VOA News: ព័ត៌មាន: “ផ្សារភាគហ៊ុនកម្ពុជាបើកដំណើរការថ្ងៃដំបូង” plus 3 more |
- ផ្សារភាគហ៊ុនកម្ពុជាបើកដំណើរការថ្ងៃដំបូង
- យានចម្លងអវកាសអាមេរិក Discovery អាយុ២៨ឆ្នាំចូលសារមន្ទីរនៅវ៉ាស៊ីនតោន
- មេគណបក្សប្រឆាំងស្នើតុលាការខ្មែរក្រហមកោះហៅមេដឹកនាំរដ្ឋាភិបាលធ្វើសាក្ខីកម្ម
- គ្រោះថ្នាក់ពេលចូលឆ្នាំធ្លាក់ចុះ
ផ្សារភាគហ៊ុនកម្ពុជាបើកដំណើរការថ្ងៃដំបូង Posted: 18 Apr 2012 03:04 PM PDT ទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជាបានចាប់ផ្ដើមលក់ហ៊ុនតាមផ្លូវការនៅថ្ងៃពុធនេះ នៅ៩ខែក្រោយពីបានបើកទ្វារ។ ការទិញដូរហ៊ុនបានចាប់ផ្ដើមនៅម៉ោង៩ព្រឹកម៉ោងក្នុងស្រុក (ភ្នំពេញ)។ លេខ៩ ដែលបានត្រូវគេចាត់ទុកថា មានលាភនៅក្នុងប្រទេសកម្ពុជា បានត្រូវចប់នៅពេលថ្ងៃត្រង់។ ការទិញដូរហ៊ុន ជាធម្មតាចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង១១កន្លះ។ តែគេមិនទាន់ឃើញក្រុមហ៊ុនណាមួយចុះឈ្មោះនៅក្នុងទីផ្សារនៅឡើយទេ តែនេះជាការផ្សងព្រេងរវាងរដ្ឋភិបាលកម្ពុជានិងទីផ្សារហ៊ុនមូលបត្រកូរ៉េខាងត្បូង។ តែពេលនេះ រដ្ឋករទឹកកម្ពុជា ដែលរដ្ឋកាន់កាប់ បានដាក់ហ៊ុន១៣លានដុល្លារ ឬ៥ភាគរយរបស់ក្រុមហ៊ុន ចាប់ផ្ដើមពី៦.៣០០រៀលក្នុងមួយហ៊ុន។ រដ្ឋកាន់កាប់៨៥ភាគរយនៃហ៊ុន។ នៅពេលបិទទ្វារ តម្លៃហ៊ុនឡើងដល់៩.៣០០រៀល។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> កម្ពុជា៖ យោងតាមទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ អតីតមេដឹកនាំខ្មែរក្រហមជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ នួន ជា បានបដិសេធកាលពីថ្ងៃពុធ ការចោទប្រកាន់ពីមេគុកទួលស្លែង(ឌុច) ថា មិននិយាយការពិត ហើយថាខ្លួនគាត់មិនដែលធ្វើជាអ្នកទទួលខុសត្រូវក្នុងការធ្វើទារុណកម្មក្នុងគុកទេ។ ចិន៖ អាជ្ញាធរចិនសន្យាថានឹងធ្វើការស៊ើបអង្កេតពេញលេញមកលើការចោទប្រកាន់ពីបទរំលោភអំណាច និងឃាតកម្មពាក់ព័ន្ធនឹងមេដឹកនាំនយោបាយបាក់មុខ ហើយនិយាយថា នឹងចាត់វិធានការតឹងរ៉ឹងមកលើជនទទួលខុសត្រូវ។ កូរ៉េខាងជើង៖ អង្គការថាមពលនុយក្លេអ៊ែរអន្ដរជាតិ ថ្លែងថា ខ្លួនប្រហែលជាមិនបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងទេ ក្រោយពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួនឈប់មានការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយស.រ.អ.ទៀតហើយក្នុងការធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ីលនិងឧបករណ៍នុយក្លេអែរដទៃ។ កូរ៉េខាងជើង៖ អតីតនាយកអង្គការស៊ើបការណ៍សម្ងាត់ស៊ីអាយអេ (CIA) Michael Hayden ថ្លែងថា កូរ៉េខាងជើងមិនមានជម្រើសទេ ដែលត្រូវសារភាពថាការប៉ុនប៉ងបាញ់បង្ហោះកាំជ្រួចមីស៊ីលបានទទួលបរាជ័យ។ អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថា ខ្លួននឹងមិនបោះបង់ចោលប្រទេស អាហ្វហ្គានីស្ថានឲ្យធ្លាក់ចូលក្នុងដៃខ្មាំងរបស់ខ្លួនទេ ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ស៊ីរី៖ បទឈប់បាញ់គ្នាជិតមួយសប្ដាហ៍កាន់តែយ៉ាប់យ៉ឺនឡើងកាលពីថ្ងៃពុធ នៅពេលដែលគ្រាប់ផ្លោងបានសម្លាប់មន្ដ្រីសន្ដិសុខស៊ីរី ហើយកងកម្លាំងរដ្ឋាភិបាល ដែលបានបាញ់គ្រាប់ផ្លោងឡើងវិញចូលទៅក្នុងតំបន់ក្រុងហូមស៍។ ចិន៖ ចិននិយាយថា មនុស្សប្រមាណ១សែននាក់ ដែលរស់នៅជិត ទំនប់វារីអគ្គិសនីនឹងបានត្រូវផ្លាស់ទីលំនៅទៅរកទីកន្លែងថ្មី ដោយសារតែមានការគំរាមពីមហន្ដរាយធម្មជាតិជិតគម្រោងការដ៏ធំនោះ។ ភូមា៖ ក្រសួងការបរទេសនៃប្រទេសន័រវែសថ្លែងថា មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមាលោកស្រី អ៊ុងសានស៊ូជី នឹងទៅទស្សនាទីក្រុងអូស្លូនៅខែមិថុនា ដោយកត់សម្គាល់ជាលើកដំបូង ដំណើរទស្សនកិច្ចលើកទីមួយនៅក្រៅប្រទេសភូមាជាង២៤ឆ្នាំ មកហើយ។ ចិន៖ មានសេចក្តីរាយការណ៍មកថា មន្ដ្រីអាមេរិកាំងនៅក្នុងប្រទេសចិនបានដាក់អតីត មេប៉ូលីសក្រុងចុងគិញឲ្យស្ថិតនៅក្រោមការការពាររបស់ខ្លួនចំនួន៣៦ម៉ោង ដើម្បីប្រគល់ទៅឲ្យអាជ្ញាធរក្រុងប៉េកាំង ជាជាងប្រគល់ទៅឲ្យប៉ូលីសក្នុងមូលដ្ឋាន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
យានចម្លងអវកាសអាមេរិក Discovery អាយុ២៨ឆ្នាំចូលសារមន្ទីរនៅវ៉ាស៊ីនតោន Posted: 18 Apr 2012 03:02 AM PDT យានចម្លងអវកាសអាមេរិក Discovery ដែលគេឈប់ប្រើបានចុះចតនៅឯចំណតយន្តហោះអន្តរជាតិ Dulles នាប៉ែកខាងជើងនៃរដ្ឋ Virginia នៅពេលវាធ្វើដំណើរទៅកាន់កន្លែងដាក់តាំងថ្មីរបស់វាក្នុងសារមន្ទីរយន្តហោះមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ យានអវកាសចម្លងនេះដែលបានត្រូវស្ថាបនាកាលពី២៨ឆ្នាំមុននេះបានធ្វើដំណើរចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy កាលពីថ្ងៃអង្គារដោយបានត្រូវដាក់នៅលើដំបូលនៃយន្តហោះ Boeing 747 មួយគ្រឿងរបស់ទីភ្នាក់ងារណាសា។
ស៊ីរី៖ នៅពេលដែលកិច្ចឈប់បាញ់គ្នាមួយក្នុងប្រទេសស៊ីរីកំពុងទ្រេតទ្រោត កងកម្លាំងរដ្ឋាភិបាលស៊ីរីបានពង្រីកការវាយប្រហាររបស់ពួកគេទៅលើសំបុកក្រុមប្រឆាំងកាលពីថ្ងៃអង្គារនៅពេលដែលក្រុមទៅមុនមួយនៃពួកអ្នកសង្កេតការអន្តរជាតិធ្វើការដើម្បីពង្រីកបេសកកម្មរបស់ពួកគេក្នុងប្រទេសនេះ។ កូរ៉េខាងជើង៖ កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានច្រានចោលការថ្កោលទោសរបស់អង្គការសហប្រជាជាតិដល់ការបង្ហោះរ៉ុក្កែតគ្មានជោគជ័យរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ហើយបានសន្យាថានឹងបន្តការខិតខំប្រឹងប្រែងបាញ់បង្ហោះកាំជ្រួចផ្លោង មានវង់ប្រតិបត្តិការឆ្ងាយមួយគ្រឿងឱ្យចូលក្នុងអវកាសដើម្បីដាក់ផ្កាយវិទ្យាសាស្ត្រមួយឱ្យចូលក្នុងតារាវិថី។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយទទូចថារដ្ឋាភិបាលក្រុង Pyongyang មានសិទ្ធិខាងផ្លូវច្បាប់នៅពេលខ្លួនបានបង្ហោះរ៉ុក្កែតមួយគ្រឿងកាលពីសប្តាហ៍មុនដែលខ្លួននិយាយថាបានផ្ទុកផ្កាយវិទ្យសាស្ត្រធាតុអាកាសមួយឱ្យចូលទៅក្នុងតារាវិថី។ រ៉ុក្កែតនេះបានបាក់បែកហើយធ្លាក់ទៅក្នុងសមុទ្រលឿង--បណ្តាលឱ្យមានការរិះគន់ពីអង្គការសហប្រជាជាតិ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តយូរយាមកហើយរបស់កូរ៉េខាងជើង អាមេរិក ជប៉ុននិងសហភាពអឺរ៉ុប។ ពួកអ្នករិះគន់បានចោទប្រកាន់កូរ៉េខាងជើងថាបានប្រើប្រាស់ឆាកផ្កាយវិទ្យាសាស្ត្រជាការលាក់បាំងសម្រាប់ធ្វើការបាញ់ពិសោធន៍កាំជ្រួចផ្លោងដែលបានត្រូវហាមប្រាមតាមរយៈសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ អឺរ៉ុប៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិមានសុទិដ្ឋិនិយមច្រើនជាងមុនបន្តិចអំពីការលូតលាស់សេដ្ឋកិច្ចសាកល នៅពេលដែលប្រទេសជាតិអឺរ៉ុបបានចាត់វិធានការដើម្បីដោះស្រាយវិបត្តិជំពាក់បំណុលរបស់ពួកគេ ហើយសេដ្ឋកិច្ចអាមេរិកបានលូតលាស់លឿនជាងមុនបន្តិច។ This posting includes an audio/video/photo media file: Download Now |
មេគណបក្សប្រឆាំងស្នើតុលាការខ្មែរក្រហមកោះហៅមេដឹកនាំរដ្ឋាភិបាលធ្វើសាក្ខីកម្ម Posted: 17 Apr 2012 05:32 PM PDT លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃអង្គារ៍នេះ បានទទូចដល់សហចៅក្រមខាងភាគីអន្តរជាតិនៅក្នុងសាលាក្តីខ្មែរក្រហម ឲ្យកោះអញ្ជើញមេដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលសំខាន់ៗមួយចំនួន ឲ្យចូលមកបំភ្លឺនៅក្នុងសាលាក្តីជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់អស់ជាង ១.៧ លាននាក់។ លោកសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងតាមរយៈវីដេអូខិនវឺរេន នៅក្នុងខណៈពេលគណបក្សនេះកំពុងរៀបចំពិធីបុណ្យបង្សុកូលលើកទី៣៧ នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកសម រង្ស៊ី មិនបានបង្ហាញឈ្មោះមេដឹកនាំកំពូលៗទាំងនោះទេ ក៏ន្តែលោកគ្រាន់តែបានបញ្ជាក់ថាជាមេដឹកនាំកំពូលក្នុងរដ្ឋាភិបាល មេដឹកនាំក្នុងរដ្ឋសភា មេដឹកនាំព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកហោ ណាំហុង និងលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែត្រូវបានកោះអញ្ជើញដោយសហចៅក្រមអន្តរជាតិ ដើម្បីឲ្យចូលមកបំភ្លឺនៅក្នុងសាលាក្តីពាក់ព័ន្ធនឹងបទឧក្រិដ្ឋនៅក្នុងរបបខ្មែរក្រហម។ លោកសម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនណាអ្នកទាំងនោះទៅបំភ្លឺ នឹងអាចក្លាយទៅជាជនសង្ស័យ ហើយតុលាការអាចចោទប្រកាន់បានដោយសារតែពួកគេជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងរបបខ្មែរក្រហម។ «គេដឹងរឿងច្រើន គេអាចធ្វើជាសាក្សី ហើយក្លាយទៅជាសាក្សី។ ហើយឆ្លើយឲ្យព័ត៌មាន គេយកទៅពិចារណាថា តើព័ត៌មាននោះអាចមានសារៈសំខាន់នាំមកនូវការសង្ស័យ។ សាក្សីនោះហ៊ានឆ្លើយទៅជាជនសង្ស័យ»។ សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃពុធស្អែកនេះ នឹងបន្តបើកសវនាការសួរដេញដោលលើសំណុំរឿង០០២ ជាប់ពាក់ព័ន្ធនឹងក្រសួងការបរទេស គុកបឹងត្របែក ក្រសួងពាណិជ្ជកម្ម ហើយគេរពឹងថានឹងមានសាក្សីថ្មីៗ និងផ្តល់សក្ខីកម្មចំពោះសំណុំរឿងទាំងនេះ។ លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា ការសម្រេចកោះហៅមកធ្វើសក្ខីកម្មនៅក្នុងសាលាក្តីខ្មែរក្រហម គឺអាស្រ័យទៅលើឆន្ទានុសិទ្ធរបស់អង្គជំណុំជម្រះរបស់សាលាដំបូង និងដោយមានការយល់ព្រមពីសហចៅក្រមទាំងភាគីជាតិ និង អន្តរជាតិផងដែរ។ «ការសម្រេចកោះហៅទៅលើសាក្សីណាមួយមកធ្វើសក្ខីកម្ម គឺជាការសម្រេចមួយដោយមានការយល់ស្របពីចៅក្រមនៅក្នុងអង្គជំនុំជម្រះសាលាដំបូងនេះ។ ដូច្នេះការអំពាវនាវគឺជាសិទ្ធរបស់គាត់។ ប៉ុន្តែការសម្រេចធំ គឺជាឆន្ធានុសិទ្ធរបស់ចៅក្រម»។ លោក មីស្ស៊ែល ផេសមិន (Michiel Pestman) សហមេធាវីអន្តរជាតិរបស់លោកនួន ជា ក៏ធ្លាប់បានលើកឡើងនៅក្នុងសាលាក្តីខ្មែរក្រហមឲ្យកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ចំនួនប្រាំមួយរូប នៅក្នុងរដ្ឋាភិបាលឲ្យមកធ្វើសក្ខីកម្មនៅក្នុងសាលាក្តីខ្មែរក្រហមផងដែរ។ បញ្ជីឈ្មោះសាក្សីនៅក្នុងសាលាក្តីខ្មែរក្រហមត្រូវបានគេចាត់ទុកថាជារឿងសម្ងាត់ ហើយការស្នើសុំសាក្សី អ្នកជំនាញក្នុងការមកធ្វើសក្ខីកម្មនៅក្នុងសំណុំរឿង០០២ មានចំនួន ១០៩២ នាក់។ សំណើរស្នើសុំសាក្សីត្រូវធ្វើឡើងដោយសហព្រះរាជអាជ្ញាពីមេធាវីការពារក្តី និងពីភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ក៏ប៉ុន្តែរាល់ការសម្រេចយកសាក្សីប៉ុន្មាននាក់ គឺអាស្រ័យទៅលើអង្គជំនុំជម្រះរបស់សាលាក្តីតែប៉ុណ្ណោះដោយសម្រេចថាតើមានភាគីណាដែលជាប់ពាក់ព័ន្ធ ឬ មិនជាប់ពាក់ព័ន្ធត្រូវយកមកបំភ្លឺនៅក្នុងសាលាក្តី៕ This posting includes an audio/video/photo media file: Download Now |
គ្រោះថ្នាក់ពេលចូលឆ្នាំធ្លាក់ចុះ Posted: 17 Apr 2012 05:16 PM PDT មនុស្សចំនួន៤៨ នាក់បានស្លាប់បាត់បង់ជីវិត និង៣៥០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ។ របាយការណ៍នេះបានស្រង់ករណីគ្រោះថ្នាក់ចរាចណ៍រយៈពេលប្រាំថ្ងៃនៃអំឡុងពេលបុណ្យចូលឆ្នាំគឺនៅមុន និងនៅក្រោយមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំទាំងបីថ្ងៃ ដែលមានគ្រោះថ្នាក់សរុបបានកើតឡើងចំនួន១៦៥ លើក។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ត្រូវនឹងឆ្នាំ ២០១២ នៃគ្រឹះសករាជទើបនឹងត្រូវបញ្ចប់កាលពីថ្ងៃអាទិត្យ។ ខេត្តព្រៃវែងមានចំនួនជនរងគ្រោះស្លាប់បាត់បង់ជីវិតច្រើនជាងគេគឺ ប្រាំបួននាក់ បន្ទាប់មកគឺខេត្តបាត់ដំបង ប្រាំមួយនាក់ និងខេត្តសៀមរាបបួននាក់។ ប៉ុន្ដែរបាយការណ៍ដដែលបង្ហាញថា ជនរងគ្រោះមានចំនួនតិចជាងឆ្នាំ ២០១១។ ពោលគឺជនរងគ្រោះដល់ស្លាប់បានថយចុះដប់នាក់ រីឯអ្នករងរបួសទាំងធ្ងន់ ទាំងស្រាលបានថយចុះចំនួន១៤០ នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ លោក ហាយ វ៉ារុន អនុប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការថយចុះនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ចរាចរណ៍ច្រើនជាងមុន និងមួយវិញទៀតក្រុមសមត្ថកិច្ច ក៏បានចុះត្រូតពិនិត្យនិងអប់រំជាពិសេសដល់ក្រុមអ្នកបើកបររថយន្ដតាក់ស៊ី នៅមុនពេលពិធីចូលឆ្នាំមកដល់។ យ៉ាងណាក៏ដោយលោក ហាយ វ៉ារុន បញ្ជាក់ថាការបើកបរលើសល្បឿនកំណត់ និង ការស្រវឹងសុរាគឺជាមូលហេតុចំបងនៃគ្រោះថ្នាក់។ «មូលហេតុដោយសារល្មើសល្បឿន ៥០ភាគរយ ស្រវឹង ១៣ភាគរយ ប្រជែងគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអទិភាពដប់ភាគរយ មិនប្រកាន់ស្ដាំប្រាំបីភាគរយ ការបត់ឆ្វេងស្ដាំមិនប្រយ័ត្នបីភាគរយ ក្មេងរត់ឆ្លងផ្លូវបីភាគរយ។ ងងុយគេងកត្តាផ្លូវ និងយានយន្ដមួយភាគរយ»។ ថ្វីបើតួលេខផ្លូវការរបស់រដ្ឋាភិបាលបង្ហាញពីការចុះថយនៃករណីគ្រោះថ្នាក់ចរាចរ ក៏ដោយក៏មន្ដ្រីរបស់អង្គការជនពិការអន្ដរជាតិបែលហ្ស៊ីកចាត់ទុកថា នេះគ្រាន់តែជាតួលេខផ្លូវការបណ្ដោះអាសន្នតែប៉ុណ្ណោះ។ កញ្ញា សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចររបស់អង្គការនេះបញ្ជាក់ថា តួលេខពិតប្រាកដប្រចាំឆ្នាំនឹងត្រូវបូកបញ្ចូល និងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យបានមកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅទូទាំងប្រទេសផងដែរ។ «នេះគឺជាលទ្ធផលដំបូងដែលយើងអាចទទួលយកបានខ្លះៗ ពីក្រសួងមហាផ្ទៃ ប៉ុន្ដែមិនមែនជាតួលេខចុងក្រោយនៅឡើយពីព្រោះត្រូវរង់ចាំបូកសរុបទិន្នន័យពីខាងមន្ទីរពេទ្យ និងមណ្ឌលសុខភាពតាមរយៈក្រសួងសុខាភិបាល»។ កញ្ញា សាន សុជាតា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរតែងតែមានចំនួនច្រើនជាងចំនួនគ្រោះថ្នាក់ ដែលកើតឡើងក្នុងពេលផ្សេងៗទៀតក្នុងឆ្នាំនិមួយៗ។ យ៉ាងណាក៏ដោយការបូកសរុបតួលេខចុងក្រោយរបស់អង្គការជនពិការអន្ដរជាតិប៊ែលហ្ស៊ីច អាចនឹងធ្វើឡើងបីខែក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |