VOA News: ព័ត៌មាន: “ហេឡូវីអូអេ ២៩ មិនា ២០១២៖ សារៈសំខាន់នៃការបង្កើនចំណេះដឹងអំពីអាស៊ានសម្រាប់ពលរដ្ឋកម្ពុជា” plus 6 more |
- ហេឡូវីអូអេ ២៩ មិនា ២០១២៖ សារៈសំខាន់នៃការបង្កើនចំណេះដឹងអំពីអាស៊ានសម្រាប់ពលរដ្ឋកម្ពុជា
- ជនរងគ្រោះដោយការបាញ់ប្រហារនៅក្រុងបាវិតកំពុងរស់ក្នុងភាពភ័យខ្លាច
- ឌុច៖ ជាតិ អន្តរជាតិ និងសម្តេចសីហនុទុកចិត្តខៀវ សំផនបំផុត
- ការធ្វើកិច្ចដេញដោលពីភាក្សាលើកចុងក្រោយលើច្បាប់ថែរក្សាសុខភាពអាមេរិក
- កិច្ចប្រជុំកំពូលជាការសាកល្បងភាពជាអ្នកដឹកនាំក្នុងអាស៊ាន
- ប្រព័ន្ធអ៊ីនធឺណិតត្រូវបានទម្លាយអាថ៌កំបាំងរបស់លោកពូទីន
- ប្រជាសហគមន៍បង្ក្រាបបទល្មើសព្រៃឈើដោយគ្មានសមត្ថកិច្ចចូលរួម
ហេឡូវីអូអេ ២៩ មិនា ២០១២៖ សារៈសំខាន់នៃការបង្កើនចំណេះដឹងអំពីអាស៊ានសម្រាប់ពលរដ្ឋកម្ពុជា Posted: 29 Mar 2012 02:18 PM PDT សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅរាជធានីបាងកកនៃប្រទេសថៃដោយមានចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬសេចក្តីប្រកាសក្រុងបាងកកដោយប្រទេសស្ថាបនិកចំនួនប្រាំគឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន សឹង្ហបូរី និងថៃ។ ប្រទេសប្រ៊ុយណេចូលជាសមាជិកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ វៀតណាមចូលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ឡាវ និងភូមា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និងកម្ពុជា នៅថ្ងៃទី៣០ មេសា ១៩៩៩។ សរុបមកទល់ពេលនេះ សមាជិកអាស៊ានមានចំនួនដប់ប្រទេស ហើយប្រទេសទីម័រខាងកើតដែលជាប្រទេសថ្មីដែលផ្តាច់ចេញពីប្រទេសឥណ្ឌូនេស៊ីនោះ មិនទាន់ចូលជាសមាជិកអាស៊ាននៅឡើយទេ។ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលអាស៊ានលើកទី២០នៅឆ្នាំនេះ។ តើកម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះពីការរៀបចំនេះ? តើកម្ពុជាត្រៀមខ្លួនដល់កម្រិតណាដើម្បីប្រកួតប្រជែងនៅឆ្នាំ២០១៥ ជាពេលដែលអាស៊ានធ្វើសមាហរណកម្ម? សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះដោយការបាញ់ប្រហារនៅក្រុងបាវិតកំពុងរស់ក្នុងភាពភ័យខ្លាច Posted: 29 Mar 2012 04:36 AM PDT អស់រយៈពេល១ខែមកហើយ ជនសង្ស័យក្នុងករណីបាញ់ប្រហារទៅលើកម្មការនីរោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង នៅដើរហើរយ៉ាងមានសេរីភាពនៅឡើយ។ ការណ៍នេះបានញ៉ាំងឲ្យជនរងគ្រោះនិងក្រុមគ្រួសារព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ។ ជនរងគ្រោះដោយការបាញ់ប្រហារកាលពីខែមុន នៅក្រុងបាវិត ខេត្តស្វាយរៀងនេះ ព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ក្រោយពីដឹងថា ជនសង្ស័យនៅមានសេរីភាពដើរហើរដោយសេរីនៅឡើយ។ <!--AV--> ប៊ុន ចិន្តាគឺជាកម្មការនីរោងចក្រម្នាក់ក្នុងចំណោមកម្មការនីបីនាក់ដែលបានរងគ្រោះនៅក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈនោះ។ នាងរងរបួសធ្ងន់ធ្ងរជាងគេដោយគ្រាប់កាំភ្លើងបានទម្លុះទ្រូងខាងឆ្វេងរបស់នាង។ «ខ្លាចដូចថា គេអ្នកធំអញ្ចឹង។ គេគ្រាន់តែប្រាប់កូនចៅគេទៅ គេអាចធ្វើអីក៏បានដែរ។ ម្យ៉ាងយើងនៅតាមជនបទអញ្ចឹង ខ្ញុំចេះតែខ្លាចដែរ»។ ជនសង្ស័យនៃការបាញ់ប្រហារមកលើក្រុមកម្មករដែលបានធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែនៅខាងមុខរោងចក្រនេះត្រូវបានគេស្គាល់ជាសាធារណៈថាជាអតីតអភិបាលក្រុងបាវិត ឈ្មោះឈូក បណ្ឌិត។ លោក ឈូក បណ្ឌិត ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសប្តូរតួនាទីឲ្យទៅកាន់មុខដំណែងថ្មីមួយដែលគេមិនបញ្ជាក់នៅក្នុងសាលាខេត្តស្វាយរៀងវិញ បន្ទាប់ពីមានហេតុការបាញ់ប្រហារនោះ ប៉ុន្តែជនសង្ស័យរូបនេះមិនត្រូវបានចាប់ឬឃុំខ្លួនបណ្តោះអាសន្ននៅឡើយទេ។ សំ ស៊ីណា គឺជាបងស្រីរបស់ចិន្តា។ «រាល់ថ្ងៃរស់នៅក្នុងការភ័យខ្លាច ព្រោះជនដៃដល់មានរឿងអញ្ចឹង គេមិនចាប់មិនចងទៀត។ យើងខ្លាចថ្ងៃក្រោយ គេមកប៉ងធ្វើអាឃាតលើក្រុមគ្រួសារយើង។ បើសិនជាចាប់ចងអីទៅ ក្រែងអាចទប់ស្កាត់បានខ្លះ។ បើមិនចាប់ទេ គេបម្រុងធ្វើអីថ្ងៃណា ក៏អាចថាបានដែរ»។ ដូចក្រុមគ្រួសាររបស់ប៊ុន ចិន្តាដែរ ក្រុមគ្រួសាររបស់ជនរងគ្រោះម្នាក់ទៀតនៅក្នុងភូមិព្រៃផ្តៅនេះ ក៏បារម្ភចំពោះសុវត្ថិភាពរបស់ពួកគេដែរ នៅពេលដឹងថា ជនសង្ស័យរូបនោះស្ថិតនៅក្រៅឃុំនៅឡើយនោះ។ កែវ នា គឺជាជនរងគ្រោះម្នាក់ដែរនៅក្នុងហេតុការបាញ់ប្រហារនោះ។ «គាត់ហ៊ានបាញ់យើ់ងប៉ុណ្ណឹងហើយ គាត់ក៏ហ៊ានឲ្យមនុស្សមកធ្វើអីយើងក៏បានដែរ»។ អាជ្ញាធរមូលដ្ឋានអះអាងថា ជាជាងចាត់ការទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កន្លងមកមន្រ្តីថ្នាក់លើបានបង្គាប់ឲ្យមានការចរចាជាមួយគ្រួសារជនរងគ្រោះ ដោយសន្យាផ្តល់ថវិកាឬសម្ភារៈជាថ្នូរនឹងការមិនប្តឹងជនសង្ស័យរូបនោះទៅវិញ។ លោកសុខ ស៊ា គឺជាអនុប្រធានភូមិព្រៃផ្តៅ។ «អានេះ ក្រោមបញ្ជាថ្នាក់លើដែរ។ ថ្នាក់ក្រុង ថ្នាក់ឃុំ យើងអនុភូមិ ឬមេភូមិក្រោមបញ្ជា គឺត្រូវតែទៅហើយ ប៉ុន្តែត្រង់ជនរងគ្រោះគេព្រមឬមិនព្រម ក៏មិនអាចបង្ខិតបង្ខំគាត់ទេ»។ ក្រុមមន្ត្រីសិទ្ធិមនុស្សនៅទីនេះនិយាយថា តុលាការខេត្តស្វាយរៀងហាក់មិនចង់ឃុំខ្លួនជនសង្ស័យបណ្តោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតឲ្យបានពេញលេញទៅលើករណីនេះទេ។ លោកនុត បូពណ្ណារ័ត្ន គឺជាអ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តនេះ។ «យើងសំឡឹមមើលទៅព្រះរាជអាជ្ញាហាក់គ្មានឆន្ទៈឃុំអ្នកហ្នឹងសោះ។ អ្វីដែលគាត់ជម្រាបយើងហាក់ដូចជាគាត់កំពុងតែស្វែងរកស្ថានសម្រាលណាមួយដើម្បីឲ្យបទល្មើសហ្នឹងទៅជាបទល្មើសស្រាល។ យើងជឿជាក់តាមសម្តីរបស់លោកគឺលោកមិនឃុំដាច់ខាត។ គាត់បានបង្ហាញហើយថា បើធ្លាក់ដល់ដៃចៅក្រមណាចង់ឃុំ ក៏ឃុំទៅជារឿងរបស់ចៅក្រម»។ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តនេះគឺលោកហ៊ឹង ប៊ុនជា ដែលកាន់រឿងក្តីនេះ បដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញករណីនេះទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សទទូចឲ្យតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពជនរងគ្រោះផង និងដើម្បីស្វែងរកយុត្តិធម៌ដល់ពួកគេផង៕ This posting includes an audio/video/photo media file: Download Now |
ឌុច៖ ជាតិ អន្តរជាតិ និងសម្តេចសីហនុទុកចិត្តខៀវ សំផនបំផុត Posted: 29 Mar 2012 04:17 AM PDT អតីតមេគុកទួលស្លែង ឌុច បានអះអាងនៅថ្ងៃពុធនេះថា អតីតព្រះមហាក្សត្រខ្មែរ សម្តេចឪ នរោត្តម សីហនុ បានគាំទ្រ ខៀវ សំផន នៅក្នុងពេលដែលពួកខ្មែរក្រហម កំពុងត្រូវការសហគមន៍អន្តរជាតិ។ ហើយអតីតព្រះមហាក្សត្រចាត់ទុក ខៀវ សំផន គឺជាមនុស្សដែលស្អាតស្អំ។ ឌុចបានបញ្ជាក់ប្រាប់អង្គសវនាការថា៖ «ក្នុងជាតិ និងអន្តរជាតិ គេជឿទុកចិត្ត ខៀវ សំផន។ សីហនុ ខ្លួនឯងហ្នឹង ក៏ជឿទុកចិត្ត ខៀវ សំផន ហៅ ខៀវ សំផន សុទ្ធជាព្រះពុទ្ធ។ ជាមនុស្សដែលស្អាតស្អំបំផុត។ នេះហើយ ដែល ប៉ុល ពត យកឈ្មោះ ខៀវ សំផន ទៅប្រើ។ ហើយសីហនុ ខ្លួនឯង បើរុញឈ្មោះហ្នឹងទៅ គាត់មិនប្រកែកទេ»។ ឌុច បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសវនាការក្នុងសំណុំរឿង០០២ ដែលគាត់បានចូលខ្លួនផ្ដល់សក្ខីកម្មអស់រយៈពេលប្រាំមួយថ្ងៃមកហើយ មកទល់នឹងថ្ងៃនេះ បន្ទាប់ពីមានការចោទសួរពីសហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស្ម៊ីត (William Smith)។ លោក វីលាម ស្ម៊ីត បានចោទសួរសាក្សីពីតួនាទី និងមុខងាររបស់ជនជាប់ចោទទាំងបីនាក់ ក្នុងសំណុំរឿង ០០២ គឺ នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និង ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ នួន ជា ធ្លាប់បានសារភាពថាអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានចុះសួរសុខទុក្ខកងទ័ពតស៊ូខ្មែរក្រហម មុនពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាចហើយ នួន ជា ខ្លួនឯង គឺជាអ្នករៀបចំ បណ្ដាញការពារសន្ដិសុខ។ ឌុច បានរៀបរាប់ទៀតថា ខៀវ សំផន ត្រូវ ប៉ុល ពត បងធំទីមួយ នៃរបបកម្ពុជាប្រជាធិបតេយ្យហៅទៅធ្វើការងារជាប់ជាមួយខ្លួនដោយផ្ទាល់ ហើយមានតួនាទីជាឧបនាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាដែលជារដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកខ្មែរក្រហម មុននឹងរដ្ឋាភិបាលថ្មីរបស់ពួកខ្មែរក្រហមគឺរបបកម្ពុជាប្រជាធិបតេយ្យត្រូវប្រកាសជាផ្លូវការនៅខែមេសា ឆ្នាំ ១៩៧៦។ ក្នុងពេលនោះ ខៀវ សំផន ក៏មានតួនាទីក្នុងជួរកងទ័ពផងដែរ។ ប៉ុន្ដែ ឌុច បញ្ជាក់ថា នោះគ្រាន់តែតួនាទីខ្យល់តែប៉ុណ្ណោះ។ «ខៀវ សំផន ទទួលភារកិច្ចពិតប្រាកដជាប្រធានមន្ទីរមជ្ឈិម។ ចំណែកឯភារកិច្ចផ្សេងទៀត ជាឧបនាយករដ្ឋមន្ត្រីជារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាហើយជាអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធរណសិរ្សរួបរួមជាតិកម្ពុជាជាភារកិច្ចឧបកិច្ចទេ គ្មានតួនាទី ខៀវ សំផនទេ។ ឥតចេះបញ្ជាទ័ពទេមនុស្សនេះ»។ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរ ស ២១ ដែលគេស្គាល់ថា គឺជាគុកទួលស្លែង បញ្ជាក់បន្ថែមថា មានតែ ប៉ុល ពត និង នួន ជា ទេ ដែលមានអំណាចយោធានៅក្នុងដៃ។ ដំណាលគ្នា ឌុច បានឲ្យដឹងថា ខៀវ សំផន បានត្រួតត្រាផ្នែកពាណិជ្ជកម្មនិងរោងចក្រអគ្គិសនីនៅចាក់អង្រែកាលពីសម័យខ្មែរក្រហម។ ទោះជាយ៉ាងណាសហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស្ម៊ីត បានចោទសួរ ឌុច តិចតួចនៅឡើយអំពីព័ត៌មាន ដែលទាក់ទងនឹង អៀង សារី។ ក្រុមមេធាវីការពារជនជាប់ចោទបានប្រឆាំងជំទាស់នឹងសំណួរមួយចំនួនរបស់សហព្រះរាជអាជ្ញារងបរទេស ក្នុងពេលកំពុងសវនាការដោយសំអាងថាជាសំណួរនាំមុខ ឬជាសំណួរច្រំដែល។ ក្នុងសវនាការថ្ងៃនេះដែរឌុច បានបញ្ជាក់ថា មានកងទ័ពខ្មែរក្រហមរហូតដល់ចំនួន ៥.០០០នាក់ ត្រូវបានចាប់ខ្លួនពីតំបន់នានាយកមកដាក់គុកនៅទួលស្លែងរួចបន្ទាប់មកកងទ័ពទាំងនោះ ត្រូវសម្លាប់ចោល។ ការសម្លាប់ដោយសារពួកគេត្រូវចោទប្រកាន់ថា ជាជនក្បត់នឹងបក្ស។ នេះបើតាមសំដីរបស់ឌុច។ កងទ័ពទាំងនោះ មានចំនួនស្ទើរតែពាក់កណ្តាល នៃចំនួនអ្នកទោសសរុប ចំនួន ១២.៣៨០ នាក់ យ៉ាងតិច ត្រូវបានសម្លាប់ចោលនៅក្នុងគុកទួលស្លែង៕ This posting includes an audio/video/photo media file: Download Now |
ការធ្វើកិច្ចដេញដោលពីភាក្សាលើកចុងក្រោយលើច្បាប់ថែរក្សាសុខភាពអាមេរិក Posted: 29 Mar 2012 04:06 AM PDT តុលាការកំពូលអាមេរិកបានបើកសវនាការក្នុងថ្ងៃទីបី ដែលជាថ្ងៃបញ្ចប់ កាលពីថ្ងៃពុធនេះ ស្តីពីច្បាប់កំណែទម្រង់កម្មវិធីថែទាំសុខភាពរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ ការពិភាក្សាដេញដោលគ្នាបានពិនិត្យមើលបញ្ហាថាតើច្បាប់នេះគួរទុកនៅឬទេ បើសិនជាមាត្រាដ៏សំខាន់មួយ ត្រូវតុលាការកំពូលសម្រេចសេចក្តីថាមិនត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ។ មាត្រានេះ ហៅថា «បញ្ញត្តិបុគ្គល» ដែលតម្រូវឲ្យជនជាតិអាមេរិកាំងទិញធានារ៉ាប់រងសុខភាព បើមិនដូច្នោះទេនឹងត្រូវពិន័យជាប្រាក់។ ក្រុមអ្នកគាំទ្រនិយាយថា បញ្ញត្តិនេះជាការចាំបាច់ ដើម្បីជួយចែករំលែកប្រាក់ចំណាយទៅលើការថែទាំសុខភាព ក្នុងចំណោមពលរដ្ឋអាមេរិកាំងគ្រប់រូប ជាពិសេសមនុស្សដែលមានសុខភាពល្អ ដែលប្រហែលមិនចង់ទិញការធានារ៉ាប់រងសុខភាព ដើម្បីជួយរំលែកជាមួយពលរដ្ឋអាមេរិកាំងជាង៣០លាននាក់ទៀត ដែលគ្មានការធានារ៉ាប់រងសុខភាព។ តែរដ្ឋចំនួន២៦ និងក្រុមពាណិជ្ជកម្ម បានប្រឆាំងជំទាស់និងច្បាប់នេះ ដោយតវ៉ាថា ការតម្រូវនេះ ជាការពង្រីកអំណាចរដ្ឋាភិបាលសហព័ន្ធហួសពីច្បាប់រដ្ឋធម្មនុញ្ញ។ <!--IMAGE-LEFT--> ចិន៖ បានរិះគន់គណកម្មាធិការមួយរបស់ព្រឹទ្ធសភាអាមេរិកចំពោះការអនុម័តសេចក្តីសម្រេចមួយដែលបាននិយាយថា គណកម្មាធិការសំដែងមរណៈទុក្ខចំពោះជនជាតិទីបេត៍ ដែលបានដុតសម្លាប់ខ្លួន នៅក្នុងបាតុកម្មមួយចំនួនដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន ក្នុងពេលមួយឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី បានថ្លែងនៅក្រុង ប៉េកាំង កាលពីថ្ងៃពុធថា សមាជិកព្រឹទ្ធសភាខ្លះបាន«យល់ខុសអំពីរឿងត្រូវនិងខុស» ក្នុងការអនុម័តសេចក្តីសម្រេចចិត្តកាលពីថ្ងៃអង្គារ នៅក្នុងគណកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា។ សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក និយាយថាគណកម្មាធិការសំដែងសេចក្តីសោកស្តាយចំពោះ«នយោបាយសង្កត់សង្កិនដែលតម្រង់ទៅរកទៅរកជនជាតិទីបេត៍» ហើយបានអំពាវនាវឲ្យក្រុង ប៉េកាំង «ចាប់ផ្តើមកិច្ចចរចាជាមួយមេដឹកនាំពុទ្ធសាសនារបស់ទីបេត៍ ដោយរួមទាំង សម្តេចដាឡៃ ឡាម៉ា មេដឹកនាំសាសនានិរទេសផង។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និយាយថា កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារទៅលើទីតាំងជាច្រើនរបស់ពួកឧទ្ទាម បណ្តាលឲ្យមានការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្ស ១៣ នាក់ នៅចំពេលដែលអារ៉ាប់ បានចាប់ផ្តើមកិច្ចប្រឹងប្រែងការទូតថ្មីមួយ ដើម្បីបញ្ចប់ជម្លោះមួយឆ្នាំរបស់ប្រទេសនេះ។ បារាំង៖ បានឲ្យដឹងថាខ្លួនបានត្រៀមខ្លួនជាស្រេចហើយដើម្បីបញ្ចេញប្រេងយុទ្ធសាស្រ្តបម្រុងរបស់ខ្លួន ដែលអាចជាកិច្ចប្រឹងប្រែងរួមមួយជាមួយអាមេរិកនិងអង់គ្លេស ដើម្បីទប់តម្លៃប្រេងឆៅមិនឲ្យឡើងថែមទៀត និងកាត់បន្ថយតម្លៃប្រេសាំង។ អ៊ីរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលលោក អូបាម៉ា ប្រកាន់យកជំហរតឹងរ៉ឹងខ្លាំងឡើងជាមួយអ៊ីរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ដោយចោទសំណួរថាតើការបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចនឹងមានប្រសិទ្ធភាពឬទេ។ ប៉ាគីស្ថាន៖ អគ្គមេបញ្ជាការយោធាប៉ាគីស្ថាន បានជួបជាមួយមេបញ្ជាការកំពូលរបស់អាមេរិកជាលើកទីមួយ ចាប់តាំងពីមានការវាយប្រហារផ្លូវអាកាសរបស់អង្គការណាតូ កាលពីខែវិច្ឆិកាមុន ទៅលើបន្ទាយព្រំដែនមួយ ដែលបានសម្លាប់ទាហាន ប៉ាគីស្ថាន២៤នាក់ បណ្តាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ដល់កំរិតទាបបំផុត។ គុយបា៖ សម្តេចប៉ាប បេណេឌិក Pape Benedict បានជួបជាមួយអតីតមេដឹកនាំបដិវត្តប្រទេស គុយបា លោកហ្វីដែល កាស្ត្រូ បន្ទាប់ពីព្រះអង្គបានអំពាវនាវឲ្យមានសេរីភាពសាសនាច្រើនជាងមុននៅលើកោះនេះ។ ម៉ាលី៖ មនុស្សជាច្រើនពាន់នាក់ បានចេញដើរក្នុងរដ្ឋធានីប្រទេសម៉ាលី កាលពីថ្ងៃពុធ ដើម្បីសំដែងការគាំទ្រចំពោះក្រុមមេដឹកនាំយោធាផ្តាច់ការ ទោះជាការប្រឆាំងរបស់អន្តរជាតិទល់នឹងមេដឹកនាំរដ្ឋប្រហារកំពុងរីកកាន់តែធំឡើងក៏ដោយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
កិច្ចប្រជុំកំពូលជាការសាកល្បងភាពជាអ្នកដឹកនាំក្នុងអាស៊ាន Posted: 28 Mar 2012 08:20 PM PDT នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំអាស៊ានមានការចូលរួមពីបណ្តាប្រទេសមិនមែនសមាជិកកាន់តែច្រើន របៀបវារៈសិទ្ធិមនុស្សតំបន់កាន់តែលេចធ្លោ ហើយបញ្ហាសមុទ្រចិនខាងត្បូងបានទទួលចំណាប់អារម្មណ៍កាន់តែច្រើន។ ប្រទេសកម្ពុជា ដែលជាប្រធានរបស់អាស៊ាននៅក្នុងឆ្នាំនេះ នៅក្នុងសប្តាហ៍នេះ បានចេញផ្សាយរបៀបវារៈរបស់ខ្លួនសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយមានរយៈពេល៥ថ្ងៃ។ កិច្ចប្រជុំអាស៊ាននៅក្នុងឆ្នាំនេះត្រូវគេចាត់ទុកថា ជាការសាកល្បងសំខាន់មួយចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសកម្ពុជា។ <!--IMAGE-LEFT--> របៀបវារៈនេះនឹងមិនលើកយកបញ្ហាសមុទ្រចិនខាងត្បូងមកពិភាក្សាដោយផ្ទាល់ទេ។ សមុទ្រចិនខាងត្បូងជាដែនសមុទ្រមានជម្លោះរវាងប្រទេសអាស៊ានមួយចំនួន កោះតៃវ៉ាន និងប្រទេសចិន។ លោក ឌីណូ ប៉ាទ្ទី ដ្យាឡាល់ (Dino Patti Djalal) ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅសហរដ្ឋអាមេរិកមានប្រសាសន៍ថា ប្រទេសនិមួយៗត្រូវកំណត់របៀបវារៈដោយខ្លួនឯង នៅពេលដែលខ្លួនជាប្រធានអាស៊ាន។ ប៉ុន្តែលោកថ្លែងថា ប្រទេសឥណ្ឌូនេស៊ីប្រាថ្នាចង់ឃើញឲ្យមានការសម្រេចកិច្ចការច្រើនថែមទៀត ចំពោះគម្រោងការអាស៊ាននៅក្រោយឆ្នាំ២០១៥ ដែលជាឆ្នាំគេបានកំណត់ថាតំបន់អាស៊ាននឹងបានធ្វើសមាហរណកម្មរួចរាល់។ «កិច្ចការមួយទៀតដែរ គឺត្រូវធ្វើឲ្យប្រាកដថា កិច្ចពិភាក្សានៅក្នុងក្រុមការងារអាស៊ាន-ចិនសម្រាប់សមុទ្រចិនខាងត្បូងមានដំណើរការទៅមុខបានឆាប់។ ខ្ញុំប្រាកដថា មិនមានអ្នកណាក្នុងចំណោមគ្នាយើង ចង់រង់ចាំ១០ឆ្នាំទៀតទម្រាំឃើញមានការសម្រេចកិច្ចព្រមព្រៀងក្រមប្រតិបត្តិ (Code of Conduct) ទេ។ យើងមិនមានពេល១០ឆ្នាំទៀតនោះទេ។ ហើយខ្ញុំដឹងថា សហការីកម្ពុជារបស់យើងកំពុងតែខិតខំធ្វើយ៉ាងណាឲ្យកិច្ចពិភាក្សាទាំងនេះនឹងមានសម្ទុះជាបន្តទៀត»។ ប៉ុន្តែអ្នកសង្កេតការណ៍និយាយថា បញ្ហាទាំងនេះនឹងនៅតែអាចលេចឡើងក្នុងការពិភាក្សា បើទោះបីជាមិនមានក្នុងរបៀបវារៈក៏ដោយ។ អ្នកស្រី ប៉េក គូនហេង (Pek Koon Heng) នាយកមជ្ឈមណ្ឌលការសិក្សាអាស៊ាននៅសាកលវិទ្យាល័យ American University ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា នៅក្នុងសមាគមអាស៊ាន គេអាចសម្រេចបានការផ្លាស់ប្តូរច្រើនជាងនៅពេលដែលប្រទេសសមាជិកអាស៊ានមួយដឹកនាំគេដោយធ្វើជាគំរូ ជាជាងដឹកនាំដោយការរិះគន់ ឬចង់ណែនាំប្រដៅអ្នកផ្សេងដោយផ្ទាល់។ «វាដូចជាបក្សីដែលហើរជាក្រុមអញ្ចឹង។ បក្សីដែលនៅមុខ នាំផ្លូវ ហើយបក្សីដទៃទៀតហើរតាមពីក្រោយ។ ដូច្នេះរឿងនេះវានៅត្រង់ថា តើបក្សីដែលហើរតាមពីក្រោយ ហើរលឿនឬយឺតកម្រិតណា? នេះហើយជាដំណើរការរបស់អាស៊ាននោះឯង»។ នេះមានន័យថា បញ្ហាសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាដទៃទៀតនឹងត្រូវដោះស្រាយបន្តិចម្តងៗ។ ប៉ុន្តែដោយប្រទេសកម្ពុជាជាប្រធាននៅក្នុងឆ្នាំនេះ ហើយមានប្រទេសប្រ៊ុយណេនិងភូមាជាប្រធាននៅក្នុងឆ្នាំបន្តបន្ទាប់ទៀតនោះ គេមិនទាន់ដឹងថាប្រទេសអាស៊ានទាំងនេះ អាចបន្តគំរូនៃភាពជាអ្នកដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ីទៀតឬទេ។ «ខ្ញុំគិតថាប្រទេសអាស៊ានដែលមានសមត្ថភាពតិចជាង តែងត្រូវជួយដោយប្រទេសអាស៊ានដែលខ្លាំងជាង។ ប៉ុន្តែវាជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ថាតើប្រទេសកម្ពុជាអាចបន្តភាពជាអ្នកដឹកនាំនេះដែរឬទេក្នុងឆ្នាំនេះ»។ អ្នកស្រី ហេង និយាយថា រឿងនេះក៏ជាការសាកល្បងមួយរបស់អង្គការអាស៊ានទាំងមូលផងដែរសម្រាប់ពេលអនាគតទៀត។ This posting includes an audio/video/photo media file: Download Now |
ប្រព័ន្ធអ៊ីនធឺណិតត្រូវបានទម្លាយអាថ៌កំបាំងរបស់លោកពូទីន Posted: 28 Mar 2012 07:52 PM PDT ប្រជាពលរដ្ឋរុស្ស៊ី បានបោះឆ្នោតជ្រើសរើស លោកប្រធានាធិបតី វ្លាដឺមៀរ ពូទីន(Vladimir Putin) សាជាថ្មី នៅដើមខែមីនានេះ ប៉ុន្តែ អណត្តិទីបីរបស់លោកក្នុងនាមជាប្រធានាធិបតី បានសន្យាថានឹងធ្វើឲ្យមានភាពខុសប្លែកពីពីរអណត្តិមុន។ ខ្សែវីដេអួនេះ ចាប់ផ្តើមបង្ហាញ លោកវ្ល៉ាដឺមៀរ ពូទីន ប្រកបដោយភាពទុក្ខសោក អង្គុយក្នុងទ្រុងដែកមួយនៅក្នុងបន្ទប់សវនាការ។ នេះ ជាខ្សែវីដេអូវាយប្រហារប្រឆាំងនឹង លោកពូទីន ដែលត្រូវបានផ្សព្វផ្សាយលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ បន្ទាប់ពីត្រូវបានទស្សនាដោយមនុស្សជាងបីលាននាក់ ខ្សែវីដេអូប្រឌិតរយៈពេល៥០វិនាទីនេះ បង្ហាញថាតើគ្មានរឿងអ្វីមួយអាចស័ក្តិសិទ្ធិ នៅលើប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី យ៉ាងដូចម្តេចខ្លះ។ លោក កុងស្តង់ទីន វ៉ុន អ៊ីហ្គេត (Konstantin von Eggert) អ្នកយកព័ត៌មានសម្រាប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ បាននិយាយអំពីឥទ្ធិពលរបស់អ៊ីនធឺណិត ដូចតទៅ៖ «វាជាការដកចេញនូវការហាមឃាត់យ៉ាងពិតប្រាកដ ដែលខ្ញុំគិតថាត្រូវបានដកចេញហើយ ស្តីពីរូបភាពអ្នកដឹកនាំដែលមិនអាចបំពានបាន មានអំណាចខ្លាំងក្លា និងពោរពេញទៅដោយចំណេះដឹង ដែលតែងតែយល់ដឹងខ្លាំងបំផុត។» បច្ចុប្បន្ននេះ ពាក់កណ្តាលនៃក្រុមអ្នកបោះឆ្នោតជាតិរុស៊្សី ប្រើអ៊ីនធឺណិតដែលជាបាតុភូតមួយត្រូវបានបំភ្លេចចោល នៅពេលដែល លោក ពូទីន បានចាកចេញពីដំណែងនៅឆ្នាំ២០០៨។ ដោយធ្វើឲ្យមានតុល្យភាព វិមានក្រឹមឡាំងកំពុងប្រយុទ្ធនឹងប្រព័ន្ធអ៊ីនធឺណិត។ ក្រុមអ្នកគាំទ្រលោកពូទីន បានបង្ហោះរូបភាពវីដេអូប្រឌិតមួយ ដែលត្រូវបានព៌ណនាថាជា វីវីភី (VVP) ដែលចេញមកពីឈ្មោះ វ្ល៉ាដឺមៀរ វ៉្លាឌីមីរ៉ូវិច ពូទីន (Vladimir Vladimirovich Putin)។ អ្នកចម្រៀងជាតិតាជីក (Tajik) ឈ្មោះ តូលីបជុន គួបានខាណូវ (Tolibjon Kurbankhanov) ច្រៀងថា៖ «វីវីភី! លោក បានជួយសង្គ្រោះប្រទេសជាតិ។ វីវីភី! លោក ការពារយើង។ វីវីភី បានលើកស្ទួយរុស្ស៊ី»។ ដោយងាកចេញពីការប្រឡោមចិត្តឲ្យភាពភ័យខ្លាច វិមានក្រឹមឡាំងសូមនិយាយថា «ប្រទេសរុស្ស៊ីដែលគ្មានលោកពូទីន» ជាហេតុការណ៍ដ៏អាក្រក់សម្រាប់រុស្ស៊ី ដែលគ្មានស្តេចសារសម័យទំនើបនេះ។ ដោយទាញយកប្រយោជន៍ពីភាពអសន្តិសុខរុស្ស៊ីសម្រាប់ប្រទេសជាតិយ៉ាងធំធេងរបស់ខ្លួន អ្នកប្រកាសម្នាក់បានលើកឡើងពីទស្សនៈវិស័យស្តីពីរុស្ស៊ីដែលជាមជ្ឈមណ្ឌលយ៉ាងទន់ខ្សោយ។ កងទ័ពអង្គការអូតង់ បានកាន់កាប់តំបន់កាលីនីនក្រាត (Kaliningrad) ប្រទេសចិន(China) បានចូលទៅកាន់ភាគខាងជើង ហើយកាន់កាប់មួយភាគធំនៃតំបន់ស៊ីប៊េរី (Siberia) ហើយប្រទេសជប៉ុន(Japan) វិញបានកាន់កាប់កំពង់ផែវ្ល៉ាឌីវ៉ូស្តុក(Vladivostok) នៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី។ ការបោះពុម្ពក្រដាសប្រាក់ធ្វើឲ្យលុយរូបល៍គ្មានតម្លៃ អគ្គីសនីត្រូវបានដាក់កំហិត ភាពអនាធិបតេយ្យ គ្របដណ្តប់ពាសពេញទីក្រុងរបស់រុស្ស៊ី។ នៅទីបំផុត លោកខាងលិចបានឆ្លើយតបថា ខ្លួន ប្រគល់ពានរង្វាន់ជ័យលាភីណូប៊ែល ដល់មេដឹកនាំបក្សប្រឆាំងគឺលោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)។ លោក វ៉ុន អ៊ីហ្គេត(Von Eggert) បានសង្កេតឃើញថាប្រព័ន្ធអ៊ីនធឺណិត ផ្តល់សេរីភាពដល់ការពិភាក្សាខាងនយោបាយនៅរុស្ស៊ីចាប់តាំងពីការត្រួតត្រាអស់រយៈពេលកន្លះសតវត្សរ៍ ដែលត្រូវបានធ្វើឡើងដោយនាយកស្ថានីយ៍ទូរទស្សន៍របស់រដ្ឋ។ «ការរីកសាយភាយនៃប្រព័ន្ធអ៊ីនធឺណិតនៅរុស៊្សី បានធ្វើឲ្យថយចុះសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការជះឥទ្ធិពលលើរបៀបវារៈប្រចាំថ្ងៃនិងដាក់បង្ខំទៅលើទស្សនៈរបស់ខ្លួន។» ស្ថានីយ៍ទូរទស្សន៍របស់រដ្ឋ ត្រូវបានគ្រប់គ្រងយ៉ាងតឹងតែងទៅលើការពិភាក្សាស្តីពីអំពើពុករលួយ ដែលជាការត្អូញត្អែរខ្លាំងជាងគេពីសំណាក់ជនជាតិរុស៊្សី នាពេលសព្វថ្ងៃ។ ផ្ទុយទៅវិញ ប្រព័ន្ធអ៊ីនធឺណិត អាចចូលទស្សនាដោយសេរីចំពោះខ្សែវីដេអូបែបនេះ ដែលមានចំណងជើងថា «លោកពូទីនពិតប្រាកដ»។ ដោយចុចលើម៉ោសកុំព្យូទ័រ អ្នកប្រើប្រាស់អ៊ីនធឺណិត អាចមើលវិមាននិងទូកជិះកំសាន្ត របស់លោក ពូទីន និងមជ្ឈដ្ឋានមិត្តភ័ក្ររបស់លោក។ ដើម្បីជម្នះទៅនឹងការចោទប្រកាន់ ដែលក្រុមអ្នកតវ៉ា ជាក្រុមមនុស្សនៅតាមទីក្រុងធំៗ ទីតាំងរបស់ក្រុមប្រឆាំង ផ្សព្វផ្សាយបទចម្រៀងនេះ ដោយទាហានជើងចាស់ពីររូប នៃអង្គភាពឆ្នើមរបស់កងទ័ពឆ័ត្រយោងរបស់រុស្ស៊ី។ ពួកគេបានច្រៀងអំពីលោកវ៉្លាដឺមៀរ ពូទីនថា«លោកមិនខុសពីខ្ញុំទេ។ លោកគ្រាន់តែជាមនុស្សម្នាក់ ដែលមិនមែនជាព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនខុសពីអ្នកទេ។ លោក ជាមនុស្សម្នាក់ ដែលមិនមែនជាបីសាចទេ»។ យើងនឹងមិនអនុញ្ញាតឲ្យលោកបន្តភូតភរទៀតទេ។ យើងនឹងមិនអនុញ្ញាតឲ្យលោក លួចទៀតទេ។» នៅខែឧសភានេះ លោក វ៉្លាដឺមៀរ ពូទីន នឹងត្រលប់ទៅវិមានក្រឹមឡាំងវិញ។ ប៉ុន្តែដោយសារប្រព័ន្ធអ៊ីនធឺណិត បញ្ហាប្រឈមរបស់លោក គឺត្រូវគ្រប់គ្រងលើជនណា ដែលគួរឲ្យសង្ស័យនិងទទួលបានព័ត៌មានច្រើនជាងពេលមុន៕ ប្រែសម្រួលដោយ គឹង ភិរុណ This posting includes an audio/video/photo media file: Download Now |
ប្រជាសហគមន៍បង្ក្រាបបទល្មើសព្រៃឈើដោយគ្មានសមត្ថកិច្ចចូលរួម Posted: 28 Mar 2012 07:24 PM PDT យុទ្ធនាការចុះបង្ក្រាបបទល្មើសនៅតំបន់ព្រៃឡង់ធ្វើឡើងដោយប្រជាពលរដ្ឋនៅសហគមន៍ព្រៃឈើបានបញ្ចប់ហើយនៅថ្ងៃពុធនេះដោយមានការចូលរួមឃ្លាំមើលពីមន្ត្រីអង្គការសិទ្ធិមនុស្សនិងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះប្រជាពលរដ្ឋបួនខេត្តមកពីខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារបានធ្វើដំណើរតាមម៉ូតូ ដោយមានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលបានចុះយុទ្ធនាការរយៈពេលប្រាំថ្ងៃដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។ រយៈពេលប្រាំថ្ងៃ បន្ទាប់ពីបានចុះបង្ក្រាបបទល្មើសព្រៃឈើ ក្រុមប្រជាពលរដ្ឋបានដុតបំផ្លាញឈើខុសច្បាប់ប្រមាណជាង ៣០០ ម៉ែត្រគូបនិងបានចុះទៅដល់គោលដៅនៃរោងចក្រកែច្នៃឈើ របស់លោក សេង សារ៉ាវុធ។ លោក សេង សារ៉ាវុធ ដែលត្រូវបានគេសង្ស័យថា ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃបានទទួលអាជ្ញាបណ្ណពីក្រសួងកសិកម្ម ក្នុងការបង្កើតរោងកច្រកែច្នៃឈើសម្រាប់ធ្វើគ្រឿងសង្ហារឹម នៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រយៈពេលពីរឆ្នាំ ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១១។ លោក ចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដែលបានចូលរួមជាមួយនឹងប្រជាពលរដ្ឋនៅសហគមន៍ព្រៃឡង់ បាននិយាយថា លោកគ្មានបានឃើញគ្រឿងសង្ហារឹមណាមួយ ត្រូវបានកែច្នៃ នៅក្នុងរោងចក្រកែច្នៃឈើទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋបានប្រទះឃើញឈើហុបធំៗជាច្រើនម៉ែត្រគូប និង ម៉ាស៊ីនអារឈើខ្នាតធំចំនួនបី ដែលទង្វើនេះ ខុសបច្ចេកទេសក្នុងការសុំអាជ្ញាបណ្ណបង្កើតរោងចក្រកែច្នៃសម្រាប់ធ្វើគ្រឿងសង្ហារឹម។ យុទ្ធនាការចុះបង្ក្រាបព្រៃឈើរបស់ប្រជាពលរដ្ឋ នៃសហគមន៍ព្រៃឡង់នេះ មិនមានកិច្ចសហការណ៍ណាមួយពីសមត្ថកិច្ចទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។ លោក ចាន់ សាវ៉េត បានមានប្រសាសន៍ថា សមត្ថកិច្ចបានចូលរួមដែរ។ ក៏ប៉ុន្តែបានតាមឃ្លាំមើលសកម្មភាពនិងថតរូបប្រជាជននៅពេលដែលចុះបង្ក្រាបបទល្មើសព្រៃឈើទៅវិញ។ លោក ចាន់ សាវ៉េត បានសម្តែងការព្រួយបារម្ភថា ប្រជាពលរដ្ឋអាចប្រឈមមុខនឹងពាក្យបណ្តឹង តាមផ្លូវតុលាការនៅពេលដែលពួកគេបញ្ចប់យុទ្ធនាការទាំងនេះ។ «យើងឃើញសកម្មភាពរបស់អាជ្ញាធរ លោកហាក់បីដូចធ្វើការងារ ដូចជាមិនមែនធ្វើការងារ ដើម្បីទៅទប់ស្កាត់ ឬ ទៅបង្ក្រាបបទល្មើសព្រៃឈើទេ។ ពីព្រោះពួកគាត់បានដាក់កម្លាំងចុះទៅ ដើម្បីធ្វើការងារនោះ គឺទៅដើម្បីស្វែងរកអ្នកណា ជាមេដឹកនាំសហគមន៍អញ្ចឹង។ អ្នកណាជាអ្នកខ្លាំងពូកែ។ ហើយអ្នកណា ជាអ្នកដុតឈើ បំផ្លាញឈើ។ អ្នកណាដុតស្ពាន»។ លោក ខាំ ភឿន អភិបាលខេត្តក្រចេះ មិនហ៊ានធ្វើសេចក្តីសន្និដ្ឋានចំពោះសកម្មភាពប្រជាពលរដ្ឋបានទេ គឺអាស្រ័យទៅលើរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចនៅតាមមូលដ្ឋានតែប៉ុណ្ណោះ។ «ខ្ញុំឥតហ៊ានសន្និដ្ឋានបានទេពីព្រោះសមត្ថកិច្ចគេហៅទៅ មិនដឹងយ៉ាងម៉េចទេ។ ប៉ុន្តែជាធម្មតា គួរសួរយោបល់គ្នាទៅវិញទៅមកដែរ។ ឧបមាថាអញ្ចឹង ករណីហ្នឹង គួរធ្វើយ៉ាងម៉េច កាលណាហៅទៅ បើចូលរួម គួរតែសួរយោបល់ដែរ។ តើករណីហ្នឹង គួរតែធ្វើយ៉ាងម៉េច បើមានអញ្ចឹង? ឧបមាថា ឃើញឈើនៅគរអញ្ចឹង គួរតែធ្វើយ៉ាងម៉េច?» ការចុះបង្ក្រាបបទល្មើសព្រៃឈើ របស់ប្រជាពលរដ្ឋនៃសហគមន៍ព្រៃឡង់បានធ្វើឡើងជាលើកទី៤ ហើយ។ កន្លងមកប្រជាពលរដ្ឋបានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយធ្វើដំណើរដោយថ្មើរជើង ហើយលើកនេះ ពួកគេធ្វើដំណើរតាមម៉ូតូវិញ។ ព្រៃឡង់ គឺជាព្រៃធម្មជាតិ ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានផ្ទៃក្រឡាប្រមាណជាង ៣៦ ម៉ឺនហិកតា។ ព្រៃឡង់គ្របដណ្តប់លើខេត្តបួន គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើមិនអាចស្នើសុំទំនាក់ទំនង ដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃពុធនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |