VOA News: ព័ត៌មាន: “តាមរបាយការណ៍ កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចម៉ីស៊ីលរយៈចម្ងាយខ្លី” plus 3 more |
- តាមរបាយការណ៍ កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចម៉ីស៊ីលរយៈចម្ងាយខ្លី
- លោកហ៊ូ ជិនតាវមកទស្សនកិច្ចផ្លូវការនៅកម្ពុជា
- រំឭកខួបនៃការរញ្ជួយដី៖ តំបន់ជួរភ្នំអ័ល្បរបស់ជប៉ុនចង់ឲ្យទេសចរបរទេសវិលត្រឡប់មកវិញ
- ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រីកខាងត្បូង រួមគ្នាបង្កើតធនាគារ
តាមរបាយការណ៍ កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចម៉ីស៊ីលរយៈចម្ងាយខ្លី Posted: 30 Mar 2012 10:37 AM PDT កាសែត២របស់កូរ៉េខាងត្បូង ប្រាប់ឲ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រខាងលិច។ កាសែត ចូសុន អ៊ីលបូ (Chosun Ilbo) ប្រាប់ឲ្យដឹងថាកាំជ្រួចម៉ីស៊ីល២គ្រាប់បានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ចេញពីលើដីទៅកប៉ាល់ដឹកម៉ីស៊ីល។ កាសែតនោះប្រាប់ឲ្យដឹងទៀតថាខ្លួនបានដឹងមកពីមន្រ្តីយោធាម្នាក់ដែលមិនប្រាប់ឲ្យដឹងឈ្មោះថាការបាញ់បង្ហោះនោះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពកាំជ្រួចម៉ីស៊ីលហើយមិនទាក់ទិននឹងការបាញ់បង្ហោះកាំជ្រួចរ៉ុកកែតដែលគ្រោងធ្វើនៅខែក្រោយទេ។ កាសែត ជូង អាង អ៊ីលបូ (JoongAng Ilbo) បានធ្វើសេចក្តីរាយការណ៍ស្រដៀងគ្នា។ កូរ៉េខាងជើង ប្រាប់ឲ្យដឹងថាខ្លួននឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតរយៈចម្ងាយវែងពីឆ្នេរសមុទ្ររបស់ខ្លួននៅពាក់កណ្តាលខែមេសាដែលមានគោលបំណងដាក់ផ្កាយរណបពិនិត្យមើលអាកាសធាតុចូលក្នុងគន្លងផែនដីដើម្បីប្រារព្ធខួបលើកទី១០០នៃថ្ងៃកំណើតរបស់លោក គីម អ៊ីល ស៊ុង (Kim Il Sung) មេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->ស.រ.អា៖ លោក មីត រូមនី (Mitt Momney) បេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋបានទទួលការគាំទ្រដ៏សំខាន់ទី២នៅក្នុងរយៈពេលជាច្រើនថ្ងៃនេះ នៅពេលនេះលោកបានទទួលការគាំទ្រពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush៕ ស៊ីរី៖ លោក កូហ្វី អាណាន់ (Kofi Annan) បេសកជនរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ និយាយថារដ្ឋាភិបាលស៊ីរី ត្រូវតែអនុវត្តបទឈប់បាញ់គ្នាជាបន្ទាន់ហើយនឹងបញ្ឈប់ការវាយប្រហារលើពួកប្រឆាំង នៅពេលដែលការប្រយុទ្ធគ្នានៅពេលថ្មីៗនេះបានផ្ទុះឡើងនៅពាសពេញប្រទេសនៅថ្ងៃសុក្រនេះ។ ភូមា៖ លោកស្រី អង់ សាន ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំប្រជាធិបតេយ្យភូមា មានប្រសាសន៍ថាការបោះឆ្នោតសភានៅពេលខាងមុខមានការសៅហ្មងដែលបណ្តាលមកពីការរាលដាលនៃភាពមិនប្រក្រតី។ បារាំង៖ ប្រធានាធិបតីបារាំង លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy) មានប្រសាសន៍ថាប៉ូលីស បានឃុំខ្លួនមនុស្ស១៩នាក់នៅក្នុងការបង្ក្រាបលើពួកជនសង្ស័យជ្រុលនិយមអ៊ីស្លាមនៅពាសពេញប្រទេស។ ម៉ាលី៖ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋក្នុងតំបន់អាហ្វ្រិកខាងលិចបានផ្តល់រយៈពេល៣ថ្ងៃដល់មេដឹកនាំក្រុមប្រឹក្សាយោធានៃប្រទេសម៉ាលី ដើម្បីធ្វើឲ្យមានសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឡើងវិញ បើពុំដូច្នេះទេ នឹងប្រឈមមុខការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនិងហាមឃាត់ការធ្វើដំណើរ។ ចិន៖ សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) បានត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ហើយបានស្ថិតនៅក្រោយការវាយប្រហារពីពួកមន្រ្តីចិននៅពេលដែលគេដឹងថាព្រះអង្គជាជ័យលាភីនៃរង្វាន់ដែលមានទឹកប្រាក់១លាន៧សែនដុល្លារ។ រុស្ស៊ី/ស.រ.អា៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ី បានមានប្រសាសន៍ថា e-mail និងទូរស័ព្ទរបស់លោក បានត្រូវគេលួចមើលនិងស្តាប់នៅពេលដែលអ្នកកាសែតមកទីកន្លែងដែលលោកកំពុងធ្វើការប្រជុំ។ បាគីស្ថាន៖ មន្រ្តីស៊ើបការណ៍សម្ងាត់បាគីស្ថាន និយាយថាការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានសម្លាប់ពួកជនសកម្មប្រយុទ្ធយ៉ាងហោចណាស់ក៏៣នាក់ហើយនឹងធ្វើឲ្យ២នាក់ទៀតរងរបួសនៅក្នុងតំបន់ពាយ័ព្យនៃប្រទេសបាគីស្ថាន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
លោកហ៊ូ ជិនតាវមកទស្សនកិច្ចផ្លូវការនៅកម្ពុជា Posted: 30 Mar 2012 08:12 AM PDT លោក ហ៊ូ ជិនតាវប្រធានាធិបតីប្រទេសចិនទើបតែបានមកដល់ប្រទេសកម្ពុជានៅប៉ុន្មានម៉ោងមុននេះដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃដែលមន្ដ្រីរដ្ឋាភិបាលអះអាងថាគឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក៏ប៉ុន្ដែមន្ដ្រីគណបក្សជំទាស់ និងអ្នកវិភាគនយោបាយកម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើឥទ្ធិពលរបស់ប្រទេសចិនមកលើប្រទេសកម្ពុជាខណៈពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីព្រឹកម៉ិញក្រោយពីជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសនិងលោកស្រី ហ៊្វូ យីង អនុរដ្ឋមន្ដ្រីការបរទេសចិនថាប្រមុខដឹកនាំការទូតនៃប្រទេសទាំងពីរចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននេះថាគឺជាគ្រឹះនៃទំនាក់ទំនងទ្វេភាគី។ «ភាគីទាំងពីរបានសម្តែងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន មកកម្ពុជាចាប់ពីថ្ងៃនេះទៅហ្នឹង។ ហើយដែលទស្សនកិច្ចនេះនឹងធ្វើឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំបន្ថែមទៀត»។ <!--AV--> លោក ហ៊ូ ជិនតាវ នឹងត្រូវបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា គឺមួយថ្ងៃមុននឹងកិច្ចប្រជុំកំពូលអាស៊ានបើកជាផ្លូវការក្នុងទីក្រុងភ្នំពេញ។ យោងតាមកម្មវិធីប្រធានាធិបតីចិននឹងត្រូវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា កិច្ចព្រមព្រៀងចំនួនដប់ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។ ក៏ប៉ុន្ដែលោកមិនអាចបញ្ជាក់អំពីសណ្ឋាននៃកិច្ចព្រមព្រៀងទាំងនោះទេ។ ទំហំវិនិយោគរបស់ប្រទេសចិន កាលពីឆ្នាំ ២០១១ បានកើនដល់ជាង ១.១០០ លានដុល្លារអាមេរិក។ ក៏ប៉ុន្ដែកម្ពុជា មិនមានតុល្យភាពនៃបណ្ដូរពាណិជ្ជកម្មជាមួយប្រទេសចិនទេ។ កាលពីឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជានាំចូលផលិតផលនានាពីប្រទេសចិនសរុបជាទឹកប្រាក់ជាង ២.៣០០ លានដុល្លារ។ រីឯការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនវិញ មានទំហំត្រឹមតែ ១៨៤ លានដុល្លារ តែប៉ុណ្ណោះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក កុយ គួង។ លោក ហ៊ូ ជិនតាវ គឺជាគឺប្រមុខរដ្ឋទីមួយរបស់ប្រទេសចិន ដែលបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ។ ជាទស្សនកិច្ចដែលនាំឲ្យមានការផ្តោតខ្សែភ្នែកយ៉ាងខ្លាំងពីក្រុមអ្នកឃ្លាំមើលនយោបាយអន្ដរជាតិ ដោយសារតែដំណើរទស្សនកិច្ចនេះ ធ្លាក់មកចំពេលដែលកម្ពុជា កំពុងក្នុងការរៀបចំ យ៉ាងមមាញឹកនូវកិច្ចប្រជុំកំពូលអាស៊ាន។ ប្រទេសកម្ពុជា បានប្រកាសទុកជាមុនថា នឹងមានការជជែកពិក្សាលើបញ្ហាជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ។ ក៏ប៉ុន្ដែក្រោយមកគម្រោងការនេះត្រូវបានលុបចោលវិញគឺនៅមុនពេល ដែលលោក ហ៊ូ ជិនតាវ ចាប់ផ្តើមទស្សនកិច្ចរបស់ខ្លួន។ ជម្លោះនេះមានជាប់ពាក់ព័ន្ធជាមួយប្រទេសវៀតណាម និង ប្រទេសហ្វីលីពីន ដែលសុទ្ធសឹងជាសមាជិកអាស៊ាន។ អាស៊ាន ដែលមានសមាជិកសរុបចំនួន ១០ប្រទេស។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានភ្ជាប់បរិបទនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំដោយប្រទេសកម្ពុជា។ «បញ្ជាក់បន្ថែមទៀតផង នូវជំហររបស់ចិន ដូចជារឿងអាស៊ាន និងការដោះស្រាយជម្លោះនៅសមុទ្រចិន ខាងត្បូង ជាអាទិ៍។ យើងហ្នឹង ដែលជាប្រធានអាស៊ានហ្នឹង នៅស្ថិតក្រោយឥទ្ធិពលចិន។ ត្រង់ហ្នឹងមួយ វាអវិជ្ជមានចំពោះអាស៊ានទាំងមូល»។ ស្របគ្នានឹងដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៤០ នាក់ តំណាងឲ្យអ្នកភូមិចំនួន១.៤០០គ្រួសារ មកពីស្រុកគីរីសាគរ និង ស្រុកបុទុមសាគរ នៃខេត្តកោះកុង ដែលអះអាងថា បានទទួលរងគ្រោះ ដោយសំណង មិនសមរម្យកើតចេញពីផលប៉ះពាល់ របស់ក្រុមហ៊ុនវិនិយោគចិនមួយឈ្មោះ Union Development Group. Co.Ltd. បានឡើងមកទីក្រុងភ្នំពេញ ក្នុងគោលបំណងដាក់ញ្ញតិមួយទៅកាន់លោក ហ៊ូ ជិនតាវ តាមរយៈស្ថានទូតចិនក្នុងក្រុងភ្នំពេញ។ ក្រុមប្រជាជនចង់ឲ្យលោកប្រធានាធិបតី ចិនជួយអន្ដរាគមក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។ ក៏ប៉ុន្ដែក្រុមអាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពួកគាត់ទៅកាន់ខេត្តកោះកុងវិញ នៅរសៀលនេះ។ នេះបើយោងតាមលោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សអាដហុក។ ក្រុមហ៊ុនUnion Development Group. Co. Ltd. ទទួលសិទ្ធិពីរដ្ឋាភិបាលខ្មែរសម្រាប់អភិវឌ្ឈន៍អេកូទេសចរណ៍នៅក្នុងស្រុកទាំងពីរខាងលើ។ លោក យឹម សុវណ្ណ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សជំទាស់ សម រង្ស៊ី បានសម្ដែងការស្វាគមន៍ដល់ដំណើរទស្សកិច្ចនេះដោយគិតថា វាជាផ្នែកមួយនៃការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក៏ប៉ុន្ដែតំណាងរាស្ដ្រគណបក្សជំទាស់បានស្នើឲ្យប្រធានាធិបតីចិនជួយជំរុញការពិនិត្យឡើងវិញនូវផលប៉ះពាល់ពីគម្រោងវិនិយោគនានា ពីប្រទេសចិន។ «គណបក្សជំទាស់ស្នើសុំឲ្យលោក ហ៊ូ ជិនតាវ ពិនិត្យមើលទៅលើគម្រោងវិនិយោគរបស់ចិនទាំងឡាយណា ដែលប៉ះពាល់ទៅដល់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបាននូវផលប្រយោជន៍ទាំងអស់គ្នា។ ទី២ គម្រោងវិនិយោគទាំងឡាយណាក៏ដោយ ត្រូវតែការពារបរិស្ថាន ការពារព្រៃឈើជិវិតសត្វក៏ដូចជាជីវភាពប្រជាពលរដ្ឋផងដែរ។ ពីព្រោះមានគម្រោងវិនិយោគទុនមួយចំនួនក៏កំពុងតែបំផ្លាញព្រៃឈើប្រទេសកម្ពុជាផងដែរ»។ This posting includes an audio/video/photo media file: Download Now |
រំឭកខួបនៃការរញ្ជួយដី៖ តំបន់ជួរភ្នំអ័ល្បរបស់ជប៉ុនចង់ឲ្យទេសចរបរទេសវិលត្រឡប់មកវិញ Posted: 30 Mar 2012 02:06 AM PDT រយៈពេលមួយឆ្នាំបន្ទាប់ពីការរញ្ជួយដីក្នុងឆ្នាំ២០១១ ប្រទេសជប៉ុន កំពុងតែស្តារឡើងវិញយ៉ាងយឺតៗ។ តែទោះយ៉ាងណា វិស័យទេសចរណ៍ក្នុងស្រុក ត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលប្រជាពលរដ្ឋជប៉ុនជាច្រើន ដែលសោកសង្រេងដោយសារតែវិប្បដិសារចិត្តរបស់អ្នករស់រានមានជីវិត ជ្រើសរើសយកការស្ថិតនៅក្នុងផ្ទះ ហើយទេសចរបរទេសបន្តគេចចេញពីប្រទេសនេះ ដោយសារតែភ័យខ្លាចធាតុវិទ្យុសកម្ម។ ចំនួនទេសចរមកកំសាន្តនៅលើជម្រាលសម្រាប់ជិះស្គី នៃជួរភ្នំអ័ល្បជប៉ុន (Japanese Alps) នៅរដូវរងារនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីឆ្នាំ២០១០ ទេសចរបរទេសចំនួន៣សែននាក់ បានទៅទស្សនាសង្កាត់ទាំងឡាយរបស់ទីក្រុងណាខាណូ ដែលជាទីតាំងមានព្រឹត្តការណ៍កីឡាជាច្រើន នៅក្នុងពហុកីឡាដ្ឋានអូឡាំពិករដូវរងារ កាលពីឆ្នាំ១៩៩៨។ លោក នីស៊ីមឺរ៉ា ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ជំនួយការនាយកអង្គភាពទេសចរណ៍អន្តរជាតិនៅទីក្រុងណាហ្គាណូ មានប្រសាសន៍ថា ចាប់តាំងពីការរញ្ជួយដី រលកយក្សស៊ូណាមី និងការភ័យខ្លាចចំពោះបញ្ហានុយក្លេអ៊ែរ កាលពីឆ្នាំមុន មានការធ្លាក់ចុះចំនួន៨០ភាគរយ ក្នុងវិស័យទេសចរណ៍។ <!--IMAGE-RIGHT--> «វិស័យទេសចរណ៍បានធ្លាក់ចុះ នៅទូទាំងប្រទេស។ ទេសចរបរទេសឈប់មកធ្វើដំណើរកំសាន្ត ដែលមិនមែនដោយសារតែការរញ្ជួយដីនោះទេ តែដោយសារតែធាតុវិទ្យុសកម្មក្នុងរោងចក្រ ហ៊្វូគូស៊ីម៉ា (Fukushima)។ សម្រាប់ប្រជាពលរដ្ឋនៅបរទេស វាហាក់ដូចជាទីក្រុង ណាខាណូ (Nagano) ស្ថិតនៅមិនឆ្ងាយពីហ៊្វូគូស៊ីម៉ាឡើយ ដូច្នេះ វាប៉ះពាល់យើងច្រើនកាន់តែខ្លាំង។» លោក ថូមីជីរ៉ូ សាតូ (Tomijiro Sato) ជាប្រធានរបស់វីឡាអ៊ីជីណូសឺ (Villa Ichinose) ដែលជាសណ្ឋាគារគ្រប់គ្រងជាលក្ខណៈគ្រួសារ ដែលស្ថិតនៅក្បែរផ្លូវជិះស្គីអូឡាំពិករបស់ទីក្រុងណាខាណូ។ លោកសាតូ វ័យ៧០ឆ្នាំ បានបើកសណ្ឋាគារនេះជាមួយឪពុករបស់លោក ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៦៤។ ភូមិរបស់លោក និងភូមិផ្សេងទៀតនៅក្បែរនោះ ត្រូវបានញ័ររញ្ឋួយដោយសាររលករញ្ជួយដីកម្លាំង៦រីកទ័រ បន្ទាប់ពីការរញ្ជួយដីដំបូង កាលពីឆ្នាំមុន។ ដោយសេដ្ឋកិច្ចរបស់ទីក្រុងណាខាណូប្រហែល២០ភាគរយ ពឹងផ្អែកលើវិស័យទេសចរណ៍ សណ្ឋារគារយ៉ាងតិច ចំនួន១៥ ត្រូវបិទទ្វារ។ លោក សាតូ បានថ្លែងថា លោកមិនដែលជួបពេលវេលាដ៏លំបាកបែបនេះទេ សូម្បីតែក្រោយពីការរញ្ជួយដីនៅទីក្រុងកូបេ (Kobe) ក្នុងឆ្នាំ១៩៩៥ ដែលមនុស្សចំនួន ៦ពាន់ ៥០០នាក់ បានស្លាប់។ <!--IMAGE-LEFT--> «យើងមានសណ្ឋាគារនិងបុគ្គលិកល្អៗ។ យើងអាចដំណើរការបានដោយសារការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ។ យើងអត់មានភ្ញៀវទេ ក្រោយពីការរញ្ជួយដី ហើយសណ្ឋាគារខ្លះបានបិទទ្វា។ ប៉ុន្តែ រដ្ឋាភិបាល បានផ្តល់ប្រាក់កម្ចី ដែលមានប្រយោជន៍យ៉ាងខ្លាំង។» ក្រៅពីការឲ្យខ្ចីប្រាក់ រដ្ឋាភិបាល បានផ្តល់ថវិការប្រហែល១៥លានដុល្លារ ដើម្បីលុបបំបាត់ការព្រួយបារម្ភក្នុងចំណោមទេសចរបរទេសទាំងឡាយ ស្តីពីគ្រោះថ្នាក់ប្រកបដោយសក្តានុពល ក្នុងការមកកំសាន្តនៅជប៉ុន។ មានការមូលមតិគ្នាថា ការគំាទ្រលើវិស័យទេសចរណ៍ អាចជួយជំរុញឲ្យមានការស្តារសេដ្ឋកិច្ចរបស់ជប៉ុនឡើងវិញ។ លោក នីស៊ីមូរ៉ូ ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ថ្លែងថា៖ «ការទទួលបានអ្នកទស្សនាកាន់តែច្រើន អាចជួយយើង ជួយតំបន់រងគ្រោះ និងកសាងប្រទេសកាន់តែច្រើនដែរ។» <!--IMAGE-LEFT--> តែទោះយ៉ាងណា ដោយសារមានអស្ថិរភាពកាលពីពេលថ្មីៗនេះនៅក្នុងទីផ្សាសេដ្ឋកិច្ចសកលលោក ប្រាក់យេន(Yen)របស់ជប៉ុន បានក្លាយជាទីកន្លែងសុវត្ថិភាព។ ការឡើងថ្លៃប្រាក់យេនមានន័យថា ការមកកំសាន្តនៅជប៉ុន កាន់តែមានតម្លៃថ្លៃខ្លាំងដែរ សម្រាប់ទេសចរបរទេស ដែលប្តូរប្រាក់សម្រាប់ចាយវាយ ពីរូបិយបណ្ណដទៃ។ ហាក់ដូចជាមិនសូវប្រាកដប្រជាស្តីពីថាតើត្រូវផ្តល់អាទិភាពដ៏ប្រសើរបំផុតដល់វិស័យទេសចរណ៍ នៅក្នុងបរិបទកសាងប្រទេសឡើងវិញយ៉ាងដូចម្តេច។ កាលពីពេលថ្មីៗនេះ រដ្ឋសភាជប៉ុន បានបដិសេធមិនព្រមអនុម័តថវិការសម្រាប់គម្រោងចំណាយទឹកប្រាក់ចំនួន១៤លានដុល្លា ដើម្បីផ្តល់សំបុត្រយន្តហោះដោយឥតគិតថ្លៃចំនួន១ម៉ឺនសន្លឹកទៅឲ្យទេសចរ។ ការព្រួយបារម្ភ ត្រូវបានលើកឡើងទាក់ទងនឹងតម្លៃ និងឧទាហរណ៍ផ្នែកសីលធម៌ ដែលការផ្តល់ជូនបែបនេះ នឹងត្រូវបានធ្វើឡើង ដោយសារតែមានភាពខ្ទេចខ្ទាំនៅគ្រប់ទីកន្លែង។ វាមិនគ្រាន់តែតួលេខទេសចរបរទេសដែលបានធ្លាក់ចុះនោះទេ។ យោងតាម លោក នីស៊ីមឺរ៉ា ដំណើរកំសាន្តក្នុងស្រុក និងការធ្វើដំណើរដើម្បីធ្វើជំនួញ នៅទីក្រុងណាខាណូ បានធ្លាក់ចុះចំនួន៦០ភាគរយដែរ។ «ជនជាតិជប៉ុន បានចាប់ផ្តើមមានន្និនាការមិនធ្វើឲ្យខ្លួនឯងសប្បាយរីករាយ បន្ទាប់ពីការរញ្ជួយដី ដោយសារតែមនុស្សជាច្រើនបានស្លាប់ និងឈឺចាប់។ តាមការយល់ ពួកគេឈប់ធ្វើដំណើរកំសាន្ត និងសប្បាយរីករាយ។» បណ្ឌិត វីលាម ហេលតុន (William Helton) សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យ ខានតឺប៊ឺរី នៅប្រទេស នូវេ ហ្សេឡង់ (New Zealand) បានសង្កេតឃើញថា ជម្ងឺបាក់ស្បាត និងវិប្បដិសារចិត្តរបស់អ្នករស់រានមានជិវិត មិនមែនជារឿងចំឡែកនោះទេ បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិ។ <!--IMAGE-RIGHT--> «យើងមិនចូលចិត្តការផ្លាស់ប្តូរទាំងស្រុង ប៉ុន្តែគ្មានផ្លូវដើម្បីចៀសវាងនោះទេ។ ហើយ នេះជាការផ្លាស់ប្តូរទាំងស្រុង។ វាជំរុញឲ្យយើងគិតឡើងវិញថាតើអ្វីៗនឹងប្រព្រឹត្តទៅជាយ៉ាងដូចម្តេច។ វាច្បាស់ណាស់ថា តាមការសង្កេតមើលគឺថា យើងអាចប្រទះឃើញបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។» លោក ហេលតុន បានសិក្សាពីផលប៉ះពាល់នៃការរញ្ជួយនៅវិហារសាសនាគ្រិស្តក្នុងឆ្នាំ២០១១ ទៅលើប្រជាពលរដ្ឋនូវេហ្សេឡង់។ លោក បានទូន្មានថា ខណៈដែលពេលវេលា អាចជាឪសថដ៏អស្ចារ្យ ការជាសះស្បើយពីជម្ងឺបាក់ស្បាតនៅក្នុងតំបន់ ដែលរងគ្រោះដោយសារការរញ្ជួយដី អាចជួបបញ្ហា។ «ពួកគេនិយាយថា ជម្ងឺបាក់ស្បាត។ ពួកយើងនៅទទួលរងរលករញ្ជួយដី នៅឯវិហារសាសនាគ្រឹស្ត។ វាពិតជាមិន«ក្រោយការរញ្ជួយដី»ទេ។ ប្រជាពលរដ្ឋដែលរស់នៅក្រៅតំបន់រញ្ជួយដី មិនអាចយល់ទេថា ការរញ្ជួយដី មិនមែនជាព្រឹត្តិការណ៍កើតឡើងតែម្តងគត់នោះឡើយ។» ប្រទេសជប៉ុន បានទទួលរងទុក្ខយ៉ាងខ្លាំង ដោយសារគ្រោះមហន្តរាយ កាលពីខែមីនាឆ្នាំ២០១១។ ពលរដ្ឋរបស់ខ្លួន បន្តកាន់ទុក្ខជនរងគ្រោះរាប់ពាន់នាក់ ហើយតំបន់សេដ្ឋកិច្ចជាច្រើនកំពុងត្រដាបត្រដួស ខណៈដែលគម្រោងស្តារឡើងវិញក្នុងទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារត្រូវបានដាក់ចុះ៕ ប្រែសម្រួលដោយ សៀក អេង This posting includes an audio/video/photo media file: Download Now |
ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រីកខាងត្បូង រួមគ្នាបង្កើតធនាគារ Posted: 29 Mar 2012 08:48 PM PDT មេដឹកនាំពីប្លុកប្រទេសប្រាំដែលមានសេដ្ឋកិច្ចលូតលាស់ដ៏ធំបំផុតក្នុងពិភពលោក ហៅកាត់ថា BRICS កំពុងធ្វើចលនាឆ្ពោះទៅរកការបង្កើតធនាគារអភិវឌ្ឍន៍រួមគ្នាមួយ។ ប្លុកប្រទេសប្រាំនេះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បានបញ្ចប់សន្និសីទកំពូលរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅក្រុង ញូដេលី ដោយបានអំពាវនាវឲ្យមានរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយដែលតំណាងប្រទេសរបស់ខ្លួនជាងមុន។ នាយកសេដ្ឋវិទូ រ៉ាជីវ បីសវ៉ាស នៃនៃវិទ្យាស្ថានទស្សនៈពិភពលោក (IHS Global Insight) នៅ សិង្ហបូរី បានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បត៍ថា ធនាគារបែបនេះមួយអាចជួយទប់ទល់និងផលប៉ះពាល់ពីវិបត្តិប្រាក់បំណុលនៅក្នុងទ្វីបអឺរ៉ុបបានខ្លះ ហើយអាចស្វែងរកថវិកាឲ្យបានគ្រប់គ្រាន់សម្រាប់ផ្តល់ដល់ការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ <!--IMAGE-LEFT--> ថៃ៖ ទីភ្នាក់ងារទេសចរណ៍មួយដែលមានឈ្មោះថា រេឌីទួរ ៩៩៩ (Redtour 999) បានផ្សាយពី ការរៀបចំដំណើរទេសចរណ៍ឱ្យក្រុមអាវក្រហមទៅប្រទេសកម្ពុជាចំនួនបីថ្ងៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីជួបជាមួយនឹងលោក ថាក់ស៊ីនស្ហ៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងភៀសខ្លួនគេចពីការចាប់ដាក់ពន្ធនាគារ នៅថ្ងៃទី១៤ខែមេសាក្នុងខេត្តសៀមរាប។ ជប៉ុន៖ ទីភ្នាក់ងារ ជីជី (Jiji) របស់ជប៉ុនរាយការណ៍ថារដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់កម្ចីប្រហែលជា ៨៦.៥លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងស្តារប្រព័ន្ធបង្ហូរទឹកសម្អុយ នៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។ វៀតណាម៖ ទីភ្នាក់ងារ VNA របស់វៀតណាម បានរាយការណ៍ថា ប្រទេសកម្ពុជានិងវៀតណាមបានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់គ្នាមួយដើម្បីផ្តោះប្តូរព័ត៌មានទាក់ទងនឹងការលប់លាងលុយកខ្វក់និងការផ្តល់មូលនិធិរបស់ក្រុមភេរវករ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតខាងផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ប្តូរបទពិសោធគ្នា ទាក់ទងនឹងការតាមដាន ទប់ស្កាត់ និងលុបបំបាត់ ការលាងលុយកខ្វក់និងផ្តល់មូលនិធិរបស់ក្រុមភេរវករក្នុងប្រទេសទាំងពីរ។ ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន លោក ថូស៊ីអូ អូហ្គាវ៉ា បានបញ្ជាក់ពីសេចក្តីសម្រេចរបស់តុលាការថា ឃាតករបីនាក់ត្រូវបានគេនាំយកទៅប្រហារជីវិតដោយព្យួរក ក្នុងប្រទេសជប៉ុន – ជាលើកទីមួយដែលទោសប្រហារជីវិតត្រូវបានអនុវត្តក្នុងពេលជិតពីរឆ្នាំកន្លងទៅនេះ ដោយលោកបានច្រានចោលការរិះគន់របស់អង្គការការពារសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ លោក មីត រ៉ូមនី បានទទួលការគាំទ្រដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បត៍ ពីលោកអតីតប្រធានាធិបតី George H.W. Bush និងការគាំទ្រសំខាន់មួយទៀតនៅថ្ងៃពុធ ពីលោក ម៉ាកូ រ៉ូបលីអូ សមាជិកព្រឹទ្ធសភានៃរដ្ឋ ផ្លរីដា។ លោករ៉ូមនី ជាតារាថ្មីម្នាក់ដែលកំពុងឡើងប្រជាប្រិយភាពក្នុងគណបក្សសាធារណរដ្ឋ និងជាអ្នកដែលមនុស្សជាច្រើននាក់ចាត់ទុកលោកថា អាចក្លាយជាបេក្ខជនអនុប្រធានាធិបតីរបស់គណបក្ស។ ស៊ីរី៖ អំពើហិង្សាពាសពេញស៊ីរី បានសម្លាប់មនុស្ស២២នាក់ ភាគច្រើនជាជនស៊ីវិល នៅពេលដែលមេដឹកនាំអារ៉ាប់ នៅក្នុងសន្និសីតកំពូលមួយនៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ បានគាំទ្រផែនការសន្តិភាព ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយវិបត្តិរយៈពេលមួយឆ្នាំរបស់ស៊ីរី។ មានជនស៊ីវិលយ៉ាងតិច១៦នាក់បានសម្លាប់ដោយកងទ័ពលោកបាសាទ អាលអាសាទ នៅក្នុងការវាយលុកក្នុងទីតាំងរបស់ពួកប្រឆាំងនៅស៊ីរី ភាគកណ្តាលនិងខេត្ត អាយឌីលីប នៅភាគខាងជើង កាលថ្ងៃព្រហស្បត៍។ ម៉ាលី៖ គណប្រតិភូមួយរបស់ប្រធានាធិបតីនៃប្រទេសក្នុងទ្វីបអាហ្វ្រីកភាគខាងលិច គឺលោកប្រធានាធិបតី អាឡាសានី អូតារ៉ា (Alassane Outtara) នៃប្រទេស ហ្គូតេ ដឺហ្វរ (Cote d'Ivoire) បានបោះបង់ចោលផែនការដើម្បីទៅជួបជាមួយមេដឹកនាំយោធា Junta នៃប្រទេស ម៉ាលី (Mali) ក្រោយពីមានបាតុកម្មគាំទ្ររដ្ឋប្រហារនៅចំណតយន្តហោះ និងនៅក្នុងរដ្ឋធានី។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យមានការបញ្ចប់ប្រាក់ជំនួយខាងពន្ធដារ សម្រាប់ក្រុមហ៊ុនប្រេង ដោយលោកថ្លែងថា ក្រុមហ៊ុនទាំងនេះបានទទួលប្រាក់ចំណេញដ៏ច្រើនជាឯតទគ្គ នៅពេលដែលជនជាតិអាមេរិកាំងកំពុងមានបញ្ហាត្រដាបត្រដួសនឹងប្រេងសាំងឡើងថ្លៃ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |