VOA News: ព័ត៌មាន: “មេដឹកនាំបក្សប្រឆាំងកម្ពុជារិះគន់ការជ្រៀតជ្រែកចូលក្នុងសាលាក្តី” plus 1 more |
មេដឹកនាំបក្សប្រឆាំងកម្ពុជារិះគន់ការជ្រៀតជ្រែកចូលក្នុងសាលាក្តី Posted: 23 Mar 2012 07:38 AM PDT មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសកម្ពុជាដែលកំពុងរស់នៅនិរទេសខ្លួន បានរិះគន់រដ្ឋាភិបាលបច្ចុប្បន្នដោយចោទប្រកាន់ថា បានជ្រៀតជ្រែកដោយងងឹតងងល់ចូលក្នុងចេតនានានាក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមខ្មែរក្រហម។ លោក សម រង្ស៊ី បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយវីអូអេផ្នែកភាសាខ្មែរកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីក្នុងរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រួយបារម្ភនៅពេលដែលមានការស៊ើបអង្កេតច្រើនជាងករណីដែលមាននាពេលបច្ចុប្បន្ន។ ចៅក្រមស៊ើបអង្កេត Laurent Kasper-Ansermet បានលាឈប់ពីតំណែងកាលពីដើមសប្តាហ៍នេះដើម្បីជាការតវ៉ាហើយបានរៀបរាប់ពីការប្រឆាំងជាបន្តបន្ទាប់ចំពោះសិទ្ធិរបស់គាត់ពីសំណាក់ចៅក្រមស៊ើបអង្កេតកម្ពុជា។ លោកចៅក្រមដែលកាន់តំណែងមុនគឺលោក Siegfried Blunk ក៏បានលាលែងចេញដោយសារហេតុផលចូលជ្រៀតជ្រែកពីលោកយូ ប៊ុនឡេងដូចគ្នា។ លោកសម រង្ស៊ី បញ្ជាក់ថា បើមិនបញ្ឈប់ការចូលជ្រៀតជ្រែករបៀបនេះទេ កេរ្តិ៍ដំណែលសាលាក្តីនឹងបន្សល់ឱ្យមានអំពើហិង្សាក្នុងប្រទេសកម្ពុជាដដែល។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីសុខាភិបាលបានកំណត់ថា មរណភាពរបស់តារាចម្រៀងអាមេរិក គឺលោកស្រី វីតនី យូស្តុន (Whitney Houston) កាលពីខែមុនគឺដោយសារការលង់ទឹកដោយចៃដន្យនិងដោយសារឥទ្ធិពលនៃការប្រើប្រាស់ជាតិកូកាអ៊ីននិងជំងឺបេះដូង។ ស៊ីរី៖ សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មថ្មីលើក្រុមបក្ខពួកលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងខណៈពេលដែលមានការវាយប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងនៅទូទាំងប្រទេស។ អាហ្វហ្គានីស្ថាន៖ មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ព្រឹន្ទបាល Robert Bales ដែលរងការចោទប្រកាន់ថាបានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន១៧នាក់ក្នុងពេលបាញ់បោះដោយសេរីកាលពីថ្ងៃទី១១ ខែមិនា ក្នុងភូមិពីរនៃខេត្តកាន់ដាហារ នាភាគខាងត្បូងប្រទេស នឹងត្រូវតុលាការចោទប្រកាន់ពីបទល្មើសចំនួន១៧ទាក់ទងនឹងការធ្វើឃាតនេះ។ ម៉ាលី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសក្រុមទាហានម៉ាលីដែលងើបឡើងបះបោរក្តាប់យកអំណាចដោយបង្ខំពីរដ្ឋាភិបាលដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យ។ បារាំង៖ អាជ្ញាធរប៉ូលិសបារាំងបានចាប់ផ្តើមប្រមូលភស្តុតាងពីផ្ទះរបស់ជនសង្ស័យដែលបានធ្វើឃាតមនុស្សអស់ជាច្រើននាក់និងដែលត្រូវបានបាញ់សម្លាប់ក្នុងពេលប្រឈមមុខគ្នាអស់រយៈពេល៣២ម៉ោងក្នុងទីក្រុងទូលូស (Toulouse)។ អេហ្ស៊ីប៖ មន្ត្រីក្រសួងការបរទេសនិយាយថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យប្រគល់ជំនួយយោធាប្រចាំឆ្នាំដែលមានទឹកប្រាក់១.៣០០លានដុល្លារទៅឱ្យប្រទេសអេហ្ស៊ីប បើទោះបីជាមានការព្រួយបារម្ភថា ប្រទេសនេះនៅមិនទាន់ធ្វើការកែទម្រង់តាមលទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ក៏ដោយ។ អូស្ត្រាលី-អាស៊ី៖ ទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថា លោក Bob Carr រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីកំពុងធ្វើដំណើរទៅក្រៅប្រទេសលើកទីមួយក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស។ លោក Bob Carr មានគម្រោងឈប់នៅប្រទេសកម្ពុជា វៀតណាម និង សិង្ហបុរី។ អឺរ៉ុប៖ ការស្ទាបស្ទង់មតិសាធារណជនថ្មីមួយបង្ហាញថា ពលរដ្ឋអឺរ៉ុបទទូចសុំឱ្យសហភាពអឺរ៉ុបចាត់វិធានការខ្លាំងជាងមុន ក្នុងការធ្វើឱ្យប្រសើរឡើងដល់គុណភាពទឹកក្នុងបណ្តាប្រទេសសមាជិកទាំង២៧។ មានមនុស្សជិត៧០ភាគរយនៃពលរដ្ឋ២.៥០០នាក់ដែលបានគេបានសាកសួរកាលពីខែនេះនិយាយថា មានបញ្ហាធ្ងន់ធ្ងរជាច្រើនទាក់ទងនឹងការប្រើប្រាស់ទឹកក្នុងទ្វីបអឺរ៉ុប។ <!--AV--> This posting includes an audio/video/photo media file: Download Now |
បារំាងបានបាញ់សម្លាប់ជនជាប់សង្ស័យសម្លាប់មនុស្ស៧នាក់ Posted: 23 Mar 2012 12:51 AM PDT ជនជាប់សង្ស័យឈ្មោះ មូហាមីទ មឺរ៉ាហ អាយុ២៣ឆ្នាំ ដែលជាប់សង្ស័យពីបទសម្លាប់មនុស្ស៧នាក់នៅទីក្រុង ទូលូស្ស នៅភាគខាងត្បូងប្រទេសបារាំង បានបាត់បង់ជីវិត បន្ទាប់ពីកងកងកុម៉្មង់ដូ បារាំងបានវាយលុកចូលទៅក្នុងផ្ទះល្វែងរបស់ជននេះ។ លោក ហ្វ្រាងកូ មូលីន រដ្ឋអាជ្ញាបារាំងថ្លែងថា លោក មឺរ៉ាហ បានត្រូវគ្រាប់ចំក្បាលស្លាប់នៅលើដី ដោយសារកាំភ្លើងរបស់ប៉ូលីស នៅពេលលោកលោតចេញតាមបង្អួច ដៃកាន់កាំភ្លើង ហើយនៅតែបាញ់ជាបន្ត។ លោក Claude Gueant រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប៉ូលីសបានទទួលពាក្យបញ្ជាឲ្យព្យាយាមគ្រប់មធ្យោបាយដើម្បីចាប់ខ្លួនជនជាប់សង្ស័យឲ្យនៅរស់ជីវិត ហើយឲ្យបាញ់តែក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា ប៉ូលីសបានបាញ់តទៅវិញដើម្បីការពារខ្លួន នៅពេលជនជាប់សង្ស័យបានធ្វើការបាញ់យ៉ាងខ្លាំងពីបន្ទប់ទឹក ដែលបង្កប៉ូលីសពីរនាក់ត្រូវរងរបួសនៅក្នុងការបាញ់គ្នានេះ។ កូរ៉េខាងជើង៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គី មូន (Ban Ki-moon) នឹងលើករឿងនេះទៅនិយាយនៅក្នុងសន្និសីទកំពូលស្តីអំពីសន្តិសុខនុយគ្លេអ៊ែរនៅទីក្រុងសេអ៊ូល នៅសប្តាហ៍ក្រោយ លើផែនការរបស់កូរ៉េខាងជើងដែលចង់បង្ហោះផ្កាយរណបមួយចូលទៅក្នុងតារាវិថី ដែលត្រូវថាជាលេសមួយសម្រាប់ធ្វើការសាកល្បងប្រព័ន្ធដឹកនាំអាវុធនុយគ្លេអ៊ែរមួយនោះ ជាការគំរាមដល់សន្តិសុខក្នុងតំបន់ និងការរំលោភលើសេចក្តីសម្រេចចិត្តមួយរបស់អង្គការសហប្រជាជាតិដែលបានហាមក្រុងព្យុងយ៉ាង មិនឲ្យប្រើបច្ចេកវិជ្ជាកាំជ្រួចផ្លោងអន្តរទ្វីបនោះដែរ។ ចិន៖ ប្រទេសចិនបានការពារសេចក្តីសម្រេចឃុំខ្លួនអ្នកនេសាទត្រីជាតិវៀតណាម២១នាក់នៅក្នុងតំបន់មានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូង នៅជិតកោះ ផារ៉ាសែល បន្ទាប់ពីវៀតណាមបានអំពាវនាវឲ្យ មានការដោះលែង «ជាបន្ទាន់និងដោយឥតលក្ខខ័ណ្ឌ» ហើយថាការចាប់ខ្លួននេះជាការ«រំលោភធ្ងន់ធ្ងរ»ទៅលើការទាមទាររបស់ខ្លួនយកកោះទាំងនេះ ដែលវៀតណាមឲ្យឈ្មោះថា កោះ ហួងសា។ ភូមា៖ នៅក្នុងការសម្របសម្រួលគ្នាជាមួយរដ្ឋាភិបាលប្រទេសភូមា អង្គការយូនេស្កូបានធ្វើសិក្ខាសាលាមួយដើម្បីពិនិត្យមើលទំនាក់ទំនងរបស់រដ្ឋាភិបាលភូមាជាមួយបណ្តាញផ្សាយព័ត៌មាន។ យូនេស្កូនិយាយថា ការពិភាក្សាបានផ្តោតទៅលើការគោរពបទដ្ឋានអន្តរជាតិខាងសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសអំពីសិទ្ធិមនុស្សជាសាកល។ សហរដ្ឋអាមេរិក៖ ទាហានម្នាក់នៃកងម៉ារីនអាមេរិក ឈ្មោះ ការី ស្តែន កំពុងប្រឈមមុខនឹងលទ្ធភាពនៃការបណ្តេញចេញពីកងទ័ពចំពោះទំព័រ Facebook របស់គាត់ដែលរិះគន់ប្រធានាធិបតីអូបាម៉ា ពីបទរំលោភនយោបាយរបស់កងទ័ព។ តែលោក ស្តែន បាននិយាយថា លោកគ្រាន់តែអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញនៃការនិយាយស្តីដោយសេរីរបស់គាត់ ហើយគាត់មិនដែលនិយាយតំណាងឲ្យទាហានម៉ារីន ឬពេលស្លៀកពាក់ឯកសណ្នានទេ។ ម៉ាលី៖ អាមេរិកបានចូលរួមជាមួយក្រុមប្រទេសកាន់តែច្រើនឡើង ក្នុងការផ្តន្ទាទោសរដ្ឋប្រហារមួយរបស់ពួកទាហានបះបោរ លើលោកប្រធានាធិបតី អាម៉ាដូ ទួម៉ានី ទួរ នៃប្រទេស ម៉ាលី។ អាមេរិកបង្ហាញនូវចំហរគាំទ្ររដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយស្របច្បាប់របស់លោក ទួរនិងអំពាវនាវឲ្យមានការរៀបចំឲ្យមានការគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញឡើងវិញនៅក្នុងប្រទេសនោះ។ ស៊ីរី៖ ការវាយប្រយុទ្ធផ្ទុះឡើងជាថ្មីទៀតនៅពាសពេញប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលនិងក្រុមប្រឆាំង អនុវត្តផែនការសន្តិភាពមួយ ដែលប្រេសិតអង្គការនេះបានដាក់ស្នើដើម្បីបញ្ចប់ការបង្ហូរឈាមរបស់ក្រុមប្រឆាំង។ ក្រុមប្រឹក្សាសន្តិសុខបានគំរាមស៊ីរី អំពី«ជំហានបន្ថែម» បើសិនជាសេចក្តីស្នើសន្តិភាពប្រាំមួយចំណុចរបស់ប្រេសិតអន្តរជាតិ កូហ្វី អាណាន់ នឹងបានទទួលការបដិសេធ។ សហរដ្ឋអាមេរិក៖ នៅក្នុងទិវាទឹកពិភពលោកឆ្នាំ២០១២ លោកស្រីរដ្ឋមន្រ្តីការបរទេស ហ្លីលឺរី គ្លីនតុន បានបញ្ជាក់អំពីសារៈសំខាន់នៃការអាចមានធនធានទឹកប្រើប្រាស់។ លោកស្រីមានប្រសាសន៍ថា ការបានទទួលទឹកស្អាតប្រើប្រាស់ជាការចាំបាច់សម្រាប់សុខភាពនិងភាពលូតលាស់នៃសង្គម នៅពេលដែលរបាយការណ៍សម្ងាត់ថ្មីមួយរបស់អាមេរិក បានព្រមានអំពីគ្រោះថ្នាក់ខាងការខ្វះស្ថិរភាព ដែលកើតមានឡើងដោយសារការខ្វះទឹកប្រើប្រាស់ ក្នុងពេលមួយទសវត្សរ៍ខាងមុខ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |