VOA News: ព័ត៌មាន: “ប្រធាន​អ.ស.ប​ព្រួយបារម្ភ​ខ្លាំង​អំពី​គម្រោង​បាញ់​បង្ហោះ​ម៉ីសីល​របស់​កូរ៉េ​ខាងជើង” plus 3 more

VOA News: ព័ត៌មាន: “ប្រធាន​អ.ស.ប​ព្រួយបារម្ភ​ខ្លាំង​អំពី​គម្រោង​បាញ់​បង្ហោះ​ម៉ីសីល​របស់​កូរ៉េ​ខាងជើង” plus 3 more


ប្រធាន​អ.ស.ប​ព្រួយបារម្ភ​ខ្លាំង​អំពី​គម្រោង​បាញ់​បង្ហោះ​ម៉ីសីល​របស់​កូរ៉េ​ខាងជើង

Posted: 22 Mar 2012 07:33 AM PDT

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គី មូន (Ban Ki-moon) បាន​សម្តែង​​នូវ​ការ​ព្រួយ​កង្វល់​ដ៏​ជ្រាលជ្រៅ​អំពី​ផែនការ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បាញ់​បង្ហោះ​​ផ្កាយ​រណប​ចូល​គន្លង​ជុំវិញ​ផែនដី​ (earth orbit) ហើយ​លោក​បាន​សន្យា​ថា​នឹង​លើក​បញ្ហា​នេះ​ឡើង​នៅ​សន្និសីទ​សន្តិសុខ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្តាហ៍​ក្រោយ។

ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​បាន​មាន​ប្រសាសន៍​ថា​ការ​បាញ់​បង្ហោះ​មីស៊ីល​ជា​ការ​គំរាម​កំហែង​​សន្តិសុខ​ក្នុង​តំបន់​និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ជឿន​លឿន​នៅ​ពេល​ថ្មីៗ​នេះ​ដើម្បី​បញ្ចប់​ជម្លោះ​លើ​កម្មវិធី​នុយក្លេអ៊ែ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង។

លោក​បាន​បន្ថែម​ដូច្នេះ​ថា «ខ្ញុំ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ (កូរ៉េ​ខាង​ជើង) ទប់​កុំ​ធ្វើ​សកម្មភាព​​ណា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​​ដល់​សភាពការណ៍​និង​សន្តិភាព​និង​ស្ថេរភាព​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ហើយ​ការណ៍​នេះ​ជា​ការ​ប្រឆាំង​ស្មារតី​របស់​សហគមន៍​អន្តរជាតិ។»

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

<!--IMAGE-RIGHT-->

បារាំង៖ មន្រ្តី​បារាំង​និយាយ​ថា​ ជន​សង្ស័យ​សម្លាប់​មនុស្ស​៧​នាក់​បាន​ស្លាប់​ហើយ​បន្ទាប់​ពី​មាន​ភាព​មិន​ចាញ់​មិន​ឈ្នះ​អស់​រយៈពេល​ជាង​២៤​ម៉ោង​នៅ​ក្នុង​ទីក្រុង​ ទូលូស(Touslouse) នា​ភាគ​ខាង​ត្បូង​ប្រទេស​មក។

ម៉ាលី៖ ទាហាន​មិន​គោរព​មេបញ្ជាការ​នៅ​ក្នុង​ប្រទេស​ម៉ាលី​និយាយ​ថា ​ពួកគេ​បាន​បញ្ចប់​ការ​គ្រប់គ្រង​ដែល​ខ្វះ​សមត្ថភាព​របស់​ប្រធានាធិបតី​ អាម៉ាឌូ ទូម៉ានី ទួរ៉េ (Amadou Toumani Toure) ហើយ​បាន​លុប​ចោល​រដ្ឋធម្មនុញ្ញ​ជា​បណ្តោះ​អាសន្ន​របស់​ប្រទេស​ម៉ាលី​ដើម្បី​ប្រឆាំង​តវ៉ា​​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ងើប​បះបោរ​របស់​ពួក ទួរេគ (Tuareg) នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស។

ស៊ីរី៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon មាន​ប្រសាសន៍​ថា​​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​បញ្ជូន​សារ​«យ៉ាង​ច្បាស់»​ នៅ​ក្នុង​ការណ៍​ដែល​ខ្លួន​បាន​អនុម័ត​ឯកសារ​មិន​មាន​ចំណង​ផ្លូវ​ច្បាប់​មួយ ​ដែល​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​ស៊ីរី​ឲ្យ​អនុវត្ត​ផែនការ​បញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​របស់​ប្រទេស​នោះ។

ភូមា៖ នៅ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​ភូមា ទីភ្នាក់ងារ​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ បាន​រៀបចំ​​​សិក្ខាសាលា​ដើម្បី​ពិនិត្យ​មើល​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន។

ស.រ.អា/កូរ៉េ៖ ប្រធានាធិបតី លី ម៉្យុង បាក់ (Lee Myung-bak) នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ខិត​ចូល​កាន់​តែ​ជិត​​ដល់​ការ​ព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រីក​ចម្ងាយ​កាំជ្រួច​ផ្លោង​របស់​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង។

ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​ចុះ​ផ្សាយ​ផល​សល់លើស​ពី​ពាណិជ្ជកម្ម​ដែល​គេ​មិន​រំពឹង​ទុក​មួយ​​សម្រាប់​ខែ​កុម្ភៈ​ ដែល​ជា​ការ​បញ្ច្រាស​គ្នា​នឹង​រយៈពេល​៥​ខែ​ដែល​មាន​ការ​ខាត​បង់​យ៉ាង​ខ្លាំង។

ស.រ.អា៖ មនុស្ស​ជាង​១.០០០​នាក់​បាន​ដើរ​ជា​ក្បួន​​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ប្រឆាំង​តវ៉ា​ការ​បាញ់​សម្លាប់​ក្មេង​ជំទង់​អាមេរិកាំង​​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​កាល​ពី​ខែ​មុន​នៅ​ក្នុង​រដ្ឋ​ ហ្វ្លរីដា (Florida) ដោយ​អ្នក​ឃ្លាំមើល​ម្នាក់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

មេធាវី​ចិន​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​សច្ចាប្រណីធាន​សម្តែង​ភក្តីភាព​ចំពោះ​គណបក្ស​កុម្មុយនីស្ត

Posted: 22 Mar 2012 01:18 AM PDT

ចិន៖ ជា​លើក​ដំបូង​បង្អស់​ ក្រសួង​យុត្តិធម៌​ចិន​បាន​បញ្ជា​ឲ្យ​មេធាវី​ធ្វើ​សច្ចា​ប្រណីធាន​សំដែង​ភក្តីភាព​ចំពោះ​គណបក្ស​កុម្មុយនីស្ត។​ ចំណាត់ការ​នេះ​បាន​ធ្វើ​ឲ្យ​មេធាវី​សិទ្ធិ​មនុស្ស​ដែល​ការពារ​ក្តី​ពួក​អ្នក​រិះ​គន់​រដ្ឋាភិបាល​ផ្តាច់​ការ​នៅ​ក្រុង​ប៉េកាំង​មាន​កំហឹង​ជា​ខ្លាំង។​ សច្ចា​ប្រណិធាន​នេះ​តម្រូវ​ឲ្យ​មេធាវី​ «ធ្វើ​សេចក្តី​ប្តេជ្ញា​ថា​នឹង​បំពេញ​បេសកកម្ម​ពិសិដ្ឋ​ជា​អ្នក​តំណាង​ច្បាប់​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ប្រព័ន្ធ​សង្គម​និយម​តាម​លក្ខណៈ​ជា​ចិន»​ ឲ្យ​ស្មោះ​ត្រង់​នឹង​មាតុ​ប្រទេស​ និង​ប្រជារាស្រ្ត​ លើក​ស្ទួយ​ក្រុម​មេដឹកនាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ និង​ប្រព័ន្ធ​សង្គមនិយម។​

មេធាវី​ពី ហ្ស៊ីជាង​ បាន​ប្រាប់​ក្រុម​ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​របស់​វីអូអេ​ថា​ ពាក្យ​បញ្ជា​របស់គណកម្មាធិការ​គោល​នយោបាយ​និង​ច្បាប់​របស់​គណបក្ស​កុម្មុយនីស្ត​មាន​ភាព​ច្របូក​ច្របល់​តាំង​ពី​យូរ​មកហើយ។

<!--IMAGE-RIGHT-->

ភូមា៖ មន្រ្តី​អាមេរិកាំង​និង​អឺរ៉ុប​និយាយ​ថា​ អស់​លោក​បាន​ទទួល​សេចក្តី​អញ្ជើញ​ឲ្យ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ទៅ​មើល​ការ​បោះឆ្នោត​កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​ទី​១​ខែ​មេសា។​ ស្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក នៅ​ក្រុង​រ៉ង់ហ្គូន បាន​បញ្ជាក់​ប្រាប់​ វីអូអេ​ និង​អង្គការ​ផ្សាយ​ព័ត៌មាន​ដទៃ​ទៀត​ អំពី​សេចក្តី​អញ្ជើញ​នេះ​ កាល​ពី​ថ្ងៃ​ពុធ។ នៅ​ពេល​លោក​ស្រីអង់ឌ្រែន នុតស្មាន​ ថ្លែង​ថា​សហរដ្ឋអាមេរិក មាន​ការ​លើក​ទឹកចិត្ត​ចំពោះ​សេចក្តី​អញ្ជើញ​នេះ​ អាមេរិក​ក៏​មាន​សេចក្តី​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ការ​រៀបចំ​​ការ​បោះ​ឆ្នោត​នេះ។

ស៊ីរី៖ ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិបាន​អនុម័ត​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដើម្បី​គាំទ្រ​ផែនការ​របស់​លោក​ ខួហ្វី អាណាន់​ ប្រេសិត​របស់​អង្គការនេះ ​និង​សមាគម​ប្រទេស​អារ៉ាប់​ ដែល​មាន​គោល​បំណង​ចង់​បញ្ចប់​ការ​បះបោរ​មួយ​ឆ្នាំ​របស់​ប្រទេស​ស៊ីរី។​

បារាំង៖ កង​នគរបាល​បារាំង​កំពុង​ចរចា​ជា​មួយ​បុរស​ជាប់​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស៧​នាក់​ រួម​មាន​កុមារ​ជាតិជ្វីហ្វ​៣​នាក់​ នៅ​ក្នុង​សាលារៀន​មួយ​ក្នុង​ទី​ក្រុង​ទូលូ ​នាភាគ​និរតី។​

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ លោក​ មីតរ៉មនី​ បាន​ពង្រីក​ការ​នាំ​មុខ​របស់​លោក​ ក្នុង​ការ​ប្រកួត​ឲ្យ​បាន​ការ​តែង​តាំង​របស់​គណបក្ស​ នៅ​ពេល​ដែល​គូ​ប្រជែង​កៀក​បំផុត​របស់​លោក​ កំពុង​ផ្តោត​ទៅ​លើ​ការ​ប្រកួត​លើក​ក្រោយ​នៅភាគ​ខាង​ត្បូង​ ដែល​លោក​រ៉មនី មាន​ការ​លំបាក​ក្នុង​ការ​ប្រជែង​យក​អ្នក​គាំទ្រ។​

ម៉ាលី៖ បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​បាន​បញ្ឈប់​កម្មវិធី​ផ្សាយ​ក្នុង​រដ្ឋធានី​ នៅ​កន្លែង​ដែល​ក្រុម​ទាហាន​បាន​ធ្វើ​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​អំពី​ការ​បះ​បោរ។​

ហ្គីណេប៊ីសូ៖ នឹង​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​ផ្តាច់​ព្រាត់​មួយ​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ បន្ទាប់​ពី​គ្មាន​បេក្ខជន​ណាម្នាក់​បាន​ឈ្នះ​សម្លេង​ភាគ​ច្រើន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​​ទី​មួយ​ កាល​ពី​ថ្ងៃ​អាទិត្យ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ឌុចបញ្ជាក់ថាគឺប៉ុលពតនិងនួនជាមានអំណាចគ្រប់ផ្នែក

Posted: 21 Mar 2012 09:20 PM PDT

អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​មួយ​រូប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​នួន ជា​និង​ប៉ុល ​ពត ​គឺ​ជា​មេដឹកនាំ​តែ​ពីរ​នាក់​គត់​ដែល​ក្ដោបក្តាប់​អំណាច​ផ្តាច់​មុខ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

កាំង ​ហ្កេកអ៊ាវ​ហៅ​ឌុច​អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ ​គុក​ទួលស្លែង​បាន​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​របស់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ថា​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​បាន​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​គ្រប់​បែប​យ៉ាង។

«គឺ​បក្ស​កុម្មុយនិស្ដ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ប៉ុល ​ពត​នួន ​ជា។ ​គឺ​ពីរ​នាក់​ហ្នឹង​ដឹកនាំ​ដាច់ខាត​មិន​រា​ថយ​ទៅ​មុខ​ជានិច្ច​គ្រប់​ផ្នែក។ ​នគបាល​ក៏​ដឹកនាំ​ដោយ​ប៉ុល ​ពត ​នួន ​ជា ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ យោធា​ ក៏​ប៉ុល ​ពត ​នួន ជា»។

ការ​ផ្ដល់​សក្ខីកម្ម​របស់​ឌុច ​បែប​នេះ​ បន្ទាប់​ពី​លោក ​វីលាម ​ស៊្មីត ​សហ​ព្រះរាជ​អាជ្ញារង​បរទេស​ចោទ​សួរ ​ឌុច ​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​នៃ​បក្ស​កុម្មុយនិស្ដ​កម្ពុជា។

យ៉ាងណា​ក៏ដោយ ​នួន​ ជា ​ធ្លាប់​បាន​ឆ្លើយ​ប្រាប់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ថា​គាត់​ទទួល​បន្ទុក​ផ្នែក​អប់រំ​និង​មិន​ពាក់ព័ន្ធ​នឹង​អំណាច​យោធា​ឬ​ការ​ចាត់ចែង​របស់​ ប៉ុល ​ពត ​ទេ។

ឌុច ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពី​ខែ​មុន។ ​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលម៉ិញ​នេះ ​នួន ​ជា ​បាន​ខឹង​សម្បា​នឹង​ឌុច ​ហើយ​ចាត់​ទុក ​ឌុច ​ថា​ជា​សាក្សី​មិន​បាន​ការ។

ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​កម្ពុជា ​លោក ​សេង ​ប៊ុនឃាង ​អតីត​មេគុក​ទួលស្លែង​រូប​នេះ​​បាន​បញ្ជាក់​បន្ថែម​ពី​តួនាទី​របស់ ​នួន ​ជា ​ក្នុង​ការ​បញ្ជា​ឲ្យ​ចាប់​ប្រជាជន​ឬ​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ត្រូវ​សង្ស័យ​ជា​ខ្មាំង​ឬ​គិញ​យក​មក​ដាក់​គុក។
«គ្រប់​ពេល​វេលា ​ខ្ញុំ​បាន​ទទួល​ការណែ​នាំ​ពី ​ស៊ុន ​សេន។ ​នេះ​និយាយ​ពី​សកម្មភាព​មុន​ថ្ងៃ​១៥ ​សីហា ​ឆ្នាំ ​១៩៧៧ ​ហើយ​បន្ទាប់​មក​គឺ​បង​ទី​២ ​នួន​ ជា។ ​យ៉ាង​ម៉េច​ៗ ​សម្រេច​ មិន​ចាប់​នរណា​ គឺ​គាត់​គឺ​ជា​អ្នក​សម្រេច​ពី​ខាង​លើ។ ​ថា​ខាង​លើ​កំណត់​ហើយ ​ចប់។ ​ស ​២១ ​ត្រូវតែ​អនុវត្ត​រង់ចាំ​ចាប់​អ្នក​នេះ​ រង់ចាំ​ចាប់​អ្នក​នោះ ​ខាង​លើ​ជា​អ្នក​សម្រេច»។

ឌុច ​ក៏​បាន​រៀបរាប់​ផងដែរ​ថា ​ខ្មែរ​ក្រហម​បាន​កំណត់​សត្រូវ​របស់​ខ្លួន​តាម​កាលៈទេសៈ។

«សមាសភាព​ដែល​កំណត់​ថា​ជា​ខ្មាំង ​ក្រោយ​ឆ្នាំ​១៩៧០ ​កំណត់​គិញ​ជា​ធំ។ ​ក្រោយ​ឆ្នាំ​១៩៧៥​ កំណត់​អតីត​មន្ត្រី​រាជការ​និង​អតីត​ទាហាន​ប៉ូលិស​របស់​ លន់ ​ណល់ ​ជា​ធំ។ ​ហើយ​ដល់​ឆ្នាំ ​១៩៧៦ ​ជាពិសេស ​និយាយ​ពី​ខែ​១​ ឆ្នាំ​១៩៧៧ ​ដែល​បោសសម្អាត ​សម្រិត​សម្រាំង​កម្លាំង​ខាង​ដក»។

<!--AV-->

របប​កម្ពុជា​ប្រជាធិបតេយ្យ​ ពួក​ខ្មែរក្រហម​ បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច ​១,៧ ​លាន​នាក់​ចន្លោះ​ឆ្នាំ ​១៩៧៥ ​និង​ឆ្នាំ​១៩៧៩។ ​នួន ​ជា ​ខៀវ ​សំផន ​អៀង ​សារី​ និង​ អៀង ​ធីរិទ្ធ​ ប្រពន្ធ​របស់​គាត់​ ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ ដែល​នៅ​រស់រាន​មាន​ជីវិត​ប្រកប​ដោយ​ភាព​ចាស់​ជរា ​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ ក្នុង​សំណុំរឿង ​០០២។ ​ប៉ុន្ដែ​អៀង ​ធីរិទ្ធ​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ក្រុម​គ្រូពេទ្យ​សិន។

ដោយឡែក ​ប៉ុល ​ពត ​ដែល​ជា​មេ​ស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ ​កាល​ពី​ឆ្នាំ ​១៩៩៨ ​ក្រោយ​ពេល​ដែល​ក្រុម​ខ្មែរ​ក្រហម​ ខ្លួន​ឯង​ធ្វើ​ការ​កាត់ទោស​លើ​រូប​គាត់​ក្នុង​តំបន់​ជាប់​ព្រំដែន​ប្រទេស​ថៃ។ ​ឌុច ​នៅ​ថ្ងៃ​នេះ​ បាន​បញ្ជាក់​ថា ​ប៉ុល ​ពត ​គឺ​ជា​អ្នក​ទទួល​យក​មនោគម​វិជ្ជា​បែប​កុម្មុយនិស្ដ​ទ្រឹស្ដី​ម៉ាកឡេនីន​ នៃ​អតីត​សហភាព​សូវៀត​មក​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត៕

This posting includes an audio/video/photo media file: Download Now

ភូមា​ស្វែង​រក​ការគាំទ្រ​ពី​កម្ពុជា​ឱ្យ​លើកលែង​ទណ្ឌកម្ម​អន្តរជាតិ

Posted: 21 Mar 2012 07:17 PM PDT

ប្រទេស​ភូមា​បាន​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ស្របពេល​ដែល​ប្រទេស​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​របប​យោធា​កំពុង​ធ្វើ​កំណែ​ទម្រង់​ទៅ​រក​របប​ប្រជា​ធិបតេយ្យ​ក្រោម​ការ​គាបសង្កត់​ពី​អន្តរជាតិ។

ការស្វះស្វែង​រក​ការ​គាំទ្រ​នេះ​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​ប្រធានាធិបតី​ភូមា ​យូ ​ថេនសេន ​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ​រយៈពេល​ពីរ​ថ្ងៃ ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ។

បន្ទាប់​ពី​ជំនួប​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​អស់​រយៈពេល​ជាង​ពីរ​ម៉ោង​ នៅ​អគារ​វិមាន​សន្តិភាព ​លោក ​ខៀវ ​កាញ៉ារិទ្ធ ​អ្នក​នាំពាក្យ​ខាង​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​កាសែត​ថា ​លោក ​យូ ​ថេនសេន ​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​ ក្នុង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​ភូមា ​និង​គាំទ្រ​បេក្ខភាព​ប្រទេស​កម្ពុជា ​ឲ្យ​ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជាជាតិ។

«ឯកឧត្តម​ក៏​បាន​លើក​អំពី​ការ​រៀបចំ ​កំណែ​ទម្រង់ ​និង​ការ​សម្រួល​នយោបាយ ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ធ្វើ​ការ​ដោះលែង​លោកស្រី ​អង់ ​សានស៊ូជី ​ដោះលែង​អ្នកទោស​នយោបាយ។ ​ដូច្នេះ​ហើយ ​ប៉ុន្តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ទាន់​បាន ​លើកលែង​ទាំង​ស្រុង​ទេ។​ បែប​នេះ​ប្រទេស​មីយ៉ាន់ម៉ា ​កំពុង​តែ​ខិតខំ​តទៅ​ទៀត ​ពីព្រោះ​គេ​បាន​ឲ្យ​ថា ​សំខាន់ ​គេ​នឹង​រង់ចាំ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ»។

លោក ​យូ ​ថេនសេន ​កំពុង​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១ ​ហើយ​លោក​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ​ស្អែក​នេះ។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក ​យូ ​ថេនសេន ​លោក​បាន​ចូលក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​នៅ​ឯ​ព្រះបរម​រាជវាំង ​និង​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។

លោក ​ខៀវ ​កាញ៉ារិទ្ធ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ប្រទេស​ភូមា ​បាន​ស្មើសុំ​មន្ត្រី​ជាន់​ខ្ពស់​ពី​ប្រទេស​កម្ពុជា​ចំនួន​ពីរ​រូប ​និង​មន្ត្រី​សមាជិក​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ទៅ​សង្កេត​មើល​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា។

ប្រទេស​ភូមា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ពិសេស​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៣។

លោក ​ស៊ុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ការ​កែទម្រង់​ក្នុង​ប្រទេស​ភូមា ​គឺ​ជា​ហេតុការណ៍​មួយ​ខុស​ពី​ធម្មតា​ដែល​ពី​មុន​ប្រទេស​នេះ​ ធ្លាប់​ប្រើ​កម្លាំង​យោធា​របប​ផ្តាច់ការ​មក​ផ្លាស់​ប្តូរ​នយោបាយ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ មេដឹកនាំ​កម្ពុជា​អាច​នឹង​ទទួល​យក​ភាព​ប្រែប្រួល​ក្នុង​ប្រទេស​ភូមា​ដើម្បី​យក​មក​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

«ពីព្រោះ​ប្រទេស​កម្ពុជា​ហាក់បី​ជា​ធ្វើ​ចលនា​ផ្ទុយ​ពី​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​ប្រទេស​ភូមា ​ដោយ​ការ​គ្រប់គ្រង​ប្រទេស​របស់​យើង​ហ្នឹង​កាន់​តែ​មាន​ភាព​តឹងតែង​ទៅ។ ​មាន​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ហើយ​តួនាទី​គណបក្ស​ប្រឆាំង​ក៏​ត្រូវ​បាន​គាប​សង្កត់​ធ្ងន់ធ្ងរ​ហើយ​ដែល​កំពុង​ទទួល​ការ​ចោទ​ប្រកាន់​និង​រិះគន់​ពី​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អន្តរជាតិ​ផង​ដែរ»។

លោក ​ឈៀង ​វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​និង​សន្តិភាព​បាន​និយាយ​ថា​គ្រប់​នយោបាយ​អន្តរជាតិ​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ច្រើន​ដល់​ប្រទេស​ភូមា។ ​លោក​បាន​និយាយ​ថា ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ​ភូមា ​បាន​ទុក​ចិត្ត​ប្រទេស​កម្ពុជា​ ជាង​បណ្តា​ប្រទេស​ណា​ៗ ​ទាំង​អស់។

«ជា​ការណ៍​ល្អ​មួយ​ដែរ​កម្ពុជា​យើង ​និង​ភូមា ​មាន​ភាព​ស្អិត​រមួត​ផ្នែក​នយោបាយ​ និង​យុទ្ធសាស្ត្រ​ជាមួយ​គ្នា។ ​និយាយ​ចំៗ ​យើង​សំឡឹង​ទៅ​មើល​អនាគត​វែង​ឆ្ងាយ​ទាំង​អស់​គ្នា»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​យូ ​ថេនសេន​ នេះ ​លោក​ក៏បាន​សុំ​យាង​ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ប្រទេស​ភូមា​ នា​ពេល​ខាង​មុន​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!