VOA News: ព័ត៌មាន: “ហេឡូវីអូអេ ១៥ កុម្ភៈ ២០១២៖ ភាពយន្តខ្មែរនាំឲ្យមានការចាប់អារម្មណ៍ក្នុងមហោស្រពភាពយន្តអន្តរជាតិក្រុងប៊ែរឡាំង” plus 6 more |
- ហេឡូវីអូអេ ១៥ កុម្ភៈ ២០១២៖ ភាពយន្តខ្មែរនាំឲ្យមានការចាប់អារម្មណ៍ក្នុងមហោស្រពភាពយន្តអន្តរជាតិក្រុងប៊ែរឡាំង
- ប្រធានាធិបតីស៊ីរីកំណត់ថ្ងៃ២៦កុម្ភៈជាថ្ងៃធ្វើប្រជាមតិអំពីរដ្ឋធម្មនុញ្ញ
- ភេរវករជំនាញម្នាក់វាយប្រហារស្ថានទូតអ៊ីស្រាអែលនៅញូវដេលី
- និស្សិតព័ត៌មានអាមេរិកអនុវត្តទ្រឹស្តីនៅកម្ពុជា
- សមាជិកសភាអាមេរិកយល់ថាជាការណ៍ចាំបាច់ត្រូវមានសំណុំរឿងបន្ថែមទៀត
- កម្ពុជានិងថៃយល់ព្រមបន្តរុករកបង្គោលនិងបោះកំណត់ព្រំដែន
- តុលាការបញ្ចប់សំណុំរឿងទីមួយក្នុងពេលដែលអ្នកសង្កេតការណ៍ចោទសួរពីសំណុំរឿងបន្ថែមទៀត
Posted: 15 Feb 2012 12:52 PM PST នៅក្នុងមហោស្រពភាពយន្តអន្តរជាតិលើកទី៦២នៃទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ ដែលកំពុងធ្វើឡើងក្នុងទីក្រុងប៊ែរឡាំង ពីថ្ងៃទី៩ដល់ទី១៩កុម្ភៈខាងមុខនេះ មានការបញ្ចាំងភាពយន្តខ្មែរ៤រឿងផងដែរ។ លើសពីនេះទៅទៀត ក្រុមអ្នករៀបចំមហោស្រពភាពយន្តនេះ ថែមទាំងបានអញ្ជើញផលិតករកម្ពុជា៣នាក់ និងតារាភាពយន្តខ្មែរមួយរូបឲ្យមកចូលរួមផង។ រាត្រីនេះវីអូអេមានកិត្តិយសជួបជាមួយផលិតករ២រូប គឺលោក ឈូ ដាវី និង លោកទា លឹមគុណ ដើម្បីពិភាក្សាអំពីវិស័យខ្សែភាពយន្តខ្មែរជំនាន់មុននិងជំនាន់នេះ។ នេះជាលើកទីមួយហើយដែលមហោស្រពភាពយន្តអន្តរជាតិយ៉ាងធំមួយក្នុងពិភពលោក ចាប់អារម្មណ៍យ៉ាងខ្លាំងបែបនេះលើវិស័យភាពយន្តកម្ពុជា មួយផ្នែកធំគឺដោយសារខ្សែភាពយន្តឯកសារ Golden Slumbers របស់លោកដាវី ដែលនិយាយអំពីវិស័យខ្សែភាពយន្តកម្ពុជារបស់លោក។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com This posting includes an audio/video/photo media file: Download Now |
ប្រធានាធិបតីស៊ីរីកំណត់ថ្ងៃ២៦កុម្ភៈជាថ្ងៃធ្វើប្រជាមតិអំពីរដ្ឋធម្មនុញ្ញ Posted: 15 Feb 2012 09:10 AM PST ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីថ្លែងថា ប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad) បានដាក់ពេលកំណត់ការធ្វើប្រជាមតិជាតិនៅថ្ងៃទី២៦ ខែកុម្ភៈ ទៅលើរដ្ឋធម្មនុញ្ញថ្មី។ លោកប្រធានាធិបតីបានសន្យាអំពីការបោះឆ្នោតប្រជាមតិនោះ នៅក្នុងសន្ទរកថាមួយកាលពីខែមករា ដោយនិយាយថា ឯកសារថ្មីនោះនឹងផ្ដោតមកលើប្រព័ន្ធពហុបក្ស។ រដ្ឋាភិបាលស៊ីរីបានយល់ព្រមលើច្បាប់នោះ កាលពីខែកក្កដាដោយអនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយដទៃទៀត ក្រៅពីគណបក្សកំពុងកាន់អំណាច បាអាត (Ba'ath) ដែលឡើងកាន់អំណាចកាលពីឆ្នាំ១៩៦៣។ ទន្ទឹមនឹងនេះ សកម្មជនការពារសិទ្ធិមនុស្សបាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានបើកការវាយប្រហារនៅថ្ងៃពុធនេះមកលើទីក្រុងហូម (Homs)។ ពួកគេបាននិយាយថាទាហានរដ្ឋាភិបាលបានវាយលុកចូលទៅក្នុងតំបន់គេហដ្ឋានឯកជនហើយបានកាត់បណ្ដាច់ខ្សែទូរស័ព្ទ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ <!--IMAGE-RIGHT--> អ៊ីរ៉ង់៖ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់ពីអ៊ីស្រាអែល ថាខ្លួនស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារនៅក្នុងរាជធានីបាងកកនៃប្រទេសថៃ និងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដាក់រថយន្ដរបស់អ្នកការទូតអ៊ីស្រាអែលនៅក្នុងប្រទេសឥណ្ឌានិងប្រទេសហ្សកស៊ី (Georgia)។ ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិន កាលពីថ្ងៃពុធបានសរសេរប្រើពាក្យសរសើរខ្លាំងនៅពេលទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានាធិបតីចិន លោក ហ្សី ជីនពីង (Xi Jinping) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានពិពណ៌នាទំនាក់ទំនងចិននិងស.រ.អ ថាមានសារៈសំខាន់ខ្លាំងបំផុតនៅក្នុងពិភពលោក។ ចិន៖ ប្រទេសចិនបានផ្ដល់ការជំរុញលើកទឹកចិត្តដល់រូបិយវត្ថុអឺរ៉ូដែលមានបញ្ហានៅពេលទស្សនកិច្ចមួយរបស់មេដឹកនាំសហភាពអឺរ៉ុបក្នុងរដ្ឋធានីប៉េកាំង។ ស.រ.អ៖ អ្នកតាក់តែងច្បាប់ស.រ.អបានព្រមព្រៀងលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដើម្បីបន្ដការកាត់ពន្ធដារមកលើប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗសម្រាប់អ្នកគ្មានការងារធ្វើ រហូតដល់ចុងឆ្នាំ២០១២។ អេហ្ស៊ីប៖ កាសែតរដ្ឋ អាល់ អាហរាម (al-Ahram) របស់អេហ្ស៊ីបនិយាយថា ការបោះឆ្នោតប្រធានាធិបតីលើកទីមួយចាប់តាំងពីអតីតមេដឹកនាំយូរអង្វែង ហូសនី មូបារ៉ាក់ (Hosni Mubarak) បានធ្លាក់ចេញពីតំណែងនឹងប្រព្រឹត្ដធ្វើនៅចុងខែឧសភានេះ។ អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់និយាយថា អ៊ីរ៉ង់បានស្ថាបនាម៉ាស៊ីនបំបែកធាតុវីលីន (centrifuges) ថ្មីមួយ ដើម្បីចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម។ ស៊ូដង់៖ កិច្ចចរចាដើម្បីបញ្ចប់ជម្លោះដណ្ដើមប្រេងដ៏ជូរចត់រវាងប្រទេសស៊ូដង់ខាងជើងនិងស៊ូដង់ខាងត្បូងបានត្រូវបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ ហុងឌូរ៉ាស៖ ពួកមន្ដ្រីនិយាយថាអ្នកទោសប្រមាណ ២៧២នាក់បានស្លាប់ក្នុងគុកដោយសារអគ្គីភ័យក្នុងកណ្តាលប្រទេសហុងឌូរ៉ាស (Honduras) កាលពីថ្ងៃពុធនេះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ភេរវករជំនាញម្នាក់វាយប្រហារស្ថានទូតអ៊ីស្រាអែលនៅញូវដេលី Posted: 15 Feb 2012 12:19 AM PST ឥណ្ឌា៖ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសឥណ្ឌាបាននិយាយថាការដាក់បង្កៃគ្រាប់បែកកាលពីថ្ងៃច័ន្ទដើម្បីបំផ្ទុះរថយន្តមួយគ្រឿងរបស់ស្ថានទូតអ៊ីស្រាអែល ត្រូវបានធ្វើទ្បើងដោយភេរវជនដែលមានការហ្វឹកហ្វឺនយ៉ាងល្អម្នាក់។ ការវាយប្រហារនេះបានបណ្តាលឱ្យភរិយាអ្នកការទូតអ៊ីស្រាអែលម្នាក់ត្រូវរបួស និងបានកើតទ្បើងនៅក្នុងសង្កាត់មួយដែលមានសន្តិសុខបំផុតក្នុងក្រុងញូវ ដេលី។ ចិន៖ ប្រទេសចិននិយាយថាខ្លួនប្រុងប្រៀបជាស្រេចដើម្បីលូកដៃចូលក្នុងការជ្រោមជ្រែងដោះស្រាយវិបត្តិបំណុលនៃទ្វីបអឺរ៉ុប«ខ្លាំងជាងមុន»។ ថៃ៖ អាជ្ញាធរថៃបាននិយាយថាបុរសអ៊ីរ៉ង់ម្នាក់បានកាន់គ្រាប់បែកមួយគ្រាប់និងបំផ្ទុះគ្រាប់បែកនេះនាំឱ្យកំបុតជើងគាត់និងបង្កដល់របួសមនុស្ស៤នាក់ទៀតនៅក្នុងការបំផ្ទុះបីលើកបន្តបន្ទាប់គ្នាកាលពីថ្ងៃអង្គារនៅក្នុងក្រុងបាងកក។ ពួកមន្ត្រីរដ្ឋាភិបាលនិយាយថាការបំផ្ទុះទីមួយបានកើតមានទ្បើងនៅក្នុងផ្ទះមួយដែលបុរសនេះបានជួលក្នុងផ្នែកកណ្តាលនៃរាជធានីនៃប្រទេសថៃ។ ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានធានាចំពោះលោកអនុប្រធានាធិបតីចិន ស៊ី ជីងពីងXi Jinping ថាស.រ.អ.ស្វាគមន៍សន្ទុះទ្បើងនៃប្រទេសចិនក្នុងពិភពលោក ប៉ុន្តែលោកបានមានប្រសាសន៍ថាប្រទេសទាំងអស់ត្រូវគោរពតាមគោលការណ៍បញ្ញត្តិដូចគ្នាលើសេដ្ឋកិច្ចនិងសិទ្ធិមនុស្ស។ លោកប្រធានាធិបតីអូបាម៉ាបានជួបជាមួយលោកស៊ីXi នៅក្នុងការិយាល័យរាងពងក្រពើដែលនៅទីនោះឥស្សរជនទាំងពីរនាក់នេះបានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ។ ស៊ីរី៖ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានធ្វើការវាយលុកជាថ្មីទៅលើក្រុងហូមHoms ដែលមានចលាចលនៅក្នុងអ្វីដែលពួកសកម្មជននិយាយថាជាការបាញ់បន្តក់ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីមានការព្រមានមួយពីប្រធានខាងសិទ្ធិមនុស្សនៃអ.ស.ប.ដែលនិយាយថាការវាយប្រហារនេះសន្មតថាជា«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។» ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាននិយាយថាខ្លួនអនុញ្ញាតជាបណ្តោះអាសន្នបានឱ្យអង្គការអូតង់ ដឹកជញ្ជូនម្ហូបអាហារដែលស្រស់អាចឆាប់ខូច ទៅឱ្យក្រុមទាហានខ្លួនក្នុងប្រទេសអាហ្វហ្កានីស្ថានដែលនៅជិតខាង។ ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់ខាងត្បូងបានចោទប្រកាន់ប្រទេសស៊ូដង់ថាបានធ្វើការវាយប្រហារតាមអាកាសទៅលើក្រុងមានជម្លោះមួយក្នុងរយៈពេលតែ២ថ្ងៃក្រោយពីប្រទេសជិតខាងទាំងពីរនេះបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនឈ្លានពានគ្នាមួយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
និស្សិតព័ត៌មានអាមេរិកអនុវត្តទ្រឹស្តីនៅកម្ពុជា Posted: 14 Feb 2012 08:06 PM PST និស្សិតសាលាព័ត៌មានហ្គ្រែឌី (Grady) នៃសាកលវិទ្យាល័យដ្យរដ្យា (Georgia) សហរដ្ឋអាមេរិកបានរៀនពីបទពិសោធអនុវត្តផ្ទាល់រយៈពេលបីសប្តាហ៍កន្លះតាមរយៈកម្មវិធី Travel Writing in Cambodia។ នេះបើតាមសម្តីរបស់គ្រូជំនួយ ប្រៃអិន គ្រីច (Brian Creech)។ «គោលបំណងនៃការធ្វើដំណើរនេះគឺធ្វើឲ្យមានបទពិសោធដែលទាក់ទងនឹងអ្វីដែលអ្នកយកព័ត៌មានអាជីពត្រូវធ្វើ»។ កម្មវិធីTravel Writing in Cambodia នៃសាកលវិទ្យាល័យដ្យរដ្យា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ដោយសាស្ត្រាចារ្យ ចន ហ្គ្រីនមែន (John Greenman) ដែលយល់ឃើញថា កម្ពុជាមានវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលភាពសម្បូរបែបនេះអាចជួយនិស្សិតឲ្យរកបាននូវរឿងល្អៗសម្រាប់សរសេរ។ លោកមានប្រសាសន៍ថា វាជាគោលបំណងរបស់សាកលវិទ្យាល័យដ្យរដ្យាក្នុងការផ្តល់ឱកាសធ្វើដំណើរទៅបរទេស និងសរសេរ ដល់និស្សិតរបស់ខ្លួនចំនួន២៥ភាគរយ។ លោកបានបា្រប់វីអូអេថា កម្មវិធីគឺជាឱកាសសម្រាប់អ្នកយកព័តមានថ្មីៗក្នុងការសរសេរអំពីប្រធានបទជាច្រើន។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា និស្សិតនៅក្នុងកម្មវិធីនេះប្រៀបបានទៅនឹងអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិ។ «យើងចង់សរសេរអំពីយុវជនយុវនារីដែលតស៊ូដើម្បីការអប់រំថ្នាក់ឧត្តមសិក្សា អំពីស្ត្រីសហគ្រិនដែលខ្ចីលុយតិចតួចដើម្បីបើកក្រុមហ៊ុន អំពីក្មេងប្រុសជនបទក្រីក្របួសរៀន ហើយពេលបានចំណេះសឹកទៅវិញ អំពីបុរសស្រ្តីបាត់បង់ជើងដោយសារគ្រាប់មីន និងអំពីវប្បធម៌ដែលវិវត្តន៍នៅតាមបណ្តោយបឹងទន្លេសាប ។ល។»។ កម្មវិធីនេះសហការជាមួយក្រុមហ៊ុនJourney Within នៅខេត្តសៀមរាប។ ក្រុមហ៊ុនបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា «ធ្វើដំណើរក្នុងសហគមន៍យើង» ដែលមានគម្រោងជាច្រើន។ លោក ផៃ ណូឡា ប្រធានទេសចរណ៍នៃក្រុមហ៊ុនJourney Within ជួយសម្រួលការធ្វើដំណើររបស់និស្សិតនៃកម្មវិធីTravel Writing in Cambodia។ លោកនិយាយថា កម្មវិធីនេះសំខាន់ណាស់សម្រាប់សហគមន៍នៅសៀមរាប។ លោកណូឡា បញ្ជាក់ថា និស្សិតអាមេរិកមិនត្រឹមតែបង្រៀនភាសាអង់គ្លេស ទឹកស្អាត និងអនាម័យ ដល់សហគមន៍ប៉ុណ្ណោះទេ តែថែមទាំងសរសេរអំពីសហគមន៍ផ្សាយទៅពិភពខាងក្រៅទៀតផង។ «មិនត្រឹមតែការទស្សនាប្រាសាទបូរាណនៅក្នុងតំបន់អង្គរក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ពួកគាត់បានជួយយ៉ាងច្រើនទៅលើសហគមន៍ទាំងផ្នែកសុខភាព ដូចជាការលាងដៃ ការប្រើប្រាស់ទឹកស្អាត ការដុះសម្អាតធ្មេញ ថែរក្សាខ្លួនប្រាណជាដើម»។ មិនតែប៉ុណ្ណោះទាក់ទងនឹងការសិក្សាក៏ដូចគ្នា គាត់បានមកជួយបង្ហាត់បង្រៀនផ្ទាល់ដល់សិស្សអាហារូបករណ៍ដែលជាគ្រូបង្គោលក្នុងការបង្រៀនសិស្សដទៃទៀតដើម្បីឲ្យគាត់មានជំនាញក្នុងការផ្តល់ការសិក្សាហ្នឹងទៅដល់កូនសិស្សជំនាន់ក្រោយៗផ្សេងទៀត»។ គ្រូជំនួយលោកប្រៃអិន គ្រីច និយាយថា លោកប្រៀបដូចជាអេប៉ុងដែលបឺតយកអ្វីៗគ្រប់យ៉ាង។ លោកថា កម្ពុជាគឺជាទី គួរឲ្យចាប់អារម្មណ៍ដែលមានរឿងជាច្រើនត្រូវសរសេរ។ លោកបញ្ជាក់ថា រឿងទាំងឡាយដែលលោកជួបប្រទះទាក់ទងនឹងការណ៍ពិត។ អត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រអស្ចារ្យណាស់សម្រាប់លោក។ «ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបគឺទីកន្លែងដ៏ល្អសម្រាប់កម្មវិធីដូចនេះ។ ភាគច្រើនគឺដោយសារវាពេញដោយរឿង ពេញដោយវប្បធម៌ពេញដោយព័ត៌មាន។ សម្រាប់អ្នកដែលចាប់អារម្មណ៍ខាងផ្នែកព័ត៌មាន វាជាទីកន្លែងដ៏អស្ចារ្យ។ គ្រាន់តែនិយាយជាមួយប្រជាពលរដ្ឋ ស្តាប់រឿងរ៉ាវដែលមាន។ វាមិនមែនជាកន្លែងពិបាកសម្រាប់ជនបរទេសដែលត្រូវយល់ពីរឿងគួរឲ្យចាប់អារម្មណ៍នោះទេ»។ លោក សាមុន រ៉េយ (Sumon Ray) ដែលនិស្សិតឆ្នាំបញ្ចប់ផ្នែកព័ត៌មាននៃសាកលវិទ្យាល័យដ្យរដ្យា និងដែលបានទៅ កម្ពុជាតាមរយៈកម្មវិធីនេះនៅឆ្នាំ២០១១ សរសរអំពីភាពជាបុរសស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ លោកនិយាយថា កម្មវិធីនេះបានបង្ហាញសារៈសំខាន់នៃបទពិសោធន៍។ លោកថា បទពិសោធន៍បានបង្រៀនលោកអំពីការសា្រវជ្រាវ និងដំណើរការ ធ្វើការដោយឯករាជ្យ និងជាក្រុម ហើយនឹងរឿងជាច្រើនដែលមិនអាចធ្វើបានបើមិនមានផែនការ។ លើសពីអ្វីដែលលោកបានឃើញ លោកថាកម្មវិធីនេះធ្វើឲ្យលោកមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកមូលដ្ឋាន និងស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់លោកផ្ទាល់។ «ខ្ញុំរៀនបានច្រើនពីប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំរៀនអំពីឃ្លាដែលគេតែងតែប្រើ "ដូចគ្នា តែខុសគ្នា"។ វាពិតណាស់ថា អ្នកដឹងថាយើងទាំងអស់គ្នាដូចគ្នាក្នុងនាមជាមនុស្ស ប៉ុន្តែក្នុងពេលជាមួយគ្នានោះ យើងខុសគ្នា ហើយក្នុងពេលជាមួយគ្នានោះយើងអាចរស់នៅជាមួយគ្នាបានដោយសុខដុមរមនា»។ លោកភីត ម៉ាក់ដូណលដ៍ (Pete McDonald) ដែលជានិស្សិតឆ្នាំបញ្ចប់ខាងព័ត៌មាន និងដែលបានទៅកម្ពុជាតាមរយៈកម្មវិធី Travel Writing in Cambodia នៅឆ្នាំ២០១១ សរសេរអំពីផលប៉ះពាល់នៃការបាញ់កាំភ្លើងកំសាន្តនៅក្រៅក្រុងសៀមរាប។ លោកភីត បានប្រាប់វីអូអេថា ការធ្វើដំណើរទៅកម្ពុជាគឺជាបទពិសោធដ៏អស្ចារ្យ ដែលបានជួយគាត់ឲ្យរៀបចំខ្លួនសម្រាប់ជីវិតវិជ្ជាជីវៈនាពេលអនាគត។ «អាជីពណាដ៏ដោយដែលខ្ញុំនឹងមាន ការដែលមានបទពិសោធដូចនេះ ដែលផ្តល់ឱកាសដល់អ្នកឲ្យបានឃើញវប្បធម៌ផ្សេងៗ ស្វែងយល់អំពីរបៀបដែលមនុស្សផ្សេងៗប្រាស្រ័យទាក់ទងគ្នា ភាសាដែលគេប្រើ អ្វីដែលសំខាន់សម្រាប់គេ របៀបរស់នៅរបស់គេដែលខុសពីរបៀបរស់នៅរបស់យើងនៅអាមេរិក។ ការយល់ដឹងអំពីរឿងទាំងនេះនឹងជួយនៅក្នុងវិស័យជាច្រើន។ ខ្ញុំពិតជាយល់ថា បទពិសោធន៍វប្បធម៌នេះនឹងជួយខ្ញុំនៅគ្រប់កន្លែងដែលខ្ញុំនៅ»។ និស្សិតនៅក្នុងកម្មវិធីត្រូវចូលថ្នាក់ពេលព្រឹកដើម្បីរៀនបច្ចេកទេសនៃការសរសេរព័ត៌មាន និងដាក់ផែនការក្នុងការអនុវត្តបច្ចេកទ្ទេស។ ពួកគេបានទស្សនាកន្លែងប្រវត្តិសាស្ត្រនៅខេត្តសៀមរាប និងភ្នំពេញ។ ក្នុងរយៈពេលបីសប្តាហ៍ និស្សិតត្រូវសរសេរអត្ថបទប្រហែលប្រាំ ឬប្រាំមួយដោយផ្អែកលើអ្វីដែលគេបានឃើញ។ សម្រាប់គម្រោងចុងក្រោយ និស្សិតម្នាក់ៗត្រូវសរសេរអត្ថបទវែងមួយអំពីប្រធានបទដែលគេជ្រើសរើស។ អត្ថបទទាំងនោះត្រូវបានផ្សាយតាមអ៊ីនធឺណិតដែលមានអាសយដ្ឋានៈ travelwritingincambodia.wordpress.com This posting includes an audio/video/photo media file: Download Now |
សមាជិកសភាអាមេរិកយល់ថាជាការណ៍ចាំបាច់ត្រូវមានសំណុំរឿងបន្ថែមទៀត Posted: 14 Feb 2012 05:08 PM PST សមាជិកសភាអាមេរិកាំងម្នាក់ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Ed Royce មកពី គណបក្សសាធារណរដ្ឋបញ្ចេញប្រតិកម្មចំពោះការកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមក្នុងសំណុំរឿង០០១ និងដំណើរការនៃសំណុំរឿងផ្សេងៗទៀត។ លោក សុខ ខេមរា នៃ វីអូអេ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានទាក់ទងលោក សមាជិកសភា Ed Royce តាមសារអេឡិកត្រូនិកកាលពីថ្ងៃពុធសប្តាហ៍មុន។ ខាងក្រោមនេះជាសំណួរចម្លើយរវាងលោកសុខ ខេមរានិងលោកEd Royce៖ សុខខេមរា៖តើការបញ្ចប់សំណុំរឿងដំបូងអាចចាត់ទុកថាជាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះជាច្រើនលាននាក់ ហើយនឹងជាការដែលបញ្ជាក់ថានិទណ្ឌភាពឬភាពគ្មានទោសពៃរ៍ត្រូវបញ្ចប់ទេ ក្នុងប្រទេសកម្ពុជា? លោក Ed Royce៖ ការបញ្ចប់ការកាត់ទោសសំណុំរឿងទី១គឺជាជំហានដ៏ល្អដំបូងឆ្ពោះទៅកាន់យុត្តិធម៌។ ក្នុងថានៈជាប្រធានគុក ស២១ដ៏ឃោរឃៅនៃរបបខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅឌុចជាអ្នកទទួលខុសត្រូវចំពោះការឃុំឃាំង ការធ្វើទារុណកម្មនិង ពិឃាតពលរដ្ឋកម្ពុជាប្រមាណ១២.០០០នាក់។ ការកាត់ទោសឌុចពីបទឧក្រិដ្ឋកម្មដ៏គួរឲ្យតក់ស្លុតគឺជាជំហានទី១ក្នុងដំណើរការផ្សះផ្សារផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយបញ្ហានេះមិនមែនជាការបញ្ចប់និទណ្ទភាពក្នុងប្រទេសកម្ពុជាទេ។ ដូចជាខ្ញុំបានសរសេរទៅកាន់លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អា ហ៊ីលឡារី គ្លីនតុន ថា«ឥទ្ធិពលរបស់រដ្ឋាភិបាលកម្ពុជាដែលគេមើលឃើញចំពោះដំណើរការនៃសំណុំរឿង២ទៀតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគឺជាក្តីបារម្ភដ៏ធំធេងផងដែរ។ ការទាត់ចោល សំណុំរឿង០០៣ និង០០៤ ពិតជាធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពេញ ចិត្ត។ លោកបានប្រកាសជាសាធារណៈថាគ្មានជនសង្ស័យបន្ថែមទៀតណា ត្រូវកាត់ទោស ដោយសាលាក្តីខ្មែរក្រហមទេ»។ នៅមានជនជាច្រើនទៀត ដែលបទឧក្រិដ្ឋរបស់ពួកគេមានកម្រិតដូចជាឌុច ហើយកំពុងរង់ចាំថ្ងៃរបស់ពួកគេមកដល់ក្នុងសាលាក្តីខ្មែរក្រហម។ ជារឿងចាំ បាច់ដែលជនទាំងនោះត្រូវនាំមកកាត់ទោសចំពោះបទឧក្រិដ្ឋរបស់ពួកគេដូចគ្នាដែរ។ សុខ ខេមរា៖ តើការកាត់ទោសសំណុំរឿងដំបូងនេះមានន័យយ៉ាងដូចម្តេចសម្រាប់ជនរងគ្រោះ និងពិភពលោក? លោកEd Royce៖ ក្រុមគ្រួសារនិងសាច់ញាតិដែលនៅរស់រានពីចំនួនដែលត្រូវសម្លាប់២លាននាក់ ក្រោមរបបកុម្មុយនិស្តចង់បានយុត្តិធម៌។ សាលក្រមដាក់ទោសឌុចជាជំហានល្អមួយឆ្ពោះទៅកាន់ការផ្សះផ្សារផ្លូវចិត្ត។ ជាការណ៍ពិត វិសាលភាពនៃការកាត់ទោស សំណុំរឿងនេះបានរាលដាលហួសពីប្រទេសកម្ពុជា។ ពិភពលោកកំពុងសំឡឹងមើល ហើយអ្នកកាន់អំណាចផ្តាច់ការនានាក្នុងពិភពលោកត្រូវគេបញ្ជូនសារមួយថាទង្វើរបស់ពួកគេត្រូវមានផលវិបាកជាច្រើន។ សុខ ខេមរា៖ តើការបញ្ចប់សំណុំរឿងទី១ជាការជួយដល់ដំណើរការផ្សះផ្សារនិងព្យាបាលផ្លូវចិត្តទេ? លោក Ed Royce៖ វាពិតជាជួយដល់ការព្យាបាលផ្លូវចិត្តមែន ខណៈពេលដែលសំណុំរឿងដំបូងបានបញ្ចប់។ តែគ្មានអ្វីអាចព្យាបាលភាពតក់ស្លុតដែលពលរដ្ឋកម្ពុជាបានរងការឈឺចាប់ឲ្យបានពេញលេញទេ។ ទោះជាយ៉ាងណាក៏ដោយការកាត់ទោសបទឧក្រិដ្ឋកម្មសង្គ្រាមពិតជាបម្រើដល់គោលបំណងនៃការបង្កើតឲ្យមានការទទួលខុសត្រូវនិងជាការកាត់ទោសប្រកបដោយក្តីសង្ឃឹមថានឹងធ្វើឲ្យមានការខ្លាចញញើត។ ខ្ញុំចង់ឃើញផងដែរថារដ្ឋាភិបាលកម្ពុជាតែងតាំងចៅក្រមថ្មីដោយគ្មានការពន្យាពេលដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ Siegfried Blunk ដែលបាន លាឈប់កាលពីខែតុលាឆ្នាំទៅ។ នេះជារឿងសំខាន់ណាស់ដែលសំណុំរឿង ០០៣ និង០០៤ ដំណើរការទៅមុខដ៏ឆាប់ៗ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជានិងថៃយល់ព្រមបន្តរុករកបង្គោលនិងបោះកំណត់ព្រំដែន Posted: 14 Feb 2012 04:54 PM PST ប្រទេសកម្ពុជានិងថៃបានបញ្ចប់កិច្ចចរចាព្រំដែនរយៈពេលពីរថ្ងៃនៅថ្ងៃអង្គារនេះដោយបញ្ជាក់ពីភាពជោគជ័យក្នុងការចាប់ផ្តើមបន្តរុករកនិងបោះបង្គោលព្រំដែន ជាមួយគ្នា នៅថ្ងៃទី៥ខែមិនា ក្រោយពីខកខានមួយរយៈពេលដោយសារជម្លោះ ព្រំដែន។ នេះបើតាមការ អះអាងរបស់លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធាន គណៈកម្មការព្រំដែនកម្ពុជាដែលបានដឹកនាំគណៈប្រតិភូ ទៅចរចាក្នុងប្រទេស ថៃហើយបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទក្រោយពេលបញ្ចប់កិច្ចចរចា។ «អ្វីដែលមានជាឧបសគ្គពីមុនៗមកលែងមានទៀតហើយ»។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថាច្បាប់រដ្ឋធម្មនុញ្ញប្រទេសថៃដែលរារាំង ក្រុមអ្នកបច្ចេកទេសក្នុងការបន្តចរចារឿងព្រំដែននោះលែងជាបញ្ហាហើយ។ លោក វ៉ា គឹមហុងបានអះអាងថាក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បានព្រម ព្រៀងគ្នាជាច្រើនចំណុចដូចជាត្រូវនឹងចុះវាស់វែងរុករកបង្គោលព្រំដែនជាមួយ គ្នាពីបង្គោលលេខ ១ ដល់ ២៣ក្នុងតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ បន្ត បោះបង្គោលជាមួយគ្នា ហើយនឹងចុះសិក្សារួមគ្នាពីការបើកច្រកទ្វារអចិន្ត្រៃយ៍ នៅតំបន់ស្ទឹងបទខេត្តបន្ទាយមានជ័យនិងការថតរូបផែនទីពីលើអាកាស ផងដែរ។ ប្រទេសកម្ពុជានិងថៃខកខានក្នុងការបោះបង្គោលព្រំដែនជាច្រើនឆ្នាំហើយ តាំងពីកម្ពុជានិងថៃមានជម្លោះព្រំដែនជាមួយគ្នាដែលឈានដល់ការផ្ទុះអាវុធ ផ្តាច់ផ្តិលជីវិតមនុស្ស ក្រោយពេលដែលកម្ពុជាបានដាក់បា្រសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែកក្កដាឆ្នាំ២០០៨។ ក្រុមបច្ចេកទេសកម្ពុជានិងថៃពុំបានជជែកគ្នាពីបញ្ហាជម្លោះនៅតំបន់ប្រាសាទ ព្រះវិហារទេដោយចាត់ទុកថានោះគឺជាយុត្តាធិការរបស់តុលាការអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកិច្ចចរចាគ្នាជាមួយលោក Bundit Sotiplarit ប្រធានគណៈកម្មាធិការព្រំដែនចម្រុះថៃ លោក វ៉ា គឹមហុងបានបន្ថែមថាភាគីថៃបានចាត់ទុកថាត្រូវដាក់បញ្ហានយោបាយឲ្យស្ថិតនៅឆ្ងាយពីបញ្ហាបច្ចេកទេសហើយខិតខំទប់ស្កាត់ទំនាស់ប្រដាប់អាវុធតាមព្រំដែនដូចដែលមានចែងក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងកំណត់ហេតុចរចាផ្សេងៗទៀត។ «ក្នុងនោះយើងនិយាយច្បាស់ណាស់ថារាល់បាតុភាពទាំងឡាយតាមបណ្តោយ ព្រំដែនយើងត្រូវដោះស្រាយរវាងភាគីទាំងពីរតាមការចរចាដោយសន្តិវិធី។ ហើយត្រូវជៀសវាងការប្រើកម្លាំងដើម្បីនឹងដោះស្រាយដែលកើតមាន ដែល អាចកើតឡើងនៅតាមបណ្តោយព្រំដែន។ ដូច្នេះគាត់មានឆន្ទៈដោះស្រាយ ទៅតាមហ្នឹង»។ កម្ពុជានិងថៃបានរកឃើញបង្គោលតែ៤៨ទេក្នុងចំណោមបង្គោលទាំង៧៣។ ការបន្តជជែកគ្នាលើទីតាំងបង្គោលដែលរកឃើញថ្មីៗឬបានរកឃើញនៅក្នុង តំបន់ប្រទាញប្រទង់គ្នាមួយចំនួននិងការប្រើប្រាស់ផែនទីកំណត់ភូមិសាស្ត្រស្ថិត នៅជាបញ្ហាក្តៅនិងបញ្ហាពិបាកដោះស្រាយនៃក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ។ អ្នកវិភាគក្នុងប្រទេសកម្ពុជាខ្លះបាននិយាយថាបញ្ហាព្រំដែនអាចដោះស្រាយបណ្តើរៗបានតែក្នុងពេលដែលគណបក្សPheu Thai របស់រាជរដ្ឋាភិបាលអ្នកស្រី Yingluck Shinawatra បច្ចុប្បន្នស្ថិតនៅក្នុងអំណាចតែប៉ុណ្ណោះ៕ This posting includes an audio/video/photo media file: Download Now |
តុលាការបញ្ចប់សំណុំរឿងទីមួយក្នុងពេលដែលអ្នកសង្កេតការណ៍ចោទសួរពីសំណុំរឿងបន្ថែមទៀត Posted: 14 Feb 2012 04:36 PM PST ទោះបីជាសំណុំរឿង០០១បានបញ្ចប់ដោយការដាក់ទោសអស់មួយជីវិតចំពោះជនជាប់ចោទម្នាក់ ហើយសំណុំរឿង០០២ដែលមានជនជាប់ចោទកំពូល ៣នាក់កំពុងស្ថិតក្រោមការកាត់ក្តី តែក្រុមអ្នកឃ្លាំមើលនិងអ្នកច្បាប់ខ្លះដែល ព្រួយបារម្ភពីកេរដំណែលតុលាការនិងការមិនផ្តល់ថវិកាទ្រទ្រង់តុលាការខ្មែរក្រហមពីម្ចាស់ជំនួយនោះបានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថាបានប្រើប្រាស់វិធី បង្អាក់នីតិវិធីស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣និង០០៤ តាមរយៈប្រព័ន្ធ តុលាការ និងការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតបម្រុងរបស់អ.ស.បឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper-Ansermet)។ លោកស្រី នូស្ស៊ីន សាការាទី(Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា Center for Justice and Accountability ដែលបាន គាំទ្រដល់ជនរងគ្រោះដើម្បីដាក់ពាក្យប្តឹងជនជាប់ចោទក្នុងសាលាក្តីបានថ្លែង ថា៖ «ខ្ញុំគិតថាទង្វើរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជ្រៀតជ្រែកក្នុងការតែងតាំងចៅក្រម ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ គឺបង្កើនឲ្យមានការរិះគន់ប្រឆាំងនឹងតុលាការ»។ លោកស្រីបានបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាបន្តបង្អាក់ការស៊ើបអង្កេតនេះនិងការតែងតាំង លោកចៅក្រម Kasper ពេលនោះរដ្ឋាភិបាលនឹងជ្រៀតជ្រែក ដល់ដំណើរការ តុលាការហើយនឹងអំណាចរបស់តុលាការក្នុងការកាត់ទោស ក្រុមមេដឹកនាំជាន់ខ្ពស់និងជនទទួលខុសត្រូវខ្ពស់បំផុតដែលបានប្រព្រឹត្ត ឧក្រិដ្ឋកម្មដ៏ឃោរឃៅ»។ លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានច្រានចោលអត្ថា ធិប្បាយពីការជ្រៀតជ្រែកពីរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា៖ «សំណុំរឿងទី៣ ទី៤ អាហ្នឹងជាសិទ្ធិរបស់សហចៅក្រមក៏ប៉ុន្តែក្នុងការចាត់តាំងសហចៅក្រមបម្រុង រឿងហ្នឹងជាសិទ្ធិរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រឿងពីរហ្នឹងត្រូវបែងចែកឲ្យដាច់ពីគ្នា»។ សាលាក្តីកាត់ទោសខ្មែរក្រហមដែលកំពុងខ្វះខាតថវិកាបានប្រឡាក់ប្រឡូសនឹងការចោទប្រកាន់ដោយអំពើពុករលួយកាត់ប្រាក់ខែបុគ្គលិកសូកប៉ាន់មន្ត្រី រដ្ឋាភិបាលហើយនឹងការជ្រៀតជ្រែកផ្នែកនយោបាយ។ សំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាល ខ្មែរក្រហមត្រូវសហព្រះរាជអាជ្ញាបានដាក់ជូនដល់ដៃសហចៅក្រមស៊ើបអង្កេតទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំ២០០៨។ សហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានស្នើកាលពីខែតុលារំពឹងថានឹងដំណើរការនីតិវិធីរបស់ខ្លួនក្នុងការនាំខ្លួនជនសង្ស័យមកឃុំខ្លួនស៊ើបអង្កេតបន្ត។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាបានជំទាស់ដាច់ខាតទៅនឹងអ.ស.បដែលចង់នាំខ្លួនជនសង្ស័យបន្ថែមមកកាត់ទោសនោះ មិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេដើម្បីបន្តនីតិវិធីតុលាការនោះទេ។ ភាគីទាំងពីរកម្ពុជានិងអ.ស.បបានបកស្រាយច្បាប់រៀងៗខ្លួន។ អ.ស.បបានចោទប្រកាន់ថាកម្ពុជាបានរំលោភលើ កិច្ចព្រមព្រៀងបង្កើតសាលាក្តីខ្មែរក្រហម។ កម្ពុជាចាត់ទុកថាការតែងតាំងនោះ ជាអធិបតេយ្យភាពរបស់កម្ពុជា។ លោក ភីធ័រ ម៉ាហ្គៃអឺ (Peter Maguire) សាស្ត្រាចារ្យអាមេរិកម្នាក់ និងជាអ្នកនិពន្ធសៀវភៅស្តីពីរបបខ្មែរក្រហម ដែលមានចំណងជើងថា «ប្រឈមនឹងមរណភាពនៅកម្ពុជា» (Facing Death in Cambodia) បានថ្លែងថា លោកបានអះអាង ថានាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងជាច្រើនឆ្នាំយ៉ាងច្បាស់និងជាឧឡារិកថា សំណុំរឿង០០២ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាសំណុំរឿងចុងក្រោយ។ លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិមិនទទួលស្គាល់ការសម្រេច ចិត្តនយោបាយម្ចាស់ប្រទេសទេ»។ ក្រុមអ្នកវិភាគខ្លះបានអះអាងថាការមិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត អ.ស.បអាចផ្តល់ឱកាសដល់ភាគីកម្ពុជាទាត់ចោលសំណុំរឿងបន្ថែម០០៣ និង ០០៤ឬមិនដំណើរការនៅជំហានបន្ទាប់ទៀតដោយសារថាភាគី អ.ស.បពុំមាន សហចៅក្រមស៊ើបអង្កេតស្របនឹងច្បាប់ឬមាននិត្យានុកូលភាពអាចបន្តកិច្ចការបាន។ សហចៅក្រមខ្មែរដែលគេចោទប្រកាន់ថាធ្វើកិច្ចការស្របនឹងបន្ទាត់ នយោបាយរបស់រដ្ឋាភិបាលត្រូវគេគិតថាអាចទុកចោលសំណុំរឿងបន្ថែមឬច្រានចោល។ ចំណែកចៅក្រមបម្រុងអន្តរជាតិ បើតាមនីតិវិធី អាចប្តឹងទៅអង្គបុរេជំទាស់នឹងសហចៅក្រមខ្មែរជាថ្មីទៀត។ តែពេលនោះអង្គបុរេក៏នឹងមិនទទួលស្គាល់ពាក្យបណ្តឹងដដែលដោយសារសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិពុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់តាមការទាមទាររបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយលោកសហព្រះរាជអាជ្ញា Andrew Cayley អះអាង ប្រាប់វីអូអេកាលពីសប្តាហ៍មុនថានេះជាវិធានច្បាប់តម្រូវនិងកាតព្វកិច្ចដែលក្រុម ចៅក្រមត្រូវធ្វើពេលទទួលបានដីកាបញ្ជូនរឿងឲ្យស៊ើបសួរពីសហព្រះរាជអាជ្ញា រួចហើយនោះ។ លោក Andrew Cayleyបានបន្ថែមថា៖ «ដូច្នេះខ្ញុំរំពឹងទុកថាចៅក្រមថ្មីនឹងធ្វើកិច្ចការលើសំណុំរឿង០០៣ និង០០៤ក្នុងពេលប៉ុន្មានខែខាងមុខ»។ មន្ត្រីអ.ស.បបានបញ្ជាក់ហើយថា លោកសហចៅក្រមបម្រុង ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ អាចបំពេញកិច្ចការស៊ើបអង្កេតបានដោយសារលោកត្រូវបានតែង តាំងពីអ.ស.បនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមម្តងហើយ។ ក្រុមអ្នកតាមដាន កិច្ចការតុលាការខ្លះនិយាយថាជារឿងពិបាកសម្រាប់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិនីមួយៗក្នុងប្រទេសជាច្រើនដើម្បីស្វែងរកការសហការក្នុងការចេញ ដីកាចាប់ខ្លួន ឃុំខ្លួនជនសង្ស័យ ក្នុងពេលដែលប្រទេសសាម៉ីមិនព្រមព្រៀង។ សំណុំរឿង០០៣និង០០៤មានជនសង្ស័យ៥នាក់ជាកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមនោះថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានានៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យទាំងនោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាម ឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណេតអំពីឈ្មោះជនសង្ស័យ។ ជនសង្ស័យ ៣នាក់ក្នុងចំណោម៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និង អ្នកស្រី អ៊ឹម ចែមបានបកស្រាយជាមួយវីអូអេសំឡេងស.រ.អាផ្នែកខេមរភាសា ហើយបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។ សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៣នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រីការបរទេសពីបទឧក្រិដ្ឋកម្មជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងបទចោទទៅនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ ជាង១,៧លាននាក់។ សាលាក្តីខ្មែរក្រហមដែលចំណាយទឹកប្រាក់ជាង១០០លានដុល្លារបាន កាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលជាអតីតប្រធានគុកទួលស្លែងខ្មែរក្រហម ស ២១ ក្នុងទីក្រុងភ្នំពេញឲ្យជាប់គុកអស់មួយជីវិត ចំពោះការទទួលខុសត្រូវលើការសម្លាប់មនុស្សជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |