VOA News: ព័ត៌មាន: “ប្រទេសមហាអំណាចប្តេជ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ” plus 2 more |
- ប្រទេសមហាអំណាចប្តេជ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ
- យុទ្ធនាការអប់រំអ្នកទោសពីជំងឺរបេងនៅកម្ពុជា
- កម្ពុជាអាចនឹងអន្តរាយដោយសារការផ្តល់សម្បទានដីដោយគ្មានតម្លាភាព
ប្រទេសមហាអំណាចប្តេជ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ Posted: 27 Mar 2012 11:46 AM PDT មេដឹកនាំប្រទេសជាង៥០បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញារបស់ខ្លួន ដើម្បីកាត់បន្ថយឃ្លាំងអាវុធបរិមាណូរបស់ខ្លួន។ ប្រធានាធិបតី បារាក់ អូបាមា ថ្លែងប្រាប់អង្គប្រជុំនៅពេលចាប់ផ្ដើមសម័យប្រជុំចុងក្រោយនៃសន្និសីទកំពូលអំពីសន្ដិសុខនុយក្លេអ៊ែរនៅក្នុងក្រុងសេអ៊ូលថា សហគមន៍អន្ដរជាតិត្រូវមានកិច្ចប្រឹងប្រែងច្បាស់លាស់ ដើម្បីកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោកថ្លែងថា៖ «មានមនុស្សអាក្រក់ដ៏ច្រើនដែលកំពុងតាមស្វែងរកសម្ភារៈដ៏គ្រោះថ្នាក់នេះ ហើយសម្ភារៈទាំងនោះអាចនឹងទទួលយកបានពីទីកន្លែងដ៏ច្រើន។ គេមិនចាំបាច់ត្រូវការសម្ភារៈទាំងនោះច្រើនទេ ដើម្បីសម្លាប់មនុស្សច្រើនសន្ធឹក។ នេះមិននិយាយពន្លើសទេ នេះជាការជាក់ស្ដែង»។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ស៊ីរី៖ ប្រេសិតពិសេសរបស់អ.ស.ប. លោក កុហ្វី អាណាន់ ថ្លែងថា ស៊ីរីបានសុខចិត្ដទទួលយកផែនការរបស់លោកដើម្បីបញ្ចប់អំពើឃោរឃៅនៅក្នុងប្រទេស។ ចិន៖ ការសិក្សាមួយធ្វើឡើងដោយក្រុមហ៊ុនស្ទង់មតិ Gallup បានរកឃើញថា ជនជាតិចិនតិចតួចណាស់មានការលំបាកនិងបំពេញសេចក្ដីត្រូវការមូលដ្ឋាន។ ការសិក្សានោះផ្សព្វផ្សាយចេញកាលពីថ្ងៃអង្គារ រកឃើញថា មានតែ៦%នៃជនទាំងនោះទេ ក្នុងចំណោមពលរដ្ឋចិន១ភាគ៥ មិនមានលុយកាក់គ្រប់គ្រាន់ដើម្បីទិញអាហារកាលពីឆ្នាំមុន។ ចំនួននេះចុះពី២៣ភាគរយកាលពីឆ្នាំ២០០៨។ វៀតណាម៖ តុលាការរបស់ប្រទេសវៀតណាម បានកាត់ទោសដាក់គុក១១ឆ្នាំដល់អាចារ្យប៉ាស្ទ័រវិហារ Mennonite ម្នាក់ ដែលត្រូវចោទប្រកាន់ថា បានធ្វើឲ្យបែកបាក់ដល់សាមគ្គីជាតិ។ ជប៉ុន៖ ការរញ្ជួយផែនដីដ៏ខ្លាំងតូចមួយបានធ្វើឲ្យកក្រើកតំបន់ភាគឦសានប្រទេសជប៉ុនកាលពីយប់ថ្ងៃអង្គារតែមិនឃើញមានសេចក្ដីរាយការណ៍នៃការខូចខាតទេ។ គុយបា៖ សម្ដេចប៉ាប បេណេឌិច បានទៅគោរពសន្តី (Saint)របស់គុយបាកាលពីថ្ងៃអង្គារ ក្រោយពីព្រះអង្គបានជួបសន្ទនាជាមួយមេដឹកនាំកុម្មុយនីស្ដគុយបាមក។ ប៉ាគីស្ថាន៖ ប្រធានាធិបតី បារាក់ អូបាម៉ា ថ្លែងថា ការសើរើមើលឡើងវិញ នូវទំនាក់ទំនងគ្នារវាងស.រ.អ.និងបាគីស្ថាន មិនសមតែគោរពអធិបតេយ្យភាពរបស់ប្រទេសបាគីស្ថានបុណ្ណោះទេ តែត្រូវគោរពសន្ដិសុខរបស់ស.រ.អ.ផងដែរ។ វៀតណាម៖ ប្រទេសវៀតណាមហាក់ដូចជារាំងខ្ទប់មិនឲ្យគណៈប្រតិភូវ៉ាទីកង់ចូលមកទស្សនាប្រទេសរបស់ខ្លួននោះ។ ឥណ្ឌា៖ មន្ដ្រីផ្លូវការនៃក្រសួងនគរបាលឥណ្ឌានិយាយថា គ្រាប់បែកមួយគ្រាប់បង្កប់ទុកដោយជនសង្ស័យ ជាក្រុមបះបោរនិយមម៉ៅ បានផ្ទុះសម្លាប់មន្ដ្រីប៉ូលិស១៥នាក់នៅក្នុងរដ្ឋភាគខាងលិចមហារាស្រ្ត (Maharashtra)។ អាស៊ី៖ អង្គការការពារសិទ្ធិមនុស្សអន្ដរជាតិ Amnesty International ថ្លែងថា ចំនួនចុះថយនៃបណ្តាប្រទេសអាស៊ីដែលបន្ដអនុវត្ដការដាក់ទណ្ឌកម្មប្រហារជីវិត មានអាត្រាកាន់តែខ្ពស់ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅឆ្នាំ២០១១។ បារំាង៖ អតីតនាយកអង្គការរូបិយវត្ថុអន្ដរជាតិ លោក Dominique Strauss Kahn កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតតាមផ្លូវការ តាមបទចោទប្រកាន់ថា ពាក់ព័ន្ធនឹងបនស្រ្ដីពេស្យាចារ្យ។ ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់ខាងត្បូងចោទប្រកាន់ប្រទេសស៊ូដង់ថា បានបើកការវាយប្រហារតាមអាកាសថ្ងៃទីពីរមកលើទីកន្លែងសម្បូរទៅដោយប្រេងនៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ មួយថ្ងៃក្រោយពីមានការប្រឈមមុខយោធាគ្នារវាងប្រទេសគូប្រជែងទាំងពីរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
យុទ្ធនាការអប់រំអ្នកទោសពីជំងឺរបេងនៅកម្ពុជា Posted: 27 Mar 2012 01:03 AM PDT «តើអ្វីទៅជាជំងឺរបេង?» «តើជំងឺរបេងឆ្លងដោយរបៀបណា?» ហើយ «តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ពីអាការរោគ នៃជំងឺរបេង?» សំណួរទាំងនេះ ត្រូវចោទសួរទៅកាន់ អ្នកទោសចំនួន ជាង៥០០នាក់ ក្នុងចំណោមអ្នកទោសសរុបចំនួនជាង១.៥០០នាក់នៅមណ្ឌលអប់រំកែប្រែទី៣ ឬ ពន្ធនាគារក្នុងឃុំត្រពាំងផ្លុង ខេត្តកំពង់ចាម ក្នុងយុទ្ធនាការលើកដំបូងបំផុតដើម្បីអប់រំដល់ អ្នកទោស ក្នុងប្រទេសកម្ពុជាពីជំងឺរបេង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យុទ្ធនាការមួយកំណាត់ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI) សហការជាមួយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អង្គការមួយចំនួនដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការសុខភាពពិភពលោក(WHO)។ សំណួរទាំងនេះ ត្រូវចោទសួរដោយតារាចម្រៀងរែបល្បីឈ្មោះម្នាក់គឺ លោកឃ្លាំង សម្រាប់ជាការទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមពិរុទ្ធជន។ ពិរុទ្ធជនទាំងនោះក្នុងសំលៀកបំពាក់ឯកសណ្ឋានអ្នកទោស អាវខៀវ ខោខៀវ ឆ្នូតពណ៌សបានឆ្លើយសំណួរដោយលើកដៃយ៉ាងស្រុះគ្នា ហាក់ដូចជាទទួលបានការអប់រំជាមុន។ តារាចម្រៀងខ្មែររូបនេះ បានដឹកនាំក្រុមសិល្បៈមួយក្រុម ហើយបានសម្តែងឈុតកំប្លែងខ្លី ទាក់ទងនឹងជំងឺរបេងនេះផងដែរ។ លោក ឃ្លាំង បានចោទសួរបន្ថែមអំពីការរក្សាអនាម័យ ដើម្បីការពារការឆ្លងជំងឺរបេង និងសំណួរដែលថា តើជំងឺនេះអាចត្រូវបានព្យាបាលបានដែរ ឬទេជាដើម។ លោកវេជ្ជបណ្ឌិត ទាម បាក់ឃីម នាយករងនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន បានថ្លែងនៅក្នុងពីធីនោះថា អត្រាអ្នកកើតរបងនៅក្នុងពន្ធនាគារមានកម្រិតខ្ពស់ជាមធ្យមប្រាំមួយដង បើធៀបទៅនឹងប្រជាពលរដ្ឋធម្មតា។ ដូច្នេះ ការយល់ដឹងរបស់អ្នកទោសអំពីជំងឺនេះគឺជាការចាំបាច់បំផុត។ «ធម្មតាទេ ដើម្បីបំផុសឲ្យគេចូលរួម គេអត់ដឹងថា នៅក្នុងពន្ធនាគារនេះរបេង ច្រើនទេ។ យើងយល់ហើយពីព្រោះរបេង កាលណានៅផ្តុំគ្នា វាឆ្លងហើយឆ្លងតាមការដកដង្ហើម ហើយ ពួកគាត់នៅផ្តុំគ្នាជិតៗជាងអ្នកភូមិទៀតនោះ វាងាយឆ្លងណាស់ ហើយអត្រាស្លាប់ ក៏ងាយស្លាប់ដែរ។ ហើយការងាររបេងត្រូវតែអំពាវនាវគ្រប់ដៃគូរ ទាំងអស់ គ្រប់ស្ថាប័ន ទាំងអស់ ជួយគ្នាទើបបានទៅរួច»។ លោក គៀ សុវណ្ណា ប្រធានពន្ធនាគារមណ្ឌលទី៣ នៅក្នុងខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងពន្ធនាគារនេះ មានអ្នកទោសចំនួន ១.៥២១ នាក់ ហើយក្នុងចំណោមនោះ នៅពេលនេះ មានអ្នកកើតរបងចំនួន៣៩នាក់ ដែលអ្នកទាំងនោះ កំពុងទទួលបានការព្យាបាល និងនៅបន្ទប់ដាច់ដោយឡែកពីអ្នកទោសដែលគ្មានជំងឺ។ បញ្ហានេះបានធ្វើឲ្យអង្គភាពរបស់លោកជួបនូវការលំបាក ជាច្រើនផងដែរ។ លោកវេជ្ជបណ្ឌិត លី មិណា ជាអ្នកសម្របសម្រួលកម្មវិធីរបេង និងអេដស៍ នៃអង្គការសុខភាព គ្រួសារអន្តរជាតិ FHI 360 បានឲ្យដឹងថា នៅក្នុងមណ្ឌលអប់រំកែប្រែទី៣ក្នុងឃុំ ត្រពាំងផ្លុងនេះ មានអ្នកទោសកើតជំងឺរបេងច្រើនជាងគេក្នុងចំណោមពន្ធនាគារដែលបានរកឃើញថា មានអាត្រាជំងឺរបេងខ្ពស់។ «នៅទីនេះ ករណីរបេងសង្ស័យ និងរកឃើញមានច្រើនជាងគេនៅចំណោមពន្ធនាគារទាំងប្រាំពីរ ដែលអង្គការFHIធ្វើការជាមួយ ហើយចំនួនអ្នកទោសច្រើន ថ្នាក់ដឹកនាំ និងមន្រ្តីធ្វើការនៅ ទីនេះច្រើន អញ្ចឹងបើយើងធ្វើទៅ យើងគិតថាព័ត៌មានទាក់ទងនឹងរបេងនេះអាចផ្សព្វផ្សាយដល់អ្នកទោសហើយនឹងបុគ្គលិក និងអ្នកចូលរួមបានច្រើនតាមរយៈនេះ ការសម្របសម្រួល ហើយនឹងទទួល បានការគាំទ្រមកវិញប្រហែលជាបានលទ្ធច្រើន»។ របាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ឆ្នាំ ២០១១ បានបង្ហាញជាទូទៅពន្ធនាគារ គឺជាកន្លែងប្រមូលផ្តុំ នៃក្រុមជន ដែលប្រឈមមុខ នឹងគ្រោះថ្នាក់មួយចំនួនដែលអាចបង្កើនការឆ្លង ឬ កើតជំងឺផ្សេងៗ រាប់បញ្ចូលទាំងជំងឺរបេងផងដែរ។ លើសពីនេះទៅទៀត ពន្ធនាគារអាចនៅមានការខ្វះខាតផ្នែកសេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត លី មិណា អះអាងថា អត្រាអ្នកកើតជំងឺរបេង នៅក្នុងពន្ធនាគារដែល ខ្ពស់ជាងប្រជាជនធម្មតាដល់ទៅ ១៧ ដង និងអត្រាស្លាប់មាន ៥ ភាគរយ ក្នុងឆ្នាំ ២០០៩ ក៏ប៉ុន្តែនៅឆ្នាំ ២០១១ បានធ្លាក់មកត្រឹមប្រាំពីរដងខ្ពស់ជាងប្រជាជនធម្មតា ហើយអត្រាស្លាប់បានស្ថិតក្នុងកំរិតសូន្យភាគរយ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា នៅក្នុងពន្ធនាគារទាំង២៦ ក្នុងប្រទេសកម្ពុជា មានអ្នកទោសប្រមាណជាង ១៥០០០នាក់ ក្នុងនោះមានអ្នកកើតរបេងចំនួនជាង ១៣០ នាក់ នៅក្នុងឆ្នាំ ២០១១ កន្លងទៅនេះ។ លោកស្រី សោម សួគ៌ា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលចូលរួមក្នុងកម្មវិធី នោះ បានឲ្យដឹងថា ការផ្សព្វផ្សាយពីជំងឺរបេង ក្នុងពេលនេះ អាចជួយកាត់បន្ថយការឆ្លងជំងឺនេះ ក្នុងពន្ធនាគារយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីអ្នកជំងឺទាំងនោះ បានយល់ដឹងពីការឆ្លងការព្យាបាល ការបង្ការ និងផលវិបាកនៅពេលកើតមានជំងឺនេះ។ «ពីព្រោះអីពីមុនមក នៅក្នុងមណ្ឌលអប់រំកែប្រែទី៣នេះ គឺថាអ្នករបេងមានច្រើនប៉ុន្តែ មកដល់ពេលនេះ ដោយយើងមានថ្នាំព្យាបាល ការពារតាមស្តង់ដា គឺថាអត្រានៃការឆ្លងរាលដាលតទៅមុខមានតិចណាស់»។ របាយការណ៍ររបស់មជ្ឈមណ្ឌលជាតិដដែល ក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានចាត់ទុកជំងឺរបេងជាជំងឺអទិភាព ក្នុងចំណោមជំងឺឆ្លងដទៃទៀត។ ទោះបីជាយ៉ាងណា អត្រាមានជំងឺ និងអត្រាស្លាប់នៅមានកម្រិតខ្ពស់។ កម្មវិធីជាតិកម្ចាត់រោគរបេងនៅតែត្រូវការចំបាច់ជាងសកម្មភាពមួយចំនួនទៀត។ លោកស្រីវេជ្ជបណ្ឌិត មូនិច មូសូស ( Dr Monique Mosolf ) ប្រធានការិយាល័យសុខភាព និងអប់រំរបស់USAIDបានមានប្រសាសន៍ដែរថា ទោះបីជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺរបេងមានការធ្លាក់ចុះប្រមាណជា៣៦ភាគរយក៏ដោយ ក៏ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលរោគរបេងនៅក្នុងពន្ធនាគារនៅមានការយឺតយាវនៅឡើយ ដែលជាហេតុបណ្តាឲ្យអត្រាអ្នកកើត ជំងឺរបេង នៅក្នុងពន្ធនាគារ នៅតែមានកម្រិតខ្ពស់នៅឡើយ។ អង្គការសុខភាពពិភពលោកបានចាត់កម្ពុជាចូលក្នុងបញ្ជីប្រទេសចំនួន២២ ដែលមានអ្នកផ្ទុកជំងឺរបេងធ្ងន់ធ្ងរនៅក្នុងសកលលោក។ អ្នកជំងឺរបេងនៃប្រទេសទាំង២២នេះ មានចំនួនស្មើរនឹង៨០ភាគរយ នៃចំនួនករណីរបេងសរុបក្នុងពិភពលោកប្រមាណជា៨.៨ លានក្នុងឆ្នាំ២០០៧៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាអាចនឹងអន្តរាយដោយសារការផ្តល់សម្បទានដីដោយគ្មានតម្លាភាព Posted: 26 Mar 2012 07:40 PM PDT របាយការណ៍ចុងក្រោយមួយរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងតែផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនជាច្រើន ដែលមិនមានតម្លាភាព និងអាចជាការបំផ្លាញផលប្រយោជន៍ក្នុងប្រទេសនាពេលអនាគតទៀតផង។ ក៏ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាល បានច្រានចោលទិន្នន័យក្នុងរបាយការណ៍នោះ។ របាយការណ៍ស្ដីពីសិទ្ធិដីធ្លី និងលំនៅដ្ឋានដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១១ ដីសម្បទានសេដ្ឋកិច្ចបានកើនរហូតដល់ចំនួនជិត២,៣លាន ហិកតា ដែលត្រូវបានរដ្ឋាភិបាលសម្រេចប្រគល់ឲ្យក្រុមហ៊ុនឯកជនចំនួន២២៥ សម្រាប់ធ្វើការវិនិយោគ ក្នុងវិស័យកសិឧស្សហកម្ម ជាពិសេសដំណាំកៅស៊ូ និងការរុករកធនធានរ៉ែ។ ក៏ប៉ុន្តែ ដីសម្បទានពិតប្រាកដអាចនឹងមានចំនួនច្រើនជាងនេះ។ នេះបើតាមការប៉ាន់ប្រមាណក្នុងរបាយការណ៍។ របាយការណ៍ដែលនិយាយលាយឡំជាមួយនឹងការបណ្ដេញចេញដោយបង្ខំ និងការបែងចែកដីសម្បទានសង្គមកិច្ចដល់កងទព័ និងជនពិការដែលមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលបានលាតត្រដាងពីភាពមិនប្រក្រតីជាច្រើនក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមឈ្មួញ មានជាអាទិ៍អនុក្រិតចំនួន៥៥ក្នុងចំណោមអនុក្រិតសរុបចំនួន១២៣ ដែលសម្រេចផ្ដល់សម្បទានដីនោះពុំមានក្រុមហ៊ុនច្បាស់លាស់។ ការផ្ដល់ដីសម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្មនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ដី ក្នុងតំបន់ការពារជម្រកសត្វព្រៃ និងឧទ្យានជាតិ និងធ្វើឡើងដោយមិនមានការអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងពុំមានការដោះស្រាយឲ្យប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយគម្រោងវិនិយោគ។ ព័ត៌មានពីការវិនិយោគលើដីសម្បទាននោះមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ពាក់ព័ន្ធទេ និងមិនមានរបាយការណ៍ជាសាធារណៈអំពីរឿងនេះនោះឡើយ។ អង្គការអាដហុកបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា របាយការណ៍របស់ក្រសួងកសិកម្ម តែមួយប៉ុណ្ណោះបានបង្ហាញថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានកើនពីជាង ២០០.០០០ ហិកតា នៅឆ្នាំ២០០៨ ដល់ជាង ៧៥០.០០០ ហិកតា នៅឆ្នាំ២០១១ ដែលក្នុងនោះការផ្ដល់ដីសម្បទានមាននៅក្នុងខេត្តចំនួនពី១៧ ទៅ១៨ ភាគច្រើន ក្នុងខេត្តភាគខាងជើង និងភាគឥ្ឍសានប្រទេស ដូចជាកំពង់ឆ្នាំង កំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែងជាដើម។ «ផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនដល់ក្រុមហ៊ុនឯកជននេះ យើងជឿថា គួរពិនិត្យសើរើឡើងវិញដែរ ពីព្រោះគំរូរបៀបហ្នឹងធ្វើឲ្យតែក្រុមហ៊ុនទេ ដែលចំណេញ។ ប៉ុន្តែប្រជាពលរដ្ឋត្រូវបានខាតបង់ច្រើនដែរ។ យើងចង់ឲ្យថារដ្ឋាភិបាលយើងពិនិត្យមើលគំរូ ដែលប្រទេសដ៏ទៃទៀតធ្វើ ដូចជាការទុកដីឲ្យប្រជាពលរដ្ឋធ្វើទៅ។ ហើយឲ្យក្រុមហ៊ុនមកបណ្តាក់ទុន នាំពូជមកល្អៗ មកបណ្តុះបណ្តាលប្រជាពលរដ្ឋយើង ឲ្យប្រជាពលរដ្ឋយើងអ្នកដាំ ក្រុមហ៊ុនចាំតែទិញផលទៅ ហើយច្នៃប្រឌិតចេញលក់ទៅ។ ធ្វើបែបនេះ យើងចំណេញទាំងអស់គ្នា»។ តែលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានច្រានចោលតួលេខដែលបានរកឃើញដោយអង្គការអាដហុកដែលថា ដីសម្បទានសេដ្ឋកិច្ចបានកើនដល់ជាងពីរលានហិកតានោះ។ លោកអះអាងថា តួលេខផ្លូវការមានចំនួនតិចជាងនេះ ប៉ុន្ដែលោកមិនមានភាពជាក់លាក់ក្នុងតួលេខនេះទេ។ លោក ផៃ ស៊ីផាន ពន្យល់ថា ដីសម្បទានសេដ្ឋកិច្ច គឺជាគោលនយោបាយវែងឆ្ងាយរបស់រដ្ឋាភិបាល។ «គោលនយោបាយរបស់យើង គឺយើងចង់ធ្វើការអភិវឌ្ឍ ធ្វើពីកសិកម្មគ្រួសារ ឲ្យទៅជាកសិឧស្សាហកម្ម។ នៅក្នុងទម្រង់ឧស្សាហកម្ម ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺយើងរំពឹងទុកនៅក្នុង១០ឆ្នាំក្រោយហ្នឹងគឺយើងបានចំណូលពីកសិកឧស្សាហកម្មច្រើន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ នៃមហាជនរបស់យើង»។ ក៏ប៉ុន្ដែរបាយការណ៍របស់អង្គការអាដហុកលើកឡើងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើនជ្រុលអាចជាកំហុសដ៏ធំសម្រាប់កាត់បន្ថយភាពក្រីក្រ និងសម្រាប់ធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅវិញ។ របាយការណ៍បានលើកហេតុផលថា ចំនួនប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលពី ២៥ ទៅ ៣០ ឆ្នាំ ខាងមុខទៀត អាចនឹងមានកំណើនទ្វេដង គឺមានន័យថា ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនពី១៥លាននាក់ ទៅ៣០ លាននាក់ក្នុងបីទសវត្សរ៍ទៀតដូច្នេះដីបម្រុងសម្រាប់ការរស់នៅ និងការធ្វើកសិកម្មរបស់ប្រជាពលដ្ឋអាចនឹងប្រឈមនឹងបញ្ហាប្រសិន បើរដ្ឋាភិបាលនៅតែបន្ដផ្តល់ដីសម្បទានរយៈពេលពី ៧០ទៅ៩៩ ឆ្នាំ ដល់ក្រុមហ៊ុនឯកជនដូចក្នុងពេលនេះទៀត។ ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រសួងដែនដីនគររូបនីយកម្ម មានផែនការរួចហើយក្នុងការរក្សាផ្ទៃដីសម្រាប់កំណើនប្រជាពលរដ្ឋនោះ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម រង្ស៊ី យល់ស្របនឹងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនោះ។ តំណាងរាស្ដ្រប្រចាំមណ្ឌលក្រុងភ្នំពេញរូបនេះចាត់ទុកថា របាយការណ៍នោះ ជាជួងមួយជួយរំលឹកដល់រដ្ឋាភិបាលដោយសារតែលោកបានសង្កេតឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានប៉ះពាល់ដល់ ប្រជាពលរដ្ឋ ប៉ះពាល់ដល់ជនជាតិដើមភាគតិច ការកិបកេងចំណូលរដ្ឋ និងការកាប់បំផ្លាញព្រៃឈើ។ «យើងសង្កេតឃើញថា មានការប្រើប្រាស់របៀបជាដីព្រៃសម្បទានទៅកាប់បំផ្លាញព្រៃឈើស្របច្បាប់ឲ្យបាត់បង់ការបង់ពន្ធលើឈើ ហើយមានការលក់ដូរបន្តគ្នា។ ដូចករណីដែលខ្ញុំសួរទៅរដ្ឋាភិបាលពីរឿងសម្បទានមួយនៅខេត្តស្ទឹងត្រែង លក់បន្តទៅឲ្យក្រុមហ៊ុនមួយទៀតជាង ១០០លានដុល្លារ ហើយឥតមានចូលថវិកាជាតិអី។ មួយវិញទៀត យើងឃើញក្រុមហ៊ុនជាច្រើនឥតគោរពកិច្ចសន្យាទៅដាំអីទេ ទិញកាប់ឈើអស់ទុកចោល»។ លោក សុន ឆ័យ សង្កេតឃើញថា ការផ្ដល់ដីសម្បទាននេះពុំមានការដេញថ្លៃនោះទេ។ លោក ផៃ ស៊ីផាន ទទួលស្គាល់ថា មានផលអវិជ្ជាមានមួយចំនួនកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននេះ តាមរយៈការស្ដែងចេញនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ ក៏ប៉ុន្ដែ លោកបាននិយាយការពារថា ក្រុមប្រជាពលរដ្ឋបានទទួលផលចំណេញច្រើនជាងផលប៉ះពាល់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |