VOA News: ព័ត៌មាន: “ហ្វីលីពីន​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​ចិន​បន្ត” plus 2 more

VOA News: ព័ត៌មាន: “ហ្វីលីពីន​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​ចិន​បន្ត” plus 2 more


ហ្វីលីពីន​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក ខណៈ​ដែល​ភាព​តានតឹង​ជាមួយ​ចិន​បន្ត

Posted: 16 Apr 2012 10:26 AM PDT

កង​កម្លាំង​យោធា​ហ្វីលីពីន​និង​ស.រ.អ. ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បើក​សមយុទ្ធ​យោធា​១២​ថ្ងៃ​ ចំពេល​ដែល​មាន​ភាព​តានតឹង​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។​

មេបញ្ជាការ​ពី​ភាគី​ទាំង​សង្ខាង​បាន​បើក​ការ​ហាត់​ហ្វឹកហ្វឺន​យោធា​ដោយ​បើក​ពិធី​​តាម​ផ្លូវការ​នៅ​ក្នុង​ក្រុង​ម៉ានីល​ដោយ​មេបញ្ជាការ​យោធា​ហ្វីលីពីន ​Jessie Dellosa​​ព្រមាន​ដោយ​មិន​និយាយ​ចំ​អំពី ​ការ​គំរាមកំហែង​ដោយ​ «រឿង​អន្ដរជាតិ​មួយ​ចំនួន»។​

មេបញ្ជាការ​យោធា​ហ្វីលីពីន​នោះ​មិន​បាន​បង្ហាញ​ការ​គំរាម​នោះ​ទេ​ តែ​កាល​ពី​សប្ដាហ៍​មុន ​នាវា​ចិន​បាន​រាំងខ្ទប់​នាវា​ចម្បាំង​ហ្វីលីពីន​មិន​ឲ្យ​ចូល​ទៅ​ចាប់​នាវា​ចាប់​ត្រី​ច្រើន​គ្រឿង​របស់​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ខ្មែរ-ចិន៖ យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ស៊ីនហួ ​ទី​ប្រឹក្សា​រដ្ឋ​ចិន​ លោក​ តៃ​ បាំងគួរ ​បាន​ចូល​ទៅ​គាល់​អតីត​ព្រះមហាក្ស​ខ្មែរ​ នរោត្ដម សីហនុ ​ និង​ព្រះ​មហាក្សត្រីយ៍​ នរោត្ដម​ មុន្នីនាថ​ នៅ​ក្នុង​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។​

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​អាអេហ្វប៉េ ​សរសេរ​ថា​ ការ​រញ្ជួយ​ផែនដី​កម្រិត​ ៥,៧ ​បាន​ធ្វើ​ឲ្យ​កក្រើក​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​លើ​កោះ​ស៊ូមាត្រា​កាល​ពី​ថ្ងៃ​ច័ន្ទ​ តែ​គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​និយាយ​អំពី​ការ​ខូចខាត​ទេ។​ នេះ​បើ​យោង​ទៅ​តាម​ទី​ភ្នាក់ងារ​ភូគុព្ភសាស្រ្ដ។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ​លោក​ ហាមិដ កាសៃ ​ថ្លែង​ថា ក្រុម​ប្រយុទ្ធ​និយម​ជ្រុល​ បាន​បើក​ការ​វាយប្រហារ​ផ្ទួនៗ​គ្នា​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដោយ​សារ​តែ​ការ​ខកខាន​មិន​បាន​ទទួល​យក​ព័ត៌មាន​សម្ងាត់​ ជាពិសេស​ពី​សំណាក់​ អង្គការ​អូតង់​ហើយ​និង​ពី​ប្រទេស​របស់​លោក​ដែរ។

អូស្ត្រាលី៖ ប្រទេស​អូស្រាលី​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នឹង​ដក​ចេញ​នូវ​ការ​ដាក់​ទណ្ឌកម្ម​ខ្លះ​មក​លើ​ប្រទេស​ភូមា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កែទម្រង់​របស់​រដ្ឋាភិបាល​ភូមា​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន។

កូរ៉េ​ខាង​ជើង៖ បណ្ដាញ​ព័ត៌មាន​រដ្ឋ​ចិន​អំពាវនាវ​ដល់​ពិភពលោក​ឲ្យ​លើក​ទឹកចិត្ដ​ការ​ប្រែប្រួល​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ដោយ​បាន​និយាយ​ថា​ សន្ទរកថា​ទៅ​កាន់​សាធារណជន​របស់​មេដឹកនាំ​ថ្មី​ គីម ចុងអ៊ុន ​ជា​សញ្ញា​បង្ហាញ​ថា​ រដ្ឋ​កុម្មុយនីស្ដ​​និយម​ស្ដាលីន​ តែលតោល​តែ​ឯក​ឯង​នោះ​ មាន​ចិត្ដ​ចង់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ដទៃ។

កូរ៉េ​ខាង​ជើង៖ អ្នកការទូត​អ.ស.ប. ​ថ្លែង​ថា​នឹង​ប្រកាស​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្ដិសុខ​អ.ស.ប.​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ថ្កោលទោស​ការ​ប៉ុនប៉ង​របស់​កូរ៉េ​ខាងជើង​ដើម្បី​បាញ់​បង្ហោះ​កាំជ្រួច​រង្វង់​ឆ្ងាយ​កាល​ពី​សប្ដាហ៍​មុន។

ស៊ីរី៖ ក្រុម​អ្នក​សង្កេតការណ៍​៦​នាក់​របស់​អ.ស.ប. ​នឹង​ចាប់​ផ្ដើម​ការ​តាម​ឃ្លំា​មើល​បទ​​ឈប់​បាញ់​គ្នា​ មួយ​ដែល​មិន​នឹងនរ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ចំ​ពេល​ដែល​ក្រុម​សកម្មជន​​និយាយ​ថា​ ទាហាន​រដ្ឋាភិបាល​នៅ​តែ​បន្ដ​បាញ់​ទម្លាក់​គ្រាប់​ផ្លោង​មក​លើ​តំបន់​កាន់កាប់​ដោយ​ក្រុម​បះបោរ ​នៅ​ក្នុង​ទីក្រុង​ហូមស៍​ហើយ​នៅ​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​កន្លែង។

ទីម័រ​ខាង​កើត៖ ពលរដ្ឋ​នៃ​ប្រទស​ទីម័រ​ខាង​កើត​ បាន​ធ្វើ​ការ​បោះឆ្នោត​ជា​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​ជ្រើសតាំង​អតីត​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​តស៊ូ​ដើម្បី​ឯករាជ្យ​នៅ​ក្នុង​សង្រ្គាម​នៅ​អតីតកាល។

ចិន៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​ដោះលែង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ ដែល​ពិការ​ លោក ​នី យូឡង់​ និង​ ស្វាមី​​ដែល​បាន​ត្រូវ​ចាប់​ដាក់​គុក​តាម​បទ​បង្ក​ភាព​ច្របូកច្របល់​និង​ប្រព្រឹត្ដ​ការ​កេងបន្លំ។

This posting includes an audio/video/photo media file: Download Now

កូរ៉េ​ខាង​ជើង​ថា​ការ​គំរាម​កំហែង​ពី​ប្រទេស​មហា​អំណាច​បាន​កន្លង​ហួស

Posted: 16 Apr 2012 06:41 AM PDT

លោក​គីម យុងអ៊ុន ​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​លើក​ទី​មួយ​របស់​លោក​ចាប់​តាំង​ពី​លោក​ទ្បើង​មក​កាន់​តំណែង​ដោយ​លោក​បាន​សន្យា​ថា​នឹង​ណែនាំ​ប្រទេស​លោក​ដែល​ក្រីក្រ​ឱ្យ​ទៅកាន់ «ជ័យជំនះ​ជាទី​បញ្ចប់» ​នៅ​ពេល​​ដែល​កង​ទ័ព​បាន​បង្ហាញអ្វី​ដែល​ហាក់​ដូច​ជាកាំជ្រួច​ផ្លោង​ថ្មី​មួយ​ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ។

លោក​គីម យុងអ៊ុន ​ដែល​ស្លៀក​សម្លៀក​បំពាក់​ខ្មៅ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​បញ្ហា​នានា​ចាប់​តាំង​ពី​គោល​នយោបាយ​ការបរទេស​រហូត​ដល់​សេដ្ឋកិច្ច។​ នៅ​ត្រង់​ចំណុច​មួយ​នោះ ​លោក​បាន​ព្រមាន​ថា​ការ​ប៉ុនប៉ង​ដោយ​ពួក​ប្រទេស​មហា​អំណាច​បរទេស​ក្នុង​ការ​បំភិត​បំភ័យ​ប្រទេស​លោក​លែង​បាន​ការ​ទៀត​ហើយ។​ កាំជ្រួច​ផ្លោង​ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​កាត់​ទីលាន​មួយ​ក្នុង​តំបន់​កណ្តាល​ក្រុង ព្យុងយ៉ាងហាក់​ដូច​ជា​ស្រដៀង​គ្នា​នឹងកាំជ្រួច​ផ្លោង​មួយ​គ្រឿង​ដែល​បាន​បាក់​បែក​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​បាន​បង្ហោះ​កាល​ពី​ថ្ង​​សុក្រ​នៅ​លើ​សមុទ្រ​លឿង។

អង់គ្លេស៖ ថ្ងៃអាទិត្យ​ម្សិល​មិញ​ជា​ខួប​ឆ្នាំ​ទី​មួយ​រយ​នៃ​ការ​លិច​នាវា​Titanic។​ នាវា​បើក​កាត់​មហា​សមុទ្រ​នេះ​ដែល​ជា​កប៉ាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​, ប្រណីត​បំផុត​និង​បាន​ត្រូវ​សន្មត​ថា​មិន​លិច​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ Southampton ​នៃ​ប្រទេស​អង់គ្លេស​ទៅ​កាន់​បូរី​ញូយ៉ក ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដំបូង​របស់​ខ្លួន​កាល​ពី​មួយ​សតវត្សរ៍​មុន​នេះ ​នៅ​ពេល​ដែល​វា​បាន​ទង្គិច​នឹង​ផ្ទាំង​ទឹកកក​ធំមួ​យ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​មហា​សមុទ្រ​អាត្លង់ទិក។​កប៉ាល់​នេះ​បាន​លិច​ក្នុង​រយៈពេល​តិច​ជាង​បី​ម៉ោង។ ​មនុស្ស​ជាង​១ពាន់​៥​រយ​នាក់​បាន​ស្លាប់។

អាហ្វហ្គានីស្ថាន៖ ពួក​ជន​សកម្មប្រយុទ្ធ​តាលីបាន់​បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​មាន​ការ​សម្រប​សម្រួល​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​និង​ខែត្រ​បី​នា​ប៉ែក​ខាង​កើត​ប្រទេស​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ពួក​​គេ​ហៅ​ថា «ការ​វាយ​លុក​នៅ​និទាឃរដូវ» ​របស់​ពួក​គេ។​

ស៊ីរី៖ លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​គីមូន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ស៊ីរី​ឱ្យ​ថែរក្សា​កិច្ច​​ឈប់​បាញ់​គ្នា​ដែល​មិន​មាំទាំ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ដាច់ដាច​ដោយសារ​សង្គ្រាម​​​តែ​ប៉ុន្មាន​ម៉ោង​មុន​ពួក​អ្នក​សង្កេតការ​អន្តរជាតិ​មួយ​ក្រុម​មាន​កំណត់​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ដាម៉ាស់។​

កូឡុំប៊ី៖ ពួក​មេដឹកនាំ​មក​ពី​ទូទាំង​ទ្វីប​អាមេរិក​បាន​បញ្ចប់​ការ​ប្រជុំ​ក្នុង​តំបន់​២​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅកូឡុំប៊ី​ជាមួយ​ការ​ដាក់គុយបា​ឱ្យ​នៅ​ដាច់​ពី​គេ​ដែល​មាន​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​ ឋិត​នៅ​មុខ​គេ​នៃ​ការ​ពិភាក្សាគ្នា។

​ខ្យល់​ព្យុះ​កំបុត​ត្បូង​រាប់​សិប​បាន​កើត​មាន​ទ្បើង​នៅ​ទូទាំង​ផ្នែក​កណ្តាល​នៃ​ស.រ.អ.​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​ស្លាប់​ក្នុង​រដ្ឋ​ Oklahoma។

បេឡារុស៖ អាជ្ញាធរបេឡារុស​បាន​ដោះលែង​អតីត​បេក្ខជន​ប្រធានាធិបតី​ម្នាក់​និង​អ្នក​ចាត់​ចែង​ការឃោសនា​បោះឆ្នោត​របស់​លោក​ឱ្យ​ចេញ​ពី​គុក​នៅ​ក្រោយ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​ពួក​បស្ចឹម​ប្រទេស​លើ​រដ្ឋាភិបាល​ក្រុង​ Minsk ​ដោយសារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​មនុស្ស។​​​

ប៉ាឡេស្ទីន៖ កាល​ពី​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​រារាំង​ពួក​សកម្មជន​លម្អៀង​ទៅ​ខាង​ ប៉ាឡេស្ទីនរាប់​រយ​នាក់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស។ ​ពួក​សកម្មជន​ទាំង​នេះ​បាន​គ្រោង​ធ្វើ​យុទ្ធនាការ «ស្វាគមន៍​មក​ប៉ាឡេស្ទីន» ​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេហ្សកដង់។

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ១២ មេសា ២០១២៖ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា

Posted: 16 Apr 2012 06:35 AM PDT

អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​មាន​ទម្រង់​ច្រើន​យ៉ាង​ក្រោយ​ពី​សង្រ្គាម​និង​របប​ ខ្មែរក្រហម​ដែល​បាន​ធ្វើ​បាប​ដល់​ពលរដ្ឋ​កម្ពុជា។​ នេះ​បើ​តាម​លោកស្រី​ ពុង ឈីវហ្គេច​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​មេសា​ឆ្នាំ​២០១២​ មុន​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​ដែល​ពិភាក្សា​អំពី​ប្រធានបទ​ «ការ​ទប់​ស្កាត់​ អំពើ​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា»។

លោក​ស្រី​ ពុង ឈីវហ្គេច ​អះអាង​ថា ​លោកស្រី​បាន​ទទួល​ករណី​អំពើ​ហិង្សា​ជាង​ ២០០ ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ​រាប់ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ក្នុង​សង្គម​ជា​ដើម​ កើត​ឡើង​លើ​រាងកាយ​ ផ្លូវចិត្ត ​សេដ្ឋកិច្ច​ និង​ពាក្យ​សម្តី​ជា​ដើម។

លោស្រី​អះអាង​ថា​ ពលរដ្ឋ​កម្ពុជា​ត្រូវ​ចេះ​អន់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ដោះស្រាយ​បញ្ហា។

«ព្រោះ​បើ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្តី​ នៅ​ក្រៅ​គ្រួសារ​ក្តី​ ប្រទេស​ហ្នឹង​នឹង​ អស្ថេរភាព។​ បើ​អស្ថេរភាព​ហើយ​ពិបាក​អភិវឌ្ឍ​ប្រទេស​ជាតិ​ណាស់។​ អ្នក​ដែល​ គេ​ដាក់​វិនិយោគទុន​ គេ​មើល​តែ​ឃើញ​កន្លែង​ណា​មាន​អំពើ​ហិង្សា​ច្រើន​អី ​គេ​មិន​ ចូល​ចិត្ត​ដាក់​វិនិយោគទុន​ទេ។​ អញ្ចឹង​ប្រទេស​យើង​មិន​សូវ​បាន​អភិវឌ្ឍ​ល្អ​ទេ»។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ឧត្តមសេនីយ៍​ឯក​ គាត ចន្ថារិទ្ធ ​អ្នក​នាំពាក្យ​ ប៉ូលីស​កម្ពុជា​បាន​អះអាង​ថា​ អគ្គស្នងការ​នគបាល​ជាតិ​នាយ​ឧត្តមសេនីយ៍​ នេត សាវឿន ​បាន​ណែនាំ​បទបញ្ជា​ដល់​អាជ្ញាធរ​ប៉ូលីស​ខេត្ត​ក្រុង​មូលដ្ឋាន ​ដើម្បី​ឲ្យ​ មាន​ការ​រិតបណ្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឲ្យ​ប្រព្រឹត្ត​ ទៅ​ដោយក្តី​សប្បាយ​រីករាយ​សុខសាន្ត។

«សំខាន់​យើង​ប្រមូល​ផ្តុំ​លើ​ការ​ចាត់​វិធានការ​ការពារ​តាម​ពិធី​កន្លែង​លេង​សប្បាយ​ របស់​ប្រជាពលរដ្ឋ​យើង។​ បង្កើន​សកម្មភាព​យាមកាម​កុំ​ឲ្យ​មាន​ការ​ឈ្លោះ​ទាស់​ ទែងគ្នា​ឬ​កុំ​ឲ្យ​មាន​ជន​ខិលខូច​ឆ្លៀត​ឱកាស​ដើម្បី​ឆក់​លួច​ទ្រព្យ​សម្បត្តិ​របស់​ ប្រជាពលរដ្ឋ​យើង​ក្នុង​ពេល​ចូល​ឆ្នាំ​ដែល​កំពុង​តែ​សប្បាយ​រីករាយ​ហ្នឹង»។

លោក​បាន​បន្ថែម​ដែរ​ថា​ បញ្ហា​អគ្គីភ័យ​និង​សន្តិសុខ​ថ្នាក់​ដឹកនាំ​ចោរកម្ម​ផ្សេងៗ​ ក៏​ស្ថិត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ដែរ​ក្រៅ​ពី​សកម្មភាព​ក្មេង​ទំនើង​ ដែល​លោក​ឧត្តមសេនីយ៍​ឯក​ គាត ចន្ថារិទ្ធ​អះអាង​ពី​ការ​ថយ​ចុះ​ហើយ​នោះ។

«អំពើ​ហិង្សា​ទាក់ទងនឹង​ក្មេង​ទំនើង​នេះ​គឺ​យើង​ឃើញ​ថា​មាន​ការ​ថយចុះ​គួរ​ឲ្យ​ មាន​ការ​កត់​សម្គាល់។​តែយើង​នៅតែ​បង្កើតសកម្មភាព​ថែមទៀត។​ យើងក៏កត់ សម្គាល់​ផង​ដែរ​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​មាន​ការ​កើត​ឡើង​មួយ​ចំនួន​ដែរ​ ជា​ ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​ស្រា​ ទទួលទាន​ច្រើន​ទៅ​គ្រប់គ្រង​ខ្លួន​ មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង»។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១២ ខែ​មេសា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!