករទឹកបានឡើងដល់៩៥០០រៀល គឺប្រមាណ ២.៥ដុល្លារសហរដ្ឋអាមេរិក ដែលតម្លៃដំបូងប្រមាណ៦.៣០០រៀលគឺស្មើនឹង១.៥៧ដុល្លារសហរដ្ឋអាមេរិកក្នុងមួយហ៊ុន។ «ថ្លៃជួញដូរដែលសម្រេចបានគឺស្មើនឹង ៩.៤៥០រៀលគឺបានកើនឡើងពី ៦.៣០០រៀល ដែលជាថ្លៃបោះផ្សាយដំបូងពោលគឺកើនឡើង៥០ភាគរយ បើធៀបទៅនឹងបោះផ្សាយដំបូង»។ ចាប់តាំងពីកម្ពុជាបានបង្កើតផ្សារមូលបត្រជាលើកដំបូង មានក្រុមហ៊ុនចំនួនបី ដែលរដ្ឋាភិបាលបានទទួលស្គាល់គឺក្រុមហ៊ុនរដ្ឋាករស្វ័យយ័តក្រុងភ្នំពេញ ក្រុមហ៊ុនកំពង់ផែស្វ័យយ័ត និងក្រុមហ៊ុនអគ្គិសនីស្វ័យយ័តកម្ពុជា។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើសារមួយនៅក្នុងពិធីប្រកាសបើកការជួញដូរផ្សារមូលបត្រនៅកម្ពុជា លោកបានមានប្រសាសន៍ថា កិច្ចដំណើរការនៃការជួញដូរនេះនឹងដើរតួនាទីជាកត្តាលីករបន្ថែមមួយដ៏សំខាន់សម្រាប់ជំរុញប្រសិទ្ធភាពសេដ្ឋកិច្ចរដ្ឋាភិបាល និងសម្រាប់បង្កើនសេដ្ឋកិច្ចជាតិឲ្យកាន់តែមានសកម្មភាពខ្លាំងក្លា និងឈានហក់ឡើងប្រកបដោយចេរភាពតាមរយៈការបើកឡើងនូវលទ្ធភាព និងកាលានុវត្តភាពថ្មីមួយទៀតក្នុងការកៀងគរវិនិយោគទុនឲ្យមកវិនិយោគនៅកម្ពុជា។ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការអភិវឌ្ឍផ្សារមូលបត្រគឺជាកម្មវត្ថុមួយនៃវិស័យហិរញ្ញវត្ថុ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល ដោយបានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍហិរញ្ញវត្ថុឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៥។ «ការប្រកាសបើកការជួញដូរនៅថ្ងៃនេះ បង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងផុសផុល ពីសំណាក់តួអង្គក្នុងវិស័យមូលបត្រជាច្រើនផ្សេងទៀតក្រៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា»។ លោក គីម បុងស៊ូរ (Kim Bong Soo) អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកូរ៉េបានមានប្រសាសន៍ថា អស់រយៈពេលបីឆ្នាំចុងក្រោយនេះលោកបានមើលឃើញកិច្ចខិតខំប្រឹងប្រែង និងភាពឧស្សាហ៍ព្យាយាមរបស់រដ្ឋាភិបាល ដែលធ្វើឲ្យលោករំពឹងថាកម្ពុជានឹងមានការរីកចម្រើន នឹងអាចក្លាយទៅជាតំបន់ស្នូល នៃតំបន់សេដ្ឋកិច្ចអាស៊ីអគ្នេយ៍។ «សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ទីផ្សារមូលបត្រដែលទើបចាប់ផ្តើមនេះ ចាំបាច់ត្រូវការសហការប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់ស្ថាប័នពាក់ព័ន្ធកម្ពុជា និង KLS ផងដែរ»។ លោក ឯក ស៊ុនចាន់ ប្រធានរដ្ឋាករស្វ័យយ័តក្រុងភ្នំពេញបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះជាមោទនភាពសម្រាប់កម្ពុជា ដែលមានអ្នកវិយោគទុនទុកចិត្ត និងបានមកវិនិយោគនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។ «ប្រាកដណាស់ហើយគឺថ្ងៃនេះបានកំណត់នូវរបត់ថ្មីមួយនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការប្រមូលទុនដែលមានក្នុងទីផ្សារយកមកដើម្បីវិនិយោគ។ ជាឱកាសមួយធំណាស់គឺបុគ្គលម្នាក់ដែលមានលុយត្រឹមតែ១០០ ឬ២០០ដុល្លារក៏មានលទ្ធភាពចូលរួមវិនិយោគក្នុងសេដ្ឋកិច្ចនៃប្រទេសបានដែរ»។ លោកបានមានប្រសាសន៍ថា ផ្សារភាគហ៊ុននេះនឹងអាចជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |