VOA News: ព័ត៌មាន: “ហេឡូវីអូអេ ១៦ កុម្ភៈ ២០១២៖ ថ្នាំព្យាបាលថ្មីសម្រាប់ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B) (ភាគ២)” plus 7 more |
- ហេឡូវីអូអេ ១៦ កុម្ភៈ ២០១២៖ ថ្នាំព្យាបាលថ្មីសម្រាប់ជំងឺរលាកថ្លើមដោយវីរុសបេ (Hepatitis B) (ភាគ២)
- កូរ៉េខាងជើងប្រារព្ធខួបកំណើតទី៧០ឆ្នាំរបស់លោក គីម ជុង អ៊ីល
- ជនជាតិខ្មែរខ្លះជឿថា យុថ្កាស្រង់ពីបាតទន្លេសក្តិសិទ្ធ
- ការទាញប្រយោជន៍ពីធនធានរ៉ែរបស់ប្រទេសក្រីក្រ
- អ៊ីរ៉ង់បដិសេធពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅបាងកក
- តុលាការយោធាបានបើកសវនាការកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីម
- តុលាការខេត្តកំពង់ចាមកោះហៅសមាជិកគណបក្សប្រឆាំង
- ព្រះរាជអាជ្ញាបន្តផ្តល់ភ័ស្តុតាងប្រឆាំងមេដឹកនាំខ្មែរក្រហម
Posted: 16 Feb 2012 01:57 PM PST កម្មវិធីនៅរាត្រីនេះជាកម្មវិធីពិភាក្សាបន្តទៅលើប្រធានបទកាលពីខែមករាអំពីថ្នាំចំនួន៧ប្រភេទសម្រាប់ព្យាបាលជំងឺរលាកថ្លើមបេ (Hepatitis B)។ លោកវេជ្ជបណ្ឌិត តាំង តេក ហុង បានលើកយក ឈ្មោះថ្នាំចំនួន៣ប្រភេទដែលមានប្រសិទ្ធភាពជាងគេក្នុងចំណោមថ្នាំទាំង៧ប្រភេទដែលលោកបានរៀបរាប់កាលពីខែមុន។ ថ្នាំទាំង៣នេះគឺ ១. Peg Interferon alfa-2a៖ ថ្មាំនេះមាននៅប្រទេសកម្ពុជាហើយ ប្រើសម្រាប់ចាក់មេរោគថ្លើមសេ (Hepatitis C) ចាក់ថ្នាំ១ដងក្នុងមួយសប្តាហ៍ ហើយត្រូវចាក់ចំនួន៤៨សប្តាហ៍។ ថ្នាំនេះមានប្រសិទ្ធភាពខ្លាំងជាងគេ ក៏ប៉ុន្តែពិបាកប្រើដោយមានប្រតិកម្មច្រើន។ ២. Entecavir (Baraclude)៖ ថ្នាំនេះមិនទាន់មាននៅប្រទេសកម្ពុជា តែមាននៅវៀតណាម សិង្ហបុរី និងថៃ។ ថ្នាំនេះមានប្រសិទ្ធភាពខ្លាំង។ ពេលប្រើ ថ្នាំនេះក៏អាចនាំឲ្យមានការធ្វើទុក្ខមធ្យមដែរ។ ៣. Tenofovir (Viread)៖ លោកវេជ្ជបណ្ឌិត គិតថាថ្នាំនេះជាថ្នាំសំខាន់ជាងគេក្នុងចំណោមថ្នាំទាំង៣នេះ ដោយសារមានប្រសិទ្ធភាពខ្ពស់ ហើយមិនមានប្រតិកម្មទេ។ ម្យ៉ាងទៀតថ្នាំនេះមានលក់នៅប្រទេសកម្ពុជាហើយ។ ថ្វីបើថ្នាំទាំងនេះមានប្រសិទ្ធភាពខ្ពស់ក្តី លោកវេជ្ជបណ្ឌិត តាំង តេក ហុង បញ្ចាក់ថាអ្នកជំងឺកម្រជាសះ(ជាដាច់)ណាស់។ នៅក្នុងបទសម្ភាសន៍នៅក្រោយកម្មវិធីនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អត្រានៃអ្នកជំងឺដែលជាសះពីវីរុសបេនេះ (អស់វីរុស និងមានអង់ទីគ័រ) មានចំនួនប្រមាណពី៧%ទៅ៨%ប៉ុណ្ណោះ។ យ៉ាងណាក្តីថ្នាំទាំងនេះមានតម្លៃថ្លៃនិងត្រូវលេបជាប្រចាំរយៈពេលយូរ ហើយលោកវេជ្ជបណ្ឌិតបានផ្តាំផ្ញើឲ្យអ្នកជំងឺត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញពេលមុន និងក្នុងអំឡុងពេលប្រើប្រាស់ថ្នាំព្យាបាលខាងលើ។ កម្មវិធីសុខភាពជាមួយវេជ្ជបណ្ឌិត តាំង តេក ហុង នឹងផ្អាកមួយរយៈពីខែមិនាដល់ខែតុលា ចាប់ផ្តើមជាថ្នីនៅចុងខែវិច្ឆិកាឆ្នាំ២០១២នេះ។ ប៉ុន្តែប្រិយមិត្តអាចទាក់ទងបន្តជាមួយលោកវេជ្ជបណ្ឌិត្យ តាំង តេក ហុង តាមហេ្វសប៊ុកដោយចូលទៅទំព័រ www.facebook.com/Dr.TaingTekHong។ សូមស្តាប់ឬទាញយកសំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com ចំណុចសង្ខេបសំខាន់ៗអំពីជំងឺរលាកថ្លើមបេនិងថ្នាំព្យាបាលក្នុងកម្មវិធីខែមករាឆ្នាំ២០១២៖
This posting includes an audio/video/photo media file: Download Now |
កូរ៉េខាងជើងប្រារព្ធខួបកំណើតទី៧០ឆ្នាំរបស់លោក គីម ជុង អ៊ីល Posted: 16 Feb 2012 07:56 AM PST នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋកូរ៉េខាងជើងបានប្រារព្ធខួបកំណើតទី៧០ឆ្នាំរបស់លោក គីម ជុង អ៊ីល (Kim Jong Il) អតីតមេដឹកនាំដែលបានស្លាប់បាត់បង់ជីវិត។ ពិធីនោះប្រកបដោយមនោសញ្ចេតនា ប៉ុន្តែមានភាពស្ងាត់ស្ងៀម ហើយមានការរៀបចំជាពិធីផ្សេងៗក្នុងទីក្រុងព្យុងយ៉ាងក្រោមអាកាសធាតុត្រជាក់និងមានខ្យល់បោកបក់ខ្លាំងៗ។ ក្រុមយោធាជាច្រើនក្រុមនិងហ្វូងជនស៊ីវិលដ៏ធំបានឱនក្បាលគោរពជាបន្តបន្ទាប់ស្រុះគ្នាហើយដាក់ផ្កា គីមជុងហ្គីលា (Kimjongilia) ដែលជាផ្កាគេយកឈ្មោះតាមអតីតមេដឹកនាំរូបនេះនៅក្រោមផ្ទាំងរូបថតរបស់គាត់ដែលមានទឹកមុខញញឹមដាក់ព្យួរនៅទីលានគីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង។ ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖ <!--IMAGE-RIGHT--> ចិន/អាមេរិក៖ អនុប្រធានាធិបតីចិន លោក ហ្សី ជីន ភីង (Xi Jinping) បានយកឈ្នះទឹកចិត្តប្រជាពលរដ្ឋអាមេរិកាំងសាមញ្ញនៅក្នុងទស្សនកិច្ចរបស់លោកទៅសហគមន៍កសិកម្មមួយក្នុងរដ្ឋអាយអូវ៉ា (Iowa) កាលពីថ្ងៃពុធ។ ដំណើរទស្សនកិច្ចលើកនេះ មានរយៈពេល២៧ឆ្នាំហើយចាប់តាំងពីលោកបានមកធ្វើទស្សនកិច្ចនៅទីនេះម្តងក្នុងនាមជាមន្រ្តីថ្នាក់កណ្តាលម្នាក់។ ថៃ៖ អាជ្ញាធរថៃនិយាយថា ជនជាតិអ៊ីរ៉ង់បីនាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងបាងកកនាសប្តាហ៍នេះជាផ្នែកមួយនៃគម្រោងធ្វើឃាតអ្នកការទូតអ៊ីស្រាអែល។ អាមេរិក/អ៊ីរ៉ង់៖ សហរដ្ឋអាមេរិកបាននិយាយបន្ធូរបន្ថយចំពោះការអះអាងរបស់ប្រទេសអ៊ីរ៉ង់ ថាខ្លួនមានការជឿនលឿនទៅមុខក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបញ្ជាក់ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់មានអារម្មណ៍រងការគាបសង្កត់ដោយសារតែមានការដាក់ទណ្ឌកម្មពីអន្តរជាតិនិងចង់បង្វែរអារម្មណ៍ចេញពីការដាក់ឱ្យនៅឯកោខាងផ្នែកការទូតដែលកាន់តែកើនឡើងៗ។ អាមេរិក៖ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរបានសម្រេចនូវការព្រមព្រៀងមួយលើច្បាប់ដើម្បីពន្យាពេលកាត់ពន្ធលើប្រាក់ចំណូលនិងប្រាក់កម្រៃសម្រាប់អ្នកអត់ការងារធ្វើរហូតដល់ចុងឆ្នាំ២០១២។ បាគីស្ថាន៖ ការវាយប្រហារមួយដែលគេសង្ស័យថាធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងហោចណាស់៥នាក់ដែរនៅតំបន់ជនជាតិភាគតិចបាគីស្ថាននាភាគពាយ័ព្យប្រទេសដែលជាតំបន់ជិតនឹងព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ អង់គ្លេស៖ លោក ដេវិដ កាម៉េរូន (David Cameron) នាយករដ្ឋមន្រ្តីអង់គ្លេសនឹងធ្វើដំណើរទៅប្រទេសស្កុតឡែន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចរចាលើផែនការធ្វើប្រជាមតិទាមទារឯករាជ្យមួយដែលលោកបានសន្យាថានឹងប្រឆាំង។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ជនជាតិខ្មែរខ្លះជឿថា យុថ្កាស្រង់ពីបាតទន្លេសក្តិសិទ្ធ Posted: 16 Feb 2012 06:44 AM PST នេះជាយុថ្កាស្រង់ពីបាតទន្លេក្នុងក្រុងភ្នំពេញកាលពីថ្ងៃ៩ខែកុម្ភៈ ពេលវាទាក់ជាប់សំណាញ់អ្នកនេសាទម្នាក់នៅទន្លេចតុមុខ នៅមុខវាំង។ យុថ្កាទម្ងន់២តោននេះត្រូវគេតម្កល់ទុកនៅវត្តបទមសាគរនៅថ្ងៃពុធទី១៤ កុម្ភៈនៅសង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ។ អ្នកស្រីចាន់ វណ្ណា អាយុ៤៣ អះអាងថា ពេលគាត់ឈឺ គាត់យល់សប្តិឃើញព្រះអាទិទេពប្រាប់ឲ្យគាត់យកយុថ្កានេះតម្កល់ក្នុងវាំង ហើយវាបានជួយឲ្យគាត់ជាពីជំងឺ ហើយគាត់បានជួលឲ្យគេស្រង់យុថ្កានេះពីក្នុងទន្លេ។ អ្នកស្រីចាន់ វណ្ណា និយាយថា៖ «ខ្ញុំគិតឃើញជាព្រះបានជាខ្ញុំទទួលរបស់នេះមកដើម្បីខ្ញុំប្រកេនចូលវាំង។ យល់សប្តិខ្ញុំ ព្រះម៉ែមកហៅហ្នឹង ថាឲ្យខ្ញុំទទួលរបស់ហ្នឹងដើម្បីចូលវាំង»។ អ្នកនេសាទម្នាក់ឈ្មោះគឹម ចន្ធី អាយុ៣០ឆ្នាំបន្ថែមថា៖ «មានប្រជាជននៅទីហ្នឹង ដែលជួនកាលគេឈឺ គេមកបន់ស្រន់ អុចធូបក៏ជាទៅ»។ <!--AV--> លោក Terry Stark អតីតនាវិកអាមេរិកាំង បានវាល់វែងនិងស្រាវជ្រាវអំពីយុថ្កានេះ។ «ខ្ញុំវាស់ និងថតរូបយុថ្កានេះ ហើយបញ្ជូនទៅមជ្ឈមណ្ឌលនៅក្រុងឡុងដែលចងក្រងឯកសារអំពីយុថ្កា។ ខ្ញុំមានយុថ្កាចាស់មួយ។ អូ! ខ្ញុំមិនចាំទេ ដូច្នេះខ្ញុំបញ្ជូនព័ត៌មាននេះ ហើយសង្ឃឹមថា យើងនឹងដឹងថា វាមកពីបារាំង ឬអង់គ្លេស ហើយវាជាយុថ្កាកប៉ាល់ណា។ ខ្ញុំចង់ដឹងថា ហេតុអ្វីវាមកដល់ទីនេះ។ ខ្ញុំថា គួរឲ្យចាប់អារម្មណ៍។ វាជាសម្ភារៈមានតម្លៃ»។ គេជឿថា យុថ្កានេះធ្វើនៅ ឆ្នាំ១៨៨៣។ អាជ្ញាធរមិនទាន់សម្រេចថា នឹងអនុញ្ញាតឲ្យយកយុថ្កានេះចូលវាំងឬយ៉ាងណាទេ៕ This posting includes an audio/video/photo media file: Download Now |
ការទាញប្រយោជន៍ពីធនធានរ៉ែរបស់ប្រទេសក្រីក្រ Posted: 16 Feb 2012 12:13 AM PST ប្រទេសកំពុងអភិវឌ្ឍនានាដែលមានសក្តានុពលរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់នោះ ជារឿយៗបានទទួលរងគ្រោះពីអំពើពុករលួយ និងការគ្រប់គ្រងមិនល្អ។ ជាលទ្ធផល ពួកគេបានបរាជ័យក្នុងការទាញយកប្រយោជន៍ពីធនធានធម្មជាតិរបស់ពួកគេ ហើយនៅតែស្ថិតក្នុងភាពក្រីក្រ។ នាពេលនេះ គោលការណ៍ណែនាំថ្មីៗបានត្រូវលើកឡើងដើម្បីជួយប្រទេសទាំងនោះឱ្យទាញយកប្រយោជន៍ពីធនធានរ៉ែរបស់ពួកគេ។ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងក្រុមប្រឹក្សាបូស្តុន (Boston Consulting Group) បានចង្អុលបង្ហាញវិធានការប្រាំមួយដើម្បីជួយឱ្យប្រទេសក្រីក្រទាំងនោះទទួលបានប្រយោជន៍ពីរ៉ែរបស់ពួកគេ។ អនុសាសន៍ទាំងនោះ គឺបានមកពីដំបូន្មានរបស់អ្នកជំនាញចំនួន៤០០នាក់ មកពីបណ្តាអង្គការក្រៅរដ្ឋាភិបាល រដ្ឌាភិបាល និងក្រុមហ៊ុននិស្សារណកម្មរ៉ែនានា។ លោក អាឡិច វ៉ុង (Alex Wong) គឺជាប្រធានជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ «ជាប្រវត្តិសាស្ត្រ មានករណីជាច្រើនដែលប្រទេសដែលមានរ៉ែច្រើនមិនបានទាញយករ៉ែទាំងនោះមកប្រើប្រាស់ឱ្យបានត្រឹមត្រូវទេ។ ពួកគេមិនបានប្រើប្រាស់រ៉ែទាំងនោះប្រកបដោយការខុសត្រូវសង្គម និងសេដ្ឋកិច្ចនោះឡើយ»។ លោក វ៉ុង មានប្រសាសន៍ថា «វិធានការទាំងប្រាំមួយ» ឬ «ការកសាងរបាំង» អាចជួយទប់ស្កាត់កុំឱ្យករណីដដែលកើតឡើងទៀត។ «នាពេលបច្ចុប្បន្ននេះ យើងកំពុងពើបប្រទះនឹងវដ្តនៃតម្លៃទំនិញ និងការលេចឡើងរបស់បណ្តាប្រទេសមួយចំនួនទៅលើឆាកអន្តរជាតិ ជាអាទិ៍ ប្រទេសម៉ុងហ្គោលី (Mongolia) ហ្គីណេ (Guinea) និងប៉េរូ (Peru)។ ប្រទេសទាំងនោះ នាពេលនេះ មានឱកាសក្នុងការអភិវឌ្ឍធនធានរ៉ែរបស់ពួកគេជាលើកដំបូង ហើយប្រើប្រាស់វាជាមធ្យោបាយដ៏ចម្បងមួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសពួកគេ។ ដូច្នេះ វាពិតជាពេលវេលាដ៏ល្អមួយ ដែលយើងមិនចង់ប្រព្រឹត្តកំហុសដូចដែលយើងធ្លាប់មានកាលពីអតីតកាល»។ ប្រទេសក្រីក្រតែសម្បូររ៉ែទាំងនោះ ប្រឈមមុខនឹងឧបសគ្គមួយចំនួនក្នុងការអភិវឌ្ឍឧស្សាហកម្មនិស្សារណកម្មរបស់ពួកគេ។ ឧបសគ្គនោះរួមមាន ការខ្វះបច្ចេកទេស ជំនាញ និងធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍឧស្សាហកម្មនេះ។ បញ្ហាមួយទៀត អាចជាការខកខានមិនបានឱ្យសហគមន៍មូលដ្ឋាន និងអង្គការសង្គមស៊ីវិលចូលរួមក្នុងដំណើរការនេះ។ ជារឿយៗដំណើរការចរចារពុំមានតម្លាភាពទេ។ «ដូច្នេះ ប្រជាពលរដ្ឋពិតជាមិនបានជ្រាបពីអ្វីដែលជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។ អញ្ចឹង ពួកគេមិនទទួលបានលទ្ធផលដូចដែលបានរំពឹងទុកឡើយ និងការខ្វះការប្រាស្រ័យទាក់ទង ដែលពិតជាបង្កឱ្យមានភាពតានតឹង និងការយល់ច្រឡំជាច្រើន»។ លោក វ៉ុង មានប្រសាសន៍ថា អនុសាសន៍ទាំងនោះ ជួយបង្កើតឱ្យមានបរិយាកាសនៃការទុកចិត្តគ្នាមួយ ដែលអាចនាំឱ្យភាគីពាក់ព័ន្ធទាំងឡាយទទួលបានផលប្រយោជន៍ពីសម្បត្តិរ៉ែនេះ។ «ជាបឋម លើកកម្ពស់ការកសាងសមត្ថភាពនិងការចែករំលែកចំណេះដឹង ដែលក្នុងនោះរួមមានការធ្វើឱ្យប្រាកដថា គ្រប់គ្នាដឹងពីរបៀបធ្វើ របៀបអភិវឌ្ឍធនធានរ៉ែទាំងនោះប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋយល់ពីទំនាក់ទំនងរវាងការចំណាយ និងផលចំណេញ។ ប្រភេទនៃវិធានការទីពីរ គឺជុំវិញដំណើរកិច្ចសហប្រតិបត្តិការទាំងឡាយទាំងក្នុងកម្រិតជាតិ និងមូលដ្ឋាន។ ដូច្នេះហើយ អ្នកមានយន្តការ និងដំណើរការនានាសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចពិភាក្សា និងមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃកិច្ចចរចា និងលទ្ធផលដែលទទួលបានផងដែរ»។ ប្រភេទនៃអនុសាសន៍ចុងក្រោយទាក់ទងនឹងតម្លាភាព និងដំណោះស្រាយជម្លោះ។ លោក វ៉ុង ព្រមានថា ការវិនិយោគនេះមិនទទួលបានផលភ្លាមៗទេ សម្រាប់បណ្តាប្រទេសដែលសម្បូររ៉ែ។ «ជាពិសេស ក្នុងការអភិវឌ្ឍធនធានរ៉ែនេះ វាពិតជាមានឧបសគ្គ ពីព្រោះថារដ្ឋាភិបាលជារឿយៗ មិនទទួលបានចំណូលដែលចេញពីដំណើរការធ្វើនិស្សារណកម្មរ៉ែរបស់ពួកគេរហូតដល់១០ទៅ១៥ឆ្នាំក្រោយមកក្នុងករណីខ្លះ។ ទន្ទឹមនឹងនោះប្រេងគឺប្រហែលជាអាចទទួលបានលឿនជាងនេះបន្តិចព្រោះថា អ្នកទទួលបានវត្ថុនៅក្រោមដី អ្នកគ្រាន់តែដឹកជញ្ជូនវាចេញ រដ្ឋាភិបាលនឹងឃើញមានចំណូលហើយ»។ លោក វ៉ុង និយាយថា មានការឆ្លើយតបជាបឋមដ៏ប្រសើរមួយ ទៅនឹងក្របខ័ណ្ឌសម្រាប់ជំរុញការអភិវឌ្ឍធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ (Frmaework for Advancing Responsible Mineral Development)។ វាបង្ហាញពីគម្រោងជោគជ័យចំនួន២២ក្នុងប្រទេសម៉ុងហ្គោលី លីបេរីយ៉ា ហ្គាណា និង ឈីលី។ គាត់មានប្រសាសន៍ថា គំនិតផ្តួចផ្តើមទីពីរក្នុងការលើកកម្ពស់ការធ្វើនិស្សារណកម្មរ៉ែប្រកបដោយការទទួលខុសត្រូវគឺនិស្សារណកម្មដែលគាំទ្រដោយធនាគារពិភពលោកសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍ ឬហៅកាត់ថា អ៊ី៤ឌី (E4D)៕ បែ្រសម្រួលដោយ ឃួន ធារ៉ា This posting includes an audio/video/photo media file: Download Now |
អ៊ីរ៉ង់បដិសេធពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅបាងកក Posted: 15 Feb 2012 08:42 PM PST ថៃ៖ អ៊ីរ៉ង់បានច្រានចោលពាក្យចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាអ៊ីរ៉ង់ស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារ នៅក្នុងរាជធានីបាងកក ប្រទេសថៃ និងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ប្រឆាំងនឹងស្ថានការទូតនៅប្រទេស ឥណ្ឌានិងចរជា Georgia។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ លោកអ៊ីតហ្សាក់ សូហាម Itzhak Shoham និយាយថា គ្រាប់ផ្ទុះដែលគេប្រើនៅក្រុងបាងកក គឺដូចគ្នាបេះបិទទៅនឹងគ្រាប់ផ្ទុះដែលប្រើនៅក្រុង ញូដេលី និងក្រុងទីប៊ីលីស៊ី Tbilisi កាលពីថ្ងៃច័ន្ទ។ តែអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ីរ៉ង់បានចោទអ៊ីស្រាអែលថា មានបំណងធ្វើឲ្យខូចទំនាក់ទំនង«ជិតស្និតនិងជាប្រវត្តិសាស្រ្ត»រវាងក្រុងតេហេរ៉ង់ ជាមួយនឹងក្រុងបាងកក។ មនុស្សបូននាក់បានត្រូវរបួសនៅក្នុងការផ្ទុះនៅក្រុងញូ ដេលី តែអាជ្ញាធរបានដោះគ្រាប់បែកបង្កប់ក្នុងរថយន្តនៅក្រុងទីប៊ីលីស៊ីចេញបាន។ ជនជាតិអ៊ីរ៉ង់ពីរនាក់ក៏ត្រូវអាជ្ញាធរចាប់ខ្លួននៅក្នុងការផ្ទុះនៅក្រុងបាំងកកផងដែរ។ ស៊ីរី៖ ប្រធានាធិបតីបាសារ អាល់ អាសាដ Bashra al-Assad បានបញ្ជាឲ្យមានការបោះប្រជាមតិលើរដ្ឋធម្មនុញ្ញ នៅចុងខែនេះ ដែលលោកថ្លែងថា នឹងបញ្ចប់ការគ្រប់គ្រងដោយគណបក្សតែមួយក្នុងពេលជិតប្រាំទសវត្សកន្លងទៅនេះ នៅពេលដែលកងទ័ពរដ្ឋាភិបាលបានបន្តការវាយលុកចូលក្នុងតំបន់ក្រុមបះបោរទូទាំងប្រទេស។ ចិន៖ លោកស៊ី ជីងពីង Xi Jingping អនុប្រធានាធិបតីចិនថ្លែងថា ចិនស្វាគមន៍មុខនាទីជាវិជ្ជមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តែប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនៃពិភពលោក ត្រូវគោរពផលប្រយោជន៍ចម្បងនិងការយកចិត្តទុកដាក់សំខាន់ៗរបស់ប្រទេសនិមួយៗ។ ហុងឌុយរ៉ាស៖ អគ្គីភ័យដ៏ធំនៅក្នុងពន្ធនាគារមួយបានសម្លាប់អ្នកទោសជាច្រើនរយនាក់ នៅក្នុងមហន្តរាយដ៏អាក្រក់បំផុតក្នុងទ្វីបអាមេរិកឡាទីន។ ជប៉ុន៖ លោកហារុគិ ម៉ាដារ៉ាមេ Haruki Madarame ប្រធានខាងសុវត្ថិភាពនុយក្លេអ៊ែរប្រទេសជប៉ុន បាននិយាយប្រាប់គណកម្មការមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធថា ច្បាប់ការពារសុវត្ថិភាពរបស់ប្រទេសមានភាពហួសសម័យ និងទាបជាងបទដ្ឋានអន្តរជាតិ។ ថៃ៖ លោកស្រីនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា Yingluck Shinawatra បានទទួលមេរៀនមួយអំពីសេដ្ឋកិច្ច គឺថាការឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់ស្រូវអង្ករ នឹងបំផ្លាញថវិការដ្ឋាភិបាលនៅទីបំផុត។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា សេចក្តីសន្យារបស់លោកស្រីដើម្បីតម្លើងប្រាក់ឧបត្ថម្ភទៅឲ្យកសិករដាំស្រូវ ឥឡូវឡើងស្មើនឹងប្រាក់ឱនភាពទាំងមូលរបស់រដ្ឋាភិបាលថៃ។ អ៊ីរ៉ង់៖ បានកោតសរសើរសមត្ថភាពនុយក្លេអ៊ែរដ៏ជឿនលឿនរបស់ខ្លួន កាលពីថ្ងៃពុធនេះ ដោយបានបង្ហាញម៉ាស៊ីនបំបែកស្នូលធាតុសសៃកាបោន Carbon Fiber Centrifuge ជំនាន់ថ្មី ដើម្បីពន្លឿនការចម្រាញ់ធាតុ អ៊ុយរ៉ានីញោម និងបំពង់ឥន្ទនៈធ្វើដោយខ្លួនឯងដំបូងផងដែរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
តុលាការយោធាបានបើកសវនាការកាត់ទោសអតីតមេអង្គរក្សលោកជា ស៊ីម Posted: 15 Feb 2012 04:33 PM PST តុលាការយោធានៅថ្ងៃពុធនេះបានចាប់ផ្តើមសវនាការជំនុំជម្រះប្រឆាំងជំទាស់ទៅនឹងលោក ឈឿន ចាន់ថន ហៅម៉ៅ អតីតប្រធានក្រុមអង្គរក្សលោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ នៅក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ករណីរបស់លោក ឈឿន ចាន់ថន ត្រូវបានតុលាការបំបែកជាពីរសំណុំរឿង គឺត្រូវបានកាត់ទោសនៅក្នុងតុលាការយោធា និងនៅតុលាការក្រុងភ្នំពេញ។ តុលាការយោធាបានចោទប្រកាន់លោក ឈឿន ចាន់ថន ចំនួនប្រាំករណីផ្សេងៗគ្នា ពីបទរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩២ បំផ្លាញសម្ភារៈបម្រើការប្រយុទ្ធតាមមាត្រា៤៤៧ បំផ្លិចបំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ ការចែកចាយអាវុធដោយខុសច្បាប់ តាមមាត្រាទី២០ នៃច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងខ្វះស្មារតីនៅក្នុងការទទួលខុសត្រូវគ្រប់គ្រងអង្គភាពតាមមាត្រាទី៩ នៃក្រឹត្យច្បាប់លេខ០៤។ បន្ទាប់ពីបើកសវនាការជំនុំជម្រះសួរដេញដោលយ៉ាងតឹងសរសៃករវាងសហមេធាវីការពារជនជាប់ចោទ និងមេធាវីការពារដើមចោទ លោក ប៉ោក ប៉ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថាសាលក្រមចំពោះសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ «តុលាការសុំផ្អាករហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៨ នឹង៣០នាទី តុលាការនឹងចាប់ប្រកាសសាលក្រម»។ ការបើកសវនាការសួរដេញដោលនៅក្នុងតុលាការយោធានេះត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលថតរូប និងថតសំឡេង។ នៅក្នុងអង្គសវនាការ តុលាការបានសួរដេញដោលលោក ឈឿន ចាន់ថន ពីការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខ្លីចំនួន៧៣ដើម ការដោះដូរទីបញ្ជាការអង្គរក្សលោកជា ស៊ីម នៅខាងក្រោយវត្តបុទុមវត្តី ការដោះដូរដីទំហំជាង៣៣ហិកតា ជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិនៅត្មាតពង និងទឹកប្រាក់ជាងពីរលានដុល្លារសហរដ្ឋអាមេរិករបស់លោកជា ស៊ីម ដែលបានប្រគល់ឲ្យលោកឈឿន ចាន់ថន សាងសង់មន្ទីរអង្គរក្ស។ ឆ្លើយប្រាប់នៅក្នុងអង្គសវនាការ លោកឈឿន ចាន់ថន បាននិយាយថាអាវុធខ្លីទាំង៧៣ដើម លោកបានទទួលពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកប្រគល់ឲ្យលោក។ លោកបាននិយាយថាអាវុធទាំងនោះ លោកបានយកទៅចែកចាយដល់មន្ត្រីអង្គរក្ស ដើម្បីការពារលោកជា ស៊ីម។ ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានបញ្ចប់សវនាការលោកឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងទឹកប្រាក់ជាងពីរលានដុល្លារសហរដ្ឋអាមេរិកទេ។ ហើយលោកក៏មិនចាត់ទុកករណីនេះ ជាការបំបាក់ផ្នែកនយោបាយដែរ។ «គ្រាន់តែសំណូមពរឲ្យតុលាការ ដើម្បីលើកលែងការចោទប្រកាន់ដល់រូបខ្ញុំបាទ ដើម្បីបានទៅរស់នៅធម្មតាឡើងវិញ។ គ្រាន់ចង់ឲ្យជួយរកយុត្តិធម៌អ្វីដែលពិត និងមិនពិត»។ លោក ណាច ទ្រី មេធាវីការពារក្តីឲ្យក្រសួងការពារជាតិ និងការពារឲ្យលោកលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាបានថ្លែងប្រាប់នៅក្នុងអង្គសវនាការថាលោកឈឿន ចាន់ថន ពិតជាមានបំណងទុច្ចរិត។ លោកណាច ទ្រី បានទាមទារឲ្យតុលាការផ្តល់សំណងជាងពីរលាន និងប្រាំសែនដុល្លារសហរដ្ឋអាមេរិក និងសំណងចំនួនជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៀត ព្រមទាំងដាក់ទោសលោកឈឿន ចាន់ថន ឲ្យបានធ្ងន់ធ្ងរបំផុត។ «ក្នុងករណីដែលលោក ឈឿន ចាន់ថន ពុំមានសំណងប្រាក់ព្រហ្មទណ្ឌទេ។ សុំឲ្យតុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិលោកឈឿន ចាន់ថន ដែលមានតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលបានកត់ទុក ដើម្បីលក់ឡៃឡុងធានាសំណងជូនសម្តេចធម្មពោធិសាល»។ លោក ពុធ ធាវី សហមេធាវីការពារក្តីលោកឈឿន ចាន់ថន បានថ្លែងការពារកូនក្តីរបស់លោកថាមិនបានកេងបំបាត់ថវិការបស់លោកជា ស៊ីម ទេ ហើយលោកសង្ឃឹមថាក្រុមប្រឹក្សាជំនុំជម្រះ និងវិនិច្ឆ័យដោយយុត្តិធម៌ចំពោះកូនក្តីរបស់លោក៕ This posting includes an audio/video/photo media file: Download Now |
តុលាការខេត្តកំពង់ចាមកោះហៅសមាជិកគណបក្សប្រឆាំង Posted: 15 Feb 2012 05:18 PM PST រយៈពេលមួយថ្ងៃបន្ទាប់ពីលោកជួង ជួងី មេធាវីការពារក្តីគណបក្សប្រឆាំងត្រូវបានតុលាការខេត្តកណ្តាលកោះហៅឲ្យចូលមកបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងផ្តល់មធ្យោបាយឲ្យជនជាប់ចោទមាស ប៉េង លួចរត់ តុលាការខេត្តកំពង់ចាមនៅថ្ងៃអង្គារនេះបានកោះហៅសមាជិកខាងគណបក្សសម រង្ស៊ី ចំនួនពីររូបផ្សេងទៀតឲ្យចូលខ្លួនមកបំភ្លឺនៅក្នុងតុលាការពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ។ លោក ណៃ នែប ប្រធានក្រុមប្រឹក្សា និងលោក ធឹម ធុស សមាជិកក្រុមប្រឹក្សាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានមកបង្ហាញមុខនៅក្នុងតុលាការពីបទធ្វើឲ្យខូចដោយចេទនានូវបង្គោលព្រំដីរបស់ប្រជាពលរដ្ឋ។ តុលាការមិនបានធ្វើការចោទប្រកាន់លោកទាំងពីរភ្លាមៗទេ គ្រាន់តែបានធ្វើការសាកសួរតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសមាជិកក្រុមប្រឹក្សាឃុំផ្អាវ ខាងគណបក្សសម រង្ស៊ី។ លោក ណៃ នែប អាយុ៧០ឆ្នាំ ប្រធានក្រុមប្រឹក្សាឃុំផ្អាវ បានប្រាប់វីអូអេថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ លោក សែម ឃីន ប្រជាពលរដ្ឋម្នាក់រស់នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ បានធ្វើរបងផ្ទះដោយរំលោភចូលផ្លូវសាធារណៈជាងមួយម៉ែត។ លោកបាននិយាយថា លោកបានដឹកនាំកម្លាំងចម្រុះ ដែលរួមមានមន្ត្រីប៉ូលិស សមាជិក្រុមប្រឹក្សាឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋ ទៅដកបង្គោលព្រំដីដែលបានសាងសង់រំលោភយកដីសាធារណៈនោះ។ បន្ទាប់មកលោកបានធ្វើរបាយការណ៍ប្រាប់អាជ្ញាធរស្រុក និងក្រុមប្រឹក្សាខេត្តដើម្បីជួយអន្តរាគមន៍។ ក៏ប៉ុន្តែអាជ្ញាធរមិនបានអន្តរាគមន៍ទេ ដោយបណ្តោយឲ្យរឿងក្តីក្តាំនេះឡើងដល់តុលាការខេត្តកំពង់ចាម។ លោក ណៃ នែប បានហៅករណីនេះ ជាចេតនានយោបាយ ដើម្បីបំបាក់សកម្មភាពគណបក្សសម រង្ស៊ី។ «បើតាមក្នុងចិត្តគឺជារឿងនយោបាយច្រើនជាង ព្រោះរឿងសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋសោះ សាលាស្រុកមិនជួយចាត់ការ។ ធ្លាប់សម្រុះសម្រួលនៅស្រុក បណ្តោយឲ្យជនល្មើសរុញទៅតុលាការ»។ កាលពីអំឡុងខែសីហា ឆ្នាំ២០១១ លោក សែម ឃីន ប្រជាពលរដ្ឋមួយរូប រស់នៅភូមិព្រៃញា បានស្នើដល់អាជ្ញាធរឃុំ ដើម្បីធ្វើរបងផ្ទះ។ ក៏ប៉ុន្តែត្រូវបានអាជ្ញាធរឃុំផ្អាវ ជំទាស់ដោយបានអះអាងថារបងផ្ទះនោះរំលោភចូលដីសារធារណៈ។ មានការបង្កើតគណៈកម្មាធិការចម្រុះមួយទៅដកបង្គោលឈើ ដើម្បីសម្គាល់ព្រំដីចំនួនប្រាំមួយដើម។ លោក សែម ឃីន បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅកាន់តុលាការខេត្តកំពង់ចាមប្រឆាំងជំទាស់នឹងមន្ត្រីក្រុមប្រឹក្សាឃុំចំនួនពីរនាក់គឺលោក ណៃ នែប និងលោក ធឹម ធុស ពីបទបំផ្លាញបង្គោលព្រំដីរបស់លោក។ លោក ធឹម ធុស សមាជិកក្រុមប្រឹក្សាឃុំផ្អាវ និងជាប្រធានគណៈកម្មាធិការដោះស្រាយទំនាស់បាននិយាយថា លោកពិតជាបានចូលរួមនៅក្នុងការដកបង្គោលព្រំដីនោះពិតមែន ដោយសារតែបង្គោលព្រំដីនេះចូលដីសាធារណៈនៅក្នុងភូមិ។ «ផ្ទះគាត់ របងដែលមានស្រាប់សព្វថ្ងៃនេះ គាត់ចាក់ស៊ីម៉ង់ត៍ធំៗណាស់។ ហើយគាត់ចុះប្លង់រួចជាស្រេចហើយ តែបែជាគាត់បញ្ចេញធ្វើរបងបញ្ចេញដីពីព្រំដីចាស់របស់គាត់មកប្រាំមួយតឹក ទៅប្រាំពីរតឹក»។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថារដ្ឋាភិបាលតែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាត់ការមន្ត្រីគណបក្សប្រឆាំង។ លោកបាននិយាយថា នេះបានបង្ហាញឲ្យឃើញពីការគាប់សង្កត់ទៅលើមន្ត្រីគណបក្សសម រង្ស៊ី នៅពេលដែលជិតបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ «ថ្នាក់ដឹកនាំគណបក្សគាត់ដោះស្រាយ តែបែជាគាត់ទៅជាអ្នករងគ្រោះទៅវិញ ជាករណីច្រើនមិនមានតែនៅក្នុងឃុំនេះមួយ ហើយនៅតំបន់ខ្លះទៀត យើងក៏ជួបស្ថានភាពប្រហាក់ប្រហែលនេះដែរ។ វាជាយុត្តិសាស្រ្តធ្វើឲ្យគណបក្សសម រង្ស៊ី ជួបការលំបាកខ្លាំងនៅក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោកបាននិយាយថា នេះគ្រាន់តែជាវោហាសាសន៍ ដើម្បីការពារខ្លួន ឬក៏ជាការវាយប្រហារទៅលើការការពារអំពើរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កិច្ចការរបស់តុលាការយើងត្រូវតែគោរព មិនត្រូវយករឿងគណបក្សនយោបាយយកមកសំអាងលើសកម្មភាពដើម្បីបំពានទៅលើផ្លូវច្បាប់នោះទេ៕ This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញាបន្តផ្តល់ភ័ស្តុតាងប្រឆាំងមេដឹកនាំខ្មែរក្រហម Posted: 15 Feb 2012 05:03 PM PST ក្រុមសហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម បានបន្ដបង្ហាញភ័ស្ដុតាងនៅថ្ងៃអង្គារកន្លងទៅនេះថា អតីតមេដឹកនាំខ្មែរក្រហមកំពូលៗដែលកំពុងតែស្ថិតក្រោមការកាត់ទោសបានប្រាស្រ័យទាក់ទងការងារជាមួយគ្នាយ៉ាងជិតស្និទ្ធិ ហើយថែមទាំងរួមចំណែកធ្វើសេចក្ដីសម្រេចជាមួយគ្នាទៀតផង។ សហព្រះរាជអាជ្ញារងអន្ដរជាតិ លោក វីលាម ស្មីត (William Smith) បានស្រង់បទសម្ភាសរបស់ប្រវត្តិវិទូ លោក ស្ទីវ ហេដឌើ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៦ ជាមួយអៀង សារី គឺបន្ទាប់ពីអៀង សារី បាននាំកងទ័ពខ្មែរក្រហមមួយចំនួនចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ បទសម្ភាសនោះលោក វីលាម ស្មីត យល់ថា មានសារៈសំខាន់នៅក្នុងការបង្ហាញការជាប់ទាក់ទងគ្នារវាង ប៉ុល ពត សុន សេន និង ខៀវ សំផន នៅក្នុងពេលដែលពួកខ្មែរក្រហមកំពុងធ្វើការតស៊ូនោះ។ នៅក្នុងបទសម្ភាសដែលមានតែសំឡេង អៀង សារី បានស្វែងយល់ និងពិភាក្សាជាមួយ ប៉ុល ពត មេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យពីការជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ។ ការពិភាក្សា ដែលធ្វើនៅពាក់កណ្ដាលឆ្នាំ១៩៧៤ គឺដើម្បីរាយការណ៍ជូនលោក ជូ អិនឡាយ (Zhou Enlai ) នាយករដ្ឋមន្ដ្រីចិននៅសម័យនោះ។ «បញ្ហានេះ ខ្ញុំបានលើកនៅក្នុងឆ្នាំ១៩៧៤ ជាមួយនឹងប៉ុល ពត ជជែកពីរឿងប្រជាជន។ ឯកឧត្តម ជូ អិនឡាយ សួរខ្ញុំ។ តើពួកមិត្តមានផែនការបែបម៉េច? គឺថា ប៉ុល ពត ឆ្លើយនឹងខ្ញុំ គឺថាគេមានពិសោធន៍អស់ហើយ មិត្តកុំគិត។ អាហ្នឹងមិត្តគិតតែពីភារកិច្ចមិត្តនៅឯខាងក្រៅបានហើយ។ បានខ្ញុំនិយាយថាបញ្ហានេះ គឺខាងថ្នាក់ដឹកនាំចិនសួរខ្ញុំ បានខ្ញុំសួរច្បាស់លាស់អីញ្ចឹង បញ្ហាហ្នឹងស្រួលទេ គឺថាកុំឲ្យមិត្តចិនព្រួយបារម្ភអី ខ្មែរគឺថាគោលគំនិតច្បាស់លាស់ហើយ។ គេធ្លាប់ដោះស្រាយខេត្តស្ទឹងត្រែង ខេត្តក្រចេះអី! គេធ្វើបានហើយ! ដូច្នេះបញ្ហានៅភ្នំពេញ បញ្ហាហ្នឹងត្រូវតែជម្រាប»។ លោក ស៊្មីត ក៏បានបង្ហាញឈុឆវីដេអូ មួយទៀតដែលមាន ហ៊ូ នឹម ខៀវ សំផន អៀង សារី និងនៅក្នុងនោះមានសម្តេច នរោត្តម សីហនុ ផងដែរ។ កាលពីថ្ងៃច័ន្ទនេះក្រុមព្រះរាជអាជ្ញាបានបង្ហាញថា ពួកខ្មែរក្រហមបានបង្កើត និងបែងចែករចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ពីថ្នាក់មូលដ្ឋាន រហូតទៅដល់ថ្នាក់មជ្ឈឹម គឺថ្នាក់កំពូលនៃអង្គការដឹកនាំរបស់ខ្លួន។ នៅថ្ងៃអង្គារនេះសហព្រះរាជអាជ្ញាអន្ដរជាតិ បានបញ្ជាក់ផងដែរថា ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមបានចូលរួមចំណែកក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ ហើយនោះគឺជាសេចក្ដីសម្រេចរួម។ នៅក្នុងឯកសារវីដេអូ ដែលបង្ហាញដោយសហព្រះរាជអាជ្ញាអន្តរជាតិ ខៀវ សំផន បានកោតសរសើរប៉ុល ពត ដោយនិយាយជាភាសាបារាំង ហើយជនជាប់ចោទដដែលនេះ ក៏បានយល់ព្រមក្នុងការប្រើប្រាស់កម្លាំង ដើម្បីសម្លាប់សត្រូវនៅឆ្នាំ១៩៧០ ផងដែរ។ ព្រមជាមួយគ្នានេះសហព្រះរាជអាជ្ញាកម្ពុជា លោក ច័ន្ទ តារារស្មី បានស្រង់សម្តីអៀង សារី ដែលនិយាយថា មានតែការតស៊ូប្រដាប់អាវុធទេ ទើបអាចនាំឲ្យពួកខ្មែរក្រហមកាន់កាប់អំណាចបាន។ លើសពីនោះ អៀង សារី បានបញ្ជាក់បន្ថែមថា ការតស៊ូប្រដាប់អាវុធជាចំហរបស់ពួកខ្មែរក្រហមបានចាប់ផ្ដើមក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ហើយ «ប្រទេសចិនជាអ្នកផ្គត់ផ្គង់អាវុធ»។ នួន ជា អតីតប្រធានសភាខ្មែរក្រហម ធ្លាប់បានអះអាងក្នុងសវនាការនៃអង្គជំនុំជម្រះសាលាដំបូងថា ការតស៊ូប្រដាប់អាវុធគឺជាមធ្យោបាយបន្ទាប់បន្សំតែប៉ុណ្ណោះ ហើយការតស៊ូនយោបាយ គឺជាគោលដៅសំខាន់របស់ខ្មែរក្រហម ។ ទោះជាយ៉ាងណា ក្រុមសហព្រះរាជអាជ្ញាបានបង្ហាញភ័ស្ដុតាងដែលបញ្ជាក់ថា នួន ជា បានរួមសម្រេចផែនការតស៊ូដោយប្រដាប់អាវុធនេះនៅចុងឆ្នាំ១៩៦៧៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |