VOA News: ព័ត៌មាន: “ហេឡូវីអូអេ ១៩ មិនា ២០១២៖ ប្រសិទ្ធភាពនៃការចាត់ចែងធនធានមនុស្សក្នុងវិស័យសាធារណៈ” plus 3 more |
- ហេឡូវីអូអេ ១៩ មិនា ២០១២៖ ប្រសិទ្ធភាពនៃការចាត់ចែងធនធានមនុស្សក្នុងវិស័យសាធារណៈ
- សហចៅក្រមស៊ីបអង្កេតតុលាការខ្មែរក្រហមសុំលាលែងពីតំណែង
- ការស៊ើបអង្កេតមិនអាចរកឃើញប្រាក់៧០លានដុល្លារនៅក្នុងប្រាក់ចំណូលមកពីធនធានរ៉ែនៅកុងហ្គោ
- គណបក្សប្រឆាំងធំជាងគេនៅទីម័រខាងកើតនាំមុខក្នុងការបោះឆ្នោត
ហេឡូវីអូអេ ១៩ មិនា ២០១២៖ ប្រសិទ្ធភាពនៃការចាត់ចែងធនធានមនុស្សក្នុងវិស័យសាធារណៈ Posted: 19 Mar 2012 01:36 PM PDT លោករ័ត្ន ហុក បេក្ខជនបណ្ឌិតផ្នែករដ្ឋបាល និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី សហរដ្ឋអាមេរិកបានពិភាក្សាអំពីប្រសិទ្ធភាពនៃការចាត់ចែងធនធានមនុស្សក្នុងវិស័យសាធារណៈ។ លោក រ័ត្ន ហុក គឺជាអ្នកស្រុកឫស្សីកែវ ក្រុងភ្នំពេញ។ មុននឹងបានមកសិក្សានៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពីនៅកម្ពុជា លោក រ័ត្ឋ ហុក គឺជានាយករងវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកធ្លាប់ធ្វើជាប្រធានដេប៉ាតឺម៉ង់ភាសាអង់គេ្លស និងជាអ្នកបកប្រែភាសាអង់គ្លេសដ៏ជំនាញម្នាក់។ នៅពេលលោកកំពុងសិក្សាថ្នាក់នៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី លោកក៏បង្រៀនថ្នាក់បរិញ្ញានូវមុខវិជ្ជារដ្ឋាភិបាលអាមេរិកផងដែរ។ បើនិយាយពីប្រវត្តិនៃការសិក្សាវិញលោករ័ត្ន ហុក បានបញ្ចប់មធ្យមសិក្សានៅវិទ្យាល័យឫស្សីកែវក្នុងឆ្នាំ១៩៩០ ទទួលបានបរិញ្ញាប័ត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ១៩៩៥ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យាអនុវត្ត (Applied Linguistics) ពីសាកលវិទ្យាល័យ Macquarie នៃប្រទេសអូស្តា្រលីនៅឆ្នាំ ១៩៩៨។ លោក រ័ត្ន ហុក បច្ចុប្បន្នទទួលបានអាហារូបករណ៍ Fulbright មករៀនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី សហរដ្ឋអាមេរិក។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
សហចៅក្រមស៊ីបអង្កេតតុលាការខ្មែរក្រហមសុំលាលែងពីតំណែង Posted: 19 Mar 2012 10:39 AM PDT លោកចៅក្រមស៊ើបអង្កេត Laurent Kasper-Ansermet បានដាក់ពាក្យលាលែងទៅលោកអគ្គលេខាអង្គការសហប្រជាជាតិ គឺមានរយៈពេលប៉ុន្មានខែប៉ុណ្ណោះក្រោយពីលោកបានចូលកាន់តំណែងនេះដោយគ្មានការទទួលស្គាល់ពីភាគីកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយសាលាក្តីខ្មែរក្រហមឱ្យដឹងថា លោក Kasper-Ansermet នឹងបញ្ចប់ការងារនៅត្រឹមថ្ងៃទី០៤ខែឧសភាខាងមុខនេះ។ ចៅក្រមសញ្ជាតិស្វ៊ីសរូបនេះបានបង្កឱ្យមានការមិនសប្បាយចិត្តក្នុងភាគីកម្ពុជានិងរដ្ឋាភិបាលកម្ពុជាដោយសារតែលោកជម្នះក្នុងការស៊ើបអង្កេតករណី០០៣និង០០៤ ដែលរដ្ឋាភិបាលបានជំទាស់យ៉ាងខ្លាំង។ សាលាក្តីបានឱ្យដឹងថា ក្នុងតួនាទីជាចៅក្រមស៊ើបអង្កេតលោក Kasper-Ansermet បានជូនដំណឹងទៅជនសង្ស័យនៅក្នុងសំណុំរឿង០០៣និង០០៤អំពីសិទ្ធិរបស់ពួកគេហើយនឹងស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសប្តាហ៍ខាងមុខនេះ។ <!--IMAGE-RIGHT--> ឌុចធ្វើសក្ខីកម្មក្នុងសំណុំរឿងអតីតមេៗរបស់គាត់ កម្ពុជា៖ អតីតមេគុកដ៏ល្បីឈ្មោះរបស់ខ្មែរក្រហម បានមកថ្លែងជាកសិណសាក្សីនៅថ្ងៃច័ន្ទនេះ ប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមបីនាក់ ដែលសាបព្រោះ ការបំភ័យទូទាំងប្រទេសកម្ពុជាកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០។ កាំង កាំង ហ្គេចអ៊ាវ ហៅ ឌុច ជាជនម្នាក់គត់ដែលបានត្រូវវិនិច្ឆ័យទោសដោយតុលាការអន្ដរជាតិ អំពីឧក្រិដ្ឋកម្មរបស់ក្រុមខ្មែរក្រហម។ ក្នុងសំណួរនៅថ្ងៃច័ន្ទ ឌុចនិយាយរ៉ាយរ៉ាប់ថា មេបញ្ជាការផ្ទាល់របស់គាត់បានបញ្ជាឲ្យគាត់សួរចម្លើយ អ្នកទោស ហើយបង្ហាញរបៀបប្រើខ្សែភ្លើងឆក់ ចាក់ទឹកលើក្បាល និងធ្វើឲ្យថប់ដង្ហើម។ អាជ្ញាធរនិយាយថា ឌុចបានផ្ដល់ភស្ដុតាងច្រើនប្រឆាំងនឹងប្រមុខរដ្ឋមានតែឈ្មោះរបស់ខ្មែរក្រហម គឺ ខៀវ សំផន មេមនោគមន៍វិជ្ជាដ៏ល្បីឈ្មោះ នួន ជា និង អតីតរដ្ឋមន្ដ្រីការបរទេស អៀង សារី ដែលអ្នកទាំងអស់នោះប្រឈមនឹងការចោទប្រកាន់ដ៏ច្រើនសន្ធឹកពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋរបស់ជនទាំងនោះ។ គេរំពឹងថា ជនទាំងអស់នោះនឹងចូលមកក្នុងសាលសវនាការទីក្រុងភ្នំពេញ ដើម្បីស្ដាប់ចម្លើយរបស់ឌុចដែលបានទទួលស្គាល់ថា បានសហការនិងឆ្លើយទៅនឹងសំណួររបស់តុលាការ។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-LEFT--> ទីម័រខាងកើត៖ ប្រធានាធិបតីនៃប្រទេសទីម័រខាងកើត លោក ហូហ្សេ រ៉ាម៉ុស ហ័រតា (Jose Ramos Horta) បានសារភាពចាញ់ឆ្នោតនៅថ្ងៃច័ន្ទនេះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្ដិទីពីរ។ ដោយមានសំឡេងឆ្នោត៧០ភាគរយរាប់រួច លទ្ធផលបង្ហាញថា លោក Francisco Guterres ពីគណបក្សជំទាស់ Fretilin ទទួលសន្លឹកឆ្នោតលើស២៨ភាគរយ។ ហើយបន្ទាប់មានអតីតមេទ័ព Jose Maria de Vasconcelos ទទួលសំឡេង២៥ភាគរយ។ការបោះឆ្នោតវគ្គទីពីរត្រូវកំណត់នៅពាក់កណ្ដាលខែមេសា។ ប្រធានាធិបី រាម៉ុស ហ័រតា ដែលជាជ័យលាភីរង្វាន់ណូបែលសន្ដិសភាព ស្ថិតនៅពីក្រោយតាមសំឡេង១៨ភាគរយ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោកហ័រតាបានសរសើរបេក្ខជនពីរនាក់ ដោយលោកថ្លែងថា លោកប្រុងនឹងចុះចេញពីតំណែង។ កូរ៉េ៖ ភាពតានតឹងកើនខ្ពស់ កាលពីថ្ងៃច័ន្ទនេះនៅឧបទ្វីបកូរ៉េ ដោយសាររដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានផ្សព្វផ្សាយវីដេអូបង្ហាញការហាត់សមយុទ្ធយោធាធំៗ ហើយរដ្ឋាភិបាលទីក្រុងសេអ៊ូលចោទកូរ៉េខាងជើងថា បានប្រើតារាសិប្បនិមិ្មត ជាលេសដើម្បីធ្វើតេស្តមកលើប្រព័ន្ធដឹកនាំអាវុធនុយក្លេអ៊ែរ។ ថៃ៖ កងកម្លាំងអាកាសរបស់ប្រទេសថៃ ស.រ.អ. និង សិង្ហបូរីនឹងធ្វើតេស្តសាកល្បងភាពប្រុងប្រៀប និងសមត្ថភាពធ្វើកិច្ចប្រតិបត្ដិការរួមក្នុងសមយុទ្ធយោធាឯមូលដ្ឋានយោធារបស់កងកម្លាំងយោធាថៃនៅខ្ពង់រាបនគរាជ(កូរ៉ាត)។ ស៊ីរី៖ ទូរទស្សន៍ជាតិស៊ីរីនិយាយថា មនុស្សបីនាក់ដែលគេហៅថាជាភេរវជន បានត្រូវបាញ់សម្លាប់ក្នុងពេលប្រយុទ្ធកាលពីថ្ងៃច័ន្ទរវាងក្រុមបះបោរ និងកងកម្លាំងរដ្ឋាភិបាលនៅក្នុងតំបន់អ្នកមាននៃទីក្រុងដាម៉ាស។ ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌុនេស៊ីនិយាយថា ប៉ូលីសនៃកោះរមនីយដ្ឋានបាលី បានបាញ់សម្លាប់ជនសង្ស័យជាជនសកម្មប្រយុទ្ធ៥នាក់ ដែលកំពុងរៀបចំបើកការវាយប្រហារ រាប់ទាំងការប្លន់ផ្សេងៗមកលើសម្បត្ដិទ្រព្យនៅលើកោះ។ ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិនរាយការណ៍ថា ហាងទំនិញលក់វត្ថុប្រណីតក្នុងរដ្ឋធានីប៉េកាំងបានលក់ដាច់អស់នូវវត្ថុប្រណីត នៅពេលដែលមានកិច្ចប្រជុំរបស់អង្គការនីតិបញ្ញតិចិននិងអង្គការទីប្រឹក្សាជាតិ។ អាស៊ី៖ ធនាគារអភិវឌ្ឍន៍អាស៊ីថ្លែងថា ការតំឡើងតម្លៃនៃអាហារដូចជាអង្ករនិងស្រូវសាឡីអាចរុញច្រានឲ្យមនុស្សជាង១០លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រតោកយ៉ាកយ៉ាងជ្រៅបំផុតនៅតំបន់អាស៊ីភាគខាងត្បូង។ ពិភពលោក៖ ធនាគារពិភពលោកបានអំពាវនាវដល់រដ្ឋាភិបាលអាហ្វ្រិកនិងអ្នកផ្តល់អំណោយអន្ដរជាតិបង្កើនកិច្ចប្រឹងប្រែងដើម្បីការពារជំងឺឆ្លងថ្មី HIV ក្នុងគោលបំណងនឹងត្រួតត្រាមកលើតម្លៃព្យាបាលជំងឺ។ អាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដែលនាំមុខគេគឺ លោក មិត រ៉មនី (Mitt Romney) បានយកជ័យជម្នះក្នុងការបោះឆ្នោតបឋមនៅក្នុងដែនដីPuerto Rico ដោយពង្រឹងគោលជំហររបស់លោក ដើម្បីតទល់នឹងប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា។ ហ្គីណេប៊ីស្សូ៖ បេសកម្មរបស់អ.ស.ប.នៅក្នុងប្រទេសហ្គីណេប៊ីស្សូ (Guinea Bissau) និយាយថា អង្គការពិភពលោកនោះនិងប្រទេសដៃគូអន្ដរជាតិ ពេញចិត្ដចំពោះការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសនៃតំបន់អាហ្វ្រីកខាងលិចមួយនោះ ដែលធ្លាប់តែរងគ្រោះពីរដ្ឋប្រហារ។ អ៊ុយរូហ្គាយ៖ មន្រ្ដីតុលាការនៅក្នុងប្រទេសអ៊ុយរូហ្គាយ (Uruguay) បានដាក់ពាក្យបណ្ដឹងប្រឆាំងគិលានុប្បដ្ឋាយិកាប្រុសពីរនាក់ តាមបទឃាតកម្មមកលើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យពីរ។ មន្ដ្រីផ្លូវការនិយាយថា ស្រ្ដីគិលានុប្បដ្ឋាយិកាម្នាក់បានលាក់បាំងព័តមានអំពីករណីនេះ។ This posting includes an audio/video/photo media file: Download Now |
ការស៊ើបអង្កេតមិនអាចរកឃើញប្រាក់៧០លានដុល្លារនៅក្នុងប្រាក់ចំណូលមកពីធនធានរ៉ែនៅកុងហ្គោ Posted: 19 Mar 2012 12:39 AM PDT ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) និយាយថា ពួកគេមិនអាចរកឃើញប្រាក់ជាង៧០លានដុល្លារ ដែលក្រុមហ៊ុនរុករករ៉ែ អះអាងថាបានបង់ឱ្យរដ្ឋាភិបាលទេ។ លោកសាស្រ្តាចារ្យ ជឺរេមី ឌុមបា (Jeremy Dumba) ជាអ្នកសម្របសម្រួលនៅប្រទេស កុងហ្គោ នៃអង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយសកលលោក ដែលមានឈ្មោះថាអង្គការ គំនិតផ្តួចផ្តើមដើម្បីតម្លាភាពឧស្សាហកម្មរ៉ែ (Extractive Industries Transparency Initiative) ឬហៅកាត់ជាភាសាអង់គ្លេសថា EITI។ ក្រុមរបស់លោកបានប្រមូលតួលេខទាក់ទងនឹងអ្វីដែលក្រុមហ៊ុនរុករករ៉ែបញ្ជាក់ថា ពួកគេបានបង់ប្រាក់ទៅឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ្វីដែលរដ្ឋាភិបាលនិយាយថា ខ្លួនបានទទួលពីក្រុមហ៊ុនទាំងនោះដែរ។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រកាសថា លោកមិនអាចធ្វើឲ្យតួលេខទាំងពីរនេះ ត្រូវគ្នាបានទេ។ លោកសាស្រ្តាចារ្យ ឌុមបា មានប្រសាសន៍ថា មានគម្លាតគ្នាយ៉ាងច្រើនទាក់ទងនឹងតួលេខនោះ ហើយលោកនិងក្រុមរបស់លោក មិនទាន់អាចសម្របសម្រួលការបង់ប្រាក់ ដែលបានប្រកាសដោយក្រុមហ៊ុន ជាមួយនឹងបង្កាន់ដៃទទួលប្រាក់របស់រដ្ឋនៅឡើយទេ។ លោកបានថ្លែងថា វាមានការលំបាកខ្លាំងណាស់ក្នុងការទទួលបានតួលេខពីសេវាកម្មប្រាក់ចំណូលរបស់រដ្ឋ ដែលត្រូវគ្នាជាមួយនឹងអ្វីដែលក្រុមហ៊ុនបានប្រកាសឲ្យដឹង។ លោកសាស្រ្តាចារ្យ ឌុមបា បានបញ្ចូលតួលេខទាំងនេះ ដើម្បីធ្វើជាផ្នែកមួយនៃរបាយការណ៍ដែលបានហួសពេលកំណត់ជាយូរមកហើយ ស្តីពីប្រទេសកុងហ្គោរបស់អង្គការ EITI។ លោកបាននិយាយថា តួលេខចុងក្រោយបង្អស់ដែលប្រមូលបានសម្រាប់ឆ្នាំ២០០៨និងឆ្នាំ២០០៩ បង្ហាញថា ក្រុមហ៊ុនរុករករ៉ែបញ្ជាក់ថា ពួកគេបានបង់ពន្ធលើប្រាក់ចំណូលខ្ពស់ជាងអ្វីដែលរដ្ឋាភិបាលនិយាយថា ខ្លួនទទួលបានពីក្រុមហ៊ុនទាំងនេះទៅទៀត។ នៅក្នុងឆ្នាំ២០០៨ ពួកគេបានប្រកាសបង់ប្រាក់ចំនួន១២១លានដុល្លា ខណៈពេលដែលរដ្ឋាភិបាលបាននិយាយថា ខ្លួនទទួលបានប្រាក់ចំនួន៦៩លានដុល្លាប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០០៩ គម្លាតកាន់តែតូចជាងមុន។ ក្រុមហ៊ុននិយាយថា ខ្លួនបានបង់ប្រាក់ចំនួន៩៩លានដុល្លា ហើយរដ្ឋាភិបាលនិយាយថា ខ្លួនទទួលបានប្រាក់ចំនួន៧៣លានដុល្លារទេ។ អង្គការ EITI ត្រូវបានដាក់ឱ្យដំណើរការដោយរដ្ឋាភិបាលអង់គ្លេស នៅក្នុងឆ្នាំ២០០២ ហើយទទួលការគាំទ្រពីសហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទសផ្សេងៗទៀត។ អង្គការនេះ ប្រមូលផ្តុំរដ្ឋាភិបាល ក្រុមហ៊ុន និងសង្គមស៊ីវិល ដើម្បីព្យាយាមធានាឱ្យប្រាកដថា ប្រាក់ពន្ធបានមកពីការរុករករ៉ែ ប្រេង និងឧស្ម័ន ត្រូវមានកំណត់ហេតុត្រឹមត្រូវ ហើយបានចូលទៅក្នុងរតនាគារជាតិ។ ការផ្តួចផ្តើមនេះមានគោលដៅធ្វើឲ្យអភិបាលកិច្ចប្រសើរឡើងនៅតាមបណ្តាប្រទេស ដែលពឹងផ្អែកទៅលើឧស្សាហកម្មទាំងនោះ ដូច្នេះប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយភាពក្រីក្រ។ ចំនួនប្រាក់ពន្ធដែលក្រុមហ៊ុនទាំងឡាយនិយាយថា ពួកគេបានបង់ គួរតែស្មើនឹងអ្វីដែលរដ្ឋាភិបាលនិយាយថាពួកគេបានទទួល។ សម្រាប់ប្រទេសភាគច្រើនផ្សេងទៀត ដែលបានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការ EITI ចំនួនទឹកប្រាក់ស្ទើរតែស្មើគ្នា។ ប៉ុន្តែ តួលេខសម្រាប់ប្រទេស តាន់ហ្សានី (Tanzania) និងប្រទេស ម៉ាលី (Mali) ក៏បានបង្ហាញពីគម្លាតទឹកប្រាក់ចំនួនរាប់សិបលានដុល្លា រវាងការបង់ប្រាក់និងការទទួលប្រាក់។ <!--IMAGE-LEFT--> ប្រទេស កុងហ្គោ (Congo) បានដាក់ពាក្យសុំចូលជាសមាជិកភាពរបស់គម្រោងនេះ ហើយលោកប្រធានាធិបតី ចូស្សេពហ៍ កាបីឡា (Joseph Kabila) មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ប្តេជ្ញាចិត្តចំពោះគម្រោងនេះទៀតផង។ ប៉ុន្តែ មុនពេលក្លាយជាសមាជិកពេញសិទ្ធិ របាយការណ៍របស់ប្រទេសនេះស្តីពីការបង់ប្រាក់របស់ក្រុមហ៊ុននិងបង្កាន់ដៃទទួលប្រាក់ពន្ធ ត្រូវតែទទួលការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់អង្គការ EITI ជាមុនសិន។ លោកសាស្រ្តាចារ្យ ឌុមបា បាននិយាយថា តួលេខសម្រាប់ឧស្សាហកម្មប្រេងរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើង ប៉ុន្តែ ទិន្នន័យដែលអាចប្រមូលបានពីវិស័យរ៉ែនេះ មិនអាចជឿទុកចិត្តបានទេ។ លោក ជៀន ខ្លោដកាតង់ដេ (Jean-Claude Katende) អ្នកជំនាញផ្នែកប្រឆាំងអំពើពុករលួយជាតិកុងហ្គោ មួយរូបទៀត បានថ្លែងថា វាជាការពិបាកសម្រាប់កុងហ្គោ ក្នុងការផ្តល់តួលេខត្រឹមត្រូវ ដោយសារឧស្សាហកម្មរុករករ៉ែរបស់ប្រទេសនេះ មានភាពស្មុគស្មាញជាងឧស្សាហកម្មនៅតាមប្រទេសផ្សេងទៀត។ «អ្នកធ្លាប់ឃើញប្រទេសជាច្រើន ដែលមានសហគ្រាសរុករករ៉ែចំនួនបី ឬបួន ឬដប់ ប៉ុន្តែនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវិញ អ្នក មានសហគ្រាសរុករករ៉ែជាង២០០។ ហើយ បន្ថែមពីលើសហគ្រាសទាំងនេះ អ្នកគួរបន្ថែមឧស្សាហកម្មប្រេងនិង ក្រុមហ៊ុនកុមទ័រទៀតផង»។ ក្រុមហ៊ុនកុមទ័រ (comptoirs) គឺជាក្រុមហ៊ុននាំចេញធនធានរ៉ែដែលមានអជ្ញាប័ណ្ណ។ លោក កាតង់ឌី បាននិយាយថា បញ្ហាមួយទៀតនោះគឺថា ប្រទេស កុងហ្គោ មិនមានប្រព័ន្ធទិន្នន័យធនាគារប្រមូលផ្តុំមួយសម្រាប់វិស័យរ៉ែរបស់ខ្លួនទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមប្រទេសម្ចាស់ជំនួយ ស្តីពីផែនការមួយដើម្បីបញ្ចូលទិន្នន័យរ៉ែទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលបន្ទាប់មកនឹងត្រូវបានគ្រប់គ្រងជារួម។ គម្លាតគ្នារវាងអ្វីដែលក្រុមហ៊ុនរុករករ៉ែបង់ប្រាក់ និងអ្វីដែលរដ្ឋាភិបាលកុងហ្គោគួរទទួលបាន ប្រហែលជាមានចំនួនច្រើនជាងរាប់សិបលានដុល្លា ដែលមិនត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍របស់លោក ឌុមបា ទេ។ ក្រុមហ៊ុនរុករករ៉ែ ប្រហែលជាលាក់ប្រាក់ចំណូលមួយចំនួនរបស់ខ្លួន។ ដូច្នេះ ពួកគេ អាចបង់ពន្ធតិចជាងចំនួនដែលពួកគេត្រូវបង់។ លោក ឌុមបា មានប្រសាសន៍ថា លោកបានដឹងពីរឿងរ៉ាវទាំងអស់នេះ ដែលប្រហែលកំពុងកើតមានឡើង។ លោក បានឲ្យដឹងថា ឧទាហរណ៍ មានរឿងរ៉ាវរបស់ក្រុមហ៊ុនមួយ ដែលបាននាំចេញធនធានរ៉ែចំនួន៤សែនតោន។ ពួកគេគួរតែបង់ពន្ធពីរភាគរយទៅលើការនាំចេញនោះ ប៉ុន្តែ ការប្រកាសពន្ធ មានចំនួនតិចជាងខ្លាំងណាស់ ដែលសបញ្ជាក់ឲ្យឃើញថា ពួកគេមិនបានប្រកាសប្រាក់ចំណូលទាំងអស់របស់ពួកគេឡើយ។ មានការអះអាងផងដែរថា កាលពីពីរបីឆ្នាំមុន រដ្ឋាភិបាលបានលក់តំបន់សម្បទានរ៉ែយ៉ាងធំ ក្នុងតម្លៃថោកជាងតម្លៃទីផ្សាខ្លាំងណាស់។ លោក អីរិក ចយស៍ (Eric Joyce) ដែលជាសមាជិកសភាអង់គ្លេស និងជាប្រធានក្រុមមហាបឹងអាហ្រ្វិក (Great Lakes of Africa) នៃរដ្ឋសភាអង់គ្លេស បានចោទប្រកាន់ថា កាលពីបួនឆ្នាំមុន ប្រទេស កុងហ្គោ បានបាត់បង់ថវិការជាង៥,៥ពាន់លានដុល្លា ដោយសារតែការលក់ទ្រព្យសម្បត្តិរ៉ែរបស់រដ្ឋាភិបាល ក្នុងតម្លៃទាបជាងតម្លៃមធ្យមនៅលើទីផ្សារ។ លោកបានថ្លែងថា ការលក់ធនធានរ៉ែទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនបរទេស ដែលបានទទួលប្រាក់ចំណេញ។ នៅពេលដែលត្រូវបានសួរអំពីការចោទប្រកាន់របស់លោក ចយស៍ កាលពីឆ្នាំមុន លោកប្រធានាធិបតី កាប៊ីឡា បានថ្លែងថា លោកនឹងមិនឆ្លើយតបទៅសមាជិកសភាអង់គ្លេសរួបនោះទេ។ លោក បាននិយាយថា ការប្តេជ្ញាចិត្តរបស់លោកចំពោះអភិបាលកិច្ចល្អ ត្រូវបានធ្វើឡើងដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ កុងហ្គោ ដែលមិនមែនដើម្បីផ្គាប់ចិត្តអ្នកនយោបាយបរទេសឡើយ។ ដូចដែលមានភស្តុតាងនៃកិច្ចព្រមព្រៀងបើកចំហរ លោក កាប៊ីឡា បានបញ្ជាក់ថា កិច្ចព្រមព្រៀងធនធានរ៉ែតម្លៃ៩ពាន់លានដុល្លារបស់រដ្ឋាភិបាលរបស់លោក ជាមួយនឹងក្រុមហ៊ុនចិនមួយ ដែលជាកិច្ចព្រមព្រៀងធំជាងគេបង្អស់នៅក្នុងវិស័យរ៉ែ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានពិភាក្សានិងអនុម័តដោយរដ្ឋសភា៕ ប្រែសម្រួលដោយ ឌី ខាំបូលី This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងធំជាងគេនៅទីម័រខាងកើតនាំមុខក្នុងការបោះឆ្នោត Posted: 19 Mar 2012 12:09 AM PDT លទ្ធផលដំបូងៗនៃការបោះឆ្នោតនៅទីម័រ ខាងកើតបញ្ជាក់ថាប្រទេសនេះនឹងមានការបោះឆ្នោតប្រធានាធិបតីជាថ្មី ដោយគ្មានលោក ចូសេ រ៉ាម៉ូស ហរតា ដែលជាមេដឹកនាំកំពុងកាន់អំណាចជាបេក្ខជនសម្រាប់ការបោះឆ្នោតជុំទីពីរទេ។ ដោយសន្លឹកឆ្នោតជាង៦០ភាគរយបានត្រូវរាប់រួចហើយ ពួកមន្ត្រីរៀបចំការបោះឆ្នោតនិយាយថាលោក រ៉ាម៉ូស ហរតា Ramos-Horta នៅពីក្រោយគេដោយមានសន្លឹកឆ្នោតគាំទ្រថ្នាក់ទីបី។ លទ្ធផលដំបូងៗបង្ហាញថាលោក ហ្វ្រង់ស៊ីស្កូ ហ្គូតេរ៉េស Francisco Guterres មកពីគណបក្ស ហ្វ្រេទីលីន Fretilin ដែលជាគណបក្សប្រឆាំងធំជាងគេបានឈានមុខគេដោយមានសន្លឹកឆ្នោតគាំទ្រប្រមាណ២៨ភាគរយ។ បន្ទាប់មក លោក ចូសេ ម៉ារីយ៉ា ដឹ វាស្កូសេឡូស Jose Maria de Vasconcelos អតីតអគ្គមេបញ្ជាការយោធាមានសន្លឹកឆ្នោតគាំទ្រ២៥ភាគរយ។ លោកប្រធានាធិបតី រ៉ាម៉ូស ហរតា Ramos-Horta ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពបានទទួលសន្លឹកឆ្នោតគាំទ្រតែជាង១៨ភាគរយប៉ុណ្ណោះ។ <!--IMAGE-LEFT--> រុស្ស៊ី៖ ពួកប៉ូលីសរុស្ស៊ីទប់ទល់នឹងកុបកម្មបានឃាត់ខ្លួនពួកបាតុកររាប់សិបនាក់ដែលបានធ្វើបាតុកម្មនៅខាងមុខស្ថានីយ៍ទូរទស្សន៍មួយ បន្ទាប់ស្ថានីយ៍នេះបានផ្សាយឯកសារមួយដែលបានបង្ហាញថាមានគេចំណាយប្រាក់លើកុបករដើម្បីឱ្យចូលរួមក្នុងការប្រជុំមហាជនប្រឆាំងនឹងលោកវ៉្លដឹមៀរ ពូទីន ដែលជាប្រធានាធិបតីជាប់ឆ្នោត។ ស៊ីរី៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងក្រុងអាឡេប៉ូ ដែលជាក្រុងធំទីពីរនៅស៊ីរី មួយថ្ងៃក្រោយពីមានការផ្ទុះគ្រាប់ដាក់ក្នុងទ្បាន២គ្រឿងក្នុងរដ្ឋធានីដាម៉ាស់ដែលបានបណ្តាលឱ្យមនុស្ស២៧នាក់ស្លាប់និងមានមនុស្សជាង១០០នាក់ទៀតត្រូវរបួស។ លីប៊ី៖ អង្គការប៉ូលីសអន្តរជាតិ បានចេញផ្សាយឯកសារព្រមានស្វះស្វែងចាប់ខ្លួននិងបញ្ជូនខ្លួនអតីតមេចារកម្មរបស់ម៉ូអាម៉ា ហ្កាដាហ្វី Moammar Gadhafi នៅក្រោយការចាប់ខ្លួនគាត់ក្នុងប្រទេស ម៉ូរីតានី Mauritanie។ យេម៉ែន៖ ក្រុមសកម្មប្រយុទ្ធយេម៉ែនមួយដែលមានចំណងទាក់ទងជាមួយពួក អាល់កៃដា និយាយថាពួកគេបានបាញ់សម្លាប់គ្រូបង្រៀនអាមេរិកាំងម្នាក់ក្នុងភាគខាងត្បូងនៃប្រទេស ពីព្រោះលោកបានផ្សព្វផ្សាយគ្រឹស្តសាសនា។ ពួកជនសកម្មប្រយុទ្ធដែលជិះម៉ូតូមួយគ្រឿងបានបាញ់បុរសនេះក្នុងរថយន្តរបស់លោកក្នុងក្រុង តៃស៍ កាលពីថ្ងៃអាទិត្យ។ ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាពួកប៉ូលីសឥណ្ឌូនេស៊ី បាននិយាយថាពួកប៉ូលីសប្រឆាំងភេរវកម្មបានសម្លាប់ជន៥នាក់ជាប់សង្ស័យថាជាភេរវជននៅក្នុងការវាយឆ្មក់២លើកកាលពីយប់ថ្ងៃអាទិត្យនៅលើកោះលំហែបាលី។ ហ្គីនី ប៊ីសូ៖ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកបោះឆ្នោតក្នុងប្រទេសហ្គីនី ប៊ីសូ Guinee Bissau នាប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកដែលមានរដ្ឋប្រហារញឹកញាប់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីម្នាក់។ អាល្លឺម៉ង់៖ ពួកសមាជិកសភានៃប្រទេសអាល្លឺម៉ង់បានបោះឆ្នោតជ្រើសតាំងលោកចូអាឈីម ហ្កូក Joachim Gauck ដែលជាអតីតសកម្មជនសិទ្ធិមនុស្សអាល្លឺម៉ង់ខាងកើតឱ្យកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |