VOA News: ព័ត៌មាន: “សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស” plus 4 more

VOA News: ព័ត៌មាន: “សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស” plus 4 more


សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស

Posted: 28 Mar 2012 09:57 AM PDT

អនាគត​របស់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក្រោយ​ពី​រដ្ឋសភា​បាន​កាត់ផ្តាច់​ថវិកា​ដែល​បាន​ត្រូវ​បង្កើត​ឡើង​កាល​ពីឆ្នាំ​មុន​ នៅ​ចំ​ពេល​ដែល​មាន​ការ​កែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។​

រដ្ឋសភា​ភូមា​ បាន​បដិសេធ​មិន​យល់ព្រម​លើ​ថវិកា​ថ្មី​នៅ​ខែ​នេះ​ ដល់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​តែងតាំង​ឡើង​ដោយ​រដ្ឋាភិបាល​ ដោយ​និយាយ​ថា​ការ​បង្កើត​អង្គការ​នេះ​តាម​រយៈក្រឹត្យ​ប្រធានាធិបតី​ មិន​សមស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ទេ។​

លោក Benjamin Zawacki អ្នក​ស្រាវជ្រាវ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ (Amnesty International) ថ្លែង​ថា​គណៈកម្មការ​នោះ​ប្រហែល​ជា​មិន​អាច​រស់រាន​មាន​ជីវិត​តទៅ​ទៀត​ទេ​ ដោយ​គ្មាន​ថវិកា​ប្រើប្រាស់​នោះ។​ តែ​លោក​ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​បាងកក​ថា​ ភាព​ទាល់ច្រក​ហាក់​ដូច​ជា​មាន​មូលហេតុ​ខាង​នីតិវិធី​ ហើយ​ទំនង​អាច​ដោះស្រាយ​បាន។

«ទោះ​ជា​ដូច​ម្ដេច​ក៏​ដោយ​ខ្ញុំ​រំពឹង​ថា​ថវិកា​នោះ​នឹង​ផ្ដល់​មក​វិញ​ជា​មិន​ខាន។ ខ្ញុំ​គិត​​​ថា​ គណៈកម្មការ​អាច​បាន​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​របស់​សាខា​ប្រតិបត្ដិ​ និង​នីតិ​បញ្ញាត្តិ​ដែល​មិន​អាច​ទុក​ជា​មោឃៈ​បាន​ ដោយ​សារ​តែ​គ្មាន​ថវិកា​នោះ»។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

ទីបេតិ៍៖ ប៉ូលីស​នៅ​ក្នុង​ទីក្រុង​ញូវដេលី ​បាន​វាយ​បង្រ្កាប​មក​លើ​ជនជាតិ​ទីបេតិ៍​ដែល​រស់នៅ​ក្នុង​ទី​ក្រុង​ ក្រោយ​ពី​មាន​ជនជាតិ​ទីបេតិ៍​និរទេស​ម្នាក់​ បាន​យក​ភ្លើង​ទៅ​ដុត​ខ្លួន​ឯង​ក្នុង​សប្ដាហ៍​នេះ ​​ដើម្បី​សម្តែង​ការ​តវ៉ា​ប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ហ៊ូ ជិនតាវ។

ស៊ីរី៖ គេ​រំពឹង​ថា​ ក្រុម​មន្ដ្រី​នៃក្រសួង​ការបរទេស ​របស់​សម្ព័ន្ធភាព​អារ៉ាប់​នឹង​គាំទ្រ​ផែនការ​របស់​ប្រេសិត​ពិសេស​ លោក ​កុហ្វី អាណាន់ ​ដើម្បី​បញ្ចប់​វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bashar Al Assad​ ទទួល​យក​សេចក្ដី​ស្នើ។

អាហ្វហ្គានីស្ថាន៖ សេចក្ដី​រាយការណ៍​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Human right Watch​ និយាយ​ថា​ ស្រ្ដី​ជាង​៤០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ជាប់​គុក​ដោយសារ​តែ​បាន​ព្យាយាម​ចាកចេញ​ពី​អំពើ​ឃោរឃៅ​រំលោភ​ដោយ​ប្ដី​របស់​នាង​ឬ​ការ​បង្ខំ​ឲ្យ​មាន​ប្ដី។

ភូមា៖ រដ្ឋាភិបាល​ភូមា​និយាយ​ថា​នឹង​រៀបចំ​សើរើ​ឡើង​វិញ​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធ្វើ​ឲ្យ​ទំនើប​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​ដេក​ស្ងៀម។

អ៊ីរ៉ង់៖ រដ្ឋមន្ដ្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​ លោក​រំពឹង​ថា​កិច្ចចរចា​គ្នា​ទឹក​ថ្មី​ជាមួយ​មេដឹកនាំ​​ប្រទេស​មហាអំណាច​អំពី​កម្មវិធី​នុយក្លេអ៊ែរ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ តែ​ទី​កន្លែង​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ប៉ាគីស្ថាន៖ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​របស់​ប៉ាគីស្ថាន ​ឧត្ដមសេនីយ៍​ Ashfaq Pervez Kayani ​នឹង​បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​លើក​ទី​មួយ​ជាមួយ​មេបញ្ជាការ​យោធា​អាមេរិកាំង​ដែល​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​ស.រ.អ.​នៅ​ខែ​វិច្ឆិកា​មក​លើ​ព្រំដែន​ដែល​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២៤​នាក់។

អាហ្វហ្គានីស្ថាន៖ អង្គការ​ជន​ភៀសខ្លួន​របស់​អ.ស.ប. (UNHCR)​ ថ្លែង​ថា​ ជនជាតិ​អាហ្វហ្គានីស្ថាន​ ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្ពស់​ជាង​គេ​ ក្នុង​ការ​តាម​ស្វែងរក​ ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​មាន​ឧស្សហកម្ម​ជឿនលឿន​នៅ​ឆ្នាំ​២០១១។

អាមេរិក-អាហ្វហ្គានីស្ថាន៖ លោក​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​អាមេរិក ឡេអន បាណេតា ថ្លែង​ថា​ ការ​ស្ទង់​មតិ​មិន​អាច​សម្រេច​អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ទេ។

កូរ៉េ​ខាងជើង៖ មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​អំពាវនាវ​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​បោះបង់​ចោល​គម្រោងការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ ហើយ​ទម្លាក់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។

គុយបា៖ អតីត​មេដឹកនាំ​ប្រទេស​គុយបា​ ហ្វីដែល កាស្រូ្ត (Fidel Castro) ថ្លែង​ថា​ លោក​នឹង​ទៅ​ជួប​សម្ដេច​ប៉ាប​ នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទី​ក្រុង​ឡាហាវ៉ាន​ មុន​នឹង​សម្ដេច​ប៉ាប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​ព្រះអង្គ​នៅ​លើ​កោះ​កុម្មុយនីស្ត​នោះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ការកាត់ទោស​លូបាងហ្គា​លើក​ស្ទួយ​តម្លៃ​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​តែ​ចំណុច​ខ្សោយ​នៅ​មាន​ដដែល

Posted: 28 Mar 2012 02:24 AM PDT

ការកាត់​​​ទោស​​​លោក ថំម៉ាស លូបាងហ្គា​(Thomas Lubanga)កាល​ពីថ្ងៃ​ពុធ នៅឯ​តុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) ស្តីពី​បទ​ចោទ​ប្រកាន់​ចំពោះ​ការ​​កេណ្ឌ​​ទាហាន​កុមារ នៅ​​​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ កុងហ្គោ (DRC) គឺជា​​ពេលវេលា​​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ស្ថាប័ន​នេះ។ នេះ​ ជា​ការកាត់ទោស​ប្រកប​ដោយ​ភាព​​ជោគជ័យ​លើក​ដំបូង​បង្អស់ នៅក្នុង​ប្រវត្តិសាស្រ្ត​រយៈពេល​១០​ឆ្នាំ​របស់​តុលាការនេះ។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា តុលាការ ICC នៅតែ​មាន​​ចំណុច​​ខ្វះខាត​​យ៉ាង​ច្រើន ដើម្បី​ក្លាយ​ទៅជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពិតប្រាកដ​មួយ។

ក្នុង​​នាម​ជា​​អគ្គ​រដ្ឋអាជ្ញា លោក ល្វីស ម៉ូរេណូ អូកាំប៉ូ (Luis Moreno-Ocampo) បាន​ក្លាយ​ជា​​​​មុខ​​មាត់​​នៅលើ​​សកល​លោក​​​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ​ទីក្រុង ឡាអេ (Hague)។ ការកាត់​សេចក្តី​​​​​​លោក ថំម៉ាស លូបាងហ្គា ដែល​ជាការ​កាត់ទោស​លើក​ទីមួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​តុលាការ​នេះ ​បាន​ក្លាយ​ជា​​ពេលវេលា​​ដ៏​អស្ចារ្យ​​មួយ សម្រាប់​មេធាវី​​ជាតិ អាហ្សង់ទីន (Argentine) រូបនេះ។

<!--IMAGE-LEFT-->

«តុលាការ​អន្តរជាតិ​​នេះ បានស៊ើប​អង្កេត​ទៅលើ​ការឈឺចាប់​របស់​សមាជិក​នៃ​មនុស្ស​ជាតិ​មួយ​ចំនួន ដែល​ងាយ​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត មាន​ដូចជា​កុមារ​នៅក្នុង​តំបន់​សង្រ្គាម។ តុលាការ​បាន​ផ្តល់​នូវ​ការកាត់​សេច​ក្តី​​ប្រកប​ដោយ​យុត្តិធម៌​​សម្រាប់​ជនសង្ស័យ ហើយ​បាន​កាត់ទោស​​​​លោក។ ការ​កាត់​សេចក្តី​នេះ​ គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​មនុស្ស​ជាតិ»។

បទ​ចោទប្រកាន់​នៅក្នុង​ការកាត់​សេចក្តី​ លូបាងហ្គា ផ្អែក​ទាំងស្រុង​ទៅលើ​ការប្រើប្រាស់​ទាហាន​កុមារ។

លោក ហ្វីល ក្លាក (Phil Clark) អ្នកវិភាគ​ស្តី​ពី​តុលាការ ICC នៃ​សាកល​វិទ្យាល័យ ឡុងដុង (London University) និយាយ​ថា វិសាលភាព​និង​ដែន​ឥទ្ធិពល​របស់​តុលាការ​នេះ នៅមាន​កម្រិត​នៅឡើយ។

«ខ្ញុំ​គិតថា មាន​ភាព​​មន្ទិល​សង្ស័យ​កាន់តែ​​ខ្លាំង​ឡើងស្តីពី​​ថាតើតុលាការ ICC អាច​ផ្លាស់ប្តូរ​​ឥទ្ធិពល​​នៃ​ជម្លោះ​នៅនឹង​កន្លែងដែរ​​ឬ​ទេ។ ខ្ញុំ​គិតថា មាន​អារម្មណ៍​​​​ថា តុលាការ​នេះ​ ជា​ស្ថាប័ន​ដែល​ស្ថិត​នៅ​ដាច់​​ឆ្ងាយ​។ តុលាការ​នេះ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង ឡាអេ ហើយ​គ្មាន​ទំនាក់​ទំនង​ជាមួយ​​នឹង​​ជីវភាព​រស់​នៅ​​របស់​ប្រជាពលរដ្ឋ​នៅនឹង​កន្លែងទេ។»

ក្រៅពី​​សំណុំ​​​រឿងក្តី​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ រដ្ឋអាជ្ញា​របស់​តុលាការ ICC បាន​បើក​ការស៊ើប​អង្កេត​ទៅលើ​​ហេតុការណ៍​ចំនួន​៧កន្លែង​​ផ្សេង​ទៀត នៅ​​ទ្វីប​អាហ្វ្រិក។

នៅក្នុង​ចំណោម​ហេតុការណ៍​​ទាំងនោះ មាន​​ការស៊ើបអង្កេត​ទៅលើ កង​ទ័ព​​តស៊ូ​ព្រះជាម្ចាស់ (Lord's Resistance Army) ដែល​មាន​ដើម​កំណើត​ចេញ​​ពី​ប្រទេស អ៊ុយហ្គាន់ដា (Uganda)។ មេដឹកនាំ​​របស់​ក្រុមនេះ​ ​ឈ្មោះ​លោក ចូស្សែប កូនី (Joseph Kony) ក៏​​ត្រូវបាន​ចោទប្រកាន់​​​ពីបទ​ការ​កេណ្ឌ​​ទាហាន​កុមារ​រាប់​ម៉ឺន​នាក់​ដោយ​បង្ខំ​ដែរ។

លោក កូនី ទទួលបាន​ការចាប់អារម្មណ៍​ពី​សារព័ត៌មាន​នៅទូទាំង​ពិភពលោក​ កាលពី​​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវបាន​ផលិត​​ឡើង​ដោយ​ក្រុម​តស៊ូមតិ ​ឈ្មោះ​ថា កុមារ​អាថ៌កំបាំង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Invisible Children ​ដែល​បាន​គូស​បញ្ជាក់​​ពី​បទ​​ចោទ​​ប្រកាន់​​ប្រឆាំង​ទៅនឹង​រូបលោក ត្រូវបាន​ផ្សព្វផ្សាយ​ពាស​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប៉ុន្តែ អ្នកវិភាគ ហ្វីល ក្លាក មាន​ប្រសាសន៍​​ថា តុលាការ​នេះ​ មិន​ស៊ី​សង្វាក់​ជាមួយ​នឹង​​គោលដៅ​របស់​ខ្លួន​សោះ។

«កាល​​ពី​​​ពេល​​ថ្មីៗ​​នេះ ឧទាហរណ៍​ដ៏ល្អ​ក្នុង​រឿងនេះ គឺថា​តុលាការ ICC មិន​​បាន​​ជួយ​​អ្វី​​ទាំងអស់​​ ខណៈ​​ដែល​​រដ្ឋាភិបាល អ៊ុយហ្គាន់ដា បាន​បាញ់រះ​​​លើ​ជនស៊ីវិល​របស់​ខ្លួន បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​មុន។ នេះ​ជា​ឧទាហរណ៍​​ស្តីពី​​ប្រទេស​មួយ ​ដែល​តុលាការ ICC បានធ្វើការ​អស់​រយៈពេល​ជាយូរ​មកហើយ ដែល​​គ្មាន​​ការផ្លាស់ប្តូរ​អ្វីសោះ​ នៅ​ក្នុង​​ជម្លោះ​នេះ​ទេ។»

សមាជិក​អចិន្រ្តៃយ៍​ចំនួន​បី​ របស់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​ដូចជា សហរដ្ឋ​អាមេរិក(US) រុស្សី (Russia) និង​ចិន (China) បាន​បដិសេធ​មិនព្រម​ចុះ​ហត្ថលេខា​​​ជាមួយ​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយ​បាន​លើកឡើង​អំពី​ការ​ព្រួយ​បារម្ភពី​ការ​ចោទ​ប្រកាន់​​​ដោយ​សារ​​បុព្វហេតុ​​​នយោបាយ។

លោក ក្លាក និយាយ​ថា លោក អូកាំប៉ូ រដ្ឋអាជ្ញា​នៃ​តុលាការ ICC កំពុង​កសាង​ទំនាក់ទំនង​យ៉ាងកក់ក្តៅ​ ​ជាមួយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

«លោក​មាន​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ដែល​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យមាន​ការ​ស៊ើបអង្កេត​ ​​នៅក្នុង​តំបន់ ដាហ្វ័រ (Darfur) ហើយ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស លីប៊ី (Libya)​ទៀត​ ដែល​បង្ហាញ​ថា ​សហរដ្ឋ​​អាមេរិក​​ប្រហែល​ជា​កំពុង​តែចាប់​​អារម្មណ៍​​លើ​​​​តុលាការ ICC។ ប៉ុន្តែ វា​​លុះ​ណា​តែ​​​​​មហា​អំណាច​​ធំៗ​ទាំងនោះ​​យល់ព្រម​​ចូលរួម ហើយ​មាន​ឆន្ទៈ​​ក្នុងការ​ដាក់ឱ្យ​បុគ្គលិក​របស់​ខ្លួន​ទទួល​ការកាត់ទោស​ដែរ​ ​ទើប​យើង​អាចផ្តល់​ទឡ្ហីករណ៍​​​ថា តុលាការនេះ​បាន​ក្លាយ​ទៅជា​ស្ថាប័ន​សកល​ដ៏​ពិតប្រាកដ​មួយ»។

លោក អូកាំប៉ូ នឹង​​ចេញ​ពី​មុខ​​ដំណែង​​នៅ​​ខែ​មិថុនា ដែល​នឹង​ត្រូវ​ជំនួស​ដោយ លោកស្រី ហ្វាទូ បែនស៊ូដា (Fatou Bensouda) នៃ​ប្រទេស ហ្គាមបៀ (Gambia)។ នេះ ជា​លើកទីមួយ​ហើយ ដែលជនជាតិ​អាហ្រ្វិក​មួយរូប​នឹង​កាន់ការងារ​ជា​អគ្គរដ្ឋអាជ្ញា៕

ប្រែសម្រួលដោយ ឌី ​ខាំបូលី

This posting includes an audio/video/photo media file: Download Now

មេដឹកនាំ​ពិភពលោក​ប្រឆាំង​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​បរមាណូ

Posted: 28 Mar 2012 12:31 AM PDT

កាល​ពី​ថ្ងៃ​អង្គារ ​ប្រធានាធិបតី​​អាមេរិក ​លោក​បារ៉ាក់​ អូបាម៉ា​និង​ពួក​មេដឹកនាំ​ពិភពលោក​ឯ​ទៀត​​បាន​អំពាវ​នាវ​ឱ្យ​មាន​វិធានការ​ខ្លាំង​ក្លា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការ​គំរាម​កំហែង​នៃ​ភេរវកម្ម​បរមាណូ ​ដោយ​ថ្លែង​បិទ​សន្និសីទ​កំពូល​នៃ​ប្រទេស​ទាំង​៥៣​​ដែល​បាន​ត្រូវ​គ្រប​ដណ្តប់​ដោយ​គម្រោង​បង្ហោះ​កាំជ្រួច​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។​

<!--IMAGE-LEFT-->

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​មួយ​ពី​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ពួក​មេ​ដឹកនាំ​ទាំង​នេះ​ ដែល​រួម​មាន​លោក​ប្រធានាធិបតី​ចិន​ហ៊ូ ជីនតាវ​ និង​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ យូស៊ូហ្វ រ៉ាហ្សា ជីឡានី​ ផង​ដែរ​បាន​​អំពាវនាវ​ឱ្យ​មាន​វិធានការ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ខាង​ផ្នែក​ស៊ីវិល​នៃ​សារធាតុ​អ៊ុយរ៉ាញ៉ូម​​សំរិទ្ធ​សំរាំងខ្ពស់​ ដែល​ជា​ធាតុ​ផ្សំ​សំខាន់​មួយ​សម្រាប់​ផលិត​អាវុធ​បរមាណូ។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​សហគមន៍​អន្តរជាតិ​ត្រូវ​ធ្វើ​«​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ម៉ត់ចត់​និង​មាន​និរន្តរភាព»​ដើម្បី​កាត់​បន្ថយ​ឃ្លាំង​អាវុធ​បរមាណូ​ក្នុង​ពិភព​លោក។

អឺរ៉ុប៖ អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍​OECDបាន​និយាយ​ថា​ ប្លុក​ប្រទេស​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ត្រូវការ​បង្កើត​មូលនិធិ​សម្រាប់​ជួយ​សង្គ្រោះ​ធំ​ជាង​មុន​សម្រាប់​គ្រា​មាន​អាសន្ន​ខាង​ហិរញ្ញវត្ថុ​ក្នុង​ពេល​អនាគត ​ហើយ​ត្រូវ​តែ​ធំ​ជាង​មូលនិធិ​ដែល​ប្រទេស​អាល្លឺម៉ង់ ​ដែល​ជា​ប្រទេស​មាន​សដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​ទ្វីប​អឺរ៉ុប​ព្រម​ទទួល​យក។​​

គុយបា៖ សម្តេច​ប៉ាប​ បេណេឌិក ​បាន​សម្តែង​ការ​គោរព​ដល់​សន្តី​ដែល​គេ​ជឿ​បំផុត​ក្នុង​ប្រទេស​គុយបា ​ដោយ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​ស្តាប់​ព្រះអង្គ​និយាយ​ថា​ព្រះ​អង្គ​បាន​សុំបួងសួងដល់​សេចក្តី​ត្រូវ​ការ​របស់​ជន​ដែល​រង​ទុក្ខ​វេទនា​និង​​ជន​ដែល​គ្មាន​សេរីភាព។​

ប៉ាគីស្ថាន​៖ ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ ​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​លើ​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថាន​មិន​គួរ​គោរព​តែ​អធិបតេយ្យភាព​នៃ​ប្រទេសនេះប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​តែ​គោរព​ដល់​សេចក្តី​ត្រូវ​ការ​ខាង​សន្តិសុខ​របស់​អាមេរិកផង​ដែរ។

រុស្ស៊ី៖ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​អូបាម៉ា​បាន​បំភ្លឺ​អំពី​ការ​កត់​សម្គាល់​ផ្ទាល់​ខ្លួន​ស្តី​ពី​កិច្ច​ការពារ​កាំជ្រួច​ទៅ​កាន់​លោក​ប្រធានាធិបតី​​រុស្សី​ ឌីមីទ្រី មេឌ្វេដេវ ដែល​គេ​បាន​ឮ​ដោយសារ​មីក្រូហ្វូន​មួយ​បាន​បើក​ដោយ​អចេតនា។​

ស៊ីរី៖ លោក​ ខួហ្វី អាណាន់​ ​ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ស៊ីរី​បាន​ទទួល​យក​ផែនការ​របស់​លោក​ដើម្បី​ដោះស្រាយ​ការ​បះបោរ​របស់​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ តែ​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​នៅ​តែបន្ត។

ស៊ូដង់ខាង​ត្បូង៖ បាន​ចោទ​ប្រកាន់​ប្រទេស​ស៊ូដង់​ថា​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ថ្ងៃ​ទី​ពីរ​ទៅ​លើ​ដែនដី​សំបូរ​ប្រេង​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​ជម្លោះ​របស់​ពួក​គេ ​មួយ​ថ្ងៃ​នៅ​ក្រោយ​ការ​ប្រឈម​មុខ​ខាង​យោធា​ដោយ​ផ្ទាល់​​មួយ​ដែល​មិន​សូវ​មាន​រវាង​ប្រទេស​ជា​គូ​ប្រជែង​គ្នា​ទាំង​ពីរ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

មេ​គុក​ទួល​ស្លែង​បញ្ជាក់​ថា​គាត់​ជួប​ប្រជុំ​ជា​ប្រចាំ​ជាមួយ​នួន​ជា​

Posted: 27 Mar 2012 08:48 PM PDT

នៅ​ថ្ងៃ​អង្គារ​នេះ​ កាំង​ ហ្កេក​អ៊ាវ ​ហៅ​ឌុច ​សាក្សី​ដ៏​សំខាន់​មួយ​រូប​ក្នុង​សំណុំ​រឿង​០០២ ​បាន​បង្ហាញ​ជាក់លាក់​ថែម​ទៀត​ថា ​នួន​ ជា ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​មន្ទីរ​ ស ​២១ ​ឬ ​គុក​ទួលស្លែង ​និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​នយោបាយ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

ឌុច ​បាន​និយាយ​នៅ​ក្នុង​សវនាការ​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា​ជន​ជាប់​ចោទ​ដែល​ជា​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​រូប​នេះ​បាន​ឡើង​ត្រួតត្រា​គុក​ទួលស្លែង​ជំនួស​សុន ​សេន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ១៩៧៧។

ឌុច​បាន​បញ្ជាក់​បន្ថែម​ថា៖

«ដូច្នេះ ​ខ្ញុំ​រាយការណ៍​ជូន​បង​ នួន ​តាំង​ពី​ពេល​ហ្នឹង​រហូត​មក។ ​និយាយ​ដោយ​ជាក់​លាក់​ហ្នឹង​គឺ​ចម្លើយ​សារភាព​របស់​មនុស្ស​ដែល​ជាប់​នៅ ​ស​២១។ ​អ្នកណា​ដែល​ខាង​លើ​ចាត់​ទុក​ជា​សំខាន់។​ ជា​ទូទៅ​ ខ្ញុំ​ត្រូវ​រាយ​ការណ៍​ជូន​គាត់​នូវ​អ្នក​ទាំង​ឡាយ​ណា​ដែល​គាត់​ចាត់​ទុក​ជា​សំខាន់​ហើយ​ចម្លើយ​ដល់​ណា​ហើយ។ ​ដើម្បី​សុំ​មតិ​កែប្រែ»។

ឌុច ​បាន​បន្ថែម​ទៀត​ថា​គាត់​តែងតែ​ជួប​ដោយ​ផ្ទាល់​ជាមួយ ​នួន​ ជា​ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ព័ត៌មាន​នៅ​គុក​ទួលស្លែង​រាល់​បី​ថ្ងៃ ​ឬ ​ប្រាំ​ថ្ងៃ​ម្តង។ ​ឌុច ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញា​រង​អន្ដរជាតិ ​លោក ​វីលាម ​ស៊្មីត ​ថា ​នួន ​ជា ​ឡើង​កាន់​កាប់​កិច្ចការ​ក្នុង​គុក​ទួលស្លែង​ដោយសារ​តែ​ នួន ​ជា ​ចង់​តាមដាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​សំខាន់ៗ​ ដែល​គាត់​ផ្តោត​ទៅ​លើ ​និង​ដើម្បី​ក្តាប់​សភាពការណ៍​នៅ​ក្នុង​គុក​នេះ។

ឌុច ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​ឃោរឃៅ​ក្នុង​មន្ទីរ ​ស​២១​ ដែល​នៅ​ទីនោះ​អ្នក​ទោស​យ៉ាង​តិច​ ១២.៣៨០​ នាក់​ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ​និង​សម្លាប់​ចោល។

ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ឌុច ​បាន​និយាយ​ថា ​នួន ​ជា ​បាន​ដាក់​បញ្ជា​ឲ្យ​ចាប់​ជន​ដែល​ត្រូវ​សង្ស័យ​ថា​ជា​ខ្មាំង​របស់​អង្គការ​យក​មក​ឃុំឃាំង​នៅ​មន្ទីរ​២១ ​និង​បញ្ជា​ឲ្យ​កម្ចេច​ឬ​សម្លាប់​ចោល​បញ្ជា​ឲ្យ​ដក​ឈ្មោះ​ជន​សង្ស័យ​ពី​បញ្ជី​ចេញ។ ​ក៏ប៉ុន្ដែ​ជន​សង្ស័យ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​យក​មក​ដាក់​គុក​ទេ​ក្នុង​រយៈពេល​ក្រោយ​មក​ទៀត។

នៅ​រសៀល​ថ្ងៃ​នេះ ​ឌុច ​បាន​បញ្ជាក់​ឡើង​វិញ​ថា ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ខ្មែរក្រហម​អំណាច​ត្រូវ​បាន​ប្រមូលផ្តុំ​ផ្តាច់មុខ​តែ​លើ​មេដឹកនាំ​តែ​ពីរ​នាក់​គត់។

«អំណាច​ទាំង​អស់​ ត្រូវ​ប្រមូល​ក្តោបក្តាប់​នៅ​លើ​កណ្តាប់​ដៃ​លេខា ​គឺ ​ប៉ុល ​ពត។ ​ក៏ប៉ុន្តែ ​នួន ​ជា ​នៅ​ជាមួយ​នឹង​គ្នា។ ​កាលណា ​ប៉ុល ​ពត ​រវល់​នួន​ ជា ​ជំនួស​។ ​កាលណា ​ប៉ុល ​ពត ​សម្រេច ​នួន​ ជា​ តាមដាន​ការ​អនុវត្ត។ ​ដូច្នេះ​អំណាច​មូល​នៅ​លើ ​ប៉ុល ​ពត​ និង​ នួន ជា»។

ឌុច ​ក៏​បាន​អះអាង​ដែរ​ថា ​ប៉ុល ​ពត ​មេ​ស្ថាបនិក​របប​កុម្មុយនិស្ដ​ខ្មែរ​ក្រហម​ គឺ​ជា​អ្នក​ដាក់​ផែនការ​ឲ្យ​ប្រើ​របប​ហូប​រួម។ ​ម្យ៉ាង​ទៀត​ប្រព័ន្ធ​តុលាការ ​សភា ​តួនាទី​ប្រមុខរដ្ឋ ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​សិទ្ធិ​ស្មើគ្នា​រវាង​ប្រជា​ពលរដ្ឋ​សិទ្ធិ​ស្មើ​គ្នា​ រវាង​បុរស​និង​ស្ដ្រី​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ចែងតែ​ក្នុង​ធម្មនុញ្ញ​របស់​ពួក​ខ្មែរក្រហម​តែ​ប៉ុណ្ណោះ។ ​ប៉ុន្ដែ​មិន​មាន​ការ​អនុវត្ត​ជាក់ស្តែង​នោះ​ទេ។

សូម​បញ្ជាក់​ថា​សហ​មេធាវី​ការពារក្ដី​របស់​នួន ​ជា ​លោក ​ម៉ាយឃើល​ ផេសម៉េន ​និង​ សហ​មេធាវី​ការពារក្ដី​របស់​ជន​ជាប់​ចោទ ​អៀង ​សារី ​បាន​ធ្វើ​ការ​ជំទាស់​ជា​ច្រើន​លើក​ទៅ​នឹង​ការ​តាំង​សំណួរ​មួយ​ចំនួន​របស់​សហ​ព្រះរាជ​អាជ្ញារង​ លោក ​វីលាម ​ស៊្មីត ​ទៅ​ ឌុច ​ដោយ​សំអាង​ថា​សំណួរ​ទាំង​នោះ​គឺ​ជា​សំណួរ​នាំមុខ​សម្រាប់​ទាញ​យក​ចម្លើយ​ឬ​ជា​សំណួរ​ដែល​មិន​ត្រូវ​នឹង​សមត្ថភាព​របស់ ​ឌុច។ ​ក៏ប៉ុន្ដែ​ លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចា្រនចោល​ប្រសិទ្ធភាព​នៃ​ការ​ជំទាស់​នោះ​ជា​បន្ត​បន្ទាប់៕

This posting includes an audio/video/photo media file: Download Now

តុលាការ​មិន​ឃុំ​ខ្លួន​លោក​ចាន់​ ចេង​ទេ​ប៉ុន្តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការឃ្លាំ​មើល

Posted: 27 Mar 2012 06:22 PM PDT

លោក ​ចាន់ ​ចេង ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ខេត្ត​កណ្តាល​បន្ទាប់​ពី​បាន​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​ មាស​ ប៉េង ​ជំទប់​ទី​២ ​ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ខាង​គណបក្ស​ សម ​រង្ស៊ី ​ឲ្យ​លួច​រត់​ចេញ​ពី​មន្ទីរ​ឃុំឃាំង។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ។

លោក​ស៊ិន ​វីរៈ ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក ​ចាន់ ​ចេង ​ទេ។​ ក៏ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច ​ដែល​រួម​មាន​មិន​ឲ្យ​លោក ​ចាន់ ​ចេង ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ត្រូវ​ផ្តល់​ដំណឹង​មក​តុលាការ ​និង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ពេល​ដែល​តុលាការ​កោះ​ហៅ។

លោក​ស៊ិន វីរៈ​បាន​បញ្ចាក់​ពី​មូលហេតុ​នោះ​ថា៖

«វា​មាន​មូល​ហេតុ​អី​បើ​មូលហេតុ​មាន​នៅ​ក្នុង​នីតិ​វិធី​មាត្រា​ ២០៥​ មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន។​ ស្ថានភាព​របស់​គាត់ ​វា​ឥត​ចូល​នៅ​ក្នុង​មាត្រា​ ២០៥​។​ អញ្ចឹង​បាន​ជា​យើង​ ដាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្លូវ​តុលាការ»។

លោក ​ចាន់ ​ចេង ​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១១​ ដើម្បី​បើក​ផ្លូវ​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ខេត្ត​កណ្តាល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​ មាស ​ប៉េង ​លួច​រត់។

លោក ​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយ​ដែក ​ខាង​គណបក្ស​សម ​រង្ស៊ី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ជាមួយ​នឹង​លោក ​ប្រាក់ ​សាវុធ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ទាប់​ពី​បាន​កោះហៅ​លោក ​មាស ​ប៉េង ​មក​សាកសួរ​លោក​ចៅក្រម ​លឹម ​សុគន្ថា ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ​មាស ​ប៉េង ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។

នៅ​ក្នុង​អំឡុង​ពេល​យក​ទៅ​ឃុំ​ខ្លួន​ពេល​នោះ ​លោក​ ជួង ​ជូងី ​មេធាវី​ការពារក្តី​បាន​បញ្ជាក់​ថា​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ដោយ​គ្មាន​ដីកា​ឃុំ​ខ្លួន។ ​រួច​ហើយ​ក៏​បាន​ស្នើ​ឲ្យ​លោក​ចាន់ ចេង​ ដឹក​លោក ​មាស ​ប៉េង ​ទៅ​កាន់​លំនៅដ្ឋាន​វិញ។

លោក ​ចាន់ ​ចេង ​សមាជិក​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្ស៊ី ​និង​លោក ​កើត ​ឃី ​មេធាវី​ការពារក្តី​ មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ណាមួយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ទេ។ ​ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ឲ្យ​ទៅ​សួរ​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី។

«សុំ​ឲ្យ​ទៅ​ជួប​អ្នក​នាំពាក្យ​គណបក្ស ​មិន​អត្ថាធិប្បាយ​ទេ»។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន​បញ្ជាក់​ថា​រឿង​ក្តី​នេះ​ជា​រឿង​នយោបាយ។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​តុលាការ​គួរតែ​បញ្ចប់​ករណី​នេះ។

«អ្នក​ទាំង​ពីរ​នាក់​ហ្នឹង​គឺ​ជា​អ្នក​មេធាវី​និង​តំណាង​រាស្ត្រ​ទេ​មិនមែន​ជា​ឧក្រិដ្ឋជន​ឯណា។​ មិនមែន​ជា​ចោរប្លន់​ឯណា។ ​ការ​ដែល​ចុះ​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​គឺ​ជា​កាតព្វកិច្ច​តំណាងរាស្រ្ត​និង​របស់​មេធាវី​ការពារក្តី។ ​នៅ​ពេល​ណា​ដែល​ឃើញ​ទង្វើ​ខុសច្បាប់​គឺ​មេធាវី​អ្នក​តំណាងរាស្ត្រ​មាន​សិទ្ធិ​ទៅ​តាម​សង្កេតការណ៍​និង​តាម​ផ្តល់​យោបល់​ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។

លោក ​ជួង ​ជូងី ​មេធាវី​ការពារក្តី​ឲ្យ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ដូច​ករណី​លោក ​ចាន់ ​ចេង ​ដែរ។

លោក​ ជួង ​ជូងី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ នៅ​ឯ​តុលាការ​ខេត្ត​កណ្តាល​ថា​ តុលាការ​គួរតែ​ទម្លាក់​ចោល​ពាក្យ​បណ្តឹង​ទាំង​ពីរ​នេះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​បើ​ពុំ​ដូច្នេះ​ទេ​ អយ្យការ​តុលាការ​ខេត្ត​កណ្តាល ​គួរ​តែ​ចាត់​ការ​ពាក្យ​បណ្តឹង​របស់​លោក ​ដែល​បាន​ប្តឹង​ចៅក្រម ​លឹម ​សុគន្ថា ​ពី​បទ​បាន​ប្រព្រឹត្ត​ខុស​ពី​នីតិ​វិធី។

លោក​ ជួង ជូងី​បាន​បញ្ជាក់​ថា៖

«ពីព្រោះ​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២​ នេះ ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ហ្នឹង​ចោទ​ប្រកាន់​ លឹម ​សុគន្ថា​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ។ ​គឺ​ខ្ញុំ​ផ្តោត​ទៅ​លើ​ដីកា ​សម្រេច​ឃុំខ្លួន​មួយ ​និង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​មួយ​ ដែល​ឯកសារ​ទាំង​ពីរ​នេះ ​ជា​ឯកសារ​ក្លែង​សុទ្ធសាធ»។

លោក ​ស៊ិន ​វីរៈ ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​និយាយ​ថា ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​រួច​ហើយ។ ​ហើយ​លោក​កំពុង​ពិនិត្យ​មើល​តាម​ផ្លូវ​ច្បាប់៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!