VOA News: ព័ត៌មាន: “ភូមាអញ្ជើញស.រ.អា និងសហភាពអឺរ៉ុបឱ្យមកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១ មេសា” plus 4 more |
- ភូមាអញ្ជើញស.រ.អា និងសហភាពអឺរ៉ុបឱ្យមកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១ មេសា
- សភាប៉ាគីស្ថានស្នើឲ្យអាមេរិកសុំទោសការវាយប្រហារតាមអាកាស
- នួន ជាថាឌុចមិនសមមកផ្តល់សក្ខីកម្មទេព្រោះជាឈើពុកស្អុយ
- តុលាការឧក្រិដ្ឋកម្មសង្គ្រាមកម្ពុជាស្ថិតនៅក្រោមការគាបសង្កត់បន្ទាប់ពីចៅក្រមលាចេញពីតំណែង
- ក្រុមគ្រួសារស្រ្តីបម្រើដែលស្លាប់នៅម៉ាឡេស៊ីចង់បានការណ៍ពិត
ភូមាអញ្ជើញស.រ.អា និងសហភាពអឺរ៉ុបឱ្យមកសង្កេតការណ៍សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១ មេសា Posted: 21 Mar 2012 10:33 AM PDT មន្ដ្រីអាមេរិកាំង និងអឺរ៉ុបថ្លែងថា គេបានត្រូវអញ្ជើញឲ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ដើម្បីពិនិត្យមើលការបោះឆ្នោតថ្ងៃទី១ ខែមេសា នៅក្នុងប្រទេសភូមា។ មន្ដ្រីផ្លូវការនៃស្ថានទូត ស.រ.អា ប្រចាំទីក្រុងរ៉ង់ហ្គូន (Rangoon) បានបញ្ជាក់អំពីការអញ្ជើញនេះ ដល់ វីអូអេ និងអង្គការព័ត៌មានដទៃទៀត កាលពីថ្ងៃពុធ មួយថ្ងៃក្រោយពីសមាគមអាស៊ាន និយាយថាខ្លួនបានទទួលសេចក្ដីអញ្ជើញដូចគ្នា។ ការអញ្ជើញរបស់ភូមាកត់សំគាល់ពីចំនុចរបត់មួយផ្ទុយពីការបោះឆ្នោតនៅឆ្នាំ២០១០ដែលបាននាំអំណាចដល់រដ្ឋាភិបាលគ្របដណ្ដប់ភាគច្រើនដោយក្រុមសម្ព័ន្ធមិត្ដជាមួយអតីតរដ្ឋាភិបាលយោធា។ តែរដ្ឋបាលថ្មីភូមាបានរៀបចំឲ្យមានការកែទម្រង់ជាច្រើន រាប់ទាំងការអនុញាតឲ្យគណបក្សជំទាស់ និងមេដឹកនាំលោកស្រី អង់ សាន សូជី (Ang San Suu Kyi) ចូលរួមក្នុងការបោះឆ្នោត។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT-->ស.រ.អា៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក មិត រ៉មនី (Mitt Romney) បានទទួលជ័យជម្នះដ៏លើសលុបនៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ អ៊ីលីណយ (Illinois) កាលពីថ្ងៃអង្គារ ដោយឈ្នះដឹកមុខឆ្ងាយពីគូប្រជែងក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ ស៊ីរី៖ អគ្គលេខាធិការ អ.ស.ប លោក បានគីមូន បានថ្លែងសារជាថ្មីឡើងវិញ ដោយលោកអំពាវនាវឲ្យបញ្ចប់អំពើឃោរឃៅនៅក្នុងប្រទេសស៊ីរី ចំពេលដែលក្រុមប្រឹក្សាសន្ដិសុខអ.ស.ប កំពុងធ្វើសេចក្ដីព្រាងគាំទ្របេសកម្មរបស់ប្រេសិតពិសេសរបស់អ.ស.ប លោក កូហ្វី អាណាន់ ក្នុងការបញ្ឈប់វិបត្ដិស៊ីរី។ ចិន/វៀតណាម៖ អាជ្ញាធរចិនបានចាប់ខ្លួន អ្នកនេសាទវៀតណាម២១នាក់ នៅជិតតំបន់កោះជម្លោះដែលសម្បូរទៅដោយប្រេងកាតក្នុងសមុទ្រចិនភាគខាងត្បូង។ ស.រ.អា/កូរ៉េ៖ មន្ដ្រីអាមេរិកាំងបាននិយាយបញ្ជាក់ថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបំពេញទស្សនកិច្ចនៅតំបន់គ្មានទាហាន រវាងកូរ៉េខាងជើង និងខាងត្បូង នៅក្នុងសប្ដាហ៍ក្រោយ នៅពេលលោកទៅធ្វើទស្សនកិច្ចក្នុងរដ្ឋធានី សេអ៊ូល។ អ៊ីរ៉ង់៖ ស.រ.អា និយាយថាប្រទេស១១បានកាត់បន្ថយដ៏ច្រើនសន្ធឹកនូវការទិញប្រេងពីប្រទេសអ៊ីរ៉ង់ ហើយ និងមិនបានត្រូវទទូលទណ្ឌកម្មពីស.រ.អាទេ ដែលមានគោលដៅនឹងដាក់គំនៀបមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចិន/ស.រ.អា៖ មានចំនួននិស្សិតចិនកាន់តែច្រើនចូលមកសិក្សាក្នុងស.រ.អា។ តែអ្នកជំនាញខាងការចុះឈ្មោះក្នុងសកលវិទ្យាល័យស.រ.អា និយាយថានិស្សិតចិនជាច្រើនបានប្រើភ្នាក់ងារគ្មានភាពស្មោះត្រង់ដើម្បីជួយខ្លួនប្រើក្រដាស់ក្លែងក្លាយក្នុងការដាក់ពាក្យចូលរៀន។ កូរ៉េ៖ កាលពីថ្ងៃពុធនេះ កូរ៉េខាងជើងបានរិះគន់មកលើសន្និសីទកំពូលនៅក្នុងទីក្រុងសេអ៊ូល ដោយនិយាយថាការប៉ុនប៉ងណាមួយរបស់កូរ៉េខាងត្បូងដើម្បីរំខានដល់កម្មវិធីនុយក្លែអ៊ែររបស់កូរ៉េខាងជើង នឹងបានត្រូវមើលឃើញថាជាសេចក្ដីប្រកាសសង្រ្គាម។ ស.រ.អា៖ នាយកទីភ្នាក់ងារស.រ.អា ខាងការអភិវឌ្ឍអន្ដរជាតិថ្លែងថាស.រ.អា នឹងកាត់បន្ថយជំនួយ ទៅឲ្យបរទេសដែលជាផ្នែកមួយនៃកិច្ចព្រមព្រាងដើម្បីដោះស្រាយបញ្ហាឱនភាពថវិកា។ ចិន៖ ប្រទេសចិនព្រមានថាតម្លៃប្រេងឡើងថ្លៃនៅក្នុងស្រុក អាចគម្រាមស្ថេរភាពសង្គមក្រោយពី រដ្ឋាភិបាលប៉េកាំងបានតម្លើងតម្លៃប្រេងសាំងជាលើកទីពីរក្នុងពីរខែនេះមក។ <!--AV--> This posting includes an audio/video/photo media file: Download Now |
សភាប៉ាគីស្ថានស្នើឲ្យអាមេរិកសុំទោសការវាយប្រហារតាមអាកាស Posted: 21 Mar 2012 03:51 AM PDT ប៉ាគីស្ថាន៖ គណៈកម្មាធិការមួយនៃសភាប៉ាគីស្ថានបានទាមទារឱ្យមានការសុំអភ័យទោសដោយគ្មានល័ក្ខខ័ណ្ឌពីអាមេរិកចំពោះការវាយប្រហារតាមអាកាសរបស់អង្គការអូតង់កាលពីឆ្នាំទៅដោយមានការភ័ន្តច្រទ្បំនាំឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់នៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។ លោកប្រធានមីអាន រ៉ាហ្សា រ៉ាប៊ីនី បានអានអនុសាសន៍របស់គណៈកម្មាធិការនេះកាលពីថ្ងៃអង្គារទៅកាន់់សម័យប្រជុំសភា។ គណៈកម្មាធិការនេះបានហៅឧប្បត្តិហេតុកាលពីខែវិច្ឆិកាថា «គ្មានបំណងបង្កហេតុ» ដោយលោកបាននិយាយថាវាជា «ការរំលោភជាក់ច្បាស់លើអធិបតេយ្យភាពប៉ាគីស្ថាន»។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងការសោកស្តាយដល់ការបាត់បង់ជីវិត ហើយបានទទួលការខុសត្រូវដោយផ្នែកលើការវាយប្រហារតាមអាកាសនោះ តែរហូតមកដល់ពេលនេះបានប្រកែកមិនព្រមសុំអភ័យទោសទេ ដោយបានថ្លែងថាកងកម្លាំងអូតង់បានធ្វើសកម្មភាពការពារខ្លួនឯង។ <!--IMAGE-RIGHT--> បារាំង៖ ពួកប៉ូលីសរាប់រយនាក់បានចូលរួមក្នុងការស្វែងរកជនប្រដាប់អាវុធម្នាក់ដែលជាប់សង្ស័យក្នុងការបាញ់សម្លាប់បព្វជិតសាសនាជ្វីហ្វម្នាក់និងកុមារបីនាក់នៅឯសាលារៀនជ្វីហ្វមួយក្នុងក្រុងទូលូ នាប៉ែកខាងត្បូងប្រទេស នៅពេលដែលសាលារៀននៅទូទាំងប្រទេសបាននៅស្ងាត់ស្ងៀមមួយរយៈដើម្បីរំលឹកដល់ពួកជនរងគ្រោះ។ រុស្ស៊ី៖ បានស្នើផ្តល់ការគាំទ្រមានល័ក្ខខ័ណ្ឌដល់កិច្ចខិតខំប្រឹងប្រែងរបស់បស្ចឹមប្រទេសដើម្បីនិយាយបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខឱ្យយល់ព្រមដល់ផែនការសន្តិភាពមួយសម្រាប់ប្រទេសស៊ីរីដែលបានត្រូវព្រាងដោយលោក ខូហ្វី អាណាន់ ដែលជាប្រេសីតអន្តរជាតិ។ អាហ្វហ្គានីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពអាមេរិកនិងអូតង់នៅក្នុងប្រទេស បាននិយាយថាចំណងទាក់ទងរវាងកងកម្លាំងចម្រុះជាតិសាសន៍និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅតែខ្លាំង ហើយថាយុទ្ធនាការយោធាមានដំណើរការល្អ ទោះណាជាមានដំណើរថយក្រោយកាលពីពេលថ្មីៗនេះក៏ដោយ។ កុងហ្គោ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថាកងកម្លាំងសន្តិសុខរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សយ៉ាងតិចណាស់៣៣នាក់ នៅក្នុងរយៈពេលនៃការបោះឆ្នោតរបស់ប្រទេសកាលពីចុងឆ្នាំទៅមិញ។ សហរដ្ឋអាមេរិក៖ ពួកសាធារណរដ្ឋនៅក្នុងរដ្ឋ អ៊ីលីណយ ដែលជារដ្ឋដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ធ្លាប់តំណាងក្នុងសភាបាននាំគ្នាទៅបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីជ្រើសរើសបេក្ខជនខាងគណបក្សសាធារណរដ្ឋ ដែលពួកគេចង់ឱ្យប្រកួតប្រជែងជាមួយប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក្នុងខែវិច្ឆិកា។ អ៊ីរ៉ង់៖ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានប្រើប្រាស់សារមួយដើម្បីកំណត់បុណ្យចូលឆ្នាំថ្មី ពែរស៍នូវរុស ដើម្បីអំពាវនាវឱ្យមានការបំបាត់អ្វីដែលលោកហៅថា «វាំងននអេឡិចត្រូនិច» នៅជុំវិញប្រទេសអ៊ីរ៉ង់។ ទីបេត៍៖ សកម្មជនទីបេត៍ម្នាក់ដែលបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯងជិតមួយខែមកហើយនៅខាងក្រៅអង្គការសហប្រជាជាតិបន្តការតវ៉ារបស់លោកពីមន្ទីរពេទ្យមួយក្នុងបុរីញូយ៉កកាលពីថ្ងៃអង្គារ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
នួន ជាថាឌុចមិនសមមកផ្តល់សក្ខីកម្មទេព្រោះជាឈើពុកស្អុយ Posted: 21 Mar 2012 12:17 AM PDT នួន ជា អតីតបងធំទីពីរនៃរបបខ្មែរក្រហមបានហៅឌុចថាជាសាក្សីគ្មាន«តម្លៃ»ហើយបានប្រៀបប្រដូចសាក្សីរូបនេះទៅនឹងឈើពុកស្អុយមិនបានការ។ នួន ជា បានថ្លែងកាត់ក្នុងពេលដែលឌុចកំពុងផ្តល់សក្ខីកម្មចូលដល់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះបន្ទាប់ពីឌុចហាក់ដូចជាមានចេតនានិយាយបញ្ឆិតបញ្ឆៀងឲ្យមេដឹកនាំខ្មែរក្រហមដទៃទៀតហ៊ានសារភាពនូវទោសកំហុសរបស់ខ្លួន។ នួន ជា ពាក់វ៉ែនតាខ្មៅអង្គុយពីក្រោយសហមេធាវីការពាររបស់ខ្លួនបានថ្លែងជំទាស់វត្តមានជាសាក្សីរបស់ឌុច។ «សូមគោរពលោកប្រធាន គេមិនដែលយកឈើពុក ឈើរលួយ ឈើស្អុយ មកឆ្លាក់ធ្វើព្រះមកទេសនាឲ្យពុទ្ធបរិស័ទស្តាប់នោះទេ។ សូមជ្រាប សូមអរគុណ! សូមមានមតិតែប៉ុណ្ណឹង!»។ ប្រតិកម្មនេះធ្វើឡើងក្រោយពេលដែលឌុចបានធ្វើសេចក្ដីសន្និដ្ឋានចំពោះសំណួររបស់សហព្រះរាជអាជ្ញារងកម្ពុជាលោកសេង ប៊ុនឃាង ថាបងធំទីមួយគឺប៉ុល ពត និងបងធំទីពីរគឺ នួន ជា គឺជាអ្នកតាក់តែងគោលនយោបាយដែលបង្កឲ្យមានភាពព្រៃផ្សៃដែលកាលនោះមាននាទីជាលេខានិងអនុលេខាបក្សកុម្មុយនិស្ដកម្ពុជា។ ប្រតិកម្មនេះនឹងធ្វើឡើងស្របគ្នានឹងការជំទាស់ចំពោះការផ្ដល់សក្ខីកម្មរបស់ ឌុចពីសំណាក់សហមេធាវីបរទេសរបស់នួន ជានិងអៀង សារីផងដែរ។ ឌុច នៅក្នុងពេលផ្តល់សក្ខីកម្មនោះបានបង្ហើបផ្លូវសុំទោសដល់ប្រជាជាតិខ្មែរសម្រាប់អ្វីដែលអតីតមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តខុស។ «ឲ្យដឹងច្បាស់គឺឥតទេ។ ក៏ប៉ុន្តែមិនជឿថា អ្នកខាងក្រោមធ្វើទេគឺលេខានិងអនុលេខាបក្សហ្នឹងតែម្តងជាអ្នកសម្រេច។ កម្ទេចថ្នាក់ដឹកនាំសង្ឃតាំងពីមេគុណខេត្តរហូតដល់សង្ឃរាជ។ សេចក្តីសន្និដ្ឋានទាំងអស់នេះគឺវាឈរនៅលើការណ៍ពិតដើម្បីរកសេចក្តីពិតវេទនារបស់ប្រជាជនកម្ពុជា។ ខ្លួនយើងខុសហើយយើងរកស្អីដែលខុសទៅលើប្រជាជនយើងដើម្បីសុំទោសប្រជាជនយើង»។ កាលពីថ្ងៃទី៧ ខែមិនានេះ នួន ជា បានសរសេរលិខិតមួយច្បាប់ជូនសហព្រះរាជអាជ្ញានិងសហមេធាវីនាំមុខតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីដើម្បីសម្តែងការព្រួយបារម្ភថា ឌុច អាចនឹងប៉ុនប៉ងធ្វើឃាតលើខ្លួនហើយបានស្នើឲ្យមានវិធានការចាក់សោរបន្ទប់ឃុំឃាំងរបស់គាត់ឲ្យជាប់ដើម្បីការពារជាមុនទប់ទល់នឹងការប៉ុនប៉ងនេះ។ សំណើនោះដែលធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងឌុចឡើងផ្ដល់សក្ខីកម្ម។ ឌុចដែលជាសាក្សីដ៏មានសក្ដានុពលម្នាក់បាននិយាយយ៉ាងក្លាហាននៅក្នុងពេលកំពុងសវនាការក្នុងសំណុំរឿងទីពីរនេះ។ ជនជាប់ចោទទាំងបីនាក់ គឺអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋ និង នួន ជា អតីតប្រធានសភាខ្មែរក្រហមមានវត្តមាននៅចំពោះមុខ ឌុច។ ឌុច បានរៀបរាប់ពីគោលនយោបាយរបស់បក្សកុម្មុយនិស្ដកម្ពុជាដែលត្រូវសម្លាប់មនុស្សក្នុងមន្ទីរស ២១ និងមន្ទីរឃុំឃាំងផ្សេងៗទៀត នយោបាយបង្អត់អាហារនិងការបណ្ដេញប្រជាជនពីលំនៅដ្ឋាន។ «សក្ខីកម្មរបស់ខ្ញុំ ខ្ញុំនិយាយថាបក្សកុម្មុយនិស្តកម្ពុជាមាននយោបាយមួយរិតត្បិតការហូបចុករបស់ប្រជាជនដោយឈរលើឯកសារបក្សជាមូលដ្ឋាន។ របបហូបចុក មួយថ្ងៃពីរកំប៉ុងអង្ករ។ កម្លាំងស្រួច កម្លាំងលេខមួយមួយកំប៉ុងកន្លះនេះចំពោះប្រជាជន គ្មានសាសនា គ្មានជំនឿ គ្មានគុណម៉ែ គុណឪទេ។ អង្គការអ្នកមានគុណបញ្ហាត្រូវកម្ទេចនេះជាបញ្ហាក្រិត្យក្រម ជាគោលនយោបាយរបស់បក្ស ដែលត្រូវឲ្យធ្វើអញ្ចឹងដែលមន្ទីរនគបាលណាក៏ធ្វើ។ មូលហេតុដែលជម្លៀសគេមិនប្រាប់យើងទេ។ ក្នុងឯកសារឧទ្ទេសនាមគេថានេះជាឯកសារត្រៀមឈ្នះ។ បដិវត្តន៍យើង គាត់រំលងបដិវត្តន៍ប្រជាធិបតេយ្យ ចូលដល់បដិវត្តន៍សង្គមនិយម»។ នៅក្នុងសវនាការកាលពីខែមុន នួន ជា ធ្លាប់បានទទួលស្គាល់ថា ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុង និងទីប្រជុំជននានា គឺជាការសម្រេចចិត្តរបស់របបកុម្មុយនិស្ដអាវខ្មៅ សម្រាប់ផ្ដល់ការលត់ដំដល់ប្រជាពលរដ្ឋ និងបង្កើតកម្លាំងផលិតកម្មផ្នែកកសិកម្ម។ ប៉ុន្ដែ នួន ជា បានបដិសេធថា មានគោលការណ៍កម្ចេចព្រះពុទ្ធសាសនា និងបង្អត់អាហារប្រជាជន។ សូមបញ្ជាក់ថា ការកាត់ទោសនៅល្ងាចថ្ងៃនេះ ត្រូវបានបិទបញ្ចប់មុនពេលកំណត់បន្ទាប់ពីសហមេធាវី អន្តរជាតិរបស់ នួន ជា បានស្នើសុំឲ្យតុលាការលើកពេលសវនាការទៅថ្ងៃស្អែកដោយសារបញ្ហាសុខភាពកូនក្ដីរបស់ខ្លួន។ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងក៏បានព្រមានសហមេធាវីអន្ដរជាតិរបស់នួន ជា លោក ម៉ាយឃើល ផេសម៉េន ផងដែរ បន្ទាប់ពីលោកស្ទុះចេញពីបន្ទប់សវនាការទៅតាមមើលការពិនិត្យសុខភាពកូនក្ដីផងខ្លួនដោយពុំបានសុំការអនុញ្ញាត៕ This posting includes an audio/video/photo media file: Download Now |
Posted: 20 Mar 2012 07:49 PM PDT អ្នកសង្កេតការណ៍ដែលតាមដានតុលាការឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហមនៃប្រទេសកម្ពុជា និយាយថា ការលាចេញពីតំណែងរបស់ចៅក្រមដ៏សំខាន់ម្នាក់នៅសប្តាហ៍នេះបន្ទាប់ពីបានបំពេញការងារតែរយៈពេល៤ខែគត់ អាចនឹងប្រថុយប្រថានធ្វើឲ្យបាត់បង់កេរ្តិ៍ដំណែលរបស់តុលាការខ្លួនឯងហើយនឹងលទ្ធភាពនៃការកាត់ទោសនាពេលអនាគត។ តុលាការបានជួបប្រទះនូវការសៅហ្មងដោយការចោទប្រកាន់ពីការជ្រៀតជ្រែកខាងនយោបាយពីរដ្ឋាភិបាលកម្ពុជាដែលមានប្រវត្តិប្រឆាំងការស៊ើបអង្កេតថ្មីដល់ជនសង្ស័យខ្មែរក្រហម។ ដោយមានការលាចេញពីតំណែងរបស់លោក Laurent Kasper-Ansermet សហចៅក្រមស៊ើបអង្កេតអន្តរជាតិកាលពីថ្ងៃច័ន្ទ អ្នកសង្កេតការណ៍ច្បាប់ និយាយថាអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការដែលស្ទើរតែហួសពេលទៅហើយដើម្បីជួយស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់តុលាការកូនកាត់នេះ។ លោកស្រី Clair Duffy ជាអ្នកឃ្លាំមើលតុលាការនៅអង្គការគំនិតផ្តួចផ្តើមសង្គមយុត្តិធម៌បើកចំហរ(OSJI)បានបញ្ជាក់ថា។ «បញ្ហានៅត្រង់នេះគឺថាតាមការណ៍ពិតអង្គការសហប្រជាជាតិ មិនបានធ្វើអ្វីឲ្យច្បាស់លាស់ដើម្បីឆ្លើយតបដល់រដ្ឋាភិបាលដែលបន្តព្យាយាមត្រួតត្រាកិច្ចការរបស់តុលាការទេ។ កាលពីឆ្នាំទៅ យើងបានសុំម្តងហើយម្តងទៀតឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតការជ្រៀតជ្រែករបស់រដ្ឋាភិបាលនៅក្នុងតុលាការហើយតុលាការនោះមិនបានធ្វើទេ។ អ្វីទាំងអស់ដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះគឺថាវិបត្តិនេះកំពុងកាន់តែជ្រៅទៅៗ»។ អ្នករិះគន់ បានចោទប្រកាន់ចៅក្រម Siegfried Blunk អ្នកកាន់តំណែងមុនរបស់លោក Kasper – Ansermet ថាអសមត្ថភាព ដោយអះអាងថាលោកបានធ្វើឲ្យខូចដល់ការស៊ើបអង្កេតក្នុងរឿងក្តីបន្ថែមដោយបន្ទន់តាមការគាបសង្កត់ពីរដ្ឋាភិបាល។លោក Blunk បានបដិសេធយ៉ាងខ្លាំងដល់ការចោទប្រកាន់ទាំងនេះ ប៉ុន្តែនៅពេលដែលលោកចុះចេញពីតំណែងនៅខែតុលា លោកនិយាយថាការបន្តព្រមានដោយការអត្ថាធិប្បាយរបស់រដ្ឋាភិបាលប្រឆាំងរឿងក្តីនៅថ្ងៃអនាគតបានបញ្ឆេះឲ្យមានការយល់ឃើញថាមានការជ្រៀតជ្រែកខាងនយោបាយ។ លោក Kasper-Ansermetដែលជំនួសលោក Blunk បានប្រកាសពីគោលបំណងរបស់លោកដើម្បីស៊ើបអង្កេតរឿងក្តីទាំងនេះ ដោយបានធ្វើឲ្យលោកមានជម្លោះជាមួយចៅក្រមយូ ប៊ុនឡេង សមភាគីកម្ពុជារបស់លោក។ លោកទាំង២ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងគ្នាទៅវិញទៅមកយ៉ាងច្រើនតាមរយៈបណ្តាញផ្សាយព័ត៌មានដោយលោកប៊ុនឡេងនិងរដ្ឋាភិបាលកម្ពុជា បានបដិសេធមិនទួលស្គាល់ពីអំណាចរបស់លោក Kasper-Ansermetទៀតផង។ នៅក្នុងលិខិតលាចេញពីតំណែងរបស់លោក លោក Kasper-Ansermet បានមានប្រសាសន៍ថា លោក នឹងបន្តតួនាទីរបស់លោករហូតដល់ដើមខែឧសភា។ លោកស្រី Duffy អ្នកឃ្លាំមើលតុលាការ មានប្រសាសន៍ថាចៅក្រម គួតែប្រើប្រាស់ពេលវេលាដើម្បីផ្សាយពីសកម្មភាពដែលលោកបានធ្វើក្នុងឋានៈជាចៅក្រមស៊ើបអង្កេតនោះ។ «តើប្រភេទនៃការស៊ើបអង្កេតអ្វីដែលលោកអាចធ្វើហើយនៅត្រង់ណាដែលនៅមានគម្លាតនៅឡើយនោះ។ ការណ៍នេះ មានន័យថាបើ នរណាម្នាក់ មកកាន់តំណែងរបស់លោក ពួកគេ អាចបន្តស៊ើបអង្កេតរឿងក្តីនេះហើយពួកគេនឹងដឹងយ៉ាងពិតប្រាកដពីបញ្ហានៃរឿងក្តីនេះ»។ ការលាចេញពីតំណែងរបស់លោក Kasper-Ansermet បានធ្វើឲ្យមានការមន្ទិលសង្ស័យកាន់តែច្រើនឡើងពីចំណាត់ការឆ្ពោះទៅកាន់ការកាត់ទោសបន្ថែមជាក្រុមដែលគេដឹងថារឿងក្តី003និង004។ ប៉ុន្តែ រឿងក្តី 002 ពាក់ព័ន្ធនឹងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់៣រូប កំពុងបន្តធ្វើនៅសប្តាហ៍នេះនៅក្នុងរាជធានីភ្នំពេញ៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
ក្រុមគ្រួសារស្រ្តីបម្រើដែលស្លាប់នៅម៉ាឡេស៊ីចង់បានការណ៍ពិត Posted: 20 Mar 2012 07:03 PM PDT កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះសពពលការិនីម្នាក់ដែលបានបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានដឹកជញ្ជូនតាមយន្តហោះមកកាន់ប្រទេសកម្ពុជាវិញតាមច្រកព្រលានយន្តហោះភ្នំពេញអន្តរជាតិ។ ជនរងគ្រោះឈ្មោះ អ៊ុប សុខគួន អាយុ ៤៧ ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយសពអ្នកស្រីទើបតែបញ្ជូនមកប្រទេសកម្ពុជាក្រោយពីស្លាប់បាត់បង់ជីវិតអស់រយៈពេលបួនខែ។ តាមរបាយការណ៍ក្រុមហ៊ុននាំពលករទៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថាជនរងគ្រោះបានស្លាប់ដោយសារតែការធ្វើការហួសកម្លាំង។ ប៉ុន្តែរបាយការណ៍នេះផ្ទុយគ្នានឹងរបាយការណ៍ធ្វើកោសល្យវិច័យរបស់មន្ទីរពេទ្យនៃប្រទេសម៉ាឡេស៊ី បានអះអាងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺរលាកសួត។ លោក ជា មុន្នី អាយុ ៥៤ ឆ្នាំ បងប្អូនជីដូនមួយរបស់ជនរងគ្រោះបាននិយាយថាលោកមិនជឿទៅលើរបាយការណ៍សន្និដ្ឋានទាំងនោះទេ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសហប្រតិបត្តិការជាមួយនឹងប្រទេសម៉ាឡេស៊ីដើម្បីធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ចំពោះការស្លាប់បាត់បង់ជីវិតរបស់អ្នកស្រីអ៊ុប សុខគួន។ «ការធ្វើកោសល្យវិច័យ វាឥតមានលិខិតតូបករណ៍ណាអំណះអំណាងឲ្យវាទុកចិត្ត។ មិនដឹងគ្នារងគ្រោះយ៉ាងម៉េច ខ្ញុំមិនដឹង។ អញ្ចឹងថាឲ្យក្រុមហ៊ុនវីស៊ីហ្នឹង គេឲ្យមានលិខិតតូបករណ៍ហ្នឹង មកពីម៉ាឡេអីយ៉ាងម៉េច ឲ្យគេបំភ្លឺឲ្យខ្ញុំទៅ»។ ក្រុមហ៊ុនវីស៊ីម៉ែនផៅវើដែលបាននាំពលករនៅបម្រើការនៅប្រទេសម៉ាឡេស៊ី បានផ្តល់ទឹកប្រាក់ ១,០០០ដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯម្ចាស់ផ្ទះនៃប្រទេសម៉ាឡេស៊ីបានផ្តល់ទឹកប្រាក់ចំនួន ៣០០ ដុល្លារសហរដ្ឋអាមេរិកដល់ក្រុមគ្រួសារសព។ លោក ជា មុន្នី បានមានប្រសាសន៍ថាលោកគ្រោងនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះនិងទាមទារសំណងឲ្យបានសមរម្យ។ ក្រុមហ៊ុនវីស៊ីម៉ែនផៅវើ ព្រមទាំងលោក អាន ប៊ុនហាក់ ប្រធានក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមិនអាចស្នើសុំទំនាក់ទំនងបានទេនៅថ្ងៃអង្គារនេះ។ លោក សេង សក្កដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារក៏មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានដែរ។ ចំណែកឯលោក ហែម មុន្នី ប្រធាននាយកដ្ឋានមុខរបរនិងហត្ថកម្មនៃក្រសួងការងារបាននិយាយថាលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយដោយសារតែលោកកំពុងមានជំងឺ។ «ខ្ញុំឥតដឹងរឿងហ្នឹងផង។ ជួនអីទៅផ្នែកផ្សេងទៅការិយាល័យទៅអី។ ខ្ញុំឥតដឹង ព្រោះខ្ញុំឈឺ»។ លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីផ្នែកកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បាននិយាយថាមានពលករខ្មែរភាគច្រើនដែលបានបម្រើការងារនៅក្រៅប្រទេសត្រូវបានគេបង្ខំឲ្យធ្វើការហួសកម្លាំងរហូតដល់ជាង ១០ ម៉ោងក្នុងមួយថ្ងៃ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើកិច្ចព្រមព្រៀងគ្នាមួយជាមួយនឹងប្រទេសម៉ាឡេស៊ីដើម្បីការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស។ «សុំឲ្យរដ្ឋាភិបាលខ្មែរយើង ចាត់ចែងជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងម៉េច ឲ្យពួកគាត់ធ្វើការតែរយៈពេល៨ម៉ោងឲ្យត្រូវនឹងអនុសញ្ញាអង្គការ ILO អង្គការពលកម្មអន្តរជាតិដែលបានអនុម័តនៅពេលថ្មីៗនេះថា អ្នកធ្វើការតាមផ្ទះក៏ជាអ្នកធ្វើការដែរ។ ដូច្នេះគាត់ត្រូវការត្រឹម៨ម៉ោងក្នុងមួយថ្ងៃហើយ ៦ ថ្ងៃក្នុងមួយអាទិត្យ»។ លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការទប់ស្កាត់ការនាំពលករទៅក្រៅប្រទេស បាននិយាយថា មានពលករខ្មែរ ៩ករណី បានស្លាប់ក្នុងប្រទេសម៉ាឡេស៊ី។ អ្នកស្រីបាននិយាយថា អ្នកស្រីបានសរសេររបាយការណ៍ទៅគណៈកម្មការសិទ្ធិមនុស្សម៉ាឡេស៊ី ដើម្បីឲ្យជួយធ្វើអន្តរាគមន៍។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយ។ «ជំរុញឲ្យរដ្ឋាភិបាលខ្មែរយើង យកនូវការណ៍ពិត។ ខ្ញុំមិនជឿថា អ្នកដែលស្លាប់ហ្នឹង ស្លាប់មួយកន្លែង នៅថ្ងៃហ្នឹង ដោយឥតមានជំងឺអីសោះ។ ស្រាប់តែថ្ងៃស្លាប់ហ្នឹង ថាមានជំងឺសួត។ បើសិនជាអ្នកហ្នឹង ស្លាប់ដោយសារជំងឺសួតហេតុអ្វីបានជាធ្វើការងាររហូតដល់មានជំងឺសួតហើយរហូតដល់ស្លាប់»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១១ បានសម្រេចផ្អាក មិនក្រុមហ៊ុនឯកជននាំពលករខ្មែរទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០១១ យ៉ាងតិចមានពលករខ្មែរចំនួន១២ នាក់បានស្លាប់ក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងនោះមានអ្នកបម្រើការងារតាមផ្ទះចំនួន៩នាក់បានស្លាប់ កម្មករនៅតាមរោងចក្រផ្សេងៗបីនាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីផ្នែកកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |