VOA News: ព័ត៌មាន: “ចិនផ្តល់ជំនួយដល់ប្រទេសកម្ពុជា” plus 1 more |
ចិនផ្តល់ជំនួយដល់ប្រទេសកម្ពុជា Posted: 31 Mar 2012 10:05 AM PDT ប្រទេសកម្ពុជានិងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននៅថ្ងៃសៅរ៍នេះនៅមុនសន្និសីទកំពូលមួយនៃពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងរាជធានីភ្នំពេញ។ ពួកមន្ត្រីខ្មែរបាននិយាយថាលោកប្រធានាធិបតីចិន ហ៊ូ ជីនតាវ (Hu Jintao) និងនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង១០ទាក់ទិនទៅនឹងកសិកម្មនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ទស្សនកិច្ចផ្លូវរដ្ឋបួនថ្ងៃរបស់លោក ហ៊ូ ត្រូវចំពេលដំណាលគ្នាជាមួយសន្និសីទកំពូលមួយនៃពួកមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ ប្រទេសចិនបានផ្តល់ឱ្យប្រទេសកម្ពុជានូវជំនួយនឹងប្រាក់កម្ចីគ្មានយកការប្រាក់ចំនួន៧១លានដុល្លារ។ ប្រទេសចិនបានផ្តល់ជំនួយច្រើនគួរសមឱ្យដល់ប្រទេសកម្ពុជាកាលពីទសវត្សរ៍មុនបានយល់ព្រមលប់ចោលប្រាក់បំណុលនិងផ្តល់លក្ខណៈមិនយកពន្ធដារលើទំនិញ៤រយមុខ។ ក្រុមហ៊ុនចិនជាង៣រយបានធ្វើវិនិយោគក្នុងប្រទេសកម្ពុជាភាគច្រើនក្នុងគម្រោងកសិកម្ម ការសាងសង់ និងការស្ថាបនាទំនប់ទឹក។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->ភូមា៖ នៅថ្ងៃសៅរ៍នេះ ប្រទេសភូមាបានបញ្ចប់ការប្រុងប្រៀបសម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅថ្ងៃអាទិត្យនៅពេលដែលលោកស្រីអង់ សាន ស៊ូ ជី អ្នកធ្វើការឃោសនាបោះឆ្នោតលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យដែលបានជាប់ឃុំឃាំងក្នុងផ្ទះកាលពីជាងមួយឆ្នាំមុននេះទំនងជានឹងជាប់ឆ្នោតជាសមាជិកាសភានៅក្នុងប្រទេសនេះដែលគ្របសង្កត់ដោយពួកយោធា។ ថៃ៖ ពួកមន្ត្រីក្នុងប្រទេសថៃបាននិយាយថាមនុស្ស៨នាក់បានស្លាប់ហើយមានមនុស្សយ៉ាងតិចណាស់៧០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកបីតែប៉ុន្មាននាទីពីគ្នានៅក្នុងតំបន់ភាគខាងត្បូងប្រទេសដែលមានការបះបោរ។ ស.រ.អា/អារ៉ាប៊ីសាអូឌីត៖ នៅថ្ងៃសៅរ៍នេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បន្តទស្សនកិច្ចរបស់លោកស្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (Arabie Saoudite) ជាមួយជំនួបមួយជាមួយពួកអ្នកការទូតក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ដើម្បីពិភាក្សាគ្នាអំពីការបញ្ឈប់ការបង្ក្រាបមួយឆ្នាំមកហើយរបស់រដ្ឋាភិបាលស៊ីរីទៅលើក្រុមប្រឆាំង។ ស.រ.អា/អ៊ីរ៉ង់៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ា កំពុងចាត់វិធានការទៅមុខជាមួយការដាក់ទណ្ឌកម្មប្រឆាំងនឹងការដឹកជញ្ជូនប្រេងរបស់ប្រទេសអ៊ីរ៉ង់ទៅលក់ឯប្រទេសក្រៅដោយលោកបានសម្រេចថាមានប្រេងឆៅគ្រប់គ្រាន់នៅក្នុងទីផ្សារពិភពលោកដែលពួកសម្ព័ន្ធមិត្តរបស់ស.រ.អ.នឹងមិនមានផលប៉ះពាល់មិនល្អទេប្រសិនបើពួកគេកាត់បន្ថយការទិញប្រេងពីរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Teheran)។ ស.រ.អា៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថាដល់ពេលវេលាហើយដែលជនជាតិអាមេរិកាំងមានធនធានច្រើនបំផុតត្រូវបង់អ្វីដែលលោកហៅថាចំណែកដ៍យុត្តិធម៌របស់ពួកគេក្នុងពន្ធដារ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អង្គការសង្គមស៊ីវិលព្យាយាមឱ្យអាស៊ានចាប់អារម្មណ៍លើការរំលោភដីធ្លី Posted: 31 Mar 2012 07:44 AM PDT ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរក្រុមបានបើកវេទិកាដោយឡែកៗពីគ្នាដើម្បីយកគោលគំនិតប្រគល់ជូនមេដឹកនាំនៃបណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយនេះ។ កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញនឹងបើកជាផ្លូវការនៅថ្ងៃអង្គារទី៣ ខែមេសាប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលមួយក្រុមក្នុងចំណោមក្រុមទាំងពីរមិនត្រូវបានរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនិងជាប្រធានប្ដូរវេននៃសមាគមអាស៊ានទទួលស្គាល់នោះទេ។ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា និង ជាគណៈកម្មការដឹកនាំការរៀបចំវេទិកា មួយ ដែលមានឈ្មោះថា «វេទិកាប្រជាពលរដ្ឋអាស៊ាន ២០១២» ប៉ុន្តែរដ្ឋាភិបាលមិនគាំទ្រវេទិកានេះទេ។ វេទិការបស់លោកស្រីបានផ្តោតលើបញ្ហាទំនាស់ដីធ្លី និងពលករចំណាកស្រុកនិងលទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្ដែលោកស្រីបានទទួលរងការធ្វើទុក្ខបុកម្នេញពីម្ចាស់សណ្ឋាគារចំនួនពីរក្នុងក្រុងភ្នំពេញ ដោយពួកបានបដិសេធជួលបន្ទប់សណ្ឋាគារ ខណៈដែលក្រុមអង្គការរបស់លោកស្រីផ្តោតការពិភាក្សាលើបញ្ហាទំនាស់ដីធ្លី។ យ៉ាងណាក៏ដោយលោកស្រី ធីតា ឃឹះ នៅតែរក្សាការពិភាក្សាលើបញ្ហាដ៏សំខាន់នេះ។នៅក្នុង«វេទិកាប្រជាពលរដ្ឋអាស៊ាន ២០១២» ដែលលោកស្រីបានរៀបចំនេះ មានអង្គការក្នុងស្រុកចំនួនជាង ៤០០និងអង្គការមកពីក្រៅប្រទេសចំនួនជាង១០០ និងមានអ្នកចូលរួមសរុប ប្រមាណជា ១.០០០ នាក់។ លោកស្រី ធីតា ឃឹះ រំពឹងថា លទ្ធផលនៃការជជែកក្នុងវេទិការបស់លោកស្រី នឹងត្រូវបានដឹង ឮដោយមេដឹកនាំប្រទេសជាសមាជិកសមាគមអាស៊ាន។ «យើងសង្ឃឹមថាត្រូវទៅដល់ថ្នាក់ដឹកនាំអាស៊ាន តាមរយៈរដ្ឋាភិបាលផង គាត់មិនព្រមយកយើងធ្វើតាមរបៀបផ្សេងទៀត។ យើងចុះនៅលើសារព័ត៌មានសង្គមស៊ីវិលមកពីប្រទេសទាំង៩ ទៀត នឹងយកសេចក្តីថ្លែងការណ៍នេះទៅឱ្យថ្នាក់ដឹកនាំរបស់គេនៅក្នុងប្រទេសគេ។ យើងនឹងផ្ញើទៅតាមស្ថានទូតផង»។ លោកស្រីនាយិកាអង្គការ សីលកា មានប្រសាសន៍ថា តាមរយៈការរឹតត្បិតលើវេទិកានេះបង្ហាញថា លំហលទ្ធិប្រជាធិបតេយ្យនៅមានលក្ខណៈចង្អៀតនៅឡើយនៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលបានជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលដែលមិនល្បីឈ្មោះចំនួនពីររូបដែលខ្លួនបានដៅទុករួចជាស្រេចទៅហើយនោះសម្រាប់ឲ្យចូលរួមផ្ដល់សំឡេងក្នុងកិច្ច ប្រជុំកំពូលអាស៊ាន។ ក្នុងនោះគឺលោកស្រី ហូយ សុជីវណ្ណី នាយិកាអង្គការបម្លាស់ប្ដូរជាវិជ្ជមានសម្រាប់ កម្ពុជា និង លោក សុខ ធីវុធ ប្រធានសមាគមយុវជនកម្ពុជាអាស៊ាន។ តំណាងអង្គការទាំងពីររូបនោះ ស្ថិតក្នុងក្រុមអង្គការក្រៅរដ្ឋាភិបាលមួយក្រុមទៀតដែលរៀបចំវេទិកា ដែលមានឈ្មោះថា «សន្និសីទសង្គមស៊ីវិលនិងវេទិកាប្រជាជនអាស៊ាន ២០១២»។ វេទិកានេះមានអង្គការក្នុងស្រុកប្រមាណជា៣០០ និងអង្គការមកពីក្រៅប្រទេសចំនួនជាង ៩០ចូលរួម និងអ្នកចូលរួមប្រមាណជិត ១.០០០នាក់ ក្នុងនោះរាប់ទាំងមន្ដ្រីរដ្ឋាភិបាលផងដែរ។ វេទិកានេះ បានផ្តោតកិច្ចពិភាក្សាលើបញ្ហាយេនឌ័រ ពលករចំណាកស្រុក និង សិទ្ធិរបស់ជនពិការក្នុងការទទួលបានការអប់រំ និងការស្វែងរកការងារធ្វើ។ ប៉ុន្ដែមិនមានការពិនិត្យលើបញ្ហា ទំនាស់ដីធ្លីដែលរីករាលដាលក្នុងប្រទេសកម្ពុជានោះទេ។ ហើយវេទិការយៈពេលបីថ្ងៃនេះបាន បញ្ចប់កាលពីថ្ងៃសុក្រ គឺមួយថ្ងៃមុនការបញ្ចប់នៃវេទិកាដែលរៀបចំដោយលោកស្រី ធីតា ឃឹះ។ លោក អៀង អូននី ប្រធានគណៈកម្មការរៀបចំវេទិកានេះបានលើកឡើងថា ការខកខាន ក្នុងការលើកយកបញ្ហាទំនាស់ដីធ្លីមកពិភាក្សាក្នុងកិច្ចប្រជុំនេះពីព្រោះមិនមាន អង្គការណា ឬ ប្រជាពលរដ្ឋណាម្នាក់ ក្នុងចំណោមអ្នកចូលរួមបានស្នើសុំឲ្យដាក់ប្រធានបទនោះឡើយ។ «ប៉ុន្តែប្រធានបទមួយដ៏សំខាន់ ដែលយើងគិតថា មានការចាប់អារម្មណ៍ច្រើន គឺទាក់ទង ជាមួយនឹងយេនឌ័រ និងការអភិវឌ្ឍ។ យើងឃើញថា មានការលើកឡើងពីបញ្ហានេះច្រើនជាមួយគ្នានេះ ក៏មានការលើកឡើងពីបញ្ហាសិទ្ធិរបស់ជនពិការ។ បាទ! គាត់មិនបានត្អូញខ្លាំងទេ។ គាត់គ្រាន់តែថា ឲ្យយើងបំពេញយន្តការ ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាហ្នឹង បានស្រួល និង ល្អជាងមុន។ ខ្ញុំសូមជម្រាបជូនផងដែរនៅក្នុងហ្នឹងមានការលើកឡើងពីពលកម្មចំណាកស្រុក។ នេះក៏ជាបញ្ហាកង្វល់មួយដែរ»។ លោក អៀង អូននី បញ្ជាក់ថា មតិយោបល់នៃកិច្ចពិភាក្សាក្នុងពេលនេះ នឹងត្រូវ ដាក់ជូនរដ្ឋាភិបាល និងដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី៣ ខែមេសា។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ីម បូរី និស្សិតឆ្នាំទី៣ ផ្នែកបច្ចកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលបានចូលរួមនៅក្នុង «សន្និសីទសង្គមស៊ីវិលនិងវេទិកាប្រជាជនអាស៊ាន ២០១២» បានសម្តែងការសោកស្តាយដែលថាបញ្ហាទំនាស់ដីធ្លី មិនត្រូវបានគេលើកយកមកពិភាក្សានោះ។ «ខ្ញុំសោកស្តាយមែនទែន។ បើសិនជាលើកយកមកនិយាយកាន់តែល្អ ប៉ុន្តែ ប្រធានបទគេ ឥតបានលើកយកមកនិយាយ។ ហើយការនិយាយហ្នឹងមានកម្រិតទៀត។ គេដាក់ប្រធានបទមកយើងត្រូវនិយាយត្រូវតែសួរនៅក្នុងប្រធានបទហ្នឹង។ ហើយដូចជាការស្នើសុំអញ្ចឹង គឺយើង ត្រូវតែស្នើសុំនៅខាងក្រៅប៉ុន្តែការស្នើសុំហ្នឹង ក៏មានកំណត់ដែរ»។ ទោះបីជាអង្គការពីរក្រុមបានធ្វើវេទិកាដាច់ដោយឡែកពីគ្នាឆ្ពោះទៅរកកិច្ចប្រជុំកំពូលអាស៊ាន ក៏ដោយ លោក អៀង អូននី បានមានប្រសាសន៍ថា លោកអាចនឹងជួយពាំនាំ នូវមតិ យោបល់ពីអង្គការសង្គមស៊ីវិលនៃក្រុមម្ខាងទៀតសម្រាប់ជូនដល់រដ្ឋាភិបាលនិងមេដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលនោះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |